លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៤

ចូររុករកគ្រប់ជ្រុងជ្រោយក្នុងបណ្ដាំរបស់ព្រះ

ចូររុករកគ្រប់ជ្រុងជ្រោយក្នុងបណ្ដាំរបស់ព្រះ

​«​[​ចូរ​]​យល់​ច្បាស់ . . . អំពី​ទទឹង បណ្ដោយ កម្ពស់ និង​ជម្រៅ​នៃ​សេចក្ដី​ពិត​»។—អេភ. ៣:១៨

ចម្រៀង​លេខ​៩៥ ពន្លឺ​សេចក្ដី​ពិត​កាន់​តែ​ភ្លឺ​ឡើង

សេចក្ដី​សង្ខេប a

១​-​២. តើ​អ្វី​ជា​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​អាន​និង​សិក្សា​គម្ពីរ? សូម​លើក​ឧទាហរណ៍។

 សូម​ស្រមៃ​គិត​ថា អ្នក​កំពុង​គិត​ពិចារណា​ថា​តើ​អ្នក​គួរ​ទិញ​ផ្ទះ​មួយ​ឬ​យ៉ាង​ណា។ តើ​អ្នក​ចង់​ឃើញ​អ្វី​មុន​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត? តើ​អ្នក​ពេញ​ចិត្ត​គ្រាន់​តែ​មើល​រូប​ថត​ខាង​មុខ​ផ្ទះ​ឬ? អ្នក​ច្បាស់​ជា​នឹង​ចង់​ឃើញ​ផ្ទះ​ដោយ​ផ្ទាល់​ភ្នែក​ដើម្បី​អ្នក​អាច​ដើរ​ជុំ​វិញ​ផ្ទះ​នោះ ចូល​ខាង​ក្នុង​ដើម្បី​ពិនិត្យ​មើល​បន្ទប់​នីមួយ​ៗ ហើយ​មើល​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​ផ្ទះ​នោះ។ អ្នក​ប្រហែល​ជា​ថែម​ទាំង​ចង់​ពិនិត្យ​មើល​គម្រោង​ផ្ទះ​នោះ​ដើម្បី​ដឹង​ថា​វា​បាន​សង់​ឡើង​យ៉ាង​ដូច​ម្ដេច។ ច្បាស់​ណាស់ អ្នក​ចង់​ឃើញ​អនាគត​ផ្ទះ​របស់​អ្នក​គ្រប់​ជ្រុង​ជ្រោយ។

យើង​អាច​ធ្វើ​អ្វី​ស្រដៀង​នឹង​នោះ​ពេល​យើង​អាន​និង​សិក្សា​គម្ពីរ។ បណ្ឌិត​ម្នាក់​ខាង​គម្ពីរ​ប្រដូច​ដំណឹង​ក្នុង​គម្ពីរ​ទៅ​នឹង​«​អគារ​ដ៏​ធំ​មួយ​ដែល​ខ្ពស់​ណាស់​និង​មាន​គ្រឹះ​ដ៏​ជ្រៅ​»។ ដូច្នេះ តើ​យើង​អាច​ស្គាល់​ច្បាស់​អំពី​ព័ត៌មាន​ក្នុង​គម្ពីរ​យ៉ាង​ដូច​ម្ដេច? បើ​អ្នក​អាន​គម្ពីរ​យ៉ាង​លឿន អ្នក​ប្រហែល​ជា​ដឹង​តែ​ព័ត៌មាន​បឋម​ៗ ពោល​គឺ​«​បឋម​សេចក្ដី​នៃ​ប្រសាសន៍​ដ៏​ពិសិដ្ឋ​របស់​ព្រះ​»។ (​ហេ. ៥:១២​) ប៉ុន្តែ ដូច​អ្នក​ត្រូវ​ចូល​ខាង​ក្នុង​ផ្ទះ​ណា​មួយ​ដើម្បី​ដឹង​ព័ត៌មាន​ច្រើន​ជាង​អំពី​ផ្ទះ​នោះ អ្នក​ត្រូវ​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​យល់​គម្ពីរ​ច្បាស់​ជាង។ របៀប​ល្អ​ប្រសើរ​មួយ​ដើម្បី​សិក្សា​គម្ពីរ គឺ​ដោយ​មើល​របៀប​ដែល​ផ្នែក​ផ្សេង​ៗ​នៃ​ដំណឹង​ក្នុង​គម្ពីរ​ជាប់​ទាក់​ទង​គ្នា។ សូម​ព្យាយាម​យល់​មិន​គ្រាន់​តែ​សេចក្ដី​បង្រៀន​ដែល​អ្នក​ជឿ​ប៉ុណ្ណោះ​ទេ តែ​ក៏​មូលហេតុ​ដែល​អ្នក​ជឿ​លើ​សេចក្ដី​បង្រៀន​ទាំង​នោះ​ដែរ។

៣. តើ​សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី? (​អេភេសូរ ៣:១៤​-​១៩​)

ដើម្បី​យល់​បណ្ដាំ​ព្រះ​យ៉ាង​ច្បាស់​គ្រប់​ជ្រុង​ជ្រោយ យើង​ត្រូវ​រៀន​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ក្នុង​គម្ពីរ។ សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​គ្រិស្ត​សាសនិក​ឲ្យ​សិក្សា​បណ្ដាំ​ព្រះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ពួក​គេ​អាច​«​យល់​ច្បាស់ . . . អំពី​ទទឹង បណ្ដោយ កម្ពស់ និង​ជម្រៅ​នៃ​សេចក្ដី​ពិត​»។ យ៉ាង​នេះ ពួក​គេ​នឹង​កាន់​តែ​«​ចាក់​ឫស ហើយ​បាន​តាំង​ឡើង​»​ក្នុង​ជំនឿ​របស់​ពួក​គេ។ (​សូម​អាន អេភេសូរ ៣:១៤​-​១៩) យើង​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។ សូម​យើង​មើល​របៀប​ដែល​យើង​អាច​រុក​រក​បណ្ដាំ​ព្រះ​ដើម្បី​យល់​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ឲ្យ​បាន​ច្បាស់​ជាង។

ចូរ​រុក​រក​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ក្នុង​គម្ពីរ

៤. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា? សូម​លើក​ឧទាហរណ៍​ខ្លះ។

ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​មិន​គ្រាន់​តែ​ចង់​យល់​សេចក្ដី​បង្រៀន​បឋម​នៃ​គម្ពីរ​ប៉ុណ្ណោះ​ទេ។ យើង​ក៏​ចង់​រៀន​«​សូម្បី​តែ​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ​»​ ដោយ​មាន​ជំនួយ​ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក។ (​១កូ. ២:៩, ១០​) សូម​រៀប​ចំ​ធ្វើ​ការ​សិក្សា​ផ្ទាល់​ខ្លួន​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ អ្នក​អាច​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំពី​របៀប​ដែល​លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​បម្រើ​របស់​លោក​នៅ​សម័យ​បុរាណ និង​របៀប​ដែល​នោះ​បង្ហាញ​ថា​លោក​ស្រឡាញ់​អ្នក​ដែរ។ អ្នក​អាច​ពិនិត្យ​មើល​ការ​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​គោរព​ប្រណិប័តន៍​លោក​នៅ​ស្រុក​អ៊ីស្រាអែល​សម័យ​បុរាណ ហើយ​ប្រៀប​ធៀប​នោះ​ទៅ​នឹង​ការ​រៀប​ចំ​របស់​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ ឬ​ប្រហែល​ជា​អ្នក​អាច​សិក្សា​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ទំនាយ​ដែល​លោក​យេស៊ូ​បាន​សម្រេច​ក្នុង​អំឡុង​ជីវិត​និង​កិច្ច​បម្រើ​របស់​លោក​នៅ​ផែន​ដី។

៥. តើ​អ្នក​ចង់​សិក្សា​ស្រាវ​ជ្រាវ​អំពី​ប្រធានបទ​អ្វី?

បង​ប្អូន​ខ្លះ​ដែល​ចូល​ចិត្ត​សិក្សា​ស្រាវ​ជ្រាវ​យ៉ាង​ហ្មត់​ចត់​បាន​រៀប​រាប់​អ្វី​ខ្លះ​ដែល​ពួក​គេ​ចង់​សិក្សា​យ៉ាង​ជ្រាល​ជ្រៅ​ជាង។ អ្នក​អាច​មើល​អ្វី​មួយ​ចំនួន​ដែល​ពួក​គេ​បាន​និយាយ​ក្នុង​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ប្រធានបទ​សម្រាប់​ការ​សិក្សា​ផ្ទាល់​ខ្លួន​»។ អ្នក​អាច​អរ​សប្បាយ​សិក្សា​ប្រធានបទ​បែប​នេះ ដោយ​មាន​ជំនួយ​ពី​សៀវភៅ​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា។ ការ​សិក្សា​គម្ពីរ​យ៉ាង​ស៊ី​ជម្រៅ​អាច​ពង្រឹង​ជំនឿ​របស់​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​«​រក​ឃើញ​ចំណេះ​អំពី​ព្រះ​»។ (​សុភ. ២:៤, ៥​) ឥឡូវ សូម​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​បង្រៀន​ខ្លះ​ដ៏​ជ្រាល​ជ្រៅ​ក្នុង​គម្ពីរ​ដែល​យើង​អាច​រុក​រក។

ចូរ​រំពឹង​គិត​អំពី​គោល​បំណង​របស់​ព្រះ

៦. (​ក​) តើ​គម្រោង​និង​គោល​បំណង​ខុស​គ្នា​យ៉ាង​ណា? (​ខ​)​ ហេតុ​អ្វី​យើង​អាច​និយាយ​ថា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​និង​ផែន​ដី​គឺ​មាន​«​ជា​រៀង​រហូត​»​? (​អេភេសូរ ៣:១១​)

ជា​ឧទាហរណ៍ សូម​គិត​អំពី​អ្វី​ដែល​គម្ពីរ​ចែង​ស្ដី​អំពី​គោល​បំណង​របស់​ព្រះ។ ការ​មាន​គម្រោង​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ការ​មាន​គោល​បំណង។ គម្រោង​ប្រៀប​ដូច​ជា​ផ្លូវ​មួយ​ដែល​អាច​នាំ​យើង​ទៅ​ដល់​ទី​ដៅ​ដែល​យើង​ចង់​ទៅ។ ប៉ុន្តែ បើ​អ្វី​មួយ​បិទ​ច្រក​ផ្លូវ​នោះ យើង​ប្រហែល​ជា​មិន​ទៅ​ដល់​កន្លែង​ដែល​យើង​ចង់​ទៅ​ទេ។ រីឯ​គោល​បំណង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ទី​ដៅ​វិញ។ យើង​ដឹង​យ៉ាង​ច្បាស់​ថា​កន្លែង​ណា​ដែល​យើង​ចង់​ទៅ ប៉ុន្តែ​យើង​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ផ្សេង​ៗ​ដើម្បី​ទៅ​ដល់​ទី​នោះ។ បើ​ផ្លូវ​មួយ​ទាល់​ច្រក យើង​អាច​ទៅ​តាម​ផ្លូវ​ផ្សេង​ទៀត។ គួរ​ឲ្យ​សប្បាយ​ចិត្ត​មែន​ដែល​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​បន្តិច​ម្ដង​ៗ​ក្នុង​គម្ពីរ​អំពី​«​គោល​បំណង​[​របស់​លោក​]​ដែល​មាន​ជា​រៀង​រហូត​»។ (​អេភ. ៣:១១​) ព្រះ​យេហូវ៉ា​អាច​ជ្រើស​រើស​ផ្លូវ​ផ្សេង​ៗ​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក ហើយ​លោក​តែង​តែ​ទទួល​ជោគ​ជ័យ ដោយ​សារ​លោក​«​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ស្រប​ទៅ​តាម​គោល​បំណង​របស់​លោក​»។ (​សុភ. ១៦:៤​) ម្យ៉ាង​ទៀត លទ្ធផល​នៃ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ តើ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​អ្វី ហើយ​តើ​លោក​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​អ្វី​ដើម្បី​សម្រេច​គោល​បំណង​នោះ?

៧. ក្រោយ​ពី​មនុស្ស​ដំបូង​បាន​បះ​បោរ តើ​ព្រះ​យេហូវ៉ា​បាន​ផ្លាស់​ប្ដូរ​របៀប​ដែល​លោក​នឹង​សម្រេច​គោល​បំណង​របស់​លោក​យ៉ាង​ដូច​ម្ដេច? (​ម៉ាថាយ ២៥:៣៤​)

ព្រះ​បាន​ប្រាប់​មនុស្ស​ដំបូង​អំពី​អ្វី​ដែល​ជា​គោល​បំណង​របស់​លោក​ចំពោះ​ពួក​គេ។ ពួក​គេ​ត្រូវ​‹បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែន​ដី ហើយ​គ្រប់​គ្រង​ផែន​ដី ព្រម​ទាំង​កាន់​កាប់​លើ​សត្វ​ទាំង​ឡាយ​ដែល​នៅ​ផែន​ដី›។ (​ដក. ១:២៨​) ទោះ​ជា​អាដាម​និង​អេវ៉ា​បាន​បះ​បោរ ហើយ​នាំ​មក​នូវ​ការ​ខុស​ឆ្គង​ចូល​ក្នុង​ក្រុម​គ្រួសារ​មនុស្ស​ក្ដី នេះ​មិន​អាច​បញ្ឈប់​ព្រះ​យេហូវ៉ា​ពី​ការ​សម្រេច​គោល​បំណង​របស់​លោក​ឡើយ។ លោក​បាន​ផ្លាស់​ប្ដូរ​របៀប​ដែល​លោក​នឹង​សម្រេច​គោល​បំណង​នោះ។ ភ្លាម​ៗ​នោះ លោក​បាន​សម្រេច​ចិត្ត​ថា​លោក​នឹង​តាំង​រាជាណាចក្រ​មួយ​ឡើង​នៅ​ស្ថាន​សួគ៌ ដែល​នឹង​សម្រេច​គោល​បំណង​ដើម​របស់​លោក​ចំពោះ​មនុស្សជាតិ​និង​ផែន​ដី។ (​សូម​អាន ម៉ាថាយ ២៥:៣៤) នៅ​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ចាត់​បុត្រ​ច្បង​របស់​លោក​ឲ្យ​មក​ផែន​ដី​ដើម្បី​បង្រៀន​មនុស្ស​អំពី​រាជាណាចក្រ​លោក និង​ដើម្បី​ផ្ដល់​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​ឲ្យ​យើង​រួច​ផុត​ពី​ការ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ក្រោយ​មក លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌​ដើម្បី​គ្រប់​គ្រង​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ។ ប៉ុន្តែ មាន​អ្វី​ថែម​ទៀត​ដើម្បី​រៀន​អំពី​គោល​បំណង​របស់​ព្រះ។

សូម​ស្រមៃ​គិត​អំពី​ពេល​ដែល​បុគ្គល​គ្រប់​រូប​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​នឹង​រួប​រួម​គ្នា​ក្នុង​ការ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា! (​សូម​មើល​វគ្គ​៨​)​

៨. (​ក​) តើ​អ្វី​ជា​គោល​រឿង​នៃ​គម្ពីរ? (​ខ​)​ ដូច​បាន​ពន្យល់​នៅ​អេភេសូរ ១:៨​-​១១ តើ​ព្រះ​យេហូវ៉ា​នឹង​សម្រេច​អ្វី​ទៀត? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

គោល​រឿង​ចម្បង​នៃ​គម្ពីរ​គឺ​ថា​នាម​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​ជម្រះ​ពី​ការ​តិះ​ដៀល កាល​ដែល​លោក​សម្រេច​គោល​បំណង​របស់​លោក​ចំពោះ​ផែន​ដី​តាម​រយៈ​រាជាណាចក្រ​លោក​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រិស្ត។ គោល​បំណង​របស់​ព្រះ​យេហូវ៉ា​មិន​អាច​ផ្លាស់​ប្ដូរ​បាន​ទេ។ លោក​បាន​ធានា​ថា​លោក​នឹង​សម្រេច​គោល​បំណង​នោះ​ជាក់​ជា​មិន​ខាន។ (​អេ. ៤៦:១០, ១១; ហេ. ៦:១៧, ១៨​) ផែន​ដី​នឹង​ប្រែ​ក្លាយ​ជា​សួន​ឧទ្យាន​ដែល​ជា​កន្លែង​មនុស្ស​សុចរិត​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​ជា​កូន​ចៅ​របស់​អាដាម​និង​អេវ៉ា​នឹង​«​រស់​ជា​រៀង​រហូត​»។ (​ចសព. ២២:២៦​) ប៉ុន្តែ​នេះ​មិន​មែន​ជា​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​នឹង​សម្រេច​ទេ។ លោក​ក៏​នឹង​បង្រួប​បង្រួម​អ្នក​បម្រើ​ទាំង​អស់​របស់​លោក​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​ផង​ដែរ។ យ៉ាង​នេះ គ្រប់​គ្នា​នឹង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ​ដោយ​ស្មោះ​ភក្ដី។ (​សូម​អាន អេភេសូរ ១:៨​-​១១) តើ​អ្នក​កោត​ស្ងើច​របៀប​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​សម្រេច​គោល​បំណង​របស់​លោក​ឬ​ទេ?

ចូរ​គិត​យ៉ាង​ជ្រៅ​ជ្រះ​អំពី​អនាគត​របស់​អ្នក

៩. ដោយ​អាន​គម្ពីរ តើ​យើង​អាច​ដឹង​អំពី​ថ្ងៃ​អនាគត​រហូត​ដល់​ណា?

សូម​គិត​អំពី​ទំនាយ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​នៅ​ក្នុង​សួន​អេដែន​ដូច​បាន​ត្រូវ​កត់​ទុក​នៅ​ដើម​កំណើត ៣:១៥ b ទំនាយ​នោះ​សំដៅ​ទៅ​លើ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​នឹង​សម្រេច​គោល​បំណង​របស់​លោក តែ​នោះ​នឹង​កើត​ឡើង​រាប់​ពាន់​ឆ្នាំ​ក្រោយ​មក។ ព្រឹត្តិការណ៍​ទាំង​នោះ​រួម​បញ្ចូល​កំណើត​នៃ​កូន​ចៅ​របស់​អាប្រាហាំ​ជា​សែស្រឡាយ​ដែល​នាំ​ទៅ​ដល់​កំណើត​របស់​គ្រិស្ត។ (​ដក. ២២:១៥​-​១៨​) ក្រោយ​មក នៅ​ឆ្នាំ​៣៣ គ.ស. លោក​យេស៊ូ​បាន​រង​របួស​កែង​ជើង​ដូច​ដែល​បាន​ត្រូវ​កត់​ទុក​ជា​មុន។ (​សកម្ម. ៣:១៣​-​១៥​) ការ​កិន​ក្បាល​របស់​សាថាន​ដែល​ជា​ព្រឹត្តិការណ៍​ចុង​ក្រោយ​នៃ​ទំនាយ​នោះ នឹង​កើត​ឡើង​ជាង​១.០០០​ឆ្នាំ​ទៅ​មុខ​ទៀត។ (​បប. ២០:៧​-​១០​) គម្ពីរ​បង្ហាញ​ព័ត៌មាន​ច្រើន​ថែម​ទៀត​អំពី​អ្វី​ដែល​នឹង​កើត​ឡើង កាល​ដែល​ការ​ស្អប់​គ្នា​រវាង​របៀប​របប​សាថាន​និង​អង្គការ​ព្រះ​យេហូវ៉ា​ឡើង​ទៅ​ដល់​កម្រិត​ខ្ពស់​បំផុត។

១០. (​ក​) តើ​មិន​យូរ​ទៀត​នឹង​មាន​ព្រឹត្តការណ៍​អ្វី​កើត​ឡើង? (​ខ​)​ តើ​យើង​អាច​ត្រៀម​ចិត្ត​និង​គំនិត​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​កំណត់​សម្គាល់​)

១០ សូម​គិត​អំពី​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​ទាំង​នេះ​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​ក្នុង​គម្ពីរ។ ដំបូង ប្រជា​ជាតិ​នានា​នឹង​ប្រកាស​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ!​»។ (​១ថែ. ៥:២, ៣​) ពេល​ប្រជា​ជាតិ​នានា​វាយ​ប្រហារ​សាសនា​មិន​ពិត​ទាំង​អស់ ​«​ភ្លាម​មួយ​រំពេច​»​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​ចាប់​ផ្ដើម។ (​បប. ១៧:១៦​) ក្រោយ​ពី​នោះ​ប្រហែល​ជា​មាន​ការ​បើក​សម្ដែង​តាម​របៀប​ដ៏​អស្ចារ្យ​ដែល​បញ្ជាក់​ថា ​«​កូន​មនុស្ស​មក​លើ​ពពក​នៅ​លើ​មេឃ ទាំង​មាន​ឫទ្ធានុភាព​និង​សិរី​រុង​រឿង​ដ៏​អស្ចារ្យ​»។ (​ម៉ាថ. ២៤:៣០​) លោក​យេស៊ូ​នឹង​ប្រកាស​ការ​វិនិច្ឆ័យ​លើ​មនុស្សជាតិ​ដោយ​ញែក​ចៀម​ចេញ​ពី​ពពែ។ (​ម៉ាថ. ២៥:៣១​-​៣៣, ៤៦​) ប៉ុន្តែ សាថាន​នឹង​មិន​នៅ​ស្ងៀម​ទេ។ ដោយ​សារ​វា​ស្អប់​រាស្ត្រ​របស់​ព្រះ​ជា​ខ្លាំង វា​នឹង​បណ្ដាល​ឲ្យ​ប្រជា​ជាតិ​នានា​ដែល​ចង​សម្ព័ន្ធភាព​គ្នា ដែល​គម្ពីរ​ហៅ​ថា​កូក​នៃ​ស្រុក​ម៉ាកូក វាយ​ប្រហារ​លើ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ពិត​របស់​ព្រះ​យេហូវ៉ា។ (​អេគ. ៣៨:២, ១០, ១១​) នៅ​ពេល​មួយ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​សល់​នៅ​ផែន​ដី​នឹង​ត្រូវ​ប្រមូល​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌ ដើម្បី​រួម​ដៃ​ជា​មួយ​គ្រិស្ត​និង​កង​ទ័ព​នៅ​ស្ថាន​សួគ៌​របស់​លោក​ក្នុង​ចម្បាំង​សម្រាប់​សង្គ្រាម​អាម៉ាគេដូន ដែល​ជា​ទី​បញ្ចប់​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ c (​ម៉ាថ. ២៤:៣១; បប. ១៦:១៤, ១៦​) បន្ទាប់​មក ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត​លើ​ផែន​ដី​នឹង​ចាប់​ផ្ដើម។—បប. ២០:៦

តើ​អ្នក​នឹង​មាន​អារម្មណ៍​ជិត​ស្និទ្ធ​យ៉ាង​ណា​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ក្រោយ​ពី​រៀន​អំពី​លោក​អស់​រាប់​ពាន់​លាន​ឆ្នាំ? ​(​សូម​មើល​វគ្គ​១១​)​

១១. តើ​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​អ្នក? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ ឥឡូវ សូម​គិត​វែង​ឆ្ងាយ​អំពី​អនាគត​របស់​យើង។ គម្ពីរ​ប្រាប់​ថា អ្នក​បង្កើត​របស់​យើង​«​បាន​ដាក់​គំនិត​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ក្នុង​ចិត្ត​[​យើង​]​»។ (​អទ. ៣:១១​) សូម​គិត​អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ​ចំពោះ​អ្នក​និង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា។ សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ទំព័រ​៣១៩​ចែង​អំពី​អ្វី​ដ៏​គួរ​ឲ្យ​រំភើប​នេះ​ថា​៖ ​«​ក្រោយ​យើង​បាន​រស់​រាប់​រយ រាប់​ពាន់ រាប់​លាន រហូត​ដល់​រាប់​ពាន់​កោដិ​ឆ្នាំ យើង​នឹង​ស្គាល់​ព្រះ​យេហូវ៉ា​ច្រើន​ជាង​ឥឡូវ​នេះ​ឆ្ងាយ​ណាស់។ ប៉ុន្តែ យើង​នឹង​មាន​អ្វី​ៗ​ដ៏​អស្ចារ្យ​ច្រើន​ឥត​គណនា​ដែល​ត្រូវ​រៀន​អំពី​ទ្រង់។ . . . ដោយ​នឹក​ស្មាន​មិន​ដល់​នោះ ជីវិត​ជា​រៀង​រហូត​នឹង​ពោរ​ពេញ​ទៅ​ដោយ​អត្ថន័យ ថែម​ទាំង​មិន​ច្រំ​ដែល​សោះ​ឡើយ ហើយ​ការ​ចូល​ទៅ​កាន់​តែ​ជិត​ឡើង​ៗ​នឹង​ព្រះ​យេហូវ៉ា​នឹង​ជា​អ្វី​ដ៏​គួរ​ឲ្យ​សប្បាយ​បំផុត​ចំពោះ​ជីវិត​នោះ​»។ រហូត​ដល់​ពេល​នោះ តើ​មាន​អ្វី​ទៀត​ដែល​យើង​អាច​រុក​រក​ឃើញ​កាល​ដែល​យើង​បន្ត​សិក្សា​បណ្ដាំ​របស់​ព្រះ?

ចូរ​ងើយ​ទៅ​មើល​ស្ថាន​ដ៏​ខ្ពស់

១២. តើ​យើង​អាច​ងើយ​ទៅ​មើល​ស្ថាន​ដ៏​ខ្ពស់​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍​មួយ។

១២ បណ្ដាំ​ព្រះ​បើក​បង្ហាញ​ឲ្យ​យើង​ដឹង​ព័ត៌មាន​ខ្លះ​ៗ​អំពី​វត្តមាន​របស់​ព្រះ​យេហូវ៉ា​«​នៅ​ស្ថាន​ដ៏​ខ្ពស់​»។ (​អេ. ៣៣:៥​) គម្ពីរ​បង្ហាញ​អ្វី​ដ៏​អស្ចារ្យ​អំពី​ព្រះ​យេហូវ៉ា​និង​អង្គការ​លោក​ផ្នែក​នៅ​ស្ថាន​សួគ៌។ (​អេ. ៦:១​-​៤; ដាន. ៧:៩, ១០; បប. ៤:១​-​៦​) ជា​ឧទាហរណ៍ យើង​អាច​អាន​អំពី​ការ​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​ដែល​អេសេគាល​បាន​ឃើញ ពេល​«​មេឃ​បាន​បើក​ចំហ​ឡើង ហើយ​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​[​គាត់​]​ឃើញ​ក្នុង​គំនិត​អំពី​លោក​»។—អេគ. ១:១

១៣. ស្ដី​អំពី​តួ​នាទី​របស់​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌​ដូច​ដែល​បាន​ពន្យល់​នៅ​ហេប្រឺ ៤:១៤​-​១៦ តើ​អ្នក​ឲ្យ​តម្លៃ​ចំពោះ​អ្វី?

១៣ សូម​គិត​ផង​ដែរ​អំពី​តួ​នាទី​របស់​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌​ជា​ស្ដេច​និង​ជា​សម្ដេច​សង្ឃ​ដែល​មាន​សេចក្ដី​មេត្តា​ករុណា។ តាម​រយៈ​លោក យើង​អាច​ចូល​ទៅ​«​មុខ​បល្ល័ង្ក​នៃ​គុណ​ដ៏​វិសេស​លើស​លប់​[​របស់​ព្រះ​]​»​ក្នុង​សេចក្ដី​អធិដ្ឋាន ហើយ​សុំ​សេចក្ដី​អាណិត​មេត្តា ព្រម​ទាំង​សុំ​ជំនួយ​«​នៅ​ពេល​ដែល​យើង​ត្រូវ​ការ​»។ (​សូម​អាន ហេប្រឺ ៤:១៤​-​១៦) ជា​រៀង​រាល់​ថ្ងៃ សូម​យើង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ធ្វើ​និង​កំពុង​ធ្វើ​ពី​ស្ថាន​សួគ៌​ដើម្បី​យើង។ សេចក្ដី​ស្រឡាញ់​របស់​លោក​ទាំង​ពីរ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ចិត្ត​របស់​យើង ហើយ​ជំរុញ​ចិត្ត​យើង​ឲ្យ​ខ្នះខ្នែង​បម្រើ​ព្រះ​យេហូវ៉ា។—២កូ. ៥:១៤, ១៥

សូម​ស្រមៃ​គិត​អំពី​អំណរ​របស់​អ្នក​ក្នុង​ពិភព​លោក​ថ្មី​ដោយ​ដឹង​ថា​អ្នក​បាន​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា និង​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ! ​(​សូម​មើល​វគ្គ​១៤​)​

១៤. តើ​អ្វី​ដ៏​ល្អ​បំផុត​មួយ​ដែល​យើង​អាច​ធ្វើ​ដើម្បី​បង្ហាញ​ថា​យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គឺ​ជា​អ្វី? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៤ របៀប​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​បង្ហាញ​ថា​យើង​ដឹង​គុណ​ព្រះ​របស់​យើង​និង​បុត្រ​របស់​លោក គឺ​ដោយ​ព្យាយាម​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​និង​អ្នក​កាន់​តាម​លោក​យេស៊ូ។ (​ម៉ាថ. ២៨:១៩, ២០​) នេះ​ជា​អ្វី​ដែល​សាវ័ក​ប៉ូល​បាន​ធ្វើ​ដើម្បី​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​និង​គ្រិស្ត។ គាត់​ដឹង​ថា​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា គឺ​ថា​«​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ទទួល​សេចក្ដី​សង្គ្រោះ និង​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​»។ (​១ធី. ២:៣, ៤​) គាត់​បាន​ខំ​ប្រឹង​ជួយ​មនុស្ស​ច្រើន​បំផុត​ក្នុង​កិច្ច​បម្រើ​របស់​គាត់​តាម​ដែល​គាត់​អាច​ធ្វើ​បាន ដើម្បី​គាត់​អាច​«​សង្គ្រោះ​ពួក​គេ​ខ្លះ​តាម​គ្រប់​មធ្យោបាយ​ទាំង​អស់​»។—១កូ. ៩:២២, ២៣

ចូរ​រុក​រក​ក្នុង​បណ្ដាំ​ព្រះ​យ៉ាង​អរ​សប្បាយ

១៥. យោង​ទៅ​តាម​ចម្រៀង​សរសើរ​ព្រះ ១:២ តើ​អ្វី​នឹង​នាំ​ឲ្យ​យើង​សប្បាយ?

១៥ អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បទ​ទី​១ បាន​រៀប​រាប់​អំពី​បុគ្គល​សប្បាយ​រីករាយ​ដែល​ទទួល​ជោគ​ជ័យ​ថា គាត់​ជា​អ្នក​ដែល​«​ស្រឡាញ់​ច្បាប់​របស់​ព្រះ​យេហូវ៉ា​»​ និង​ដែល​«​រំពឹង​គិត​អំពី​ច្បាប់​របស់​លោក​ទាំង​ថ្ងៃ​ទាំង​យប់​»។ (​ចសព. ១:១​-​៣​) អ្នក​បក​ប្រែ​គម្ពីរ​ម្នាក់​ឈ្មោះ​ចូសេហ្វ រ៉ូថឺរ៉ាម​បាន​និយាយ​អំពី​បទ​គម្ពីរ​នេះ​ក្នុង​សៀវភៅ​របស់​គាត់​ថា​៖ ​«​បុគ្គល​ម្នាក់​គួរ​ចង់​បាន​ការ​ណែនាំ​ពី​ព្រះ​ជា​ខ្លាំង​រហូត​ដល់​គាត់​ស្វះ​ស្វែង​រក សិក្សា និង​រំពឹង​គិត​យ៉ាង​យូរ​អំពី​ការ​ណែនាំ​នោះ​»។ គាត់​ក៏​បន្ថែម​ថា​៖ ​«​បើ​បុគ្គល​ណា​ម្នាក់​ខាន​អាន​គម្ពីរ​មួយ​ថ្ងៃ ថ្ងៃ​នោះ​គឺ​ខាត​ទទេ​»។ (​Studies in the Psalms​) អ្នក​អាច​សប្បាយ​ក្នុង​ការ​សិក្សា​គម្ពីរ​ដោយ​ក្រេប​ជញ្ជក់​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ក្នុង​សៀវភៅ​នោះ ហើយ​ពិនិត្យ​មើល​របៀប​ដែល​ព័ត៌មាន​ទាំង​អស់​នោះ​ជាប់​ទាក់​ទង​គ្នា។ ការ​រុក​រក​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​បណ្ដាំ​ព្រះ​នាំ​ឲ្យ​មាន​អំណរ​មែន!

១៦. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៦ សេចក្ដី​បង្រៀន​ដ៏​វិសេស​ថ្លៃ​ថ្លា​ដែល​ព្រះ​យេហូវ៉ា​បង្រៀន​យើង​ក្នុង​បណ្ដាំ​លោក មិន​ពិបាក​ពេក​ឲ្យ​យើង​យល់​ទេ។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​មួយ គឺ​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ដែល​ប៉ូល​បាន​រៀប​រាប់​ក្នុង​សំបុត្រ​របស់​គាត់​ទៅ​កាន់​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ។ សូម​ឲ្យ​ការ​រុក​រក​ប្រធានបទ​នោះ​ធ្វើ​ឲ្យ​អ្នក​មាន​អំណរ​ជា​ខ្លាំង។

ចម្រៀង​លេខ​៩៤ ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​ដែល​បាន​ឲ្យ​បណ្ដាំ​លោក

a ការ​សិក្សា​គម្ពីរ​អាច​នាំ​ឲ្យ​យើង​សប្បាយ​ពេញ​មួយ​ជីវិត ទទួល​ប្រយោជន៍ ហើយ​ចូល​កាន់​តែ​ជិត​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ឃើញ​របៀប​ដែល​យើង​អាច​រុក​រក​«​ទទឹង បណ្ដោយ កម្ពស់ និង​ជម្រៅ​»​នៃ​បណ្ដាំ​ព្រះ។

b សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ទំនាយ​ចាស់​បុរាណ​ដែល​សំខាន់​ចំពោះ​អ្នក​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​កក្កដា ឆ្នាំ​២០២២។

c ដើម្បី​រៀន​អំពី​របៀប​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ដែល​នឹង​កើត​ឡើង​ឆាប់​ៗ​ខាង​មុខ សូម​មើល​សៀវភៅ​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​ហើយ! ទំ.២៥៩