លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៩

ចូរឲ្យតម្លៃជីវិតជាអំណោយពីព្រះ

ចូរឲ្យតម្លៃជីវិតជាអំណោយពីព្រះ

​«​ដោយ​សារ​លោក​ទើប​មាន​យើង ហើយ​គឺ​ដោយ​សារ​លោក ទើប​យើង​មាន​ជីវិត ក៏​អាច​ធ្វើ​ចលនា​ផង​»។—សកម្ម. ១៧:២៨

ចម្រៀង​លេខ​១៤១ ភាព​អស្ចារ្យ​នៃ​ជីវិត

សេចក្ដី​សង្ខេប a

១. តើ​ជីវិត​របស់​យើង​មាន​តម្លៃ​ខ្លាំង​យ៉ាង​ណា​ចំពោះ​ព្រះ​យេហូវ៉ា?

 សូម​ស្រមៃ​គិត​ថា​មិត្ត​ភក្ដិ​ម្នាក់​បាន​ឲ្យ​ផ្ទះ​មួយ​ដល់​អ្នក។ ផ្ទះ​នោះ​មាន​ស្លក់​ពណ៌​និង​ជ្រាប​ទឹក​ខ្លះ​ៗ។ ទោះ​ជា​មាន​បញ្ហា​ខ្លះ​ទាំង​នោះ​ក្ដី ផ្ទះ​នោះ​មាន​តម្លៃ​រាប់​លាន​ដុល្លារ។ អ្នក​ច្បាស់​ជា​នឹង​ឲ្យ​តម្លៃ​និង​ការ​ពារ​ផ្ទះ​នោះ។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​អំណោយ​ដ៏​មាន​តម្លៃ គឺ​ជីវិត។ តាម​ពិត ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ជីវិត​របស់​យើង​ដោយ​ឲ្យ​បុត្រ​របស់​លោក​ជា​ថ្លៃ​លោះ​សម្រាប់​យើង។—យ៉ូន. ៣:១៦

២. ដូច​កូរិនថូស​ទី២ ៧:១​ចែង តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​យើង?

ព្រះ​យេហូវ៉ា​គឺ​ជា​ប្រភព​នៃ​ជីវិត។ (​ចសព. ៣៦:៩​) សាវ័ក​ប៉ូល​ក៏​បាន​ទទួល​ស្គាល់​អំពី​សេចក្ដី​ពិត​នេះ​ពេល​គាត់​បាន​និយាយ​ថា​៖ ​«​ដោយ​សារ​លោក​ទើប​មាន​យើង ហើយ​គឺ​ដោយ​សារ​លោក ទើប​យើង​មាន​ជីវិត ក៏​អាច​ធ្វើ​ចលនា​ផង​»។ (​សកម្ម. ១៧:២៥, ២៨​) ដូច្នេះ យើង​អាច​និយាយ​បាន​ថា​ជីវិត​របស់​យើង​គឺ​ជា​អំណោយ​ពី​ព្រះ។ ដោយ​ក្ដី​ស្រឡាញ់ លោក​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ទ្រ​ទ្រង់​ជីវិត​យើង។ (​សកម្ម. ១៤:១៥​-​១៧​) ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​ធ្វើ​អព្ភូតហេតុ​នៅ​ឥឡូវ​នេះ​ដើម្បី​រក្សា​ការ​ពារ​ជីវិត​របស់​យើង​ទេ។ ផ្ទុយ​ទៅ​វិញ លោក​តម្រូវ​ឲ្យ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រក្សា​សុខភាព​របស់​យើង​និង​បន្ដ​បម្រើ​លោក។ (​សូម​អាន កូរិនថូស​ទី២ ៧:១) ហេតុ​អ្វី​យើង​គួរ​ការ​ពារ​សុខភាព​និង​អាយុ​ជីវិត​របស់​យើង ហើយ​តើ​យើង​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា?

ចូរ​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​ជា​ជីវិត

៣. តើ​មាន​មូលហេតុ​អ្វី​ដែល​យើង​គួរ​រក្សា​សុខភាព?

មូលហេតុ​មួយ​ដែល​យើង​គួរ​ព្យាយាម​រក្សា​សុខភាព​ឲ្យ​បាន​ល្អ គឺ​ដើម្បី​យើង​អាច​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព​របស់​យើង។ (​ម៉ាក. ១២:៣០​) យើង​ចង់​ប្រគល់​«​រូប​កាយ​របស់​ខ្លួន​ជា​គ្រឿង​បូជា​ដែល​មាន​ជីវិត ក៏​បរិសុទ្ធ ហើយ​គាប់​ចិត្ត​ព្រះ​»​ ដូច្នេះ​យើង​មិន​ធ្វើ​អ្វី​ដែល​យើង​ដឹង​ថា​អាច​បង្ខូច​សុខភាព​របស់​យើង​ឡើយ។ (​រ៉ូម ១២:១​) ពិត​មែន មិន​ថា​យើង​ខំ​យ៉ាង​ណា​ក្ដី យើង​មិន​អាច​ធានា​ថា​យើង​មិន​ចេះ​ឈឺ​ទេ។ ប៉ុន្តែ យើង​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​រក្សា​សុខភាព​ឲ្យ​បាន​ល្អ ដោយ​សារ​យើង​ចង់​បង្ហាញ​បិតា​យើង​នៅ​ស្ថាន​សួគ៌​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ជីវិត​ដែល​ជា​អំណោយ​ពី​លោក។

៤. តើ​ស្ដេច​ដាវីឌ​ចង់​ធ្វើ​អ្វី?

ស្ដេច​ដាវីឌ​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​គាត់​ឲ្យ​តម្លៃ​ចំពោះ​ជីវិត​ដែល​ជា​អំណោយ​ពី​ព្រះ ពេល​គាត់​បាន​សរសេរ​ថា​៖ ​«​បើ​ខ្ញុំ​ស្លាប់​ឬ​ចុះ​ទៅ​ក្នុង​ផ្នូរ តើ​មាន​ប្រយោជន៍​អ្វី? តើ​ដី​នឹង​សរសើរ​លោក​ឬ? តើ​ដី​នឹង​ប្រកាស​អំពី​សេចក្ដី​ស្មោះ​ត្រង់​របស់​លោក​ឬ?​»។ (​ចសព. ៣០:៩​) ដាវីឌ​ប្រហែល​ជា​បាន​សរសេរ​ពាក្យ​ទាំង​នេះ​នៅ​ពេល​គាត់​ជិត​ស្លាប់។ ប៉ុន្តែ គាត់​បាន​តាំង​ចិត្ត​រក្សា​ការ​ពារ​អាយុ​ជីវិត​និង​សុខភាព​របស់​គាត់​ដើម្បី​គាត់​អាច​សរសើរ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​យូរ​បំផុត។ យើង​ទាំង​អស់​គ្នា​ច្បាស់​ជា​មាន​ការ​តាំង​ចិត្ត​ដូច​នេះ​ដែរ។  

៥. ទោះ​ជា​យើង​ចាស់​ឬ​ឈឺ​យ៉ាង​ណា​ក្ដី តើ​យើង​អាច​ធ្វើ​អ្វី?

ជំងឺ​និង​ភាព​ចាស់​ជរា​ប្រហែល​ជា​រា​រាំង​យើង​ពី​ការ​ធ្វើ​អ្វី​ជា​ច្រើន​ដែល​យើង​ធ្លាប់​ធ្វើ។ ជា​លទ្ធផល យើង​ប្រហែល​ជា​មួម៉ៅ​និង​ពិបាក​ចិត្ត។ ប៉ុន្តែ​យើង​មិន​គួរ​ឈប់​ព្យាយាម​ថែ​រក្សា​សុខភាព​របស់​យើង​ឡើយ។ ហេតុ​អ្វី? ពីព្រោះ​មិន​ថា​យើង​ឈឺ​ឬ​ចាស់​យ៉ាង​ណា​ក្ដី យើង​នៅ​តែ​អាច​សរសើរ​ព្រះ​យេហូវ៉ា​ដូច​ដាវីឌ​បាន​ធ្វើ។ ការ​ដឹង​ថា​យើង​មាន​តម្លៃ​ចំពោះ​ព្រះ​របស់​យើង សូម្បី​តែ​ពេល​ដែល​យើង​ឈឺ​ឬ​ចាស់​ក្ដី សម្រាល​ទុក្ខ​យើង​ណាស់។ (​ម៉ាថ. ១០:២៩​-​៣១​) ទោះ​ជា​យើង​ស្លាប់​ក៏​ដោយ លោក​ចង់​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ។ (​យ៉ូប ១៤:១៤, ១៥​) កាល​ដែល​យើង​នៅ​រស់ យើង​ចង់​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ការ​ពារ​សុខភាព​និង​ជីវិត​យើង។

ចូរ​ជៀស​វាង​ពី​ទម្លាប់​អាក្រក់

៦. តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​យើង​ស្ដី​អំពី​ការ​បរិ​ភាគ​និង​ការ​ផឹក?

ទោះ​ជា​គម្ពីរ​មិន​មែន​ជា​សៀវភៅ​ថែ​រក្សា​សុខភាព ឬ​សៀវភៅ​អំពី​របប​អាហារ​ក្ដី គម្ពីរ​ប្រាប់​យើង​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ទាំង​នេះ។ ជា​ឧទាហរណ៍ លោក​ដាស់​តឿន​យើង​ឲ្យ​‹ជៀស​វាង​ពី​អ្វី​ដែល​អាច​នាំ​ឲ្យ​រូប​កាយ​របស់​យើង​មាន​គ្រោះ​ថ្នាក់›។ (​អទ. ១១:១០​) គម្ពីរ​ប្រាប់​យើង​ថា​យើង​មិន​គួរ​បរិភោគ​និង​ផឹក​ស្រា​ហួស​ប្រមាណ​នោះ​ទេ ព្រោះ​អ្វី​ទាំង​នេះ​អាច​បង្ខូច​សុខភាព​របស់​យើង ហើយ​ថែម​ទាំង​នាំ​ឲ្យ​យើង​ស្លាប់​ទៀត​ផង។ (​សុភ. ២៣:២០​) ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ចេះ​ទប់​ចិត្ត ពេល​យើង​សម្រេច​ចិត្ត​អំពី​បរិមាណ​និង​អ្វី​ដែល​យើង​បរិភោគ​និង​ផឹក។—១កូ. ៦:១២; ៩:២៥

៧. តើ​យោបល់​នៅ​សុភាសិត ២:១១​ជួយ​យើង​យ៉ាង​ណា​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​អំពី​សុខភាព?

យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ជា​ខ្លាំង​ចំពោះ​ជីវិត​ជា​អំណោយ​ពី​ព្រះ ដោយ​ប្រើ​សមត្ថភាព​រិះ​គិត​របស់​យើង។ (​ចសព. ១១៩:៩៩, ១០០; សូម​អាន សុភាសិត ២:១១) ជា​ឧទាហរណ៍ យើង​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​យើង​បរិភោគ។ បើ​យើង​ចូល​ចិត្ត​អាហារ​មួយ​ប្រភេទ ប៉ុន្តែ​ដឹង​ថា​វា​ធ្វើ​ឲ្យ​យើង​ឈឺ យើង​ច្បាស់​ជា​ខំ​ជៀស​វាង​បរិភោគ​វា។ យើង​ក៏​បង្ហាញ​ថា​យើង​ជា​មនុស្ស​ឈ្លាស​វៃ​ពេល​ដែល​យើង​ដេក​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ជា​ទៀង​ទាត់ រក្សា​អនាម័យ​ខ្លួន​ប្រាណ និង​ថែ​រក្សា​ផ្ទះ​យើង​ឲ្យ​នៅ​ស្អាត​បាត។

ចូរ​ព្យាយាម​ជៀស​វាង​ពី​គ្រោះ​ថ្នាក់

៨. តើ​គម្ពីរ​បង្ហាញ​យ៉ាង​ណា​អំពី​សារៈ​សំខាន់​នៃ​សុវត្ថិភាព​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា?

ព្រះ​យេហូវ៉ា​បាន​ឲ្យ​ច្បាប់​ដល់​ជន​ជាតិ​អ៊ីស្រាអែល​អំពី​របៀប​ការ​ពារ​ខ្លួន​ពី​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ផ្សេង​ៗ​នៅ​ផ្ទះ​និង​ពេល​ដែល​ពួក​គេ​ធ្វើ​ការ។ (​ដច. ២១:២៨, ២៩; បច. ២២:៨​) បើ​នរណា​ម្នាក់​បាន​សម្លាប់​បុគ្គល​ម្នាក់​ទៀត​ដោយ​អចេតនា នោះ​នឹង​នាំ​ឲ្យ​មាន​លទ្ធផល​ធ្ងន់​ធ្ងរ។ (​បច. ១៩:៤, ៥​) តាម​ច្បាប់ សូម្បី​តែ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​កូន​ដែល​មិន​ទាន់​កើត​រង​គ្រោះ ក៏​ត្រូវ​ទទួល​ទោស។ (​ដច. ២១:២២, ២៣​) បទ​គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជៀស​វាង​ពី​គ្រោះ​ថ្នាក់​ផ្សេង​ៗ។

តើ​យើង​អាច​បង្ហាញ​ថា​យើង​គោរព​ជីវិត​ក្នុង​ស្ថានភាព​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​៩​)

៩. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជៀស​វាង​ពី​គ្រោះ​ថ្នាក់? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ជីវិត​ជា​អំណោយ​ពី​ព្រះ​ដោយ​ព្យាយាម​រក្សា​សុវត្ថិភាព​នៅ​ផ្ទះ​និង​នៅ​កន្លែង​ធ្វើ​ការ។ ជា​ឧទាហរណ៍ យើង​បោះ​ចោល​វត្ថុ​មុត​ស្រួច សារធាតុ​គីមី ឬ​ថ្នាំ​តាម​របៀប​ដែល​មាន​សុវត្ថិភាព ហើយ​យើង​រក្សា​ទុក​របស់​ទាំង​នោះ​នៅ​កន្លែង​ដែល​ផុត​ពី​ដៃ​ក្មេង។ យើង​ប្រុង​ប្រយ័ត្ន​ពេល​ធ្វើ​អ្វី​ដែល​មាន​អណ្ដាត​ភ្លើង ទឹក​ក្ដៅ ឬ​ឧបករណ៍​ជាង​ដែល​ប្រើ​ភ្លើង ហើយ​មិន​ទុក​របស់​ទាំង​នោះ​ចោល​ឡើយ។ យើង​មិន​បើក​ឡាន​កាល​ដែល​យើង​មិន​អាច​ប្រុង​ស្មារតី​ដោយ​សារ​យើង​ប្រើ​ថ្នាំ ផឹក​ស្រា ឬ​អត់​ងងុយ​ទេ ហើយ​យើង​មិន​បំបែរ​អារម្មណ៍​ដោយ​ប្រើ​គ្រឿង​អេឡិចត្រូនិក​ពេល​ដែល​កំពុង​បើក​បរ​ឡើយ។

ពេល​មាន​មហន្តរាយ

១០. តើ​យើង​អាច​ធ្វើ​អ្វី​មុន​និង​ក្នុង​អំឡុង​ពេល​ជួប​ស្ថានភាព​ដែល​មាន​គ្រោះ​ថ្នាក់?

១០ ជួន​កាល​យើង​មិន​អាច​រា​រាំង​ស្ថានភាព​គ្រោះ​ថ្នាក់​បាន​ទេ។ ជា​ពិសេស​បើ​ជា​មហន្តរាយ​ធម្មជាតិ រោគ​រាត​ត្បាត និង​ជម្លោះ​ដ៏​សាហាវ​ឃោរឃៅ។ ប៉ុន្តែ ពេល​អ្វី​ទាំង​នេះ​កើត​ឡើង យើង​អាច​ព្យាយាម​កាត់​បន្ថយ​គ្រោះ​ថ្នាក់​និង​រួច​ជីវិត​ដោយ​ធ្វើ​តាម​បម្រាម​គោចរ បង្គាប់​ឲ្យ​ជម្លៀស និង​ការ​រឹត​បន្តឹង​ជា​បន្ទាន់។ (​រ៉ូម ១៣:១, ៥​-​៧​) យើង​អាច​ត្រៀម​ខ្លួន​សម្រាប់​រឿង​បន្ទាន់​ខ្លះ ដូច្នេះ​យើង​គួរ​ស្ដាប់​តាម​ការ​ណែនាំ​ពី​ពួក​អាជ្ញាធរ​ក្នុង​តំបន់​ស្ដី​អំពី​រឿង​នេះ។ ជា​ឧទាហរណ៍ ប្រហែល​ជា​មាន​ប្រយោជន៍​បើ​យើង​រៀបចំ​រក្សា​ទុក​ទឹក​និង​អាហារ​ដែល​មិន​ងាយ​ខូច ព្រម​ទាំង​ឧបករណ៍​សង្គ្រោះ​បឋម​ជា​ដើម។

១១. ពេល​រោគ​រាត​ត្បាត​ឆ្លង​រីក​រាល​ដាល​នៅ​កន្លែង​ដែល​យើង​រស់​នៅ តើ​យើង​គួរ​ធ្វើ​អ្វី?

១១ តើ​យើង​គួរ​ធ្វើ​អ្វី​បើ​រោគ​រាត​ត្បាត​ឆ្លង​រាល​ដាល​នៅ​កន្លែង​ដែល​យើង​រស់​នៅ? យើង​គួរ​ធ្វើ​តាម​ការ​ណែនាំ​ដែល​ពួក​អាជ្ញាធរ​ផ្ដល់​ឲ្យ ដូច​ជា​ការ​លាង​ដៃ ការ​រក្សា​គម្លាត ការ​ពាក់​ម៉ាស់ និង​ចត្តាឡីស័ក។ ពេល​យើង​ធ្វើ​អ្វី​ទាំង​នេះ យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ខ្លាំង​យ៉ាង​ណា​ចំពោះ​ជីវិត​ជា​អំណោយ​ពី​ព្រះ។

១២. តើ​គោល​ការណ៍​នៅ​សុភាសិត ១៤:១៥​អាច​ជួយ​យើង​យ៉ាង​ណា​ឲ្យ​ប្រយ័ត្ន​ចំពោះ​ព័ត៌មាន​ដែល​យើង​ឮ​ពេល​មាន​មហន្តរាយ?

១២ ក្នុង​អំឡុង​ពេល​មាន​រឿង​បន្ទាន់ យើង​ប្រហែល​ជា​ឮ​ព័ត៌មាន​ចចាម​អារ៉ាម​ពី​មិត្ត​ភក្ដិ អ្នក​ជិត​ខាង និង​បណ្ដាញ​ព័ត៌មាន​ផ្សេង​ៗ។ ជា​ជាង​«​ជឿ​គ្រប់​ពាក្យ​ទាំង​អស់​»​ដែល​យើង​ឮ ជា​ការ​ល្អ​ឲ្យ​យើង​ស្ដាប់​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​ពី​រដ្ឋាភិបាល​និង​ខាង​ក្រុម​គ្រូ​ពេទ្យ។ (​សូម​អាន សុភាសិត ១៤:១៥) គណៈ​អភិបាល​និង​ការិយាល័យ​សាខា​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​ព័ត៌មាន​ត្រឹម​ត្រូវ មុន​ដែល​ពួក​គេ​ឲ្យ​ការ​ណែនាំ​អំពី​កិច្ច​ប្រជុំ​ក្រុម​ជំនុំ និង​ការ​ផ្សព្វ​ផ្សាយ។ (​ហេ. ១៣:១៧​) ដោយ​ធ្វើ​តាម​ការ​ណែនាំ​ពី​ពួក​គេ យើង​ការ​ពារ​ខ្លួន​យើង​និង​អ្នក​ឯ​ទៀត​ពី​ការ​រង​ផល​ពិបាក។ យើង​ក៏​រក្សា​កេរ្តិ៍​ឈ្មោះ​ក្រុម​ជំនុំ​ក្នុង​សហគមន៍​របស់​យើង​ផង​ដែរ។—១ពេ. ២:១២

ចូរ​ជៀស​វាង​ពី​ឈាម

១៣. តើ​យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ជីវិត​យ៉ាង​ដូច​ម្ដេច ពេល​យើង​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​អំពី​ឈាម?

១៣ មនុស្ស​ជា​ច្រើន​ស្គាល់​ថា​សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា​ឈាម​គឺ​ពិសិដ្ឋ។ យើង​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​ឈាម​ដោយ​បដិសេធ​មិន​ព្រម​ទទួល​យក​ការ​ចាក់​បញ្ចូល​ឈាម សូម្បី​តែ​ក្នុង​អំឡុង​ការ​សង្គ្រោះ​បន្ទាន់​ក៏​ដោយ។ (​សកម្ម. ១៥:២៨, ២៩​) ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​យើង​ចង់​ស្លាប់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ឲ្យ​តម្លៃ​ចំពោះ​ជីវិត​ជា​អំណោយ​ពី​ព្រះ។ យើង​ស្វែង​រក​ជំនួយ​ពី​អ្នក​ជំនាញ​ខាង​វេជ្ជសាស្ត្រ​ដែល​សុខ​ចិត្ត​ផ្ដល់​ការ​ថែ​ទាំ​ដែល​មាន​គុណភាព​ខ្ពស់​ដោយ​មិន​រួម​បញ្ចូល​ការ​ចាក់​បញ្ចូល​ឈាម។

១៤. តើ​តាម​របៀប​ណា​យើង​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដែល​នាំ​ឲ្យ​ទទួល​ការ​ព្យាបាល​ធ្ងន់​ធ្ងរ?

១៤ បើ​យើង​ថែ​រក្សា​សុខភាព​របស់​យើង​ដោយ​ធ្វើ​តាម​អ្វី​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​អត្ថបទ​នេះ យើង​ប្រហែល​ជា​នឹង​មិន​ចាំ​បាច់​ត្រូវ​ឆ្លង​កាត់​ការ​វះ​កាត់​ឬ​ទទួល​ការ​ព្យាបាល​ធ្ងន់​ធ្ងរ​ទេ។ ម្យ៉ាង​ទៀត បើ​យើង​មាន​សុខភាព​ល្អ យើង​នឹង​ឆាប់​ធូរ​ស្បើយ​ជាង​ក្រោយ​ពី​ទទួល​ការ​វះ​កាត់។ យើង​ក៏​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដែល​នាំ​ឲ្យ​យើង​ត្រូវ​វះ​កាត់​ដោយ​ថែ​រក្សា​ផ្ទះ​និង​កន្លែង​ធ្វើ​ការ​របស់​យើង​ឲ្យ​មាន​សុវត្ថិភាព ព្រម​ទាំង​ដោយ​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ដិត​ដល់។

ដោយ​សារ​យើង​ឲ្យ​តម្លៃ​អំណោយ​ជា​ជីវិត យើង​បំពេញ​លិខិត​ប្រគល់​សិទ្ធិ​អំណាច ហើយ​យក​វា​តាម​ខ្លួន​ជា​និច្ច (​សូម​មើល​វគ្គ​១៥​) d

១៥. (​ក​) ហេតុ​អ្វី​គឺ​សំខាន់​ឲ្យ​យើង​ដាក់​លិខិត​ប្រគល់​សិទ្ធិ​អំណាច​ជាប់​តាម​ខ្លួន? (​សូម​មើល​រូប​ភាព​ផង​ដែរ​) (​ខ​) ដូច​បាន​បង្ហាញ​ក្នុង​វីដេអូ តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ស្ដី​អំពី​ការ​ព្យាបាល​ដែល​ទាក់​ទង​នឹង​ឈាម?

១៥ ដោយ​សារ​យើង​ឲ្យ​តម្លៃ​ជីវិត​ជា​អំណោយ យើង​បំពេញ​លិខិត​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ថែ​ទាំ​សុខភាព ហើយ​ដាក់​វា​ជាប់​តាម​ខ្លួន​ជា​និច្ច។ b ក្នុងឯកសារ​នេះ យើង​ប្រាប់​អំពី​បំណង​ចិត្ត​របស់​យើង​ស្ដី​អំពី​ការ​ចាក់​បញ្ចូល​ឈាម និង​ការ​ព្យាបាល​ខ្លះ។ តើ​លិខិត​ប្រគល់​សិទ្ធិ​អំណាច​របស់​អ្នក​ថ្មី​បំផុត​ឬ​ទេ? បើ​អ្នក​ត្រូវ​បំពេញ​ឬ​ត្រូវ​ធ្វើ​ថ្មី សូម​ធ្វើ​វា​ភ្លាម​ៗ។ ការ​ប្រាប់​យ៉ាង​ច្បាស់​អំពី​បំណង​ចិត្ត​របស់​យើង​តាម​រយៈ​លិខិត​នេះ​នឹង​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​ពន្យារ​ពេល​ដែល​មិន​ចាំ​បាច់​ក្នុង​ការ​ព្យាបាល។ យើង​ក៏​នឹង​ជួយ​ខាង​ក្រុម​គ្រូ​ពេទ្យ​ឲ្យ​ជៀស​វាង​ពី​ការ​យល់​ខុស​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង។ c

១៦. តើ​យើង​អាច​ធ្វើ​អ្វី​បើ​យើង​មិន​ប្រាកដ​អំពី​របៀប​បំពេញ​លិខិត​ប្រគល់​សិទ្ធិ​អំណាច?

១៦ មិន​ថា​យើង​ក្មេង​ឬ​មាន​សុខភាព​ល្អ​ក្ដី យើង​ទាំង​អស់​គ្នា​មិន​អាច​គេច​ផុត​ពី​គ្រោះ​ថ្នាក់​ឬ​ជំងឺ​បាន​ទេ។ (​អទ. ៩:​១១​) ហេតុ​នេះ​គឺ​ជា​ការ​ឈ្លាស​វៃ​ឲ្យ​យើង​បំពេញ​លិខិត​ប្រគល់​សិទ្ធិ​អំណាច។ បើ​អ្នក​មិន​ប្រាកដ​អំពី​របៀប​បំពេញ​លិខិត​នោះ​ទេ អ្នក​អាច​សួរ​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​ឲ្យ​ជួយ​អ្នក។ ពួក​គេ​ព្យាយាម​យល់​ច្បាស់​អំពី​របៀប​បំពេញ​លិខិត​នោះ ប៉ុន្តែ​ពួក​គេ​នឹង​មិន​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​អ្នក​អំពី​ការ​ព្យាបាល​នោះ​ទេ។ នោះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក។ (​កាឡ. ៦:៤, ៥​) ប៉ុន្តែ ពួក​គេ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​ជម្រើស​ដែល​អ្នក​មាន និង​របៀប​បង្ហាញ​អំពី​បំណង​ចិត្ត​របស់​អ្នក​ពេល​អ្នក​បំពេញ​លិខិត​នោះ។

ចូរ​មាន​គំនិត​សម​ហេតុ​សម​ផល

១៧. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​មាន​គំនិត​សម​ហេតុ​សម​ផល​ចំពោះ​រឿង​សុខភាព?

១៧ ការ​សម្រេច​ចិត្ត​ជា​ច្រើន​របស់​យើង​ស្ដី​អំពី​សុខភាព​និង​ការ​ព្យាបាល​គឺ​មាន​មូលដ្ឋាន​លើ​សមត្ថភាព​វិនិច្ឆ័យ​ដែល​បាន​ត្រូវ​បង្វឹក​បង្ហាត់​ពី​គម្ពីរ។ (​សកម្ម. ២៤:១៦; ១ធី. ៣:​៩​) ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​និង​ពិគ្រោះ​រឿង​នេះ​ជា​មួយ​អ្នក​ឯ​ទៀត យើង​ត្រូវ​ចាំ​អ្វី​ដែល​ភីលីព ៤:៥​ចែង​ដែលថា​៖ ​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​រាល់​គ្នា​ជា​មនុស្ស​សម​ហេតុ​សម​ផល​»។ ពេល​យើង​ជា​មនុស្ស​សម​ហេតុ​សម​ផល យើង​មិន​បារម្ភ​ហួស​ហេតុ​ពេក​អំពី​សុខភាព​របស់​យើង ហើយ​យើង​មិន​ព្យាយាម​បង្ខំ​អ្នក​ឯ​ទៀត​ឲ្យ​មាន​ទស្សនៈ​ដូច​យើង​ស្ដី​អំពី​សុខភាព​ឡើយ។ យើង​ស្រឡាញ់​និង​គោរព​បង​ប្អូនរបស់​យើង ទោះ​ជា​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ខុស​ពី​យើង​ក្ដី។—រ៉ូម ១៤:១០​-​១២

១៨. តើ​យើង​អាច​បង្ហាញ​ចិត្ត​កតញ្ញូ​របស់​យើង​ចំពោះ​អំណោយ​ជា​ជីវិត​យ៉ាង​ដូច​ម្ដេច?

១៨ យើង​បង្ហាញ​ចិត្ត​កតញ្ញូ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ប្រភព​នៃ​ជីវិត ដោយ​ការ​ពារ​អាយុ​ជីវិត​របស់​យើង​និង​បម្រើ​លោក​ឲ្យ​អស់​ពី​សមត្ថភាព។ (​បប. ៤:១១​) ឥឡូវ​យើង​នៅ​តែ​អាច​ធ្លាក់​ខ្លួន​ឈឺ​និង​ជួប​ការ​ពិបាក​ផ្សេង​ៗ។ ប៉ុន្តែ នេះ​មិន​មែន​ជា​ជីវិត​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​នោះ​ទេ។ មិន​យូរ​ទៀត លោក​នឹង​ឲ្យ​យើង​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដោយ​គ្មាន​ការ​ឈឺ​ចាប់​និង​សេចក្ដី​ស្លាប់​ឡើយ។ (​បប. ២១:៤​) ទម្រាំ​ដល់​ពេល​នោះ យើង​សប្បាយ​ដែល​យើង​មាន​ជីវិត ហើយ​បម្រើ​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នៅ​ស្ថាន​សួគ៌។  

ចម្រៀង​លេខ​១៤០ យើង​រស់​រហូត​ហើយ!

a អត្ថបទ​នេះ​នឹង​ជួយ​យើង​ឲ្យ​បង្កើន​ចិត្ត​កតញ្ញូ​របស់​យើង​ចំពោះ​ជីវិត​ដែល​ជា​អំណោយ​ពី​ព្រះ។ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​រក្សា​សុខភាព​ល្អ​និង​មាន​សុវត្ថិភាព​ពេល​មាន​មហន្តរាយ ហើយ​របៀប​ដែល​យើង​អាច​ជៀស​វាង​ពី​គ្រោះ​ថ្នាក់​ផ្សេង​ៗ។ យើង​ក៏​នឹង​ពិចារណា​ផង​ដែរ​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ត្រៀម​ខ្លួន​ពេល​មាន​រឿង​បន្ទាន់​ខាង​សុខភាព។

b ឯកសារ​នេះ​ក៏​បាន​ត្រូវ​ហៅ​ថា​លិខិត​ប្រគល់​សិទ្ធិ​អំណាច។

c សូម​មើល​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា តើ​គួរ​សម្រេច​ចិត្ត​យ៉ាង​ណា​អំពី​វិធី​ព្យាបាល​ដែល​ទាក់​ទង​នឹង​ឈាម?នៅ​គេហទំព័រ​jw.org/km​។

d ការ​ពណ៌នា​អំពី​រូប​ភាព: ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​បំពេញ​លិខិត​ប្រគល់​សិទ្ធិ​អំណាច ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​គាត់​យក​វា​ជាប់​តាម​ខ្លួន។