លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៦

ចូរមានអំណរក្នុងការបម្រើព្រះយេហូវ៉ាឲ្យអស់ពីសមត្ថភាព

ចូរមានអំណរក្នុងការបម្រើព្រះយេហូវ៉ាឲ្យអស់ពីសមត្ថភាព

​«​ចូរ​ឲ្យ​ម្នាក់​ៗ​ពិនិត្យ​មើល​ការ​ប្រព្រឹត្ត​របស់​ខ្លួន​»។—កាឡ. ៦:៤

ចម្រៀង​លេខ​៣៧ ចូរ​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត

សេចក្ដី​សង្ខេប *

១. តើ​អ្វី​ធ្វើ​ឲ្យ​យើង​មាន​អំណរ​យ៉ាង​ខ្លាំង?

 ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​សប្បាយ​រីករាយ។ យើង​ដឹង​ដូច្នេះ ដោយ​សារ​អំណរ​គឺ​ជា​គុណ​សម្បត្តិ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ។ (​កាឡ. ៥:២២​) ដោយ​សារ​ការ​ឲ្យ​គេ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល យើង​មាន​អំណរ​យ៉ាង​ខ្លាំង​ពេល​យើង​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ច​បម្រើ​ផ្សាយ និង​ជួយ​បង​ប្អូន​តាម​របៀប​ផ្សេង​ៗ។—សកម្ម. ២០:៣៥

២​-​៣. (​ក​) ដូច​បង្ហាញ​នៅ​កាឡាទី ៦:៤ តើ​កត្តា​ពីរ​យ៉ាង​អ្វី​នឹង​ជួយ​យើង​ឲ្យ​រក្សា​អំណរ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ដូច​បាន​ត្រូវ​កត់​ទុក​នៅ​កាឡាទី ៦:៤ សាវ័ក​ប៉ូល​បាន​រៀប​រាប់​អំពី​កត្តា​ពីរ​ដែល​នឹង​ជួយ​យើង​ឲ្យ​រក្សា​អំណរ។ (​សូម​អាន​) ទី​១ យើង​គួរ​តែ​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង។ បើ​យើង​កំពុង​បម្រើ​លោក​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង យើង​គួរ​តែ​សប្បាយ​ចិត្ត។ (​ម៉ាថ. ២២:៣៦​-​៣៨​) ទី​២ យើង​គួរ​ជៀស​វាង​ពី​ការ​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត។ មិន​ថា​យើង​អាច​ធ្វើ​អ្វី​បាន​ដោយ​សារ​សុខភាព ការ​បង្ហាត់​បង្រៀន ឬ​សមត្ថភាព​ណា​មួយ​ក្ដី យើង​បាន​ទទួល​អ្វី​ទាំង​អស់​នោះ​ពី​ព្រះ​យេហូវ៉ា។ ដូច្នេះ យើង​គួរ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​លោក។ ប៉ុន្តែ បើ​អ្នក​ឯ​ទៀត​បំពេញ​កិច្ច​បម្រើ​ផ្សាយ​ដោយ​មាន​ប្រសិទ្ធភាព​ជាង​យើង​តាម​របៀប​ណា​មួយ យើង​គួរ​អរ​សប្បាយ​ដែល​ពួក​គេ​កំពុង​ប្រើ​សមត្ថភាព​របស់​ពួក​គេ​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា មិន​មែន​លើក​ស្ទួយ​ខ្លួន​ឯង​ឬ​ស្វែង​រក​ប្រយោជន៍​ខ្លួន​នោះ​ទេ។ យ៉ាង​នេះ ជា​ជាង​ប្រកួត​ប្រជែង​នឹង​ពួក​គេ យើង​គួរ​រៀន​ពី​ពួក​គេ។

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​យក​ឈ្នះ​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត ពេល​យើង​គិត​ថា​យើង​ធ្វើ​មិន​បាន​ច្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ។ យើង​ក៏​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ប្រើ​អំណោយ​ណា​ក៏​ដោយ​ដែល​យើង​ទទួល​ពី​ព្រះ​ឲ្យ​បាន​ល្អ​បំផុត និង​របៀប​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​អ្នក​ឯ​ទៀត។

ពេល​យើង​គិត​ថា​យើង​ធ្វើ​មិន​បាន​ច្រើន

ពេល​យើង​ខំ​អស់​ពី​សមត្ថភាព​ពេញ​មួយ​ជីវិត នោះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត (​សូម​មើល​វគ្គ​៤​-​៦​) *

៤. តើ​អ្វី​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ធ្លាក់​ទឹក​ចិត្ត? សូម​ឲ្យ​ឧទាហរណ៍​មួយ។

អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ខ្លះ​មិន​អាច​ធ្វើ​អ្វី​ៗ​ដូច​ដែល​ពួក​គេ​ចង់​ធ្វើ​ក្នុង​កិច្ច​បម្រើ​លោក ដោយ​សារ​ពួក​គេ​ឈឺ​ឬ​កាន់​តែ​ចាស់​ទៅ​ៗ ហើយ​នោះ​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ទឹក​ចិត្ត។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ខារ៉ិល​ដែល​មាន​ស្ថានភាព​បែប​នេះ។ គាត់​ធ្លាប់​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ ក្នុង​អំឡុង​ពេល​នោះ គាត់​បាន​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​៣៥ ហើយ​បាន​ជួយ​មនុស្ស​ជា​ច្រើន​នាក់​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ប្រគល់​ខ្លួន​ជូន​ព្រះ និង​ទទួល​ការ​ជ្រមុជ​ទឹក។ បង​ខារ៉ិល​បាន​ទទួល​លទ្ធផល​ល្អ​ក្នុង​កិច្ច​បម្រើ​ផ្សាយ! ក្រោយ​មក គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​មិន​សូវ​អាច​ចេញ​ពី​ផ្ទះ​បាន​ទេ។ បង​ខារ៉ិល​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​ដោយ​សារ​តែ​ខ្ញុំ​ឈឺ ខ្ញុំ​មិន​អាច​ធ្វើ​ដូច​អ្នក​ឯ​ទៀត​ទេ។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​មែន​ជា​គ្រិស្ត​សាសនិក​ល្អ​ដូច​ពួក​គេ។ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ៗ​ដូច​ចិត្ត​ខ្ញុំ​ចង់ ហើយ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​»។ បង​ខារ៉ិល​ចង់​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ព្រះ​យេហូវ៉ា។ នេះ​ពិត​ជា​គួរ​ឲ្យ​សរសើរ​មែន! យើង​អាច​ប្រាកដ​ថា​ព្រះ​របស់​យើង​ដែល​មាន​សេចក្ដី​អាណិត​មេត្តា​ឲ្យ​តម្លៃ​ចំពោះ​បំណង​ចិត្ត​ដ៏​ល្អ​ប្រសើរ​របស់​គាត់។

៥. (​ក​) តើ​យើង​គួរ​ចាំ​អំពី​អ្វី បើ​យើង​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​យើង​មិន​អាច​ធ្វើ​បាន​ច្រើន? (​ខ​) ដូច​រូប​ភាព​បង្ហាញ តើ​បង​ប្រុស​នេះ​បាន​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​សមត្ថភាព​យ៉ាង​ដូច​ម្ដេច?

បើ​ជួន​កាល​អ្នក​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​អ្នក​មិន​អាច​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​ខ្ញុំ?›។ លោក​ចង់​ឲ្យ​អ្នក​ខំ​អស់​ពី​សមត្ថភាព​ក្នុង​ស្ថានភាព​របស់​អ្នក​នៅ​បច្ចុប្បន្ន​នេះ។ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ បង​ស្រី​ម្នាក់​ដែល​មាន​អាយុ​៨០​ឆ្នាំ​ធ្លាក់​ទឹក​ចិត្ត ដោយ​សារ​គាត់​មិន​អាច​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដូច​ដែល​គាត់​បាន​ធ្វើ​ពេល​ដែល​គាត់​មាន​អាយុ​៤០​ឆ្នាំ។ គាត់​គិត​ថា ទោះ​ជា​គាត់​កំពុង​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព​ក្ដី លោក​មិន​ពេញ​ចិត្ត​ឡើយ។ ប៉ុន្តែ តើ​នេះ​ជា​ការ​ពិត​ឬ​ទេ? សូម​គិត​អំពី​ចំណុច​នេះ។ បើ​បង​ស្រី​នោះ​ខំ​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព​ពេល​ដែល​គាត់​មាន​អាយុ​៤០​ឆ្នាំ ហើយ​គាត់​នៅ​តែ​បន្ត​បម្រើ​លោក​អស់​ពី​សមត្ថភាព​ពេល​ដែល​គាត់​មាន​អាយុ​៨០​ឆ្នាំ នោះ​គាត់​មិន​បាន​ឈប់​បម្រើ​លោក​អស់​ពី​សមត្ថភាព​ឡើយ។ បើ​យើង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា យើង​ធ្វើ​មិន​គ្រប់​គ្រាន់​ដើម្បី​ព្រះ​យេហូវ៉ា យើង​ត្រូវ​រំលឹក​ខ្លួន​ឯង​ថា ព្រះ​យេហូវ៉ា​ជា​អ្នក​កំណត់​ថា​គឺ​ច្រើន​ប៉ុណ្ណា​ដែល​លោក​ពេញ​ចិត្ត។ បើ​យើង​ខំ​អស់​ពី​សមត្ថភាព គឺ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​និយាយ​យ៉ាង​កក់​ក្ដៅ​មក​កាន់​យើង​ថា​៖ ​«​អ្នក​ធ្វើ​ការ​បាន​ល្អ​ណាស់!​»។—សូម​ពិនិត្យ​បន្ថែម ម៉ាថាយ ២៥:២០​-​២៣

៦. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​បង​ម៉ារៀ?

យើង​នឹង​ស្រួល​មាន​អំណរ​ជាង បើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ជា​ជាង​ទៅ​លើ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ។ សូម​គិត​អំពី​បង​ស្រី​ម្នាក់​ឈ្មោះ​ម៉ារៀ។ គាត់​មាន​ជំងឺ​ម្យ៉ាង​ដែល​នាំ​ឲ្យ​គាត់​មិន​អាច​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ដំបូង​គាត់​ធ្លាក់​ទឹក​ចិត្ត ហើយ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ។ ប៉ុន្តែ​ក្រោយ​មក គាត់​បាន​គិត​អំពី​បង​ស្រី​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​ដែល​មិន​អាច​ងើប​ពី​គ្រែ ហើយ​គាត់​សម្រេច​ចិត្ត​ជួយ​បង​ស្រី​នោះ។ បង​ម៉ារៀ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​រៀបចំ​ផ្សព្វ​ផ្សាយ​ជា​មួយ​គាត់​តាម​ទូរស័ព្ទ​និង​ដោយ​សរសេរ​សំបុត្រ។ រាល់​ដង​ដែល​យើង​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​សប្បាយ​រីករាយ​និង​ស្កប់​ចិត្ត​ដែល​ខ្ញុំ​អាច​ជួយ​បង​ស្រី​ជា​ទី​ស្រឡាញ់​នោះ​»។ យើង​ក៏​អាច​មាន​អំណរ​ថែម​ទៀត​ដែរ ពេល​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ជា​ជាង​ទៅ​លើ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​យើង​អាច​ធ្វើ​ច្រើន​ជាង ឬ​មាន​សមត្ថភាព​បំពេញ​ផ្នែក​ខ្លះ​នៃ​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ពូកែ?

សូម​ប្រើ​សមត្ថភាព​ណា​ដែល​អ្នក​មាន

៧. តើ​សាវ័ក​ពេត្រុស​បាន​ឲ្យ​យោបល់​អ្វី​ដល់​គ្រិស្ត​សាសនិក?

ក្នុង​សំបុត្រ​ទី​១​របស់​សាវ័ក​ពេត្រុស គាត់​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ឲ្យ​ប្រើ​អំណោយ​និង​ទេព​កោសល្យ​ណា​ដែល​ពួក​គេ​មាន​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ។ គាត់​បាន​សរសេរ​ថា​៖ ​«​ក្នុង​នាម​ជា​អ្នក​ចាត់​ចែង​ល្អ​ប្រសើរ​ដែល​បាន​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ . . . នោះ​ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​អំណោយ​ដែល​អ្នក​រាល់​គ្នា​ម្នាក់​ៗ​បាន​ទទួល​»។ (​១ពេ. ៤:១០​) យើង​មិន​គួរ​ស្ទាក់​ស្ទើរ​ប្រើ​សមត្ថភាព​ដែល​យើង​មាន ដោយ​សារ​យើង​ខ្លាច​ថា​អ្នក​ឯ​ទៀត​ច្រណែន​ឬ​ធ្លាក់​ទឹក​ចិត្ត​ទេ។ បើ​ដូច្នេះ យើង​មិន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព​របស់​យើង​ឡើយ។

៨. យោង​ទៅ​តាម​កូរិនថូស​ទី​១ ៤:៦, ៧ ហេតុ​អ្វី​យើង​គួរ​ជៀស​វាង​ពី​ការ​អួត​អំពី​អំណោយ​ដែល​យើង​បាន​ទទួល?

យើង​ត្រូវ​ប្រើ​អំណោយ​ដែល​យើង​បាន​ទទួល​ឲ្យ​អស់​ពី​សមត្ថភាព ប៉ុន្តែ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ថា យើង​មិន​អួត​អំពី​អំណោយ​ទាំង​នោះ​ទេ។ (​សូម​អាន កូរិនថូស​ទី​១ ៤:៦, ៧) ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​ពូកែ​ចាប់​ផ្ដើម​ការ​សិក្សា​គម្ពីរ។ អ្នក​មិន​គួរ​ស្ទាក់​ស្ទើរ​ប្រើ​អំណោយ​នោះ​ទេ! ប៉ុន្តែ គឺ​សំខាន់​ឲ្យ​អ្នក​ចាំ​ថា​អ្នក​មិន​ត្រូវ​អួត​អំពី​អំណោយ​នោះ។ ឧបមា​ថា ថ្មី​ៗ​នេះ​អ្នក​មាន​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​មួយ​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​អ្នក​បាន​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ អ្នក​ចង់​ប្រាប់​រឿង​នោះ​ដល់​បង​ប្អូន​ក្នុង​ក្រុម​ផ្សព្វ​ផ្សាយ​របស់​អ្នក។ ប៉ុន្តែ​ពេល​អ្នក​ជួប​បង​ប្អូន​ក្នុង​ក្រុម បង​ស្រី​ម្នាក់​កំពុង​ប្រាប់​ពួក​គេ​ថា គាត់​បាន​ជូន​ទស្សនាវដ្ដី​មួយ​ដល់​បុគ្គល​ម្នាក់។ អ្នក​បាន​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ តែ​គាត់​បាន​ជូន​ទស្សនាវដ្ដី​មួយ​ច្បាប់។ តើ​អ្នក​នឹង​ធ្វើ​អ្វី? អ្នក​ដឹង​ថា​បង​ប្អូន​ក្នុង​ក្រុម​នឹង​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​បទ​ពិសោធន៍​របស់​អ្នក។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​សម្រេច​ចិត្ត​រង់​ចាំ​ប្រាប់​រឿង​នោះ​នៅ​ឱកាស​ក្រោយ ដោយ​សារ​អ្នក​មិន​ចង់​ឲ្យ​បង​ស្រី​ដែល​បាន​ជូន​ទស្សនាវដ្ដី​នោះ​មាន​អារម្មណ៍​ថា​គាត់​អន់​ជាង​អ្នក​ទេ។ ការ​ធ្វើ​ដូច្នេះ​គឺ​ប្រកប​ដោយ​សេចក្ដី​សប្បុរស។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សូម​កុំ​ឈប់​ស្នើ​សុំ​បង្រៀន​គម្ពីរ​ឡើយ។ សូម​ប្រើ​សមត្ថភាព​នោះ!

៩. តើ​យើង​គួរ​ប្រើ​អំណោយ​របស់​យើង​តាម​របៀប​ណា?

សូម​យើង​ចាំ​ថា​សមត្ថភាព​ណា​ក៏​ដោយ​ដែល​យើង​មាន​គឺ​ជា​អំណោយ​មក​ពី​ព្រះ។ យើង​គួរ​ប្រើ​អំណោយ​ទាំង​នោះ​ដើម្បី​ពង្រឹង​ក្រុម​ជំនុំ មិន​មែន​ដើម្បី​លើក​ស្ទួយ​ខ្លួន​ឯង​ទេ។ (​ភី. ២:៣​) ពេល​យើង​ប្រើ​កម្លាំង​និង​សមត្ថភាព​របស់​យើង​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​យើង​មាន​ហេតុ​ត្រេក​អរ មិន​មែន​ដោយ​សារ​យើង​ធ្វើ​ច្រើន​ជាង ឬ​ធ្វើ​បាន​ល្អ​ជាង​អ្នក​ឯ​ទៀត​ទេ។ ប៉ុន្តែ​ដោយ​សារ​យើង​ប្រើ​សមត្ថភាព​ទាំង​នោះ​ដើម្បី​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា។

១០. ហេតុ​អ្វី​ការ​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត​គឺ​មិន​សម​ហេតុ​សម​ផល?

១០ បើ​មិន​ប្រុង​ប្រយ័ត្ន​ទេ បុគ្គល​ម្នាក់​អាច​ចាប់​ផ្ដើម​ប្រៀប​ធៀប​ចំណុច​ខ្លាំង​របស់​គាត់​ទៅ​នឹង​ចំណុច​ខ្សោយ​របស់​បុគ្គល​ម្នាក់​ទៀត។ ជា​ឧទាហរណ៍ បង​ប្រុស​ម្នាក់​ប្រហែល​ជា​ពូកែ​ថ្លែង​សុន្ទរកថា​សាធារណៈ។ នេះ​ជា​ចំណុច​ខ្លាំង​របស់​គាត់។ ប៉ុន្តែ​នៅ​ក្នុង​ចិត្ត គាត់​ប្រហែល​ជា​គិត​ថា​បង​ប្រុស​ម្នាក់​ទៀត​ដែល​មិន​សូវ​ពូកែ​ថ្លែង​សុន្ទរកថា គឺ​អន់​ជាង​គាត់។ តែ​បង​ប្រុស​ម្នាក់​ទៀត​នោះ ប្រហែល​ជា​ពូកែ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ បង្ហាត់​បង្រៀន​កូន​របស់​គាត់​យ៉ាង​ល្អ ឬ​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ យើង​សប្បាយ​ចិត្ត​ណាស់​ដែល​យើង​មាន​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​មាន​សមត្ថភាព ហើយ​ដែល​ប្រើ​សមត្ថភាព​នោះ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​និង​ជួយ​អ្នក​ឯ​ទៀត!

ចូរ​រៀន​ពី​គំរូ​របស់​អ្នក​ឯ​ទៀត

១១. ហេតុ​អ្វី​យើង​គួរ​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ?

១១ ទោះ​ជា​យើង​គួរ​ជៀស​វាង​ពី​ការ​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​អ្នក​ឯ​ទៀត​ក្ដី យើង​អាច​រៀន​ពី​គំរូ​របស់​ពួក​អ្នក​ស្មោះ​ត្រង់។ គំរូ​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​រៀន​តាម​គឺ​លោក​យេស៊ូ។ ទោះ​ជា​លោក​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ យើង​អាច​រៀន​ពី​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​និង​ការ​ប្រព្រឹត្ត​ល្អ​ប្រសើរ​របស់​លោក។ (​១ពេ. ២:២១​) ពេល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​គំរូ​របស់​លោក​យ៉ាង​ដិត​ដល់ យើង​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង ហើយ​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

១២​-​១៣. តើ​យើង​អាច​រៀន​អ្វី​ពី​ស្ដេច​ដាវីឌ?

១២ ក្នុង​បណ្ដាំ​របស់​ព្រះ មាន​គំរូ​របស់​បុរស​ស្ត្រី​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​ដែល​យើង​អាច​ធ្វើ​តាម ទោះ​ជា​ពួក​គេ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី។ (​ហេ. ៦:១២​) សូម​គិត​អំពី​ស្ដេច​ដាវីឌ​ដែល​ព្រះ​យេហូវ៉ា​បាន​ហៅ​ថា​៖ ​«​ជា​អ្នក​ដែល​ខ្ញុំ​ពេញ​ចិត្ត​»។ (​សកម្ម. ១៣:២២​) ដាវីឌ​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ តាម​ពិត គាត់​បាន​ធ្វើ​ខុស​ធ្ងន់​ធ្ងរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី គាត់​ជា​គំរូ​ល្អ​សម្រាប់​យើង។ ហេតុ​អ្វី? ពីព្រោះ​ពេល​ដែល​គាត់​បាន​ត្រូវ​កែ​តម្រង់ គាត់​មិន​ព្យាយាម​ដោះ​សា​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ទទួល​យក​ឱវាទ​ដ៏​ម៉ឺង​ម៉ាត់​ពី​អ្នក​ឯ​ទៀត ហើយ​បាន​សោក​ស្ដាយ​យ៉ាង​ស្មោះ​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់។—ចសព. ៥១:៣, ៤, ១០​-​១២

១៣ យើង​អាច​រៀន​ពី​ដាវីឌ​ដោយ​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ឱវាទ? តើ​ខ្ញុំ​ឆាប់​ទទួល​ស្គាល់​កំហុស ឬ​តើ​ខ្ញុំ​ខំ​និយាយ​ដោះ​សា​ចំពោះ​កំហុស​របស់​ខ្លួន? តើ​ខ្ញុំ​ឆាប់​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ឯ​ទៀត​ឬ​ទេ? តើ​ខ្ញុំ​ព្យាយាម​មិន​ធ្វើ​ខុស​ដដែល​នោះ​ម្ដង​ទៀត​ឬ?›។ អ្នក​ក៏​អាច​សួរ​ខ្លួន​នូវ​សំណួរ​ស្រដៀង​នឹង​សំណួរ​ទាំង​នេះ កាល​ដែល​អ្នក​អាន​អំពី​បុរស​និង​ស្ត្រី​ដ៏​ស្មោះ​ត្រង់​ឯ​ទៀត​នៅ​ក្នុង​គម្ពីរ​ដែរ។ តើ​ពួក​គេ​បាន​ជួប​ការ​ពិបាក​ស្រដៀង​នឹង​ការ​ពិបាក​ដែល​អ្នក​កំពុង​ជួប​ប្រទះ​ឬ​ទេ? តើ​ពួក​គេ​បាន​បង្ហាញ​គុណ​សម្បត្តិ​ដ៏​គួរ​ឲ្យ​សរសើរ​ណា​ខ្លះ? រាល់​លើក សូម​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​អាច​ធ្វើ​តាម​គំរូ​របស់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​នោះ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច?›។

១៤. តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ពី​ការ​សង្កេត​មើល​បង​ប្អូន​រួម​ជំនឿ?

១៤ យើង​ក៏​អាច​ទទួល​ប្រយោជន៍​ពី​ការ​សង្កេត​មើល​បង​ប្អូន​រួម​ជំនឿ​ទាំង​ចាស់​ទាំង​ក្មេង​ដែរ។ ជា​ឧទាហរណ៍ តើ​អ្នក​អាច​នឹក​ឃើញ​អំពី​បុគ្គល​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​ដែល​កំពុង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​មួយ​យ៉ាង​ស្មោះ​ត្រង់ ដែល​ប្រហែល​ជា​មក​ពី​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ ឬ​បញ្ហា​សុខភាព​ឬ​ទេ? តើ​អ្នក​ឃើញ​ថា​បុគ្គល​នេះ​មាន​គុណ​សម្បត្តិ​ដែល​អ្នក​ចង់​បង្កើន​ឬ​ទេ? ដោយ​គិត​អំពី​គំរូ​របស់​គាត់ អ្នក​ប្រហែល​ជា​រៀន​អំពី​របៀប​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​របស់​ខ្លួន។ យើង​សប្បាយ​ចិត្ត​ណាស់​ដែល​បង​ប្អូន​ទាំង​នេះ​ទុក​គំរូ​ល្អ​ឲ្យ​យើង​ស្ដី​អំពី​ជំនឿ!—ហេ. ១៣:៧; យ៉ា. ១:២, ៣

ចូរ​អរ​សប្បាយ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា

១៥. តើ​សាវ័ក​ប៉ូល​បាន​ឲ្យ​យោបល់​អ្វី ដែល​អាច​ជួយ​យើង​ឲ្យ​បន្ត​អរ​សប្បាយ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា?

១៥ ដើម្បី​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​និង​សាមគ្គីភាព​ក្នុង​ក្រុម​ជំនុំ យើង​ម្នាក់​ៗ​ត្រូវ​ខំ​អស់​ពី​សមត្ថភាព។ សូម​គិត​អំពី​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១។ ពួក​គេ​មាន​អំណោយ​និង​ភារកិច្ច​ផ្សេង​ៗ​ពី​គ្នា។ (​១កូ. ១២:៤, ៧​-​១១​) ប៉ុន្តែ នេះ​មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ប្រកួត​ប្រជែង​និង​បែក​បាក់​គ្នា​ឡើយ។ ប៉ូល​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ម្នាក់​ៗ​ឲ្យ​ធ្វើ​អ្វី​ដែល​សំខាន់​ចាំ​បាច់ ដើម្បី​«​ធ្វើ​ឲ្យ​រូប​កាយ​របស់​គ្រិស្ត​បាន​មាំ​មួន​ឡើង​»។ ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ​ថា​៖ ពេល​«​អវយវៈ​នីមួយ​ៗ​ . . . បំពេញ​តួ​នាទី​សំខាន់​ៗ តាម​អ្វី​ដែល​បាន​ត្រូវ​កំណត់​ឲ្យ នោះ​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ធំ​លូត​លាស់ ដើម្បី​ពង្រឹង​ខ្លួន​ឯង​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់​»។ (​អេភ. ៤:១​-​៣, ១១, ១២, ១៦​) ពួក​អ្នក​ដែល​បាន​ធ្វើ​តាម​យោបល់​របស់​ប៉ូល​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​និង​មាន​សាមគ្គីភាព ហើយ​យើង​ឃើញ​ស្ថានភាព​នេះ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង​សព្វ​ថ្ងៃ​នេះ​ដែរ។

១៦. តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី? (​ហេប្រឺ ៦:១០​)

១៦ ចូរ​តាំង​ចិត្ត​ជៀស​វាង​ពី​ការ​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត។ ផ្ទុយ​ទៅ​វិញ ចូរ​រៀន​ពី​លោក​យេស៊ូ ហើយ​ព្យាយាម​មាន​គុណ​សម្បត្តិ​ដូច​លោក។ ចូរ​ទទួល​ប្រយោជន៍​ពី​គំរូ​ក្នុង​គម្ពីរ និង​គំរូ​នៅ​សម័យ​យើង​ស្ដី​អំពី​ជំនឿ។ កាល​ដែល​អ្នក​បន្ត​ខំ​អស់​ពី​សមត្ថភាព សូម​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​‹មិន​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌ ដោយ​បំភ្លេច​ការ​ដែល​អ្នក​បាន​ធ្វើ›​ឡើយ។ (​សូម​អាន ហេប្រឺ ៦:១០) ចូរ​បន្ត​អរ​សប្បាយ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ដោយ​ដឹង​ថា​លោក​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​អស់​ពី​ចិត្ត​របស់​អ្នក​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។

ចម្រៀង​លេខ​៦៥ ឈាន​ទៅ​មុខ!

^ វគ្គ 5 យើង​ទាំង​អស់​គ្នា​អាច​រៀន​ពី​ការ​សង្កេត​មើល​គំរូ​របស់​អ្នក​ឯ​ទៀត។ ប៉ុន្តែ មាន​គ្រោះ​ថ្នាក់​មួយ​ចំនួន​ដែល​យើង​ត្រូវ​ជៀស​វាង។ អត្ថបទ​នេះ​នឹង​ជួយ​យើង​ឲ្យ​រក្សា​អំណរ និង​ជៀស​វាង​ពី​ការ​មាន​អំណួត​ឬ​ធ្លាក់​ទឹក​ចិត្ត ដោយ​សារ​យើង​បាន​ប្រៀប​ធៀប​អ្វី​ដែល​អ្នក​ឯ​ទៀត​អាច​ធ្វើ​ទៅ​នឹង​អ្វី​ដែល​យើង​អាច​ធ្វើ។

^ វគ្គ 49 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​បម្រើ​នៅ​បេតអែល​ពេល​ដែល​គាត់​នៅ​ក្មេង។ ក្រោយ​មក​គាត់​បាន​រៀប​ការ ហើយ​បាន​ត្រួស​ត្រាយ​ជា​មួយ​ប្រពន្ធ​គាត់។ បន្ទាប់​មក​ទៀត គាត់​មាន​កូន ហើយ​បាន​បង្ហាត់​បង្រៀន​ពួក​គេ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ឥឡូវ ពេល​ដែល​គាត់​ចាស់​ហើយ គាត់​បន្ត​បម្រើ​ព្រះ​ឲ្យ​អស់​ពី​សមត្ថភាព ដូច​ជា​ផ្សព្វ​ផ្សាយ​ដោយ​សរសេរ​សំបុត្រ​ជា​ដើម។