លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

អ្វីពិសេសជាងការធ្វើជាគ្រូពេទ្យ

អ្វីពិសេសជាងការធ្វើជាគ្រូពេទ្យ

​«​អ្វី​ដែល​ពួក​បង​ប្រាប់​ខ្ញុំ​គឺ​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ​តាំង​ពី​ក្មេង​មក!​»។ កាល​ពី​ឆ្នាំ​១៩៧១ ខ្ញុំ​បាន​និយាយ​ពាក្យ​ទាំង​នេះ​ដោយ​រំភើប​ចិត្ត​ទៅ​កាន់​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ជា​អ្នក​ជំងឺ។ ខ្ញុំ​ទើប​តែ​បាន​បើក​គ្លីនិក​មួយ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ទូទៅ។ តើ​អ្នក​ជំងឺ​ពីរ​នាក់​នោះ​គឺ​ជា​អ្នក​ណា? ហើយ​តើ​ក្ដី​ស្រមៃ​នោះ​គឺ​ជា​អ្វី? ខ្ញុំ​សូម​រៀប​រាប់​អំពី​អ្វី​ដែល​ពួក​គេ​បាន​ប្រាប់​ខ្ញុំ​នៅ​ថ្ងៃ​នោះ និង​របៀប​ដែល​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​អ្វី​ដែល​ខ្ញុំ​បាន​ចាត់​ទុក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត ព្រម​ទាំង​មូលហេតុ​ដែល​ខ្ញុំ​ជឿ​ថា​មិន​យូរ​ទៀត​ក្ដី​ស្រមៃ​របស់​ខ្ញុំ​តាំង​ពី​នៅ​ក្មេង​នឹង​ក្លាយ​ជា​ការ​ពិត។

ខ្ញុំ​បាន​កើត​នៅ​ឆ្នាំ​១៩៤១​ក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​សាមញ្ញ​នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង។ ខ្ញុំ​ចូល​ចិត្ត​ការ​សិក្សា​ខ្លាំង​ណាស់។ ដូច្នេះ​សូម​ស្រមៃ​គិត​ថា​ខ្ញុំ​ខក​ចិត្ត​ខ្លាំង​យ៉ាង​ណា នៅ​ពេល​ខ្ញុំ​កើត​ជំងឺ​របេង​កាល​ដែល​មាន​អាយុ​១០​ឆ្នាំ ហើយ​ត្រូវ​បោះ​បង់​ការ​សិក្សា។ គ្រូ​ពេទ្យ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​សម្រាក​នៅ​លើ​គ្រែ ដោយ​សារ​សួត​របស់​ខ្ញុំ​ខ្សោយ​ណាស់។ ដូច្នេះ​អស់​ជា​ច្រើន​ខែ ខ្ញុំ​បាន​ចំណាយ​ពេល​អាន​វចនានុក្រម​និង​ស្ដាប់​កម្ម​វិធី​អប់រំ​នៃ​សកល​វិទ្យាល័យ​ប៉ារីស​តាម​វិទ្យុ។ ពេល​ដែល​គ្រូ​ពេទ្យ​ប្រាប់​ថា​ខ្ញុំ​បាន​ជា​សះ​ស្បើយ ហើយ​អាច​ទៅ​សាលា​វិញ​បាន ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន។ ខ្ញុំ​បាន​គិត​ក្នុង​ចិត្ត​ថា ‹កិច្ច​ការ​គ្រូ​ពេទ្យ​ឡូយ​ណាស់!›។ ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​មាន​ក្ដី​ស្រមៃ​ចង់​ព្យាបាល​អ្នក​ជំងឺ។ ដូច្នេះ រាល់​ដង​ដែល​ឪពុក​របស់​ខ្ញុំ​សួរ​ខ្ញុំ​ថា​ខ្ញុំ​ចង់​ធ្វើ​អ្វី​ពេល​ខ្ញុំ​ធំ​ឡើង ខ្ញុំ​តែង​តែ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ជា​គ្រូ​ពេទ្យ​»។ ចាប់​ពី​ពេល​នោះ ការ​ធ្វើ​ជា​គ្រូ​ពេទ្យ​គឺ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។

វិទ្យា​សាស្ត្រ​ជួយ​ខ្ញុំ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ

ក្រុម​គ្រួសារ​ខ្ញុំ​កាន់​សាសនា​កាតូលិក ប៉ុន្តែ​ខ្ញុំ​មិន​សូវ​ស្គាល់​អំពី​ព្រះ​ឡើយ ហើយ​ខ្ញុំ​មាន​សំណួរ​ជា​ច្រើន​ដែល​មិន​បាន​ទទួល​ចម្លើយ​ទេ។ គឺ​ទាល់​តែ​ក្រោយ​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​រៀន​ខាង​ពេទ្យ​នៅ​សកល​វិទ្យាល័យ ទើប​ខ្ញុំ​ជឿ​ជាក់​ថា​ជីវិត​ទាំង​ឡាយ​មាន​អ្នក​បង្កើត។

ខ្ញុំ​ចាំ​ថា លើក​ទី​១​ដែល​ខ្ញុំ​បាន​ពិនិត្យ​មើល​កោសិកា​របស់​ផ្កា​ម្យ៉ាង ដោយ​ប្រើ​មីក្រូ​ទស្សន៍ ខ្ញុំ​បាន​កោត​ស្ងើច​ចំពោះ​របៀប​ដែល​កោសិកា​នីមួយ​ៗ​ការ​ពារ​ខ្លួន​ពេល​វា​ត្រូវ​ប្រឈម​មុខ​នឹង​ធាតុ​ក្ដៅ​និង​ត្រជាក់។ ខ្ញុំ​ក៏​បាន​ពិនិត្យ​មើល​ស៊ីតូប្លាស​(​សារធាតុ​មួយ​ក្នុង​កោសិកា​)​ដែរ។ ខ្ញុំ​ឃើញ​ថា​ពេល​វា​ត្រូវ​អំបិល​វា​រួម​តូច ហើយ​វា​រីក​ធំ​ពេល​ដាក់​វា​ទៅ​ក្នុង​ទឹក​សុទ្ធ។ ដោយ​សារ​តែ​សមត្ថភាព​នេះ​និង​សមត្ថភាព​ជា​ច្រើន​ទៀត ភាវរស់​តូច​ៗ​អាច​ប្រែ​ប្រួល​ទៅ​តាម​បរិយាកាស​ដែល​វា​រស់​នៅ។ ពេល​ខ្ញុំ​សង្កេត​មើល​ភាព​សាំញ៉ាំ​ដ៏​អស្ចារ្យ​នៃ​កោសិកា​នីមួយ​ៗ​ទាំង​នេះ ខ្ញុំ​អាច​ឃើញ​ថា​ជីវិត​គឺ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។

ក្នុង​អំឡុង​ឆ្នាំ​ទី​២​នៃ​ការ​សិក្សា​របស់​ខ្ញុំ​ផ្នែក​ខាង​ពេទ្យ ខ្ញុំ​ឃើញ​ភ័ស្តុតាង​កាន់​តែ​ច្រើន​ដែល​បញ្ជាក់​ថា​មាន​ព្រះ។ ពេល​យើង​សិក្សា​អំពី​រូប​កាយ​មនុស្ស យើង​បាន​រៀន​អំពី​របៀប​ដែល​របៀប​រៀបចំ​របស់​កំភួន​ដៃ​ធ្វើ​ឲ្យ​យើង​បត់​បែន​និង​តម្រង់​ម្រាម​ដៃ​បាន។ របៀប​ដែល​សាច់​ដុំ​បាន​ត្រូវ​ភ្ជាប់​នឹង​ឆ្អឹង និង​របៀប​ដែល​អ្វី​ទាំង​នោះ​សហការ​គ្នា គឺ​អស្ចារ្យ​មែន! ជា​ឧទាហរណ៍ ខ្ញុំ​បាន​រៀន​ថា​មាន​សរសៃ​ពួរ​ដែល​ជាប់​នឹង​សាច់​ដុំ​មួយ​ក្នុង​កំភួន​ដៃ​របស់​យើង​ទៅ​នឹង​ឆ្អឹង​ទី​២​នៃ​ម្រាម​ដៃ។ សរសៃ​នេះ​ញែក​ជា​ពីរ​ទៅ​ជា​ស្ពាន​មួយ​ដែល​បើក​ផ្លូវ​ឲ្យ​សរសៃ​មួយ​ទៀត​ឆ្លង​កាត់​ពី​ក្រោម។ សរសៃ​មួយ​ទៀត​នោះ​ត​រហូត​ដល់​ចុង​ម្រាម​ដៃ។ សរសៃ​ទាំង​នោះ​បាន​ត្រូវ​ភ្ជាប់​នឹង​ឆ្អឹង​ម្រាម​ដៃ។ បើ​ម្រាម​ដៃ​របស់​យើង​មិន​បាន​ត្រូវ​បង្កើត​តាម​របៀប​នេះ​ទេ សរសៃ​ពួរ​ដៃ​នឹង​តឹង​និង​ត្រង់ ហើយ​ម្រាម​ដៃ​របស់​យើង​នឹង​មិន​កម្រើក​បាន​ល្អ​ទេ។ ខ្ញុំ​អាច​ឃើញ​ច្បាស់​ថា​អ្នក​បង្កើត​រូប​កាយ​មនុស្ស​គឺ​មាន​ប្រាជ្ញា​ក្រៃ​លែង។

ខ្ញុំ​កាន់​តែ​កោត​ស្ងើច​ចំពោះ​ព្រះ​ដែល​ជា​អ្នក​បង្កើត​ជីវិត​ទាំង​ឡាយ កាល​ដែល​ខ្ញុំ​សិក្សា​អំពី​ដំណើរ​ការ​នៃ​ការ​សម្រាល​កូន។ ខ្ញុំ​រៀន​ថា​មុន​សម្រាល ទារក​ដែល​មាន​សុខភាព​ល្អ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ស្រូប​យក​អុកស៊ីហ្ស៊ែន​ពី​ម្ដាយ​តាម​រយៈ​ទង​ផ្ចិត។ មាន​កូន​ថង់​តូច​ៗ​ដែល​មាន​រូប​រាង​មូល​ដូច​ជា​ប៉េង​ប៉ោង​នៅ​ខាង​ក្នុង​សួត ដែល​មិន​ទាន់​មាន​ខ្យល់​នៅ​ឡើយ​ទេ។ ប៉ុន្មាន​សប្ដាហ៍​មុន​ទារក​កើត​មក ធាតុ​រំអិល​ម្យ៉ាង​ស្រោប​នៅ​ខាង​ក្នុង​កូន​ថង់​តូច​ៗ​នីមួយ​ៗ​នោះ។ កាល​ដែល​ទារក​កើត​មក ហើយ​ដក​ដង្ហើម​ដោយ​ខ្លួន​ឯង មាន​អ្វី​ដ៏​អស្ចារ្យ​មួយ​កើត​ឡើង។ ប្រហោង​ក្នុង​បេះ​ដូង​របស់​ទារក​បិទ​ភ្ជិត ហើយ​នេះ​រុញ​ឈាម​ឲ្យ​ហូរ​ទៅ​សួត។ នៅ​ពេល​ដ៏​សំខាន់​នោះ ធាតុ​រំអិល​នោះ​ជួយ​ការ​ពារ​កូន​ថង់​ទាំង​នោះ​មិន​ឲ្យ​ស្អិត​ជាប់​គ្នា​ពេល​ដែល​វា​បង្កើត​ខ្យល់​ដង្ហើម។ មួយ​រំពេច​នោះ ទារក​អាច​ដក​ដង្ហើម​ដោយ​ខ្លួន​ឯង​បាន។

ខ្ញុំ​ចង់​ស្គាល់​បុគ្គល​ដែល​បាន​បង្កើត​អ្វី​ៗ​ដ៏​អស្ចារ្យ​នេះ។ ដូច្នេះ ខ្ញុំ​បាន​ចាប់​ផ្ដើម​អាន​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ខ្ញុំ​បាន​កោត​ស្ងើច​ចំពោះ​ច្បាប់​អំពី​សុខភាព​ដែល​ព្រះ​បាន​ឲ្យ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ជាង​៣.០០០​ឆ្នាំ​មុន។ ព្រះ​បាន​ណែនាំ​ជន​ជាតិ​អ៊ីស្រាអែល​ថា ក្រោយ​ពី​ពួក​គេ​បន្ទោរ​បង់​រួច ពួក​គេ​ត្រូវ​ជីក​ដី​កប់។ ពួក​គេ​ក៏​ត្រូវ​សម្អាត​ខ្លួន​ប្រាណ​ជា​ទៀង​ទាត់ និង​ទុក​ដោយ​ឡែក​នូវ​បុគ្គល​ដែល​មាន​រោគ​សញ្ញា​ជំងឺ​ដែល​អាច​ឆ្លង។ (​ចល. ១៣:៥០; ១៥:១១; បច. ២៣:១៣​) គម្ពីរ​ចែង​អំពី​អ្វី​ទាំង​នេះ ប៉ុន្តែ​អ្នក​វិទ្យា​សាស្ត្រ​ទើប​តែ​បាន​រក​ឃើញ​ថា ជំងឺ​ឆ្លង​រីក​រាល​ដាល​តាម​របៀប​ណា​ខ្លះ នៅ​ប្រមាណ​១៥០​ឆ្នាំ​មុន​ប៉ុណ្ណោះ។ ខ្ញុំ​ក៏​ទទួល​ស្គាល់​ថា​ច្បាប់​អំពី​ការ​រួម​ដំណេក​ក្នុង​ច្បាប់​លេវី បាន​ជួយ​ការ​ពារ​សុខភាព​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។ (​ចល. ១២:១​-​៦; ១៥:១៦​-​២៤​) ខ្ញុំ​បាន​សន្និដ្ឋាន​ថា អ្នក​បង្កើត​បាន​ឲ្យ​ច្បាប់​ទាំង​នេះ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ដើម្បី​សុខុមាលភាព​របស់​ពួក​គេ ហើយ​ថា​លោក​បាន​ឲ្យ​ពរ​ពួក​អ្នក​ដែល​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក។ ខ្ញុំ​បាន​ជឿ​ជាក់​ថា គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ជា​ព្រះ​មួយ​ដែល​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ​នៅ​ពេល​នោះ។

ខ្ញុំ​ជួប​ប្រពន្ធ​និង​បាន​រក​ឃើញ​ព្រះ​យេហូវ៉ា

នៅ​ថ្ងៃ​រៀប​ការ​របស់​ខ្ញុំ​និង​លីឌី​នា​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​១៩៦៥

កាល​ដែល​ខ្ញុំ​រៀន​នៅ​សកល​វិទ្យាល័យ​ដើម្បី​ទៅ​ជា​គ្រូ​ពេទ្យ ខ្ញុំ​បាន​ជួប​នារី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​លីឌី ដែល​ខ្ញុំ​បាន​ចាប់​ចិត្ត​ស្រឡាញ់។ យើង​បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៦៥ កាល​ដែល​ខ្ញុំ​រៀន​ខាង​ពេទ្យ​បាន​ពាក់​កណ្ដាល។ នៅ​ឆ្នាំ​១៩៧១ ជា​ឆ្នាំ​ដែល​ខ្ញុំ​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា យើង​មាន​កូន​បី​នាក់​រួច​ហើយ។ ក្រោយ​មក​យើង​មាន​កូន​បី​នាក់​ទៀត។ ប្រពន្ធ​ខ្ញុំ​គាំទ្រ​ខ្ញុំ​ខ្លាំង​ណាស់ ទាំង​ក្នុង​ការ​ងារ​ជា​ពេទ្យ​របស់​ខ្ញុំ​ទាំង​ក្នុង​ក្រុម​គ្រួសារ។

ខ្ញុំ​បាន​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​មួយ​អស់​បី​ឆ្នាំ​មុន​ខ្ញុំ​បើក​គ្លីនិក។ មិន​យូរ​ក្រោយ​មក ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ខ្ញុំ​បាន​រៀប​រាប់​នៅ​ដើម​ដំបូង បាន​មក​ព្យាបាល​ជំងឺ។ ពេល​ខ្ញុំ​ហៀប​នឹង​សរសេរ​វិក្កយបត្រ​ថ្នាំ​ពេទ្យ​សម្រាប់​ប្ដី​នោះ ប្រពន្ធ​គាត់​សំណូម​ពរ​ថា​៖ ​«​លោក​គ្រូ​ពេទ្យ សូម​កុំ​ឲ្យ​ថ្នាំ​ដែល​មាន​សារធាតុ​ឈាម​»។ ខ្ញុំ​ភ្ញាក់​ផ្អើល ហើយ​បាន​សួរ​ថា​៖ ​«​អ៊ីចឹង? ហេតុ​អី?​»។ ប្រពន្ធ​នោះ​បាន​តប​ឆ្លើយ​ថា​៖ ​«​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា​»។ ខ្ញុំ​មិន​ដែល​ឮ​អំពី​សាក្សី​ព្រះ​យេហូវ៉ា ឬ​គោល​ជំហរ​របស់​ពួក​គេ​អំពី​ឈាម​ទេ។ ប្រពន្ធ​នោះ​បាន​យក​គម្ពីរ​របស់​គាត់ ហើយ​បង្ហាញ​ខ្ញុំ​បទ​គម្ពីរ​ដែល​ជា​មូលដ្ឋាន​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​មិន​ព្រម​ទទួល​ឈាម។ (​សកម្ម. ១៥:២៨, ២៩​) បន្ទាប់​មក គាត់​និង​ប្ដី​គាត់​បាន​បង្ហាញ​ខ្ញុំ​អំពី​អ្វី​ដែល​រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច ពោល​គឺ​នឹង​ធ្វើ​ឲ្យ​លែង​មាន​ទុក្ខ​វេទនា ជំងឺ និង​សេចក្ដី​ស្លាប់​ទៀត។ (​បប. ២១:៣, ៤​) ខ្ញុំ​បាន​និយាយ​ទាំង​រំភើប​ចិត្ត​ថា​៖ ​«​អ្វី​ដែល​ពួក​បង​ប្រាប់​ខ្ញុំ​គឺ​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ​តាំង​ពី​ក្មេង​មក! ខ្ញុំ​ធ្វើ​ជា​ពេទ្យ​ដើម្បី​កាត់​បន្ថយ​ទុក្ខ​វេទនា​»។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ រហូត​ដល់​យើង​បាន​និយាយ​គ្នា​អស់​មួយ​ម៉ោង​កន្លះ។ ពេល​ប្ដី​ប្រពន្ធ​នោះ​បាន​ចាក​ចេញ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​សមាជិក​សាសនា​កាតូលិក​ទៀត​ទេ ហើយ​ខ្ញុំ​បាន​រៀន​ថា​អ្នក​បង្កើត​ដែល​ខ្ញុំ​បាន​កោត​ស្ងើច​នោះ​មាន​ឈ្មោះ​ថា យេហូវ៉ា។

ខ្ញុំ​បាន​ជួប​ប្ដី​ប្រពន្ធ​សាក្សី​នោះ​បី​ដង​នៅ​គ្លីនិក​របស់​ខ្ញុំ ហើយ​រាល់​លើក​យើង​និយាយ​គ្នា​អស់​មួយ​ម៉ោង​ជាង។ ក្រោយ​មក ខ្ញុំ​បាន​អញ្ជើញ​ពួក​គេ​ឲ្យ​មក​ផ្ទះ​របស់​ខ្ញុំ​ដើម្បី​យើង​អាច​ពិភាក្សា​គ្នា​អំពី​គម្ពីរ​ឲ្យ​បាន​យូរ​ជាង។ ទោះ​ជា​លីឌី​ប្រពន្ធ​ខ្ញុំ​ចូល​រួម​ការ​សិក្សា​គម្ពីរ​ជា​មួយ​យើង​ក្ដី គាត់​មិន​ព្រម​ទទួល​ស្គាល់​ថា​សេចក្ដី​បង្រៀន​ខ្លះ​របស់​សាសនា​កាតូលិក​គឺ​ខុស​ទេ។ ដូច្នេះ ខ្ញុំ​បាន​អញ្ជើញ​បូជាចារ្យ​ម្នាក់​មក​ផ្ទះ​របស់​យើង ហើយ​យើង​បាន​ជជែក​គ្នា​អំពី​សេចក្ដី​បង្រៀន​របស់​សាសនា​នោះ​រហូត​ដល់​យប់​ជ្រៅ ដោយ​ប្រើ​តែ​គម្ពីរ​ប៉ុណ្ណោះ។ ការ​ជជែក​គ្នា​នោះ​បាន​ធ្វើ​ឲ្យ​លីឌី​ជឿ​ជាក់​ថា​សាក្សី​ព្រះ​យេហូវ៉ា​បង្រៀន​សេចក្ដី​ពិត។ ក្រោយ​ពី​នោះ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​បាន​កើន​ឡើង​យ៉ាង​ខ្លាំង រហូត​ដល់​យើង​ទាំង​ពីរ​សម្រេច​ចិត្ត​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៧៤។

ព្រះ​យេហូវ៉ា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ

អ្វី​ដែល​ខ្ញុំ​បាន​រៀន​អំពី​គោល​បំណង​របស់​ព្រះ​សម្រាប់​មនុស្សជាតិ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​ចាត់​ទុក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។ ដូច្នេះ ខ្ញុំ​និង​លីឌី​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា ហើយ​បាន​តាំង​ចិត្ត​អប់រំ​កូន​ៗ​របស់​យើង​ស្រប​តាម​ខ្នាត​តម្រា​ពី​គម្ពីរ។ យើង​បាន​បង្រៀន​ពួក​គេ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​មនុស្ស។ យ៉ាង​នេះ ក្រុម​គ្រួសារ​យើង​ជិត​ស្និទ្ធ​គ្នា​ជាង។—ម៉ាថ. ២២:៣៧​-​៣៩

ខ្ញុំ​និង​លីឌី​ច្រើន​តែ​សើច​ពេល​យើង​នឹក​ឃើញ​អំពី​ប្រតិកម្ម​របស់​កូន​ៗ។ ពួក​គេ​គិត​ថា​យើង​ពីរ​នាក់​តែង​តែ​សម្រេច​ចិត្ត​ស្រប​គ្នា។ ម្យ៉ាង​ទៀត ពួក​គេ​ដឹង​ថា​ការ​ណែនាំ​របស់​លោក​យេស៊ូ​ដែល​ឲ្យ​‹រក្សា​សម្ដី បើ​ថា​«​មែន​»​ គឺ​មែន បើ​ថា​«​ទេ​»​ គឺ​ទេ› គឺ​ជា​ច្បាប់​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង។ (​ម៉ាថ. ៥:៣៧​) ជា​ឧទាហរណ៍ ពេល​កូន​ស្រី​ម្នាក់​របស់​យើង​មាន​អាយុ​១៧​ឆ្នាំ លីឌី​មិន​បាន​អនុញ្ញាត​ឲ្យ​គាត់​ចេញ​ក្រៅ​ជា​មួយ​ក្មេង​ៗ​គ្នា​ឯង​ជា​ក្រុម​ទេ។ មាន​ម្នាក់​នៅ​ក្នុង​ក្រុម​ក្មេង​នោះ​បាន​និយាយ​ទៅ​កូន​ស្រី​យើង​ថា​៖ ​«​បើ​ម៉ាក់​ឯង​អត់​ព្រម សុំ​ប៉ា​ឯង​ទៅ!​»។ តែ​កូន​ស្រី​យើង​បាន​តប​ថា​៖ ​«​គ្មាន​ប្រយោជន៍​ទេ ដោយ​សារ​ពួក​គាត់​យល់​ស្រប​គ្នា​រហូត​ហ្នឹង​»។ កូន​របស់​យើង​ទាំង​៦​នាក់​ឃើញ​ថា​យើង​ទាំង​ពីរ​នាក់​តែង​តែ​ព្រម​ព្រៀង​គ្នា​ក្នុង​ការ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ។ យើង​សប្បាយ​ចិត្ត​ណាស់ ដោយ​សារ​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​យើង​មាន​ក្រុម​គ្រួសារ​ដ៏​ធំ​មួយ​ដែល​ជា​អ្នក​បម្រើ​លោក។

ទោះ​ជា​សេចក្ដី​ពិត​បាន​ផ្លាស់​ប្ដូរ​អ្វី​ដែល​ខ្ញុំ​ចាត់​ទុក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​ខ្ញុំ​ក្ដី ខ្ញុំ​ចង់​ប្រើ​ចំណេះ​របស់​ខ្ញុំ​ជា​ពេទ្យ​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​រាស្ត្រ​របស់​ព្រះ។ ដូច្នេះ ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​បម្រើ​ជា​ពេទ្យ​នៅ​បេតអែល​នា​ក្រុង​ប៉ារីស ហើយ​ក្រោយ​មក​បម្រើ​នៅ​បេតអែល​ថ្មី​នៅ​តំបន់​លូយ៉េ។ ខ្ញុំ​ជា​អ្នក​មក​ជួយ​នៅ​បេតអែល​ជិត​៥០​ឆ្នាំ​រួច​ហើយ។ ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​មាន​មិត្ត​ភក្ដិ​ជា​ទី​ស្រឡាញ់​មួយ​ចំនួន​ក្នុង​ចំណោម​ក្រុម​គ្រួសារ​បេតអែល ហើយ​ឥឡូវ​ពួក​គេ​ខ្លះ​មាន​អាយុ​៩០​ឆ្នាំ​ជាង។ ខ្ញុំ​ក៏​រំភើប​ចិត្ត​ជា​ខ្លាំង នៅ​ថ្ងៃ​មួយ​ពេល​ដែល​ខ្ញុំ​បាន​ជួប​សមាជិក​បេតអែល​ថ្មី​ម្នាក់ ដោយ​សារ​ខ្ញុំ​ជា​អ្នក​ជួយ​ម្ដាយ​គាត់​ឲ្យ​សម្រាល​គាត់​កាល​ពី​២០​ឆ្នាំ​មុន។

ខ្ញុំ​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ចំពោះ​រាស្ត្រ​លោក

អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​កាន់​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាល​ដែល​ខ្ញុំ​ឃើញ​អំពី​របៀប​ដែល​លោក​ណែនាំ​និង​ការ​ពារ​រាស្ត្រ​របស់​លោក​តាម​រយៈ​អង្គការ​លោក។ ប្រហែល​ជា​នៅ​ឆ្នាំ​១៩៨០ គណៈ​អភិបាល​បាន​បង្កើត​កម្ម​វិធី​មួយ​នៅ​សហរដ្ឋ​អាម៉េរិក​ដើម្បី​ពង្រឹង​ការ​ប្រាស្រ័យ​ទាក់​ទង​រវាង​សាក្សី​ព្រះ​យេហូវ៉ា​និង​ក្រុម​គ្រូ​ពេទ្យ។

បន្ទាប់​មក​នៅ​ឆ្នាំ​១៩៨៨ គណៈ​អភិបាល​បាន​រៀបចំ​ផ្នែក​ថ្មី​មួយ​នៅ​បេតអែល ដែល​ហៅ​ថា​ក្រុម​ផ្ដល់​ព័ត៌មាន​ខាង​ពេទ្យ។ នៅ​ដើម​ដំបូង ផ្នែក​នេះ​បាន​មើល​ការ​ខុស​ត្រូវ​លើ​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ ដែល​បាន​បង្កើត​នៅ​សហរដ្ឋ​អាម៉េរិក ដើម្បី​ជួយ​អ្នក​ជំងឺ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឲ្យ​ស្វែង​រក​គ្រូ​ពេទ្យ​ដែល​គោរព​ការ​សម្រេច​ចិត្ត​របស់​យើង​អំពី​ឈាម។ ពេល​ការ​រៀបចំ​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ទូទាំង​ពិភព​លោក គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ​បាន​ត្រូវ​រៀបចំ​ឡើង​នៅ​ប្រទេស​បារាំង។ ខ្ញុំ​កោត​ស្ងើច​ពេល​ឃើញ​របៀប​ដែល​អង្គការ​ព្រះ​យេហូវ៉ា​គាំទ្រ​ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​ដែល​ឈឺ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ​ជំនួយ។

ក្ដី​ស្រមៃ​ក្លាយ​ជា​ការ​ពិត

យើង​នៅ​តែ​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ

ពី​ដំបូង ការ​ងារ​ជា​គ្រូ​ពេទ្យ​គឺ​សំខាន់​បំផុត​ក្នុង​ជីវិត​ខ្ញុំ។ ក្រោយ​មក​ពេល​ខ្ញុំ​គិត​អំពី​រឿង​នេះ ខ្ញុំ​យល់​ថា​ការ​ជួយ​មនុស្ស​ឲ្យ​ស្គាល់​និង​បម្រើ​ព្រះ​យេហូវ៉ា​ដែល​ជា​ប្រភព​នៃ​ជីវិត គឺ​សំខាន់​ជាង​ការ​ជួយ​មនុស្ស​ក្នុង​នាម​ជា​គ្រូ​ពេទ្យ។ ក្រោយ​ពី​ខ្ញុំ​ចូល​និវត្តន៍ ខ្ញុំ​និង​លីឌី​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ដោយ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ជា​រៀង​រាល់​ខែ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ យើង​នៅ​តែ​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​បំផុត​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដែល​សង្គ្រោះ​ជីវិត​នេះ។

ខ្ញុំ​និង​លីឌី​ប្រពន្ធ​ខ្ញុំ នៅ​ឆ្នាំ​២០២១

ខ្ញុំ​បន្ត​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​ជួយ​អ្នក​ជំងឺ។ ប៉ុន្តែ​ខ្ញុំ​ទទួល​ស្គាល់​ថា សូម្បី​តែ​គ្រូ​ពេទ្យ​ល្អ​បំផុត ក៏​មិន​អាច​ព្យាបាល​ជំងឺ​ទាំង​អស់ ឬ​ទប់​ស្កាត់​សេចក្ដី​ស្លាប់​បាន​ទេ។ ដូច្នេះ ខ្ញុំ​ទន្ទឹង​រង់​ចាំ​ពេល​ដែល​ការ​ឈឺ​ចាប់ ជំងឺ និង​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត។ ក្នុង​ពិភព​លោក​ថ្មី​ដែល​ជិត​មក​ដល់ ខ្ញុំ​នឹង​អាច​រៀន​ជា​រៀង​រហូត​អំពី​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត រួម​មាន​របៀប​ដ៏​អស្ចារ្យ​ដែល​លោក​បាន​បង្កើត​រូប​កាយ​មនុស្ស។ បន្ថែម​ទៅ​ទៀត ក្ដី​ស្រមៃ​របស់​ខ្ញុំ​កាល​ពី​ខ្ញុំ​នៅ​ក្មេង មិន​យូរ​ទៀត​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត​ទាំង​ស្រុង។ ខ្ញុំ​ជឿ​ថា​អ្វី​ល្អ​បំផុត​ជិត​មក​ដល់​ហើយ!