លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

បើ​គ្រិស្ត​សាសនិក​ណា​ម្នាក់​លែង​លះ​ប្រពន្ធ​គាត់​ដោយ​គ្មាន​មូលដ្ឋាន​លើ​គម្ពីរ ហើយ​ក្រោយ​មក​រៀប​ការ​ជា​មួយ​បុគ្គល​ផ្សេង តើ​ក្រុម​ជំនុំ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អាពាហ៍ពិពាហ៍​ពី​មុន និង​អាពាហ៍ពិពាហ៍​ថ្មី?

ក្នុង​ស្ថានភាព​នេះ ក្រុម​ជំនុំ​នឹង​ចាត់​ទុក​អាពាហ៍ពិពាហ៍​ពី​មុន​ថា​បាន​ត្រូវ​បញ្ចប់ ពេល​ដែល​បុរស​នោះ​រៀប​ការ​ម្ដង​ទៀត ហើយ​ក៏​នឹង​ចាត់​ទុក​អាពាហ៍ពិពាហ៍​ថ្មី​ថា​មាន​សុពលភាព។ ដើម្បី​យល់​ច្បាស់​ជាង​អំពី​ចំណុច​នេះ សូម​យើង​ពិចារណា​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​ការ​លែង​លះ​គ្នា​និង​ការ​រៀប​ការ​ជា​មួយ​ស្ត្រី​ផ្សេង​ទៀត។

ដូច​បាន​ត្រូវ​ចែង​នៅ​ម៉ាថាយ ១៩:៩ លោក​យេស៊ូ​បាន​លើក​បញ្ជាក់​អំពី​មូលហេតុ​តែ​មួយ​គត់​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ឲ្យ​ប្ដី​ប្រពន្ធ​អាច​បញ្ចប់​អាពាហ៍ពិពាហ៍​បាន។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ​ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ រួច​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ជា​អ្នក​ផិត​ក្បត់​»។ តាម​រយៈ​ប្រសាសន៍​របស់​លោក​យេស៊ូ យើង​រៀន​ថា (​១​) អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​គឺ​ជា​មូលហេតុ​តែ​មួយ​គត់​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ឲ្យ​បញ្ចប់​អាពាហ៍ពិពាហ៍​ដោយ​ការ​លែង​លះ និង ​(​២​) បុរស​ដែល​លែង​លះ​ប្រពន្ធ​ដោយ​គ្មាន​មូលដ្ឋាន​លើ​គម្ពីរ ហើយ​រៀប​ការ​ជា​មួយ​ស្ត្រី​ម្នាក់​ទៀត បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ *

តើ​ពាក្យ​របស់​លោក​យេស៊ូ​មាន​ន័យ​ថា​បុរស​ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ហើយ​លែង​លះ​ប្រពន្ធ គឺ​មាន​សិទ្ធិ​ស្រប​តាម​គម្ពីរ​ដើម្បី​រៀប​ការ​ម្ដង​ទៀត​ឬ​ទេ? មិន​តែង​តែ​ដូច្នេះ​ទេ។ ពេល​អំពើ​ផិត​ក្បត់​កើត​ឡើង​ក្នុង​អាពាហ៍ពិពាហ៍ គឺ​គូ​ដែល​គ្មាន​កំហុស​ជា​អ្នក​សម្រេច​ចិត្ត​ថា​គាត់​នឹង​អភ័យ​ទោស​ឬ​មិន​អភ័យ​ទោស​ឲ្យ​ប្ដី​គាត់។ បើ​គាត់​មិន​អភ័យ​ទោស​ឲ្យ​ប្ដី ហើយ​លែង​លះ​គ្នា​តាម​ផ្លូវ​ច្បាប់ ពួក​គេ​ទាំង​ពីរ​នាក់​មាន​សិទ្ធិ​រៀប​ការ​ជា​មួយ​អ្នក​ផ្សេង នៅ​ពេល​ដែល​លែង​លះ​គ្នា​ដាច់​ស្រេច។

ក៏​ប៉ុន្តែ គូ​ដែល​គ្មាន​កំហុស​ប្រហែល​ជា​ចង់​បន្ត​រួម​រស់​ជា​ប្ដី​ប្រពន្ធ។ បើ​ដូច្នេះ នេះ​បង្ហាញ​ថា​គាត់​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​ប្ដី​របស់​គាត់។ តែ​ចុះ​បើ​ប្ដី​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នោះ មិន​ព្រម​ទទួល​យក​ការ​អភ័យ​ទោស​ពី​ប្រពន្ធ ហើយ​បំពេញ​បែប​បទ​លែង​លះ​តាម​ផ្លូវ​ច្បាប់​តែ​ម្ខាង? ដោយ​សារ​ប្រពន្ធ​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​គាត់ ហើយ​បន្ដ​រួម​រស់​ជា​ប្ដី​ប្រពន្ធ គាត់​គ្មាន​សិទ្ធិ​ស្រប​តាម​គម្ពីរ​ដើម្បី​រៀប​ការ​ជា​មួយ​ស្ត្រី​ផ្សេង​ទៀត​ទេ។ បើ​គាត់​សម្រេច​ចិត្ត​រៀប​ការ​ជា​មួយ​ស្ត្រី​ម្នាក់​ទៀត​ទាំង​ដែល​គាត់​គ្មាន​សិទ្ធិ​ធ្វើ​ដូច្នេះ នោះ​គាត់​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ម្ដង​ទៀត។ យ៉ាង​នេះ ក្រុម​ពួក​អ្នក​ចាស់​ទុំ​នឹង​ត្រូវ​បង្កើត​គណៈ​កម្មាធិការ​វិនិច្ឆ័យ​ម្ដង​ទៀត​ចំពោះ​អំពើ​ខុស​ឆ្គង​នោះ។—១កូ. ៥:១, ២; ៦:៩, ១០

ពេល​បុរស​ដែល​គ្មាន​សិទ្ធិ​ស្រប​តាម​គម្ពីរ​ដើម្បី​រៀប​ការ សម្រេច​ចិត្ត​រៀប​ការ​ម្ដង​ទៀត តើ​ក្រុម​ជំនុំ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អាពាហ៍ពិពាហ៍​ពី​មុន​និង​អាពាហ៍ពិពាហ៍​ថ្មី​នេះ? តើ​អាពាហ៍ពិពាហ៍​ពី​មុន​នៅ​តែ​មាន​សុពលភាព​ស្រប​តាម​គម្ពីរ​ឬ​ទេ? តើ​គូ​ដែល​គ្មាន​កំហុស​នៅ​តែ​អាច​សម្រេច​ចិត្ត​អភ័យ​ទោស​ឬ​មិន​អភ័យ​ទោស​ឲ្យ​អតីត​ប្ដី​របស់​គាត់​ឬ​ទេ? តើ​ក្រុម​ជំនុំ​នឹង​ចាត់​ទុក​ការ​បន្ត​រួម​រស់​ជា​ប្ដី​ប្រពន្ធ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ថ្មី​នោះ​ថា​ជា​អំពើ​ផិត​ក្បត់​ឬ?

ពី​មុន​ក្រុម​ជំនុំ​បាន​ចាត់​ទុក​អាពាហ៍ពិពាហ៍​ថ្មី​ថា​ជា​អំពើ​ផិត​ក្បត់ ដរាប​ណា​គូ​ដែល​គ្មាន​កំហុស​នៅ​តែ​នៅ​រស់ មិន​ទាន់​រៀប​ការ​ម្ដង​ទៀត និង​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​លើក​ឡើង​អំពី​គូ​ដែល​គ្មាន​កំហុស​ពេល​ដែល​លោក​បាន​មាន​ប្រសាសន៍​អំពី​ការ​លែង​លះ និង​ការ​រៀប​ការ​ម្ដង​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​ពន្យល់​ថា បុរស​ដែល​លែង​លះ​ប្រពន្ធ​ដោយ​គ្មាន​មូលដ្ឋាន​លើ​គម្ពីរ ហើយ​ក្រោយ​មក​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ផ្សេង​ទៀត គឺ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ ក្នុង​ករណី​នេះ ការ​លែង​លះ​និង​ការ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​ស្ត្រី​ផ្សេង​ទៀត ដែល​លោក​យេស៊ូ​បាន​បញ្ជាក់​ថា​គឺ​ជា​អំពើ​ផិត​ក្បត់ បាន​បញ្ចប់​អាពាហ៍ពិពាហ៍​ពី​មុន។

​«​អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ​ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ រួច​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ជា​អ្នក​ផិត​ក្បត់​»។—ម៉ាថ. ១៩:៩

បើ​បុរស​ម្នាក់​លែង​លះ​ប្រពន្ធ ហើយ​រៀប​ការ​ម្ដង​ទៀត អតីត​ប្រពន្ធ​ដែល​គ្មាន​កំហុស លែង​អាច​អភ័យ​ទោស​ឬ​មិន​អភ័យ​ទោស​ឲ្យ​គាត់​បាន​ទៀត។ ដូច្នេះ នាង​មិន​ចាំ​បាច់​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​នោះ​ឡើយ។ ម្យ៉ាង​ទៀត ទោះ​ជា​គូ​ដែល​គ្មាន​កំហុស​នៅ​រស់​នៅ​ឡើយ មិន​បាន​រៀប​ការ​ម្ដង​ទៀត​ឬ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ក្ដី នេះ​មិន​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​ក្រុម​ជំនុំ​ចំពោះ​អាពាហ៍ពិពាហ៍​ថ្មី​នោះ​ឡើយ។ *

ក្នុង​ករណី​ខាង​លើ ប្ដី​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​នោះ​បាន​នាំ​ឲ្យ​មាន​ការ​លែង​លះ​គ្នា។ ចុះ​យ៉ាង​ណា​បើ​ប្ដី​មិន​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ តែ​បាន​លែង​លះ​ប្រពន្ធ ហើយ​ក្រោយ​មក​រៀប​ការ​ជា​មួយ​ស្ត្រី​ម្នាក់​ទៀត? ឬ​ចុះ​យ៉ាង​ណា​បើ​ប្ដី​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​មុន​លែង​លះ​ប្រពន្ធ តែ​ក្រោយ​លែង​លះ គាត់​បាន​ប្រព្រឹត្ត​ដូច្នេះ ហើយ​រៀប​ការ​ជា​មួយ​ស្ត្រី​ផ្សេង​ទៀត ទោះ​ជា​អតីត​ប្រពន្ធ​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​គាត់​ក្ដី? ក្នុង​ករណី​ទាំង​អស់​នេះ ការ​លែង​លះ និង​ការ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​អ្នក​ផ្សេង ដែល​ជា​អំពើ​ផិត​ក្បត់ ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ពី​មុន​បាន​បញ្ចប់។ អាពាហ៍ពិពាហ៍​ថ្មី​នោះ​មាន​សុពលភាព​ស្រប​តាម​ផ្លូវ​ច្បាប់។ ដូច​ទស្សនាវដ្ដី​ប៉ម​យាម​ជា​ភាសា​អង់គ្លេស ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៧៩ ទំព័រ​៣២ បាន​ចែង​ថា​៖ ​«​ឥឡូវ គាត់​បាន​រៀប​អាពាហ៍ពិពាហ៍​ថ្មី ដូច្នេះ​គាត់​មិន​អាច​ត្រឡប់​ទៅ​អតីត​ប្រពន្ធ​គាត់​វិញ​បាន​ទេ។ អាពាហ៍ពិពាហ៍​ពី​មុន​បាន​ត្រូវ​បញ្ចប់​ដោយ​ការ​លែង​លះ ការ​ផិត​ក្បត់ និង​ការ​រៀប​ការ​ជា​មួយ​ស្ត្រី​ផ្សេង​ទៀត​»។

ការ​កែ​តម្រូវ​ការ​យល់​ដឹង​នេះ មិន​មាន​ន័យ​ថា​យើង​លែង​ចាត់​ទុក​អាពាហ៍ពិពាហ៍​ថា​ពិសិដ្ឋ ឬ​ថា​អំពើ​ផិត​ក្បត់​លែង​ជា​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ឡើយ។ ពេល​បុរស​លែង​លះ​ប្រពន្ធ​របស់​គាត់​ដោយ​គ្មាន​មូលដ្ឋាន​លើ​គម្ពីរ ហើយ​ក្រោយ​មក​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ផ្សេង​ទៀត​ដោយ​គ្មាន​សិទ្ធិ​ស្រប​តាម​គម្ពីរ ពួក​អ្នក​ចាស់​ទុំ​នឹង​ត្រូវ​បង្កើត​គណៈ​កម្មាធិការ​វិនិច្ឆ័យ ដោយ​សារ​គាត់​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ (​បើ​ប្រពន្ធ​ថ្មី​ជា​គ្រិស្ត​សាសនិក នាង​ក៏​នឹង​ត្រូវ​ជួប​គណៈ​កម្មាធិការ​វិនិច្ឆ័យ​ចំពោះ​អំពើ​ផិត​ក្បត់​នោះ​ដែរ​) ទោះ​ជា​ការ​បន្ត​រួម​រស់​ជា​ប្ដី​ប្រពន្ធ​ក្នុង​អាពាហ៍ពិពាហ៍​ថ្មី​នោះ នឹង​មិន​បាន​ត្រូវ​ចាត់​ទុក​ជា​អំពើ​ផិត​ក្បត់​ក្ដី បុរស​នោះ​នឹង​មិន​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ឯកសិទ្ធិ​ពិសេស​ឲ្យ​បម្រើ​ក្នុង​ក្រុម​ជំនុំ​អស់​ជា​ច្រើន​ឆ្នាំ។ ម្យ៉ាង​វិញ​ទៀត គាត់​នឹង​មិន​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ រហូត​ដល់​អ្នក​ឯ​ទៀត​ឈប់​ឈឺ​ចិត្ត​ចំពោះ​អំពើ​អាក្រក់​ដែល​គាត់​បាន​ធ្វើ​នៅ​អតីតកាល ឬ​ឈប់​គិត​ថា​គាត់​មិន​សម​នឹង​ទទួល​ការ​គោរព។ ពួក​អ្នក​ចាស់​ទុំ​ក៏​នឹង​ពិចារណា​ថា តើ​អតីត​ប្រពន្ធ​ដែល​ប្រហែល​ជា​បាន​ត្រូវ​ប្ដី​រក​កល​ល្បិច​ដើម្បី​លែង​លះ និង​កូន​មិន​ទាន់​គ្រប់​អាយុ​ដែល​ប្រហែល​ជា​បាន​ត្រូវ​បោះ​បង់​ចោល មាន​ស្ថានភាព​យ៉ាង​ណា​នៅ​បច្ចុប្បន្ន​នេះ។—ម៉ាឡ. ២:១៤​-​១៦

ការ​លែង​លះ​គ្នា​ដែល​គ្មាន​មូលដ្ឋាន​លើ​គម្ពីរ និង​ការ​រៀប​ការ​ជា​មួយ​បុគ្គល​ផ្សេង​ទៀត នាំ​ឲ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ។ ដូច្នេះ គឺ​ជា​ការ​ឈ្លាស​វៃ​ឲ្យ​គ្រិស្ត​សាសនិក​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​អាពាហ៍ពិពាហ៍​ថា​នោះ​គឺ​ពិសិដ្ឋ។—អទ. ៥:៤, ៥; ហេ. ១៣:៤

^ វគ្គ 2 ដើម្បី​ឲ្យ​ស្រួល​យល់ យើង​នឹង​ហៅ​គូ​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ថា​ជា​បុរស ហើយ​គូ​ដែល​គ្មាន​កំហុស​ថា​ជា​ស្ត្រី។ ប៉ុន្តែ ដូច​បាន​ត្រូវ​កត់​ទុក​នៅ​ម៉ាកុស ១០:១១, ១២ លោក​យេស៊ូ​បញ្ជាក់​ថា យោបល់​របស់​លោក​អំពី​រឿង​នេះ​សំដៅ​ទៅ​លើ​ទាំង​បុរស​ទាំង​ស្ត្រី។

^ វគ្គ 1 នេះ​ជា​ការ​កែ​តម្រូវ​នៃ​ការ​យល់​ដឹង​របស់​យើង​ពី​មុន​ថា​អាពាហ៍ពិពាហ៍​បែប​នេះ​នឹង​ត្រូវ​ចាត់​ទុក​ជា​អំពើ​ផិត​ក្បត់ រហូត​ដល់​គូ​ដែល​គ្មាន​កំហុស​បាន​ស្លាប់ រៀប​ការ​ម្ដង​ទៀត ឬ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។