លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

២ | «ការសម្រាលទុក្ខពីបទគម្ពីរ»

២ | «ការសម្រាលទុក្ខពីបទគម្ពីរ»

គម្ពីរ​ចែង​ថា​៖ «​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ជា​មុន បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម តាម​រយៈ​ការ​ស៊ូ​ទ្រាំ​របស់​យើង និង​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​»។—រ៉ូម ១៥:៤

នេះ​មាន​ន័យ​ថា

គម្ពីរ​មាន​ការ​សម្រាល​ទុក្ខ​ដែល​ផ្ដល់​កម្លាំង​ចិត្ត និង​ជួយ​យើង​នៅ​ពេល​យើង​ចាប់​ផ្ដើម​មាន​របៀប​គិត​គូរ​អវិជ្ជមាន។ ព័ត៌មាន​នៅ​ក្នុង​គម្ពីរ​ក៏​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​ថា បន្តិច​ទៀត​នឹង​លែង​មាន​ជំងឺ​ផ្លូវ​ចិត្ត​ទៀត។

របៀប​ដែល​នេះ​អាច​ជួយ​យើង

ជួន​កាល​យើង​ទាំង​អស់​គ្នា​ពិបាក​ចិត្ត ប៉ុន្តែ​អស់​អ្នក​ដែល​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ឬ​ជំងឺ​ថប់​បារម្ភ ប្រហែល​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ខាង​ផ្លូវ​ចិត្ត​គ្រប់​ពេល​វេលា។ តើ​គម្ពីរ​អាច​ជួយ​តាម​របៀប​ណា?

  • គម្ពីរ​មាន​អ្វី​ល្អ​ៗ​ជា​ច្រើន​ដែល​ជួយ​ឲ្យ​យើង​លែង​គិត​អំពី​អ្វី​ដែល​អវិជ្ជមាន។ (​ភីលីព ៤:៨​) អ្វី​ទាំង​នោះ​អាច​ជួយ​យើង​ឲ្យ​មាន​គំនិត​ស្ងប់ និង​គ្រប់​គ្រង​លើ​អារម្មណ៍​របស់​យើង។—ចម្រៀង​សរសើរ​ព្រះ ៩៤:១៨, ១៩

  • គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ឈប់​គិត​ថា យើង​គ្មាន​តម្លៃ។—លូកា ១២:៦, ៧

  • បទ​គម្ពីរ​ជា​ច្រើន​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា យើង​មិន​នៅ​ម្នាក់​ឯង​ទេ ហើយ​ព្រះ​ដែល​ជា​អ្នក​បង្កើត​របស់​យើង​ពិត​ជា​យល់​អារម្មណ៍​របស់​យើង​ទាំង​ស្រុង។—ចម្រៀង​សរសើរ​ព្រះ ៣៤:១៨; យ៉ូហាន​ទី១ ៣:​១៩, ២០

  • គម្ពីរ​សន្យា​ថា​ព្រះ​នឹង​បំបាត់​ចោល​ការ​ចង​ចាំ​ទាំង​ឡាយ​ដែល​នាំ​ឲ្យ​យើង​ឈឺ​ចាប់។ (​អេសាយ ៦៥:​១៧; ការ​បើក​បង្ហាញ ២១:៤​) សេចក្ដី​សន្យា​នេះ​ប្រហែល​ជា​ពង្រឹង​កម្លាំង​ចិត្ត​យើង​ឲ្យ​ស៊ូ​ទ្រាំ ពេល​យើង​មាន​អារម្មណ៍​ឈឺ​ចាប់ និង​គំនិត​មិន​ត្រឹម​ត្រូវ។