លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៧

«[ចូរ]ស្ដាប់ពាក្យពេចន៍របស់អ្នកដែលមានប្រាជ្ញា»

«[ចូរ]ស្ដាប់ពាក្យពេចន៍របស់អ្នកដែលមានប្រាជ្ញា»

​«​ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ពេចន៍​របស់​អ្នក​ដែល​មាន​ប្រាជ្ញា​»។—សុភ. ២២:១៧

ចម្រៀង​លេខ​១២៣ ចុះ​ចូល​ដោយ​ស្មោះ​ក្រោម​ការ​រៀបចំ​របស់​ព្រះ

សេចក្ដី​សង្ខេប *

១. តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​យើង​ទទួល​យោបល់ ហើយ​ហេតុ​អ្វី​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​យោបល់?

ម្ដង​ម្កាល យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​យោបល់។ ក្នុង​ករណី​ខ្លះ យើង​ប្រហែល​ជា​សុំ​យោបល់​ពី​បុគ្គល​ដែល​យើង​គោរព។ ក្នុង​ករណី​ផ្សេង​ទៀត បង​ប្អូន​ដែល​បារម្ភ​អំពី​យើង​ប្រហែល​ជា​ប្រាប់​យើង​ថា យើង​ហៀប​នឹង​«​ដើរ​ផ្លូវ​ខុស​»​ ពោល​គឺ​ធ្វើ​អ្វី​ណា​មួយ​ដែល​នាំ​ឲ្យ​យើង​ស្ដាយ​ក្រោយ។ (​កាឡ. ៦:១​) ក្នុង​ករណី​មួយ​ទៀត យើង​ប្រហែល​ជា​ទទួល​យោបល់​ពេល​បុគ្គល​ណា​ម្នាក់​កែ​តម្រង់​យើង​ក្រោយ​ពី​យើង​បាន​ធ្វើ​ខុស​ធ្ងន់​ធ្ងរ។ មិន​ថា​យើង​ទទួល​យោបល់​ដោយ​សារ​មូលហេតុ​អ្វី​ក៏​ដោយ យើង​គួរ​ស្ដាប់​យោបល់​នោះ។ ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍ ហើយ​អាច​សង្គ្រោះ​ជីវិត​យើង!—សុភ. ៦:២៣

២. យោង​ទៅ​តាម​សុភាសិត ១២:១៥ និង​កំណត់​សម្គាល់ ហេតុ​អ្វី​យើង​គួរ​ស្ដាប់​យោបល់?

បទ​គម្ពីរ​ដែល​ជា​ប្រធាន​សម្រាប់​អត្ថបទ​នេះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​ស្ដាប់​ពាក្យ​ពេចន៍​របស់​អ្នក​ដែល​មាន​ប្រាជ្ញា​»។ (​សុភ. ២២:១៧​) គ្មាន​មនុស្ស​ណា​ដឹង​សព្វ​គ្រប់​ទេ គឺ​តែង​តែ​មាន​បុគ្គល​ដែល​មាន​ចំណេះ​ឬ​បទ​ពិសោធន៍​ច្រើន​ជាង​យើង។ (​សូម​អាន សុភាសិត ១២:១៥ និង​កំណត់​សម្គាល់​) ដូច្នេះ ការ​ស្ដាប់​យោបល់​បង្ហាញ​ថា​យើង​មាន​ចិត្ត​រាប​ទាប។ នេះ​បញ្ជាក់​ថា​យើង​ទទួល​ស្គាល់​ថា​ការ​យល់​ដឹង​របស់​យើង​មាន​កម្រិត ហើយ​ថា​យើង​ត្រូវ​ការ​ជំនួយ​ដើម្បី​សម្រេច​គោល​ដៅ​របស់​យើង។ ស្ដេច​សាឡូម៉ូន​ដែល​ប្រកប​ដោយ​ប្រាជ្ញា​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​យេហូវ៉ា​ថា​៖ ​«​បើ​មាន​ការ​ប្រឹក្សា​ច្រើន​[​ឬ​«​មាន​មនុស្ស​ច្រើន​ឲ្យ​យោបល់​»​ កំ.ស.​] នោះ​គម្រោង​នឹង​បាន​ជោគ​ជ័យ​វិញ​»។—សុភ. ១៥:២២

តើ​អ្នក​ពិបាក​ទទួល​យក​យោបល់​មួយ​ណា​ជាង​គេ? (​សូម​មើល​វគ្គ​៣​-​៤​)

៣. តើ​យោបល់​មាន​ប្រភេទ​ណា​ខ្លះ? សូម​ពន្យល់។

យោបល់​មាន​ពីរ​ប្រភេទ​គឺ​ចំ​ៗ និង​មិន​ចំ​ៗ។ តើ​យោបល់​មិន​ចំ​ៗ​ជា​អ្វី? យើង​ប្រហែល​ជា​អាន​អ្វី​ណា​មួយ​ក្នុង​គម្ពីរ ឬ​ក្នុង​សៀវភៅ​របស់​យើង​ដែល​ធ្វើ​ឲ្យ​យើង​ផ្អាក​និង​គិត​អំពី​អ្វី​ដែល​យើង​កំពុង​ធ្វើ ហើយ​ក្រោយ​មក​អ្វី​ដែល​យើង​អាន​នោះ​ជំរុញ​ចិត្ត​យើង​ឲ្យ​កែ​ប្រែ​របៀប​គិត​គូរ និង​ការ​ប្រព្រឹត្ត​របស់​យើង។ (​ហេ. ៤:១២​) យើង​អាច​ហៅ​នេះ​ថា​យោបល់​មិន​ចំ​ៗ។ ចុះ​យ៉ាង​ណា​យោបល់​ចំ​ៗ​វិញ? តើ​នេះ​គឺ​ជា​អ្វី? ប្រហែល​ជា​អ្នក​ចាស់​ទុំ​ឬ​បង​ប្អូន​ឯ​ទៀត​ដែល​មាន​បទ​ពិសោធន៍ ប្រាប់​យើង​អំពី​អ្វី​ដែល​យើង​ត្រូវ​កែ​ប្រែ។ យើង​ហៅ​នេះ​ថា​យោបល់​ចំ​ៗ។ បើ​បុគ្គល​ណា​ម្នាក់​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង រហូត​ដល់​គាត់​ឲ្យ​យោបល់​ពី​គម្ពីរ​ដល់​យើង យើង​គួរ​បង្ហាញ​ការ​ដឹង​គុណ​ដោយ​ស្ដាប់​យោបល់​របស់​គាត់​និង​ព្យាយាម​ធ្វើ​តាម។

៤. យោង​ទៅ​តាម​អ្នក​ទូន្មាន ៧:៩ តើ​យើង​មិន​គួរ​ធ្វើ​អ្វី​ពេល​អ្នក​ឯ​ទៀត​ឲ្យ​យោបល់​យើង?

ជា​ពិសេស យើង​ប្រហែល​ជា​ពិបាក​ស្ដាប់​និង​ធ្វើ​តាម​យោបល់​ចំ​ៗ។ យើង​ប្រហែល​ជា​ថែម​ទាំង​ទើស​ចិត្ត​ទៀត​ផង។ ហេតុ​អ្វី? ទោះ​ជា​យើង​ទទួល​ស្គាល់​ថា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី យើង​ប្រហែល​ជា​ពិបាក​ទទួល​យោបល់​ពេល​បុគ្គល​ណា​ម្នាក់​ប្រាប់​យើង​យ៉ាង​ជាក់​លាក់​អំពី​កំហុស​របស់​យើង។ (​សូម​អាន អ្នក​ទូន្មាន ៧:៩) យើង​ប្រហែល​ជា​ខំ​ដោះ​សា ហើយ​សង្ស័យ​ទៅ​លើ​បំណង​ចិត្ត​របស់​អ្នក​ឲ្យ​យោបល់​នោះ ឬ​ទើស​ចិត្ត​ចំពោះ​របៀប​ដែល​គាត់​ឲ្យ​យោបល់។ យើង​ប្រហែល​ជា​ថែម​ទាំង​រិះ​គន់​អ្នក​ឲ្យ​យោបល់​នោះ​ដោយ​វែក​ញែក​ថា ‹ម៉េច​បាន​គាត់​ឲ្យ​យោបល់​ខ្ញុំ? គាត់​មិន​គ្រាន់​បើ​ជាង​ខ្ញុំ​ណាស់​ណា​ទេ!›។ ម្យ៉ាង​ទៀត បើ​យើង​មិន​ចូល​ចិត្ត​យោបល់​នោះ យើង​ប្រហែល​ជា​មិន​អើពើ ឬ​យើង​សុំ​យោបល់​ពី​បុគ្គល​ផ្សេង​ទៀត​ដោយ​សង្ឃឹម​ថា គាត់​នឹង​ប្រាប់​យោបល់​ដែល​ត្រូវ​ចិត្ត​យើង។

៥. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​គំរូ​ក្នុង​គម្ពីរ​ស្ដី​អំពី​ពួក​អ្នក​ដែល​បដិសេធ​យោបល់ និង​ពួក​អ្នក​ដែល​ព្រម​ទទួល​យោបល់។ យើង​ក៏​នឹង​ពិចារណា​អំពី​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​ព្រម​ទទួល​យោបល់ និង​អំពី​ប្រយោជន៍​ដែល​យើង​ទទួល​ពី​ការ​ធ្វើ​ដូច្នេះ។

ពួក​គេ​បាន​បដិសេធ​យោបល់

៦. តើ​យើង​រៀន​អ្វី​ពី​ប្រតិកម្ម​របស់​ស្ដេច​រេហូបោម​ចំពោះ​យោបល់​ដែល​គាត់​បាន​ទទួល?

សូម​គិត​អំពី​គំរូ​របស់​រេហូបោម។ ពេល​គាត់​បាន​ទៅ​ជា​ស្ដេច​នៃ​ស្រុក​អ៊ីស្រាអែល ប្រជា​រាស្ត្រ​របស់​គាត់​បាន​មក​ជួប​គាត់​ដើម្បី​មាន​សំណូម​ពរ​មួយ។ ពួក​គេ​បាន​សុំ​គាត់​ឲ្យ​សម្រាល​បន្ទុក​ដែល​សាឡូម៉ូន​ជា​ឪពុក​របស់​គាត់​បាន​ដាក់​លើ​ពួក​គេ។ គួរ​ឲ្យ​សរសើរ​មែន រេហូបោម​បាន​សុំ​យោបល់​ពី​ពួក​បុរស​ចាស់​ទុំ​នៃ​ស្រុក​អ៊ីស្រាអែល​អំពី​របៀប​ដែល​គាត់​គួរ​តប​ឆ្លើយ​នឹង​បណ្ដា​ជន​ទាំង​នោះ។ ពួក​បុរស​ចាស់​ទុំ​ទាំង​នោះ​បាន​ឲ្យ​យោបល់​ស្ដេច​ថា បើ​គាត់​ធ្វើ​តាម​សំណូម​ពរ​របស់​បណ្ដា​ជន ពួក​គេ​នឹង​បម្រើ​គាត់​រហូត​ត​ទៅ។ (​១បស. ១២:៣​-​៧​) តាម​មើល​ទៅ រេហូបោម​មិន​ពេញ​ចិត្ត​នឹង​យោបល់​នោះ​ទេ ហេតុ​នេះ​គាត់​បាន​សួរ​ពួក​បុរស​ដែល​បាន​ធំ​ឡើង​ជា​មួយ​គាត់។ ពួក​បុរស​ទាំង​នោះ​ទំនង​ជា​មាន​អាយុ​៤០​ឆ្នាំ​ជាង ដូច្នេះ​ពួក​គេ​ច្បាស់​ជា​មាន​បទ​ពិសោធន៍​ច្រើន​គួរ​សម​ក្នុង​ជីវិត។ (​២ប្រ. ១២:១៣​) ប៉ុន្តែ​នៅ​ពេល​នោះ ពួក​គេ​បាន​ឲ្យ​យោបល់​មិន​ល្អ​ដល់​រេហូបោម។ ពួក​គេ​បាន​និយាយ​ថា គាត់​គួរ​តែ​បន្ថែម​បន្ទុក​ទៅ​លើ​បណ្ដា​ជន។ (​១បស. ១២:៨​-​១១​) រេហូបោម​បាន​ទទួល​យោបល់​ពីរ​ខុស​ៗ​គ្នា។ ជា​ជាង​អធិដ្ឋាន​សួរ​ព្រះ​យេហូវ៉ា​ថា​តើ​គាត់​គួរ​ធ្វើ​តាម​យោបល់​មួយ​ណា គាត់​បាន​សម្រេច​ចិត្ត​ទទួល​យោបល់​ដែល​គាត់​ចូល​ចិត្ត ហើយ​ធ្វើ​តាម​យោបល់​របស់​ពួក​បុរស​វ័យ​ក្មេង​ជាង។ ជា​លទ្ធផល រេហូបោម​និង​បណ្ដា​ជន​អ៊ីស្រាអែល​ជួប​អន្តរាយ។ ក្នុង​ករណី​របស់​យើង យោបល់​ដែល​យើង​ទទួល​ប្រហែល​ជា​មិន​តែង​តែ​ជា​អ្វី​ដែល​យើង​ចង់​ស្ដាប់​ទេ។ ប៉ុន្តែ បើ​យោបល់​នោះ​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ យើង​គួរ​ព្រម​ទទួល​យក។

៧. តើ​គំរូ​របស់​ស្ដេច​អូសៀស​បង្រៀន​យើង​យ៉ាង​ណា?

ស្ដេច​អូសៀស​បាន​បដិសេធ​យោបល់។ គាត់​បាន​ចូល​កន្លែង​មួយ​នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​តែ​ពួកសង្ឃ​ប៉ុណ្ណោះ​មាន​សិទ្ធិ​ចូល ហើយ​គាត់​បម្រុង​នឹង​ដុត​គ្រឿង​ក្រអូប​ជូន​ព្រះ។ ពួក​សង្ឃ​របស់​ព្រះ​យេហូវ៉ា​បាន​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​ស្ដេច​អូសៀស គឺ​មិន​ត្រឹម​ត្រូវ​ទេ​ដែល​លោក​ដុត​គ្រឿង​ក្រអូប​ជូន​ព្រះ​យេហូវ៉ា! នេះ​ជា​ភារកិច្ច​របស់​ពួក​សង្ឃ​»។ តើ​អូសៀស​មាន​ប្រតិកម្ម​យ៉ាង​ណា? បើ​ពេល​នោះ​គាត់​ព្រម​ទទួល​យោបល់​ដោយ​ចិត្ត​រាប​ទាប ហើយ​ចាក​ចេញ​ពី​វិហារ​ភ្លាម​ៗ ព្រះ​យេហូវ៉ា​ប្រហែល​ជា​អភ័យ​ទោស​ឲ្យ​គាត់។ តែ​ផ្ទុយ​ទៅ​វិញ ​«​អូសៀស​បាន​ផ្ទុះ​កំហឹង​»។ ហេតុ​អ្វី​គាត់​បដិសេធ​យោបល់​នោះ? គាត់​ទំនង​ជា​គិត​ថា​ដោយ​សារ​គាត់​ជា​ស្ដេច គាត់​មាន​សិទ្ធិ​ធ្វើ​អ្វី​ដែល​គាត់​ចង់​ធ្វើ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​គិត​ដូច្នេះ​ទេ។ ដោយ​សារ​អូសៀស​បាន​ធ្វើ​អ្វី​ដែល​លើស​ពី​សិទ្ធិ​របស់​ខ្លួន គាត់​បាន​កើត​រោគ​ឃ្លង់ ហើយ​មាន​ជំងឺ​នោះ​«​រហូត​ដល់​ថ្ងៃ​ស្លាប់​»។ (​២ប្រ. ២៦:១៦​-​២១​) គំរូ​របស់​អូសៀស​បង្រៀន​យើង​ថា មិន​ថា​យើង​ជា​អ្នក​ណា​ក៏​ដោយ បើ​យើង​បដិសេធ​យោបល់​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ យើង​នឹង​បាត់​បង់​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។

ពួក​គេ​ព្រម​ទទួល​យោបល់

៨. តើ​យ៉ូប​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​យោបល់​ដែល​គាត់​បាន​ទទួល?

ខុស​ពី​គំរូ​ដែល​ទុក​ជា​ការ​ព្រមាន​ដែល​ទើប​តែ​បាន​ត្រូវ​ពិចារណា គម្ពីរ​ផ្ដល់​គំរូ​ល្អ​អំពី​ពួក​អ្នក​ដែល​បាន​ទទួល​ពរ ដោយ​សារ​ពួក​គេ​ព្រម​ទទួល​យោបល់។ សូម​គិត​អំពី​យ៉ូប។ ទោះ​ជា​គាត់​ជា​បុគ្គល​ដែល​កោត​ខ្លាច​ព្រះ​ក្ដី គាត់​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ ពេល​គាត់​រង​សម្ពាធ​យ៉ាង​ខ្លាំង គាត់​បាន​បញ្ចេញ​ទស្សនៈ​ខ្លះ​ដែល​មិន​ត្រឹម​ត្រូវ។ ជា​លទ្ធផល គាត់​បាន​ទទួល​យោបល់​ចំ​ៗ​ពី​អេលីហ៊ូ និង​ពី​ព្រះ​យេហូវ៉ា។ តើ​យ៉ូប​មាន​ប្រតិកម្ម​យ៉ាង​ណា? គាត់​បាន​ទទួល​យោបល់​នោះ​ដោយ​ចិត្ត​រាប​ទាប ហើយ​បាន​ពោល​ថា​៖ ​«​ខ្ញុំ​បាន​និយាយដោយ​គ្មាន​ការ​យល់​ដឹង . . . ខ្ញុំ​សុំ​ដក​ពាក្យ​សម្ដី​របស់​ខ្ញុំ​មក​វិញ ហើយ​ខ្ញុំ​អង្គុយ​ក្នុង​ធូលី​និង​ផេះ ដើម្បី​បង្ហាញ​ថា​ខ្ញុំ​ប្រែ​ចិត្ត​»។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​យ៉ូប ដោយ​សារ​គាត់​មាន​ចិត្ត​រាប​ទាប។—យ៉ូប ៤២:៣​-​៦, ១២​-​១៧

៩. តើ​ម៉ូសេ​បាន​ទុក​គំរូ​ល្អ​អ្វី​ស្ដី​អំពី​ការ​ព្រម​ទទួល​យោបល់?

ម៉ូសេ​ជា​គំរូ​ល្អ​ស្ដី​អំពី​បុគ្គល​ដែល​បាន​ព្រម​ទទួល​ការ​កែ​តម្រង់ ក្រោយ​ពី​គាត់​បាន​ធ្វើ​ខុស​ធ្ងន់​ធ្ងរ។ នៅ​ពេល​មួយ​គាត់​បាន​ផ្ទុះ​កំហឹង ហើយ​មិន​បាន​លើក​កិត្តិយស​ព្រះ​យេហូវ៉ា​ទេ។ ដោយ​ហេតុ​នេះ ម៉ូសេ​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា​ឡើយ។ (​ជប. ២០:១​-​១៣​) ពេល​ម៉ូសេ​បាន​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ថា​៖ ​«​កុំ​លើក​រឿង​នេះ​មក​និយាយ​ទៀត​»។ (​បច. ៣:២៣​-​២៧​) ម៉ូសេ​មិន​បាន​ខឹង​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ព្រម​ទទួល​ការ​សម្រេច​ចិត្ត​របស់​ព្រះ​យេហូវ៉ា ហើយ​ព្រះ​យេហូវ៉ា​បាន​បន្ត​ប្រើ​គាត់​ឲ្យ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល។ (​បច. ៤:១​) ទាំង​យ៉ូប​ទាំង​ម៉ូសេ​បាន​ព្រម​ទទួល​យោបល់។ ពួក​គាត់​ជា​គំរូ​ល្អ​សម្រាប់​យើង​មែន! យ៉ូប​បាន​កែ​ប្រែ​ទស្សនៈ​របស់​គាត់ ហើយ​គាត់​មិន​ដោះ​សា​ទេ។ ម៉ូសេ​បាន​បង្ហាញ​ថា​គាត់​ព្រម​ទទួល​យោបល់​ពី​ព្រះ​យេហូវ៉ា ដោយ​រក្សា​ភាព​ស្មោះ​ត្រង់ ទោះ​ជា​គាត់​បាន​បាត់​បង់​ឯកសិទ្ធិ​ដែល​មាន​តម្លៃ​ចំពោះ​គាត់​ក្ដី។

១០. (​ក​) តើ​សុភាសិត ៤:១០​-​១៣ បង្រៀន​អ្វី​អំពី​ប្រយោជន៍​ពី​ការ​ទទួល​យក​យោបល់? (​ខ​) តើ​បង​ប្អូន​ខ្លះ​មាន​ទស្សនៈ​បែប​ណា​ចំពោះ​យោបល់​ដែល​ពួក​គាត់​បាន​ទទួល?

១០ ពេល​យើង​ធ្វើ​តាម​គំរូ​របស់​បុរស​ស្មោះ​ត្រង់ ដូច​ជា​យ៉ូប​និង​ម៉ូសេ​ជា​ដើម យើង​ទទួល​ប្រយោជន៍។ (​សូម​អាន សុភាសិត ៤:១០​-​១៣) បង​ប្អូន​ជា​ច្រើន​បាន​ធ្វើ​ដូច្នេះ ហើយ​ឃើញ​ថា​នេះ​គឺ​មាន​ប្រយោជន៍​មែន។ បង​ប្រុស​អេម៉ាញូអែល *​ដែលរស់​នៅ​ប្រទេស​កុងហ្គោ​បាន​និយាយ​អំពី​ការ​ព្រមាន​ដែល​គាត់​បាន​ទទួល​ថា​៖ ​«​ពេល​បង​ប្អូន​ប្រុស​ដែល​មាន​ភាព​វ័យ​ចាស់​នៅ​ក្នុង​ក្រុម​ជំនុំ​ឃើញ​ខ្ញុំ​ហៀប​នឹង​បង្ខូច​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា ពួក​គាត់​បាន​មក​ជួយ​ដាស់​តឿន​ខ្ញុំ។ ខ្ញុំ​បាន​ធ្វើ​តាម​យោបល់​ពី​ពួក​គាត់ ហើយ​នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ជៀស​ចេញ​ពី​បញ្ហា​ជា​ច្រើន​»។ បង​ស្រី​មេហ្គិន​ដែល​ជា​អ្នក​ត្រួស​ត្រាយ​នៅ​ប្រទេស​កាណាដា​បាន​និយាយ​អំពី​យោបល់​ថា​៖ ​«​យោបល់​ដែល​ខ្ញុំ​បាន​ទទួល​មិន​តែង​តែ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ស្ដាប់​ទេ ប៉ុន្តែ​វា​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​»។ មួយ​វិញ​ទៀត បង​ប្រុស​ម៉ាកូ​ដែល​រស់​នៅ​ប្រទេស​ក្រូអាស៊ី​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​បាត់​បង់​ឯកសិទ្ធិ​មួយ ប៉ុន្តែ​ពេល​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង ខ្ញុំ​ទទួល​ស្គាល់​ថា​យោបល់​នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ឡើង​វិញ​ជា​មួយ​ព្រះ​យេហូវ៉ា​»។

១១. តើ​បង​ខាល ខ្លាញ​បាន​និយាយ​យ៉ាង​ណា​អំពី​ការ​ទទួល​យោបល់?

១១ មាន​គំរូ​មួយ​ទៀត​ស្ដី​អំពី​បុគ្គល​ដែល​ទទួល​ប្រយោជន៍​ពី​ការ​ព្រម​ទទួល​យោបល់​ឬ​ឱវាទ គឺ​បង​ប្រុស​ខាល ខ្លាញ ដែល​បាន​បម្រើ​ជា​សមាជិក​គណៈ​អភិបាល។ នៅ​ក្នុង​ជីវប្រវត្តិ​របស់​គាត់ បង​ខាល ខ្លាញ​បាន​រៀប​រាប់​អំពី​ពេល​មួយ​ដែល​គាត់​បាន​ទទួល​ឱវាទ​យ៉ាង​ម៉ឺង​ម៉ាត់​ពី​បង​ប្រុស​ចូសេហ្វ រ៉ូធើហ្វឺត​ដែល​ជិត​ស្និទ្ធ​នឹង​គាត់។ បង​ខាល​បាន​សារភាព​ថា ដំបូង​គាត់​ឈឺ​ចិត្ត។ គាត់​បាន​និយាយ​ថា​៖ ​«​នៅ​ពេល​ក្រោយ​មក ពេល​បង​រ៉ូធើហ្វឺត​បាន​ឃើញ​ខ្ញុំ គាត់​និយាយ​មក​កាន់​ខ្ញុំ​ដោយ​ក្ដី​រីករាយ​ថា​៖ ‹សួស្ដី​ខាល!›។ ប៉ុន្តែ​ដោយ​សារ​ខ្ញុំ​នៅ​តែ​ឈឺ​ចិត្ត​នឹង​គាត់ ខ្ញុំ​បាន​តប​ទៅ​វិញ​ដោយ​សោះ​កក្រោះ។ គាត់​បាន​ព្រមាន​ថា​៖ ‹ខាល សូម​ប្រយ័ត្ន! មេ​កំណាច​ចង់​ចាប់​ប្អូន!›។ ខ្ញុំ​បាន​តប​ទៅ​វិញ​ដោយ​អៀន​ខ្មាស​ថា​៖ ‹អ្ហូ អត់​អី​ទេ បង​រ៉ូធើហ្វឺត›។ គាត់​ដឹង​ថា​ខ្ញុំ​ឈឺ​ចិត្ត​នឹង​គាត់ ដូច្នេះ​ហើយ​គាត់​បាន​ព្រមាន​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ‹ខ្ញុំ​យល់ តែ​សូម​ប្រយ័ត្ន មេ​កំណាច​ចង់​ចាប់​ប្អូន›។ គាត់​បាន​និយាយ​ត្រូវ! ពេល​យើង​នៅ​តែ​ខឹង​នឹង​បង​ប្អូន​ណា​ម្នាក់ ជា​ពិសេស​ដោយ​សារ​គាត់​និយាយ​អ្វី​ដែល​គាត់​មាន​សិទ្ធិ​និយាយ . . . មេ​កំណាច​ងាយ​ចាប់​យើង​ឲ្យ​ចូល​អន្ទាក់​របស់​វា​»។ (​អេភ. ៤:២៥​-​២៧​) បង​ខាល ខ្លាញ​បាន​ព្រម​ទទួល​ឱវាទ​ពី​បង​រ៉ូធើហ្វឺត ហើយ​ពួក​គាត់​នៅ​តែ​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា។

តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ទទួល​យក​យោបល់?

១២. តើ​តាម​របៀប​ណា​ចិត្ត​រាប​ទាប​អាច​ជួយ​យើង​ឲ្យ​ទទួល​យក​យោបល់? (​ចម្រៀង​សរសើរ​ព្រះ ១៤១:៥​)

១២ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ទទួល​យក​យោបល់? យើង​ត្រូវ​ការ​ចិត្ត​រាប​ទាប ហើយ​ចាំ​ថា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដូច្នេះ​ជួន​កាល​យើង​អាច​ប្រព្រឹត្ត​ដោយ​ល្ងង់​ខ្លៅ។ ដូច​យើង​បាន​ពិចារណា​នៅ​ខាង​លើ យ៉ូប​ធ្លាប់​មាន​ទស្សនៈ​មិន​ត្រូវ ប៉ុន្តែ​ក្រោយ​មក គាត់​បាន​កែ​ប្រែ​ទស្សនៈ​របស់​គាត់ ហើយ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់។ ហេតុ​អ្វី? ពីព្រោះ​យ៉ូប​មាន​ចិត្ត​រាប​ទាប។ គាត់​បាន​ធ្វើ​តាម​យោបល់​ដែល​អេលីហ៊ូ​បាន​ឲ្យ​គាត់ ទោះ​ជា​អេលីហ៊ូ​ក្មេង​ជាង​គាត់​ឆ្ងាយ​ណាស់​ក៏​ដោយ។ (​យ៉ូប ៣២:៦, ៧​) ចិត្ត​រាប​ទាប​ក៏​ជួយ​យើង​ឲ្យ​ធ្វើ​តាម​យោបល់ ទោះ​ជា​យើង​គិត​ថា​យោបល់​នោះ​មិន​សម​នឹង​យើង ឬ​អ្នក​ដែល​ឲ្យ​យោបល់​នោះ​គឺ​ក្មេង​ជាង​យើង​ក្ដី។ អ្នក​ចាស់​ទុំ​ម្នាក់​នៅ​ប្រទេស​កាណាដា​និយាយ​ថា​៖ ​«​យើង​មិន​អាច​ឃើញ​ខ្លួន​ឯង​ដូច​ដែល​អ្នក​ឯ​ទៀត​ឃើញ​យើង​ទេ ដូច្នេះ​តើ​យើង​អាច​រីក​ចម្រើន​យ៉ាង​ដូច​ម្ដេច​បាន បើ​គ្មាន​អ្នក​ណា​ឲ្យ​យោបល់​យើង?​»។ យើង​ទាំង​អស់​គ្នា​ត្រូវ​បង្កើន​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ ហើយ​ខំ​ព្យាយាម​ទៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ​និង​អ្នក​បង្រៀន​ដំណឹង​ល្អ​កាន់​តែ​ល្អ​ប្រសើរ។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៤១:៥

១៣. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​យោបល់​ដែល​យើង​ទទួល?

១៣ចូរ​ចាត់​ទុក​យោបល់​ជា​របៀប​មួយ​ដែល​ព្រះបង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ (​សុភ. ៤:២០​-​២២​) ពេល​លោក​ឲ្យ​ដំបូន្មាន​ដល់​យើង​តាម​រយៈ​បណ្ដាំ​របស់​លោក សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ឬ​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​ភាព​ចាស់​ទុំ លោក​កំពុង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង។ ហេប្រឺ ១២:៩, ១០​ចែង​ថា​៖ ​«​ព្រះ​ប្រៀន​ប្រដៅ​យើង​ជា​ប្រយោជន៍​ដល់​យើង​»។

១៤. តើ​យើង​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី ពេល​យើង​ទទួល​យោបល់?

១៤ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​យោបល់ មិន​មែន​ទៅ​លើ​របៀប​ដែល​យើង​បាន​ទទួល​យោបល់​នោះ​ទេ។ ជួន​កាល យើង​ប្រហែល​ជា​គិត​ថា​របៀប​ដែល​អ្នក​ឯ​ទៀត​ឲ្យ​យោបល់​គឺ​មិន​ល្អ​ទេ។ តាម​ពិត អ្នក​ដែល​ឲ្យ​យោបល់​គួរ​ព្យាយាម​ធ្វើ​ឲ្យ​យោបល់​របស់​គាត់​ស្រួល​ទទួល​យក។ * (​កាឡ. ៦:១​) ប៉ុន្តែ បើ​យើង​ជា​អ្នក​ដែល​ទទួល​យោបល់ យើង​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​មេ​រៀន ទោះ​ជា​យើង​គិត​ថា​អ្នក​ដែល​ឲ្យ​យោបល់​នោះ​គួរ​តែ​ឲ្យ​តាម​របៀប​ល្អ​ជាង​នេះ​ក៏​ដោយ។ យើង​អាច​សួរ​ខ្លួន​ឯង​ថា ‹ទោះ​ជា​ខ្ញុំ​មិន​ចូល​ចិត្ត​របៀប​ដែល​អ្នក​នោះ​ឲ្យ​យោបល់​ខ្ញុំ​ក្ដី តើ​មាន​មេ​រៀន​ដែល​ខ្ញុំ​អាច​រៀន​ពី​យោបល់​នោះ​ទេ? តើ​ខ្ញុំ​អាច​បំភ្លេច​កំហុស​របស់​អ្នក​ដែល​ឲ្យ​យោបល់​នោះ ហើយ​រៀន​មេ​រៀន​ពី​យោបល់​គាត់​ឬ​ទេ?›។ ពេល​យើង​ព្យាយាម​រក​វិធី​ដើម្បី​ទទួល​ប្រយោជន៍​ពី​យោបល់​ដែល​យើង​បាន​ទទួល នោះ​បង្ហាញ​ថា​យើង​មាន​ប្រាជ្ញា។—សុភ. ១៥:៣១

ចូរ​សុំ​យោបល់ ហើយ​ទទួល​ប្រយោជន៍

១៥. ហេតុ​អ្វី​យើង​គួរ​សុំ​យោបល់​ពី​អ្នក​ឯ​ទៀត?

១៥ គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​សុំ​យោបល់។ សុភាសិត ១៣:​១០ ចែង​ថា​៖ ​«​អស់​អ្នក​ដែល​មាន​ប្រាជ្ញា​រមែង​ស្វែង​រក​ដំបូន្មាន​»។ នេះ​ជា​ការ​ពិត​មែន! ពួក​អ្នក​ដែល​សុំ​យោបល់​ជា​ជាង​រង់​ចាំ​បុគ្គល​ណា​ម្នាក់​ឲ្យ​យោបល់​ពួក​គេ ច្រើន​តែ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ឈ្លាស​វៃ​ជាង​ពួក​អ្នក​ដែល​មិន​ស្វែង​រក​ដំបូន្មាន​ឬ​យោបល់។ ដូច្នេះ ចូរ​ទៅ​សុំ​យោបល់។

ហេតុ​អ្វី​ប្អូន​ស្រី​វ័យ​ក្មេង​សុំ​យោបល់​ពី​បង​ស្រី​ដែល​មាន​ភាព​ចាស់​ទុំ? (​សូម​មើល​វគ្គ​១៦​)

១៦. តើ​យើង​អាច​សុំ​យោបល់​ក្នុង​ស្ថានភាព​អ្វី​ខ្លះ?

១៦ តើ​យើង​អាច​សុំ​យោបល់​ពី​បង​ប្អូន​រួម​ជំនឿ​នៅ​ពេល​ណា? សូម​គិត​អំពី​ស្ថានភាព​មួយ​ចំនួន។ (​១​) បង​ស្រី​ម្នាក់​សុំ​អ្នក​ផ្សាយ​ដែល​មាន​បទ​ពិសោធន៍​ឲ្យ​ចូល​រួម​ការ​សិក្សា​ជា​មួយ​គាត់ ហើយ​ក្រោយ​មក​សុំ​យោបល់​អំពី​របៀប​ធ្វើ​ឲ្យ​ការ​បង្រៀន​គម្ពីរ​របស់​គាត់​កាន់​តែ​មាន​ប្រសិទ្ធភាព។ (​២​) បង​ស្រី​នៅ​លីវ​ម្នាក់ សុំ​យោបល់​ពី​បង​ស្រី​ដែល​មាន​ភាព​ចាស់​ទុំ​អំពី​ខោ​ដែល​គាត់​ចង់​ទិញ។ (​៣​) បង​ប្រុស​ម្នាក់​ដែល​ថ្លែង​សុន្ទរកថា​សាធារណៈ​ជា​លើក​ដំបូង សុំ​បង​ប្រុស​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ឲ្យ​ស្ដាប់​សុន្ទរកថា​របស់​គាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ឲ្យ​ប្រាប់​យោបល់​អំពី​របៀប​ដែល​គាត់​អាច​រីក​ចម្រើន។ សូម្បី​តែ​អ្នក​ថ្លែង​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ ក៏​អាច​សុំ​យោបល់​ពី​អ្នក​ថ្លែង​ឯ​ទៀត​ដែល​មាន​បទ​ពិសោធន៍ ហើយ​ធ្វើ​តាម​យោបល់​នោះ។

១៧. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ប្រយោជន៍​ពី​យោបល់?

១៧ មិន​យូរ​មិន​ឆាប់ យើង​ទាំង​អស់​គ្នា​នឹង​ទទួល​យោបល់​ចំ​ៗ​ឬ​មិន​ចំ​ៗ។ ពេល​នេះ​កើត​ឡើង សូម​ចាំ​មេ​រៀន​ដែល​យើង​ទើប​តែ​បាន​ពិចារណា។ ចូរ​រក្សា​ចិត្ត​រាប​ទាប។ ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​យោបល់ មិន​មែន​ទៅ​លើ​របៀប​ដែល​អ្នក​ឯ​ទៀត​ឲ្យ​យោបល់​នោះ​ទេ។ ម្យ៉ាង​ទៀត ចូរ​ធ្វើ​តាម​យោបល់​ដែល​អ្នក​ទទួល។ គ្មាន​យើង​ណា​ម្នាក់​កើត​មក​មាន​ប្រាជ្ញា​ឡើយ។ ប៉ុន្តែ ពេល​យើង​«​ស្ដាប់​ពាក្យ​ទូន្មាន ហើយ​ទទួល​យក​ការ​ប្រៀន​ប្រដៅ​»​ បណ្ដាំ​របស់​ព្រះ​សន្យា​ថា​យើង​នឹង​«​មាន​ប្រាជ្ញា​»។—សុភ. ១៩:២០

ចម្រៀង​លេខ​១២៤ ចូរ​មាន​ភក្ដី​ភាព​ជា​និច្ច

^ វគ្គ 5 រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​ថា ការ​ស្ដាប់​និង​ធ្វើ​តាម​យោបល់​ពី​គម្ពីរ​គឺ​មាន​ប្រយោជន៍។ ប៉ុន្តែ​មិន​តែង​តែ​ស្រួល​ឲ្យ​ទទួល​យោបល់​ឡើយ។ ហេតុ​អ្វី? តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ទទួល​ប្រយោជន៍​ពី​យោបល់​ដែល​យើង​ទទួល?

^ វគ្គ 10 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 14 ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​របៀប​ផ្ដល់​យោបល់​ដែល​មិន​ធ្វើ​ឲ្យ​ទើស​ចិត្ត។