លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ការរៀននិងការបង្រៀនអំពីព្រះយេហូវ៉ាបានធ្វើឲ្យខ្ញុំសប្បាយរីករាយ

ការរៀននិងការបង្រៀនអំពីព្រះយេហូវ៉ាបានធ្វើឲ្យខ្ញុំសប្បាយរីករាយ

កាល​ដែល​ខ្ញុំ​ធំ​ឡើង​នៅ​ក្រុង​អ៊ីស្តុន រដ្ឋ​ប៉ិនស៊ីវ៉ានី សហរដ្ឋ​អាម៉េរិក ខ្ញុំ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ទៅ​រៀន​នៅ​សកល​វិទ្យាល័យ ហើយ​តាំង​ចិត្ត​ទៅ​ជា​បុគ្គល​ជោគ​ជ័យ​ម្នាក់។ ខ្ញុំ​ចូល​ចិត្ត​ការ​រៀន​សូត្រ ហើយ​ខ្ញុំ​ពូកែ​ខាង​គណិត​វិទ្យា​និង​វិទ្យា​សាស្ត្រ។ នៅ​ឆ្នាំ​១៩៥៦ អង្គការ​សង្គម​ស៊ីវិល​បាន​ជូន​លុយ​ខ្ញុំ​២៥​ដុល្លារ ដោយ​សារ​ខ្ញុំ​បាន​ទទួល​ពិន្ទុ​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​សិស្ស​ជន​ជាតិ​ស្បែក​ខ្មៅ។ ប៉ុន្តែ​ក្រោយ​មក គោល​ដៅ​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ។ ហេតុ​អ្វី?

របៀប​ដែល​ខ្ញុំ​រៀន​អំពី​ព្រះ​យេហូវ៉ា

មិន​យូរ​ក្រោយ​ពី​ឆ្នាំ​១៩៤០ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា។ ក្រោយ​មក​ពួក​គាត់​បាន​ឈប់​រៀន ប៉ុន្តែ​ម្ដាយ​របស់​ខ្ញុំ​បន្ត​ទទួល​ទស្សនាវដ្ដី​ភ្ញាក់​រឭក! និង​ទស្សនាវដ្ដី​ប៉ម​យាម។ នៅ​ឆ្នាំ​១៩៥០ មហា​សន្និបាត​អន្តរជាតិ​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រុង​ញូវយ៉ក ហើយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​ចូល​រួម។

មិន​យូរ​ក្រោយ​ពី​នោះ បង​ប្រុស​ឡរ៉េន ជេហ្វ្រី​បាន​ចាប់​ផ្ដើម​មក​លេង​យើង។ គាត់​បាន​ព្យាយាម​ជួយ​ខ្ញុំ​ឲ្យ​រៀន​សេចក្ដី​ពិត។ ដំបូង ខ្ញុំ​មិន​យល់​ស្រប​នឹង​គាត់​អំពី​ការ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​មិន​រួម​ចំណែក​ក្នុង​រឿង​នយោបាយ​និង​យោធា​ឡើយ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា បើ​គ្រប់​គ្នា​នៅ​អាម៉េរិក​មិន​ព្រម​ចូល​ធ្វើ​សង្គ្រាម នោះ​ពួក​សត្រូវ​អាច​ចូល​ឈ្លានពាន​ដណ្ដើម​យក​ទឹក​ដី​ទាំង​មូល។ បង​ជេហ្វ្រី​បាន​វែក​ញែក​ជា​មួយ​ខ្ញុំ​ដោយ​ចិត្ត​អត់​ធ្មត់​ថា​៖ ​«​បើ​មនុស្ស​ទាំង​អស់​នៅ​អាម៉េរិក​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ពួក​សត្រូវ​មក​វាយ​ប្រហារ​ពួក​គេ តើ​ប្អូន​គិត​ថា​លោក​នឹង​ធ្វើ​អ្វី?​»។ ការ​វែក​ញែក​របស់​គាត់​អំពី​រឿង​នេះ​និង​រឿង​ផ្សេង​ទៀត បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ថា​ទស្សនៈ​របស់​ខ្ញុំ​គឺ​ខុស។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ចាប់​អារម្មណ៍​ចង់​រៀន​គម្ពីរ។

ពេល​ខ្ញុំ​ទទួល​ការ​ជ្រមុជ​ទឹក

ខ្ញុំ​បាន​ចំណាយ​ពេល​ច្រើន​ម៉ោង​ដើម្បី​អាន​ទស្សនាវដ្ដី​ប៉ម​យាម និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក!លេខ​ចាស់​ៗ​ដែល​ម្ដាយ​របស់​ខ្ញុំ​បាន​ទុក​នៅ​បន្ទប់​មួយ។ ក្រោយ​មក ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​អ្វី​ដែល​ខ្ញុំ​កំពុង​រៀន​គឺ​ជា​សេចក្ដី​ពិត។ ដូច្នេះ ខ្ញុំ​បាន​យល់​ព្រម​រៀន​គម្ពីរ​តាម​ការ​ស្នើ​សុំ​របស់​បង​ជេហ្វ្រី។ ខ្ញុំ​ក៏​បាន​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​ដែរ។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​អ្វី​ដែល​ខ្ញុំ​កំពុង​រៀន ហើយ​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​គោល​ដៅ​របស់​ខ្ញុំ ពេល​ខ្ញុំ​បាន​យល់​ថា​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា គឺ​មក​កាន់​តែ​ជិត​ណាស់​ហើយ​»។ (​សេផ. ១:១៤​) ខ្ញុំ​លែង​ចង់​ទៅ​រៀន​នៅ​សកល​វិទ្យាល័យ​ទៀត តែ​ខ្ញុំ​ចង់​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​សេចក្ដី​ពិត​ពី​គម្ពីរ​វិញ។

ខ្ញុំ​បាន​រៀន​ចប់​វិទ្យាល័យ​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​១៩៥៦ ហើយ​បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​សន្និបាត​ប្រចាំ​មណ្ឌល។ ដោយ​សារ​ខ្ញុំ​សម្រេច​ចិត្ត​ប្រើ​ជីវិត​របស់​ខ្ញុំ​ដើម្បី​រៀន​និង​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា ខ្ញុំ​បាន​ទទួល​ពរ​ជា​ច្រើន​ហួស​ពី​ការ​នឹក​ស្មាន។

ការ​រៀន​និង​ការ​បង្រៀន​ពេល​ត្រួស​ត្រាយ

ប្រាំ​មួយ​ខែ​ក្រោយ​ពី​ខ្ញុំ​បាន​ទួល​ការ​ជ្រមុជ​ទឹក ខ្ញុំ​បាន​ទៅ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ កិច្ច​បម្រើ​រាជាណាចក្រ(Kingdom Ministry) ខែ​ធ្នូ ឆ្នាំ​១៩៥៦ មាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​អ្នក​អាច​បម្រើ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ឬ​ទេ?​»។ ខ្ញុំ​យល់​ថា​ខ្ញុំ​អាច​ធ្វើ​បាន។ ខ្ញុំ​ចង់​ជួយ​នៅ​កន្លែង​ដែល​មិន​សូវ​មាន​អ្នក​ផ្សាយ​ដំណឹង​ល្អ។—ម៉ាថ. ២៤:១៤

ខ្ញុំ​បាន​រើ​ទៅ​ក្រុង​អេដហ្វីល រដ្ឋ​សៅការ៉ូឡៃណា។ ក្រុម​ជំនុំ​នៅ​ទី​នោះ​មាន​អ្នក​ផ្សាយ​តែ​បួន​នាក់​ទេ។ ក្រោយ​មក មាន​ប្រាំ​នាក់​ដោយ​សារ​ខ្ញុំ​រើ​ទៅ​ទី​នោះ។ យើង​បាន​ធ្វើ​កិច្ច​ប្រជុំ​នៅ​បន្ទប់​ខាង​មុខ​ផ្ទះ​របស់​បង​ប្រុស​ម្នាក់។ រាល់​ខែ ខ្ញុំ​ផ្សព្វ​ផ្សាយ​បាន​១០០​ម៉ោង។ ខ្ញុំ​ជាប់​រវល់​ក្នុង​ការ​នាំ​មុខ​កិច្ច​ផ្សព្វ​ផ្សាយ​និង​ថ្លែង​សុន្ទរកថា​ក្នុង​ក្រុម​ជំនុំ។ គួរ​ឲ្យ​ចាប់​អារម្មណ៍ កាល​ដែល​ខ្ញុំ​កាន់​តែ​ធ្វើ​កិច្ច​ការ​ច្រើន​ក្នុង​ក្រុម​ជំនុំ ខ្ញុំ​កាន់​តែ​បាន​រៀន​ច្រើន​អំពី​ព្រះ​យេហូវ៉ា។

ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​ខ្ញុំ​បង្រៀន​គម្ពីរ ជា​ម្ចាស់​កន្លែង​ធ្វើ​ពិធី​បុណ្យ​សព​នៅ​ក្រុង​ចនស្តុន ដែល​មាន​ចម្ងាយ​ប៉ុន្មាន​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​របស់​ខ្ញុំ។ គាត់​បាន​ឲ្យ​ខ្ញុំ​ការ​ងារ​មិន​ពេញ​ពេល​ដែល​ខ្ញុំ​ពិត​ជា​ត្រូវ​ការ ហើយ​អនុញ្ញាត​ឲ្យ​យើង​ប្រើ​អគារ​តូច​មួយ​ដើម្បី​ធ្វើ​ជា​សាល​ប្រជុំ។

បង​ប្រុស​ចាលី ជេហ្វ្រី​ដែល​ជា​កូន​របស់​បង​ប្រុស​ដែល​បាន​បង្រៀន​គម្ពីរ​ដល់​ខ្ញុំ បាន​រើ​ផ្ទះ​ពី​តំបន់​ប៊្រុគ្លីន រដ្ឋ​ញូវយ៉ក ហើយ​គាត់​បាន​ទៅ​ជា​ដៃ​គូ​ត្រួស​ត្រាយ​របស់​ខ្ញុំ។ យើង​បាន​រស់​នៅ​ផ្ទះ​ចល័ត​តូច​មួយ​ដែល​បង​ប្រុស​ម្នាក់​បាន​ឲ្យ​យើង​ខ្ចី។

ប្រាក់​កម្រៃ​គឺ​ទាប​នៅ​សហរដ្ឋ​អាម៉េរិក​ភាគ​ខាង​ត្បូង។ យើង​បាន​ទទួល​ប្រាក់​ឈ្នួល​ពីរ​ឬ​បី​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ នៅ​ពេល​មួយ ខ្ញុំ​បាន​ចាយ​កាក់​តិច​តួច​ដែល​ខ្ញុំ​នៅ​សល់​ដើម្បី​ទិញ​អាហារ​ខ្លះ​ពី​ហាង​ទំនិញ​មួយ។ ពេល​ខ្ញុំ​ដើរ​ចេញ​ពី​ហាង​នោះ បុរស​ម្នាក់​បាន​មក​ជួប​ខ្ញុំ ហើយ​សួរ​ថា​៖ ​«​តើ​ប្អូន​ចង់​ធ្វើ​ការ​ទេ? ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ឈ្នួល​ប្អូន​មួយ​ដុល្លារ​ក្នុង​មួយ​ម៉ោង​»។ គាត់​បាន​ឲ្យ​ខ្ញុំ​ធ្វើ​ការ​បី​ថ្ងៃ​ដើម្បី​សម្អាត​ការដ្ឋាន​សាង​សង់។ ខ្ញុំ​ឃើញ​ច្បាស់​ថា​ព្រះ​យេហូវ៉ា​កំពុង​ជួយ​ខ្ញុំ​ឲ្យ​បន្ត​នៅ​ក្រុង​អេដហ្វីល។ ខ្ញុំ​ក៏​មាន​ឱកាស​ទៅ​មហា​សន្និបាត​អន្តរជាតិ​ឆ្នាំ​១៩៥៨ នៅ​ក្រុង​ញូវយ៉ក​ដែរ។

នៅ​ថ្ងៃ​រៀប​ការ​របស់​យើង

នៅ​ថ្ងៃ​ទី​២​នៃ​មហា​សន្និបាត មាន​អ្វី​ពិសេស​មួយ​បាន​កើត​ឡើង គឺ​ខ្ញុំ​បាន​ជួប​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​រូប៊ី វ៉ាដលីងថុន​ដែល​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​នៅ​ក្រុង​ហ្គាឡាតាន រដ្ឋ​តិណឺស៊ី។ ដោយ​សារ​យើង​ទាំង​ពីរ​ចង់​បម្រើ​ជា​សាសនទូត យើង​បាន​ចូល​រួម​កិច្ច​ប្រជុំ​សម្រាប់​ពួក​អ្នក​ដែល​ចង់​ចូល​សាលា​គីលាត នៅ​មហា​សន្និបាត​នោះ។ ក្រោយ​មក យើង​បាន​ចាប់​ផ្ដើម​សរសេរ​សំបុត្រ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ បន្ទាប់​មក ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​នៅ​ក្រុង​ហ្គាឡាតាន។ ខ្ញុំ​បាន​យក​ឱកាស​នោះ​ដើម្បី​សុំ​រូប៊ី​រៀប​ការ។ ក្រោយ​មក ខ្ញុំ​បាន​រើ​ទៅ​ក្រុម​ជំនុំ​របស់​គាត់ ហើយ​យើង​បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៥៩។

ការ​រៀន​និង​ការ​បង្រៀន​ក្នុង​ក្រុម​ជំនុំ

កាល​ខ្ញុំ​មាន​អាយុ​២៣​ឆ្នាំ ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ​(​ឥឡូវ​បាន​ត្រូវ​ហៅ​ថា​អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ​) នៅ​ក្រុង​ហ្គាឡាតាន។ យើង​ជា​ក្រុម​ជំនុំ​ដំបូង​ដែល​បង​ប្រុស​ឆាល ធំសិន​បាន​មក​ទស្សនកិច្ច ពេល​គាត់​ទើប​តែ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ ទោះ​ជា​គាត់​មាន​បទ​ពិសោធន៍​ច្រើន​ក្ដី គាត់​បាន​សួរ​យោបល់​របស់​ខ្ញុំ​អំពី​អ្វី​ដែល​បង​ប្អូន​ត្រូវ​ការ និង​របៀប​ដែល​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ឯ​ទៀត​ថែ​ទាំ​ក្រុម​ជំនុំ។ ខ្ញុំ​រៀន​ពី​គាត់​ថា គឺ​ជា​ការ​ល្អ​ឲ្យ​យើង​សួរ​សំណួរ​ផ្សេង​ៗ​និង​ស្វែង​រក​ព័ត៌មាន​ទាំង​អស់​សិន មុន​ធ្វើ​ការ​សម្រេច​ចិត្ត។

នៅ​ខែ​ឧសភា ឆ្នាំ​១៩៦៤ ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​ក្រុង​សោតឡានស៊ីង រដ្ឋ​ញូវយ៉ក ដើម្បី​ចូល​រួម​សាលា​កិច្ច​បម្រើ​រាជាណាចក្រ​អស់​រយៈ​ពេល​មួយ​ខែ។ បង​ប្រុស​ៗ​ដែល​បាន​ដឹក​នាំ​សាលា​នោះ ធ្វើ​ឲ្យ​ខ្ញុំ​ចង់​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា​និង​ចូល​កាន់​តែ​ជិត​លោក។

ការ​រៀន​និង​ការ​បង្រៀន ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​និង​តំបន់

ខ្ញុំ​និង​រូប៊ី​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល នៅ​ខែ​មករា ឆ្នាំ​១៩៦៥។ មណ្ឌល​ទី​១​របស់​យើង​គឺ​ធំ ចាប់​ពី​ក្រុង​ណតស្វីល រដ្ឋ​តិណឺស៊ី ជិត​ដល់​ក្រុង​រីឆ្មិន រដ្ឋ​វឺជីញា។ នេះ​រួម​បញ្ចូល​ក្រុម​ជំនុំ​នៅ​រដ្ឋ​ន័រការ៉ូឡៃណា រដ្ឋ​កិនថឹកគី និង​រដ្ឋ​វ៉េសវឺជីញា។ យើង​ទៅ​ទស្សនកិច្ច​តែ​ក្រុម​ជំនុំ​ជន​ជាតិ​ស្បែក​ខ្មៅ​ប៉ុណ្ណោះ ដោយ​សារ​ច្បាប់​ស្ដី​អំពី​ការ​ប្រកាន់​ពូជ​សាសន៍​នៅ​សហរដ្ឋ​អាម៉េរិក​ខាង​ត្បូង មិន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​ស្បែក​ខ្មៅ​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​ជន​ជាតិ​ស្បែក​ស​ទេ។ បង​ប្អូន​របស់​យើង​មាន​ជីវភាព​ក្រី​ក្រ ហើយ​យើង​បាន​រៀន​ចេះ​ចែក​រំលែក​ដល់​ពួក​អ្នក​ខ្វះ​ខាត។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​យូរ​ឆ្នាំ​ម្នាក់​បាន​បង្រៀន​ខ្ញុំ​មេ​រៀន​សំខាន់​មួយ ពេល​គាត់​និយាយ​ថា​៖ ​«​សូម​ធ្វើ​ជា​បង​ប្អូន មិន​មែន​ធ្វើ​ជា​ចៅហ្វាយ​ក្នុង​ក្រុម​ជំនុំ​ដែល​ប្អូន​ទៅ​ទស្សនកិច្ច​ទេ។ ប្អូន​អាច​ជួយ​បង​ប្អូន​បាន លុះ​ត្រា​តែ​ពួក​គេ​មាន​អារម្មណ៍​ថា​ប្អូន​ជា​បង​ប្អូន​របស់​ពួក​គេ​»។

កាល​ដែល​យើង​បាន​ទៅ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​តូច​មួយ រូប៊ី​បាន​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ដល់​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​មាន​កូន​ស្រី​អាយុ​មួយ​ខួប។ ពេល​ដែល​គ្មាន​អ្នក​ណា​ក្នុង​ក្រុម​ជំនុំ​នោះ​អាច​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ដល់​ស្ត្រី​នោះ​បាន រូប៊ី​បាន​ធ្វើ​ដោយ​សរសេរ​សំបុត្រ។ នៅ​ទស្សនកិច្ច​បន្ទាប់​របស់​យើង ស្ត្រី​នោះ​បាន​មក​រាល់​កិច្ច​ប្រជុំ។ ពេល​បង​ស្រី​អ្នក​ត្រួស​ត្រាយ​ពិសេស​ពីរ​នាក់​បាន​រើ​ទៅ​ក្រុម​ជំនុំ​នោះ ពួក​គេ​បាន​បន្ត​បង្រៀន​គម្ពីរ​ដល់​ស្ត្រី​នោះ ហើយ​មិន​យូរ​ក្រោយ​មក គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ប្រហែល​ជា​៣០​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ​១៩៩៥ ប្អូន​ស្រី​វ័យ​ក្មេង​ម្នាក់​បាន​មក​និយាយ​ជា​មួយ​រូប៊ី​នៅ​បេតអែល​ផាតឺសិន។ គាត់​គឺ​ជា​កូន​ស្រី​របស់​ស្ត្រី​ដែល​រូប៊ី​បាន​បង្រៀន​គម្ពីរ​នោះ។ កូន​ស្រី​នោះ​និង​ប្ដី​របស់​គាត់​បាន​ចូល​សាលា​គីលាត​ជំនាន់​ទី​១០០។

មណ្ឌល​ទី​២​របស់​យើង គឺ​នៅ​រដ្ឋ​ផ្លរីដា​ភាគ​កណ្ដាល។ ពេល​នោះ យើង​ត្រូវ​ការ​ឡាន ដូច្នេះ​យើង​បាន​ទិញ​ឡាន​មួយ​ក្នុង​តម្លៃ​ថោក។ ប៉ុន្តែ​នៅ​សប្ដាហ៍​ដំបូង ម៉ាស៊ីន​បូម​ទឹក​របស់​ឡាន​នោះ​បាន​ខូច ហើយ​យើង​គ្មាន​លុយ​ជួស​ជុល​វា​ទេ។ ខ្ញុំ​បាន​សុំ​ជំនួយ​ពី​បង​ប្រុស​ម្នាក់​ដែល​ខ្ញុំ​គិត​ថា​ប្រហែល​ជា​អាច​ជួយ​យើង​បាន។ បង​ប្រុស​នោះ​បាន​សុំ​អ្នក​ធ្វើ​ការ​ម្នាក់​របស់​គាត់​ឲ្យ​ជួស​ជុល​ឡាន​យើង។ បន្ទាប់​ពី​ជួស​ជុល​រួច បង​ប្រុស​នោះ​មិន​ចង់​យក​លុយ​ពី​យើង​ទេ។ គាត់​និយាយ​ថា​៖ ​«​បង​មិន​ចាំ​បាច់​ឲ្យ​អ្វី​ខ្ញុំ​ទេ​»។ គាត់​ថែម​ទាំង​បាន​ឲ្យ​លុយ​ខ្លះ​ដល់​យើង​ជា​អំណោយ​ទៀត​ផង! នេះ​គឺ​ជា​គំរូ​មួយ​ដែល​បង្ហាញ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ថែ​រក្សា​រាស្ត្រ​លោក។ នេះ​ក៏​រំលឹក​យើង​ឲ្យ​ចេះ​បង្ហាញ​ចិត្ត​ទូលាយ​ដល់​អ្នក​ឯ​ទៀត​ដែរ។

រាល់​ដង​ដែល​យើង​បាន​ទៅ​ទស្សនកិច្ច​ក្រុម​ជំនុំ​ណា​មួយ យើង​ស្នាក់​នៅ​ផ្ទះ​របស់​បង​ប្អូន។ នេះ​នាំ​ឲ្យ​យើង​មាន​មិត្ត​ភក្តិ​ល្អ​ៗ​ជា​ច្រើន។ នៅ​ថ្ងៃ​មួយ ខ្ញុំ​បាន​ចាប់​ផ្ដើម​វាយ​របាយការណ៍​អំពី​ក្រុម​ជំនុំ​ដោយ​ប្រើ​ម៉ាស៊ីន​អង្គុលីលេខ​របស់​ខ្ញុំ ហើយ​បាន​ទុក​វា​សិន រួច​ក៏​ចេញ​ទៅ។ លុះ​ល្ងាច​ឡើង ពេល​ខ្ញុំ​មក​វិញ ខ្ញុំ​ឃើញ​ថា​កូន​ប្រុស​ដែល​មាន​អាយុ​បី​ឆ្នាំ​របស់​ក្រុម​គ្រួសារ​ដែល​យើង​កំពុង​ស្នាក់​នៅ​នោះ បាន​ជួយ​បង្ហើយ​របាយការណ៍​នោះ​បាត់​ទៅ​ហើយ។ ខ្ញុំ​បាន​ចំអន់​គាត់​លេង​អំពី​រឿង​នោះ​អស់​ជា​ច្រើន​ឆ្នាំ។

នៅ​ឆ្នាំ​១៩៧១ ខ្ញុំ​បាន​ទទួល​សំបុត្រ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់ នៅ​ក្រុង​ញូវយ៉ក។ យើង​ពីរ​នាក់​ភ្ញាក់​ផ្អើល​មែន! ពេល​យើង​រើ​ទៅ​ទី​នោះ ខ្ញុំ​មាន​អាយុ​ត្រឹម​តែ​៣៤​ឆ្នាំ​ប៉ុណ្ណោះ។ បង​ប្អូន​បាន​ស្វាគមន៍​ខ្ញុំ​យ៉ាង​កក់​ក្ដៅ​ក្នុង​នាម​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់​ជន​ជាតិ​ស្បែក​ខ្មៅ​ដំបូង​គេ​នៅ​តំបន់​នោះ។

ក្នុង​នាម​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់ ខ្ញុំ​ចូល​ចិត្ត​បង្រៀន​អំពី​ព្រះ​យេហូវ៉ា​រាល់​សប្ដាហ៍​នៅ​សន្និបាត​ប្រចាំ​មណ្ឌល។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ជា​ច្រើន​មាន​បទ​ពិសោធន៍​ជាង​ខ្ញុំ។ បង​ប្រុស​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ថ្លែង​សុន្ទរកថា​ការ​ជ្រមុជ​ទឹក​របស់​ខ្ញុំ។ បង​ប្រុស​ម្នាក់​ទៀត​ក្នុង​ចំណោម​ពួក​គេ​ឈ្មោះ​ធីអូឌ័រ ចារ៉ាស​បាន​ទៅ​ជា​សមាជិក​គណៈ​អភិបាល​នៅ​ពេល​ក្រោយ​មក ហើយ​ក៏​មាន​បង​ប្អូន​ប្រុស​ដែល​មាន​បទ​ពិសោធន៍​ជា​ច្រើន​នាក់​ដែល​បម្រើ​នៅ​បេតអែល​ប៊្រុគ្លីន។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​បង​ប្អូន​បេតអែល​មិន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ភ័យ។ ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា បង​ប្អូន​ទាំង​នេះ​ជា​គង្វាល​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​ដែល​ពឹង​ផ្អែក​លើ​បណ្ដាំ​របស់​ព្រះ ហើយ​គាំទ្រ​អង្គការ​របស់​លោក​យ៉ាង​ស្មោះ​ត្រង់។ ចិត្ត​រាប​ទាប​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រួល​បំពេញ​ភារកិច្ច​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់។

ការ​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​វិញ

នៅ​ឆ្នាំ​១៩៧៤ គណៈ​អភិបាល​បាន​តែង​តាំង​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​មួយ​ក្រុម​ទៀត ដើម្បី​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​តំបន់ ហើយ​ខ្ញុំ​បាន​ទៅ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្ដង​ទៀត លើក​នេះ​នៅ​រដ្ឋ​សៅការ៉ូឡៃណា។ គួរ​ឲ្យ​សប្បាយ ពេល​នោះ​ទាំង​ក្រុម​ជំនុំ​ជន​ជាតិ​ស្បែក​ខ្មៅ ទាំង​ក្រុម​ជំនុំ​ជន​ជាតិ​ស្បែក​ស​នៅ​សហរដ្ឋ​អាម៉េរិក​ខាង​ត្បូង លែង​បែង​ចែក​តាម​ពូជ​សាសន៍​ទៀត។ នេះ​ធ្វើ​ឲ្យ​បង​ប្អូន​សប្បាយ​រីករាយ​ណាស់។

នៅ​ចុង​ឆ្នាំ​១៩៧៦ ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​មណ្ឌល​មួយ នៅ​រដ្ឋ​ចចចៀ​រវាង​ក្រុង​អាត្លង់តា​និង​ក្រុង​កូឡាំបឺស។ ខ្ញុំ​ចាំ​ច្បាស់​អំពី​ពេល​ដែល​ខ្ញុំ​ថ្លែង​សុន្ទរកថា​ពិធី​បុណ្យ​សព​សម្រាប់​កូន​ក្មេង​ជន​ជាតិ​ស្បែក​ខ្មៅ​ប្រាំ​នាក់​ដែល​បាន​ស្លាប់ ដោយ​សារ​ផ្ទះ​របស់​ពួក​គេ​បាន​ត្រូវ​គេ​លួច​ដុត។ ម្ដាយ​របស់​ពួក​គេ​បាន​រង​របួស ហើយ​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ។ សាក្សី​ព្រះ​យេហូវ៉ា​ទាំង​ជន​ជាតិ​ស្បែក​ខ្មៅ ទាំង​ជន​ជាតិ​ស្បែក​ស​ជា​ច្រើន​នាក់ បាន​បណ្ដាក់​គ្នា​មក​មន្ទីរ​ពេទ្យ​ដើម្បី​សម្រាល​ទុក្ខ​ឪពុក​ម្ដាយ​នោះ។ ខ្ញុំ​បាន​ឃើញ​ថា​បង​ប្អូន​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា ហើយ​នេះ​គឺ​គួរ​ឲ្យ​សរសើរ​មែន។ ពេល​រាស្ត្រ​របស់​ព្រះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ចំពោះ​គ្នា ពួក​គេ​អាច​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ពិបាក​បំផុត។

ការ​រៀន​និង​ការ​បង្រៀន​នៅ​បេតអែល

នៅ​ឆ្នាំ​១៩៧៧ យើង​បាន​ត្រូវ​សុំ​ឲ្យ​មក​បេតអែល​ប៊្រុគ្លីន​សម្រាប់​ប៉ុន្មាន​ខែ ដើម្បី​ចូល​រួម​ក្នុង​គម្រោង​មួយ។ ពេល​គម្រោង​នោះ​ជិត​ចប់ សមាជិក​គណៈ​អភិបាល​ពីរ​នាក់​បាន​មក​ជួប​ខ្ញុំ ហើយ​សួរ​ថា​តើ​ខ្ញុំ​និង​រូប៊ី​សុខ​ចិត្ត​បម្រើ​នៅ​បេតអែល​រហូត​ឬ​ទេ។ យើង​ពីរ​នាក់​បាន​ព្រម​ទទួល​ការ​អញ្ជើញ​នោះ។

អស់​២៤​ឆ្នាំ ខ្ញុំ​បាន​ធ្វើ​កិច្ច​ការ​នៅ​ការិយាល័យ​ខាង​កិច្ច​បម្រើ ជា​ផ្នែក​ដែល​បង​ប្រុស​ៗ​ច្រើន​តែ​ត្រូវ​ជួយ​ឆ្លើយ​សំណួរ​ពិបាក​ៗ។ អស់​ជា​ច្រើន​ឆ្នាំ គណៈ​អភិបាល​បាន​ផ្ដល់​ការ​ណែនាំ​សម​ស្រប​តាម​គោល​ការណ៍​គម្ពីរ ហើយ​នេះ​ជួយ​បង​ប្អូន​ដែល​បម្រើ​នៅ​ការិយាល័យ​ខាង​កិច្ច​បម្រើ​ឲ្យ​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ផ្សេង​ៗ។ ការ​ណែនាំ​នោះ​ក៏​បាន​ត្រូវ​ប្រើ​សម្រាប់​បង្ហាត់​បង្រៀន​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល អ្នក​ចាស់​ទុំ និង​អ្នក​ត្រួស​ត្រាយ។ ព័ត៌មាន​សម្រាប់​ការ​បង្ហាត់​បង្រៀន​នោះ​បាន​ជួយ​បង​ប្អូន​ជា​ច្រើន​នាក់​ឲ្យ​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​កាន់​តែ​មាន​ភាព​ចាស់​ទុំ។ ម្យ៉ាង​ទៀត នេះ​បាន​ពង្រឹង​អង្គការ​របស់​ព្រះ​យេហូវ៉ា។

ចាប់​ពី​ឆ្នាំ​១៩៩៥​ដល់​ឆ្នាំ​២០១៨ ខ្ញុំ​បាន​ធ្វើ​ទស្សនកិច្ច​ការិយាល័យ​សាខា​ផ្សេង​ៗ​ក្នុង​នាម​ជា​តំណាង​មន្ទីរ​ចាត់​ការ ដែល​ធ្លាប់​ហៅ​ថា​អ្នក​ត្រួត​ពិនិត្យ​តាម​ការិយាល័យ​សាខា។ ខ្ញុំ​បាន​ជួប​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា សមាជិក​បេតអែល និង​សាសនទូត​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ ព្រម​ទាំង​ជួយ​ពួក​គេ​ក្នុង​ការ​ពិបាក​ផ្សេង​ៗ។ ខ្ញុំ​និង​រូប៊ី​ក៏​តែង​តែ​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​បទ​ពិសោធន៍​របស់​ពួក​គេ​ដែរ។ ជា​ឧទាហរណ៍ យើង​បាន​ទៅ​ប្រទេស​រវ៉ាន់ដា​នៅ​ឆ្នាំ​២០០០។ យើង​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​ណាស់ ពេល​ស្ដាប់​អំពី​របៀប​ដែល​បង​ប្អូន​និង​សមាជិក​បេតអែល​ឆ្លង​កាត់​គ្រា​ដែល​មាន​ការ​សម្លាប់​រង្គាល នា​ឆ្នាំ​១៩៩៤។ បង​ប្អូន​ជា​ច្រើន​បាន​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់។ ទោះ​ជា​បង​ប្អូន​ទាំង​នោះ​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ​ក្ដី ពួក​គេ​បង្ហាញ​ជំនឿ អំណរ និង​សេចក្ដី​សង្ឃឹម។

នៅ​ខួប​អាពាហ៍ពិពាហ៍​៥០​ឆ្នាំ​របស់​យើង

ឥឡូវ​នេះ យើង​មាន​អាយុ​៨០​ឆ្នាំ​ជាង។ អស់​រយៈ​ពេល​២០​ឆ្នាំ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​បម្រើ​ជា​មួយ​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​សហរដ្ឋ​អាម៉េរិក។ ខ្ញុំ​មិន​ដែល​បាន​ទទួល​ការ​អប់រំ​ពី​សកល​វិទ្យាល័យ​មែន ប៉ុន្តែ​ខ្ញុំ​បាន​ទទួល​ការ​អប់រំ​ដ៏​ល្អ​បំផុត​ពី​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក។ នេះ​ជួយ​ខ្ញុំ​ឲ្យ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ពី​គម្ពីរ ដែល​អាច​ផ្ដល់​ប្រយោជន៍​ដល់​ពួក​គេ​ជា​រៀង​រហូត។ (​២កូ. ៣:៥; ២ធី. ២:២​) ខ្ញុំ​បាន​ឃើញ​របៀប​ដែល​ដំណឹង​ក្នុង​គម្ពីរ​បាន​ជួយ​មនុស្ស​ឲ្យ​មាន​ជីវិត​ល្អ​ប្រសើរ​ជាង និង​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​អ្នក​បង្កើត។ (​យ៉ា. ៤:៨​) ពេល​ណា​ខ្ញុំ​និង​រូប៊ី​អាច​ធ្វើ​បាន យើង​បន្ត​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ចេះ​ឲ្យ​តម្លៃ​ឯកសិទ្ធិ​រៀន​អំពី​ព្រះ​យេហូវ៉ា និង​បង្រៀន​សេចក្ដី​ពិត​ពី​គម្ពីរ​ដល់​អ្នក​ឯ​ទៀត។ នេះ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​អាច​មាន!