ចំណីឲ្យឆ្កែខ្ញុំ
បងប្រុសនីកដែលរស់នៅរដ្ឋអូរ៉េហ្គិន នាសហរដ្ឋអាម៉េរិកបានសរសេរថា៖ «នៅដើមឆ្នាំ២០១៤ ខ្ញុំបានចាប់ផ្ដើមបណ្ដើរឆ្កែពីរក្បាលរបស់ខ្ញុំនៅទីប្រជុំជន នាតំបន់ដែលខ្ញុំរស់នៅ។ ជាធម្មតានៅទីនោះ សាក្សីព្រះយេហូវ៉ាឈរនៅក្បែររទេះរុញដាក់តាំងសៀវភៅរបស់ពួកគេ។ ពួកគេស្លៀកសម្លៀកបំពាក់ស្អាតបាត ហើយញញឹមដាក់មនុស្សទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ទីនោះ។
«សាក្សីព្រះយេហូវ៉ាមិនគ្រាន់តែសប្បុរសដល់មនុស្សប៉ុណ្ណោះទេ តែពួកគេក៏ប្រព្រឹត្តដោយសប្បុរសចំពោះឆ្កែខ្ញុំផងដែរ។ នៅថ្ងៃមួយ ប្អូនស្រីម្នាក់ដែលឈរនៅក្បែររទេះនោះឈ្មោះអ៊ីឡេន បានឲ្យចំណីខ្លះដល់ឆ្កែខ្ញុំ។ ក្រោយមក ពេលណាដែលខ្ញុំដើរនៅជិតរទេះនោះ ឆ្កែខ្ញុំរត់ចូលទៅជិតសាក្សីព្រះយេហូវ៉ាដើម្បីទទួលចំណីពីពួកគេ។
«ច្រើនខែបានកន្លងផុតទៅ ឆ្កែរបស់ខ្ញុំចូលចិត្តចំណីដែលសាក្សីព្រះយេហូវ៉ាឲ្យ ហើយខ្ញុំក៏សប្បាយសន្ទនាយ៉ាងខ្លីជាមួយពួកគេដែរ។ ប៉ុន្តែ ខ្ញុំមិនចង់និយាយច្រើនពេកជាមួយពួកគេទេ។ ខ្ញុំមានអាយុ៧០ឆ្នាំជាង ហើយខ្ញុំមិនសូវដឹងថាពួកសាក្សីជឿលើអ្វីខ្លះឡើយ។ ខ្ញុំធ្លាប់ខកចិត្តនឹងសេចក្ដីបង្រៀនរបស់វិហារខាងប្រូតេស្តង់ ដូច្នេះខ្ញុំគិតថាល្អបំផុតគឺសិក្សាគម្ពីរដោយខ្លួនឯង។
«ក្នុងអំឡុងពេលនោះ ខ្ញុំបានឃើញសាក្សីឯទៀតឈរក្បែររទេះរបស់ពួកគេនៅតំបន់ផ្សេងៗនាក្រុងដែលខ្ញុំរស់នៅ ហើយពួកគេក៏ជាមនុស្សរួសរាយរាក់ទាក់ដែរ។ ពួកគេតែងតែឆ្លើយសំណួរខ្ញុំពីគម្ពីរ ហើយនោះបានធ្វើឲ្យខ្ញុំកាន់តែទុកចិត្តពួកគេ។
«ថ្ងៃមួយ ប្អូនអ៊ីឡេនបានសួរខ្ញុំថា៖ ‹តើបងជឿថាសត្វគឺជាអំណោយពីព្រះឬទេ?›។ ខ្ញុំឆ្លើយថា៖ ‹បាទ ខ្ញុំជឿ!›។ ក្រោយមក ប្អូនអ៊ីឡេនបានបង្ហាញអេសាយ ១១:៦-៩ឲ្យខ្ញុំ។ ចាប់ពីពេលនោះមក ខ្ញុំចង់រៀនថែមទៀតអំពីគម្ពីរ ប៉ុន្តែខ្ញុំមិនចង់ទទួលសៀវភៅណាទាំងអស់ពីសាក្សីព្រះយេហូវ៉ាទេ។
«នៅក្នុងប៉ុន្មានថ្ងៃបន្ទាប់ ខ្ញុំបាននិយាយយ៉ាងខ្លីជាមួយប្អូនអ៊ីឡេននិងប្អូនប្រេនដែលជាប្ដីរបស់គាត់ ហើយអ្វីដែលយើងនិយាយគ្នានោះគឺគួរឲ្យចាប់អារម្មណ៍មែន។ ពួកគាត់បានប្រាប់ខ្ញុំឲ្យអានសៀវភៅម៉ាថាយរហូតដល់សកម្មភាព ដើម្បីយល់ថាការយកតម្រាប់គ្រិស្តមានន័យយ៉ាងណា។ ដូច្នេះ ខ្ញុំបានធ្វើអ៊ីចឹងមែន។ មិនយូរក្រោយមក ខ្ញុំព្រមសិក្សាគម្ពីរជាមួយប្អូនប្រេននិងប្អូនអ៊ីឡេន។ នោះគឺនៅពាក់កណ្ដាលឆ្នាំ២០១៦។
«ខ្ញុំទន្ទឹងរង់ចាំពេលសិក្សាគម្ពីរជារៀងរាល់សប្ដាហ៍និងចូលរួមកិច្ចប្រជុំ។ ខ្ញុំសប្បាយចិត្តរៀនអំពីអ្វីដែលគម្ពីរពិតជាបង្រៀន។ មួយឆ្នាំក្រោយមក ខ្ញុំបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។ ឥឡូវខ្ញុំមានអាយុ៧៩ឆ្នាំ ហើយខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបានរកឃើញសាសនាពិត។ ព្រះយេហូវ៉ាបានឲ្យពរខ្ញុំ ដោយជួយខ្ញុំឲ្យទៅជាសមាជិកក្រុមគ្រួសាររបស់លោកនៅទូទាំងពិភពលោក»។