លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២

«ចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នក»

«ចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នក»

«​ចូរ​ទទួល​ការ​កែ​ប្រែ​ទាំង​ស្រុង ដោយ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពិសោធ​មើល​ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​នូវ​បំណង​ប្រាថ្នា​ដ៏​ប្រសើរ សមរម្យ និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​»។—រ៉ូម ១២:២

ចម្រៀង​លេខ​៨៨ សូម​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ​របស់​លោក

សេចក្ដី​សង្ខេប a

១​-​២. តើ​យើង​ត្រូវ​បន្ដ​ធ្វើ​អ្វី​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក? សូម​ពន្យល់។

 តើ​អ្នក​សម្អាត​ផ្ទះ​របស់​អ្នក​ញឹក​ញាប់​ប៉ុន​ណា? ប្រហែល​ជា​មុន​ពេល​ដែល​អ្នក​រើ​ទៅ​នៅ​ជា​លើក​ដំបូង អ្នក​ខំ​សម្អាត​គ្រប់​កន្លុក​កន្លៀត។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​អ្នក​ឈប់​សម្អាត? ដូច​អ្នក​ដឹង​ស្រាប់​ហើយ ផ្ទះ​របស់​អ្នក​នឹង​ឆាប់​មាន​ធូលី​ដី​និង​កខ្វក់។ ដូច្នេះ ដើម្បី​ឲ្យ​ផ្ទះ​របស់​អ្នក​ស្អាត​បាត អ្នក​ត្រូវ​សម្អាត​វា​ជា​ទៀង​ទាត់។

ស្រដៀង​គ្នា​ដែរ យើង​ក៏​ត្រូវ​បន្ត​កែ​តម្រូវ​របៀប​គិត​គូរ​និង​បុគ្គលិក​លក្ខណៈ​របស់​យើង។ ពិត​មែន​មុន​ទទួល​ការ​ជ្រមុជ​ទឹក យើង​បាន​ខំ​ប្រឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដែល​ចាំ​បាច់​ក្នុង​ជីវិត​របស់​យើង​ដើម្បី​«​សម្អាត​ចិត្ត​និង​កាយ​របស់​យើង​ឲ្យ​ស្អាត​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ស្មោក​គ្រោក​»។ (​២កូ. ៧:១​) ប៉ុន្តែ​ឥឡូវ យើង​ត្រូវ​ធ្វើតាម​យោបល់​របស់​សាវ័ក​ប៉ូល​ដែល​ឲ្យ​«​គំនិត​ថ្មី​បន្ត​កាន់​កាប់​»​យើង។ (​អេភ. ៤:២៣​) ហេតុ​អ្វី​យើង​ត្រូវ​បន្ដ​កែ​តម្រង់​ខ្លួន? ពីព្រោះ​ឥទ្ធិពល​របស់​ពិភព​លោក​នេះ​អាច​ងាយ​ធ្វើ​ឲ្យ​យើង​មិន​ស្អាត​ស្អំ​ចំពោះ​ព្រះ​យេហូវ៉ា។ ដើម្បី​បន្ដ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត យើង​ត្រូវ​ពិនិត្យ​មើល​របៀប​គិត​គូរ បុគ្គលិក​លក្ខណៈ និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​យើង​ជា​ទៀង​ទាត់។

ចូរ​«​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​»​

៣. តើ​ការ​«​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​»​មាន​ន័យ​យ៉ាង​ណា? (​រ៉ូម ១២:២​)

តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​យើង? (​សូម​អាន រ៉ូម ១២:២) ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​»​ក៏​អាច​ត្រូវ​បក​ប្រែ​ថា​«​ជួស​ជុល​និង​កែ​លម្អ​របៀប​គិត​គូរ​របស់​អ្នក​»។ ដូច្នេះ នេះ​មិន​មាន​ន័យ​ថា​យើង​គ្រាន់​តែ​គួរ​ធ្វើ​អំពើ​ល្អ​តិច​តួច​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ពិនិត្យ​មើល​ធាតុ​ពិត​របស់​យើង ហើយ​ធ្វើ​ការ​កែ​ប្រែ​ណា​ដែល​ចាំ​បាច់​ដើម្បី​យើង​អាច​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ដិត​ដល់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យើង​មិន​គួរ​ធ្វើ​ដូច្នេះ​តែ​ម្ដង​ហើយ​ឈប់​ទេ តែ​យើង​គួរ​បន្ដ​ធ្វើ​ជា​និច្ច។

តើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​អំពី​ការ​អប់រំ​និង​ការ​ងារ​បង្ហាញ​ថា​អ្នក​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ថា​សំខាន់​បំផុត​ឬ​ទេ? (​សូម​មើល​វគ្គ​៤​-​៥​) c

៤. តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​មិន​ឲ្យ​របៀប​របប​ពិភព​លោក​នេះ​មាន​ឥទ្ធិពល​លើ​របៀប​គិត​គូរ​របស់​យើង?

ពេល​យើង​ល្អ​ឥត​ខ្ចោះ យើង​នឹង​តែង​តែ​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ក្នុង​គ្រប់​ការ​ដែល​យើង​ធ្វើ។ ទម្រាំ​ដល់​ពេល​នោះ យើង​ត្រូវ​បន្ដ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ សូម​កត់​សម្គាល់​ថា​នៅ​រ៉ូម ១២:២ ប៉ូល​បាន​ភ្ជាប់​ទំនាក់​ទំនង​រវាង​ការ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​យើង​ទៅ​នឹង​ការ​ស្គាល់​បំណង​ប្រាថ្នា​របស់​ព្រះ។ ជា​ជាង​ឲ្យ​ពិភព​លោក​ដ៏​អាក្រក់​នេះ​មាន​ឥទ្ធិពល​លើ​យើង ដំបូង​យើង​ត្រូវ​ពិចារណា​ខ្លួន​ឲ្យ​ដឹង​ថា​តើ​យើង​ឲ្យ​របៀប​គិត​គូរ​របស់​ព្រះ ឬ​ទស្សនៈ​ពិភព​លោក​នេះ​មាន​ឥទ្ធិពល​ច្រើន​ប៉ុន​ណា​លើ​គោល​ដៅ​និង​ការ​សម្រេច​ចិត្ត​របស់​យើង។

៥. តើ​តាម​របៀប​ណា​យើង​អាច​ពិនិត្យ​មើល​របៀប​គិត​គូរ​របស់​យើង​អំពី​ការ​ជិត​មក​ដល់​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា? (​សូម​មើល​រូប​ភាព​)

សូម​គិត​អំពី​ឧទាហរណ៍​មួយ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​«​ចាំ​ជាប់​ជា​និច្ច​នូវ​ការ​មក​ដល់​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​»។ (​២ពេ. ៣:១២​) សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​របៀប​រស់នៅ​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​យល់​ថា​យើង​នៅ​ជិត​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​ឬ​ទេ? តើ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​អំពី​ការ​អប់រំ​និង​ការ​ងារ​បង្ហាញ​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​សំខាន់​បំផុត​ក្នុង​ជីវិត​ខ្ញុំ​ឬ? តើ​ខ្ញុំ​មាន​ជំនឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​ខ្ញុំ​និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ ឬ​តើ​ខ្ញុំ​ច្រើន​តែ​ព្រួយ​បារម្ភ​អំពី​ទ្រព្យ​សម្បត្តិ?›។ សូម​គិត​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​យ៉ាង​ណា​ពេល​លោក​ឃើញ​ថា​យើង​កំពុង​ខំ​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បំណង​ប្រាថ្នា​របស់​លោក។—ម៉ាថ. ៦:​២៥​-​២៧, ៣៣; ភី. ៤:១២, ១៣

៦. តើ​យើង​ត្រូវ​បន្ដ​ធ្វើ​អ្វី?

យើង​ត្រូវ​ពិនិត្យ​មើល​របៀប​គិត​គូរ​របស់​យើង​ជា​ទៀង​ទាត់ ហើយ​ក្រោយ​មក​ធ្វើ​ការ​កែ​ប្រែ​ដែល​ចាំ​បាច់។ ប៉ូល​បាន​ប្រាប់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ថា​៖ ​«​ចូរ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ឥត​ឈប់ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​កំពុង​កាន់​ខ្ជាប់​តាម​ជំនឿ​ឬ​យ៉ាង​ណា។ ចូរ​ស​ឲ្យ​ឃើញ​ជា​និច្ច​ថា​អ្នក​ជា​មនុស្ស​បែប​ណា​»។ (​២កូ. ១៣:៥​) ការ​«​កាន់​ខ្ជាប់​តាម​ជំនឿ​»​មិន​គ្រាន់​តែ​រួម​បញ្ចូល​ការ​ចូល​រួម​កិច្ច​ប្រជុំ និង​ការ​ផ្សព្វ​ផ្សាយ​ម្ដង​ម្កាល​ប៉ុណ្ណោះ​ទេ។ នេះ​ក៏​រួម​បញ្ចូល​របៀប​គិត​គូរ ទំនោរ​ចិត្ត និង​បំណង​ចិត្ត​របស់​យើង​ផង​ដែរ។ ដូច្នេះ យើង​ត្រូវ​បន្ដ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​យើង​ដោយ​អាន​បណ្ដាំ​របស់​ព្រះ រៀន​ឲ្យ​មាន​របៀប​គិត​គូរ​ដូច​លោក ហើយ​ក្រោយ​មក​ខំ​ធ្វើ​អ្វី​ដែល​ចាំ​បាច់​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។—១កូ. ២:​១៤​-​១៦

ចូរ​«​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី​»​

៧. យោង​ទៅ​តាម​អេភេសូរ ៤:៣១, ៣២ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ទៀត ហើយ​ហេតុ​អ្វី​នេះ​ពិបាក?

សូម​អាន អេភេសូរ ៤:៣១, ៣២ ការ​ផ្លាស់​ប្ដូរ​សំខាន់​មួយ​ទៀត​ដែល​យើង​ត្រូវ​ធ្វើ​គឺ​«​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី​»។ (​អេភ. ៤:២៤​) នេះ​តម្រូវ​ឲ្យ​យើង​ខំ​ប្រឹង។ ក្នុង​ចំណោម​គុណ​វិបត្តិ​ផ្សេង​ៗ​ដែល​យើង​ត្រូវ​ខំ​ព្យាយាម​លះ​ចោល​មាន​គំនុំ កំហឹង និង​ចិត្ត​ក្ដៅ​ក្រហាយ។ ហេតុ​អ្វី​នេះ​ប្រហែល​ជា​មិន​ស្រួល​ធ្វើ? ពីព្រោះ​គុណ​វិបត្តិ​ខ្លះ​ចាក់​ឫស​ជ្រៅ។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​ថា​បុគ្គល​ខ្លះ​«​ឆាប់​ខឹង​»​ ហើយ​«​ងាយ​ផ្ទុះ​កំហឹង​»។ (​សុភ. ២៩:២២​) បុគ្គល​ដែល​មាន​គុណ​វិបត្តិ​ទាំង​នេះ ទំនង​ជា​ត្រូវ​បន្ដ​ខំ​ព្យាយាម​កែ​ប្រែ សូម្បី​តែ​ក្រោយ​ពី​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ក្ដី។ បទ​ពិសោធន៍​ដូច​ត​ទៅ​នេះ​នឹង​បង្ហាញ​អំពី​ចំណុច​នេះ។

៨​-​៩. តើ​បទ​ពិសោធន៍​របស់​បង​ស្ទីវើន​បង្ហាញ​យ៉ាង​ណា​ថា​យើង​ត្រូវ​បន្ដ​ដោះ​បុគ្គលិក​លក្ខណៈ​ចាស់​ចេញ?

បង​ប្រុស​ម្នាក់​ឈ្មោះ​ស្ទីវើន​ពិបាក​គ្រប់​គ្រង​កំហឹង​របស់​គាត់។ គាត់​និយាយ​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​ជ្រមុជ​ទឹក​ហើយ​ក្ដី ខ្ញុំ​នៅ​តែ​ត្រូវ​ទប់​កំហឹង​របស់​ខ្ញុំ។ ជា​ឧទាហរណ៍ ពេល​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ខ្ញុំ​បាន​ដេញ​តាម​ចោរ​ម្នាក់​ដែល​លួច​វិទ្យុ​ពី​ក្នុង​ឡាន​របស់​ខ្ញុំ។ ពេល​ដែល​ឃើញ​ខ្ញុំ​ដេញ​ជិត​ទាន់ ចោរ​នោះ​ក៏​ទម្លាក់​វិទ្យុ​ចោល​រត់​បាត់​ទៅ។ នៅ​ពេល​ខ្ញុំ​រៀប​រាប់​ហេតុ​ការណ៍​នោះ​ប្រាប់​បង​ប្អូន​ឯ​ទៀត អ្នក​ចាស់​ទុំ​ម្នាក់​ដែល​នៅ​ទី​នោះ​ដែរ​បាន​សួរ​ខ្ញុំ​ថា​៖ ‹ស្ទីវើន បើ​ប្អូន​ចាប់​គាត់​បាន តើ​ប្អូន​នឹង​ធ្វើ​អ្វី?›។ សំណួរ​នោះ​បាន​នាំ​ឲ្យ​ខ្ញុំ​ពិចារណា​ខ្លួន​ឯង​ថា ខ្ញុំ​ត្រូវ​ព្យាយាម​បង្កើត​ឲ្យ​មាន​សន្តិភាព​»។ b

គំរូ​របស់​បង​ស្ទីវើន​បង្ហាញ​ថា​គុណ​វិបត្តិ​ខ្លះ​អាច​លេច​ឡើង​ដោយ​មិន​បាន​រំពឹង​ទុក ទោះ​ជា​យើង​បាន​គិត​ថា​យើង​បាន​លះ​ចោល​វា​ហើយ​ក្ដី។ បើ​នេះ​កើត​ឡើង​ចំពោះ​អ្នក សូម​កុំ​ធ្លាក់​ទឹក​ចិត្ត ហើយ​គិត​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក​មិន​ល្អ​ឡើយ។ សូម្បី​តែ​សាវ័ក​ប៉ូល​ក៏​បាន​សារភាព​ថា​៖ ​«​ពេល​ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ នោះ​អ្វី​ដែល​អាក្រក់​នៅ​ជាប់​ជា​មួយ​នឹង​ខ្ញុំ​»។ (​រ៉ូម ៧:២១​-​២៣​) គ្រិស្ត​សាសនិក​មិន​ល្អ​ឥត​ខ្ចោះ​ទាំង​អស់​មាន​គុណ​វិបត្តិ​ខ្លះ​ដែល​ចេះ​តែ​លេច​មក​ម្ដង​ហើយ​ម្ដង​ទៀត ដូច​ធូលី​ដី​ដែល​ធ្វើ​ឲ្យ​ផ្ទះ​របស់​យើង​កខ្វក់។ ដូច្នេះ​យើង​ត្រូវ​បន្ដ​ខំ​ព្យាយាម​ថែ​វា​ឲ្យ​នៅ​ស្អាត​បាត។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១០. តើ​យើង​អាច​តយុទ្ធ​នឹង​គុណ​វិបត្តិ​យ៉ាង​ដូច​ម្ដេច? (​យ៉ូហាន​ទី១ ៥:១៤, ១៥​)

១០ សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អំពី​គុណ​វិបត្តិ​ដែល​អ្នក​ពិបាក​កែ​ប្រែ ព្រម​ទាំង​ជឿ​ជាក់​ថា​លោក​នឹង​ស្ដាប់​អ្នក ហើយ​ជួយ​អ្នក។ (​សូម​អាន យ៉ូហាន​ទី១ ៥:១៤, ១៥) ព្រះ​យេហូវ៉ា​នឹង​មិន​ធ្វើ​អព្ភូតហេតុ​បំបាត់​គុណ​វិបត្តិ​នោះ​ចោល​ទេ ប៉ុន្តែ​លោក​អាច​ពង្រឹង​កម្លាំង​អ្នក​ដើម្បី​មិន​ឲ្យ​អ្នក​ចុះ​ចាញ់​វា​ឡើយ។ (​១ពេ. ៥:១០​) ទន្ទឹម​នឹង​នោះ ចូរ​ខំ​ប្រឹង​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ដោយ​មិន​ធ្វើ​អ្វី​ដែល​បណ្ដាល​ឲ្យ​គុណ​វិបត្តិ​នោះ​លេច​មក​ម្ដង​ទៀត។ ជា​ឧទាហរណ៍ ចូរ​ប្រុង​ប្រយ័ត្ន​អំពី​ការ​មើល​ភាពយន្ត មើល​កម្ម​វិធី​ទូរទស្សន៍ ឬ​អាន​រឿង​ដែល​ធ្វើ​ឲ្យ​គុណ​វិបត្តិ​ដែល​អ្នក​កំពុង​ព្យាយាម​លះ​ចោល មើល​ទៅ​គឺ​បែរ​ជា​ល្អ​ទៅ​វិញ។ ម្យ៉ាង​ទៀត សូម​កុំ​បន្ដ​គិត​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ឡើយ។—ភី. ៤:៨; កូឡ. ៣:២

១១. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​បន្ដ​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី?

១១ ទោះ​ជា​អ្នក​បាន​ដោះ​ចេញ​បុគ្គលិក​លក្ខណៈ​ចាស់​ក្ដី គឺ​សំខាន់​ឲ្យ​អ្នក​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? សូម​មាន​គោល​ដៅ​យក​តម្រាប់​ព្រះ​យេហូវ៉ា​ពេល​ដែល​រៀន​អំពី​គុណ​សម្បត្តិ​ផ្សេង​ៗ​របស់​លោក។ (​អេភ. ៥:១, ២​) ជា​ឧទាហរណ៍ ពេល​អ្នក​អានកំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ឬ​ទេ?›។ មួយ​វិញ​ទៀត ពេល​អ្នក​អាន​កំណត់​ហេតុ​អំពី​ចិត្ត​អាណិត​អាសូរ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​បុគ្គល​ក្រីក្រ អ្នក​ក៏​អាច​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ព្រួយ​បារម្ភ​ដូច​លោក​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ដែល​ខ្វះ​ខាត ហើយ​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត​ថា​ខ្ញុំ​ចង់​ជួយ​ពួក​គេ​ឬ​ទេ?›។ ចូរ​បន្ដ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀបគិត​គូរ​របស់​អ្នក​ដោយ​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី ហើយ​សូម​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​ខ្លួន​ឯង​កាល​ដែល​ធ្វើ​ដូច្នេះ។

១២. តើ​បង​ស្ទីវើន​បាន​ពិសោធ​យ៉ាង​ដូច​ម្ដេច​ថា​គម្ពីរ​កែ​ប្រែ​ជីវិត​គាត់?

១២ បង​ស្ទីវើន​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ បាន​ឃើញ​ថា​បន្តិច​ម្ដង​ៗ​គាត់​អាច​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី។ គាត់​និយាយ​ថា​៖ ​«​ចាប់​តាំង​ពី​ជ្រមុជ​ទឹក ខ្ញុំ​បាន​ជួប​នូវ​ស្ថានភាព​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ផ្ទុះ​កំហឹង។ ប៉ុន្តែ ខ្ញុំ​បាន​ព្យាយាម​រក្សា​ចិត្ត​ស្ងប់ ឬ​ដើរ​ចេញ​ពី​មនុស្ស​ដែល​ខំ​បង្ក​ហេតុ។ ប្រពន្ធ​ខ្ញុំ​និង​អ្នក​ផ្សេង​ទៀត​សរសើរ​ខ្ញុំ​ដែល​បាន​អត់​ធ្មត់​ចំពោះ​ស្ថានភាព​ទាំង​នោះ។ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​អាច​ធ្វើ​បាន​ទេ! នេះ​មិន​មែន​មក​ពី​សមត្ថភាព​របស់​ខ្ញុំ​ឡើយ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​ជឿ​ជាក់​ថា គឺ​គម្ពីរ​មាន​ឫទ្ធានុភាព​កែ​ប្រែ​ជីវិត​ខ្ញុំ​»។

ចូរ​បន្ដ​ត​យុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ

១៣. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ត្រឹម​ត្រូវ? (​កាឡាទី ៥:១៦​)

១៣ សូម​អាន កាឡាទី ៥:១៦ យើង​ត្រូវ​ខំ​ត​យុទ្ធ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ដើម្បី​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ក្នុង​ការ​ត​យុទ្ធ​នោះ ព្រះ​យេហូវ៉ា​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ដល់​យើង​ដោយ​ចិត្ត​ទូលាយ។ ពេល​យើង​សិក្សា​បណ្ដាំ​របស់​ព្រះ យើង​អនុញ្ញាត​ឲ្យ​ឫទ្ធានុភាព​របស់​លោក​មាន​ឥទ្ធិពល​មក​លើ​យើង។ យើង​ក៏​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ពេល​យើង​ចូល​រួម​កិច្ច​ប្រជុំ​ផង​ដែរ។ នៅ​កិច្ច​ប្រជុំ​ទាំង​នោះ យើង​អាច​ចំណាយ​ពេល​ជា​មួយ​បង​ប្អូន​ដែល​កំពុង​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ដូច​យើង ហើយ​នោះ​លើក​ទឹក​ចិត្ត​យើង។ (​ហេ. ១០:២៤, ២៥; ១៣:៧​) ម្យ៉ាង​ទៀត ពេល​យើង​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា ហើយ​អង្វរ​សុំ​លោក​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​ណា​មួយ​របស់​ខ្លួន លោក​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ដើម្បី​ពង្រឹង​កម្លាំង​យើង​ឲ្យ​បន្ត​ត​ស៊ូ។ ទោះ​ជា​សកម្មភាព​ទាំង​នេះ​ទំនង​ជា​នឹង​មិន​បំបាត់​ចោល​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ក្ដី នោះ​នឹង​ជួយ​យើង​មិន​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ទាំង​នោះ។ ដូច​កាឡាទី ៥:១៦​ចែង ពួក​អ្នក​ដែល​ឲ្យ​ឫទ្ធានុភាព​របស់​ព្រះ​ដឹក​នាំ​នឹង​«​មិន​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​ឡើយ​»។

១៤. ហេតុ​អ្វី​គឺ​សំខាន់​ឲ្យ​បន្ដ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ត្រឹម​ត្រូវ?

១៤ ពេល​យើង​បាន​ចាប់​ផ្ដើម​ធ្វើ​អ្វី​ផ្សេង​ៗ​ដើម្បី​ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា គឺ​សំខាន់​ចាំ​បាច់​ឲ្យ​យើង​រក្សា​ទម្លាប់​នោះ ហើយ​បន្ត​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ត្រឹម​ត្រូវ។ ហេតុ​អ្វី? ពីព្រោះ​សត្រូវ​មួយ​របស់​យើង​មិន​ដែល​ដេក​ទេ។ សត្រូវ​នោះ​គឺ​ការ​ចង់​ធ្វើ​អ្វី​ដែល​ខុស។ សូម្បី​តែ​ក្រោយ​ពី​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ ក៏​យើង​នៅ​តែ​ប្រហែល​ជា​ចង់​ធ្វើ​អ្វី​ដែល​យើង​គួរ​ជៀស​វាង​ធ្វើ រួម​មាន​ការ​លេង​ល្បែង​ស៊ីសង ការ​ផឹក​ស្រា​ហួស​ប្រមាណ ឬ​ការ​មើល​រូប​អាស​អាភាស​ជា​ដើម។ (​អេភ. ៥:៣, ៤​) ប្អូន​ប្រុស​វ័យ​ក្មេង​គ្រិស្ត​សាសនិក​ម្នាក់​សារភាព​ថា​៖ ​«​អ្វី​មួយ​ដែល​ពិបាក​បំផុត​សម្រាប់​ខ្ញុំ​គឺ​ការ​ចាប់​ចិត្ត​លើ​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា។ ខ្ញុំ​បាន​គិត​ថា​អារម្មណ៍​នោះ​មាន ហើយ​នៅ​ទី​បំផុត​នឹង​បាត់​ទៅ​វិញ ប៉ុន្តែ​អារម្មណ៍​នោះ​មិន​ទៅ​ណា​ទេ​»។ តើ​អ្វី​អាច​ជួយ​អ្នក​បើ​អ្នក​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​យ៉ាង​ខ្លាំង?

បើ​អ្នក​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ សូម​កុំ​អស់​សង្ឃឹម! អ្នក​ឯ​ទៀត​ធ្លាប់​ជួប​បញ្ហា​ដូច​នេះ​ដែរ ហើយ​បាន​យក​ឈ្នះ​វា (​សូម​មើល​វគ្គ​១៥​-​១៦​)

១៥. ហេតុ​អ្វី​យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ដឹង​ថា​បំណង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ក៏​កើត​ឡើង​ដល់​«​មនុស្ស​ឯ​ទៀត​»​ដែរ? (​សូម​មើល​រូប​ភាព​)

១៥ ពេល​អ្នក​កំពុង​ត​យុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ដ៏​ខ្លាំង សូម​ចាំ​ថា​មិន​មែន​មាន​តែ​អ្នក​ម្នាក់​ទេ។ គម្ពីរ​ចែង​ថា​៖ ​«​គ្មាន​សេចក្ដី​ល្បួង​ណា​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដែល​មនុស្ស​ឯ​ទៀត​មិន​ធ្លាប់​ជួប​នោះ​ឡើយ​»។ (​១កូ. ១០:១៣ក​) ប្រយោគ​នេះ​បាន​ត្រូវ​សរសេរ​ទៅ​កាន់​បុរស​ស្ត្រី​គ្រិស្ត​សាសនិក​ដែល​រស់​នៅ​ក្រុង​កូរិនថូស។ អ្នក​ខ្លះ​ធ្លាប់​ជា​អ្នក​ផិត​ក្បត់ មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា និង​អ្នក​ប្រមឹក​ស្រា។ (​១កូ. ៦:៩​-​១១​) តើ​អ្នក​គិត​ថា​ក្រោយ​ពី​ពួក​គេ​ទទួល​ការ​ជ្រមុជ​ទឹក ពួក​គេ​មិន​ដែល​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​ឬ​ទេ? គឺ​មិន​អាច​ដូច្នេះ​ទេ។ ពិត​មែន​ថា ពួក​អ្នក​ទាំង​នោះ​គឺ​ជា​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង ប៉ុន្តែ​ពួក​គេ​នៅ​តែ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ពួក​គេ​ច្បាស់​ជា​ត្រូវ​ត​យុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ដែល​កើត​មាន​ម្ដង​ម្កាល។ នេះ​គួរ​លើក​ទឹក​ចិត្ត​យើង។ ហេតុ​អ្វី? ដោយ​សារ​នេះ​បង្ហាញ​ថា​មិន​ថា​អ្នក​កំពុង​ត​យុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ណា​ក៏​ដោយ អ្នក​ឯ​ទៀត​បាន​យក​ឈ្នះ​វា។ អ្នក​អាច​មាន​ជំនឿ​មាំ​មួន​‹ដោយ​ដឹង​ថា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​កំពុង​ឆ្លង​កាត់​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ›។—១ពេ. ៥:៩

១៦. តើ​យើង​គួរ​ជៀស​វាង​ពី​អន្ទាក់​អ្វី ហើយ​ហេតុ​អ្វី?

១៦ សូម​ជៀស​វាង​ពី​ការ​គិត​ថា​គ្មាន​អ្នក​ណា​អាច​យល់​អំពី​ភាព​ទន់​ខ្សោយ​ដែល​អ្នក​កំពុង​ត​យុទ្ធ។ ព្រោះ​នេះ​ជា​អន្ទាក់​មួយ។ ការ​គិត​ដូច្នេះ អាច​នាំ​ឲ្យ​អ្នក​សន្និដ្ឋាន​ថា​ស្ថានភាព​របស់​អ្នក​គឺ​អស់​សង្ឃឹម ហើយ​ថា​អ្នក​មិន​អាច​ទប់​ទល់​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ទាំង​នោះ។ គម្ពីរ​ចែង​ផ្ទុយ​ពី​នេះ គឺ​ថា​៖ ​«​ព្រះ​គឺ​ស្មោះ​ត្រង់ ហើយ​លោក​នឹង​មិន​ឲ្យ​អ្នក​រាល់​គ្នា​រង​ការ​ល្បួង​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​អ្នក​រាល់​គ្នា​ឡើយ តែ​លោក​នឹង​រៀបចំ​ផ្លូវ​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស៊ូ​ទ្រាំ​នៅ​ពេល​ជួប​សេចក្ដី​ល្បួង​នោះ​»។ (​១កូ. ១០:១៣​ខ​) ដូច្នេះ សូម្បី​តែ​ពេល​យើង​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​យ៉ាង​ខ្លាំង ក៏​យើង​អាច​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ទាំង​នោះ។

១៧. ទោះ​ជា​យើង​ប្រហែល​ជា​មិន​អាច​ជៀស​វាង​ពី​ការ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​ក្ដី តើ​យើង​អាច​ធ្វើ​អ្វី?

១៧ សូម​ចាំ​ជា​និច្ច​ថា ដោយ​សារ​អ្នក​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ អ្នក​មិន​អាច​ជៀស​វាង​ពី​ការ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​បាន​នោះ​ទេ។ ប៉ុន្តែ​ពេល​វា​លេច​មក អ្នក​អាច​បដិសេធ​វា​ភ្លាម​ៗ ដូច​យ៉ូសែប​បាន​ធ្វើ​ពេល​គាត់​បាន​រត់​ចេញ​យ៉ាង​លឿន​ពី​ប្រពន្ធ​របស់​ប៉ូទីផារ។ (​ដក. ៣៩:១២​) អ្នក​មិន​ត្រូវ​ប្រព្រឹត្ត​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ឡើយ!

ចូរ​បន្ដ​ខំ​ព្យាយាម

១៨​-​១៩. តើ​យើង​អាច​សួរ​ខ្លួន​នូវ​សំណួរ​អ្វី​ខ្លះ​កាល​ដែល​យើង​ខំ​ព្យាយាម​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​យើង?

១៨ ការ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​យើង រួម​បញ្ចូល​ការ​បន្ដ​ខំ​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​គំនិត និង​ការ​ប្រព្រឹត្ត​របស់​យើង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ដូច្នេះ យើង​គួរពិនិត្យ​មើល​ខ្លួន​ជា​ទៀង​ទាត់ ហើយ​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​មាន​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ថា​ខ្ញុំ​ទទួល​ស្គាល់​ថា​គ្រា​ដែល​យើងកំពុង​រស់​នៅ​ជា​គ្រា​បន្ទាន់​ឬ​ទេ? តើ​ខ្ញុំ​កំពុង​រីក​ចម្រើន​ក្នុង​ការ​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី​ឬ? តើ​ខ្ញុំ​កំពុង​អនុញ្ញាត​ឲ្យ​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ដឹក​នាំ​ជីវិត​របស់​ខ្ញុំ​ដើម្បី​ខ្ញុំ​អាច​ទប់​ទល់​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​រូប​កាយ​ឬ​ទេ?›។

១៩ ពេល​អ្នក​ពិនិត្យ​មើល​ខ្លួន​ឯង សូម​កុំ​តម្រូវ​ឲ្យ​ខ្លួន​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​សូម​ពេញ​ចិត្ត​នឹង​ការ​រីក​ចម្រើន​របស់​ខ្លួន។ បើ​អ្នក​ឃើញ​ថា​មាន​អ្វី​ដែល​អ្នក​ត្រូវ​រីក​ចម្រើន​ថែម​ទៀត សូម​កុំ​ធ្លាក់​ទឹក​ចិត្ត។ ផ្ទុយ​ទៅ​វិញ សូម​ធ្វើ​តាម​យោបល់​នៅ​ភីលីព ៣:១៦​ដែល​ថា​៖ ​«​អ្វី​ដែល​យើង​បាន​ធ្វើ​ដើម្បី​ឲ្យ​ជឿន​ទៅ​មុខ​ដល់​កម្រិត​នេះ ចូរ​យើង​បន្ត​ជឿន​ទៅ​មុខ​ដោយ​ធ្វើ​ដូច្នោះ​ត​ទៅ​ទៀត​»។ ពេល​អ្នក​ធ្វើ​ដូច្នេះ សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ចំពោះ​ការ​ខំ​ប្រឹង​របស់​អ្នក​ដើម្បី​បន្ដ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក។

ចម្រៀង​លេខ​៣៦ យើង​ការ​ពារ​ចិត្ត

a សាវ័ក​ប៉ូល​បាន​ដាស់​តឿន​បង​ប្អូន​រួម​ជំនឿ​ឲ្យ​ការ​ពារ​ខ្លួន​មិន​ឲ្យ​ទទួល​ឥទ្ធិពល​ពី​របៀប​របប​ពិភព​លោក​នេះ។ នេះ​ពិត​ជា​យោបល់​ល្អ​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​មិន​ទទួល​ឥទ្ធិពល​ពី​ពិភព​លោក​នេះ​ទាល់​តែ​សោះ។ ដើម្បី​ធ្វើ​ដូច្នេះ យើង​ត្រូវ​បន្ដ​កែ​តម្រង់​របៀប​គិត​គូរ​របស់​យើង​នៅ​ពេល​ណា​ដែល​យើង​ដឹង​ថា​វា​មិន​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ។

b សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ខ្ញុំ​ធ្លាប់​ជា​មនុស្ស​អាក្រក់​ខ្លាំង​ណាស់​»​ ក្នុង​សៀវភៅ​ស្ដើង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៥។

c ការ​ពណ៌នា​អំពី​រូប​ភាព: ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​កំពុង​គិត​ថា​តើ​គាត់​គួរ​ទៅ​រៀន​នៅ​សកល​វិទ្យាល័យ​ឬ​ចាប់​ផ្ដើម​ត្រួស​ត្រាយ។