លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកជាអ្នករួមការងារដ៏ល្អឬទេ?

តើអ្នកជាអ្នករួមការងារដ៏ល្អឬទេ?

​«​ខ្ញុំ​បាន​នៅ​ជិត​លោក​ក្នុង​នាម​ជា​មេ​ជាង​ដ៏​ជំនាញ​ម្នាក់។... គ្រប់​ពេល​វេលា​ដែល​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​លោក ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​»។ (​សុភ. ៨:៣០​) ខ​នេះ​រៀប​រាប់​អំពី​របៀប​ដែល​បុត្រ​ព្រះ​រួម​ការ​ងារ​ជា​មួយ​បិតា​លោក​អស់​ជា​ច្រើន​ឆ្នាំ មុន​មក​ផែនដី។ សូម​កត់​សម្គាល់​ថា​ខ​នេះ​ក៏​ប្រាប់​យើង​អំពី​អារម្មណ៍​របស់​លោក​យេស៊ូ​ក្នុង​នាម​ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​ព្រះ។ លោក​«​ត្រេក​អរ​ខ្លាំង​ណាស់​»​ពេល​រួម​ការ​ងារ​ជា​មួយ​បិតា​លោក។

នៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​បាន​រៀន​ឲ្យ​មាន​គុណ​សម្បត្តិ​ដែល​នាំ​ឲ្យ​លោក​ធ្វើ​ជា​អ្នក​រួម​ការ​ងារ​ដ៏​ល្អ។ ក្រោយ​មក​ពេល​លោក​នៅ​ផែនដី លោក​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​ស្ដី​អំពី​បុគ្គល​ដែល​ចេះ​សហការ​ជា​មួយ​អ្នក​ឯ​ទៀត។ តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​គំរូ​របស់​លោក​យេស៊ូ? ដោយ​ពិនិត្យ​ពិចារណា​អំពី​គំរូ​របស់​លោក យើង​អាច​រក​ឃើញ​គោល​ការណ៍​បី​ដែល​អាច​ជួយ​យើង​ឲ្យ​ទៅ​ជា​អ្នក​រួម​ការ​ងារ​ដ៏​ល្អ។ គោល​ការណ៍​ទាំង​នេះ​នឹង​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​សាមគ្គីភាព​ជា​មួយ​បង​ប្អូន​របស់​យើង។

សូម​នឹក​ចាំ​អំពី​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ ដោយ​ប្រុង​ប្រៀប​ចែក​រំលែក​បទ​ពិសោធន៍​និង​ចំណេះ​ដឹង​របស់​អ្នក​ជា​មួយ​អ្នក​រួម​ការ​ងារ

គោល​ការណ៍​ទី​១​៖ ‹ចូរ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក›

អ្នក​រួម​ការ​ងារ​ល្អ​ជា​បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប។ គាត់​ចាត់​ទុក​អ្នក​រួម​ការ​ងារ​ថា​សំខាន់ ហើយ​មិន​ព្យាយាម​អួត​ខ្លួន​ទេ។ លោក​យេស៊ូ​បាន​រៀន​ឲ្យ​មាន​គុណ​សម្បត្តិ​នេះ​ពី​បិតា​របស់​លោក។ ទោះ​ជា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​សម​នឹង​ហៅ​ថា​ជា​អ្នក​បង្កើត​ក្ដី លោក​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ដឹង​អំពី​កិច្ច​ការ​ដ៏​សំខាន់​ដែល​បុត្រ​របស់​លោក​បាន​ធ្វើ។ យើង​យល់​ដូច្នេះ តាម​រយៈ​អ្វី​ដែល​ព្រះ​បាន​មាន​ប្រសាសន៍​ដែល​ថា​៖ ​«​ចូរ​យើង​ធ្វើ​មនុស្ស​ឲ្យ​មាន​ភាព​ដូច​យើង​»។ (​ដក. ១:២៦​) ពេល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ លោក​យេស៊ូ​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រាប​ទាប​ក្រៃ​លែង។—ចសព. ១៨:៣៥

កាល​ដែល​នៅ​ផែនដី លោក​យេស៊ូ​ក៏​មាន​ចិត្ត​រាប​ទាប​ដែរ។ ពេល​មនុស្ស​សរសើរ​លោក​ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ លោក​បាន​លើក​ការ​សរសើរ​នោះ​ឲ្យ​ព្រះ​ទៅ​វិញ។ (​ម៉ាក. ១០:១៧, ១៨; យ៉ូន. ៧:១៥, ១៦​) លោក​យេស៊ូ​ខំ​រក្សា​ឲ្យ​មាន​សន្តិភាព​ជា​មួយ​ពួក​អ្នក​កាន់​តាម​លោក ហើយ​លោក​បាន​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​ដូច​ជា​មិត្ត​សម្លាញ់ មិន​មែន​ខ្ញុំ​បម្រើ​ទេ។ (​យ៉ូន. ១៥:១៥​) លោក​ថែម​ទាំង​បាន​លាង​ជើង​ឲ្យ​ពួក​គេ ដើម្បី​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​មាន​ចិត្ត​រាប​ទាប។ (​យ៉ូន. ១៣:៥, ១២​-​១៤​) ដូច​លោក​យេស៊ូ យើង​គួរ​ឲ្យ​តម្លៃ​អ្នក​រួម​ការ​ងារ​របស់​យើង ហើយ​រក​ប្រយោជន៍​ពួក​គេ​ជា​ជាង​ប្រយោជន៍​ខ្លួន​ឯង។ យើង​អាច​សម្រេច​កិច្ច​ការ​ច្រើន​ជាង ពេល​យើង​លើក​កិត្តិយស​អ្នក​ឯ​ទៀត ហើយ​មិន​តែង​តែ​ចង់​ទទួល​ការ​សរសើរ​ឡើយ។—រ៉ូម ១២:១០

បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប​ក៏​ទទួល​ស្គាល់​ថា​«​បើ​មាន​ការ​ប្រឹក្សា​ច្រើន នោះ​គម្រោង​នឹង​បាន​ជោគ​ជ័យ​»។ (​សុភ. ១៥:២២​) ទោះ​ជា​យើង​មាន​បទ​ពិសោធន៍​ច្រើន​យ៉ាង​ណា ឬ​មាន​សមត្ថភាព​បែប​ណា​ក៏​ដោយ យើង​ត្រូវ​ចាំ​ថា​គ្មាន​មនុស្ស​ណា​ដឹង​ទាំង​អស់​ទេ។ សូម្បី​តែ​លោក​យេស៊ូ ក៏​ទទួល​ស្គាល់​ថា​មាន​អ្វី​ខ្លះ​ដែល​លោក​មិន​ដឹង។ (​ម៉ាថ. ២៤:៣៦​) ម្យ៉ាង​ទៀត លោក​ចង់​ដឹង​អំពី​ទស្សនៈ​របស់​ពួក​អ្នក​កាន់​តាម​លោក​ដែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ (​ម៉ាថ. ១៦:១៣​-​១៦​) ហេតុ​នេះ​ហើយ អ្នក​រួម​ការ​ងារ​ជា​មួយ​លោក​មិន​ភ័យ​ពេល​នៅ​ជា​មួយ​លោក​ទេ។ ស្រដៀង​គ្នា​ដែរ ពេល​យើង​មាន​ចិត្ត​រាប​ទាប​និង​ចាំ​ថា​យើង​មិន​ដឹង​អ្វី​ៗ​ទាំង​អស់ ហើយ​ពេល​យើង​ស្ដាប់​ទស្សនៈ​របស់​អ្នក​ឯ​ទៀត នោះ​នឹង​ជួយ​យើង​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​មួយ​ពួក​គេ ហើយ​ទទួល​បាន​«​ជោគ​ជ័យ​»​ជា​មួយ​គ្នា។

គឺ​សំខាន់​ណាស់​ដែល​ពួក​អ្នក​ចាស់​ទុំ​មាន​ចិត្ត​រាប​ទាប​ដូច​លោក​យេស៊ូ ពេល​ពួក​គេ​រួម​កិច្ច​ការ​ជា​មួយ​គ្នា។ ពួក​គេ​ត្រូវ​ចាំ​ថា​ឫទ្ធានុភាព​បរិសុទ្ធ​អាច​ជំរុញ​ចិត្ត​អ្នក​ចាស់​ទុំ​ណា​ម្នាក់​ក៏​បាន​ក្នុង​ក្រុម​ជំនុំ​ឲ្យ​និយាយ​អ្វី​មួយ​ដែល​នឹង​ជួយ​ក្រុម​ពួក​អ្នក​ចាស់​ទុំ​ទាំង​មូល​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។ បើ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​របស់​ពួក​អ្នក​ចាស់​ទុំ ពួក​គេ​ធ្វើ​ឲ្យ​ប្រាកដ​ថា​បង​ប្អូន​អ្នក​ចាស់​ទុំ​ម្នាក់​ៗ​មាន​អារម្មណ៍​ស្រួល​បញ្ចេញ​មតិ​របស់​ខ្លួន ពួក​គេ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​មួយ​គ្នា​ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ក្រុម​ជំនុំ​ទាំង​មូល។

គោល​ការណ៍​ទី​២​៖ ចូរ​បង្ហាញ​ថា​អ្នក​«​ជា​មនុស្ស​សម​ហេតុ​សម​ផល​»​

អ្នក​រួម​ការ​ងារ​ល្អ​ជា​មនុស្ស​សម​ហេតុ​សម​ផល​ពេល​គាត់​ធ្វើ​កិច្ច​ការ​ជា​មួយ​អ្នក​ឯ​ទៀត។ គាត់​ចេះ​បត់​បែន​និង​សុខ​ចិត្ត​ធ្វើ​តាម​មតិ​យោបល់​របស់​អ្នក​ឯ​ទៀត។ អស់​ជា​ច្រើន​ដង លោក​យេស៊ូ​បាន​សង្កេត​មើល​បិតា​លោក​ប្រព្រឹត្ត​ដោយ​សម​ហេតុ​សម​ផល។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​ចាត់​លោក​យេស៊ូ​ផ្ទាល់​ឲ្យ​សង្គ្រោះ​មនុស្សជាតិ​ពី​សេចក្ដី​ស្លាប់ ទោះ​ជា​សេចក្ដី​ស្លាប់​ជា​ប្រាក់​ឈ្នួល​នៃ​ការ​ខុស​ឆ្គង​ក្ដី។—យ៉ូន. ៣:១៦

លោក​យេស៊ូ​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក​ឯ​ទៀត​ពេល​ចាំ​បាច់ឬ​សម​ត្រឹម​ត្រូវ។ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ លោក​បាន​ជួយ​ស្ត្រី​ជន​ជាតិ​ភេនីស៊ី​ម្នាក់ ទោះ​ជា​លោក​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ឯ​ជន​ជាតិ​អ៊ីស្រាអែល​ក្ដី។ (​ម៉ាថ. ១៥:២២​-​២៨​) លោក​ក៏​មិន​តម្រូវ​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​ធ្វើ​ហួស​ពី​សមត្ថភាព​របស់​ពួក​គេ​ឡើយ។ ក្រោយ​ពី​ពេត្រុស​ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក​យេស៊ូ​បាន​បដិសេធ​លោក​ជា​សាធារណៈ លោក​ប្រុង​ប្រៀប​អភ័យ​ទោស​ឲ្យ​គាត់។ ក្រោយ​មក លោក​បាន​ឲ្យ​ភារកិច្ច​ដ៏​សំខាន់​ដល់​ពេត្រុស។ (​លូក. ២២:៣២; យ៉ូន. ២១:១៧; សកម្ម. ២:១៤; ៨:១៤​-​១៧; ១០:៤៤, ៤៥​) គំរូ​របស់​លោក​យេស៊ូ​បង្ហាញ​យើង​យ៉ាង​ច្បាស់​ថា យើង​ត្រូវ​«​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​[​យើង​]​ជា​មនុស្ស​សម​ហេតុ​សម​ផល​»​ ដោយ​សុខ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក​ឯ​ទៀត។—ភី. ៤:៥

ការ​ធ្វើ​ជា​មនុស្ស​សម​ហេតុ​សម​ផល​ក៏​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ចេះ​បត់​បែន ដើម្បី​ធ្វើ​ការ​ជា​មួយ​មនុស្ស​គ្រប់​ប្រភេទ​ដោយ​មាន​សន្តិភាព។ លោក​យេស៊ូ​បាន​ប្រព្រឹត្ត​យ៉ាង​ល្អ​ចំពោះ​ពួក​អ្នក​ដែល​នៅ​ជុំ​វិញ​លោក រហូត​ដល់​ពួក​សត្រូវ​ដែល​មាន​ចិត្ត​ច្រណែន បាន​ចោទ​ប្រកាន់​ថា លោក​ជា​«​មិត្ត​ភក្ដិ​របស់​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»​ ដោយ​សារ​ពួក​អ្នក​ទាំង​នោះ​ស្ដាប់​ដំណឹង​ដែល​លោក​ផ្សាយ។ (​ម៉ាថ. ១១:១៩​) ដូច​លោក​យេស៊ូ តើ​យើង​អាច​សហការ​ជា​មួយ​អ្នក​ឯ​ទៀត​ដែល​ខុស​ពី​យើង​ឬ​ទេ? បង​ប្រុស​លូអ៊ី​ដែល​បាន​បម្រើ​ក្នុង​កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ និង​កិច្ច​ការ​នៅ​បេតអែល​ជា​មួយ​បុគ្គល​ដែល​មាន​ប្រវត្តិ​ខុស​ៗ​គ្នា និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ព្យាយាម​ប្រដូច​ក្រុម​នីមួយ​ៗ​ដែល​ខ្ញុំ​ធ្វើ​ការ​ជា​មួយ ទៅ​នឹង​ជញ្ជាំង​ដែល​គេ​សង់​ឡើង​ដោយ​ប្រើ​ដុំ​ថ្ម​ដែល​មាន​ទ្រង់​ទ្រាយ និង​លក្ខណៈ​ខុស​ៗ​គ្នា។ ពេល​ខ្ញុំ​ចេះ​បត់​បែន​ក្នុង​ការ​រៀប​ថ្ម​ប្រតប់​លើ​គ្នា ខ្ញុំ​អាច​សង់​ជញ្ជាំង​ត្រង់​មួយ​រួច​រាល់​បាន។ ខ្ញុំ​ក៏​បាន​ព្យាយាម​កែ​ប្រែ​ខ្លួន​ឲ្យ​ធ្វើ​ការ​ជា​មួយ​អ្នក​ឯ​ទៀត​ដោយ​មាន​សន្តិភាព ដើម្បី​យើង​អាច​សម្រេច​កិច្ច​ការ​បាន​»។ នេះ​គឺ​ជា​ចិត្ត​គំនិត​ដ៏​ល្អ​មែន!

អ្នក​រួម​ការ​ងារ​ល្អ​មិន​ព្យាយាម​គ្រប់​គ្រង​លើ​អ្នក​ឯ​ទៀត​ដោយ​មិន​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ដឹង​ឡើយ

តើ​យើង​អាច​បង្ហាញ​ថា​យើង​ប្រព្រឹត្ត​សម​ហេតុ​សម​ផល​ចំពោះ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នៅ​ពេល​ណា? យើង​មាន​ឱកាស​ល្អ​មួយ​ពេល​យើង​ផ្សព្វ​ផ្សាយ​តាម​ក្រុម។ យើង​ប្រហែល​ជា​ផ្សព្វ​ផ្សាយ​ជា​មួយ​អ្នក​ផ្សាយ​ដែល​មាន​បន្ទុក​ក្នុង​ក្រុម​គ្រួសារ​ខុស​ពី​យើង ឬ​អ្នក​ផ្សាយ​ដែល​មាន​អាយុ​ខុស​គ្នា។ ដូច្នេះ ពេល​យើង​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ប្អូន យើង​អាច​ផ្សព្វ​ផ្សាយ​តាម​ល្បឿន​របស់​ពួក​គេ​ជា​ជាង​ខ្លួន​ឯង ឬ​អាច​បត់​បែន​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​មិន​ឲ្យ​បង​ប្អូន​នោះ​ពិបាក ហើយ​ដើម្បី​ពួក​គេ​អាច​មាន​អំណរ​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

គោល​ការណ៍​ទី​៣​៖ ចូរ​«​ប្រុង​ប្រៀប​ចែក​រំលែក​ជា​និច្ច​»​

អ្នក​រួម​ការ​ងារ​ល្អ​«​ប្រុង​ប្រៀប​ចែក​រំលែក​ជា​និច្ច​»។ (​១ធី. ៦:១៨​) កាល​ដែល​លោក​យេស៊ូ​រួម​កិច្ច​ការ​ជា​មួយ​បិតា​លោក លោក​ច្បាស់​ជា​បាន​សង្កេត​ឃើញ​ថា​ព្រះ​យេហូវ៉ា​មិន​បាន​លាក់​អ្វី​ទេ។ ពេល​ព្រះ​យេហូវ៉ា​«​រៀបចំ​មេឃ​»​ លោក​យេស៊ូ​បាន​«​នៅ​ទី​នោះ​»​ ហើយ​អាច​រៀន​ពី​លោក។ (​សុភ. ៨:២៧​) ក្រោយ​មក លោក​យេស៊ូ​ផ្ទាល់​សប្បាយ​ចែក​រំលែក​‹អ្វី​ៗ​ដែល​លោក​បាន​ឮ​ពី​បិតា›​លោក​ដល់​ពួក​អ្នក​កាន់​តាម។ (​យ៉ូន. ១៥:១៥​) យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​ដោយ​ប្រាប់​បង​ប្អូន​របស់​យើង​អំពី​អ្វី​ដែល​យើង​បាន​រៀន។ ច្បាស់​ណាស់ អ្នក​រួម​ការ​ងារ​ល្អ​មិន​ព្យាយាម​គ្រប់​គ្រង​លើ​អ្នក​ឯ​ទៀត ដោយ​លាក់​អ្វី​ដែល​ពួក​គេ​ត្រូវ​ដឹង ឬ​អ្វី​ដែល​នឹង​ជួយ​ពួក​គេ​ឡើយ។ តែ​គាត់​សប្បាយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ល្អ​ៗ​ដែល​គាត់​បាន​រៀន។

យើង​ក៏​អាច​លើក​ទឹក​ចិត្ត​ពួក​អ្នក​រួម​ការ​ងារ​ជា​មួយ​យើង។ ពេល​បុគ្គល​ណា​ម្នាក់​កត់​សម្គាល់​ការ​ខំ​ប្រឹង​របស់​យើង ហើយ​អរគុណ​យើង​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត តើ​នេះ​នាំ​ឲ្យ​យើង​សប្បាយ​ចិត្ត​ឬ​ទេ? លោក​យេស៊ូ​បាន​លៃ​ទុក​ពេល​ដើម្បី​ប្រាប់​អ្នក​រួម​ការ​ងារ​ជា​មួយ​លោក​អំពី​ចំណុច​ល្អ​ៗ​របស់​ពួក​គេ។ (​សូម​ពិនិត្យ​បន្ថែម ម៉ាថាយ ២៥:១៩​-​២៣; លូកា ១០:១៧​-​២០​) លោក​យេស៊ូ​ថែម​ទាំង​បាន​ប្រាប់​ពួក​គេ​ថា ពួក​គេ​‹នឹង​ធ្វើ​ការ​ដ៏​ធំ​ជាង​លោក​ទៅ​ទៀត›។ (​យ៉ូន. ១៤:១២​) នៅ​យប់​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​សរសើរ​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​របស់​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​នៅ​ជាប់​ជា​មួយ​នឹង​ខ្ញុំ ពេល​ដែល​ខ្ញុំ​មាន​ទុក្ខ​លំបាក​»។ (​លូក. ២២:២៨​) សូម​ស្រមៃ​គិត​ថា​ពាក្យ​នេះ​របស់​លោក​ច្បាស់​ជា​លើក​ទឹក​ចិត្ត​និង​ជំរុញ​ចិត្ត​ពួក​គេ​យ៉ាង​ណា​ទៅ! ស្រដៀង​គ្នា​ដែរ បើ​យើង​លៃ​ទុក​ពេល​ដើម្បី​សរសើរ​អ្នក​រួម​ការ​ងារ​ជា​មួយ​យើង ពួក​គេ​នឹង​សប្បាយ​ជាង ហើយ​ទំនង​ជា​នឹង​កាន់​តែ​បង្កើត​ផល។

អ្នក​អាច​ធ្វើ​ជា​អ្នក​រួម​ការ​ងារ​ល្អ

បង​ប្រុស​ម្នាក់​ឈ្មោះ​ខេអូដេ​និយាយ​ថា​៖ ​«​អ្នក​រួម​ការ​ងារ​ល្អ​មិន​ចាំ​បាច់​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ ប៉ុន្តែ​គាត់​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​សប្បាយ​ចិត្ត ហើយ​ជួយ​សម្រួល​ការ​ងារ​ឲ្យ​ពួក​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​គាត់​»។ តើ​អ្នក​ជា​អ្នក​រួម​ការ​ងារ​បែប​នេះ​ឬ​ទេ? អ្នក​ប្រហែល​ជា​អាច​សួរ​បង​ប្អូន​ខ្លះ​ថា តើ​ពួក​គេ​គិត​ថា​អ្នក​ជា​អ្នក​ធ្វើ​ការ​បែប​ណា? បើ​ពួក​គេ​សប្បាយ​ធ្វើ​ការ​ជា​មួយ​អ្នក ដូច​ដែល​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​សប្បាយ​ធ្វើ​ការ​ជា​មួយ​លោក អ្នក​អាច​និយាយ​ដូច​សាវ័ក​ប៉ូល​ដែល​ថា​៖ ​«​យើង​ជា​អ្នក​រួម​ការ​ងារ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ​»។—២កូ. ១:២៤