លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១២

ចូររៀនថែមទៀតអំពីព្រះយេហូវ៉ាតាមរយៈការបង្កើតរបស់លោក

ចូររៀនថែមទៀតអំពីព្រះយេហូវ៉ាតាមរយៈការបង្កើតរបស់លោក

​«​ទោះ​ជា​មនុស្ស​មើល​មិន​ឃើញ​ព្រះ​ក៏​ដោយ តែ​ពេល​ពួក​គេ​ពិចារណា​មើល​អ្វី​ៗ​ដែល​លោក​បាន​បង្កើត នោះ​ពួក​គេ​ឃើញ​ច្បាស់​នូវ​គុណ​សម្បត្តិ​របស់​លោក តាំង​ពី​ពេល​ដែល​លោក​បាន​បង្កើត​ពិភព​លោក​មក​ម្ល៉េះ​»។—រ៉ូម ១:២០

ចម្រៀង​លេខ​៦ អ្វី​ៗ​នៅ​លើ​មេឃ​បង្ហាញ​សិរី​រុង​រឿង​របស់​ព្រះ

សេចក្ដី​សង្ខេប a

១. តើ​យ៉ូប​បាន​ស្គាល់​ព្រះ​យេហូវ៉ា​ច្រើន​ជាង​តាម​របៀប​ណា?

 ក្នុង​ចំណោម​ការ​សន្ទនា​ជា​ច្រើន​ដែល​យ៉ូប​មាន​ក្នុង​ជីវិត​របស់​គាត់ មាន​ការ​សន្ទនា​មួយ​ដែល​ច្បាស់​ជា​ពិសេស​សម្រាប់​គាត់ គឺ​ការ​សន្ទនា​ជា​មួយ​ព្រះ​យេហូវ៉ា។ ក្នុង​ការ​សន្ទនា​នោះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​យ៉ូប​សង្កេត​មើល​អ្វី​ដ៏​អស្ចារ្យ​ខ្លះ​ដែល​លោក​បាន​បង្កើត​ដើម្បី​ជួយ​គាត់​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​ច្រើន​យ៉ាង​ណា ព្រម​ទាំង​ពង្រឹង​ទំនុក​ចិត្ត​គាត់​ថា​លោក​អាច​ផ្គត់​ផ្គង់​អ្វី​ទាំង​អស់​ដែល​អ្នក​បម្រើ​របស់​លោក​ត្រូវ​ការ។ ជា​ឧទាហរណ៍ ព្រះ​បាន​រំលឹក​យ៉ូប​ថា​លោក​ផ្គត់​ផ្គង់​សត្វ​នានា ដូច្នេះ​លោក​ក៏​អាច​ថែ​រក្សា​យ៉ូប​បាន​ដែរ។ (​យ៉ូប ៣៨:៣៩​-​៤១; ៣៩:១, ៥, ១៣​-​១៦​) ដោយ​ពិចារណា​អ្វី​ដែល​ព្រះ​បាន​បង្កើត យ៉ូប​បាន​រៀន​ច្រើន​អំពី​គុណ​សម្បត្តិ​របស់​ព្រះ។

២. ហេតុ​អ្វី​ជួន​កាល​ពិបាក​ឲ្យ​យើង​ពិនិត្យ​មើល​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត?

យើង​ក៏​អាច​រៀន​ថែម​ទៀត​អំពី​ព្រះ​របស់​យើង​ពេល​ដែល​យើង​ពិនិត្យ​មើល​អ្វី​ៗ​ដែល​លោក​បាន​បង្កើត។ ប៉ុន្តែ ជួន​កាល​គឺ​មិន​ស្រួល​ឲ្យ​យើង​ធ្វើ​ដូច្នេះ​ទេ។ បើ​យើង​រស់​នៅ​ក្នុង​ទី​ក្រុង យើង​ប្រហែល​ជា​កម្រ​ឃើញ​អ្វី​ដែល​ព្រះ​បាន​បង្កើត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង។ ទោះ​ជា​យើង​រស់​នៅ​ក្នុង​ជនបទ​ក្ដី យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​យើង​មិន​សូវ​មាន​ពេល​ដើម្បី​ពិនិត្យ​មើល​អ្វី​ៗ​ដែល​លោក​បាន​បង្កើត​ឡើយ។ ដូច្នេះ សូម​យើង​ពិចារណា​អំពី​មូលហេតុ​ដែល​ការ​លៃ​ទុក​ពេល​និង​ការ​ខំ​ប្រឹង​សង្កេត​មើល​អ្វី​ដែល​ព្រះ​បាន​បង្កើត​គឺ​មាន​ប្រយោជន៍។ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ប្រើ​ការ​បង្កើត​ដើម្បី​បង្រៀន ហើយ​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​រៀន​ថែម​ទៀត​ពី​ធម្មជាតិ។

ហេតុ​អ្វី​យើង​គួរ​សង្កេត​មើល​អ្វី​ដែល​ព្រះ​បាន​បង្កើត?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អាដាម​សប្បាយ​នឹង​អ្វី​ដែល​លោក​បាន​បង្កើត ហើយ​ដាក់​ឈ្មោះ​សត្វ​ទាំង​ឡាយ (​សូម​មើល​វគ្គ​៣​)

៣. តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អាដាម​រីករាយ​នឹង​អ្វី​ដែល​លោក​បាន​បង្កើត?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​ដំបូង​រីករាយ​នឹង​អ្វី​ដែល​លោក​បាន​បង្កើត។ ពេល​ព្រះ​បង្កើត​អាដាម លោក​បាន​ឲ្យ​គាត់​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ដ៏​ស្រស់​ស្អាត ហើយ​បាន​ឲ្យ​គាត់​មាន​ភារកិច្ច​ថែ​ទាំ​និង​ពង្រីក​សួន​នោះ។ (​ដក. ២:៨, ៩, ១៥​) សូម​ស្រមៃ​គិត​ថា​អាដាម​រំភើប​ចិត្ត​យ៉ាង​ណា ពេល​ដែល​គាត់​ឃើញ​គ្រាប់​ពូជ​ចេញ​ពន្លក​និង​ផ្កា​រីក​ស្គុសស្គាយ។ ការ​ថែ​ទាំ​សួន​អេដែន​គឺ​ជា​ឯកសិទ្ធិ​ដ៏​ធំ​មួយ​សម្រាប់​អាដាម! ព្រះ​យេហូវ៉ា​ក៏​បាន​ឲ្យ​អាដាម​ដាក់​ឈ្មោះ​សត្វ​នានា​ដែរ។ (​ដក. ២:១៩, ២០​) ព្រះ​យេហូវ៉ា​អាច​ដាក់​ឈ្មោះ​សត្វ​ទាំង​នោះ​ដោយ​ខ្លួន​លោក​ក៏​បាន ប៉ុន្តែ​លោក​បាន​ឲ្យ​ភារកិច្ច​នោះ​ទៅ​អាដាម។ មុន​អាដាម​ដាក់​ឈ្មោះ​ឲ្យ​សត្វ​នីមួយ​ៗ គាត់​ច្បាស់​ជា​បាន​សិក្សា​យ៉ាង​ដិត​ដល់​អំពី​សត្វ​ទាំង​នោះ​ដោយ​សង្កេត​មើល​រូប​រាង​របស់​ពួក​វា​និង​របៀប​ដែល​ពួក​វា​ប្រព្រឹត្ត។ អាដាម​ប្រាកដ​ជា​ចូល​ចិត្ត​ធ្វើ​កិច្ច​ការ​នោះ។ នេះ​ច្បាស់​ជា​បាន​ជួយ​គាត់​ឲ្យ​យល់​អំពី​ប្រាជ្ញា​ដ៏​លើស​លប់​របស់​ព្រះ​យេហូវ៉ា ហើយ​ថា​អ្វី​ដែល​លោក​បាន​បង្កើត​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​ស្រស់​ស្អាត​យ៉ាង​ខ្លាំង។

៤. (​ក​) តើ​អ្វី​ជា​មូលហេតុ​មួយ​ដែល​យើង​គួរ​ពិនិត្យ​មើល​អ្វី​ដែល​ព្រះ​បាន​បង្កើត? (​ខ​)​ តើ​អ្នក​ចូល​ចិត្ត​អ្វី​ជា​ពិសេស​ពី​ការ​បង្កើត​របស់​ព្រះ?

មូលហេតុ​មួយ​ដែល​យើង​គួរ​ពិនិត្យ​មើល​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​គឺ​ថា​លោក​ចង់​ឲ្យ​យើង​ធ្វើ​ដូច្នេះ។ លោក​ប្រាប់​យើង​ថា​៖ ​«​ចូរ​ងើយ​ទៅ​លើ​មេឃ ហើយ​សម្លឹង​មើល​ចុះ​»។ បន្ទាប់​មក លោក​សួរ​ថា​៖ ​«​តើ​អ្នក​ណា​បាន​បង្កើត​អ្វី​ៗ​ទាំង​នោះ?​»។ យើង​ដឹង​ចម្លើយ។ (​អេ. ៤០:២៦​) ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ទាំង​អស់​នៅ​លើ​មេឃ ព្រម​ទាំង​អ្វី​ៗ​នៅ​ផែនដី​និង​ក្នុង​សមុទ្រ ហើយ​អ្វី​ទាំង​អស់​នោះ​បង្រៀន​យើង​អំពី​លោក។ (​ចសព. ១០៤:២៤, ២៥​) ម្យ៉ាង​ទៀត សូម​គិត​អំពី​របៀប​ដែល​ព្រះ​បាន​បង្កើត​យើង។ លោក​បង្កើត​យើង​ឲ្យ​ចេះ​សប្បាយ​មើល​អ្វី​ដ៏​ស្រស់​ស្អាត​ក្នុង​ធម្មជាតិ។ លោក​ក៏​បង្កើត​យើង​ឲ្យ​រីករាយ​នឹង​អ្វី​ផ្សេង​ៗ​ដែល​លោក​បាន​បង្កើត​តាម​រយៈ​វិញ្ញាណ​ទាំង​ប្រាំ​គឺ មើល​ឃើញ ស្ដាប់​ឮ ប៉ះ​ពាល់ ភ្លក់​រស​ជាតិ និង​ហិត​ក្លិន។

៥. យោង​ទៅ​តាម​រ៉ូម ១:២០ តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​សិក្សា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត?

គម្ពីរ​ប្រាប់​យើង​អំពី​មូលហេតុ​សំខាន់​មួយ​ទៀត​ដែល​យើង​គួរ​ពិនិត្យ​មើល​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត។ មូលហេតុ​នោះ​គឺ​អ្វី​ទាំង​នេះ​បង្រៀន​យើង​អំពី​គុណ​សម្បត្តិ​របស់​លោក។ (​សូម​អាន រ៉ូម ១:២០) ជា​ឧទាហរណ៍ សូម​មើល​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត ហើយ​អ្នក​នឹង​ឃើញ​ថា​អ្វី​ទាំង​នោះ​បាន​ត្រូវ​បង្កើត​ឡើង​តាម​របៀប​ដ៏​អស្ចារ្យ។ នេះ​បង្រៀន​យើង​ថា​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​ខ្លាំង​ណាស់ មែន​ទេ? សូម​គិត​ផង​ដែរ​អំពី​អាហារ​ជា​ច្រើន​ប្រភេទ។ នេះ​ជា​ភ័ស្តុតាង​យ៉ាង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្សជាតិ។ ពេល​យើង​ឃើញ​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា​ពី​អ្វី​ដែល​លោក​បាន​បង្កើត យើង​កាន់​តែ​ស្គាល់​លោក​ថែម​ទៀត ហើយ​នោះ​ទាក់​ទាញ​ចិត្ត​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​លោក។ ឥឡូវ សូម​យើង​ពិចារណា​អំពី​របៀប​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​អ្វី​ដែល​លោក​បាន​បង្កើត​ដើម្បី​បង្រៀន​មនុស្ស​អំពី​មេ​រៀន​ដ៏​សំខាន់​ៗ។

ព្រះ​ប្រើ​ការ​បង្កើត​ដើម្បី​បង្រៀន​យើងអំពី​លោក​ផ្ទាល់

៦. តើ​យើង​រៀន​អ្វី​ពី​ការ​សង្កេត​មើល​បក្សី​បន្លាស់​ទី?

ព្រះ​យេហូវ៉ា​មាន​ពេល​កំណត់។ ជា​រៀង​រាល់​ឆ្នាំ នៅ​ចន្លោះ​ចុង​ខែ​កុម្ភៈ​និង​ពាក់​កណ្ដាល​ខែ​ឧសភា ជន​ជាតិ​អ៊ីស្រាអែល​អាច​ឃើញ​សត្វ​កុក​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង។ ព្រះ​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​សត្វ​កុក​ដែល​ហើរ​នៅ​លើ​មេឃ​ចេះ​ស្គាល់​រដូវ​កាល​»។ (​យេ. ៨:៧​) ដូច​ព្រះ​យេហូវ៉ា​បាន​កំណត់​ពេល​ឲ្យ​បក្សី​ទាំង​នេះ​បន្លាស់​ទី លោក​ក៏​កំណត់​ពេល​ដើម្បី​សម្រេច​ការ​វិនិច្ឆ័យ​របស់​លោក។ សព្វ​ថ្ងៃ កាល​ដែល​យើង​ឃើញ​ការ​បន្លាស់​ទី​របស់​បក្សី នេះ​រំលឹក​យើង​ថា​យើង​អាច​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​មាន​«​គ្រា​កំណត់​»​ដើម្បី​បំផ្លាញ​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ។—ហាប. ២:៣

៧. តើ​យើង​អាច​រៀន​អ្វី​ពី​ការ​មើល​បក្សី​ហោះ​ហើរ? (​អេសាយ ៤០:៣១​)

ព្រះ​យេហូវ៉ា​ឲ្យ​កម្លាំង​ដល់​អ្នក​បម្រើ​លោក។ តាម​រយៈ​អេសាយ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​ពង្រឹង​កម្លាំង​រាស្ត្រ​លោក​ឲ្យ​«​ត្រដាង​ស្លាប​ហោះ​ដូច​ជា​ឥន្ទ្រី​»​ពេល​ដែល​ពួក​គេ​ទន់​ខ្សោយ​ឬ​ធ្លាក់​ទឹក​ចិត្ត។ (​សូម​អាន អេសាយ ៤០:៣១) ជន​ជាតិ​អ៊ីស្រាអែល​ច្រើន​តែ​ឃើញ​ឥន្ទ្រី​ហោះ​ហើរ​ឡើង​លើ​អាកាស​សំកាំង​តាម​ខ្យល់​ដោយ​មិន​ចាំ​បាច់​បក់​ស្លាប​ច្រើន។ នេះ​រំលឹក​យើង​ថា​ដូច​ព្រះ​យេហូវ៉ា​ឲ្យ​កម្លាំង​ដល់​បក្សី​ទាំង​នោះ លោក​ក៏​អាច​ឲ្យ​កម្លាំង​ដល់​អ្នក​បម្រើ​លោក​ដែរ។ ពេល​អ្នក​ឃើញ​បក្សី​ដ៏​ខ្លាំង​ក្លា​ត្រដាង​ស្លាប​កាន់​តែ​ខ្ពស់​ក្នុង​អាកាស​ដោយ​មិន​បក់​ច្រើន សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​អាច​ឲ្យ​អ្នក​មាន​កម្លាំង​ដើម្បី​យក​ឈ្នះ​បញ្ហា​របស់​អ្នក។

៨. តើ​យ៉ូប​បាន​រៀន​អ្វី​ពី​ការ​ពិនិត្យ​មើល​អ្វី​ដែល​ព្រះ​បាន​បង្កើត ហើយ​តើ​យើង​អាច​រៀន​អ្វី?

ព្រះ​យេហូវ៉ា​គឺ​សម​ឲ្យ​យើង​ទុក​ចិត្ត។ ព្រះ​យេហូវ៉ា​បាន​ជួយ​យ៉ូប​ឲ្យ​កាន់​តែ​ទុក​ចិត្ត​លោក។ (​យ៉ូប ៣២:២; ៤០:៦​-​៨​) ក្នុង​ការ​សន្ទនា​ជា​មួយ​យ៉ូប លោក​បាន​លើក​ឡើង​អំពី​អ្វី​ជា​ច្រើន​ដែល​លោក​បាន​បង្កើត​រួម​មាន​ដួង​តារា ពពក និង​ផ្លេក​បន្ទោរ។ ព្រះ​យេហូវ៉ា​ក៏​បាន​លើក​ឡើង​អំពី​សត្វ​ផ្សេង​ៗ​ដូច​ជា​គោ​ព្រៃ​និង​សេះ​ផង​ដែរ។ (​យ៉ូប ៣៨:៣២​-​៣៥; ៣៩:៩, ១៩, ២០​) អ្វី​ទាំង​នេះ​មិន​គ្រាន់​តែ​បង្ហាញ​អំពី​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​និង​ប្រាជ្ញា​ដ៏​អស្ចារ្យ​របស់​លោក​ដែរ។ ដោយ​សារ​ការ​សន្ទនា​នេះ យ៉ូប​បាន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ជាង​ពេល​មុន​ៗ។ (​យ៉ូប ៤២:១​-​៦​) ស្រដៀង​គ្នា​ដែរ ពេល​យើង​សិក្សា​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត នេះ​រំលឹក​យើង​ថា​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​និង​ឫទ្ធានុភាព​ជាង​យើង​ឆ្ងាយ​ណាស់។ លោក​ក៏​អាច​បំបាត់​ចោល​ទុក្ខ​លំបាក​ទាំង​អស់​របស់​យើង ហើយ​លោក​នឹង​ធ្វើ​ដូច្នេះ។ ការ​ពិត​នេះ​អាច​ជួយ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​លោក។

លោក​យេស៊ូ​ប្រើ​ការ​បង្កើត​ដើម្បី​បង្រៀន​អំពី​បិតា​លោក

៩​-​១០. តើ​ដួង​អាទិត្យ​និង​ភ្លៀង​បង្រៀន​យើង​អ្វី​អំពី​ព្រះ​យេហូវ៉ា?

លោក​យេស៊ូ​ដឹង​ច្រើន​អំពី​ធម្មជាតិ។ ក្នុង​នាម​ជា​«​មេ​ជាង​ដ៏​ជំនាញ​ម្នាក់​»​ លោក​មាន​ឯកសិទ្ធិ​រួម​ចំណែក​ជា​មួយ​បិតា​លោក​ក្នុង​ការ​បង្កើត​សកល​លោក។ (​សុភ. ៨:៣០​) ក្រោយ​មក កាល​ដែល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​ប្រើ​ការ​បង្កើត​ដើម្បី​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​អំពី​បិតា​លោក។ សូម​ពិចារណា​មេ​រៀន​មួយ​ចំនួន​ដែល​លោក​បាន​បង្រៀន។

១០ ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស​គ្រប់​គ្នា។ ក្នុង​សុន្ទរកថា​របស់​លោក​យេស៊ូ​នៅ​លើ​ភ្នំ លោក​បាន​និយាយ​ប្រាប់​អ្នក​កាន់​តាម​លោក​អំពី​ដួង​អាទិត្យ​និង​ភ្លៀង ជា​អ្វី​ដែល​មនុស្ស​ជា​ច្រើន​មិន​គិត​ថា​ពិសេស​នោះ​ទេ។ អ្វី​ទាំង​ពីរ​នេះ​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​ទ្រ​ទ្រង់​ជីវិត​យើង។ ព្រះ​យេហូវ៉ា​អាច​មិន​ឲ្យ​អ្វី​ទាំង​នេះ​ដល់​បុគ្គល​ដែល​មិន​បម្រើ​លោក​ក៏​បាន។ តែ​ផ្ទុយ​ទៅ​វិញ ដោយ​ក្ដី​ស្រឡាញ់ លោក​ផ្ដល់​ដួង​អាទិត្យ​និង​ភ្លៀង​ដល់​មនុស្ស​គ្រប់​រូប។ (​ម៉ាថ. ៥:៤៣​-​៤៥​) លោក​យេស៊ូ​បាន​ប្រើ​មេ​រៀន​នេះ​ដើម្បី​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ថា ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស​គ្រប់​គ្នា។ ពេល​យើង​មើល​ថ្ងៃ​លិច​ដ៏​ស្រស់​ស្អាត​ឬ​ឃើញ​មេឃ​ភ្លៀង​ដ៏​ស្រស់​ស្រាយ យើង​អាច​រំពឹង​គិត​អំពី​សេចក្ដី​ស្រឡាញ់​មិន​រើស​មុខ​របស់​ព្រះ​យេហូវ៉ា។ គំរូ​របស់​លោក​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ស្រដៀង​នឹង​នេះ​ដោយ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទាំង​អស់។

១១. តើ​ការ​សង្កេត​មើល​សត្វ​ស្លាប​អាច​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ដូច​ម្ដេច?

១១ ព្រះ​យេហូវ៉ា​ផ្គត់​ផ្គង់​យើង។ ក្នុង​សុន្ទរកថា​ដដែល​នោះ លោក​យេស៊ូ​ក៏​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សង្កេត​មើល​សត្វ​ស្លាប​នៅ​លើ​មេឃ ព្រោះ​វា​មិន​សាប​ព្រោះ ច្រូត​កាត់ ឬ​ប្រមូល​ផល​ទុក​ក្នុង​ជង្រុក​ឡើយ តែ​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ផ្ដល់​ចំណី​ឲ្យ​វា​»។ អ្នក​ដែល​ស្ដាប់​លោក​យេស៊ូ​នៅ​ពេល​នោះ​ប្រហែល​ជា​អាច​ឃើញ​សត្វ​ចាប​ហោះ​កាត់​ពួក​គេ ពេល​ដែល​លោក​សួរ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​មាន​តម្លៃ​ជាង​សត្វ​ស្លាប​ទាំង​នោះ​ទេ​ឬ?​»។ (​ម៉ាថ. ៦:២៦​) តាម​របៀប​ដ៏​កក់​ក្ដៅ​នេះ លោក​យេស៊ូ​បាន​ជួយ​យើង​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​យើង។ (​ម៉ាថ. ៦:៣១, ៣២​) អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​នៅ​តែ​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ការ​ទាញ​មេ​រៀន​ក្នុង​ធម្មជាតិ។ ប្អូន​ស្រី​វ័យ​ក្មេង​ម្នាក់​ដែល​ជា​អ្នក​ត្រួស​ត្រាយ​នៅ​ប្រទេស​អេស្ប៉ាញ​បាន​ធ្លាក់​ទឹក​ចិត្ត ដោយ​សារ​គាត់​មិន​អាច​រក​កន្លែង​ស្នាក់​នៅ​ដ៏​សមរម្យ​មួយ​បាន​ទេ។ ប៉ុន្តែ ក្រោយ​ពី​គាត់​សង្កេត​មើល​សត្វ​ចាប​ស៊ី​គ្រាប់​ធញ្ញជាតិ​និង​ផ្លែ​ឈើ គាត់​ទទួល​ការ​លើក​ទឹក​ចិត្ត។ គាត់​និយាយ​ថា​៖ ​«​ពេល​ឃើញ​សត្វ​ចាប​ទាំង​នោះ នេះ​រំលឹក​ខ្ញុំ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​វា អ៊ីចឹង​លោក​ក៏​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​ដែរ​»។ មិន​យូរ​ក្រោយ​មក ប្អូន​ស្រី​នោះ​បាន​រក​ឃើញ​កន្លែង​ស្នាក់​នៅ។

១២. យោង​ទៅ​តាម​ម៉ាថាយ ១០:២៩​-​៣១ តើ​ចាប​ពូក​បង្ហាញ​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា?

១២ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​យើង​ម្នាក់​ៗ។ មុន​លោក​យេស៊ូ​ចាត់​ពួក​សាវ័ក​លោក​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ លោក​បាន​ជួយ​ពួក​គេ​មិន​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​ប្រឆាំង​ពួក​គេ។ (​សូម​អាន ម៉ាថាយ ១០:២៩​-​៣១) លោក​បាន​ធ្វើ​ដូច្នេះ​ដោយ​លើក​ឡើង​អំពី​សត្វ​ចាប​មួយ​ប្រភេទ​ដែល​មាន​ជា​ទូទៅ​នៅ​ស្រុក​អ៊ីស្រាអែល​គឺ​ចាប​ពូក។ សត្វ​ចាប​ទាំង​នោះ​មាន​តម្លៃ​ថោក​នៅ​សម័យ​របស់​លោក​យេស៊ូ។ ប៉ុន្តែ លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​គ្មាន​ចាប​ពូក​ណា​មួយ​ធ្លាក់​ដល់​ដី ដែល​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​មិន​ជ្រាប​ឡើយ​»។ ក្រោយ​មក លោក​បាន​បន្ថែម​ទៀត​ថា​៖ ​«​អ្នក​រាល់​គ្នា​មាន​តម្លៃ​ជាង​ចាប​ពូក​ជា​ច្រើន​ទៅ​ទៀត​»។ លោក​យេស៊ូ​បាន​ពង្រឹង​ទំនុក​ចិត្ត​ពួក​អ្នក​កាន់​តាម​លោក​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ពួក​គេ​ម្នាក់​ៗ ដូច្នេះ​គ្មាន​ហេតុ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច​ចំពោះ​ការ​បៀតបៀន​ឡើយ។ ពួក​អ្នក​កាន់​តាម​ច្បាស់​ជា​នឹក​ចាំ​ប្រសាសន៍​របស់​លោក​យេស៊ូ ពេល​ពួក​គេ​ឃើញ​សត្វ​ចាប​កាល​ដែល​ពួក​គេ​ផ្សព្វ​ផ្សាយ​តាម​ភូមិ​នានា។ ពេល​ណា​អ្នក​ឃើញ​ចាប សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​អ្នក​ផ្ទាល់ ដោយ​សារ​អ្នក​ក៏​«​មាន​តម្លៃ​ជាង​ចាប​ពូក​ជា​ច្រើន​ទៅ​ទៀត​»។ ដោយ​មាន​ការ​គាំទ្រ​ពី​លោក អ្នក​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ពេល​អ្នក​ឯ​ទៀត​ប្រឆាំង​អ្នក​ឡើយ។—ចសព. ១១៨:៦

តើ​យើង​អាច​រៀន​ថែម​ទៀត​អំពី​ព្រះ​តាម​រយៈ​ការ​បង្កើត​យ៉ាង​ដូច​ម្ដេច?

១៣. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​រៀន​ពី​ការ​បង្កើត?

១៣ យើង​អាច​ទាញ​យក​មេ​រៀន​ជា​ច្រើន​ទៀត​អំពី​ព្រះ​យេហូវ៉ា​ពី​ការ​បង្កើត។ តើ​តាម​របៀប​ណា? ដំបូង យើង​ត្រូវ​លៃ​ទុក​ពេល​សង្កេត​មើល​អ្វី​ៗ​ដែល​លោក​បាន​បង្កើត។ បន្ទាប់​មក យើង​ត្រូវ​គិត​អំពី​របៀប​ដែល​វា​បង្រៀន​យើង​អំពី​ព្រះ​យេហូវ៉ា។ យើង​ប្រហែល​ជា​មិន​តែង​តែ​ស្រួល​ឲ្យ​ធ្វើ​ដូច្នេះ​ទេ។ បង​ស្រី​ជេរោលឌីន​ពី​ប្រទេស​កាមេរូន​និយាយ​ថា​៖ ​«​ខ្ញុំ​ធំ​ឡើង​ក្នុង​ទី​ក្រុង ដូច្នេះ​ខ្ញុំ​ត្រូវ​ខំ​ប្រឹង​ខ្លាំង​ជាង​ដើម្បី​សង្កេត​មើល​ធម្មជាតិ​»។ អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​អាល់ហ្វុនសូ​ពន្យល់​ថា​៖ ​«​ខ្ញុំ​យល់​ថា​ខ្ញុំ​ត្រូវ​កំណត់​ពេលនៅ​ម្នាក់​ឯង​ដើម្បី​សង្កេត​មើល​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត និង​រំពឹង​គិត​អំពី​អ្វី​ដែល​នោះ​បង្រៀន​ខ្ញុំ​អំពី​លោក​»។

ពេល​ដាវីឌ​មើល​អ្វី​ដែល​ព្រះ​បាន​បង្កើត​នៅ​ជុំ​វិញ​គាត់ គាត់​បាន​រំពឹង​គិត​អំពី​អ្វី​ដែល​នោះ​បង្រៀន​គាត់​អំពី​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​១៤​)

១៤. តើ​ដាវីឌ​បាន​រៀន​អ្វី​ពេល​គាត់​រំពឹង​គិត​អំពី​ការ​បង្កើត​របស់​ព្រះ?

១៤ ដាវីឌ​បាន​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អ្វី​ដែល​ព្រះ​បាន​បង្កើត។ គាត់​បាន​និយាយ​ទៅ​កាន់​ព្រះ​យេហូវ៉ា​ថា​៖ ​«​ពេល​ខ្ញុំ​សម្លឹង​មើល​មេឃ​ជា​ស្នា​ដៃ​របស់​លោក ហើយ​មើល​ដួង​ចន្ទ និង​ដួង​តារា ដែល​លោក​បាន​បង្កើត ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា តើ​មនុស្សជាតិ​ជា​អ្វី​ដែល​លោក​ត្រូវ​គិត​ដល់?​»។ (​ចសព. ៨:៣, ៤​) ពិត​មែន​ហើយ ពេល​ដាវីឌ​សម្លឹង​មើល​មេឃ​នា​ពេល​យប់ គាត់​មិន​គ្រាន់​តែ​សប្បាយ​មើល​ផ្កាយ​ជា​ច្រើន​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ គាត់​ក៏​រំពឹង​គិត​អ្វី​ដែល​គាត់​អាច​រៀន​អំពី​ព្រះ​យេហូវ៉ា​តាម​រយៈ​ផ្កាយ​ទាំង​នោះ។ គាត់​បាន​រៀន​ថា​ព្រះ​យេហូវ៉ា​គឺ​អស្ចារ្យ​យ៉ាង​ណា។ នៅ​ពេល​ផ្សេង​ទៀត គាត់​បាន​រំពឹង​គិត​អំពី​របៀប​ដែល​រូប​កាយ​របស់​គាត់​លូត​លាស់​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​គាត់។ កាល​ដែល​គាត់​រំពឹង​គិត​អំពី​អ្វី​ដ៏​អស្ចារ្យ​ទាំង​នេះ គាត់​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា។—ចសព. ១៣៩:១៤​-​១៧

១៥. សូម​លើក​ឧទាហរណ៍​អំពី​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា​ដែល​អ្នក​បាន​រក​ឃើញ​ក្នុង​ការ​បង្កើត។ (​ចម្រៀង​សរសើរ​ព្រះ ១៤៨:៧​-​១០​)

១៥ ដូច​ដាវីឌ អ្នក​មិន​ចាំ​បាច់​ទៅ​ឆ្ងាយ​ដើម្បី​រក​ឃើញ​អ្វី​ណា​មួយ​ក្នុង​ការ​បង្កើត​យក​មក​រំពឹង​គិត​នោះ​ទេ។ បើ​អ្នក​មើល​ជុំ​វិញ​ខ្លួន​អ្នក អ្នក​អាច​ស្វែង​យល់​អំពី​គុណ​សម្បត្តិ​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ អ្នក​អាច​ដឹង​អំពី​ឫទ្ធានុភាព​របស់​ព្រះ​ពេល​ស្បែក​របស់​អ្នក​ត្រូវ​កម្ដៅ​ថ្ងៃ។ (​យេ. ៣១:៣៥​) អ្នក​អាច​គិត​អំពី​ប្រាជ្ញា​របស់​ព្រះ​ពេល​អ្នក​ឃើញ​បក្សី​ធ្វើ​សម្បុក។ អ្នក​អាច​គិត​អំពី​អារម្មណ៍​សប្បាយ​របស់​ព្រះ​យេហូវ៉ា​ពេល​អ្នក​ឃើញ​កូន​ឆ្កែ​ដេញ​ខាំ​កន្ទុយ​វា​លេង។ ម្យ៉ាង​ទៀត អ្នក​អាច​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​លោក ពេល​ណា​ដែល​អ្នក​ឃើញ​ម្ដាយ​ប្រឡែង​លេង​ជា​មួយ​កូន​ង៉ែត​របស់​គាត់។ យើង​មាន​ឱកាស​ជា​ច្រើន​ដើម្បី​រៀន​អំពី​ព្រះ​យេហូវ៉ា ដោយ​សារ​អ្វី​ទាំង​អស់​ដែល​លោក​បាន​បង្កើត​សរសើរ​លោក មិន​ថា​អ្វី​ទាំង​នោះ​ធំ តូច ជិត ឬ​ឆ្ងាយ​ក្ដី។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៤៨:៧​-​១០

១៦. តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

១៦ ព្រះ​របស់​យើង​មាន​ប្រាជ្ញា សេចក្ដី​ស្រឡាញ់ និង​ឫទ្ធានុភាព ហើយ​អ្វី​ទាំង​អស់​ដែល​លោក​បាន​បង្កើត​គឺ​ស្រស់​ស្អាត។ គុណ​សម្បត្តិ​ទាំង​នេះ​និង​គុណ​សម្បត្តិ​ជា​ច្រើន​ទៀត​ស​ឲ្យ​ឃើញ​ក្នុង​ធម្មជាតិ បើ​យើង​ពិនិត្យ​មើល​អ្វី​ទាំង​នោះ។ សូម​យើង​ទាំង​អស់​គ្នា​លៃ​ទុក​ពេល​ជា​ទៀង​ទាត់​ដើម្បី​សប្បាយ​នឹង​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត ហើយ​រំពឹង​គិត​អំពី​អ្វី​ដែល​នោះ​បង្រៀន​យើង​អំពី​ព្រះ​យេហូវ៉ា។ ដោយ​ធ្វើ​ដូច្នេះ យើង​នឹង​ចូល​កាន់​តែ​ជិត​ព្រះ​ដែល​ជា​អ្នក​បង្កើត​របស់​យើង។ (​យ៉ា. ៤:៨​) ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ឃើញ​របៀប​ដែល​ឪពុក​ម្ដាយ​អាច​ប្រើ​ការ​បង្កើត​ដើម្បី​ជួយ​កូន​របស់​ពួក​គេ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។

ចម្រៀង​លេខ​៥ ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ព្រះ

a ការ​បង្កើត​របស់​ព្រះ​យេហូវ៉ា​គឺ​អស្ចារ្យ។ ចាប់​ពី​ថាមពល​ដ៏​ខ្លាំង​លើស​លប់​នៃ​ដួង​អាទិត្យ​រហូត​ដល់​ស្រទាប់​ផ្កា​មួយ​ទង​ដ៏​ស្រទន់ ស្នា​ដៃ​របស់​លោក​ធ្វើ​ឲ្យ​យើង​កោត​ស្ងើច។ មេ​រៀន​ពី​ការ​បង្កើត​ក៏​អាច​ជួយ​យើង​ឲ្យ​រៀន​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​គួរ​លៃ​ទុក​ពេល​ដើម្បី​ពិនិត្យ​មើល​អ្វី​ដែល​ព្រះ​បាន​បង្កើត និង​របៀប​ដែល​ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​របស់​យើង។