លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

តើ​អ្នក​ណា​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី ហើយ​តើ​ពួក​គេ​នឹង​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បែប​ណា?

សូម​ពិចារណា​ចម្លើយ​ពី​គម្ពីរ​ចំពោះ​សំណួរ​នេះ។

សកម្មភាព ២៤:១៥ ប្រាប់​យើង​ថា​៖ ​«​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ មនុស្ស​សុចរិត​គឺ​ជា​អ្នក​ស្ដាប់​បង្គាប់​ព្រះ​មុន​ដែល​ពួក​គេ​ស្លាប់ ដូច្នេះ​ឈ្មោះ​របស់​ពួក​គេ​បាន​ត្រូវ​សរសេរ​ក្នុង​សៀវភៅ​ជីវិត។ (​ម៉ាឡ. ៣:១៦​) មនុស្ស​មិន​សុចរិត​រួម​មាន​ពួក​អ្នក​ដែល​ស្លាប់​ដោយ​គ្មាន​ឱកាស​គ្រប់​គ្រាន់​ដើម្បី​រៀន​អំពី​ព្រះ​យេហូវ៉ា ដូច្នេះ​ឈ្មោះ​របស់​ពួក​គេ​មិន​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ជីវិត​ឡើយ។

យ៉ូហាន ៥:២៨, ២៩ សំដៅ​ទៅ​លើ​ក្រុម​ពីរ​ដដែល​ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​សកម្មភាព ២៤:១៥។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​ល្អ អ្នក​ទាំង​នោះ​នឹង​រស់​ឡើង​វិញ ហើយ​បាន​ជីវិត ឯ​អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ទម្លាប់ អ្នក​ទាំង​នោះ​នឹង​រស់​ឡើង​វិញ ហើយ​ទទួល​ការ​វិនិច្ឆ័យ​»។ មនុស្ស​សុចរិត​បាន​ប្រព្រឹត្ត​ការ​ល្អ​មុន​ពួក​គេ​ស្លាប់។ ពួក​គេ​នឹង​រស់​ឡើង​វិញ ហើយ​បាន​ជីវិត ពីព្រោះ​ឈ្មោះ​របស់​ពួក​គេ​បាន​ត្រូវ​សរសេរ​ទុក​ក្នុង​សៀវភៅ​ជីវិត។ ប៉ុន្តែ មនុស្ស​មិន​សុចរិត​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ទម្លាប់​មុន​ពួក​គេ​ស្លាប់។ ពួក​គេ​នឹង​រស់​ឡើង​វិញ ហើយ​ទទួល​ការ​វិនិច្ឆ័យ។ ឈ្មោះ​របស់​ពួក​គេ​មិន​ទាន់​មាន​នៅ​ក្នុង​សៀវភៅ​ជីវិត​ទេ ហើយ​នឹង​មាន​រយៈ​ពេល​មួយ​ដែល​ពួក​គេ​នឹង​ស្ថិត​ក្នុង​ការ​វិនិច្ឆ័យ​ឬ​ការ​សង្កេត​មើល​យ៉ាង​ដិត​ដល់។ ក្នុង​អំឡុង​ពេល​នោះ ពួក​គេ​នឹង​មាន​ឱកាស​ដើម្បី​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​មាន​ឈ្មោះ​នៅ​ក្នុង​សៀវភៅ​ជីវិត។

ការ​បើក​បង្ហាញ ២០:១២, ១៣ ពន្យល់​ថា​អស់​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​ត្រូវ​ធ្វើ​តាម​«​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​រមូរ​»​ ពោល​គឺ​ច្បាប់​ថ្មី​ដែល​ព្រះ​នឹង​ផ្ដល់​ឲ្យ​ក្នុង​ពិភព​លោក​ថ្មី។ ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​នឹង​ត្រូវ​បំផ្លាញ​ចោល។—អេ. ៦៥:២០

ដានីយ៉ែល ១២:២​ប្រាប់​ទុក​ជា​មុន​ថា អ្នក​ខ្លះ​ដែល​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​នឹង​ភ្ញាក់​ឡើង ហើយ​«​ទទួល​ជីវិត​ជា​រៀង​រហូត ឯ​អ្នក​ខ្លះ​ទៀត​នឹង​ទទួល​ការ​អាម៉ាស់​និង​ការ​មាក់ងាយ​ជា​ដរាប​»។ ខ​នេះ​និយាយ​អំពី​ការ​វិនិច្ឆ័យ​ចុង​ក្រោយ​ចំពោះ​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ពួក​គេ​នឹង​ទទួល​«​ជីវិត​ជា​រៀង​រហូត​»​ ឬ​«​ការ​មាក់ងាយ​ជា​ដរាប​»។ ដូច្នេះ​នៅ​ដំណាច់​១.០០០​ឆ្នាំ អ្នក​ខ្លះ​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ រីឯ​អ្នក​ខ្លះ​ទៀត​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត។—បប. ២០:១៥; ២១:៣, ៤

សូម​គិត​អំពី​ឧទាហរណ៍​មួយ។ ស្ថានភាព​របស់​មនុស្ស​ពីរ​ក្រុម​នេះ​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ អាច​ប្រៀប​ដូច​ជា​ស្ថានភាព​របស់​ជន​បរទេស​ដែល​ចង់​រស់​នៅ​ប្រទេស​ក្រៅ។ មនុស្ស​សុចរិត​ប្រៀប​ដូច​ជា​ជន​បរទេស​ដែល​ទទួល​ទិដ្ឋាការ​ការ​ងារ​ឬ​ទិដ្ឋាការ​រស់​នៅ ដែល​ឲ្យ​ពួក​គេ​មាន​សិទ្ធិ​ផ្សេង​ៗ និង​សេរី​ភាព​មួយ​កម្រិត។ ផ្ទុយ​ទៅ​វិញ មនុស្ស​មិន​សុចរិត​ប្រៀប​ដូច​ជា​ជន​បរទេស​ដែល​ទទួល​ទិដ្ឋាការ​រយៈ​ពេល​ខ្លី ឬ​ទិដ្ឋាការ​ទេសចរណ៍។ ជន​បរទេស​បែប​នេះ​នឹង​ត្រូវ​បំពេញ​តម្រូវ​ការ​ផ្សេង​ៗ​មុន​ទទួល​ការ​អនុញ្ញាត​ឲ្យ​បន្ត​រស់​នៅ​ប្រទេស​ថ្មី​នោះ។ ស្រដៀង​គ្នា​ដែរ មនុស្ស​មិន​សុចរិត​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នឹង​ត្រូវ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​ថា​ពួក​គេ​ជា​មនុស្ស​សុចរិត​ដើម្បី​បន្ត​នៅ​ក្នុង​សួន​ឧទ្យាន។ ម្យ៉ាង​ទៀត មិន​ថា​ជន​បរទេស​ទទួល​ទិដ្ឋាការ​បែប​ណា​នៅ​ដើម​ដំបូង​ក្ដី នៅ​ទី​បំផុត​អ្នក​ខ្លះ​ប្រហែល​ជា​ចូល​សញ្ជាតិ រីឯ​ខ្លះ​ទៀត​ប្រហែល​ជា​ត្រូវ​បណ្ដេញ​ចេញ។ លទ្ធផល​នោះ​នឹង​អាស្រ័យ​ទៅ​លើ​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​នៅ​ប្រទេស​ថ្មី។ ស្រដៀង​គ្នា​ដែរ ការ​វិនិច្ឆ័យ​ចុង​ក្រោយ​ចំពោះ​អស់​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​អាស្រ័យ​ទៅ​លើ​ភាព​ស្មោះ​ត្រង់​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ក្នុង​ពិភព​លោក​ថ្មី។

ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ជា​ព្រះ​ដែល​មាន​សេចក្ដី​អាណិត​មេត្តា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​ជា​ព្រះ​ដែល​យុត្តិធម៌​និង​មិន​លម្អៀង​ដែរ។ (​បច. ៣២:៤; ចសព. ៣៣:៥​) លោក​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ប្រោស​ទាំង​មនុស្ស​សុចរិត​ទាំង​មនុស្ស​មិន​សុចរិត​ឲ្យ​រស់​ឡើង​វិញ។ នៅ​ដំណាល​គ្នា​នោះ លោក​នឹង​រក្សា​ខ្នាត​តម្រា​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក។ យ៉ាង​នេះ មាន​តែ​ពួក​អ្នក​ដែល​ស្រឡាញ់​លោក​និង​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ត​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​បាន។