លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៩

ចូរយកតម្រាប់លោកយេស៊ូដោយបម្រើអ្នកឯទៀត

ចូរយកតម្រាប់លោកយេស៊ូដោយបម្រើអ្នកឯទៀត

​«​ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។—សកម្ម. ២០:៣៥

ចម្រៀង​លេខ​១៧ ចូរ​បង្ហាញ​ចិត្ត​មេត្តា​ដូច​គ្រិស្ត

សេចក្ដី​សង្ខេប *

១. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ចិត្ត​គំនិត​បែប​ណា?

ជា​យូរ​មក​ហើយ គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​ថា​ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេស៊ូ រាស្ត្រ​របស់​ព្រះ​នឹង​«​ប្រគល់​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត​»​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ (​ចសព. ១១០:៣​) ទំនាយ​នេះ​កំពុង​តែ​ក្លាយ​ជា​ការ​ពិត​នៅ​សព្វ​ថ្ងៃ​នេះ។ ជា​រៀង​រាល់​ឆ្នាំ រាស្ត្រ​ដ៏​ខ្នះ​ខ្នែង​របស់​ព្រះ​យេហូវ៉ា​ចំណាយ​ពេល​រាប់​លាន​ម៉ោង​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ ពួក​គេ​ធ្វើ​កិច្ច​ការ​នេះ​ដោយ​ស្ម័គ្រ​ចិត្ត និង​ដោយ​ចំណាយ​ធន​ធាន​ផ្ទាល់​ខ្លួន។ ម្យ៉ាង​ទៀត ពួក​គេ​ក៏​ចំណាយ​ពេល​ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ​ដោយ​ផ្ដល់​អ្វីដែល​បង​ប្អូន​នោះ​ត្រូវ​ការ លើក​ទឹក​ចិត្ត​ពួក​គេ និង​ពង្រឹង​ជំនឿ​របស់​ពួក​គេ​ទៅ​លើ​ព្រះ​យេហូវ៉ា។ ពួក​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ក៏​ចំណាយ​ពេល​ជា​ច្រើន​ដើម្បី​រៀបចំ​ផ្នែក​ផ្សេង​ៗ​នៃ​កិច្ច​ប្រជុំ និង​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន។ តើ​អ្វី​ជំរុញ​ចិត្ត​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​កិច្ច​ការ​ទាំង​អស់​នេះ? គឺ​ដោយ​សារ​ពួក​គេ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​ចំពោះ​អ្នក​ជិត​ខាង។—ម៉ាថ. ២២:៣៧​-​៣៩

២. ដូច​បាន​រៀប​រាប់​នៅ​រ៉ូម ១៥:១​-​៣ តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​អ្វី?

លោក​យេស៊ូ​បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​ស្ដី​អំពី​ការ​ចាត់​ទុក​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត​ថា​សំខាន់​ជាង​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន។ យើង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ដើរ​តាម​លំអាន​ដាន​របស់​លោក។ (​សូម​អាន រ៉ូម ១៥:១​-​៣) ពួក​អ្នក​ដែល​យក​តម្រាប់​លោក​នឹង​ទទួល​ប្រយោជន៍​ផ្សេង​ៗ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។—សកម្ម. ២០:៣៥

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ការ​លះ​បង់​មួយ​ចំនួន​របស់​លោក​យេស៊ូ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត និង​របៀប​ដែល​យើង​អាច​យក​តម្រាប់​លោក។ យើង​ក៏​នឹង​ពិចារណា​ដែរ​អំពី​របៀប​ដែល​យើង​អាច​មាន​បំណង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​បម្រើ​អ្នក​ឯ​ទៀត។

ចូរ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ

ទោះ​ជា​អស់​កម្លាំង​ក្ដី តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ពេល​មនុស្ស​មួយ​ក្រុម​ធំ​បាន​មក​ជួប​លោក? (​សូម​មើល​វគ្គ​៤​)

៤. តើ​លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​ចាត់​ទុក​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត​ថា​សំខាន់​ជាង​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន?

លោក​យេស៊ូ​បាន​ជួយ​អ្នក​ឯ​ទៀត ទោះ​ជា​លោក​អស់​កម្លាំង​ក្ដី។ សូម​គិត​អំពី​ប្រតិកម្ម​របស់​លោក​យេស៊ូ ពេល​ដែល​មនុស្ស​ជា​ច្រើន​កុះ​ករ​បាន​មក​ជួប​លោក​នៅ​ជម្រាល​ភ្នំ​មួយ​ដែល​ទំនង​ជា​ជិត​ក្រុង​កាពើណិម។ នៅ​ពេល​នោះ លោក​បាន​អធិដ្ឋាន​ពេញ​មួយ​យប់​ហើយ។ ដូច្នេះ លោក​ច្បាស់​ជា​អស់​កម្លាំង​ជា​ខ្លាំង ប៉ុន្តែ​ពេល​លោក​បាន​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ​នោះ លោក​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​អ្នក​ក្រី​ក្រ និង​អ្នក​ជំងឺ​ក្នុង​ចំណោម​ពួក​គេ។ លោក​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ​ពី​ជំងឺ​ប៉ុណ្ណោះ​ទេ តែ​ក៏​ថ្លែង​សុន្ទរកថា​មួយ​ដែល​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ពោល​គឺ​សុន្ទរកថា​នៅ​លើ​ភ្នំ។—លូក. ៦:១២​-​២០

តើ​យើង​អាច​មាន​ចិត្ត​គំនិត​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ដូច​លោក​យេស៊ូ​តាម​របៀប​ណា​ខ្លះ? (​សូម​មើល​វគ្គ​៥​)

៥. តើ​ប្រមុខ​គ្រួសារ​យក​តម្រាប់​លោក​យេស៊ូ​ស្ដី​អំពី​ចិត្ត​គំនិត​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​យ៉ាង​ដូច​ម្ដេច ពេល​អស់​កម្លាំង?

របៀប​ដែល​ប្រមុខ​ក្រុម​គ្រួសារ​យក​តម្រាប់​លោក​យេស៊ូ។ សូម​ស្រមៃ​គិត​ស្ថានភាព​មួយ។ បន្ទាប់​ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ ឪពុក​ម្នាក់​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​អស់​កម្លាំង ហើយ​គិត​ថា​មិន​ចាំ​បាច់​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​នៅ​ល្ងាច​នោះ​ទេ។ ប៉ុន្តែ គាត់​អធិដ្ឋាន​សុំ​កម្លាំង​ពី​ព្រះ​យេហូវ៉ា ហើយ​លោក​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​គាត់។ ដូច្នេះ ពួក​គេ​ធ្វើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ដូច​ធម្មតា។ នៅ​ល្ងាច​នោះ កូន​របស់​ពួក​គេ​រៀន​មេ​រៀន​ដ៏​សំខាន់​មួយ​គឺ​ថា ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​គឺ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​ឪពុក​ម្ដាយ។

៦. សូម​លើក​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​លៃ​ទុក្ខ​ពេល​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។

លោក​យេស៊ូ​បាន​លៃ​ទុក​ពេល​សម្រាប់​អ្នក​ឯ​ទៀត ទោះ​ជា​លោក​ត្រូវ​ការ​ពេល​នៅ​ម្នាក់​ឯង​ក្ដី។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​អំពី​អារម្មណ៍​របស់​លោក​យេស៊ូ​ឬ​ទេ ពេល​ដែល​លោក​បាន​ឮ​ថា​មិត្ត​ភក្តិ​របស់​លោក​គឺ​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​ត្រូវ​គេ​កាត់​ក្បាល? លោក​យេស៊ូ​ច្បាស់​ជា​កើត​ទុក្ខ​ជា​ខ្លាំង។ គម្ពីរ​ចែង​ថា ពេល​លោក​«​ឮ​ដូច្នេះ​[​អំពី​ការ​ស្លាប់​របស់​យ៉ូហាន​] លោក​យេស៊ូ​បាន​ចុះ​ទូក​ចេញ​ពី​ទី​នោះ​ទៅ​កន្លែង​មួយ​ឆ្ងាយ​ពី​គេ ដើម្បី​នៅ​ម្នាក់​ឯង​»។ (​ម៉ាថ. ១៤:១០​-​១៣​) យើង​អាច​យល់​អំពី​មូលហេតុ​ដែល​លោក​យេស៊ូ​ចង់​នៅ​ម្នាក់​ឯង ពីព្រោះ​អ្នក​ខ្លះ​ចូល​ចិត្ត​សំងំ​កើត​ទុក្ខ​តែ​ឯង។ ប៉ុន្តែ លោក​យេស៊ូ​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ ព្រោះ​មនុស្ស​មួយ​ក្រុម​ធំ​បាន​មក​ដល់​កន្លែង​ដាច់​ឆ្ងាយ​ពី​គេ​នោះ​មុន​លោក​ទៅ​ទៀត។ តើ​លោក​យេស៊ូ​មាន​ប្រតិកម្ម​យ៉ាង​ណា? លោក​បាន​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​មួយ​ក្រុម​នោះ ហើយ​ក៏​«​មាន​ចិត្ត​ក្ដួល​អាណិត​ពួក​គេ​»។ លោក​ដឹង​ថា​ពួក​គេ​ត្រូវ​ការ​ជំនួយ និង​ការ​សម្រាល​ទុក្ខ​ពី​ព្រះ។ ដូច្នេះ ភ្លាម​ៗ​នោះ​លោក​បាន​ចាប់​ផ្ដើម​ជួយ​ពួក​គេ។ តាម​ពិត ​«​លោក​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​អំពី​អ្វី​ៗ​ជា​ច្រើន​»​មិន​មែន​តិច​តួច​ទេ។—ម៉ាក. ៦:៣១​-​៣៤; លូក. ៩:១០, ១១

៧​-​៨. សូម​លើក​ឧទាហរណ៍​អំពី​របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​យក​តម្រាប់​លោក​យេស៊ូ​ពេល​មាន​សេចក្ដី​ត្រូវ​ការ។

របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​យក​តម្រាប់​លោក​យេស៊ូ។ យើង​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ការ​លះ​បង់​ប្រយោជន៍​ខ្លួន​របស់​ពួក​អ្នក​ចាស់​ទុំ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង! ក្រុម​ជំនុំមិន​ដឹង​អំពី​កិច្ច​ការ​ភាគ​ច្រើន​របស់​ពួក​អ្នក​ចាស់​ទុំ​ទេ។ ជា​ឧទាហរណ៍ ពេល​បង​ប្អូន​មាន​រឿង​បន្ទាន់​ទាក់​ទង​នឹង​បញ្ហា​សុខភាព គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ​ទៅ​ជួយ​បង​ប្អូន​ទាំង​នោះ​ភ្លាម​ៗ។ ភាគ​ច្រើន​រឿង​បន្ទាន់​ទាំង​នោះ​កើត​ឡើង​នៅ​ពេល​យប់​ជ្រៅ! ប៉ុន្តែ ដោយ​សារ​អ្នក​ចាស់​ទុំ​ទាំង​នោះ​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​បង​ប្អូន ពួក​គេ​និង​ក្រុម​គ្រួសារ​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន។

ពួក​អ្នក​ចាស់​ទុំ​ក៏​ចូល​រួម​ក្នុង​កិច្ច​ការ​សាង​សង់​សាល​ប្រជុំ​និង​អគារ​ផ្សេង​ទៀត ព្រម​ទាំង​កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​បន្ទាន់​ពេល​មាន​មហន្តរាយ។ ម្យ៉ាង​ទៀត ពួក​គេ​ចំណាយ​ពេល​ជា​ច្រើន​ទៅ​លើ​ការ​បង្រៀន​និង​លើក​ទឹក​ចិត្ត​យើង។ បង​ប្អូន​ប្រុស​ទាំង​អស់​នេះ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ សម​នឹង​ទទួល​ការ​សរសើរ​ដ៏​ស្មោះ​ពី​យើង។ សូម​ព្រះ​យេហូវ៉ា​ផ្ដល់​រង្វាន់​ដល់​ពួក​គេ​ចំពោះ​ចិត្ត​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន​ដែល​ពួក​គេ​បង្ហាញ។ ដូច​អ្នក​ឯ​ទៀត ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ធ្វើ​ជា​មនុស្ស​សម​ហេតុ​សម​ផល។ ពួក​គេ​មិន​គួរ​ចំណាយ​ពេល​ច្រើន​ទៅ​លើ​សកម្មភាព​ផ្សេង​ៗ​របស់​ក្រុម​ជំនុំ រហូត​ដល់​ពួក​គេ​គ្មាន​ពេល​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​ខ្លួន​ឯង​ឡើយ។

របៀប​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន

៩. យោង​ទៅ​តាម​ភីលីព ២:៤, ៥ តើ​គ្រិស្ត​សាសនិក​ទាំង​អស់​គួរ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​បែប​ណា?

សូម​អាន ភីលីព ២:៤, ៥ មិន​គ្រាន់​តែ​ពួក​អ្នក​ចាស់​ទុំ​ប៉ុណ្ណោះ​អាច​រៀន​ឲ្យ​មាន​ចិត្ត​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន​ដូច​លោក​យេស៊ូ​ទេ ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​អាច​ធ្វើ​ដូច្នេះ​ដែរ។ គម្ពីរ​ចែង​ថា លោក​យេស៊ូ​បាន​«​យក​សណ្ឋាន​ជា​ខ្ញុំ​បម្រើ​»។ (​ភី. ២:៧​) តើ​យើង​អាច​រៀន​អ្វី​ពី​ពាក្យ​នោះ? ពេល​ខ្ញុំ​បម្រើ​ឬ​ក៏​អ្នក​បម្រើ​តែង​តែ​រក​គ្រប់​ឱកាស​ដើម្បី​ផ្គាប់​ចិត្ត​ម្ចាស់​របស់​គាត់ គាត់​មាន​ប្រយោជន៍។ ដូច្នេះ ដោយ​សារ​យើង​ជា​ខ្ញុំ​បម្រើ​ព្រះ​យេហូវ៉ា ហើយ​យើង​បម្រើ​បង​ប្អូន​ឯ​ទៀត យើង​ចង់​ធ្វើ​ជា​បុគ្គល​ដែល​កាន់​តែ​មាន​ប្រយោជន៍​ចំពោះ​លោក​និង​ចំពោះ​បង​ប្អូន។ អ្នក​អាច​ធ្វើ​ដូច្នេះ​បាន ដោយ​ពិចារណា​អំពី​យោបល់​ដូច​ត​ទៅ​នេះ។

១០. តើ​យើង​អាច​សួរ​ខ្លួន​នូវ​សំណួរ​អ្វី​ខ្លះ?

១០សូម​គិត​អំពី​ចិត្ត​គំនិត​របស់​អ្នក។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន​ច្រើន​ប៉ុណ្ណា​ដើម្បី​ជួយ​អ្នក​ឯ​ទៀត? ជា​ឧទាហរណ៍ តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​បើ​ខ្ញុំ​បាន​ត្រូវ​សុំ​ឲ្យ​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្រុស​វ័យ​ចាស់​ម្នាក់​នៅ​ផ្ទះ​របស់​គាត់ ឬ​ឲ្យ​ឌុប​បង​ស្រី​វ័យ​ចាស់​ម្នាក់​ទៅ​កិច្ច​ប្រជុំ? ម្យ៉ាង​ទៀត តើ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ជួយ​សម្អាត​កន្លែង​មហា​សន្និបាត ឬ​ជួយ​ថែ​ទាំ​សាល​ប្រជុំ​ឬ​ទេ?›។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​យើង​លះ​បង់​ពេល​វេលា​និង​ធន​ធាន​របស់​យើង​ដើម្បី​ជួយ​អ្នក​ឯ​ទៀត ដោយ​សារ​នេះ​សម​ស្រប​នឹង​ពាក្យ​សន្យា​របស់​យើង​ពេល​ប្រគល់​ខ្លួន​ជូន​លោក ថា​យើង​នឹង​ប្រើ​អ្វី​ទាំង​អស់​ដើម្បី​បម្រើ​លោក។ បើ​យើង​ឃើញ​ថា​យើង​ត្រូវ​រីក​ចម្រើន​ថែម​ទៀត តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ?

១១. តើ​ការ​អធិដ្ឋាន​អាច​ជួយ​យើង​ឲ្យ​ចេះ​លះ​បង់​ប្រយោជន៍​ខ្លួន​យ៉ាង​ដូច​ម្ដេច?

១១សូម​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា។ បើ​អ្នក​ពិនិត្យ​ឃើញ​ថា​មាន​ចំណុច​ខ្លះ​ដែល​អ្នក​ត្រូវ​រីក​ចម្រើន ប៉ុន្តែ​អ្នក​មិន​សូវ​ចង់​ធ្វើ​ការ​កែ​ប្រែ​ដែល​ចាំ​បាច់ សូម​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា។ សូម​និយាយ​ត្រង់​ៗ ហើយ​ប្រាប់​លោក​អំពី​អារម្មណ៍​របស់​អ្នក ព្រម​ទាំង​សុំ​លោក​ឲ្យ​ជួយ​អ្នក​«​មាន​បំណង​ប្រាថ្នា​និង​មាន​ការ​ប្រព្រឹត្ត​»។—ភី. ២:១៣

១២. តើ​ប្អូន​ប្រុស​វ័យ​ក្មេង​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​អាច​ជួយ​ក្រុម​ជំនុំ​តាម​របៀប​ណា?

១២ បើ​អ្នក​ជា​ប្អូន​ប្រុស​វ័យ​ក្មេង​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក សូម​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​មាន​បំណង​ប្រាថ្នា​ចង់​ធ្វើ​ថែម​ទៀត​ដើម្បី​ជួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ នៅ​ប្រទេស​ខ្លះ​មាន​អ្នក​ចាស់​ទុំ​ច្រើន​ជាង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ហើយ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ជា​ច្រើន​ទាំង​នោះ​មាន​វ័យ​រាង​ជ្រេ។ កាល​ដែល​អង្គការ​របស់​ព្រះ​បន្ត​រីក​ចម្រើន យើង​ត្រូវ​ការ​ប្អូន​ប្រុស​វ័យ​ក្មេង​កាន់​តែ​ច្រើន​ដើម្បី​ជួយ​ពួក​អ្នក​ចាស់​ទុំ​មើល​ថែ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ អ្នក​នឹង​អរ​សប្បាយ​ពេល​អ្នក​សុខ​ចិត្ត​ជួយ​ខាង​ផ្នែក​ណា​ក៏​ដោយ​ដែល​ត្រូវ​ការ​ជំនួយ។ ហេតុ​អ្វី? ពីព្រោះ​អ្នក​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត មាន​កេរ្តិ៍ឈ្មោះ​ល្អ និង​មាន​ការ​ស្កប់​ចិត្ត​ដែល​មក​ពី​ការ​ជួយ​អ្នក​ឯ​ទៀត។

ក្រោយ​គ្រិស្ត​សាសនិក​ពី​តំបន់​យូឌា​ឆ្លង​ទន្លេ​យ៉ូដាន់ ពួក​គេ​បាន​រត់​ទៅ​ក្រុង​ភេឡា។ ពួក​អ្នក​ដែល​បាន​ទៅ​ដល់​ក្រុង​នោះ​មុន ចែក​ស្បៀង​អាហារ​ឲ្យ​គ្រិស្ត​សាសនិក​ឯ​ទៀត​ដែល​ទើប​តែ​បាន​មក​ដល់ ​(​សូម​មើល​វគ្គ​១៣​)

១៣​-​១៤. តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​បង​ប្អូន​របស់​យើង? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១៣ចូរ​ចេះ​សង្កេត​មើល​និង​កត់​សម្គាល់​ពេល​បង​ប្អូន​ត្រូវ​ការ​ជំនួយ។ ប៉ូល​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ​ថា​៖ ​«​កុំ​ភ្លេច​ធ្វើ​ការ​ល្អ ហើយ​ចែក​រំលែក​ដល់​អ្នក​ឯ​ទៀត ព្រោះ​ព្រះ​ពេញ​ចិត្ត​គ្រឿង​បូជា​បែប​នេះ​»។ (​ហេ. ១៣:១៦​) យោបល់​នេះ​គឺ​ពិត​ជា​មាន​ប្រយោជន៍​មែន! មិន​យូរ​ក្រោយ​ពី​ប៉ូល​បាន​ឲ្យ​យោបល់​នេះ គ្រិស្ត​សាសនិក​ដែល​នៅ​តំបន់​យូឌា​ត្រូវ​លះ​ចោល​ផ្ទះ ការ​ងារ និង​សាច់​ញាតិ​ដែល​មិន​មែន​ជា​អ្នក​ជឿ​របស់​ពួក​គេ ហើយ​ត្រូវ​«​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ​»។ (​ម៉ាថ. ២៤:១៦​) នៅ​ពេល​នោះ គឺ​ជា​ការ​សំខាន់​មែន​ដែល​ពួក​គេ​ត្រូវ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ពួក​អ្នក​ដែល​ធ្វើ​តាម​យោបល់​របស់​ប៉ូល​ដែល​ឲ្យ​ចេះ​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក ងាយ​ស្រួល​ជាង​ក្នុង​ការ​សម្រប​ខ្លួន​នឹង​របៀប​រស់​នៅ​ថ្មី។

១៤ បង​ប្អូន​របស់​យើង​ប្រហែល​ជា​មិន​តែង​តែ​ប្រាប់​យើង​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ឡើយ។ ជា​ឧទាហរណ៍ ក្នុង​ករណី​ដែល​ប្រពន្ធ​របស់​បង​ប្រុស​ម្នាក់​បាន​ស្លាប់ តើ​បង​ប្រុស​នោះ​ត្រូវ​ការ​ជំនួយ​ខាង​ម្ហូប​អាហារ ការ​ធ្វើ​ដំណើរ ឬ​កិច្ច​ការ​ផ្ទះ​ឬ​ទេ? គាត់​ប្រហែល​ជា​មិន​សុំ​ជំនួយ​ទេ ដោយ​សារ​គាត់​ខ្លាច​ចិត្ត​យើង។ ប៉ុន្តែ គាត់​ប្រហែល​ជា​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង បើ​យើង​ចាត់​វិធានការ​ជួយ​គាត់។ យើង​មិន​គួរ​គិត​ថា​ទុក​ឲ្យ​អ្នក​ឯ​ទៀត​ជួយ​គាត់​ក៏​បាន ឬ​ថា​បើ​គាត់​ត្រូវ​ការ​អ្វី គាត់​នឹង​ប្រាប់​យើង​នោះ​ទេ។ សូម​សួរ​ខ្លួន​អ្នក​ថា ‹បើ​ខ្ញុំ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ តើ​ខ្ញុំ​ត្រូវ​ការ​ជំនួយ​អ្វី​ខ្លះ?›។

១៥. ដើម្បី​ចេះ​លះ​បង់​ប្រយោជន៍​ខ្លួន តើ​យើង​ត្រូវ​តាំង​ចិត្ត​ធ្វើ​អ្វី?

១៥ចូរ​ធ្វើ​ជា​មនុស្ស​ដែល​ស្រួល​ពឹង​ពាក់។ អ្នក​ប្រហែល​ជា​ស្គាល់​បង​ប្អូន​នៅ​ក្នុង​ក្រុម​ជំនុំ​ដែល​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ ពួក​គេ​មិន​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​រំខាន​ពួក​គេ​ទេ។ យើង​ដឹង​ថា យើង​អាច​ពឹង​ពាក់​ពួក​គេ​បាន​ពេល​ដែល​ត្រូវ​ការ​ជំនួយ ហើយ​យើង​ក៏​ចង់​ធ្វើ​ជា​មនុស្ស​ស្រួល​ពឹង​ពាក់​ដូច​ពួក​គេ​ដែរ។ បង​អាឡិន​ដែល​ជា​អ្នក​ចាស់​ទុំ​មាន​អាយុ​៤៥​ឆ្នាំ​ចង់​ធ្វើ​ជា​មនុស្ស​ដែល​ស្រួល​ពឹង​ពាក់។ ពេល​គិត​អំពី​គំរូ​របស់​លោក​យេស៊ូ គាត់​និយាយ​ថា​៖ ​«​លោក​យេស៊ូ​ជា​មនុស្ស​រវល់​ណាស់ ប៉ុន្តែ​ទាំង​ក្មេង​ទាំង​ចាស់​ចូល​ចិត្ត​លោក ហើយ​មិន​ខ្លាច​សុំ​ជំនួយ​ពី​លោក​ទេ។ ពួក​គេ​ដឹង​ថា​លោក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ។ ពេល​គិត​អំពី​គំរូ​របស់​លោក ខ្ញុំ​ក៏​ចង់​ធ្វើ​ជា​មនុស្ស​ដែល​ស្រួល​ពឹង​ពាក់ កក់​ក្ដៅ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត​ដែរ​»។

១៦. តើ​តាម​របៀប​ណា​ការ​អនុវត្ត​ចម្រៀង​សរសើរ​ព្រះ ១១៩:៥៩, ៦០ អាច​ជួយ​យើង​ឲ្យ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​យ៉ាង​ដិត​ដល់?

១៦ យើង​មិន​គួរ​ធ្លាក់​ទឹក​ចិត្ត​ទេ បើ​យើង​មិន​អាច​យក​តម្រាប់​លោក​យេស៊ូ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ។ (​យ៉ា. ៣:២​) សូម​គិត​អំពី​ឧទាហរណ៍​មួយ។ សិស្ស​ផ្នែក​វិចិត្រករ​ម្នាក់​មិន​អាច​គូរ​គំនូរ​បាន​ល្អ​ដូច​វិចិត្រករ​ដ៏​ចំណាន​ទេ។ ប៉ុន្តែ កាល​ដែល​សិស្ស​នោះ​រៀន​ពី​កំហុស​របស់​ខ្លួន ហើយ​ព្យាយាមធ្វើ​តាម​គំរូ​របស់​អ្នក​បង្រៀន​យ៉ាង​ដិត​ដល់ គាត់​នឹង​បន្ត​រីក​ចម្រើន។ ស្រដៀង​គ្នា​ដែរ បើ​យើង​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​រៀន​តាម​រយៈ​ការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន ហើយ​ខំ​អស់​ពី​សមត្ថភាព​កែ​តម្រូវ​គុណ​វិបត្តិ​ណា​ដែល​យើង​ប្រហែល​ជា​មាន យើង​អាច​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ឲ្យ​បាន​ដិត​ដល់​ជាង។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ១១៩:៥៩, ៦០

ប្រយោជន៍​ដែល​មក​ពី​ការ​លះ​បង់​ប្រយោជន៍​ខ្លួន

ដោយ​មាន​ចិត្ត​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន​ដូច​លោក​យេស៊ូ ពួក​អ្នក​ចាស់​ទុំ​ទុក​គំរូ​សម្រាប់​ប្អូន​ៗ​វ័យ​ក្មេង (​សូម​មើល​វគ្គ​១៧​) *

១៧​-​១៨. តើ​យើង​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ណា កាល​ដែល​យើង​ព្យាយាម​មាន​ចិត្ត​គំនិត​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ដូច​លោក​យេស៊ូ?

១៧ ពេល​អ្នក​ឯ​ទៀត​ឃើញ​យើង​ចេះ​លះ​បង់​ប្រយោជន៍​ខ្លួន នេះ​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ចង់​ធ្វើ​ដូច​យើង​ដែរ។ អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​ធីម​និយាយ​ថា​៖ ​«​មូលហេតុ​មួយ​ដែល​ប្អូន​ប្រុស​វ័យ​ក្មេង​ខ្លះ​បាន​រីក​ចម្រើន​រហូត​ដល់​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ គឺ​ដោយ​សារ​ពួក​គេ​ឃើញ​បង​ប្អូន​សុខ​ចិត្ត​ជួយ​អ្នក​ឯ​ទៀត។ ដូច្នេះ​ពួក​គេ​ក៏​ចង់​ធ្វើ​ដូច​បង​ប្អូន​ទាំង​នោះ​ដែរ។ ការ​ខំ​ប្រឹង​លះ​បង់​ប្រយោជន៍​ខ្លួន​របស់​ពួក​គេ​ជួយ​ដល់​ក្រុម​ជំនុំ និង​ផ្ដល់​ការ​គាំទ្រ​ច្រើន​ជាង​ដល់​ពួក​អ្នក​ចាស់​ទុំ​»។

១៨ មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​គិត​តែ​ពី​ប្រយោជន៍​ខ្លួន​ឯង​ប៉ុណ្ណោះ។ ប៉ុន្តែ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ខុស​គ្នា​ស្រឡះ​ពី​មនុស្ស​បែប​នោះ។ យើង​កោត​ស្ងើច​ចំពោះ​ចិត្ត​គំនិត​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​របស់​លោក​យេស៊ូ ហើយ​យើង​តាំង​ចិត្ត​ធ្វើ​តាម​គំរូ​របស់​លោក។ គ្មាន​យើង​ណា​ម្នាក់​អាច​ដើរ​តាម​លំអាន​ដាន​របស់​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ​ទេ ប៉ុន្តែ​យើង​អាច​«​ដើរ​តាម​លំអាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់​»។ (​១ពេ. ២:២១​) កាល​ដែល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​មាន​ចិត្ត​គំនិត​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ដូច​លោក​យេស៊ូ យើង​ក៏​នឹង​មាន​អំណរ​ដែល​មក​ពី​ការ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

ចម្រៀង​លេខ​១៣ គ្រិស្ត​ជា​គំរូ​របស់​យើង

^ វគ្គ 5 លោក​យេស៊ូ​តែង​តែ​ចាត់​ទុក​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត​ថា​សំខាន់​ជាង​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ផ្សេង​ៗ​ដែល​យើង​អាច​ធ្វើ​តាម​គំរូ​របស់​លោក។ យើង​ក៏​នឹង​ពិចារណា​អំពី​របៀប​ដែល​ការ​មាន​ចិត្ត​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន​ដូច​លោក​យេស៊ូ នឹង​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​ជា​យូរ​អង្វែង។

^ វគ្គ 57 ការ​ពណ៌នា​អំពី​រូប​ភាព: ពេល​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​ដាន​ឃើញ​អ្នក​ចាស់​ទុំ​ពីរ​នាក់​មក​សួរ​សុខ​ទុក្ខ​ឪពុក​គាត់​នៅ​មន្ទីរ​ពេទ្យ នេះ​ជំរុញ​ចិត្ត​គាត់​ឲ្យ​ចង់​ធ្វើ​តាម​គំរូ​របស់​អ្នក​ចាស់​ទុំ​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ ហើយ​ក៏​ជំរុញ​ចិត្ត​គាត់​ឲ្យ​រក​វិធី​ជួយ​អ្នក​ឯ​ទៀត​ដែល​ត្រូវ​ការ​ជំនួយ​ក្នុង​ក្រុម​ជំនុំ​ដែរ។ ប្អូន​ប្រុស​ម្នាក់​ទៀត​ឈ្មោះ​បេន ឃើញ​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​ប្អូន​ដាន​បង្ហាញ​ចំពោះ​អ្នក​ឯ​ទៀត។ គំរូ​របស់​ប្អូន​ដាន​លើក​ទឹក​ចិត្ត​ប្អូន​បេន​ឲ្យ​ជួយ​សម្អាត​សាល​ប្រជុំ។