លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​៖ អ្នក​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត

អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​៖ អ្នក​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត

ការ​ណែនាំ​ដែល​យើង​ធ្វើ​តាម​ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ជីវិត​របស់​យើង។ ព្រះ​យេហូវ៉ា​ដឹង​អំពី​រឿង​នេះ។ នេះ​ជា​មូលហេតុ​ដែល​លោក​ចង់​ឲ្យ​យើង​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក។

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​មាន​ជីវិត​សប្បាយ​និង​មាន​សេចក្ដី​សុខ​សាន្ត។

​«​ខ្ញុំ​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ជា​អ្នក​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ទទួល​ប្រយោជន៍ និង​ជា​អ្នក​ណែនាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​ផ្លូវ​ដែល​គួរ​ដើរ។ បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​បញ្ញត្តិ​ខ្ញុំ នោះ​សេចក្ដី​សុខ​សាន្ត​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ជា​ទន្លេ ហើយ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា​នឹង​ដូច​ជា​រលក​សមុទ្រ​ដែរ​»។—អេសាយ ៤៨:១៧, ១៨

ក្នុង​នាម​ជា​អ្នក​បង្កើត​របស់​យើង ព្រះ​ដឹង​អំពី​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត។ លោក​អញ្ជើញ​យើង​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក ដើម្បី​ឲ្យ​យើង​ទទួល​ប្រយោជន៍។ ពេល​យើង​ធ្វើ​តាម​ការ​បង្គាប់​របស់​ព្រះ នោះ​យើង​មិន​ចាំ​បាច់​បារម្ភ​ថា​ការ​សម្រេច​ចិត្ត​របស់​យើង​គឺ​ល្អ​ឬ​យ៉ាង​ណា​ទេ។ យើង​នឹង​តែង​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​បំផុត​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​និង​សុភមង្គល។

ព្រះ​យេហូវ៉ា​មិន​សុំ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​នោះ​ទេ។

​«​បញ្ញត្តិ​ទាំង​នេះ​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ មិន​មែន​ពិបាក​ពេក ហើយ​ក៏​មិន​នៅ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ដែរ​»។—ការ​បំភ្លឺ​ច្បាប់ ៣០:១១

ការ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​ប្រហែល​ជា​តម្រូវ​ឲ្យ​យើង​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​របស់​យើង។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​មិន​តម្រូវ​ច្រើន​ពេក​ពី​យើង​ទេ។ ដោយ​សារ​លោក​ជា​អ្នក​បង្កើត​យើង លោក​ដឹង​អំពី​សមត្ថភាព​របស់​យើង។ កាល​ដែល​យើង​ស្គាល់​ព្រះ​យេហូវ៉ា​កាន់​តែ​ច្បាស់ នោះ​យើង​នឹង​ឃើញ​ថា​«​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ​»។—យ៉ូហាន​ទី​១ ៥:៣

ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ជួយ​អស់​អ្នក​ដែល​សម្រេច​ចិត្ត​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក។

​«​ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ខ្ញុំ​នឹង​ស្រវា​ចាប់​ដៃ​ស្ដាំ​របស់​អ្នក ខ្ញុំ​នឹង​និយាយ​មក​អ្នក​ថា​៖ ‹កុំ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ជួយ​អ្នក›​»។—អេសាយ ៤១:១៣

យើង​អាច​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​សារ​លោក​នឹង​ជួយ​យើង។ លោក​អាច​ជួយ​យើង​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក ដែល​ផ្ដល់​ឲ្យ​យើង​នូវ​ការ​លើក​ទឹក​ចិត្ត​និង​សេចក្ដី​សង្ឃឹម។

មនុស្ស​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​ឃើញ​ថា ការ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដែល​មាន​នៅ​ក្នុង​គម្ពីរ បាន​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​កាន់​តែ​ប្រសើរ​ឡើង។ សូម​អញ្ជើញ​រៀន​ថែម​ទៀត​អំពី​ឱវាទ​ល្អ​ៗ​ដែល​មាន​នៅ​ក្នុង​គម្ពីរ។ អ្នក​អាច​ចាប់​ផ្ដើម​ដោយ​ពិចារណា​សៀវភៅ​ស្ដើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! ដោយ​ឥត​គិត​ថ្លៃ​នៅ​គេហទំព័រ​jw.org។ សៀវភៅ​ស្ដើង​នោះ​មាន​មេ​រៀន​ដូច​ត​ទៅ​៖

  • មាន​សៀវភៅ​ពិសេស​មួយ​ដែល​អាច​ជួយ​អ្នក​បាន!

  • គម្ពីរ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ

  • តើ​អ្នក​អាច​ទុក​ចិត្ត​គម្ពីរ​ឬ​ទេ?

ពេល​អ្នក​ពិនិត្យ​មើល​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ អ្នក​នឹង​ឃើញ​ថា​គម្ពីរ​មិន​ចេះ​ហួស​សម័យ​ទេ ហើយ​គម្ពីរ​«​រមែង​ទុក​ចិត្ត​បាន​នៅ​ពេល​ឥឡូវ​និង​ជា​រៀង​រហូត​»។ (​ចម្រៀង​សរសើរ​ព្រះ ១១១:៨​) ការ​ធ្វើ​តាម​ការ​ណែនាំ​នៅ​ក្នុង​គម្ពីរ​ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​គឺ​ជា​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត។ ប៉ុន្តែ​ព្រះ​មិន​បង្ខំ​យើង​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​ទាំង​នោះ​ទេ។ (​ការ​បំភ្លឺ​ច្បាប់ ៣០:១៩, ២០; យ៉ូស្វេ ២៤:១៥​) នេះ​ជា​ការ​សម្រេច​ចិត្ត​ដែល​យើង​ម្នាក់​ៗ​ត្រូវ​ធ្វើ។