លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១២

តើអ្នកមើលឃើញអ្វីដែលសាការីបានមើលឃើញឬទេ?

តើអ្នកមើលឃើញអ្វីដែលសាការីបានមើលឃើញឬទេ?

​«​‹មិន​មែន​ដោយ​កម្លាំង​កង​ទ័ព ហើយ​ក៏​មិន​មែន​ដោយ​អំណាច​ទេ តែ​ដោយ​ឫទ្ធានុភាព​របស់​ខ្ញុំ›។ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ដូច្នោះ​»។—សាក. ៤:៦

ចម្រៀង​លេខ​៧៣ សូម​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន

សេចក្ដី​សង្ខេប *

១. តើ​រឿង​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​អ្វី​បាន​កើត​ឡើង​ចំពោះ​ជន​ជាតិ​យូដា​ដែល​បាន​ត្រូវ​និរទេស?

 មាន​រឿង​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​មួយ​បាន​កើត​ឡើង។ ព្រះ​យេហូវ៉ា​«​បាន​បណ្ដាល​ឲ្យ​ចិត្ត​»​ស៊ីរូស​ជា​ស្ដេច​ស្រុក​ពើស៊ី​ដោះ​លែង​ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​ធ្វើ​ជា​ឈ្លើយ​អស់​ជា​ច្រើន​ឆ្នាំ​នៅ​ស្រុក​បាប៊ីឡូន។ ស្ដេច​នោះ​បាន​ប្រកាស​ថា ជន​ជាតិ​យូដា​អាច​ត្រឡប់​ទៅ​ទឹក​ដី​របស់​ពួក​គេ​វិញ ហើយ​‹សង់​វិហារ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ឡើង​វិញ›។ (​អែស. ១:១,​) នេះ​ពិត​ជា​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់ ដោយ​សារ​នេះ​មាន​ន័យ​ថា​ជន​ជាតិ​យូដា អាច​គោរព​ប្រណិប័តន៍​ព្រះ​ពិត​ម្ដង​ទៀត​ក្នុង​ទឹក​ដី​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ពួក​គេ!

២. ពេល​ជន​ជាតិ​យូដា​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ តើ​ពួក​គេ​បាន​ធ្វើ​អ្វី?

នៅ​ឆ្នាំ​៥៣៧ មុន​គ.ស. ជន​ជាតិ​យូដា​មួយ​ក្រុម​ដំបូង​បាន​មក​ដល់​ក្រុង​យេរូសាឡិម​ដែល​ធ្លាប់​ជា​រាជធានី​នៃ​រាជាណាចក្រ​យូដា​ខាង​ត្បូង។ មិន​យូរ​ក្រោយ​មក ពួក​អ្នក​ទាំង​នោះ​បាន​ចាប់​ផ្ដើម​សង់​វិហារ ហើយ​នៅ​ឆ្នាំ​៥៣៦ មុន​គ.ស. ពួក​គេ​បាន​ដាក់​គ្រឹះ​វិហារ​រួច​រាល់។

៣. តើ​ជន​ជាតិ​យូដា​បាន​ទទួល​ការ​ប្រឆាំង​អ្វី?

ពេល​ជន​ជាតិ​យូដា​ដែល​ធ្លាប់​ជា​ឈ្លើយ ចាប់​ផ្ដើម​សង់​វិហារ​ឡើង​វិញ ពួក​គេ​បាន​ជួប​ការ​ប្រឆាំង​យ៉ាង​ខ្លាំង។ ប្រជា​ជាតិ​ជិត​ខាង​«​ចេះ​តែ​នាំ​គ្នា​បំភ័យ​បណ្ដា​ជន​យូដា​ឲ្យ​ធ្លាក់​ទឹក​ចិត្ត ដើម្បី​ឲ្យ​ពួក​គេ​ឈប់​សាង​សង់​ទៀត​»។ (​អែស. ៤:៤​) នោះ​គឺ​ជា​ស្ថានភាព​ដ៏​ពិបាក​ចំពោះ​ជន​ជាតិ​យូដា តែ​ស្ថានភាព​នោះ​កាន់​តែ​អាក្រក់​ទៅ​ៗ។ នៅ​ឆ្នាំ​៥២២ មុន​គ.ស. អើថាស៊ើកសេស​បាន​ទៅ​ជា​ស្ដេច​នៃ​ស្រុក​ពើស៊ី។ * ពួក​អ្នក​ប្រឆាំង​បាន​គិត​ថា ដោយ​សារ​មាន​ស្ដេច​ថ្មី ពួក​គេ​អាច​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​បញ្ឈប់​កិច្ច​ការ​សាង​សង់ ដោយ​រៀប​គម្រោង​«​បង្កើត​បញ្ហា​ដោយ​អាង​ច្បាប់​»។ (​ចសព. ៩៤:២០​) ពួក​គេ​បាន​ប្រាប់​ស្ដេច​អើថាស៊ើកសេស​ថា ជន​ជាតិ​យូដា​មាន​គម្រោង​បះ​បោរ​ប្រឆាំង​នឹង​គាត់។ (​អែស. ៤:១១​-​១៦​) ស្ដេច​នោះ​បាន​ជឿ​ពាក្យ​កុហក​របស់​ពួក​គេ ហើយ​បាន​បង្គាប់​ឲ្យ​គេ​ដាក់​បម្រាម​លើ​កិច្ច​ការ​សង់​វិហារ។ (​អែស. ៤:១៧​-​២៣​) ដោយ​ហេតុ​នេះ ជន​ជាតិ​យូដា​បាន​ឈប់​សង់​វិហារ។—អែស. ៤:២៤

៤. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ក្រោយ​ពី​គេ​ដាក់​បម្រាម​លើ​ការ​សាង​សង់​វិហារ? (​អេសាយ ៥៥:១១​)

បណ្ដា​ជន​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​និង​សមាជិក​ខ្លះ​ក្នុង​រដ្ឋាភិបាល​របស់​ពួក​ពើស៊ី បាន​តាំង​ចិត្ត​បញ្ឈប់​កិច្ច​ការ​សាង​សង់​វិហារ។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​តាំង​ចិត្ត​ធ្វើ​ឲ្យ​គម្រោង​សាង​សង់​នេះ​បន្ត​ទៅ​មុខ​ទៀត ហើយ​លោក​តែង​តែ​ធ្វើ​ឲ្យ​គោល​បំណង​របស់​លោក​បាន​សម្រេច។ (​សូម​អាន អេសាយ ៥៥:១១) ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​សាការី​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ​របស់​លោក ហើយ​លោក​បាន​ឲ្យ​គាត់​ឃើញ​អ្វី​៨​យ៉ាង​ក្នុង​គំនិត​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត។ ក្រោយ​មក សាការី​បាន​ប្រាប់​អំពី​អ្វី​ទាំង​នោះ​ទៅ​ជន​ជាតិ​យូដា​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ។ ការ​បើក​បង្ហាញ​ទាំង​នោះ​បាន​ជួយ​ជន​ជាតិ​យូដា​មិន​ឲ្យ​ភ័យ​ខ្លាច​នឹង​ពួក​អ្នក​ប្រឆាំង ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បន្ត​ធ្វើ​កិច្ច​ការ​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គេ​ធ្វើ។ នៅ​ក្នុង​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ទី​៥ សាការី​បាន​ឃើញ​ជើង​ចង្កៀង​មួយ​និង​ដើម​អូលីវ​ពីរ​ដើម។

៥. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ជួន​កាល យើង​ទាំង​អស់​គ្នា​ធ្លាក់​ទឹក​ចិត្ត។ ដូច្នេះ យើង​អាច​ទទួល​ប្រយោជន៍ ដោយ​ពិចារណា​អំពី​ការ​លើក​ទឹក​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល តាម​រយៈ​ការ​បើក​បង្ហាញ​ទី​៥​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត។ ការ​យល់​អំពី​ការ​បើក​បង្ហាញ​នោះ​អាច​ជួយ​យើង​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ពេល​យើង​ជួប​ការ​ប្រឆាំង ពេល​ស្ថានភាព​របស់​យើង​បាន​ត្រូវ​ផ្លាស់​ប្ដូរ និង​ពេល​យើង​ទទួល​ការ​ណែនាំ​ដែល​យើង​មិន​យល់។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​ទាំង​នេះ។

ពេល​ជួប​ការ​ប្រឆាំង

សាការី​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​នូវ​ដើម​អូលីវ​ពីរ​ដើម​ដែល​បង្ហូរ​ប្រេង​ទៅ​ជើង​ចង្កៀង​ដែល​មាន​ចង្កៀង​៧ ​(​សូម​មើល​វគ្គ​៦​)

៦. តើ​តាម​របៀប​ណា​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​អំពី​ជើង​ចង្កៀង​និង​ដើម​អូលីវ​ពីរ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​សាការី ៤:១​-​៣ បាន​ជួយ​ជន​ជាតិ​យូដា​ឲ្យ​មាន​ចិត្ត​ក្លាហាន? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

សូម​អាន សាការី ៤:១​-​៣ ជើង​ចង្កៀង​និង​ដើម​អូលីវ​ពីរ​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត បាន​ជួយ​ឲ្យ​ជន​ជាតិ​យូដា​មាន​ចិត្ត​ក្លាហាន​ដើម្បី​បន្ត​ធ្វើ​កិច្ច​ការ​របស់​ពួក​គេ ទោះ​ជា​មាន​ការ​ប្រឆាំង​ក៏​ដោយ។ តើ​តាម​របៀប​ណា? សូម​កត់​សម្គាល់​ថា មាន​ប្រេង​ហូរ​ចូល​ក្នុង​ជើង​ចង្កៀង​ឥត​ឈប់។ ប្រេង​ពី​ដើម​អូលីវ​ពីរ​នោះ ហូរ​ចូល​ទៅ​ក្នុង​ចាន​គោម​ដែល​នៅ​លើ​ជើង​ចង្កៀង​នោះ។ រួច​មក ប្រេង​បន្ត​ហូរ​ទៅ​ចង្កៀង​នីមួយ​ៗ​ទាំង​៧​ដែល​នៅ​លើ​ជើង​ចង្កៀង​នោះ។ ដោយ​សារ​មាន​ប្រេង​នេះ ភ្លើង​ចង្កៀង​មិន​រលត់​ទេ។ សាការី​បាន​សួរ​ថា​៖ ​«​តើ​អ្វី​ទាំង​នេះ​មាន​អត្ថន័យ​អ្វី?​»។ ទេវតា​បាន​ឆ្លើយ​ដោយ​យក​ប្រសាសន៍​ពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​‹អ្វី​ទាំង​នេះ​នឹង​កើត​ឡើង មិន​មែន​ដោយ​កម្លាំង​កង​ទ័ព ហើយ​ក៏​មិន​មែន​ដោយ​អំណាច​ទេ តែ​ដោយ​ឫទ្ធានុភាព​របស់​ខ្ញុំ›។ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ដូច្នោះ​»។ (​សាក. ៤:៤,​) ប្រេង​ពី​ដើម​ឈើ​នោះ​ជា​តំណាង​ឫទ្ធានុភាព​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា​ដែល​មិន​ចេះ​អស់។ សូម្បី​តែ​កង​ទ័ព​ដ៏​ខ្លាំង​ក្លា​ទាំង​អស់​របស់​ពួក​ពើស៊ី​រួម​គ្នា ក៏​មិន​អាច​ប្រៀប​ស្មើ​នឹង​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​បាន​ឡើយ។ ដោយ​មាន​ព្រះ​យេហូវ៉ា​នៅ​ខាង​ពួក​គេ ពួក​អ្នក​សង់​វិហារ​អាច​ទប់​ទល់​នឹង​ការ​ប្រឆាំង ហើយ​បង្ហើយ​កិច្ច​ការ​សាង​សង់​បាន។ នេះ​ពិតជា​ដំណឹង​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​មែន! ជន​ជាតិ​យូដា​ត្រូវ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​កិច្ច​ការ​សាង​សង់​ឡើង​វិញ។ នេះ​ជា​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​មែន ទោះ​ជា​ពេល​នោះ​នៅ​តែ​មាន​បម្រាម​លើ​កិច្ច​ការ​សាង​សង់​វិហារ​ក៏​ដោយ។

៧. តើ​ការ​ផ្លាស់​ប្ដូរ​អ្វី​បាន​បន្ធូរ​បន្ថយ​ដល់​អ្នក​សាង​សង់​វិហារ?

ការ​ផ្លាស់​ប្ដូរ​មួយ​បាន​បន្ធូរ​បន្ថយ​ដល់​អ្នក​សាង​សង់​វិហារ។ តើ​ការ​ផ្លាស់​ប្ដូរ​នោះ​ជា​អ្វី? នៅ​ឆ្នាំ​៥២០ មុន​គ.ស. ស្ដេច​ថ្មី​ឈ្មោះ​ដារីយុស​ទី​១ បាន​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​ពើស៊ី។ នៅ​ឆ្នាំ​ទី​២​នៃ​ការ​គ្រប់​គ្រង​របស់​គាត់ គាត់​បាន​ឃើញ​ថា​បម្រាម​លើ​កិច្ច​ការ​សង់​វិហារ​គឺ​ខុស​ច្បាប់។ ដូច្នេះ ដារីយុស​បាន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​យូដា​បង្ហើយ​កិច្ច​ការ​នោះ។ (​អែស. ៦:១​-​៣​) ការ​សម្រេច​ចិត្ត​នោះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល។ ប៉ុន្តែ​លើស​ពី​នោះ​ទៅ​ទៀត ស្ដេច​ដារីយុស​បាន​បង្គាប់​ប្រជា​ជាតិ​ជិត​ខាង​ឲ្យ​ឈប់​រា​រាំង​កិច្ច​ការ​សង់​វិហារ​ឡើង​វិញ ហើយ​ឲ្យ​ពួក​គេ​ផ្ដល់​ប្រាក់​និង​ផ្គត់​ផ្គង់​អ្វី​ៗ​ដែល​ជន​ជាតិ​យូដា​ត្រូវ​ការ​ដើម្បី​បង្ហើយ​កិច្ច​ការ​នោះ។ (​អែស. ៦:៧​-​១២​) ជា​លទ្ធផល ជន​ជាតិ​យូដា​បាន​បង្ហើយ​កិច្ច​ការ​សង់​វិហារ​ក្នុង​រយៈ​ពេល​ជាង​បួន​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​៥១៥ មុន​គ.ស.។—អែស. ៦:១៥

ចូរ​ពឹង​ទៅ​លើ​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា ពេល​អ្នក​ជួប​ការ​ប្រឆាំង (​សូម​មើល​វគ្គ​៨​)

៨. ហេតុ​អ្វី​អ្នក​អាច​មាន​ចិត្ត​ក្លាហាន​ពេល​ជួប​ការ​ប្រឆាំង?

សព្វ​ថ្ងៃ​នេះ អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ក៏​ជួប​ការ​ប្រឆាំង​ដែរ។ ជា​ឧទាហរណ៍ នៅ​ប្រទេស​ខ្លះ មាន​ការ​រឹត​បន្តឹង​ទៅ​លើ​កិច្ច​ការ​របស់​យើង។ ដូច្នេះ​ហើយ បង​ប្អូន​ខ្លះ​បាន​ត្រូវ​គេ​ចាប់​ខ្លួន និង​«​ត្រូវ​គេ​នាំ​ទៅ​ឯ​ពួក​អភិបាល​និង​បណ្ដា​ស្ដេច​»​ដើម្បី​ធ្វើ​ជា​សាក្សី​នៅ​ចំពោះ​មុខ​ពួក​គេ។ (​ម៉ាថ. ១០:១៧, ១៨​) ជួន​កាល ការ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​បាន​បន្ធូរ​បន្ថយ​ដល់​បង​ប្អូន​របស់​យើង។ ឬ​ចៅ​ក្រម​ដ៏​យុត្តិធម៌​ប្រហែល​ជា​កាត់​ក្ដី​ឲ្យ​យើង​មាន​សេរី​ភាព​ច្រើន​ជាង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ប៉ុន្តែ សាក្សី​ឯ​ទៀត​ជួប​ការ​ប្រឆាំង​ផ្សេង។ បង​ប្អូន​របស់​យើង​ខ្លះ​រស់​នៅ​ប្រទេស​ដែល​មាន​សេរី​ភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ តែ​ពួក​គេ​ទទួល​ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ​ឲ្យ​ឈប់​បម្រើ​ព្រះ។ (​ម៉ាថ. ១០:៣២​-​៣៦​) ក្នុង​ករណី​ភាគ​ច្រើន ពេល​អ្នក​ប្រឆាំង​ឃើញ​ថា​ការ​ខំ​ប្រឹង​របស់​ពួក​គេ​មិន​បាន​ផល ពួក​គេ​ឈប់​ប្រឆាំង​បង​ប្អូន​យើង។ ក្នុង​ករណី​ខ្លះ​ទៀត ពួក​អ្នក​ដែល​ធ្លាប់​ប្រឆាំង​យ៉ាង​ខ្លាំង ក្រោយ​មក​បាន​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដ៏​ខ្នះ​ខ្នែង។ យ៉ាង​នេះ ពេល​អ្នក​ជួប​ការ​ប្រឆាំង សូម​កុំ​ឈប់​ព្យាយាម។ សូម​មាន​ចិត្ត​ក្លាហាន។ អ្នក​មាន​ព្រះ​យេហូវ៉ា​និង​ឫទ្ធានុភាព​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​លោក​នៅ​ខាង​អ្នក ហេតុ​នេះ​អ្នក​មិន​ចាំ​បាច់​ខ្លាច​អ្វី​ឡើយ!

ពេល​មាន​ការ​ផ្លាស់​ប្ដូរ

៩. ហេតុ​អ្វី​ជន​ជាតិ​យូដា​ខ្លះ​បាន​ខក​ចិត្ត​ពេល​គេ​ដាក់​គ្រឹះ​វិហារ​ថ្មី?

ពេល​ដែល​គ្រឹះ​វិហារ​ថ្មី​បាន​ត្រូវ​ដាក់ ជន​ជាតិ​យូដា​ខ្លះ​ដែល​មាន​វ័យ​ចាស់​បាន​យំ។ (​អែស. ៣:១២​) ហេតុ​អ្វី? ពីព្រោះ​ពួក​គេ​ធ្លាប់​ឃើញ​វិហារ​ដ៏​រុង​រឿង​ដែល​សាឡូម៉ូន​បាន​សាង​សង់ ហើយ​ពួក​គេ​បាន​គិត​ថា​វិហារ​ដែល​ពួក​គេ​កំពុង​សាង​សង់​នោះ និង​វិហារ​ពី​មុន​«​មិន​អាច​ប្រៀប​ធៀប​គ្នា​បាន​ទាល់​តែ​សោះ​»។ (​ហាក. ២:២, ៣​) ពួក​គេ​ពិបាក​ចិត្ត​ជា​ខ្លាំង ដោយ​សារ​ពួក​គេ​បាន​ប្រៀប​ធៀប​វិហារ​ថ្មី​ទៅ​នឹង​វិហារ​ពី​មុន។ អ្វី​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​ជួយ​ពួក​គេ​ឲ្យ​មាន​អំណរ​ឡើង​វិញ។ តើ​តាម​របៀប​ណា?

១០. តើ​ពាក្យ​របស់​ទេវតា​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​សាការី ៤:៨​-​១០​បាន​ជួយ​ជន​ជាតិ​យូដា​ឲ្យ​លែង​ខក​ចិត្ត​ទៀត​យ៉ាង​ដូច​ម្ដេច?

១០ សូម​អាន សាការី ៤:៨​-​១០ តើ​ទេវតា​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​គាត់​និយាយ​ថា​ជន​ជាតិ​យូដា​«​នឹង​រីករាយ​ត្រេក​អរ​ដោយ​ឃើញ​ខ្សែ​ប្រយោល​នៅ​ក្នុង​ដៃ​របស់​[​អភិបាល​]​សេរ៉ូបាបិល​»​? ខ្សែ​ប្រយោល​ជា​ខ្សែ​ដែល​ចង​ដុំ​អ្វី​មួយ​សម្រាប់​សំយុង​ស្ទង់​ជំហរ។ ដូច្នេះ ទេវតា​នោះ​ពង្រឹង​ទំនុក​ចិត្ត​រាស្ត្រ​របស់​ព្រះ​ថា ទោះ​ជា​វិហារ​ថ្មី​នេះ​មើល​ទៅ​មិន​រុង​រឿង​ដូច​វិហារ​ដំបូង​ក៏​ដោយ វិហារ​នេះ​នឹង​ត្រូវ​សង់​ឲ្យ​រួច​រាល់ ហើយ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​បាន។ ពេល​វិហារ​នេះ​សង់​រួច​រាល់ ព្រះ​យេហូវ៉ា​នឹង​ពេញ​ចិត្ត ដូច្នេះ​ជន​ជាតិ​យូដា​ក៏​គួរ​តែ​ពេញ​ចិត្ត​ដែរ។ អ្វី​ដែល​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​ជន​ជាតិ​យូដា​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ដែល​លោក​ចង់​ឲ្យ​ពួក​គេ​ធ្វើ​នៅ​វិហារ​ថ្មី។ បើ​ជន​ជាតិ​យូដា​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ត្រឹមត្រូវ និង​ការ​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត នោះ​ពួក​គេ​នឹង​មាន​អំណរ​ឡើង​វិញ។

ចូរ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ស្ថានភាព​ថ្មី (​សូម​មើល​វគ្គ​១១​-​១២​) *

១១. តើ​អ្នក​ខ្លះ​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​មាន​ការ​ពិបាក​អ្វី?

១១ ចំពោះ​យើង​ជា​ច្រើន​នាក់ ការ​ផ្លាស់​ប្ដូរ​គឺ​ពិបាក។ អ្នក​ខ្លះ​ដែល​ធ្លាប់​បម្រើ​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​ពិសេស​អស់​រយៈ​ពេល​ជា​យូរ បាន​ទទួល​ភារកិច្ច​ថ្មី។ អ្នក​ខ្លះ​ទៀត​ត្រូវ​ឈប់​បំពេញ​ភារកិច្ច​ដ៏​មាន​តម្លៃ​ណា​មួយ ដោយ​សារ​វ័យ​ចំណាស់។ គឺ​ជា​ការ​ធម្មតា​ទេ ដែល​យើង​ខក​ចិត្ត​ពេល​មាន​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ។ ដំបូង យើង​ប្រហែល​ជា​មិន​ឯកភាព ឬ​មិន​យល់​ទាំង​ស្រុង​អំពី​មូលហេតុ​ដែល​មាន​ការ​សម្រេច​ចិត្ត​នោះ​ទេ។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា អ្វី​ៗ​ពី​មុន​គឺ​ល្អ​ប្រសើរ​ជាង។ ម្យ៉ាង​ទៀត យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត ហើយ​គិត​ថា​ឥឡូវ​យើង​មិន​អាច​ធ្វើ​បាន​ច្រើន​ដើម្បី​ព្រះ​យេហូវ៉ា​ឡើយ។ (​សុភ. ២៤:១០​) តើ​ការ​បើក​បង្ហាញ​ដែល​សាការី​ឃើញ​ក្នុង​គំនិត​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​បន្ត​ជូន​អ្វី​ដែល​ល្អ​បំផុត​ដល់​ព្រះ​របស់​យើង?

១២. តើ​អ្វី​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​រក្សា​អំណរ​ពេល​ស្ថានភាព​របស់​យើង​បាន​ត្រូវ​ផ្លាស់​ប្ដូរ?

១២ ពេល​យើង​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា យើង​ស្រួល​ទទួល​យក​ការ​ផ្លាស់​ប្ដូរ​ជាង។ ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​ការ​ដ៏​អស្ចារ្យ​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​យើង​មាន​ឯកសិទ្ធិ​ដ៏​ពិសេស​ណាស់​ដែល​រួម​ការ​ងារ​ជា​មួយ​នឹង​លោក។ (​១កូ. ៣:៩​) ភារកិច្ច​អាច​ផ្លាស់​ប្ដូរ ប៉ុន្តែ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង​នឹង​មិន​ប្រែ​ប្រួល​ទេ។ ដូច្នេះ បើ​ការ​ផ្លាស់​ប្ដូរ​ណា​មួយ​ក្នុង​អង្គការ​របស់​ព្រះ​ប៉ះ​ពាល់​ទៅ​លើ​អ្នក​ផ្ទាល់ សូម​ជៀស​វាង​ការ​គិត​ច្រើន​ពេក​អំពី​មូលហេតុ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​នោះ។ ជា​ជាង​នឹក​ស្រណោះ​ពេល​វេលា​«​ពី​មុន​»​ សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​អ្នក​ឲ្យ​រក​ចំណុច​ល្អ​ក្នុង​ការ​ផ្លាស់​ប្ដូរ​នោះ។ (​អទ. ៧:១០​) ជា​ជាង​គិត​អំពី​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន សូម​គិត​អំពី​អ្វី​ៗ​ដែល​អ្នក​អាច​ធ្វើ​បាន។ យើង​រៀន​ពី​ការ​បើក​បង្ហាញ​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​ថា គឺ​ជា​ការ​សំខាន់​ណាស់​ឲ្យ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ។ យ៉ាង​នេះ យើង​នឹង​មាន​អំណរ​និង​នៅ​ស្មោះ​ត្រង់ ទោះ​ជា​ស្ថានភាព​របស់​យើង​ផ្លាស់​ប្ដូរ​ក៏​ដោយ។

ពេល​ពិបាក​ធ្វើ​តាម​ការ​ណែនាំ

១៣. ហេតុ​អ្វី​ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​ប្រហែល​ជា​គិត​ថា​ការ​ចាប់​ផ្ដើម​សង់​វិហារ​ឡើង​វិញ​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ល្អ?

១៣ កិច្ច​ការ​សង់​វិហារ​ឡើង​វិញ​បាន​ត្រូវ​ដាក់​បម្រាម។ ប៉ុន្តែ បុរស​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​នាំ​មុខ ពោល​គឺ​សម្ដេច​សង្ឃ​យេសួរ​(​យ៉ូស្វេ​)​និង​អភិបាល​សេរ៉ូបាបិល ​«​បាន​ចាប់​ផ្ដើម​សង់វិហារ​របស់​ព្រះ​ឡើង​វិញ​»។ (​អែស. ៥:១, ២​) ជន​ជាតិ​យូដា​ខ្លះ​ប្រហែល​ជា​គិត​ថា ការ​សម្រេច​ចិត្ត​នោះ​គឺ​មិន​ល្អ​ទេ។ កិច្ច​ការ​សង់​វិហារ​មិន​អាច​លាក់​បាំង​ពី​ពួក​សត្រូវ ដែល​នឹង​ប្រើ​គ្រប់​វិធី​ដើម្បី​បង្ក​ឲ្យ​មាន​បញ្ហា​បាន​ឡើយ។ បុរស​ដែល​បាន​ត្រូវ​តែង​តាំង​ទាំង​ពីរ​នាក់​នោះ​គឺ​យ៉ូស្វេ​និង​សេរ៉ូបាបិល ត្រូវ​ការ​ការ​ពង្រឹង​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​គាំទ្រ​ពួក​គាត់។ ព្រះ​យេហូវ៉ា​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​គាត់​មែន! តើ​តាម​របៀប​ណា?

១៤. យោង​ទៅ​តាម​សាការី ៤:១២, ១៤ តើ​សម្ដេច​សង្ឃ​យ៉ូស្វេ​និង​អភិបាល​សេរ៉ូបាបិល​បាន​ទទួល​ការ​ពង្រឹង​ទំនុក​ចិត្ត​អ្វី?

១៤ សូម​អាន សាការី ៤:១២, ១៤ ក្នុង​ផ្នែក​នេះ​នៃ​ការ​បើក​បង្ហាញ​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត ទេវតា​បាន​ប្រាប់​អ្នក​ប្រកាស​ទំនាយ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ថា ដើម​អូលីវ​ពីរ​ដើម​ជា​តំណាង​«​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​»​ពីរ​នាក់ ពោល​គឺ​យ៉ូស្វេ​និង​សេរ៉ូបាបិល។ បុរស​ទាំង​ពីរ​នាក់​នេះ​ហាក់​ដូច​ជា​«​កំពុង​ឈរ​អម​សង​ខាង​ម្ចាស់​នៃ​ផែនដី​ទាំង​មូល​»​ គឺ​ព្រះ​យេហូវ៉ា។ នេះ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ណាស់! ព្រះ​យេហូវ៉ា​បាន​ទុក​ចិត្ត​ពួក​គាត់ ដូច្នេះ​ជន​ជាតិ​អ៊ីស្រាអែល​អាច​ទុក​ចិត្ត​អ្វី​ៗ​ដែល​បុរស​ទាំង​នេះ​ប្រាប់​ពួក​គេ​ឲ្យ​ធ្វើ ដោយ​សារ​ព្រះ​យេហូវ៉ា​កំពុង​ប្រើ​បុរស​ពីរ​នាក់​នេះ​ឲ្យ​នាំ​មុខ​ពួក​គេ។

១៥. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្នុង​បណ្ដាំ​លោក?

១៥ ព្រះ​យេហូវ៉ា​បន្ត​ផ្ដល់​ការ​ណែនាំ​ដល់​រាស្ត្រ​លោក​តាម​រយៈ​បណ្ដាំ​របស់​លោក ពោល​គឺ​គម្ពីរ។ ក្នុង​សៀវភៅ​ពិសិដ្ឋ​នេះ លោក​ប្រាប់​អំពី​របៀប​គោរព​ប្រណិប័តន៍​លោក ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ តើ​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ការ​ណែនាំ​ពី​បណ្ដាំ​របស់​លោក​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​លៃ​ទុក​ពេល​ដើម្បី​អាន​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​និង​យល់​អ្វី​ដែល​យើង​អាន។ សូម​សួរ​ខ្លួន​អ្នក​ថា ‹ពេល​ខ្ញុំ​អាន​គម្ពីរ​ឬ​សៀវភៅ​ណា​មួយ​របស់​អង្គការ​យើង តើ​ខ្ញុំ​ផ្អាក​និង​រំពឹង​គិត​ឬ​ទេ? តើ​ខ្ញុំ​ស្វែង​យល់​អត្ថន័យ​នៃ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ដែល​«​ពិបាក​យល់​»​ ឬ​តើ​ខ្ញុំ​អាន​លឿន​ៗ​?›។ (​២ពេ. ៣:១៦​) បើ​យើង​លៃ​ទុក​ពេល​ដើម្បី​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​កំពុង​បង្រៀន យើង​អាច​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក ហើយ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​បាន​ល្អ។—១ធី. ៤:១៥, ១៦

ចូរ​ទុក​ចិត្ត​ការ​ណែនាំ​ដែល​អ្នក​ទទួល​ពី​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ (​សូម​មើល​វគ្គ​១៦​) *

១៦. ពេល​យើង​មិន​យល់​ទាំង​ស្រុង​អំពី​ការ​ណែនាំ​ដែល​យើង​ទទួល​ពី​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​តាម?

១៦ ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ណែនាំ​តាម​របៀប​មួយ​ទៀត​គឺ​តាម​រយៈ ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ (​ម៉ាថ. ២៤:៤៥​) ជួន​កាល​ខ្ញុំ​បម្រើ​នេះ​ផ្ដល់​ការ​ណែនាំ​ដែល​យើង​មិន​យល់​ទាំង​ស្រុង។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​ទទួល​ការ​ណែនាំ​ចំ​ៗ​ដើម្បី​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​រួច​ជីវិត​ពី​មហន្តរាយ​ធម្មជាតិ ដែល​យើង​គិត​ថា​នឹង​មិន​កើត​ឡើង​ក្នុង​តំបន់​របស់​យើង​ទេ។ ឬ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា ប្រុង​ប្រយ័ត្ន​ហួស​ហេតុ​ពេក​ក្នុង​អំឡុង​ពេល​មាន​រោគ​រាត​ត្បាត។ តើ​យើង​គួរ​ធ្វើ​អ្វី​បើ​យើង​មាន​អារម្មណ៍​ថា ការ​ណែនាំ​ដែល​យើង​ទទួល​គឺ​មិន​មាន​ប្រយោជន៍? យើង​អាច​គិត​អំពី​ប្រយោជន៍​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ទទួល ពេល​ពួក​គេ​ធ្វើ​តាម​អ្វី​ដែល​យ៉ូស្វេ​និង​សេរ៉ូបាបិល​បាន​ប្រាប់​ពួក​គេ​ឲ្យ​ធ្វើ។ យើង​ក៏​អាច​គិត​អំពី​កំណត់​ហេតុ​ឯ​ទៀត​ក្នុង​គម្ពីរ​ដែល​យើង​បាន​អាន​ផង​ដែរ។ ជួន​កាល រាស្ត្រ​របស់​ព្រះ​បាន​ទទួល​ការ​ណែនាំ​ដែល​មើល​ទៅ​មិន​សម​ហេតុ​សម​ផល​ទេ។ ប៉ុន្តែ​នោះ​បាន​សង្គ្រោះ​ជីវិត​ពួក​គេ។—អសក. ៧:៧; ៨:១០

ចូរ​ឃើញ​អ្វី​ដែល​សាការី​បាន​ឃើញ

១៧. តើ​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​អំពី​ជើង​ចង្កៀង​និង​ដើម​អូលីវ​ពីរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ជន​ជាតិ​យូដា?

១៧ ទោះ​ជា​ការ​បើក​បង្ហាញ​ទី​៥​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​គឺ​ខ្លី​ក្ដី នោះ​បាន​ជួយ​ជន​ជាតិ​យូដា​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​កិច្ច​ការ​របស់​ពួក​គេ​និង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ពេល​ពួក​គេ​អនុវត្ត​មេ​រៀន​ដែល​ពួក​គេ​បាន​រៀន​ពី​អ្វី​ដែល​សាការី​បាន​ឃើញ នោះ​ពួក​គេ​យល់​ថា​ព្រះ​យេហូវ៉ា​គាំទ្រ​និង​ផ្ដល់​ការ​ណែនាំ​ដល់​ពួក​គេ។ ព្រះ​យេហូវ៉ា​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​លោក​មក​ពួក​គេ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​បន្ត​ធ្វើ​កិច្ច​ការ​នោះ និង​ទទួល​អំណរ​ឡើង​វិញ។—អែស. ៦:១៦

១៨. តើ​អ្វី​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក?

១៨ អ្វី​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​អំពី​ជើង​ចង្កៀង​និង​ដើម​អូលីវ​ពីរ​ដើម​អាច​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ជីវិត​របស់​អ្នក។ ដូច​ដែល​យើង​បាន​ពិចារណា ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​នោះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​ពេល​ជួប​ការ​ប្រឆាំង មាន​អំណរ​ដែល​អ្នក​ត្រូវ​ការ​ពេល​ស្ថានភាព​របស់​អ្នក​បាន​ត្រូវ​ផ្លាស់​ប្ដូរ និង​មាន​ទំនុក​ចិត្ត​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ស្ដាប់​បង្គាប់​ពេល​អ្នក​ទទួល​ការ​ណែនាំ​ដែល​អ្នក​មិន​យល់។ ដូច្នេះ ពេល​អ្នក​មាន​ការ​ពិបាក​ក្នុង​ជីវិត តើ​អ្នក​គួរ​ធ្វើ​អ្វី? ដំបូង សូម​ឃើញ​អ្វី​ដែល​សាការី​បាន​ឃើញ ពោល​គឺ​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រាស្ត្រ​លោក។ បន្ទាប់​មក សូម​ប្រព្រឹត្ត​តាម​អ្វី​ដែល​អ្នក​ឃើញ​នោះ ដោយ​បង្ហាញ​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា និង​បន្ត​គោរព​ប្រណិប័តន៍​លោក​ដោយ​អស់​ពី​ចិត្ត។ (​ម៉ាថ. ២២:៣៧​) បើ​អ្នក​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​បម្រើ​លោក​ដោយ​មាន​អំណរ​ជា​រៀង​រហូត។—កូឡ. ១:១០, ១១

ចម្រៀង​លេខ​៧ ព្រះ​យេហូវ៉ា​ជា​កម្លាំង​របស់​យើង

^ វគ្គ 5 ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​សាការី​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ឃើញ​អ្វី​មួយ​ចំនួន​ដ៏​គួរ​ឲ្យ​រំភើប​ក្នុង​គំនិត។ អ្វី​ដែល​សាការី​បាន​ឃើញ បាន​ផ្ដល់​កម្លាំង​ដល់​គាត់​និង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​យក​ឈ្នះ​ការ​ពិបាក​ផ្សេង​ៗ​ដែល​ពួក​គេ​បាន​ជួប កាល​ដែល​ពួក​គេ​ព្យាយាម​ស្ថាបនា​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ។ អ្វី​ទាំង​នោះ​ក៏​អាច​ជួយ​យើង​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ ទោះ​ជា​មាន​ការ​ពិបាក​ក្ដី។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​មេ​រៀន​សំខាន់​ដែល​យើង​អាច​រៀន​ពី​អ្វី​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​សាការី​ឃើញ​ក្នុង​គំនិត អំពី​ជើង​ចង្កៀង​និង​ដើម​អូលីវ។

^ វគ្គ 3 ច្រើន​ឆ្នាំ​ក្រោយ​មក នៅ​សម័យ​អភិបាល​នេហេមា ស្ដេច​មួយ​ទៀត​ដែល​មាន​ឈ្មោះ​អើថាស៊ើកសេស បាន​ប្រព្រឹត្ត​យ៉ាង​សប្បុរស​ចំពោះ​ជន​ជាតិ​យូដា។

^ វគ្គ 60 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​យល់​ថា គាត់​ត្រូវ​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ថ្មី ដោយ​សារ​អាយុ​និង​បញ្ហា​សុខភាព​របស់​គាត់។

^ វគ្គ 62 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​ម្នាក់​រំពឹង​គិត​អំពី​ការ​ដែល​ព្រះ​យេហូវ៉ា​កំពុង​ជួយ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ ដូច​ដែល​លោក​បាន​ធ្វើ​ចំពោះ​យ៉ូស្វេ​និង​សេរ៉ូបាបិល។