លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១១

ចូរបន្តពាក់«បុគ្គលិកលក្ខណៈថ្មី»ក្រោយពីទទួលការជ្រមុជទឹក

ចូរបន្តពាក់«បុគ្គលិកលក្ខណៈថ្មី»ក្រោយពីទទួលការជ្រមុជទឹក

​«​ចូរ​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី​»។—កូឡ. ៣:១០

ចម្រៀង​លេខ​៤៩ ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រីករាយ

សេចក្ដី​សង្ខេប *

១. តើ​អ្វី​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​បុគ្គលិក​លក្ខណៈ​របស់​យើង?

 ទោះ​ជា​យើង​ទើប​តែ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ប៉ុន្មាន​ថ្ងៃ ឬ​ជា​ច្រើន​ឆ្នាំ​ហើយ​ក្ដី យើង​ទាំង​អស់​គ្នា​ចង់​មាន​បុគ្គលិក​លក្ខណៈ​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់។ ដើម្បី​ទៅ​ជា​បុគ្គល​បែប​នេះ យើង​ត្រូវ​គ្រប់​គ្រង​របៀប​គិត​គូរ​របស់​យើង។ ហេតុ​អ្វី? ពីព្រោះ​គំនិត​របស់​យើង​ជះ​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​បុគ្គលិក​លក្ខណៈ​របស់​យើង។ បើ​យើង​ចេះ​តែ​គិត​អំពី​អ្វី​ដែល​ផ្គាប់​ចិត្ត​ខ្លួន​ឯង យើង​នឹង​និយាយ​និង​ធ្វើ​អ្វី​ដ៏​អាក្រក់។ (​អេភ. ៤:១៧​-​១៩​) ប៉ុន្តែ បើ​យើង​គិត​អំពី​អ្វី​ល្អ យើង​ទំនង​ជា​នឹង​កាន់​តែ​និយាយ​និង​ប្រព្រឹត្ត​តាម​របៀប​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​ពេញ​ចិត្ត។—កាឡ. ៥:១៦

២. តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​អត្ថបទ​មុន យើង​មិន​អាច​ឃាត់​ការ​គិត​គូរ​អាក្រក់​ទាំង​អស់ កុំ​ឲ្យ​លេច​មក​ក្នុង​គំនិត​របស់​យើង​បាន​ទេ។ ប៉ុន្តែ យើង​អាច​សម្រេច​ចិត្ត​មិន​ប្រព្រឹត្ត​តាម​គំនិត​នោះ។ មុន​យើង​ទទួល​ការ​ជ្រមុជ​ទឹក យើង​ត្រូវ​លះ​ចោល​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ដែល​ព្រះ​យេហូវ៉ា​ស្អប់។ នេះ​គឺ​ជា​ជំហាន​ទី​១ និង​ជា​ជំហាន​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ដោះ​បុគ្គលិក​លក្ខណៈ​ចាស់​ចេញ។ ប៉ុន្តែ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ទាំង​ស្រុង យើង​ក៏​ត្រូវ​ធ្វើ​តាម​បង្គាប់​ដែល​ថា​៖ ​«​ចូរ​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី​»។ (​កូឡ. ៣:១០​) ក្នុង​អត្ថបទ​នេះ យើង​នឹង​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖ តើ​អ្វី​ជា​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​? តើ​យើង​អាច​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី ហើយ​បន្ត​ពាក់​វា​តាម​របៀប​ណា?

តើ​អ្វី​ជា​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​?

៣. សម​ស្រប​តាម​កាឡាទី ៥:២២, ២៣ តើ​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​ជា​អ្វី ហើយ​តើ​បុគ្គល​ម្នាក់​អាច​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី​យ៉ាង​ដូច​ម្ដេច?

​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​គឺ​ជា​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា។ បុគ្គល​ដែល​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី បង្ហាញ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ ដោយ​សារ​គាត់​ឲ្យ​ឫទ្ធានុភាព​បរិសុទ្ធ​មាន​ឥទ្ធិពល​ទៅ​លើ​គំនិត អារម្មណ៍ និង​ការ​ប្រព្រឹត្ត​របស់​គាត់។ (​សូម​អាន កាឡាទី ៥:២២, ២៣) ជា​ឧទាហរណ៍ បុគ្គល​បែប​នេះ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​របស់​លោក។ (​ម៉ាថ. ២២:៣៦​-​៣៩​) គាត់​រក្សា​អំណរ ទោះ​ជា​ជួប​ការ​ពិបាក​ក្ដី។ (​យ៉ា. ១:២​-​៤​) គាត់​ជា​បុគ្គល​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព។ (​ម៉ាថ. ៥:៩​) គាត់​ប្រព្រឹត្ត​ដោយ​អត់​ធ្មត់​និង​ដោយ​សប្បុរស​ចំពោះ​អ្នក​ឯ​ទៀត។ (​កូឡ. ៣:១៣​) គាត់​ស្រឡាញ់​និង​ធ្វើ​អំពើ​ល្អ។ (​លូក. ៦:៣៥​) គាត់​បង្ហាញ​ជំនឿ​មាំ​មួន​ទៅ​លើ​បិតា​នៅ​ស្ថាន​សួគ៌។ (​យ៉ា. ២:១៨​) គាត់​រក្សា​ចិត្ត​ស្លូត​បូត​ពេល​អ្នក​ឯ​ទៀត​ចង់​រក​រឿង​ឬ​ធ្វើ​ឲ្យ​គាត់​ខឹង ហើយ​គាត់​ចេះ​ទប់​ចិត្ត​ពេល​មាន​ការ​ល្បួង។—១កូ. ៩:២៥, ២៧; ទីត. ៣:២

៤. ដើម្បី​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ផ្សេង​ៗ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​កាឡាទី ៥:២២, ២៣​ម្ដង​មួយ​ៗ​ឬ​ទេ? សូម​ពន្យល់។

ដើម្បី​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ទាំង​អស់​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​កាឡាទី ៥:​២២, ២៣ និង​នៅ​ក្នុង​ខ​គម្ពីរ​ផ្សេង​ទៀត។ * គុណ​សម្បត្តិ​ទាំង​នេះ​មិន​ដូច​សម្លៀក​បំពាក់​នីមួយ​ៗ​ដែល​យើង​ត្រូវ​ពាក់​ម្ដង​មួយ​ៗ​នោះ​ទេ។ តាម​ពិត គុណ​សម្បត្តិ​នីមួយ​ៗ​ទាំង​នេះ​ជាប់​ទាក់​ទង​នឹង​គុណ​សម្បត្តិ​ផ្សេង​ទៀត។ ជា​ឧទាហរណ៍ បើ​អ្នក​ពិត​ជា​ស្រឡាញ់​អ្នក​ជិត​ខាង នោះ​អ្នក​នឹង​ចេះ​បង្ហាញ​ចិត្ត​អត់​ធ្មត់ និង​ចិត្ត​សប្បុរស​ចំពោះ​គាត់។ ម្យ៉ាង​ទៀត ដើម្បី​ទៅ​ជា​មនុស្ស​ល្អ​ពិត​ឬ​មនុស្ស​ដែល​មាន​គុណធម៌ អ្នក​ត្រូវ​មាន​ចិត្ត​ស្លូត​បូត និង​ចេះ​ទប់​ចិត្ត។

តើ​យើង​អាច​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី​តាម​របៀប​ណា?

កាល​ដែល​យើង​កាន់​តែ​រៀន​ឲ្យ​ចេះ​មាន​របៀប​គិត​គូរ​ដូច​លោក​យេស៊ូ យើង​នឹង​កាន់​តែ​មាន​បុគ្គលិក​លក្ខណៈ​ដូច​លោក (​សូម​មើល​វគ្គ​៥, ៨, ១០, ១២, ១៤​)

៥. តើ​ការ​មាន​ចិត្ត​គំនិត​របស់​គ្រិស្ត​មាន​ន័យ​អ្វី ហើយ​ហេតុ​អ្វី​យើង​គួរ​សិក្សា​អំពី​ជីវិត​របស់​លោក​យេស៊ូ? (​កូរិនថូស​ទី​១ ២:១៦​)

សូម​អាន កូរិនថូស​ទី​១ ២:១៦ ដើម្បី​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី យើង​ត្រូវ​មាន​«​ចិត្ត​គំនិត​របស់​គ្រិស្ត​»។ និយាយ​ឲ្យ​ស្រួល​យល់ យើង​ត្រូវ​រៀន​អំពី​របៀប​គិត​គូរ​របស់​លោក ហើយ​យក​តម្រាប់​លោក។ លោក​យេស៊ូ​បង្ហាញ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ដូច​កញ្ចក់​ភ្លឺ​ច្បាស់​មួយ លោក​យេស៊ូ​ឆ្លុះ​បញ្ចាំង​អំពី​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ល្អ​ឥត​ខ្ចោះ។ (​ហេ. ១:៣​) កាល​ដែល​យើង​កាន់​តែ​គិត​ដូច​លោក​យេស៊ូ យើង​នឹង​កាន់​តែ​ប្រព្រឹត្ត​ដូច​លោក ហើយ​យើង​នឹង​កាន់​តែ​អាច​មាន​បុគ្គលិក​លក្ខណៈ​ដូច​លោក។—ភី. ២:៥

៦. តើ​យើង​គួរ​ចាំ​អ្វី​ខ្លះ​ស្ដី​អំពី​ការ​ព្យាយាម​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី?

តើ​ពិត​ជា​អាច​ទៅ​រួច​ទេ​ឲ្យ​យើង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ? យើង​ប្រហែល​ជា​គិត​ថា ‹លោក​យេស៊ូ​ជា​បុគ្គល​ល្អ​ឥត​ខ្ចោះ ខ្ញុំ​មិន​អាច​ធ្វើ​ដូច​លោក​ទាំង​ស្រុង​បាន​ទេ!›។ បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ សូម​ចាំ​អំពី​អ្វី​ទាំង​នេះ។ ទី​១ អ្នក​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​ភាព​ដូច​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ ដូច្នេះ អ្នក​អាច​សម្រេច​ចិត្ត​យក​តម្រាប់​លោក​ទាំង​ពីរ ហើយ​អ្នក​អាច​ធ្វើ​ដូច​លោក​ទាំង​ពីរ​យ៉ាង​ហោច​ណាស់​បាន​មួយ​កម្រិតដែរ។ (​ដក. ១:២៦​) ទី​២ ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​គឺ​ជា​ថាមពលខ្លាំង​ក្លា​បំផុត​ក្នុង​សកល​លោក។ ដោយ​មាន​ជំនួយពី​ឫទ្ធានុភាព​បរិសុទ្ធ​នេះ យើង​អាច​សម្រេច​អ្វី​ៗ​ដែល​យើង​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង។ ទី​៣ ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​អ្នក​បង្ហាញ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នៅ​ឥឡូវ​នេះ​ទេ។ តាម​ពិត បិតា​ដែល​ស្រឡាញ់​យើង ទុក​ពេល​១.០០០​ឆ្នាំ​ឲ្យ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ (​បប. ២០:១​-​៣​) អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង​នៅ​ឥឡូវ​នេះ គឺ​ឲ្យ​យើង​ខំ​អស់​ពី​សមត្ថភាព និង​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​ពី​លោក។

៧. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​ឥឡូវ​នេះ?

តើ​យើង​អាច​យក​តម្រាប់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? យើង​នឹង​ពិចារណា​យ៉ាង​ខ្លី​អំពី​គុណ​សម្បត្តិ​បួន​នៃ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ។ រាល់​លើក​ដែល​យើង​ពិចារណា​គុណ​សម្បត្តិ​នីមួយ​ៗ​នេះ យើង​នឹង​រៀន​អំពី​របៀប​ដែល​លោក​យេស៊ូ​បង្ហាញ​គុណ​សម្បត្តិ​នោះ ហើយ​ទាញ​មេ​រៀន​សម្រាប់​ខ្លួន។ កាល​ដែល​យើង​រៀន​អ្វី​ទាំង​នោះ យើង​នឹង​ពិចារណា​សំណួរ​ខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​ពិនិត្យ​មើល​ថា តើ​យើង​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី​បាន​ដល់​កម្រិត​ណា។

៨. តើ​លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ណា​ខ្លះ?

សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​លោក​យេស៊ូ​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​ចិត្ត​លោក​ឲ្យ​ធ្វើ​ការ​លះ​បង់​ដើម្បី​បិតាលោក​និង​យើង។ (​យ៉ូន. ១៤:៣១; ១៥:១៣​) លោក​យេស៊ូ​បាន​បង្ហាញ​តាម​របៀប​រស់​នៅ​របស់​លោក​នៅ​ផែនដី​ថា លោក​ស្រឡាញ់​មនុស្ស​ខ្លាំង​យ៉ាង​ណា។ រាល់​ថ្ងៃ​លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​អាណិត​អាសូរ ទោះ​ជា​ពេល​មនុស្ស​ខ្លះ​ប្រឆាំង​លោក​ក្ដី។ របៀប​ដ៏​សំខាន់​មួយ​ដែល​លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស គឺ​ដោយ​បង្រៀន​ពួក​គេ​អំពី​រាជាណាចក្រ​ព្រះ។ (​លូក. ៤:៤៣, ៤៤​) លោក​ក៏​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​និង​មនុស្ស​ដោយ​សុខ​ចិត្ត​រង​ទុក្ខ និង​ឲ្យ​មនុស្ស​ដែល​មាន​ការ​ខុស​ឆ្គង​សម្លាប់​លោក។ យ៉ាង​នេះ លោក​យេស៊ូ​បើក​ឱកាស​ឲ្យ​យើង​ទាំង​អស់​គ្នា​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

៩. តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

យើង​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា និង​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​សារ​យើង​ស្រឡាញ់​លោក។ ដូច្នេះ​ដូច​លោក​យេស៊ូ យើង​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​តាម​រយៈ​របៀប​ដែល​យើង​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ឯ​ទៀត។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន​ដែល​ខ្លួន​មើល​ឃើញ អ្នក​នោះ​មិន​អាច​ស្រឡាញ់​ព្រះ​ដែល​ខ្លួន​មើល​មិន​ឃើញ​ឡើយ​»។ (​១យ៉ូន. ៤:២០​) យើង​អាច​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​ឯ​ទៀត​ឬ​ទេ? តើ​ខ្ញុំ​មាន​ចិត្ត​អាណិត​មេត្តា​ពេល​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត ទោះ​ជា​ពួក​គេ​ប្រព្រឹត្ត​មិន​សមរម្យ​មក​លើ​ខ្ញុំ​ឬ? តើ​សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ប្រើ​ពេល​វេលា​និង​ធន​ធាន​របស់​ខ្ញុំ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​កិច្ច​ការ​នេះ​ទោះ​ជា​មនុស្ស​ភាគ​ច្រើន​មិន​ឲ្យ​តម្លៃ ឬ​ប្រឆាំង​ខ្ញុំ​ឬ? តើ​ខ្ញុំ​អាច​រក​វិធី​ដើម្បី​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​ការ​ជួយ​មនុស្ស​ឯ​ទៀត​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ឬ​ទេ?›។—អេភ. ៥:១៥, ១៦

១០. តើ​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​មាន​សន្តិភាព​តាម​របៀប​ណា?

១០ លោក​យេស៊ូ​ជា​បុគ្គល​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព។ ពេល​មនុស្ស​បាន​ប្រព្រឹត្ត​អាក្រក់​ទៅ​លើ​លោក លោក​មិន​បាន​តប​ស្នង​អំពើ​អាក្រក់​នឹង​អំពើ​អាក្រក់​វិញ​ឡើយ។ ប៉ុន្តែ លោក​បាន​ធ្វើ​អ្វី​ផ្សេង​ៗ​ក្រៅ​ពី​នោះ។ លោក​បាន​ទៅ​រក​ជា​នឹង​អ្នក​ឯ​ទៀត ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ដោះ​ស្រាយ​ជម្លោះ​របស់​ពួក​គេ។ ជា​ឧទាហរណ៍ លោក​បាន​បង្រៀន​ពួក​គេ​ថា ពួក​គេ​ត្រូវ​ទៅ​រក​ជា​នឹង​បង​ប្អូន​របស់​ខ្លួន បើ​ពួក​គេ​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ។ (​ម៉ាថ. ៥:៩, ២៣, ២៤​) ម្យ៉ាង​ទៀត លោក​បាន​ជួយ​ពួក​សាវ័ក​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ដោះ​ស្រាយ​ការ​ជជែក​របស់​ពួក​គេ​ថា​អ្នក​ណា​ធំ​ជាង​គេ​ក្នុង​ចំណោម​ពួក​គេ។—លូក. ៩:៤៦​-​៤៨; ២២:២៤​-​២៧

១១. តើ​យើង​អាច​ទៅ​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព​តាម​របៀប​ណា?

១១ ដើម្បី​ទៅ​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព យើង​មិន​គ្រាន់​តែ​ត្រូវ​ជៀស​វាង​ពី​ការ​បង្ក​ជម្លោះ​ប៉ុណ្ណោះ​ទេ។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ទៀត? យើង​ត្រូវ​ទៅ​រក​ជា​នឹង​អ្នក​ឯ​ទៀត​ពេល​មាន​បញ្ហា ហើយ​លើក​ទឹក​ចិត្ត​បង​ប្អូន​របស់​យើង​ឲ្យ​ចុះ​សម្រុង​គ្នា។ (​ភី. ៤:២, ៣; យ៉ា. ៣:១៧, ១៨​) យើង​អាច​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​សុខ​ចិត្ត​លះ​បង់​អ្វី​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​មួយ​អ្នក​ឯ​ទៀត? ពេល​បង​ប្អូន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត តើ​ខ្ញុំ​គុំ​កួន​ឬ​ទេ? តើ​ខ្ញុំ​ចាំ​ឲ្យ​គេ​មក​ជា​នា​នឹង​ខ្ញុំ​មុន ឬ​តើ​ខ្ញុំ​ជា​អ្នក​ទៅ​រក​ជា​មុន ទោះ​ជា​ខ្ញុំ​គិត​ថា​បុគ្គល​ម្នាក់​នោះ​ជា​អ្នក​បង្ក​រឿង​ក៏​ដោយ? ពេល​សម​ត្រឹម​ត្រូវ តើ​ខ្ញុំ​លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​មាន​ជម្លោះ​ឲ្យ​រក​ជា​នឹង​គ្នា​ឬ​ទេ?›។

១២. តើ​លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​សប្បុរស​យ៉ាង​ដូច​ម្ដេច?

១២ លោក​យេស៊ូ​មាន​ចិត្ត​សប្បុរស។ (​ម៉ាថ. ១១:២៨​-​៣០​) លោក​បង្ហាញ​សេចក្ដី​សប្បុរស​ដោយ​ប្រព្រឹត្ត​ស្លូត​បូត​និង​សម​ហេតុ​សម​ផល។ ជា​ឧទាហរណ៍ ពេល​ស្ត្រី​ជន​ជាតិ​ភេនីស៊ី​ម្នាក់​បាន​អង្វរ​សុំ​លោក​ធ្វើ​ឲ្យ​កូន​ស្រី​របស់​នាង​ជា​សះ​ស្បើយ លោក​មិន​បាន​ធ្វើ​តាម​សំណូម​ពរ​នោះ​ភ្លាម​ៗ​ទេ។ ប៉ុន្តែ​ក្រោយ​មក ពេល​ដែល​នាង​បាន​បង្ហាញ​ជំនឿ​យ៉ាង​ខ្លាំង លោក​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដោយ​ធ្វើ​ឲ្យ​កូន​ស្រី​របស់​នាង​ជា​សះ​ស្បើយ។ (​ម៉ាថ. ១៥:២២​-​២៨​) ទោះ​ជា​លោក​យេស៊ូ​មាន​ចិត្ត​សប្បុរស​ក្ដី លោក​មិន​មែន​សប្បុរស​ពេក​រហូត​ដល់​មិន​ឲ្យ​យោបល់​នោះ​ទេ។ នៅ​ពេល​ខ្លះ លោក​បាន​បង្ហាញ​សេចក្ដី​សប្បុរស ដោយ​ឲ្យ​យោបល់​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​ពួក​អ្នក​ដែល​លោក​ស្រឡាញ់។ ជា​ឧទាហរណ៍ ពេល​ដែល​ពេត្រុស​ព្យាយាម​បំបាក់​ទឹក​ចិត្ត​លោក​មិន​ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា លោក​បាន​កែ​តម្រង់​គាត់​នៅ​មុខ​អ្នក​កាន់​តាម​ឯ​ទៀត។ (​ម៉ាក. ៨:៣២, ៣៣​) លោក​យេស៊ូ​បាន​ធ្វើ​ដូច្នេះ មិន​មែន​ដើម្បី​ឲ្យ​ពេត្រុស​ខ្មាស​គេ​ទេ ប៉ុន្តែ​ដើម្បី​បង្ហាត់​បង្រៀន​គាត់។ លោក​ក៏​ចង់​ព្រមាន​ពួក​អ្នក​កាន់​តាម​ឯ​ទៀត​ថា ពួក​គេ​គួរ​តែ​គាំទ្រ​លោក មិន​មែន​ព្យាយាម​បញ្ឈប់​លោក​ពី​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​នោះ​ទេ។ ពេត្រុស​ច្បាស់​ជា​ខ្មាស​គេ ប៉ុន្តែ​គាត់​បាន​ទទួល​ប្រយោជន៍​ពី​ការ​ប្រៀន​ប្រដៅ​នោះ។

១៣. តើ​យើង​អាច​បង្ហាញ​សេចក្ដី​សប្បុរស​ដោយ​ស្មោះ​តាម​របៀប​ណា?

១៣ ដើម្បី​បង្ហាញ​ចិត្ត​សប្បុរស​ដោយ​ស្មោះ​ចំពោះ​បុគ្គល​ដែល​យើង​ស្រឡាញ់ ជួន​កាល​យើង​ប្រហែល​ជា​ត្រូវ​ឲ្យ​យោបល់​ពួក​គេ។ ពេល​យើង​ធ្វើ​ដូច្នេះ សូម​យក​តម្រាប់​លោក​យេស៊ូ​ដោយ​ឲ្យ​យោបល់​ដែល​មាន​មូលដ្ឋាន​ពី​បណ្ដាំ​របស់​ព្រះ។ សូម​មាន​ចិត្ត​ស្លូត​បូត។ សូម​ជឿ​ថា​បុគ្គល​ដែល​អ្នក​ចង់​ឲ្យ​យោបល់​នោះ ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​ទុក​ចិត្ត​ថា​ដោយ​សារ​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ស្រឡាញ់​អ្នក គាត់​នឹង​មាន​ប្រតិកម្ម​ល្អ​ចំពោះ​យោបល់​ដែល​អ្នក​ឲ្យ​ដែល​ចេញ​ពី​សេចក្ដី​ស្រឡាញ់។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ហ៊ាន​និយាយ​ទៅ​កាន់​បុគ្គល​ដែល​ខ្ញុំ​ស្រឡាញ់​ពេល​ខ្ញុំ​ឃើញ​គាត់​កំពុង​ធ្វើ​អ្វី​ខុស​ឬ​ទេ? បើ​ខ្ញុំ​ត្រូវ​ឲ្យ​យោបល់ តើ​ខ្ញុំ​និយាយ​ដោយ​សប្បុរស ឬ​តើ​ខ្ញុំ​និយាយ​ដោយ​ឥត​មេត្តា? តើ​ខ្ញុំ​មាន​បំណង​ចិត្ត​អ្វី​ពេល​ឲ្យ​យោបល់? តើ​ខ្ញុំ​ឲ្យ​យោបល់​ដោយ​សារ​ខ្ញុំ​ខឹង​នឹង​បុគ្គល​នោះ ឬ​ដោយ​សារ​ខ្ញុំ​គិត​អំពី​ប្រយោជន៍​របស់​គាត់?›។

១៤. តើ​លោក​យេស៊ូ​បាន​បង្ហាញ​គុណធម៌​តាម​របៀប​ណា?

១៤ លោក​យេស៊ូ​មិន​គ្រាន់​តែ​ដឹង​អំពី​អ្វី​ល្អ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ធ្វើ​អំពើ​ល្អ​ដែរ។ លោក​ស្រឡាញ់​បិតា​របស់​លោក ដូច្នេះ​លោក​យេស៊ូ​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ដោយ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ។ បុគ្គល​ដែល​មាន​គុណធម៌​តែង​តែ​រក​វិធី​ផ្សេង​ៗ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត និង​ធ្វើ​អំពើ​ល្អ​ដល់​ពួក​គេ។ ការ​ដឹង​អំពី​អ្វី​ដែល​ត្រឹម​ត្រូវ​គឺ​មិន​គ្រប់​គ្រាន់​ទេ យើង​ក៏​ត្រូវ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ដោយ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ។ យើង​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​អាច​ទៅ​រួច​ទេ ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ដោយ​មាន​បំណង​ចិត្ត​មិន​ល្អ?›។ គឺ​អាច​ទៅ​រួច! ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​ពួក​អ្នក​ដែល​ធ្វើ​ទាន​ដល់​អ្នក​ក្រ តែ​ពួក​គេ​ធ្វើ​នេះ​ដើម្បី​សម្ញែង​ឲ្យ​អ្នក​ឯ​ទៀត​សរសើរ។ ទោះ​ជា​កិច្ច​ការ​ទាំង​នេះ​មើល​ទៅ​ល្អ​ក្ដី ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ឡើយ។—ម៉ាថ. ៦:១​-​៤

១៥. តើ​យើង​អាច​ទៅ​ជា​មនុស្ស​ល្អ​ពិត​យ៉ាង​ដូច​ម្ដេច?

១៥ យើង​អាច​ទៅ​ជា​មនុស្ស​ល្អ​ពិត​ឬ​មាន​គុណធម៌​បាន លុះ​ត្រា​តែ​យើង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ដោយ​មាន​បំណង​ចិត្ត​ដែល​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ដូច្នេះ អ្នក​អាច​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​មិន​គ្រាន់​តែ​ស្គាល់​អ្វី​ដែល​ត្រឹម​ត្រូវ ប៉ុន្តែ​តើ​ខ្ញុំ​ក៏​ធ្វើ​តាម​ឬ​ទេ? តើ​ខ្ញុំ​មាន​មូលហេតុ​ឬ​បំណង​ចិត្ត​អ្វី ពេល​ធ្វើ​អំពើ​ល្អ?›។

តើ​យើង​អាច​រក្សា​បុគ្គលិក​លក្ខណៈ​ថ្មី​ឲ្យ​បាន​ល្អ​ តាម​របៀប​ណា?

១៦. តើ​យើង​គួរ​ធ្វើ​អ្វី​រាល់​ថ្ងៃ ហើយ​ហេតុ​អ្វី?

១៦ យើង​មិន​ត្រូវ​គិត​ថា​ពេល​ដែល​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក យើង​បាន​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី​ទាំង​ស្រុង និង​មិន​ចាំ​បាច់​ខំ​ប្រឹង​បន្ដ​ពាក់​វា​ទៀត​នោះ​ទេ។ បុគ្គលិក​លក្ខណៈ​ថ្មី​ប្រៀប​ដូច​ជា​សម្លៀក​បំពាក់​ថ្មី​ដែល​យើង​ត្រូវ​រក្សា​ឲ្យ​បាន​ល្អ។ របៀប​មួយ​ដែល​យើង​អាច​ធ្វើ​ដូច្នេះ គឺ​ដោយ​ស្វែង​រក​វិធី​ផ្សេង​ៗ​រាល់​ថ្ងៃ​ដើម្បី​បង្ហាញ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​សកម្មភាព ហើយ​ឫទ្ធានុភាព​របស់​លោក​គឺ​ជា​ថាមពល​មួយ​ដែល​មាន​ចលនា។ (​ដក. ១:២​) ដូច្នេះ គុណ​សម្បត្តិ​ទាំង​អស់​នៃ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​មាន​សកម្មភាព។ ម្យ៉ាង​ទៀត គុណ​សម្បត្តិ​ទាំង​នោះ​ត្រូវ​តែ​ជំរុញ​ចិត្ត​យើង​ឲ្យ​មាន​ការ​ប្រព្រឹត្ត។ ជា​ឧទាហរណ៍ យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​បាន​សរសេរ​ថា​៖ ​«​ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​គឺ​ស្លាប់​ហើយ​»។ (​យ៉ា. ២:២៦​) គុណ​សម្បត្តិ​ទាំង​អស់​ឯ​ទៀត​នៃ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ ក៏​ដូច​គ្នា​ដែរ។ រាល់​ដង​ដែល​យើង​បង្ហាញ​គុណ​សម្បត្តិ​ទាំង​នេះ យើង​ផ្ដល់​ភ័ស្តុតាង​ថា​ឫទ្ធានុភាព​របស់​ព្រះ​មាន​សកម្មភាព​ក្នុង​យើង។

១៧. តើ​យើង​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​យើង​មិន​បាន​បង្ហាញ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ?

១៧ សូម្បី​តែ​គ្រិស្ត​សាសនិក​ដែល​បាន​ជ្រមុជ​ទឹក​យូរ​ហើយ ក៏​ជួន​កាល​មិន​បាន​បង្ហាញ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​ដែរ។ ប៉ុន្តែ អ្វី​សំខាន់​គឺ​មិន​ឈប់​ព្យាយាម។ សូម​គិត​អំពី​ឧទាហរណ៍​នេះ។ បើ​អ្នក​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ជា​ទី​ស្រឡាញ់​របស់​អ្នក​រហែក​ដោយ​ចៃដន្យ តើ​អ្នក​នឹង​បោះ​វា​ចោល​ភ្លាម​ៗ​ឬ​ទេ? មិន​មែន​ទេ។ អ្នក​ទំនង​ជា​នឹង​ជួស​ជុល​វា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ បើ​អាច​ធ្វើ​បាន។ ម្យ៉ាង​ទៀត អ្នក​នឹង​ប្រយ័ត្ន​ជាង​នៅ​ពេល​ក្រោយ។ ស្រដៀង​គ្នា​ដែរ បើ​នៅ​ពេល​ណា​មួយ​អ្នក​មិន​បាន​បង្ហាញ​ចិត្ត​សប្បុរស ចិត្ត​អត់​ធ្មត់ ឬ​សេចក្ដី​ស្រឡាញ់​ទៅ​កាន់​បុគ្គល​ណា​ម្នាក់ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត។ ការ​និយាយ​សុំ​ទោស​ដោយ​ស្មោះ​អស់​ពី​ចិត្ត អាច​ជួយ​អ្នក​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ឡើង​វិញ​ជា​មួយ​បុគ្គល​នោះ។ សូម​តាំង​ចិត្ត​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នៅ​ថ្ងៃ​ក្រោយ។

១៨. តើ​យើង​អាច​ជឿ​ជាក់​អំពី​អ្វី?

១៨ យើង​សប្បាយ​ចិត្ត​ណាស់​ដែល​មាន​គំរូ​របស់​លោក​យេស៊ូ។ កាល​ដែល​យើង​កាន់​តែ​មាន​របៀប​គិត​គូរ​និង​ចិត្ត​គំនិត​ដូច​លោក យើង​កាន់​តែ​ស្រួល​ប្រព្រឹត្ត​ដូច​លោក។ កាល​ដែល​យើង​ប្រព្រឹត្ត​ដូច​លោក​យេស៊ូ​កាន់​តែ​ច្រើន យើង​នឹង​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី​បាន​ល្អ​ប្រសើរ​ជាង។ ក្នុង​អត្ថបទ​នេះ យើង​បាន​ពិចារណា​តែ​គុណ​សម្បត្តិ​បួន​នៃ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ។ គឺ​ជា​ការ​ល្អ​ដែល​អ្នក​ចំណាយ​ពេល​ខ្លះ​ដើម្បី​សិក្សា​គុណ​សម្បត្តិ​ផ្សេង​ទៀត​នៃ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ ហើយ​ស្វែង​យល់​ថា​អ្នក​កំពុង​បង្ហាញ​គុណ​សម្បត្តិ​ទាំង​នេះ​បាន​ល្អ​ដល់​កម្រិត​ណា។ អ្នក​នឹង​រក​ឃើញ​បញ្ជី​អត្ថបទ​អំពី​រឿង​នេះ​ក្នុង​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា ក្រោម​ប្រធានបទ​«​ជីវិត​ជា​គ្រិស្ត​សាសនិក​»​ រួច​មក​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​»។ អ្នក​អាច​ជឿ​ជាក់​ថា បើ​អ្នក​ព្យាយាម​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី ហើយ​ខំ​បន្ដ​ពាក់​វា ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក។

ចម្រៀង​លេខ​១២៧ ខ្ញុំ​គួរ​ជា​មនុស្ស​ដែល​ព្រះ​ពេញ​ចិត្ត

^ វគ្គ 5 មិន​ថា​យើង​មាន​ប្រវត្តិ​បែប​ណា​ក្ដី យើង​អាច​ពាក់​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​បាន។ ដើម្បី​ធ្វើ​ដូច្នេះ យើង​ត្រូវ​បន្ដ​កែ​ប្រែ​របៀប​គិត​គូរ​របស់​យើង ហើយ​ព្យាយាម​យក​តម្រាប់​លោក​យេស៊ូ។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​គំរូ​របស់​លោក​យេស៊ូ​ស្ដី​អំពី​ការ​គិត​គូរ​និង​ការ​ប្រព្រឹត្ត។ អត្ថបទ​នេះ​ក៏​នឹង​បង្ហាញ​អំពី​របៀប​ដែល​យើង​អាច​បន្ដ​យក​តម្រាប់​លោក​យេស៊ូ ក្រោយ​ពី​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក។

^ វគ្គ 4 កាឡាទី ៥:២២, ២៣​មិន​បាន​រៀប​រាប់​អំពី​គុណ​សម្បត្តិ​ទាំង​អស់​ដែល​ឫទ្ធានុភាព​របស់​ព្រះ​អាច​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​នោះ​ទេ។ ដើម្បី​ពិចារណា​អំពី​ចំណុច​នេះ សូម​មើល​«​សំណួរ​ពី​អ្នក​អាន​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មិថុនា ឆ្នាំ​២០២០។