លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៧

ម្ដាយទាំងឡាយ ចូររៀនពីគំរូរបស់អឺនីស

ម្ដាយទាំងឡាយ ចូររៀនពីគំរូរបស់អឺនីស

​«​កុំ​បោះ​បង់​ចោល​ដំបូន្មាន​របស់​ម្ដាយ​កូន​ឡើយ . . . នោះ​ជា​កម្រង​ផ្កា​ដ៏​ស្រស់​ស្អាត​នៅ​លើ​ក្បាល​កូន និង​ជា​គ្រឿង​លម្អ​ដ៏​ប្រណីត​នៅ​ក​កូន​»។—សុភ. ១:៨, ៩

ចម្រៀង​លេខ​១៣៧ ស្ត្រី​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់

សេចក្ដី​សង្ខេប *

អឺនីស​ដែល​ជា​ម្ដាយ​របស់​ធីម៉ូថេ និង​ឡូអ៊ីស​ដែល​ជា​ជីដូន​គាត់ អរ​សប្បាយ​និង​មាន​មោទនភាព​ពេល​ធីម៉ូថេ​ទទួល​ការ​ជ្រមុជ​ទឹក ​(​សូម​មើល​វគ្គ​១​)

១​-​២. (​ក​) តើ​អឺនីស​ជា​អ្នក​ណា ហើយ​តើ​គាត់​មាន​ការ​ពិបាក​អ្វី? (​ខ​) សូម​រៀប​រាប់​អំពី​រូប​ភាព​នៅ​ក្រប។

 ទោះ​ជា​គម្ពីរ​មិន​រៀប​រាប់​អំពី​ការ​ជ្រមុជ​ទឹក​របស់​ធីម៉ូថេ​ក្ដី យើង​អាច​ស្រមៃ​ឃើញ​ថា​អឺនីស​ដែល​ជា​ម្ដាយ​គាត់​មាន​អំណរ​ជា​ខ្លាំង​នៅ​ថ្ងៃ​នោះ។ (​សុភ. ២៣:២៥​) សូម​ស្រមៃ​គិត​ថា​គាត់​មាន​មោទនភាព​យ៉ាង​ណា​ទៅ កាល​ដែល​គាត់​សម្លឹង​មើល​ទៅ​ធីម៉ូថេ​ដែល​កំពុង​ឈរ​ក្នុង​ទឹក។ គាត់​ញញឹម​កាល​ដែល​ឡូអ៊ីស​ដែល​ជា​ជីដូន​របស់​ធីម៉ូថេ​ឱប​ស្មា​គាត់។ អឺនីស​រំជួល​ចិត្ត​កាល​ដែល​ធីម៉ូថេ​បាន​ត្រូវ​ពន្លិច​ក្នុង​ទឹក។ ទឹក​ក៏​បាច​សាច​ពេល​ធីម៉ូថេ​ងើប​ពី​ទឹក​ឡើង​វិញ​ទាំង​ទឹក​មុខ​ញញឹម ហើយ​អឺនីស​រំភើប​ចិត្ត​រហូត​ដល់​ទប់​ទឹក​ភ្នែក​មិន​បាន។ ទោះ​ជា​មាន​ការ​ពិបាក​ក្ដី អឺនីស​បាន​បង្រៀន​កូន​ប្រុស​គាត់​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​លោក។ តើ​អឺនីស​ត្រូវ​យក​ឈ្នះ​ការ​ពិបាក​អ្វី​ខ្លះ​ពេល​ដែល​គាត់​ព្យាយាម​បង្រៀន​កូន?

ឪពុក​ម្ដាយ​របស់​ធីម៉ូថេ​មិន​កាន់​សាសនា​ដូច​គ្នា​ទេ។ ឪពុក​គាត់​ជា​ជន​ជាតិ​ក្រិច ហើយ​ម្ដាយ​និង​យាយ​គាត់​ជា​ជន​ជាតិ​យូដា។ (​សកម្ម. ១៦:១​) ធីម៉ូថេ​ទំនង​ជា​នៅ​វ័យ​ជំទង់ ពេល​ដែល​អឺនីស​និង​ឡូអ៊ីស​បាន​ទៅ​ជា​គ្រិស្ត​សាសនិក។ ប៉ុន្តែ​ឪពុក​គាត់​មិន​បាន​ទៅ​ជា​គ្រិស្ត​សាសនិក​ទេ។ តើ​ធីម៉ូថេ​នឹង​ជ្រើស​រើស​យក​សាសនា​មួយ​ណា? នៅ​ពេល​នោះ គាត់​ទំនង​ជា​មាន​អាយុ​ច្រើន​ល្មម​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​អំពី​រឿង​នេះ។ តើ​គាត់​នឹង​ជ្រើស​រើស​យក​សាសនា​របស់​ឪពុក​គាត់​ឬ​ទេ? តើ​គាត់​នឹង​បន្ត​ធ្វើ​តាម​ទំនៀម​ទម្លាប់​ជន​ជាតិ​យូដា​ដែល​គាត់​បាន​រៀន​តាំង​ពី​នៅ​ក្មេង​ឬ? ឬ​តើ​គាត់​នឹង​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត?

៣. យោង​ទៅ​តាម​សុភាសិត ១:៨, ៩ តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ខំ​ប្រឹង​របស់​ម្ដាយ​ដើម្បី​ជួយ​កូន​ឲ្យ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក?

ស្រដៀង​គ្នា​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ ម្ដាយ​គ្រិស្ត​សាសនិក​ស្រឡាញ់​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ជាង​អ្វី​ណា​ទាំង​អស់ ពួក​គេ​ចង់​ជួយ​កូន​របស់​ពួក​គេ​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​លោក​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខំ​ប្រឹង​របស់​ពួក​គេ។ (​សូម​អាន សុភាសិត ១:៨, ៩) ព្រះ​យេហូវ៉ា​បាន​ជួយ​ម្ដាយ​ជា​ច្រើន​នាក់​ឲ្យ​បង្រៀន​កូន​របស់​ពួក​គេ​ឲ្យ​ស្រឡាញ់​និង​បម្រើ​លោក។

៤. តើ​ម្ដាយ​នៅ​សព្វ​ថ្ងៃ​នេះ​មាន​ការ​ពិបាក​អ្វី?

ជា​ការ​ធម្មតា​ដែល​ពេល​ខ្លះ​ម្ដាយ​ឆ្ងល់​ថា តើ​កូន​របស់​គាត់​នឹង​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា​ដូច​ធីម៉ូថេ​ឬ​ក៏​យ៉ាង​ណា។ ឪពុក​ម្ដាយ​ដឹង​ថា ក្នុង​ពិភព​លោក​របស់​សាថាន កូន​របស់​ពួក​គេ​ជួប​នឹង​ការ​បង្ខិត​បង្ខំ​ជា​ច្រើន។ (​១ពេ. ៥:៨​) មិន​ត្រឹម​តែ​ប៉ុណ្ណោះ ម្ដាយ​ជា​ច្រើន​នាក់​មាន​ការ​ពិបាក​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន ដោយ​សារ​ពួក​គេ​គ្មាន​ប្ដី ឬ​ដោយ​សារ​ប្ដី​របស់​ពួក​គេ​មិន​មែន​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ បង​ស្រី​ម្នាក់​ឈ្មោះ​គ្រីស្ទីន *និយាយ​ថា​៖ ​«​ប្ដី​របស់​ខ្ញុំ​គឺ​ជា​ឪពុក​ល្អ​ម្នាក់​និង​ស្រឡាញ់​ក្រុម​គ្រួសារ។ ប៉ុន្តែ​គាត់​ជំទាស់​យ៉ាង​ខ្លាំង មិន​ឲ្យ​ខ្ញុំ​ជួយ​កូន​របស់​យើង​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ទេ។ អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​យំ​ជា​ច្រើន​លើក​ច្រើន​សារ ដោយ​សារ​ខ្ញុំ​បារម្ភ​ថា​តើ​កូន​របស់​ខ្ញុំ​នឹង​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឬ​ក៏​យ៉ាង​ណា​»។

៥. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

បើ​អ្នក​ជា​ម្ដាយ​គ្រិស្ត​សាសនិក អ្នក​អាច​ជួយ​កូន​របស់​អ្នក​ឲ្យ​ស្រឡាញ់​និង​បម្រើ​ព្រះ​យេហូវ៉ា ដូច​អឺនីស​បាន​ធ្វើ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​គាត់​ក្នុង​ការ​បង្រៀន​កូន​របស់​អ្នក​តាម​រយៈ​អ្វី​ដែល​អ្នក​និយាយ និង​អ្វី​ដែល​អ្នក​ធ្វើ។ យើង​ក៏​នឹង​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ដែរ។

ចូរ​បង្រៀន​កូន​តាម​រយៈ​អ្វី​ដែល​អ្នក​និយាយ

៦. ដូច​បង្ហាញ​នៅ​ធីម៉ូថេ​ទី​២ ៣:១៤, ១៥ តើ​ធីម៉ូថេ​បាន​ទៅ​ជា​គ្រិស្ត​សាសនិក​ម្នាក់​យ៉ាង​ដូច​ម្ដេច?

ពេល​ធីម៉ូថេ​នៅ​តូច ម្ដាយ​របស់​គាត់​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​បង្រៀន​គាត់​អំពី​«​ឯកសារ​បរិសុទ្ធ​នានា​»​ តាម​ការ​យល់​ដឹង​របស់​ជន​ជាតិ​យូដា។ ពិត​មែន​ថា​ចំណេះ​ដឹង​របស់​អឺនីស​មាន​កម្រិត ដោយ​សារ​គាត់​មិន​ស្គាល់​សេចក្ដី​ពិត​អំពី​លោក​យេស៊ូ​ទេ។ ប៉ុន្តែ ធីម៉ូថេ​បាន​ទទួល​សេចក្ដី​បង្រៀន​ពី​បទ​គម្ពីរ​ដែល​គាត់​ត្រូវ​ការ​ដើម្បី​ជួយ​គាត់​ឲ្យ​ទៅ​ជា​គ្រិស្ត​សាសនិក។ ដូច្នេះ តើ​គាត់​នឹង​សម្រេច​ចិត្ត​ធ្វើ​ជា​គ្រិស្ត​សាសនិក​ឬ​ទេ? ដោយ​សារ​ធីម៉ូថេ​ធំ​ពេញ​វ័យ គាត់​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា គាត់​នឹង​ធ្វើ​ជា​គ្រិស្ត​សាសនិក​ឬ​ក៏​យ៉ាង​ណា។ ធីម៉ូថេ​ច្បាស់​ជា​«​បាន​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់​»​លើ​សេចក្ដី​ពិត​អំពី​លោក​យេស៊ូ ដោយ​ព្រោះ​មូលហេតុ​មួយ គឺ​ការ​ខំ​ប្រឹង​ព្យាយាម​របស់​ម្ដាយ​គាត់។ (​សូម​អាន ធីម៉ូថេ​ទី​២ ៣:១៤, ១៥) អឺនីស​ប្រាកដ​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​គាត់​បាន​បង្ហាត់​បង្រៀន​ធីម៉ូថេ​អំពី​ព្រះ​យេហូវ៉ា ទោះ​ជា​មាន​ការ​ពិបាក​ផ្សេង​ៗ​ក្ដី។ អឺនីស​បាន​រស់​នៅ​ស្រប​តាម​ឈ្មោះ​របស់​គាត់​ដែល​មាន​អត្ថន័យ​ជា​គោល​ថា​«​យក​ឈ្នះ​»។

៧. តើ​អឺនីស​អាច​ជួយ​កូន​ឲ្យ​រីក​ចម្រើន​យ៉ាង​ដូច​ម្ដេច​ក្រោយ​ពី​កូន​ទទួល​ការ​ជ្រមុជ​ទឹក?

ការ​ជ្រមុជ​ទឹក​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​ធីម៉ូថេ ប៉ុន្តែ​អឺនីស​នៅ​តែ​បារម្ភ​អំពី​កូន​គាត់។ តើ​កូន​របស់​គាត់​នឹង​ប្រើ​ជីវិត​ទាំង​មូល​យ៉ាង​ដូច​ម្ដេច? តើ​ធីម៉ូថេ​នឹង​សេព​គប់​មនុស្ស​អាក្រក់​ឬ​ទេ? តើ​គាត់​នឹង​ទៅ​រៀន​នៅ​សាលា​នា​ក្រុង​អាថែន ហើយ​ទទួល​យក​សេចក្ដី​បង្រៀន​របស់​ទស្សនវិទូ​ដែល​មិន​កាន់​គ្រិស្ត​សាសនា​ឬ? តើ​គាត់​នឹង​ខ្ជះ​ខ្ជាយ​ពេល​វេលា កម្លាំង និង​ភាព​យុវវ័យ​របស់​គាត់ ដោយ​ខំ​ប្រឹង​ធ្វើ​ការ​ឲ្យ​ទៅ​ជា​អ្នក​មាន​ឬ? ពិត​មែន​ថា​អឺនីស​មិន​អាច​សម្រេច​ចិត្ត​ជំនួស​ធីម៉ូថេ​ទេ ប៉ុន្តែ​គាត់​អាច​ជួយ​ធីម៉ូថេ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។ តើ​តាម​របៀប​ណា? អឺនីស​អាច​បន្ត​ខំ​ប្រឹង​បង្រៀន​កូន​ប្រុស​គាត់​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាងខ្លាំង និង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អ្វី​ទាំង​អស់​ដែល​លោក​និង​បុត្រ​របស់​លោក​បាន​ធ្វើ​ចំពោះ​ក្រុម​គ្រួសារ​គាត់។ មិន​មែន​តែ​ឪពុក​ម្ដាយ​ដែល​មាន​គូ​មិន​បម្រើ​ព្រះ​យេហូវ៉ា​ដែល​មាន​ការ​ពិបាក​ប៉ុណ្ណោះ​ទេ។ សូម្បី​តែ​ឪពុក​ម្ដាយ​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ទាំង​ពីរ​នាក់ ក៏​ប្រហែល​ជា​ពិបាក​ជួយ​កូន​របស់​ពួក​គេ​ឲ្យ​បម្រើ​លោក​ដែរ។ ដូច្នេះ តើ​ឪពុក​ម្ដាយ​អាច​រៀន​អ្វី​ពី​គំរូ​របស់​អឺនីស?

៨. តើ​ម្ដាយ​អាច​ជួយ​ប្ដី​ដែល​ជា​សាក្សី​ឲ្យ​បង្រៀន​កូន​របស់​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ចូរ​សិក្សា​គម្ពីរ​ជា​មួយ​កូន​របស់​អ្នក។ បើ​ប្ដី​របស់​អ្នក​នៅ​ក្នុង​សេចក្ដី​ពិត​ដែរ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ជួយ​គាត់​បង្រៀន​កូន​អំពី​លោក។ របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​ដូច្នេះ គឺ​ដោយ​គាំទ្រ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ទៀង​ទាត់។ សូម​និយាយ​អ្វី​ល្អ​ៗ​អំពី​ការ​រៀបចំ​នោះ ហើយ​សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​បង្កើត​បរិយាកាស​កក់​ក្ដៅ​និង​អរ​សប្បាយ។ អ្នក​ប្រហែល​ជា​អាច​ជួយ​ប្ដី​រៀបចំ​ប្រធានបទ​ណា​មួយ​សម្រាប់​សិក្សា​ស្រាវ​ជ្រាវ​ក្នុង​អំឡុង​ពេល​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ ម្យ៉ាង​ទៀត បើ​កូន​ខ្លះ​របស់​អ្នក​មាន​អាយុ​ច្រើន​ល្មម​អាច​រៀន​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! ប្រហែល​អ្នក​អាច​សហការ​ជា​មួយ​ប្ដី​របស់​អ្នក​ដើម្បី​កូន​អាច​សិក្សា​បាន។

៩. តើ​ម្ដាយ​ដែល​មាន​ប្ដី​មិន​មែន​ជា​សាក្សី​អាច​រក​ឃើញ​ជំនួយ​នៅ​ឯ​ណា?

ម្ដាយ​ខ្លះ​ត្រូវ​នាំ​មុខ​ក្នុង​ការ​បង្រៀន​គម្ពីរ​ដល់​កូន ដោយ​សារ​ពួក​គេ​ជា​ស្ត្រី​មេម៉ាយ ឬ​ដោយ​សារ​ប្ដី​របស់​ពួក​គេ​មិន​មែន​ជា​អ្នក​ជឿ។ បើ​ក្រុម​គ្រួសារ​របស់​អ្នក​មាន​ស្ថានភាព​បែប​នេះ សូម​កុំ​បារម្ភ​ហួស​ហេតុ​ពេក​ឡើយ។ ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក។ សូម​ប្រើ​សៀវភៅ​ផ្សេង​ៗ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​លោក​ផ្ដល់​ឲ្យ​តាម​រយៈ​អង្គការ​របស់​លោក ដើម្បី​សិក្សា​ជា​មួយ​កូន​ៗ។ អ្នក​អាច​សុំ​យោបល់​ពី​ឪពុក​ម្ដាយ​ដែល​មាន​បទ​ពិសោធន៍ អំពី​របៀប​ដែល​ពួក​គេ​ប្រើ​ឧបករណ៍​ទាំង​នេះ ដើម្បី​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ * (​សុភ ១១:១៤​) អ្នក​អាច​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​ចេះ​សួរ​សំណួរ ដើម្បី​ដឹង​អំពី​គំនិត​និង​អារម្មណ៍​របស់​កូន។ (​សុភ ២០:៥​) ការ​សួរ​សំណួរ​ដូច​ជា ‹តើ​កូន​មាន​ការ​ពិបាក​ខ្លាំង​បំផុត​អ្វី​នៅ​សាលា?›​អាច​នាំ​ឲ្យ​មាន​ការ​សន្ទនា។

១០. តើ​អ្នក​អាច​ធ្វើ​អ្វី​ទៀត​ដើម្បី​ជួយ​កូន​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា?

១០ សូម​បង្កើត​ឱកាស​ដើម្បី​បង្រៀន​កូន​របស់​អ្នក​អំពី​ព្រះ​យេហូវ៉ា។ សូម​និយាយ​អំពី​ព្រះ​យេហូវ៉ា​និង​អ្វី​ល្អ​ជា​ច្រើន​ដែល​លោក​បាន​ធ្វើ​សម្រាប់​អ្នក។ (​បច ៦:៦, ៧; អេ ៦៣:៧​) នេះ​រឹត​តែ​សំខាន់ បើ​ប្ដី​របស់​អ្នក​ឃាត់​អ្នក​មិន​ឲ្យ​បង្រៀន​គម្ពីរ​ដល់​កូន​ជា​ទៀង​ទាត់​នៅ​ផ្ទះ។ បង​គ្រីស្ទីន​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​សូវ​មាន​ឱកាស​និយាយ​អំពី​ព្រះ​យេហូវ៉ា​ជា​មួយ​កូន​ៗ​ទេ តែ​ខ្ញុំ​ឆ្លៀត​គ្រប់​ឱកាស​ដើម្បី​និយាយ​ជា​មួយ​ពួក​គេ​អំពី​លោក។ ដូច្នេះ យើង​ដើរ​ជា​មួយ​គ្នា ឬ​ក៏​ចុះ​ទូក​ទៅ​ឆ្ងាយ​ពី​ច្រាំង​ដើម្បី​និយាយ​អំពី​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​ព្រះ​បាន​បង្កើត និង​អ្វី​ៗ​ជា​ច្រើន​ទៀត​អំពី​លោក។ ពេល​កូន​ខ្ញុំ​ធំ​ដឹង​ក្ដី​ល្មម ខ្ញុំ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​សិក្សា​គម្ពីរ​ដោយ​ខ្លួន​ឯង​»។ បន្ថែម​ពី​នេះ សូម​និយាយ​ល្អ​ៗ​អំពី​អង្គការ​របស់​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​រួម​ជំនឿ។ សូម​កុំ​រិះ​គន់​ពួក​អ្នក​ចាស់​ទុំ។ ពាក្យ​សម្ដី​របស់​អ្នក​អាច​មាន​ឥទ្ធិពល​ទៅ​លើ​កូន។ អ្វី​ដែល​អ្នក​និយាយ​អំពី​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​កូន​ឲ្យ​ទៅ​រក​ពួក​គេ​ពេល​ត្រូវ​ការ​ជំនួយ។

១១. យោង​ទៅ​តាម​យ៉ាកុប ៣:១៨ ហេតុ​អ្វី​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​នៅ​ផ្ទះ​គឺ​សំខាន់?

១១ ចូរ​ធ្វើ​ឲ្យ​មាន​សន្តិភាព​នៅ​ផ្ទះ។ សូម​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ប្ដី​និង​កូន​របស់​អ្នក​ជា​រឿយ​ៗ។ សូម​និយាយ​អំពី​ប្ដី​របស់​អ្នក​ដោយ​បង្ហាញ​ការ​គោរព​និង​សេចក្ដី​សប្បុរស ហើយ​បង្ហាត់​បង្រៀន​កូន​ឲ្យ​ធ្វើ​ដូច​នេះ​ដែរ។ ពេល​អ្នក​ធ្វើ​ដូច្នេះ កូន​របស់​អ្នក​អាច​ស្រួល​រៀន​អំពី​ព្រះ​យេហូវ៉ា​ជាង។ (​សូម​អាន យ៉ាកុប ៣:១៨) សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​យ៉ូសេហ្វ​ដែល​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ប្រទេស​រ៉ូម៉ានី។ ពេល​គាត់​នៅ​វ័យ​ក្មេង ឪពុក​គាត់​បាន​ធ្វើ​ឲ្យ​គាត់ ម្ដាយ​គាត់ និង​បង​ប្អូន​គាត់​ពិបាក​បម្រើ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់។ បង​យ៉ូសេហ្វ​និយាយ​ថា​៖ ​«​ម្ដាយ​ខ្ញុំ​ខំ​ធ្វើ​ឲ្យ​មាន​សន្តិភាព​នៅ​ផ្ទះ។ កាល​ដែល​ឪពុក​ខ្ញុំ​កាន់​តែ​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្តា ម្ដាយ​ខ្ញុំ​កាន់​តែ​ប្រព្រឹត្ត​ដោយ​សប្បុរស។ ពេល​ដែល​ម្ដាយ​ខ្ញុំ​ឃើញ​ថា​យើង​ពិបាក​បង្ហាញ​ការ​គោរព​និង​មិន​សូវ​ស្ដាប់​បង្គាប់​ឪពុក​យើង គាត់​ពិគ្រោះ​អេភេសូរ ៦:១​-​៣​ជា​មួយ​យើង។ ក្រោយ​មក គាត់​ប្រាប់​យើង​អំពី​គុណ​សម្បត្តិ​របស់​ឪពុក ហើយ​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​យើង​គួរ​តែ​ឲ្យ​តម្លៃ​គាត់។ នេះ​បាន​ជួយ​ក្រុម​គ្រួសារ​យើង​ឲ្យ​មាន​សន្តិភាព​»។

ចូរ​បង្រៀន​កូន​តាម​រយៈ​អ្វី​ដែល​អ្នក​ធ្វើ

១២. តើ​ធីម៉ូថេ​ទី​២ ១:៥​បង្ហាញ​យ៉ាង​ណា​ថា​គំរូ​របស់​អឺនីស​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​ធីម៉ូថេ?

១២ សូម​អាន ធីម៉ូថេ​ទី​២ ១:៥ អឺនីស​បាន​ទុក​គំរូ​ល្អ​ឲ្យ​ធីម៉ូថេ។ គាត់​ច្បាស់​ជា​បាន​បង្រៀន​ធីម៉ូថេ​ថា​ជំនឿ​ពិត​ប្រាកដ​ស​ឲ្យ​ឃើញ​តាម​រយៈ​ការ​ប្រព្រឹត្ត។ (​យ៉ា. ២:២៦​) ធីម៉ូថេ​ទំនង​ជា​បាន​សង្កេត​ឃើញ​ថា ការ​ប្រព្រឹត្ត​របស់​ម្ដាយ​គាត់​គឺ​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា។ គាត់​ក៏​ប្រាកដ​ជា​បាន​ឃើញ​ថា ម្ដាយ​របស់​គាត់​មាន​អំណរ​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ធីម៉ូថេ? ដូច​ប៉ូល​បាន​ប្រាប់ ធីម៉ូថេ​មាន​ជំនឿ​មាំ​មួន​ដូច​ម្ដាយ​គាត់។ នេះ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។ ធីម៉ូថេ​បាន​សង្កេត​មើល​គំរូ​របស់​ម្ដាយ​គាត់ ហើយ​សម្រេច​ចិត្ត​ធ្វើ​តាម។ ស្រដៀង​គ្នា​ដែរ ម្ដាយ​ជា​ច្រើន​នាក់​នៅ​សព្វ​ថ្ងៃ​នេះ​បាន​ជួយ​សមាជិក​ក្រុម​គ្រួសារ​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​«​ដោយ​មិន​ចាំ​បាច់ . . . បញ្ចេញ​ពាក្យ​សម្ដី​មួយ​ម៉ាត់​ឡើយ​»។ (​១ពេ. ៣:១, ២​) អ្នក​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ។ តើ​តាម​របៀប​ណា?

១៣. ហេតុ​អ្វី​ម្ដាយ​គួរ​ចាត់​ទុក​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត?

១៣ ចូរ​ចាត់​ទុក​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត។ (​បច. ៦:៥, ៦​) ដូច​ម្ដាយ​ភាគ​ច្រើន អ្នក​ធ្វើ​ការ​លះបង់​ជា​ច្រើន​ដូច​ជា ពេល​វេលា លុយ ការ​ដេក និង​អ្វី​ៗ​ផ្សេង​ទៀត​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​កូន។ ប៉ុន្តែ អ្នក​មិន​គួរ​ជាប់​រវល់​ខ្លាំង​ពេក​ក្នុង​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​ទាំង​នោះ រហូត​ដល់​គ្មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា​ឡើយ។ សូម​លៃ​ទុក​ពេល​ដើម្បី​អធិដ្ឋាន​ម្នាក់​ឯង សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន និង​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់។ ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​ទុក​គំរូ​ល្អ​ឲ្យ​ក្រុម​គ្រួសារ​អ្នក ព្រម​ទាំង​អ្នក​ឯ​ទៀត​ផង​ដែរ។

១៤​-​១៥. តើ​អ្នក​រៀន​អ្វី​ពី​គំរូ​របស់​បង​លីអាន បង​ម៉ារៀ និង​បង​ជូវ៉ាវ?

១៤ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​ប្អូន​ៗ​វ័យ​ក្មេង​ខ្លះ​ដែល​បាន​រៀន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ទុក​ចិត្ត​លោក ដោយ​សង្កេត​មើល​គំរូ​របស់​ម្ដាយ​ពួក​គេ។ បង​ស្រី​លីអាន​ដែល​ជា​កូន​របស់​បង​គ្រីស្ទីន​និយាយ​ថា​៖ ​«​យើង​មិន​អាច​សិក្សា​គម្ពីរ​បាន​ទេ ពេល​ដែល​ឪពុក​យើង​នៅ​ផ្ទះ។ ប៉ុន្តែ ម្ដាយ​ខ្ញុំ​តែង​តែ​ចូល​រួម​កិច្ច​ប្រជុំ។ ទោះ​ជា​យើង​មិន​សូវ​ស្គាល់​គម្ពីរ​ក្ដី ការ​ប្រព្រឹត្ត​របស់​គាត់​បាន​ជួយ​ខ្ញុំ​និង​បង​ប្អូន​ខ្ញុំ​ឲ្យ​មាន​ជំនឿ​រឹង​មាំ។ យើង​ដឹង​ថា​សាក្សី​ព្រះ​យេហូវ៉ា​បង្រៀន​សេចក្ដី​ពិត មុន​យើង​ចូល​រួម​កិច្ច​ប្រជុំ​ទៅ​ទៀត​»។

១៥ ជួន​កាល ឪពុក​របស់​បង​ស្រី​ម៉ារៀ​បាន​ជេរ​ប្រមាថ​និង​ប្រើ​អំពើ​ហិង្សា​លើ​គាត់ បង​ប្អូន​គាត់ និង​ម្ដាយ​គាត់ ដោយ​សារ​ពួក​គេ​ចូល​រួម​កិច្ច​ប្រជុំ។ បង​ម៉ារៀ​និយាយ​ថា​៖ ​«​ម្ដាយ​ខ្ញុំ​ជា​ស្ត្រី​ម្នាក់​ដែល​មាន​ចិត្ត​ក្លាហាន​បំផុត។ ជួន​កាល​ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិន​ព្រម​ធ្វើ​អ្វី​ណា​មួយ ដោយ​សារ​ខ្លាច​ថា​គេ​នឹង​និយាយ​អ្វី​អំពី​ខ្ញុំ។ ប៉ុន្តែ ពេល​ខ្ញុំ​ឃើញ​ម្ដាយ​ខ្ញុំ​មាន​ចិត្ត​ក្លាហាន ហើយ​តែង​តែ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​មនុស្ស​»។ ឪពុក​របស់​បង​ប្រុស​ជូវ៉ាវ​បាន​ហាម​ក្រុម​គ្រួសារ​មិន​ឲ្យ​និយាយ​អំពី​ព្រះ​យេហូវ៉ា ឬ​គម្ពីរ​នៅ​ផ្ទះ។ បង​ជូវ៉ាវ​និយាយ​ថា​៖ ​«​អ្វី​ដែល​ប្រហែល​ជា​បាន​ជួយ​ខ្ញុំ​ច្រើន​បំផុត​គឺ​ម្ដាយ​ខ្ញុំ​សុខ​ចិត្ត​លះ​បង់​អ្វី​ៗ​ទាំង​អស់​ដើម្បី​ធ្វើ​ឲ្យ​ឪពុក​ខ្ញុំ​ពេញ​ចិត្ត លើក​លែង​តែ​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា​»។

១៦. តើ​គំរូ​របស់​ម្ដាយ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ឯ​ទៀត?

១៦ ម្ដាយ​ទាំង​ឡាយ សូម​ចាំ​ថា​គំរូ​របស់​អ្នក​មាន​ឥទ្ធិពល​លើ​អ្នក​ឯ​ទៀត។ តើ​តាម​របៀប​ណា? សូម​គិត​អំពី​ឥទ្ធិពល​ដែល​គំរូ​របស់​អឺនីស​មាន​ទៅ​លើ​សាវ័ក​ប៉ូល។ ប៉ូល​បាន​កត់​សម្គាល់​ថា​ជំនឿ​ដែល​គ្មាន​ពុត​ត្បុត​របស់​ធីម៉ូថេ​‹ជា​ជំនឿ​ដែល​អឺនីស​មាន​មុន›។ (​២ធី. ១:៥​) តើ​ប៉ូល​បាន​កត់​សម្គាល់​ជា​លើក​ដំបូង​អំពី​ជំនឿ​របស់​អឺនីស​នៅ​ពេល​ណា? គឺ​ទំនង​ជា​ក្នុង​អំឡុង​ដំណើរ​លើក​ទី​១​ជា​សាសនទូត​របស់​ប៉ូល​ដែល​គាត់​បាន​ជួប​ឡូអ៊ីស​និង​អឺនីស​នៅ​ក្រុង​លីស្ត្រា ហើយ​គាត់​ប្រហែល​ជា​បាន​ជួយ​ពួក​គាត់​ឲ្យ​ទៅ​ជា​គ្រិស្ត​សាសនិក។ (​សកម្ម. ១៤:៤​-​១៨​) សូម​គិត ប្រហែល​ជា​១៥​ឆ្នាំ​ក្រោយ​មក ពេល​ប៉ូល​សរសេរ​សំបុត្រ​ទៅ​ធីម៉ូថេ ប៉ូល​នៅ​តែ​ចាំ​ការ​ប្រព្រឹត្ត​ដ៏​ស្មោះ​ត្រង់​របស់​អឺនីស ហើយ​បាន​យក​គាត់​ជា​គំរូ​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​តាម។ យើង​អាច​ឃើញ​ច្បាស់​ថា​គំរូ​របស់​អឺនីស​មាន​ឥទ្ធិពល​យ៉ាង​យូរ​ទៅ​លើ​សាវ័ក​ប៉ូល ហើយ​ក៏​ទំនង​ជា​មាន​ឥទ្ធិពល​ទៅ​លើ​គ្រិស្ត​សាសនិក​ជា​ច្រើន​ទៀត​នៅ​សតវត្សរ៍​ទី​១​ដែរ។ ដូច្នេះ បើ​អ្នក​កំពុង​ចិញ្ចឹម​អប់រំ​កូន​ដោយ​គ្មាន​គូ ឬ​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​ជំនឿ​ខុស​គ្នា សូម​ដឹង​ថា​គំរូ​របស់​អ្នក​អាច​ពង្រឹង​កម្លាំង​ចិត្ត​និង​ជំរុញ​ចិត្ត​បុគ្គល​ដែល​នៅ​ជុំ​វិញ​អ្នក។

ការ​ជួយ​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​គឺ​ត្រូវ​ការ​ពេល។ សូម​កុំ​ឈប់​ព្យាយាម! (​សូម​មើល​វគ្គ​១៧​)

១៧. តើ​អ្នក​គួរ​ធ្វើ​អ្វី​បើ​ការ​ខំ​ប្រឹង​របស់​អ្នក​ដើម្បី​បង្ហាត់​បង្រៀន​កូន​មើល​ទៅ​មិន​សូវ​បង្កើត​ផល?

១៧ ចុះ​យ៉ាង​ណា​បើ​អ្នក​ខំ​ប្រឹង​ព្យាយាម​បង្ហាត់​បង្រៀន​កូន​របស់​អ្នក ប៉ុន្តែ​មើល​ទៅ​មិន​សូវ​កើត​ផល? សូម​ចាំ​ថា​ការ​បង្ហាត់​បង្រៀន​កូន​ត្រូវ​ការ​ពេល។ ដូច​បាន​បង្ហាញ​ក្នុង​រូប​ភាព ពេល​ដាំ​ដំណាំ ជួន​កាល​អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​តើ​ដំណាំ​នោះ​នឹង​ដុះ​លូត​លាស់ ហើយ​បង្កើត​ផល​ឬ​ក៏​យ៉ាង​ណា។ ទោះ​ជា​អ្នក​មិន​អាច​កំណត់​លទ្ធផល​ក្ដី អ្នក​បន្ត​ស្រោច​ទឹក​ដំណាំ​នោះ​ដើម្បី​ទុក​ឱកាស​កាន់​តែ​ច្រើន​ឲ្យ​វា​ដុះ​លូត​លាស់។ (​ម៉ាក. ៤:២៦​-​២៩​) ស្រដៀង​គ្នា​ដែរ ក្នុង​នាម​ជា​ម្ដាយ ជួន​កាល​អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​តើ​កូន​របស់​អ្នក​នឹង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា។ អ្នក​មិន​អាច​កំណត់​លទ្ធផល​បាន​ទេ។ ប៉ុន្តែ បើ​អ្នក​បន្ត​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាត់​បង្រៀន​កូន អ្នក​កំពុង​ទុក​ឱកាស​កាន់​តែ​ច្រើន​ឲ្យ​ពួក​គេ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា។—សុភ. ២២:៦

ចូរ​ពឹង​ជំនួយ​ពី​ព្រះ​យេហូវ៉ា

១៨. តើ​ព្រះ​យេហូវ៉ា​អាច​ជួយ​កូន​អ្នក​ឲ្យ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក​យ៉ាង​ដូច​ម្ដេច?

១៨ តាំង​ពី​សម័យ​គម្ពីរ ព្រះ​យេហូវ៉ា​បាន​ជួយ​មនុស្ស​វ័យ​ក្មេង​រាប់​មិន​អស់​ឲ្យ​ទៅ​ជា​សម្លាញ់​របស់​លោក។ (​ចសព. ២២:៩, ១០​) លោក​ក៏​អាច​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក​ដែរ បើ​ពួក​គេ​ចង់។ (​១កូ. ៣:៦, ៧​) ទោះ​ជា​មើល​ទៅ​កូន​របស់​អ្នក​រសាត់​ចេញ​ពី​ព្រះ​យេហូវ៉ា​ក្ដី លោក​នឹង​បន្ត​ស្រឡាញ់​ពួក​គេ។ (​ចសព. ១១:៤​) បើ​កូន​របស់​អ្នក​បង្ហាញ​«​ចិត្ត​គំនិត​ត្រឹម​ត្រូវ​»​សូម្បី​តែ​បន្តិច ក៏​លោក​នឹង​ប្រុង​ប្រៀប​ជួយ​ពួក​គេ​ឲ្យ​ទៅ​ជា​សម្លាញ់​របស់​លោក។ (​សកម្ម. ១៣:៤៨; ២ប្រ. ១៦:៩​) លោក​អាច​ជួយ​អ្នក​ឲ្យ​និយាយ​អ្វី​ដែល​ត្រឹម​ត្រូវ​និង​ចំ​ពេល នៅ​ពេល​ដែល​កូន​របស់​អ្នក​ត្រូវ​ការ​បំផុត។ (​សុភ. ១៥:២៣​) ឬ​លោក​ប្រហែល​ជា​ជំរុញ​ចិត្ត​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​កូន​របស់​អ្នក។ ទោះ​ជា​កូន​របស់​អ្នក​ធំ​ហើយ​ក្ដី ព្រះ​យេហូវ៉ា​អាច​ជួយ​ពួក​គេ​ឲ្យ​នឹក​ឃើញ​អ្វី​ដែល​អ្នក​ធ្លាប់​បង្រៀន​ពួក​គេ​កាល​ពី​តូច។ (​យ៉ូន. ១៤:២៦​) ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​រង្វាន់​ដល់​អ្នក ពេល​អ្នក​បន្ត​ព្យាយាម​បង្ហាត់​បង្រៀន​កូន​តាម​រយៈ​ពាក្យ​សម្ដី​និង​គំរូ។

១៩. ហេតុ​អ្វី​អ្នក​អាច​ប្រាកដ​ថា​អ្នក​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា?

១៩ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​មិន​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​កូន​អ្នក​ទេ។ ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក ដោយ​សារ​អ្នក​ស្រឡាញ់​លោក។ បើ​អ្នក​ជា​ស្ត្រី​មេម៉ាយ ព្រះ​យេហូវ៉ា​សន្យា​ថា លោក​នឹង​ធ្វើ​ជា​ឪពុក​ដល់​កូន​អ្នក ហើយ​ជា​អ្នក​ការ​ពារ​អ្នក។ (​ចសព. ៦៨:៥​) អ្នក​មិន​អាច​កំណត់​ថា​កូន​របស់​អ្នក​នឹង​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា​ទេ។ ប៉ុន្តែ បើ​អ្នក​បន្ត​ពឹង​ជំនួយ​ពី​លោក​និង​ខំ​អស់​ពី​សមត្ថភាព អ្នក​នឹង​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក។

ចម្រៀង​លេខ​១៣៤ កូន​ៗ​ជា​អំណោយ​មក​ពី​ព្រះ

^ វគ្គ 5 ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ប្រយោជន៍​ដែល​ម្ដាយ​គ្រិស្ត​សាសនិក​អាច​ទទួល​ពី​ការ​រៀន​អំពី​គំរូ​របស់​អឺនីស​ដែល​ជា​ម្ដាយ​ធីម៉ូថេ និង​របៀប​ដែល​ពួក​គេ​អាច​ជួយ​កូន​ឲ្យ​ស្គាល់​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា។

^ វគ្គ 4 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 9 ជា​ឧទាហរណ៍ សូម​មើល​មេ​រៀន​ទី​៥០​ក្នុង​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! និង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ជំនួយ​សម្រាប់​ក្រុម​គ្រួសារ​»​ក្នុង​កិច្ច​បម្រើ​ព្រះ ខែ​មករា ឆ្នាំ​២០១១ ទំព័រ​៣​-​៦