លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៨

របៀបកំណត់និងសម្រេចគោលដៅក្នុងការបម្រើព្រះ

របៀបកំណត់និងសម្រេចគោលដៅក្នុងការបម្រើព្រះ

​«​ចូរ​រំពឹង​គិត​អំពី​ការ​ទាំង​នេះ។ ចូរ​ជក់​ចិត្ត​គំនិត​នឹង​ការ​ទាំង​នេះ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​កំពុង​រីក​ចម្រើន​»។—១ធី. ៤:១៥

ចម្រៀង​លេខ​៨៤ ចូរ​ខំ​ព្យាយាម

សេចក្ដី​សង្ខេប *

១. តើ​យើង​អាច​មាន​គោល​ដៅ​បែប​ណា​ក្នុង​កិច្ច​បម្រើ​ព្រះ?

 ដោយ​សារ​យើង​ជា​គ្រិស្ត​សាសនិក​ពិត យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់ ហើយ​ចង់​បម្រើ​លោក​ឲ្យ​អស់​ពី​សមត្ថភាព។ ប៉ុន្តែ​ដើម្បី​ធ្វើ​ដូច្នេះ យើង​ត្រូវ​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​លោក ដូច​ជា​បណ្ដុះ​គុណ​សម្បត្តិ​ផ្សេង​ៗ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង រៀន​ជំនាញ​ថ្មី​ឬ​បង្កើន​សមត្ថភាព​របស់​យើង និង​ស្វែង​រក​វិធី​ដើម្បី​បម្រើ​អ្នក​ឯ​ទៀត។ *

២. ហេតុ​អ្វី​យើង​គួរ​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ ហើយ​ខំ​ប្រឹង​សម្រេច​គោល​ដៅ​ទាំង​នោះ?

ហេតុ​អ្វី​យើង​គួរ​មាន​បំណង​ចិត្ត​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង? មូលហេតុ​ចម្បង គឺ​យើង​ចង់​ធ្វើ​ឲ្យ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​យើង​ពេញ​ចិត្ត។ ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត ពេល​លោក​ឃើញ​យើង​ប្រើ​សមត្ថភាព​និង​ទេព​កោសល្យ​របស់​យើង​ឲ្យ​បាន​ច្រើន​បំផុត​ក្នុង​កិច្ច​បម្រើ​លោក។ បន្ថែម​ទៅ​ទៀត យើង​ចង់​រីក​ចម្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ ដើម្បី​យើង​អាច​ជួយ​បង​ប្អូន​របស់​យើង​ច្រើន​ជាង។ (​១ថែ. ៤:៩, ១០​) មិន​ថា​យើង​បាន​នៅ​ក្នុង​សេចក្ដី​ពិត​យូរ​យ៉ាង​ណា​ក្ដី យើង​ទាំង​អស់​គ្នា​អាច​រីក​ចម្រើន​បាន។ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ។

៣. ដូច​បាន​ត្រូវ​កត់​ទុក​នៅ​ធីម៉ូថេ​ទី​១ ៤:១២​-​១៦ តើ​សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​ធ្វើ​អ្វី?

ពេល​សាវ័ក​ប៉ូល​បាន​សរសេរ​សំបុត្រ​ទី​១​របស់​គាត់​ទៅ​កាន់​ធីម៉ូថេ បុរស​វ័យ​ក្មេង​ដ៏​ល្អ​នេះ​គឺ​ជា​អ្នក​ចាស់​ទុំ​ដែល​មាន​បទ​ពិសោធន៍​រួច​ហើយ។ ប៉ុន្តែ ប៉ូល​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​បន្ត​រីក​ចម្រើន​ថែម​ទៀត​ក្នុង​កិច្ច​បម្រើ​ព្រះ។ (​សូម​អាន ធីម៉ូថេ​ទី​១ ៤:១២​-​១៦) កាល​ដែល​អ្នក​គិត​អំពី​ពាក្យ​របស់​ប៉ូល អ្នក​នឹង​ឃើញ​ថា​គាត់​ចង់​ឲ្យ​ធីម៉ូថេ​រីក​ចម្រើន​តាម​របៀប​ពីរ​យ៉ាង​គឺ​៖ ដោយ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ជា​គ្រិស្ត​សាសនិក​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ដូច​ជា សេចក្ដី​ស្រឡាញ់ ជំនឿ និង​សេចក្ដី​បរិសុទ្ធ ហើយ​ដោយ​បង្កើន​សមត្ថភាព​ក្នុង​ការ​អាន​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់ ក្នុង​ការ​លើក​ទឹក​ចិត្ត និង​ក្នុង​ការ​បង្រៀន​ជា​ដើម។ ដោយ​គិត​អំពី​គំរូ​របស់​ធីម៉ូថេ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​ការ​កំណត់​គោល​ដៅ​ដ៏​សម​ហេតុ​សម​ផល​អាច​ជួយ​យើង​ឲ្យ​រីក​ចម្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ។ យើង​ក៏​នឹង​ពិចារណា​អំពី​របៀប​មួយ​ចំនួន​ដែល​យើង​អាច​បង្កើន​កិច្ច​បម្រើ​ផ្សាយ។

ចូរ​បណ្ដុះ​គុណ​សម្បត្តិ​ជា​គ្រិស្ត​សាសនិក​ឲ្យ​កាន់​តែ​ប្រសើរ

៤. យោង​ទៅ​តាម​ភីលីព ២:១៩​-​២២ តើ​អ្វី​ធ្វើ​ឲ្យ​ធីម៉ូថេ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល​មាន​ប្រយោជន៍?

តើ​អ្វី​ធ្វើ​ឲ្យ​ធីម៉ូថេ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល​មាន​ប្រយោជន៍? គឺ​គុណ​សម្បត្តិ​ដ៏​គួរ​ឲ្យ​សរសើរ​របស់​គាត់។ (​សូម​អាន ភីលីព ២:១៩​-​២២) តាម​រយៈ​ការ​រៀប​រាប់​របស់​ប៉ូល​អំពី​ធីម៉ូថេ យើង​ឃើញ​ថា​ធីម៉ូថេ​ជា​បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប ស្មោះ​ត្រង់ ខ្នះខ្នែង និង​គួរ​ឲ្យ​ទុក​ចិត្ត។ ម្យ៉ាង​ទៀត គាត់​ជា​បុគ្គល​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ និង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​បង​ប្អូន​ឯ​ទៀត។ ដោយ​ហេតុ​នេះ ប៉ូល​ស្រឡាញ់​ធីម៉ូថេ ហើយ​មិន​ស្ទាក់​ស្ទើរ​ប្រគល់​ភារកិច្ច​ដែល​ពិបាក​ដល់​ធីម៉ូថេ​ឡើយ។ (​១កូ. ៤:១៧​) ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​នឹង​ស្រឡាញ់​យើង ហើយ​យើង​នឹង​ទៅ​ជា​បុគ្គល​ដែល​កាន់​តែ​មាន​ប្រយោជន៍​ដល់​ក្រុម​ជំនុំ ពេល​ដែល​យើង​បណ្ដុះ​គុណ​សម្បត្តិ​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់។—ចសព. ២៥:៩; ១៣៨:៦

សូម​ជ្រើស​រើស​គុណ​សម្បត្តិ​មួយ​ដែល​អ្នក​ចង់​បណ្ដុះ​ឲ្យ​មាន​កាន់​តែ​ប្រសើរ​ឡើង (​សូម​មើល​វគ្គ​៥​-​៦​)

៥. (​ក​) តើ​តាម​របៀប​ណា​អ្នក​អាច​កំណត់​គោល​ដៅ​ឲ្យ​មាន​គុណ​សម្បត្តិ​ជា​គ្រិស្ត​សាសនិក​កាន់​តែ​ប្រសើរ​ឡើង? (​ខ​) ដូច​បាន​បង្ហាញ​ក្នុង​រូប​ភាព តើ​បង​ស្រី​ម្នាក់​ខំ​សម្រេច​គោល​ដៅ​របស់​គាត់​ដើម្បី​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​ចំពោះ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

សូម​ជ្រើស​រើស​គោល​ដៅ​ជាក់​លាក់​មួយ។ សូម​អធិដ្ឋាន​និង​គិត​ពិចារណា​អំពី​ផ្នែក​ផ្សេង​ៗ​នៃ​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ដែល​អ្នក​ចង់​កែ​ប្រែ​ឲ្យ​ល្អ​ប្រសើរ​ជាង។ សូម​ជ្រើស​រើស​គុណ​សម្បត្តិ​ជាក់​លាក់​មួយ។ ជា​ឧទាហរណ៍ តើ​អ្នក​អាច​មាន​សេចក្ដី​អាណិត​មេត្តា​ច្រើន​ជាង ឬ​មាន​បំណង​ចិត្ត​កាន់​តែ​ខ្លាំង​ឲ្យ​ជួយ​បង​ប្អូន​រួម​ជំនឿ​ឬ​ទេ? តើ​អ្នក​ត្រូវ​ខំ​ធ្វើ​ឲ្យ​មាន​សន្តិភាព និង​កាន់​តែ​ចេះ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ឬ​ទេ? អ្នក​អាច​សុំ​ជំនួយ​ពី​មិត្ត​ជិត​ស្និទ្ធ​ដើម្បី​ដឹង​អំពី​របៀប​ដែល​អ្នក​អាច​រីក​ចម្រើន។—សុភ. ២៧:៦

៦. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​រីក​ចម្រើន​ក្នុង​ការ​បង្ហាញ​គុណ​សម្បត្តិ​ណា​មួយ?

ចូរ​ខំ​ព្យាយាម​សម្រេច​គោល​ដៅ​របស់​អ្នក។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? របៀប​មួយ​គឺ​ដោយ​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​អំពី​គុណ​សម្បត្តិ​ដែល​អ្នក​ចង់​រីក​ចម្រើន។ ឧបមា​ថា បើ​អ្នក​ចង់​កាន់​តែ​ចេះ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត អ្នក​អាច​ចាប់​ផ្ដើម​ដោយ​អាន​និង​រំពឹង​គិត​អំពី​គំរូ​ក្នុង​គម្ពីរ​ស្ដី​អំពី​ពួក​អ្នក​ដែល​សុខ​ចិត្ត​អភ័យ​ទោស​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ និង​ពួក​អ្នក​ដែល​មិន​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។ សូម​គិត​អំពី​គំរូ​របស់​លោក​យេស៊ូ។ លោក​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។ (​លូក. ៧:៤៧, ៤៨​) លោក​ក៏​មិន​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​កំហុស​របស់​ពួក​គេ​ទេ។ តែ​លោក​គិត​អំពី​អ្វី​ដែល​ពួក​គេ​អាច​សម្រេច​បាន។ ផ្ទុយ​ពី​លោក​យេស៊ូ ពួក​ផារិស៊ី​នៅ​សម័យ​របស់​លោក ​«​ចាត់​ទុក​អ្នក​ដទៃ​ថា​គ្មាន​តម្លៃ​សោះ​»។ (​លូក. ១៨:៩​) ក្រោយ​ពី​រំពឹង​គិត​អំពី​គំរូ​ទាំង​នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​មើល​អ្នក​ឯ​ទៀត​ថា​ពួក​គេ​ជា​មនុស្ស​បែប​ណា? តើ​ខ្ញុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​ណា​ខ្លះ​របស់​ពួក​គេ?›។ បើ​អ្នក​ពិបាក​អភ័យ​ទោស​ឲ្យ​បុគ្គល​ណា​ម្នាក់ សូម​ព្យាយាម​រក​នឹក​សរសេរ​គុណ​សម្បត្តិ​របស់​គាត់​ឲ្យ​បាន​ច្រើន។ រួច​មក សូម​សួរ​ខ្លួន​ឯង​ថា ‹តើ​លោក​យេស៊ូ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​បុគ្គល​នោះ? តើ​លោក​យេស៊ូ​នឹង​អភ័យ​ទោស​ឲ្យ​គាត់​ឬ​ទេ?›។ បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​កែ​ប្រែ​របៀប​គិត​គូរ​របស់​យើង។ ដំបូង យើង​ប្រហែល​ជា​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​អភ័យ​ទោស​ឲ្យ​បុគ្គល​ដែល​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត។ ប៉ុន្តែ​បើ​យើង​បន្ត​ព្យាយាម​កាន់​តែ​ខ្លាំង យូរ​ៗ​ទៅ​យើង​នឹង​កាន់​តែ​ចេះ​អភ័យ​ទោស​ឲ្យ​បុគ្គល​នោះ។

ចូរ​រៀន​ជំនាញ​ដែល​មាន​ប្រយោជន៍

សូម​ស្នើ​សុំ​រៀន​ធ្វើ​កិច្ច​ការ​ថែ​ទាំ​នៅ​សាល​ប្រជុំ (​សូម​មើល​វគ្គ​៧​) *

៧. ដូច​បាន​បង្ហាញ​នៅ​សុភាសិត ២២:២៩ តើ​ព្រះ​យេហូវ៉ា​ប្រើ​អ្នក​ដែល​ប៉ិន​ប្រសប់​ធ្វើ​ការ​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

គោល​ដៅ​ផ្សេង​ទៀត​ដែល​អ្នក​អាច​កំណត់ គឺ​រៀន​ជំនាញ​មួយ។ សូម​គិត​ទៅ​មើល ដើម្បី​សង់​អគារ​បេតអែល សាល​សន្និបាត និង​សាល​ប្រជុំ តើ​ត្រូវ​ការ​អ្នក​ធ្វើ​ការ​ប៉ុន្មាន​នាក់? បង​ប្អូន​ជា​ច្រើន​នាក់​បាន​រៀន​ឲ្យ​ចេះ​ធ្វើ​កិច្ច​ការ​នោះ ដោយ​រួម​កិច្ច​ការ​ជា​មួយ​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍។ ដូច​បាន​បង្ហាញ​ក្នុង​រូប​ភាព ទាំង​បង​ប្អូន​ប្រុស​ទាំង​បង​ប្អូន​ស្រី​កំពុង​រៀន​ជំនាញ​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​ថែ​ទាំ​សាល​សន្និបាត​និង​សាល​ប្រជុំ។ តាម​របៀប​នេះ​និង​របៀប​ផ្សេង​ទៀត ព្រះ​យេហូវ៉ា​ដែល​ជា​«​ស្ដេច​ដែល​រស់​ជា​រៀង​រហូត​»​ និង​លោក​យេស៊ូ​គ្រិស្ត​ដែល​«​ជា​ស្ដេច​លើ​អស់​អ្នក​ដែល​គ្រប់​គ្រង​ជា​ស្ដេច​»​កំពុង​សម្រេច​អ្វី​ៗ​ដ៏​អស្ចារ្យ ដោយ​ប្រើ​អ្នក​ធ្វើ​កិច្ចការ​ដែល​មាន​ជំនាញ។ (​១ធី. ១:១៧; ៦:១៥; សូម​អាន សុភាសិត ២២:២៩) យើង​ចង់​ខំ​ប្រឹង​ធ្វើ​កិច្ច​ការ​នឿយ​ហត់ ហើយ​ប្រើ​ជំនាញ​របស់​យើង​ដើម្បី​លើក​តម្កើង​ព្រះ​យេហូវ៉ា មិន​មែន​ខ្លួន​យើង​ទេ។—យ៉ូន. ៨:៥៤

៨. តើ​អ្នក​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​អ្នក​គួរ​រៀន​ជំនាញ​ឬ​បង្កើន​សមត្ថភាព​ណា?

សូម​ជ្រើស​រើស​គោល​ដៅ​ជាក់​លាក់​មួយ។ តើ​អ្នក​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ជំនាញ​ឬ​សមត្ថភាព​អ្វី? សូម​សួរ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ និង​ប្រហែល​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​អំពី​គំនិត​របស់​ពួក​គេ ដើម្បី​ដឹង​ថា​មាន​ជំនាញ​ណា​ដែល​អ្នក​អាច​រីក​ចម្រើន​បាន។ ជា​ឧទាហរណ៍ បើ​ពួក​គេ​ជូន​យោបល់​អ្នក​ឲ្យ​បង្កើន​សមត្ថភាព​ក្នុង​ការ​ថ្លែង​សុន្ទរកថា​និង​ការ​បង្រៀន សូម​សុំ​ពួក​គេ​ឲ្យ​ជួយ​អ្នក​កត់​សម្គាល់​ចំណុច​ហាត់​រៀន​ណា​មួយ​ដែល​អ្នក​អាច​រីក​ចម្រើន។ បន្ទាប់​មក សូម​ព្យាយាម​ធ្វើ​តាម​ចំណុច​នោះ។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

៩. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​សម្រេច​គោល​ដៅ​រៀន​ជំនាញ​ឬ​បង្កើន​សមត្ថភាព​មួយ?

ចូរ​ខំ​ព្យាយាម​សម្រេច​គោល​ដៅ​របស់​អ្នក។ ឧបមា​ថា អ្នក​ចង់​បង្កើន​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​បង្រៀន។ អ្នក​អាច​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​នូវ​សៀវភៅ​ស្ដើង​ចូរ​ព្យាយាម​ក្នុង​ការ​អាន​និង​ការ​បង្រៀន ពេល​អ្នក​មាន​ផ្នែក​ណា​មួយ​នៅ​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក អ្នក​អាច​សុំ​បង​ប្អូន​ប្រុស​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឲ្យ​ស្ដាប់​សុន្ទរកថា​របស់​អ្នក​មុន​ពេល​អ្នក​ថ្លែង​នៅ​កិច្ច​ប្រជុំ ហើយ​សុំ​គាត់​ឲ្យ​ផ្ដល់​យោបល់​អំពី​របៀប​ដែល​អ្នក​អាច​រីក​ចម្រើន។ សូម​ខំ​ព្យាយាម​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ជា​មនុស្ស​ឧស្សាហ៍​និង​គួរ​ឲ្យ​ទុក​ចិត្ត មិន​គ្រាន់​តែ​ជា​អ្នក​ដែល​មាន​ជំនាញ​ឬ​សមត្ថភាព​ប៉ុណ្ណោះ​ទេ។—សុភ. ២១:៥; ២កូ. ៨:២២

១០. សូម​លើក​ឧទាហរណ៍​អំពី​របៀប​រៀន​ចេះ​ធ្វើ​អ្វី​មួយ។

១០ ចុះ​យ៉ាង​ណា​បើ​អ្នក​ចង់​រៀន​ចេះ​ធ្វើ​អ្វី​មួយ​ដែល​អ្នក​មិន​សូវ​មាន​ដុង? សូម​កុំ​ឈប់​ព្យាយាម! ពី​មុន បង​ប្រុស​ម្នាក់​ឈ្មោះ​ហ្គារី​មិន​សូវ​ចេះ​អាន​អក្សរ​ទេ។ គាត់​នឹក​ចាំ​ថា គាត់​ធ្លាប់​ខ្មាស​គេ​យ៉ាង​ខ្លាំង​ពេល​គាត់​អាន​ឮ​ៗ​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ ប៉ុន្តែ គាត់​នៅ​តែ​ខំ​ព្យាយាម​រីក​ចម្រើន។ ឥឡូវ​នេះ​គាត់​និយាយ​ថា ដោយ​សារ​ការ​បង្ហាត់​បង្រៀន​ដែល​គាត់​បាន​ទទួល គាត់​អាច​ថ្លែង​សុន្ទរកថា​នៅ​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត។

១១. ដូច​ធីម៉ូថេ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ទទួល​ភារកិច្ច​ថែម​ទៀត?

១១ តើ​ធីម៉ូថេ​បាន​ទៅ​ជា​អ្នក​ពូកែ​ថ្លែង​សុន្ទរកថា​និង​បង្រៀន​ឬ​ទេ? គម្ពីរ​មិន​ចែង​ទេ។ ប៉ុន្តែ ធីម៉ូថេ​ច្បាស់​ជា​បាន​បំពេញ​ភារកិច្ច​របស់​គាត់​កាន់​តែ​ល្អ​ប្រសើរ កាល​ដែល​គាត់​ធ្វើ​តាម​យោបល់​របស់​ប៉ូល។ (​២ធី. ៣:១០​) ស្រដៀង​គ្នា​ដែរ បើ​យើង​បង្កើន​ជំនាញ​ឬ​សមត្ថភាព​របស់​យើង នោះ​យើង​នឹង​មាន​សមត្ថភាព​ដើម្បី​ទទួល​ភារកិច្ច​ថែម​ទៀត។

ចូរ​រក​វិធី​បម្រើ​អ្នក​ឯ​ទៀត

១២. តើ​អ្នក​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ជំនួយ​របស់​អ្នក​ឯ​ទៀត?

១២ យើង​ទាំង​អស់​គ្នា​ទទួល​ជំនួយ​ជា​ច្រើន​ពី​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ ពេល​យើង​ឈឺ​នៅ​មន្ទីរ​ពេទ្យ យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ការ​មក​សួរ​សុខ​ទុក្ខ​ពី​អ្នក​ចាស់​ទុំ​ដែល​ជា​សមាជិក​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ ឬ​ដែល​ជា​សមាជិក​ក្រុម​ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​ទៅ​ជួប​អ្នក​ជំងឺ។ ពេល​យើង​មាន​បញ្ហា​ក្នុង​ជីវិត យើង​ធូរ​ចិត្ត​ដែល​អ្នក​ចាស់​ទុំ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ ដោយ​ចំណាយ​ពេល​ស្ដាប់ និង​សម្រាល​ទុក្ខ​យើង។ ពេល​យើង​ពិបាក​ដឹក​នាំ​ការ​បង្រៀន​គម្ពីរ យើង​សប្បាយ​ចិត្ត​ដែល​អ្នក​ត្រួស​ត្រាយ​ដែល​មាន​បទ​ពិសោធន៍​ចូល​រួម​ការ​បង្រៀន​ជា​មួយ​យើង និង​ផ្ដល់​យោបល់​ផ្សេង​ៗ​ឲ្យ​យើង។ បង​ប្អូន​ទាំង​នេះ​សប្បាយ​រីករាយ​ជួយ​យើង។ យើង​ក៏​អាច​មាន​អំណរ​ដូច​ពួក​គេ​បាន​ដែរ បើ​យើង​សុខ​ចិត្ត​បម្រើ​អ្នក​ឯ​ទៀត។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។ (​សកម្ម. ២០:៣៥​) តើ​អ្វី​នឹង​ជួយ​អ្នក បើ​អ្នក​ចង់​ធ្វើ​ច្រើន​ជាង​ដើម្បី​ព្រះ​យេហូវ៉ា​តាម​របៀប​ទាំង​នេះ​ឬ​របៀប​ផ្សេង​ទៀត?

១៣. តើ​យើង​គួរ​ចាំ​អំពី​អ្វី​ពេល​យើង​កំណត់​គោល​ដៅ?

១៣ សូម​កុំ​កំណត់​គោល​ដៅ​ដែល​មិន​ជាក់​លាក់​ឡើយ។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​គិត​ថា ‹ខ្ញុំ​ចង់​ធ្វើ​ច្រើន​ជាង​ក្នុង​ក្រុម​ជំនុំ›។ ប៉ុន្តែ អ្នក​ប្រហែល​ជា​ពិបាក​ដឹង​ថា អ្នក​គួរ​សម្រេច​គោល​ដៅ​នោះ​តាម​របៀប​ណា ហើយ​អ្នក​ប្រហែល​ជា​មិន​អាច​ដឹង​ថា អ្នក​បាន​សម្រេច​គោល​ដៅ​នោះ​ហើយ​ឬ​នៅ​ទេ។ ដូច្នេះ សូម​ជ្រើស​រើស​គោល​ដៅ​ច្បាស់​មួយ។ អ្នក​ក៏​អាច​កត់​សរសេរ​គោល​ដៅ​និង​គម្រោង​អំពី​របៀប​ដែល​អ្នក​នឹង​សម្រេច​គោល​ដៅ​នោះ​ផង​ដែរ។

១៤. ហេតុ​អ្វី​យើង​ត្រូវ​ចេះ​បត់​បែន​ពេល​កំណត់​គោល​ដៅ?

១៤ យើង​ក៏​ត្រូវ​ចេះ​បត់​បែន​ពេល​កំណត់​គោល​ដៅ។ ហេតុ​អ្វី? ពីព្រោះ​យើង​មិន​អាច​គ្រប់​គ្រង​ស្ថានភាព​របស់​យើង​ទាំង​ស្រុង​បាន​ទេ។ ជា​ឧទាហរណ៍ សាវ័ក​ប៉ូល​បាន​ជួយ​បង្កើត​ក្រុម​ជំនុំ​ថ្មី​នៅ​ក្រុង​ថែស្សាឡូនិច។ គាត់​ច្បាស់​ជា​ចង់​ស្នាក់​នៅ​ទី​នោះ និង​ជួយ​គ្រិស្ត​សាសនិក​ថ្មី​ទាំង​នោះ។ ប៉ុន្តែ ដោយ​សារ​ពួក​អ្នក​ប្រឆាំង ប៉ូល​ត្រូវ​ចាក​ចេញ​ពី​ក្រុង​នោះ។ (​សកម្ម. ១៧:១​-​៥, ១០​) បើ​ប៉ូល​បន្ត​ស្នាក់​នៅ​ទី​នោះ នេះ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​បង​ប្អូន​ឯ​ទៀត។ ប៉ុន្តែ ប៉ូល​មិន​បាន​ឈប់​ព្យាយាម​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បត់​បែន​តាម​ស្ថានភាព​ថ្មី​នោះ។ ក្រោយ​មក គាត់​បាន​ចាត់​ធីម៉ូថេ​ឲ្យ​ទៅ​ជួយ​ពង្រឹង​ជំនឿ​របស់​គ្រិស្ត​សាសនិក​ថ្មី​នៅ​ក្រុង​ថែស្សាឡូនិច។ (​១ថែ. ៣:១​-​៣​) បង​ប្អូន​នៅ​ក្រុង​នោះ ច្បាស់​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​ធីម៉ូថេ​សុខ​ចិត្ត​ទៅ​កន្លែង​ណា​ក៏​ដោយ​ដែល​ត្រូវ​ការ​ជំនួយ!

១៥. តើ​ស្ថានភាព​ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន​អាច​មាន​ឥទ្ធិពល​ទៅ​លើ​គោល​ដៅ​របស់​យើង​យ៉ាង​ដូច​ម្ដេច? សូម​រៀប​រាប់​អំពី​បទ​ពិសោធន៍​មួយ។

១៥ យើង​អាច​រៀន​ពី​បទ​ពិសោធន៍​របស់​ប៉ូល​នៅ​ក្រុង​ថែស្សាឡូនិច។ យើង​ប្រហែល​ជា​កំពុង​ព្យាយាម​ឲ្យ​បាន​ឯកសិទ្ធិ​ណា​មួយ​ក្នុង​កិច្ច​បម្រើ​ព្រះ ប៉ុន្តែ​ស្ថានភាព​ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន ប្រហែល​ជា​រា​រាំង​យើង​ពី​ការ​ទទួល​ឯកសិទ្ធិ​នោះ។ (​អទ. ៩:១១​) បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ ចូរ​កំណត់​គោល​ដៅ​ផ្សេង​ដែល​អ្នក​អាច​សម្រេច​បាន។ ប្ដី​ប្រពន្ធ​មួយ​គូ​ឈ្មោះ​ថេត​និង​ហៃឌី​បាន​ធ្វើ​ដូច្នេះ។ ដោយ​សារ​បញ្ហា​សុខភាព ពួក​គាត់​ត្រូវ​ឈប់​បម្រើ​នៅ​បេតអែល។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​របស់​ពួក​គាត់​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ជំរុញ​ចិត្ត​ពួក​គាត់​ឲ្យ​រក​វិធី​ផ្សេង​ទៀត​ដើម្បី​បង្កើន​កិច្ច​បម្រើ​ផ្សាយ។ នៅ​ដើម​ដំបូង ពួក​គាត់​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ពេញ​ពេល។ ក្រោយ​មក ពួក​គាត់​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស ហើយ​បង​ថេត​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ជំនួស។ ក្រោយ​មក ការ​កំណត់​អាយុ​សម្រាប់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​បាន​ត្រូវ​ផ្លាស់​ប្ដូរ។ បង​ថេត​និង​បង​ហៃឌី​បាន​ទទួល​ស្គាល់​ថា ពួក​គាត់​លើស​កំណត់​អាយុ​ក្នុង​ការ​ទទួល​ឯកសិទ្ធិ​នោះ។ ទោះ​ជា​ពួក​គាត់​ខក​ចិត្ត​ក្ដី ពួក​គាត់​ដឹង​ថា​ពួក​គាត់​អាច​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ផ្សេង​ទៀត។ បង​ថេត​និយាយ​ថា​៖ ​«​យើង​បាន​យល់​ថា កិច្ច​បម្រើ​ព្រះ​មិន​មែន​មាន​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ​ទេ​»។

១៦. តើ​យើង​អាច​រៀន​អ្វី​ពី​កាឡាទី ៦:៤?

១៦ យើង​មិន​អាច​គ្រប់​គ្រង​អ្វី​ទាំង​អស់​ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់​យើង​បាន​ទេ។ ដូច្នេះ គឺ​សំខាន់​ដែល​យើង​មិន​គិត​ថា ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​យើង​ដោយ​សារ​តែ​ភារកិច្ច​របស់​យើង។ ម្យ៉ាង​ទៀត គឺ​សំខាន់​ដែល​យើង​មិន​ប្រៀប​ធៀប​ខ្លួន​ទៅ​នឹង​អ្នក​ឯ​ទៀត​ដែល​មាន​ឯកសិទ្ធិ​ដែល​យើង​មិន​មាន។ បង​ហៃឌី​និយាយ​ថា​៖ ​«​បើ​យើង​ប្រៀប​ធៀប​ជីវិត​យើង​នឹង​ជីវិត​អ្នក​ឯ​ទៀត យើង​នឹង​បាត់​បង់​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​»។ (​សូម​អាន កាឡាទី ៦:៤) គឺ​ជា​ការ​សំខាន់​ដែល​យើង​ស្វែង​រក​របៀប​ផ្សេង​ៗ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​និង​ជួយ​អ្នក​ឯ​ទៀត។ *

១៧. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឲ្យ​ទទួល​ភារកិច្ច​ក្នុង​កិច្ច​បម្រើ?

១៧ បើ​អ្នក​រក្សា​ជីវិត​ឲ្យ​សាមញ្ញ និង​ជៀស​វាង​ពី​ការ​ជំពាក់​បំណុល​ដែល​មិន​ចាំ​បាច់ អ្នក​នឹង​អាច​ធ្វើ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ សូម​កំណត់​គោល​ដៅ​តូច​ៗ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​គោល​ដៅ​ធំ​ៗ។ ជា​ឧទាហរណ៍ បើ​គោល​ដៅ​ធំ​របស់​អ្នក​គឺ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល តើ​អ្នក​អាច​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ​បន្ត​នៅ​ឥឡូវ​នេះ​ឬ​ទេ? បើ​គោល​ដៅ​របស់​អ្នក​គឺ​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ តើ​អ្នក​អាច​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ និង​ក្នុង​ការ​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ដែល​ឈឺ​និង​បង​ប្អូន​វ័យ​ចាស់​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​ឬ​ទេ? បទ​ពិសោធន៍​ដែល​អ្នក​ទទួល​នៅ​ឥឡូវ​នេះ​អាច​បើក​ឱកាស​ឲ្យ​អ្នក​ទទួល​ឯកសិទ្ធិ​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត។ សូម​តាំង​ចិត្ត​ធ្វើ​អស់​ពី​សមត្ថភាព​ក្នុង​ភារកិច្ច​ណា​ក៏​ដោយ​ដែល​អ្នក​ទទួល។—រ៉ូម ១២:១១

សូម​ជ្រើស​រើស​គោល​ដៅ​ជាក់​លាក់​មួយ​ដែល​អ្នក​អាច​សម្រេច​បាន (​សូម​មើល​វគ្គ​១៨​) *

១៨. ដូច​បង្ហាញ​ក្នុង​រូប​ភាព តើ​អ្នក​រៀន​អ្វី​ពី​គំរូ​របស់​បង​បេវើលី?

១៨ គ្មាន​អ្នក​ណា​ចាស់​ពេក​រហូត​ដល់​មិន​អាច​កំណត់​និង​សម្រេច​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​បាន​នោះ​ទេ។ សូម​គិត​អំពី​គំរូ​របស់​បង​ស្រី​ម្នាក់​ឈ្មោះ​បេវើលី​ដែល​មាន​អាយុ​៧៥​ឆ្នាំ។ គាត់​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ដើរ។ ប៉ុន្តែ គាត់​ចង់​រួម​ចំណែក​យ៉ាង​ពេញ​លេញ​ក្នុង​សកម្មភាព​ចែក​ចាយ​លិខិត​អញ្ជើញ​ពិធី​រំលឹក។ ដូច្នេះ គាត់​បាន​កំណត់​គោល​ដៅ​ជាក់​លាក់​ផ្សេង​ៗ។ ពេល​បង​បេវើលី​បាន​សម្រេច​គោល​ដៅ​ទាំង​នោះ គាត់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ការ​ខំ​ប្រឹង​របស់​គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ។ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ការ​របស់​បង​ប្អូន​វ័យ​ចាស់​របស់​យើង ទោះ​ជា​ពួក​គេ​ខ្លះ​មិន​អាច​ធ្វើ​បាន​ច្រើន​ក្ដី។—ចសព. ៧១:១៧, ១៨

១៩. តើ​យើង​អាច​កំណត់​គោល​ដៅ​អ្វី​ខ្លះ​ក្នុង​កិច្ច​បម្រើ​ព្រះ?

១៩ សូម​កំណត់​គោល​ដៅ​ដែល​អ្នក​អាច​សម្រេច​បាន។ សូម​បណ្ដុះ​គុណ​សម្បត្តិ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ សូម​បង្កើន​សមត្ថភាព​ឬ​រៀន​ជំនាញ​ដែល​នឹង​ឲ្យ​អ្នក​កាន់​តែ​មាន​ប្រយោជន៍​ចំពោះ​ព្រះ​របស់​យើង​និង​អង្គការ​លោក។ សូម​ស្វែង​រក​វិធី​ផ្សេង​ៗ​ដើម្បី​បម្រើ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​បាន​ច្រើន​ជាង។ * ដូច​ធីម៉ូថេ ​«​មនុស្ស​ទាំង​អស់​[​នឹង​]​ឃើញ​ថា​អ្នក​កំពុង​រីក​ចម្រើន​»​ ដោយ​ព្រោះ​អ្នក​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា។—១ធី. ៤:១៥

ចម្រៀង​លេខ​៣៨ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

^ វគ្គ 5 ធីម៉ូថេ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដ៏​ពូកែ​ម្នាក់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​បន្ត​រីក​ចម្រើន​ក្នុង​ការ​បម្រើ​ព្រះ។ ដោយ​សារ​ធីម៉ូថេ​បាន​ធ្វើ​តាម​យោបល់​របស់​ប៉ូល ព្រះ​យេហូវ៉ា​បាន​ប្រើ​គាត់​ច្រើន​ជាង ហើយ​គាត់​អាច​ជួយ​បង​ប្អូន​ច្រើន​ជាង​ដែរ។ ដូច​ធីម៉ូថេ តើ​អ្នក​ចង់​បម្រើ​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​រួម​ជំនឿ​ឲ្យ​បាន​ច្រើន​ជាង​ឬ​ទេ? អ្នក​ច្បាស់​ជា​ចង់។ តើ​គោល​ដៅ​អ្វី​ខ្លះ​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ដូច្នេះ? ម្យ៉ាង​ទៀត តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​កំណត់​និង​សម្រេច​គោល​ដៅ​ទាំង​នោះ?

^ វគ្គ 1 ការ​ពន្យល់​ពាក្យ: គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ រួម​បញ្ចូល​អ្វី​ណា​ក៏​ដោយ​ដែល​យើង​ខំ​ធ្វើ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​ជាង ហើយ​ធ្វើ​ឲ្យ​លោក​សប្បាយ​រីករាយ។

^ វគ្គ 16 សូម​មើល​«​ការ​បម្រើ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង​»​ក្នុង​សៀវភៅ​អង្គការ​មួយ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​ព្រះ​យេហូវ៉ា ជំពូក​ទី​១០ វគ្គ​៦​-​៩

^ វគ្គ 19 សូម​មើល​មេ​រៀន​ទី​៦០​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​បន្ត​រីក​ចម្រើន​ត​ទៅ​ទៀត​»​ក្នុង​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!

^ វគ្គ 63 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​បង្ហាត់​បង្រៀន​បង​ស្រី​ពីរ​នាក់​ឲ្យ​ធ្វើ​កិច្ច​ការ​ថែ​ទាំ ហើយ​ពួក​គេ​ធ្វើ​តាម​យ៉ាង​ល្អ។

^ វគ្គ 65 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​ម្នាក់​ដែល​មិន​អាច​ចេញ​ពី​ផ្ទះ ផ្សព្វ​ផ្សាយ​តាម​ទូរស័ព្ទ​ដោយ​អញ្ជើញ​មនុស្ស​ឲ្យ​ចូល​រួម​ពិធី​រំលឹក។