លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៥

ព្រះយេហូវ៉ាឲ្យពរពួកអ្នកដែលអភ័យទោសឲ្យអ្នកឯទៀត

ព្រះយេហូវ៉ាឲ្យពរពួកអ្នកដែលអភ័យទោសឲ្យអ្នកឯទៀត

​«​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ ម្ល៉ោះ​ហើយ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ​»។—កូឡ. ៣:១៣

ចម្រៀង​លេខ​១៣០ យើង​ត្រូវ​ចេះ​អភ័យ​ទោស

សេចក្ដី​សង្ខេប *

១. តើ​ព្រះ​យេហូវ៉ា​សន្យា​អ្វី​នឹង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ប្រែ​ចិត្ត?

 ទោះ​ជា​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត អ្នក​តែង​ច្បាប់ និង​ចៅ​ក្រម​របស់​យើង​ក្ដី លោក​ក៏​ជា​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​យើង​ដែរ។ (​ចសព. ១០០:៣; អេ. ៣៣:​២២​) ពេល​យើង​ធ្វើ​ខុស​នឹង​ព្រះ​យេហូវ៉ា តែ​ក្រោយ​មក​ប្រែ​ចិត្ត​យ៉ាង​ស្មោះ លោក​មិន​គ្រាន់​តែ​អាច​អភ័យ​ទោស​ឲ្យ​យើង​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ចង់​ធ្វើ​ដូច្នេះ​ដែរ។ (​ចសព. ៨៦:៥​) តាម​រយៈ​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​ធានា​ដ៏​កក់​ក្ដៅ​នេះ​ថា​៖ ​«​ទោះ​ជា​អំពើ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​ដូច​ជា​ពណ៌​ក្រហម​ឆ្អៅ​ក្ដី ក៏​នឹង​ប្រែ​ទៅ​ជា​ស​ក្បុស​ដូច​ព្រិល​បាន​ដែរ​»។—អេ. ១:១៨

២. បើ​យើង​ចង់​មាន​សន្តិភាព​ជា​មួយ​អ្នក​ឯ​ទៀត តើ​យើង​ត្រូវ​ធ្វើ​អ្វី?

ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​ទាំង​អស់​គ្នា​និយាយ​និង​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត។ (​យ៉ា. ៣:២​) ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​យើង​មិន​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ពួក​គេ​ឡើយ។ យើង​អាច​ធ្វើ​បាន បើ​យើង​រៀន​ឲ្យ​ចេះ​អភ័យ​ទោស។ (​សុភ. ១៧:៩; ១៩:១១; ម៉ាថ. ១៨:២១, ២២​) បើ​បុគ្គល​ណា​ម្នាក់​និយាយ​ឬ​ធ្វើ​អ្វី​តិច​តួច​ដែល​នាំ​ឲ្យ​យើង​ឈឺ​ចិត្ត ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​អភ័យ​ទោស​ឲ្យ​អ្នក​នោះ។ (​កូឡ. ៣:១៣​) យើង​មាន​មូលហេតុ​ល្អ​ឲ្យ​ធ្វើ​ដូច្នេះ គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង​«​ជា​បរិបូរ​»​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។—អេ. ៥៥:៧

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​អាច​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត ដូច​ព្រះ​យេហូវ៉ា។ ប៉ុន្តែ តើ​យើង​ត្រូវ​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​អំពី​អំពើ​ខុស​ឆ្គង​ណា​ខ្លះ? ហេតុ​អ្វី​ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​អភ័យ​ទោស​អ្នក​ឯ​ទៀត? តើ​យើង​អាច​រៀន​អ្វី​ពី​បង​ប្អូន​ខ្លះ​របស់​យើង​ដែល​រង​ទុក្ខ​យ៉ាង​ខ្លាំង ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​អ្នក​ឯ​ទៀត?

ពេល​គ្រិស្ត​សាសនិក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ

៤. (​ក​) ពេល​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ តើ​គាត់​ត្រូវ​ធ្វើ​អ្វី? (​ខ​) តើ​ពួក​អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​អ្វី ពេល​ពួក​គេ​និយាយ​ជា​មួយ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង?

យើង​គួរ​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​ពេល​បុគ្គល​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ អំពើ​ទាំង​នោះ​ខ្លះ​បាន​ត្រូវ​រៀប​រាប់​នៅ​កូរិនថូស​ទី​១ ៦:៩, ១០។ អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ គឺ​បំពាន​ច្បាប់​របស់​ព្រះ​យ៉ាង​ខ្លាំង។ បើ​គ្រិស្ត​សាសនិក​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ណា​មួយ​បែប​នេះ គាត់​ត្រូវ​អធិដ្ឋាន​សុំ​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា ហើយ​ត្រូវ​ប្រាប់​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ (​ចសព. ៣២:៥; យ៉ា. ៥:១៤​) តើ​ពួក​អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​អ្វី? មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​មាន​សិទ្ធិ​អភ័យ​ទោស​ឲ្យ​ទាំង​ស្រុង​ចំពោះ​អំពើ​ខុស​ឆ្គង ហើយ​លោក​អភ័យ​ទោស​ឲ្យ​យើង​ដោយ​មាន​មូលដ្ឋាន​លើ​គ្រឿង​បូជា​លោះ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ពិនិត្យ​ពិចារណា​ពី​គម្ពីរ​ថា អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​អាច​បន្ត​នៅ​ក្នុង​ក្រុម​ជំនុំ​ឬ​យ៉ាង​ណា។ (​១កូ. ៥:១២​) ដើម្បី​ធ្វើ​ដូច្នេះ អ្វី​មួយ​ដែល​ពួក​គេ​ធ្វើ គឺ​ព្យាយាម​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​នេះ​៖ តើ​បុគ្គល​នោះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​ចេតនា​ឬ? តើ​គាត់​ព្យាយាម​លាក់​បាំង​អំពើ​ខុស​ឆ្គង​នោះ​ពី​អ្នក​ឯ​ទៀត​ឬ​ទេ? តើ​គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដដែល​ៗ​អស់​មួយ​រយៈ​ពេល​ឬ? សំខាន់​បំផុត តើ​មាន​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​គាត់​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ឬ​ទេ? តើ​មាន​ទី​សំអាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់​ឬ?—សកម្ម. ៣:១៩

៥. ពេល​អ្នក​ចាស់​ទុំ​ព្យាយាម​ជួយ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង តើ​ក្រុម​ជំនុំ​ទាំង​មូល​ទទួល​ប្រយោជន៍​យ៉ាង​ណា?

ពេល​ពួក​អ្នក​ចាស់​ទុំ​ជួប​ជា​មួយ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង គោល​ដៅ​របស់​ពួក​គេ​គឺ​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ផែនដី​ឲ្យ​ដូច​ការ​សម្រេច​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​រួច​ហើយ​នៅ​ស្ថាន​សួគ៌។ (​ម៉ាថ. ១៨:១៨​) តើ​ការ​រៀបចំ​នេះ​មាន​ប្រយោជន៍​យ៉ាង​ណា​ដល់​ក្រុម​ជំនុំ? គឺ​ការ​ពារ​ក្រុម​ជំនុំ​ដោយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត​មិន​អាច​បន្ត​នៅ​ក្នុង​ក្រុម​ជំនុំ និង​បង្ខូច​អ្នក​បម្រើ​ដ៏​មាន​តម្លៃ​របស់​ព្រះ​យេហូវ៉ា​ឡើយ។ (​១កូ. ៥:៦, ៧, ១១​-​១៣; ទីត. ៣:១០, ១១​) ការ​រៀបចំ​នោះ​ក៏​ប្រហែល​ជា​ជួយ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ប្រែ​ចិត្ត​និង​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា។ (​លូក. ៥:៣២​) ពួក​អ្នក​ចាស់​ទុំ​អធិដ្ឋាន​ឲ្យ​បុគ្គល​ដែល​ប្រែ​ចិត្ត ហើយ​សុំ​ព្រះ​យេហូវ៉ា​ជួយ​បុគ្គល​នោះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក​ឡើង​វិញ។—យ៉ា. ៥:១៥

៦. បើ​បុគ្គល​ណា​ម្នាក់​បាន​ត្រូវ​បណ្ដាច់​មិត្តភាព តើ​ព្រះ​យេហូវ៉ា​នៅ​តែ​អាច​អភ័យ​ទោស​ឲ្យ​គាត់​ឬ​ទេ? សូម​ពន្យល់។

ឧបមា​ថា បុគ្គល​ម្នាក់​មិន​ប្រែ​ចិត្ត​ពេល​ពួក​អ្នក​ចាស់​ទុំ​ជួប​គាត់។ ក្នុង​ករណី​នោះ គាត់​នឹង​ត្រូវ​បណ្ដាច់​មិត្តភាព​ចេញ​ពី​ក្រុម​ជំនុំ។ បើ​គាត់​បាន​បំពាន​ច្បាប់​របស់​រដ្ឋាភិបាល ពួក​អ្នក​ចាស់​ទុំ​នឹង​មិន​ការ​ពារ​គាត់​ពី​លទ្ធផល​នៃ​ទង្វើ​អាក្រក់​របស់​គាត់​ឡើយ។ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ពួក​អាជ្ញាធរ​មាន​សិទ្ធិ​វិនិច្ឆ័យ​និង​ដាក់​ទោស​អស់​អ្នក​ដែល​បំពាន​ច្បាប់ មិន​ថា​បុគ្គល​នោះ​ប្រែ​ចិត្ត​ឬ​មិន​ប្រែ​ចិត្ត​ក្ដី។ (​រ៉ូម ១៣:៤​) ប៉ុន្តែ​បើ​ក្រោយ​មក បុគ្គល​នោះ​ភ្ញាក់​ខ្លួន​ដឹង​កំហុស ហើយ​កែ​ប្រែ​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​គាត់ ព្រះ​យេហូវ៉ា​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​គាត់។ (​លូក. ១៥:១៧​-​២៤​) សូម្បី​តែ​បុគ្គល​នោះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ក៏​លោក​នៅ​តែ​អាច​អភ័យ​ទោស​ឲ្យ​គាត់​ដែរ។—២ប្រ. ៣៣:៩, ១២, ១៣; ១ធី. ១:១៥

៧. តើ​យើង​អាច​អភ័យ​ទោស​ឲ្យ​បុគ្គល​ដែល​បាន​ធ្វើ​ខុស​នឹង​យើង​ក្នុង​ន័យ​យ៉ាង​ណា?

យើង​ធូរ​ស្រាល​ក្នុង​ចិត្ត​ដោយ​ដឹង​ថា យើង​មិន​មែន​ជា​អ្នក​សម្រេច​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឬ​មិន​អភ័យ​ទោស​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទេ! ប៉ុន្តែ មាន​អ្វី​មួយ​ដែល​យើង​ត្រូវ​សម្រេច​ចិត្ត។ តើ​នោះ​ជា​អ្វី? ក្នុង​ករណី​ខ្លះ បុគ្គល​ម្នាក់​ប្រហែល​ជា​ធ្វើ​ខុស​នឹង​យើង ប៉ុន្តែ​ក្រោយ​មក​គាត់​សុំ​ទោស​និង​សុំ​យើង​អត់​ទោស​ឲ្យ​គាត់។ រីឯ​អ្នក​ផ្សេង​ទៀត ប្រហែល​ជា​មិន​សុំ​ទោស​យើង​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ យើង​អាច​សម្រេច​ចិត្ត​អភ័យ​ទោស​ឲ្យ​បុគ្គល​នោះ ក្នុង​ន័យ​ថា​យើង​សម្រេច​ចិត្ត​លះ​ចោល​គំនុំ​និង​កំហឹង​ណា​ដែល​យើង​មាន​ចំពោះ​គាត់។ តាម​ពិត នេះ​ប្រហែល​ជា​ត្រូវ​ការ​ពេល​និង​ការ​ខំ​ប្រឹង ជា​ពិសេស​បើ​យើង​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង។ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​១៩៩៤ ចែង​ថា​៖ ‹នៅ​ពេល​ដែល​អ្នក​អត់​ឱន​ទោស​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង នេះ​មិន​មាន​សេចក្ដី​ថា​អ្នក​លើក​ទោស​អំពើ​ខុស​ឆ្គង​នោះ​ទេ។ ចំពោះ​គ្រិស្ត​សាសនិក ការ​អត់​ឱន​ទោស​ឲ្យ​មាន​ន័យ​ថា យើង​ទុក​រឿង​នេះ​នៅ​ដៃ​របស់​ព្រះ​យេហូវ៉ា​ដោយ​ទុក​ចិត្ត។ លោក​ជា​ចៅ​ក្រម​ដ៏​សុចរិត​នៅ​ក្នុង​សកល​លោក ហើយ​លោក​នឹង​ចាត់​វិធានការ​រក​យុត្តិធម៌​នៅ​ពេល​ត្រឹម​ត្រូវ›។ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត ហើយ​ទុក​រឿង​នេះ​នៅ​ក្នុង​ដៃ​របស់​លោក​ដើម្បី​ឲ្យ​លោក​រក​យុត្តិធម៌​ឲ្យ?

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​អភ័យ​ទោស?

៨. តើ​តាម​របៀប​ណា​ការ​អភ័យ​ទោស​បង្ហាញ​ថា​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​យេហូវ៉ា?

ការ​អភ័យ​ទោស​បង្ហាញ​អំពី​ចិត្ត​កតញ្ញូ​ដែល​យើង​មាន​ចំពោះ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​យេហូវ៉ា។ ក្នុង​ឧទាហរណ៍​មួយ លោក​យេស៊ូ​បាន​ប្រដូច​ព្រះ​យេហូវ៉ា​ទៅ​នឹង​ម្ចាស់​ម្នាក់​ដែល​លុប​បំណុល​ច្រើន​របស់​ខ្ញុំ​បម្រើ​ម្នាក់​ដែល​គ្មាន​លទ្ធភាព​សង។ ប៉ុន្តែ ខ្ញុំ​បម្រើ​នោះ​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្តា​ករុណា​ចំពោះ​ខ្ញុំ​បម្រើ​ម្នាក់​ដែល​ជំពាក់​គាត់​តិច​ជាង​នោះ​ឆ្ងាយ​ណាស់។ (​ម៉ាថ. ១៨:២៣​-​៣៥​) តើ​លោក​យេស៊ូ​បង្រៀន​យើង​អំពី​អ្វី? បើ​យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ចំពោះ​សេចក្ដី​មេត្តា​ករុណា​ដ៏​ធំ​ធេង​របស់​ព្រះ​យេហូវ៉ា​មក​លើ​យើង នោះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​អភ័យ​ទោស​អ្នក​ឯ​ទៀត។ (​ចសព. ១០៣:៩​) ច្រើន​ឆ្នាំ​មុន ទស្សនាវដ្ដី​ប៉ម​យាម​មួយ​ចែង​អំពី​ចំណុច​នេះ​ថា​៖ ​«​មិន​ថា​យើង​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ច្រើន​ដង​យ៉ាង​ណា​ក៏​ដោយ នោះ​មិន​អាច​ស្មើ​នឹង​ការ​អភ័យ​ទោស​និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​ចំពោះ​យើង តាម​រយៈ​គ្រិស្ត​ឡើយ​»។

៩. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​ណា? (​ម៉ាថាយ ៦:១៤, ១៥​)

អ្នក​ដែល​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​នឹង​ទទួល​ការ​អភ័យ​ទោស។ ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​ពួក​អ្នក​ដែល​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​អ្នក​ឯ​ទៀត។ (​ម៉ាថ. ៥:៧; យ៉ា. ២:១៣​) លោក​យេស៊ូ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ចំណុច​នេះ ពេល​ដែល​លោក​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​អំពី​របៀប​អធិដ្ឋាន។ (​សូម​អាន ម៉ាថាយ ៦:១៤, ១៥) យើង​ទាញ​យក​មេ​រៀន​ស្រដៀង​នឹង​នេះ​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​យ៉ូប​ដែល​ជា​អ្នក​បម្រើ​លោក។ បុរស​ស្មោះ​ត្រង់​នេះ​បាន​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ពាក្យ​សម្ដី​មិន​សប្បុរស​របស់​បុរស​បី​នាក់​ឈ្មោះ​អេលីផាស ប៊ីលដាឌ និង​សូផារ។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​យ៉ូប​ឲ្យ​អធិដ្ឋាន​ឲ្យ​ពួក​គេ។ ក្រោយ​ពី​យ៉ូប​បាន​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់។—យ៉ូប ៤២:៨​-​១០

១០. ហេតុ​អ្វី​ការ​ចង​គំនុំ​នាំ​ឲ្យ​មាន​ផល​មិន​ល្អ​ចំពោះ​ខ្លួន? (​អេភេសូរ ៤:៣១, ៣២​)

១០ ការ​ចង​គំនុំ​គឺ​នាំ​ឲ្យ​មាន​ផល​មិន​ល្អ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​លះ​ចោល​គំនុំ​ដែល​ប្រៀប​ដូច​ជា​បន្ទុក​ដ៏​ធ្ងន់ ដើម្បី​យើង​អាច​មាន​អារម្មណ៍​ធូរ​ស្រាល​ក្នុង​ចិត្ត។ (​សូម​អាន អេភេសូរ ៤:៣១, ៣២) ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​បោះ​បង់​ចោល​កំហឹង​និង​ចិត្ត​ក្រេវ​ក្រោធ​»។ (​ចសព. ៣៧:​៨​) បើ​យើង​ធ្វើ​តាម​យោបល់​នេះ យើង​នឹង​ទទួល​ប្រយោជន៍។ ការ​ចង​គំនុំ​អាច​ប៉ះ​ពាល់​ដល់​សុខភាព និង​ផ្លូវ​ចិត្ត​យើង។ (​សុភ. ១៤:៣០​) ការ​ចង​គំនុំ​មិន​ប៉ះ​ពាល់​ដល់​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត​ទេ ដូច​បើ​យើង​ផឹក​ថ្នាំ​ពុល វា​មិន​ប៉ះ​ពាល់​ដល់​គាត់​ឡើយ។ វា​ធ្វើ​ឲ្យ​យើង​ផ្ទាល់​រង​ទុក្ខ។ ប៉ុន្តែ ពេល​យើង​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត យើង​កំពុង​ជួយ​ខ្លួន​ឯង។ (​សុភ. ១១:១៧​) យ៉ាង​នេះ យើង​អាច​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត និង​បន្ត​ជឿន​ទៅ​មុខ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។

១១. តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​សង​សឹក? (​រ៉ូម ១២:១៩​-​២១​)

១១ ការ​សង​សឹក​គឺ​ជា​របស់​ព្រះ​យេហូវ៉ា។ លោក​មិន​បាន​ឲ្យ​យើង​មាន​សិទ្ធិ​ដាក់​ទោស​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ទេ។ (​សូម​អាន រ៉ូម ១២:១៩​-​២១) ការ​យល់​ឃើញ​របស់​យើង​មាន​កម្រិត​និង​មិន​ល្អ​ឥត​ខ្ចោះ ហេតុ​នេះ​យើង​មិន​អាច​វិនិច្ឆ័យ​យ៉ាង​ត្រឹម​ត្រូវ​ដូច​ព្រះ​បាន​ទេ។ (​ហេ. ៤:១៣​) ជួន​កាល អារម្មណ៍​របស់​យើង​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​វិនិច្ឆ័យ​ខុស ហើយ​ធ្វើ​ឲ្យ​យើង​ពិបាក​ដឹង​អ្វី​ដែល​ត្រឹម​ត្រូវ។ ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​យ៉ាកុប​ឲ្យ​សរសេរ​ថា​៖ ​«​កំហឹង​របស់​មនុស្ស​មិន​នាំ​ឲ្យ​ធ្វើ​អ្វី​ត្រឹម​ត្រូវ​ដែល​ព្រះ​ពេញ​ចិត្ត​ទេ​»។ (​យ៉ា. ១:២០​) ប៉ុន្តែ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​លោក​នឹង​ចាត់​វិធានការ​រក​យុត្តិធម៌។

ចូរ​លះ​ចោល​កំហឹង​និង​គំនុំ។ ចូរ​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​ដោះ​ស្រាយ។ លោក​នឹង​បំបាត់​ចោល​ផល​វិបាក​ទាំង​អស់​ដែល​មក​ពី​ការ​ខុស​ឆ្គង (​សូម​មើល​វគ្គ​១២​)

១២. តើ​យើង​អាច​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ទៅ​លើ​យុត្តិធម៌​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១២ ការ​អភ័យ​ទោស​បង្ហាញ​ថា​យើង​មាន​ទំនុក​ចិត្ត​ទៅ​លើ​យុត្តិធម៌​របស់​ព្រះ​យេហូវ៉ា។ ពេល​យើង​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​ជា​អ្នក​ដោះ​ស្រាយ យើង​បង្ហាញ​ថា​យើង​មាន​ទំនុក​ចិត្ត​ថា លោក​នឹង​លុប​បំបាត់​ផល​វិបាក​ទាំង​អស់​ដែល​មក​ពី​អំពើ​ខុស​ឆ្គង។ នៅ​ក្នុង​ពិភព​លោក​ថ្មី​ដែល​ព្រះ​បាន​សន្យា អនុស្សាវរីយ៍​ឈឺ​ចាប់​«​នឹង​គ្មាន​នរណា​នឹក​ឃើញ​ទៀត​ទេ ហើយ​ក៏​មិន​ចង​ចាំ​នៅ​ក្នុង​ចិត្ត​ទៀត​ដែរ​»។ (​អេ. ៦៥:១៧​) ប៉ុន្តែ ពេល​យើង​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង តើ​យើង​ពិត​ជា​អាច​លះ​ចោល​កំហឹង​និង​គំនុំ​ឬ​ទេ? សូម​យើង​ពិចារណា​អំពី​របៀប​ដែល​បុគ្គល​ខ្លះ​បាន​ធ្វើ​ដូច្នេះ។

ពរ​ដែល​មក​ពី​ការ​អភ័យ​ទោស

១៣​-​១៤. តើ​អ្នក​បាន​រៀន​អ្វី​អំពី​ការ​អភ័យ​ទោស​ពី​បទ​ពិសោធន៍​របស់​បង​ថូនី​និង​បង​ហូសេ?

១៣ បង​ប្អូន​ជា​ច្រើន​នាក់​បាន​សម្រេច​ចិត្ត​អភ័យ​ទោស ទោះ​ជា​អ្នក​ឯ​ទៀត​បាន​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​ក្ដី។ តើ​ពួក​គេ​បាន​ទទួល​ពរ​អ្វី​ខ្លះ​ពី​ការ​ធ្វើ​ដូច្នេះ?

១៤ ច្រើន​ឆ្នាំ​មុន បុរស​ម្នាក់​ឈ្មោះ​ថូនី * ដែល​រស់​នៅ​ប្រទេស​ហ្វីលីពីន​បាន​រៀន​សេចក្ដី​ពិត។ គាត់​ដឹង​ថា​បង​ប្រុស​ម្នាក់​របស់​គាត់​បាន​ត្រូវ​គេ​សម្លាប់។ បុរស​ដែល​បាន​សម្លាប់​បង​ប្រុស​របស់​គាត់​មាន​ឈ្មោះ​ហូសេ។ នៅ​ពេល​នោះ បង​ថូនី​ជា​មនុស្ស​ឆាប់​ខឹង​និង​កាច​សាហាវ ហើយ​គាត់​ចង់​សង​សឹក។ បង​ហូសេ​បាន​ត្រូវ​គេ​ចាប់​ខ្លួន ហើយ​ដាក់​គុក​ដោយ​សារ​បទ​ល្មើស​របស់​គាត់។ ក្រោយ​មក ពេល​បង​ហូសេ​បាន​ត្រូវ​ដោះ​លែង​ពី​គុក បង​ថូនី​បាន​ប្ដេជ្ញា​ចិត្ត​ថា​នឹង​រក​គាត់​ឲ្យ​ឃើញ ហើយ​សម្លាប់​គាត់​ចោល។ ដូច្នេះ បង​ថូនី​បាន​ទិញ​កាំភ្លើង​ទុក​បាញ់​គាត់។ នៅ​ពេល​នោះ បង​ថូនី​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា។ គាត់​និយាយ​ថា​៖ ​«​ពេល​សិក្សា​គម្ពីរ ខ្ញុំ​រៀន​ថា​ខ្ញុំ​ត្រូវ​កែ​ប្រែ​បុគ្គលិក​លក្ខណៈ​និង​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ រួម​ទាំង​លះ​ចោល​កំហឹង​ដែរ​»។ ក្រោយ​មក បង​ថូនី​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​បន្ទាប់​មក​ទៀត គាត់​បាន​ទៅ​ជា​អ្នក​ចាស់​ទុំ។ សូម​ស្រមៃ​គិត​ថា​បង​ថូនី​ភ្ញាក់​ផ្អើល​យ៉ាង​ណា ពេល​ដឹង​ថា​បង​ហូសេ​ក៏​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដែរ! ពេល​ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ជួប​គ្នា ពួក​គាត់​ឱប​គ្នា​យ៉ាង​ណែន។ បង​ថូនី​បាន​ប្រាប់​បង​ហូសេ​ថា គាត់​បាន​អភ័យ​ទោស​ឲ្យ​បង​ហូសេ។ បង​ថូនី​និយាយ​ថា ការ​អភ័យ​ទោស​ឲ្យ​បង​ហូសេ​ធ្វើ​ឲ្យ​គាត់​មាន​អំណរ​យ៉ាង​ខ្លាំង​ដែល​គាត់​ពិបាក​ពណ៌នា។ ពិត​មែន​ហើយ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​បង​ថូនី ដោយ​សារ​គាត់​ចេះ​អភ័យ​ទោស។

គំរូ​របស់​បង​ភីធើ​និង​បង​ស៊ូ​បង្ហាញ​ថា​យើង​អាច​លះ​ចោល​កំហឹង​និង​គំនុំ​បាន (​សូម​មើល​វគ្គ​១៥​-​១៦​)

១៥​-​១៦. តើ​អ្នក​បាន​រៀន​អ្វី​អំពី​ការ​អភ័យ​ទោស​ពី​បទ​ពិសោធន៍​របស់​បង​ភីធើ​និង​បង​ស៊ូ?

១៥ នៅ​ឆ្នាំ​១៩៨៥ បង​ប្រុស​ភីធើ​និង​បង​ស្រី​ស៊ូ​បាន​ចូល​រួម​កិច្ច​ប្រជុំ​នៅ​សាល​ប្រជុំ។ ប៉ុន្តែ​នៅ​ពេល​នោះ​ស្រាប់​តែ​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​យ៉ាង​ខ្លាំង​មួយ។ បុរស​ម្នាក់​បាន​ដាក់​គ្រាប់​បែក​នៅ​ក្នុង​សាល​ប្រជុំ! ពេល​នោះ បង​ស៊ូ​បាន​រង​របួស​យ៉ាង​ធ្ងន់​ដែល​ប៉ះ​ពាល់​ដល់​ការ​មើល​ឃើញ​និង​ការ​ស្ដាប់​ឮ​របស់​គាត់​អស់​មួយ​ជីវិត។ គាត់​ក៏​បាត់​បង់​សមត្ថភាព​ដឹង​ក្លិន​ដែរ។ បង​ភីធើ​និង​បង​ស៊ូ​ច្រើន​តែ​ឆ្ងល់​ថា ‹តើ​មនុស្ស​បែប​ណា​អាច​ធ្វើ​រឿង​ដ៏​អាក្រក់​ដូច​នេះ​ទៅ?›។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក អ្នក​បំផ្ទុះ​គ្រាប់​បែក​ដែល​មិន​មែន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នោះ បាន​ត្រូវ​គេ​ចាប់​ខ្លួន ហើយ​ដាក់​គុក​អស់​មួយ​ជីវិត។ ពេល​បង​ភីធើ​និង​បង​ស៊ូ​បាន​ត្រូវ​គេ​សួរ​ថា តើ​ពួក​គាត់​បាន​អភ័យ​ទោស​ឲ្យ​បុរស​នោះ​ឬ​យ៉ាង​ណា? ពួក​គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បង្រៀន​យើង​ថា​កំហឹង​និង​គំនុំ​អាច​បង្ខូច​សុខភាព ផ្លូវ​ចិត្ត និង​សតិ​អារម្មណ៍​របស់​យើង។ ដូច្នេះ មិន​យូរ​ក្រោយ​ពី​ការ​ផ្ទុះ​គ្រាប់​បែក​នោះ យើង​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​យើង​លះ​ចោល​កំហឹង និង​អភ័យ​ទោស​ឲ្យ​បុរស​នោះ ដើម្បី​យើង​អាច​រស់​នៅ​ដោយ​សុខ​សាន្ត​បាន​»។

១៦ តើ​ការ​អភ័យ​ទោស​ឲ្យ​បុរស​នោះ​គឺ​ស្រួល​ឬ? គឺ​មិន​តែង​តែ​ស្រួល​ទេ។ ពួក​គាត់​និយាយ​បន្ត​ថា​៖ ​«​ជួន​កាល ពេល​ស៊ូ​ឈឺ​ចាប់​ដោយ​សារ​ការ​រង​របួស​នោះ យើង​មាន​អារម្មណ៍​ខឹង​ម្ដង​ទៀត។ ប៉ុន្តែ​យើង​មិន​បន្ត​គិត​អំពី​រឿង​នេះ​ទេ ដូច្នេះ​អារម្មណ៍​ទាំង​នេះ​ឆាប់​បាត់​ទៅ​វិញ។ តាម​ពិត និយាយ​ដោយ​ស្មោះ​ទៅ បើ​បុរស​ដែល​បំផ្ទុះ​គ្រាប់​បែក​នោះ​ទៅ​ជា​បង​ប្អូន​រួម​ជំនឿ​របស់​យើង​នៅ​ថ្ងៃ​ណា​មួយ យើង​នឹង​ស្វាគមន៍​គាត់។ បទ​ពិសោធន៍​នេះ​បាន​បង្រៀន​យើង​ថា ពេល​យើង​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ យើង​មាន​អារម្មណ៍​ថា​យើង​មាន​សេរី​ភាព។ តាម​ពិត គោល​ការណ៍​គម្ពីរ​រំដោះ​យើង​ឲ្យ​មាន​សេរី​ភាព​ច្រើន​ជាង​ការ​នឹក​ស្មាន​របស់​យើង​ទៅ​ទៀត! យើង​ក៏​ទទួល​ការ​សម្រាល​ទុក្ខ​ដែរ ដោយ​ដឹង​ថា​មិន​យូរ​ទៀត​ព្រះ​យេហូវ៉ា​នឹង​លុប​បំបាត់​ផល​វិបាក​ទាំង​អស់​របស់​យើង​»។

១៧. តើ​អ្នក​បាន​រៀន​អ្វី​អំពី​ការ​ភ័យ​ទោស​ពី​បទ​ពិសោធន៍​របស់​បង​ម៉ាយរ៉ា?

១៧ ពេល​បង​ម៉ាយរ៉ា​បាន​រៀន​សេចក្ដី​ពិត គាត់​បាន​រៀប​ការ​និង​មាន​កូន​តូច​ៗ​ពីរ​នាក់​រួច​ហើយ។ ប្ដី​របស់​គាត់​មិន​បាន​ទទួល​យក​សេចក្ដី​ពិត​ទេ។ នៅ​ពេល​ក្រោយ​មក ប្ដី​របស់​គាត់​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​ចុះ​ចោល​ក្រុម​គ្រួសារ។ បង​ម៉ាយរ៉ា​បាន​និយាយ​ថា​៖ ​«​ពេល​ប្ដី​របស់​ខ្ញុំ​បាន​ចុះ​ចោល​ខ្ញុំ​និង​កូន​ៗ ខ្ញុំ​មាន​អារម្មណ៍​ដូច​មនុស្ស​ជា​ច្រើន​ដែល​បាន​ត្រូវ​បុគ្គល​ជា​ទី​ស្រឡាញ់​ក្បត់ ដូច​ជា​៖ តក់​ស្លុត ស្មាន​មិន​ដល់ ខឹង កើត​ទុក្ខ ស្ដាយ​ក្រោយ និង​បន្ទោស​ខ្លួន​»។ ទោះ​ជា​អាពាហ៍ពិពាហ៍​បាន​បញ្ចប់​ហើយ​ក្ដី បង​ម៉ាយរ៉ា​នៅ​តែ​មាន​អារម្មណ៍​ឈឺ​ចាប់ ដោយ​សារ​ការ​ក្បត់​ពី​ប្ដី​គាត់។ បង​ម៉ាយរ៉ា​បាន​និយាយ​បន្ត​ទៀត​ថា​៖ ​«​ការ​ខ្វល់​ចិត្ត​និង​កំហឹង​បាន​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​អស់​ជា​ច្រើន​ខែ តែ​ខ្ញុំ​ទទួល​ស្គាល់​ថា​អារម្មណ៍​ទាំង​នេះ​ប៉ះ​ពាល់​ដល់​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​ព្រះ​យេហូវ៉ា​និង​អ្នក​ឯ​ទៀត​»។ គាត់​និយាយ​ថា​គាត់​បាន​លះ​ចោល​កំហឹង ហើយ​មិន​ចង់​ឲ្យ​អ្វី​អាក្រក់​កើត​ឡើង​ចំពោះ​អតីត​ប្ដី​គាត់​ទេ។ ជា​លទ្ធផល បង​ម៉ាយរ៉ា​អាច​ផ្ចង់​អារម្មណ៍​ទៅ​ថ្ងៃ​អនាគត​បាន។ គាត់​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​អតីត​ប្ដី​នោះ​នឹង​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ម្នាក់។ បង​ម៉ាយរ៉ា​បាន​ចិញ្ចឹម​អប់រំ​កូន​ពីរ​នាក់​តែ​ម្នាក់​ឯង​ឲ្យ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ សព្វ​ថ្ងៃ​នេះ គាត់​មាន​អំណរ​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​កូន​ៗ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។

ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​ដ៏​ល្អ​ឥត​ខ្ចោះ

១៨. តើ​យើង​អាច​មាន​ទំនុក​ចិត្ត​អ្វី​ទៅ​លើ​ព្រះ​យេហូវ៉ា​ដែល​ជា​ចៅ​ក្រម​ដ៏​ខ្ពស់​បំផុត?

១៨ យើង​សប្បាយ​ដឹង​ថា យើង​មិន​ចាំ​បាច់​សម្រេច​ចិត្ត​ថា​បុគ្គល​ម្នាក់​ៗ​គួរ​ទទួល​ការ​វិនិច្ឆ័យ​បែប​ណា​ទេ! ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​ដ៏​ខ្ពស់​បំផុត ដូច្នេះ​លោក​នឹង​បំពេញ​ភារកិច្ច​ដ៏​សំខាន់​នេះ។ (​រ៉ូម ១៤:១០​-​១២​) យើង​អាច​ជឿ​ជាក់​ទាំង​ស្រុង​ថា​លោក​នឹង​តែង​តែ​វិនិច្ឆ័យ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ (​ដក. ១៨:២៥; ១បស. ៨:៣២​) លោក​នឹង​មិន​ធ្វើ​អ្វី​ដែល​ទុច្ចរិត​ឡើយ!

១៩. តើ​យើង​នឹង​ទទួល​អ្វី​ដោយ​សារ​យុត្តិធម៌​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​យេហូវ៉ា?

១៩ យើង​ទន្ទឹង​រង់​ចាំ​គ្រា​ដែល​ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​ផល​អាក្រក់​ទាំង​អស់​ដែល​មក​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​និង​អំពើ​ខុស​ឆ្គង​របស់​មនុស្ស។ នៅ​ពេល​នោះ របួស​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ទាំង​អស់​របស់​យើង​នឹង​ជា​សះ​ស្បើយ​ទាំង​ស្រុង។ (​ចសព. ៧២:១២​-​១៤; បប. ២១:៣, ៤​) យើង​នឹង​មិន​នឹក​ចាំ​រឿង​ទាំង​នេះ​ម្ដង​ទៀត​ទេ។ កាល​ដែល​យើង​ទន្ទឹង​រង់​ចាំ​គ្រា​ដ៏​អស្ចារ្យ​នេះ យើង​អរគុណ​ព្រះ​យេហូវ៉ា​ដែល​លោក​បាន​ឲ្យ​យើង​មាន​សមត្ថភាព​យក​តម្រាប់​លោក ដោយ​ចេះ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។

ចម្រៀង​លេខ​១៨ ចូរ​ដឹង​គុណ​ព្រះ​សម្រាប់​ថ្លៃ​លោះ

^ ព្រះ​យេហូវ៉ា​ចង់​អភ័យ​ទោស​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ប្រែ​ចិត្ត។ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ចង់​ធ្វើ​តាម​គំរូ​របស់​លោក​ពេល​បុគ្គល​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អំពើ​ខុស​ឆ្គង​ដែល​យើង​អាច​អភ័យ​ទោស​ឲ្យ​បាន និង​អំពើ​ខុស​ឆ្គង​ដែល​យើង​ត្រូវ​ប្រាប់​ពួក​អ្នក​ចាស់​ទុំ។ យើង​ក៏​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ពរ​ដែល​យើង​នឹង​ទទួល​ពេល​យើង​ធ្វើ​ដូច្នេះ។

^ ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។