លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១

ចម្រៀង​លេខ​៣៨ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

ចូរយកឈ្នះការភ័យខ្លាចដោយទុកចិត្តព្រះយេហូវ៉ា

ចូរយកឈ្នះការភ័យខ្លាចដោយទុកចិត្តព្រះយេហូវ៉ា

បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០២៤:«​ពេល​ដែល​ខ្ញុំ​ភ័យ​ខ្លាច ខ្ញុំ​ទុក​ចិត្ត​លោក​»។ចសព. ៥៦:៣

ចំណុច​ផ្ដោត

ចូរ​រៀន​អំពី​របៀប​ដែល​យើង​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​លើ​ព្រះ​យេហូវ៉ា ហើយ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​របស់​យើង។

១. ហេតុ​អ្វី​ជួន​កាល​យើង​ប្រហែល​ជា​ភ័យ​ខ្លាច?

 ជួន​កាល យើង​គ្រប់​គ្នា​ភ័យ​ខ្លាច។ ពិត​មែន​ថា​ការ​សិក្សា​គម្ពីរ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​ការ​ខ្លាច​ស្លាប់ ការ​ខ្លាច​ពួក​វិញ្ញាណ​កំណាច និង​ការ​ខ្លាច​ចំពោះ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត។ ក៏​ប៉ុន្តែ​យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​ដែល​មាន​«​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​»​ដូច​ជា​សង្គ្រាម ឧក្រិដ្ឋកម្ម និង​រោគ​រាត​ត្បាត។ (​លូក. ២១:១១​) យើង​ក៏​ប្រហែល​ជា​ខ្លាច​មនុស្ស​ដែរ រួម​មាន​រដ្ឋាភិបាល​ដែល​សង្កត់​សង្កិន​យើង ឬ​ថែម​ទាំង​សមាជិក​ក្រុម​គ្រួសារ​របស់​យើង​ដែល​ប្រឆាំង​ការ​គោរព​ប្រណិប័តន៍​ពិត។ អ្នក​ខ្លះ​ប្រហែល​ជា​ព្រួយ​បារម្ភ​ថា ពួក​គេ​នឹង​មិន​អាច​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​ដែល​ពួក​គេ​មាន​នៅ​ឥឡូវ​នេះ ឬ​ទុក្ខ​លំបាក​ដែល​ពួក​គេ​ប្រហែល​ជា​មាន​នៅ​ថ្ងៃ​អនាគត។

២. សូម​រៀប​រាប់​ស្ថានភាព​របស់​ដាវីឌ​ពេល​គាត់​នៅ​ក្រុង​កាថ។

ជួន​កាល​ដាវីឌ​ភ័យ​ខ្លាច។ ជា​ឧទាហរណ៍ ពេល​ស្ដេច​សុល​ដេញ​តាម​ចង់​សម្លាប់​គាត់ ដាវីឌ​បាន​សម្រេច​ចិត្ត​រត់​ទៅ​ក្រុង​កាថ​នៅ​ស្រុក​ភីលីស្ទីន។ ក្រោយ​មក អាគីស​ដែល​ជា​ស្ដេច​ក្រុង​កាថ​បាន​ដឹង​ថា​ដាវីឌ​គឺ​ជា​អ្នក​ចម្បាំង​ដ៏​អង់អាច​ដែល​បាន​សម្លាប់​ពួក​ភីលីស្ទីន​អស់​«​រាប់​ម៉ឺន​»​នាក់។ ដាវីឌ​‹តាំង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង›។ (​១សាំ. ២១:១០​-​១២​) ដាវីឌ​ព្រួយ​បារម្ភ​ថា​តើ​ស្ដេច​អាគីស​នឹង​ធ្វើ​យ៉ាង​ណា​មក​លើ​គាត់។ ប៉ុន្តែ តើ​គាត់​បាន​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​នោះ​យ៉ាង​ដូច​ម្ដេច?

៣. យោង​ទៅ​តាម​ចម្រៀង​សរសើរ​ព្រះ ៥៦:១​-​៣, ១១ តើ​ដាវីឌ​បាន​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

នៅ​ចម្រៀង​សរសើរ​ព្រះ ៥៦ ដាវីឌ​បាន​រៀប​រាប់​អំពី​អារម្មណ៍​របស់​គាត់​ពេល​ដែល​គាត់​នៅ​ក្រុង​កាថ។ ក្នុង​បទ​ចម្រៀង​នោះ គាត់​បាន​រៀប​រាប់​យ៉ាង​ច្បាស់​អំពី​មូលហេតុ​ដែល​គាត់​ភ័យ​ខ្លាច ហើយ​ក៏​ពន្យល់​អំពី​អ្វី​ដែល​បាន​ជួយ​គាត់​ឲ្យ​ឈប់​ភ័យ​ខ្លាច។ ពេល​ដាវីឌ​មាន​អារម្មណ៍​ភ័យ​ខ្លាច គាត់​បាន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៥៦:១​-​៣, ១១) ការ​ទុក​ចិត្ត​របស់​គាត់​គឺ​មិន​មែន​ឥត​ប្រយោជន៍​ទេ។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ដាវីឌ​បាន​រៀប​គម្រោង​ការ​ដែល​មិន​ធម្មតា តែ​ទទួល​ជោគ​ជ័យ គឺ​ថា​គាត់​បាន​ធ្វើ​ពុត​ជា​ឆ្កួត! ជា​ជាង​ចង់​សម្លាប់​ដាវីឌ ស្ដេច​អាគីស​ចង់​ឲ្យ​ដាវីឌ​ទៅ​ឲ្យ​ឆ្ងាយ ដូច្នេះ​នោះ​ជា​ឱកាស​ឲ្យ​ដាវីឌ​អាច​រត់​គេច​ខ្លួន​បាន។—១សាំ. ២១:១៣–២២:១

៤. តើ​យើង​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍។

យើង​ក៏​អាច​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​របស់​យើង​ដោយ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ ប៉ុន្តែ តើ​យើង​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​លោក​យ៉ាង​ដូច​ម្ដេច ជា​ពិសេស​ពេល​យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច? សូម​គិត​អំពី​ឧទាហរណ៍​មួយ។ បើ​អ្នក​ដឹង​ថា​អ្នក​មាន​ជំងឺ ដំបូង​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ភ័យ​ខ្លាច។ ប៉ុន្តែ អ្នក​នឹង​មាន​អារម្មណ៍​ស្ងប់​ជាង បើ​អ្នក​ទុក​ចិត្ត​គ្រូ​ពេទ្យ។ គ្រូ​ពេទ្យ​នោះ​ប្រហែល​ជា​បាន​ព្យាបាល​បុគ្គល​ជា​ច្រើន​ដែល​មាន​ជំងឺ​ស្រដៀង​នឹង​នោះ។ គាត់​ប្រហែល​ជា​ស្ដាប់​អ្នក​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​គាត់​យល់​អារម្មណ៍​របស់​អ្នក។ គាត់​ប្រហែល​ជា​ប្រាប់​អំពី​វិធី​ព្យាបាល​មួយ​ដែល​បាន​ជួយ​អ្នក​ឯ​ទៀត។ ស្រដៀង​គ្នា​ដែរ យើង​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​ដោយ​ពិចារណា​អ្វី​ដែល​លោក​បាន​ធ្វើ​រួច​ទៅ​ហើយ អ្វី​ដែល​លោក​កំពុង​ធ្វើ និង​អ្វី​ដែល​លោក​នឹង​ធ្វើ​សម្រាប់​យើង។ នេះ​ជា​អ្វី​ដែល​ដាវីឌ​បាន​ធ្វើ។ កាល​ដែល​យើង​ពិចារណា​ពាក្យ​ខ្លះ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​នៅ​ចម្រៀង​សរសើរ​ព្រះ ៥៦ សូម​គិត​អំពី​របៀប​ដែល​អ្នក​ក៏​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា និង​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​របស់​អ្នក។

តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ខ្លះ​រួច​ហើយ?

៥. ដើម្បី​យក​ឈ្នះ​ការ​ភ័យ​ខ្លាច តើ​ដាវីឌ​បាន​រំពឹង​គិត​អំពី​អ្វី? (​ចម្រៀង​សរសើរ​ព្រះ ៥៦:១២, ១៣​)

ទោះ​ជា​ដាវីឌ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​ក្ដី គាត់​បន្ដ​គិត​អំពី​អ្វី​ល្អ​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​នៅ​អតីតកាល។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៥៦:១២, ១៣) ដាវីឌ​តែង​តែ​គិត​បែប​នោះ​ពេញ​មួយ​ជីវិត​របស់​គាត់។ ជា​ឧទាហរណ៍ ពេល​ខ្លះ​គាត់​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត។ នេះ​រំលឹក​គាត់​ថា​ព្រះ​យេហូវ៉ា​គឺ​ខ្លាំង​ក្លា​ប៉ុណ្ណា ហើយ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​យ៉ាង​ណា​ចំពោះ​មនុស្សជាតិ។ (​ចសព. ៦៥:៦​-​៩​) ដា​វី​ឌ​ក៏​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​អ្នក​ឯ​ទៀត។ (​ចសព. ៣១:១៩; ៣៧:២៥, ២៦​) ជា​ពិសេស គាត់​បាន​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​រួច​ហើយ​សម្រាប់​គាត់​ផ្ទាល់។ ព្រះ​យេហូវ៉ា​បាន​គាំទ្រ​និង​ការ​ពារ​ដាវីឌ​តាំង​ពី​គាត់​នៅ​ជា​ទារក។ (​ចសព. ២២:៩, ១០​) ការ​រំពឹង​គិត​អំពី​អ្វី​ទាំង​នោះ​ច្បាស់​ជា​បាន​ជួយ​ពង្រឹង​ទំនុក​ចិត្ត​របស់​ដាវីឌ​លើ​ព្រះ​យេហូវ៉ា!

ដាវីឌ​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​គាត់​ទៅ​លើ​ព្រះ​យេហូវ៉ា​ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​លោក​បាន​ធ្វើ អ្វី​ដែល​លោក​កំពុង​ធ្វើ និង​អ្វី​ដែល​លោក​នឹង​ធ្វើ ​(​សូម​មើល​វគ្គ​៥, ៨, ១២​)​ d


៦. ពេល​យើង​ភ័យ​ខ្លាច តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា?

ពេល​អ្នក​ភ័យ​ខ្លាច សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ខ្លះ​រួច​ហើយ?›។ សូម​គិត​អំពី​អ្វី​ដែល​លោក​បាន​បង្កើត។ ជា​ឧទាហរណ៍ សូម​«​សង្កេត​មើល​»​របៀប​ដែល​ព្រះ​យេហូវ៉ា​ថែ​រក្សា​សត្វ​ស្លាប​និង​ផ្កា ទោះ​ជា​អ្វី​ទាំង​នេះ​មិន​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​ភាព​ដូច​លោក និង​មិន​មាន​សមត្ថភាព​គោរព​ប្រណិប័តន៍​លោក​ក្ដី។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​នឹង​ថែ​រក្សា​យើង​ខ្លាំង​ជាង​នេះ​ទៅ​ទៀត! ការ​រំពឹង​គិត​អំពី​ចំណុច​នេះ​អាច​ជួយ​យើង​ឲ្យ​ទុក​ចិត្ត​លោក​កាន់​តែ​ខ្លាំង​ឡើង។ (​ម៉ាថ. ៦:២៥​-​៣២​) សូម​គិត​ផង​ដែរ​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក។ អ្នក​អាច​សិក្សា​អំពី​បុគ្គល​ក្នុង​គម្ពីរ​ដែល​បាន​បង្ហាញ​ជំនឿ​យ៉ាង​មុត​មាំ ឬ​អាច​អានបទ​ពិសោធន៍​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ណា​ម្នាក់​នៅ​សម័យ​យើង។ a បន្ថែម​ទៅ​ទៀត សូម​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ធ្លាប់​មើល​ថែ​អ្នក។ ជា​ឧទាហរណ៍ តើ​លោក​បាន​ទាញ​នាំ​អ្នក​ឲ្យ​ចូល​មក​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច? (​យ៉ូន. ៦:​៤៤​) តើ​លោក​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​តាម​របៀប​ណា? (​១យ៉ូន. ៥:១៤​) តើ​អ្នក​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​រាល់​ថ្ងៃ​ពី​គ្រឿង​បូជា​របស់​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក?—អេភ. ១:៧; ហេ. ៤:១៤​-​១៦

យើង​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​លោក​បាន​ធ្វើ អ្វី​ដែល​លោក​កំពុង​ធ្វើ និង​អ្វី​ដែល​លោក​នឹង​ធ្វើ ​(​សូម​មើល​វគ្គ​៦, ៩​-​១០, ១៣​-​១៤​)​ e


៧. តើ​បទ​ពិសោធន៍​របស់​អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល​បាន​ជួយ​បង​វ៉ាន់នេសា​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​តាម​របៀប​ណា?

បង​ស្រី​វ៉ាន់នេសា​ b​នៅ​ប្រទេស​ហៃទី​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច។ បុរស​ម្នាក់​នៅ​សហគមន៍​របស់​គាត់​បាន​ទូរស័ព្ទ​មក​គាត់ ហើយ​ផ្ញើ​សារ​មក​គាត់​រាល់​ថ្ងៃ​ដោយ​ព្យាយាម​បង្ខំ​គាត់​ឲ្យ​ធ្វើ​ជា​ដៃ​គូ​រួម​ភេទ។ បង​វ៉ាន់នេសា​បាន​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់។ ប៉ុន្តែ បុរស​នោះ​កាន់​តែ​ព្យាយាម​បង្ខំ​គាត់ ហើយ​ថែម​ទាំង​គំរាម​ធ្វើ​បាប​គាត់​ទៀត​ផង។ បង​វ៉ាន់នេសា​និយាយ​ថា​៖ ​«​ខ្ញុំ​ភ័យ​ខ្លាច​»។ តើ​គាត់​បាន​យក​ឈ្នះ​អារម្មណ៍​ភ័យ​ខ្លាច​យ៉ាង​ដូច​ម្ដេច? គាត់​បាន​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​ដើម្បី​ការ​ពារ​ខ្លួន។ អ្នក​ចាស់​ទុំ​ម្នាក់​បាន​ជួយ​គាត់​ឲ្យ​ទាក់​ទង​ទៅ​ពួក​អាជ្ញាធរ។ ប៉ុន្តែ គាត់​ក៏​ផ្ដោត​អារម្មណ៍​ទៅ​លើ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ការ​ពារ​អ្នក​បម្រើ​លោក​នៅ​អតីតកាល​ដែរ។ បង​វ៉ាន់នេសា​រៀប​រាប់​ថា​៖ ​«​បុគ្គល​ដំបូង​ដែល​ខ្ញុំ​បាន​នឹក​ឃើញ​គឺ​អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល។ ទោះ​ជា​គាត់​គ្មាន​កំហុស​ក្ដី គាត់​បាន​ត្រូវ​បោះ​ចូល​ក្នុង​រូង​មួយ​ដែល​មាន​តោ​ស្រេក​ឃ្លាន តែ​ព្រះ​យេហូវ៉ា​បាន​រក្សា​ការ​ពារ​គាត់។ ដូច្នេះ ខ្ញុំ​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​រ៉ាប់​រង​បញ្ហា​នោះ​ឲ្យ​ខ្ញុំ។ ក្រោយ​ពី​នោះ ខ្ញុំ​លែង​ភ័យ​ខ្លាច​ទៀត​»។—ដាន. ៦:១២​-​២២

តើ​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ?

៨. តើ​ដាវីឌ​បាន​ជឿ​ជាក់​អំពី​អ្វី? (​ចម្រៀង​សរសើរ​ព្រះ ៥៦:៨​)

ទោះ​ជា​ដាវីឌ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​គ្រោះ​ថ្នាក់​ពេល​គាត់​នៅ​ក្រុង​កាថ​ក្ដី គាត់​មិន​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ភ័យ​ខ្លាច​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​សម្រេច​ចិត្ត​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​សម្រាប់​គាត់​នៅ​ពេល​នោះ។ ដាវីឌ​អាច​យល់​ថា​ព្រះ​យេហូវ៉ា​កំពុង​ណែនាំ​និង​ការ​ពារ​គាត់ ហើយ​ថា​លោក​យល់​អារម្មណ៍​របស់​គាត់។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៥៦:៨) ដាវីឌ​ក៏​មាន​មិត្ត​ភក្ដិ​ដូច​ជា យ៉ូណាថាន​និង​សម្ដេច​សង្ឃ​អាហ៊ីម៉ាឡិច​ដែល​ជួយ​គាត់ ហើយ​គាំទ្រ​គាត់​យ៉ាង​ស្មោះ​ភក្ដី។ (​១សាំ. ២០:៤១, ៤២; ២១:៦, ៨, ៩​) ម្យ៉ាង​ទៀត ទោះ​ជា​ស្ដេច​សុល​ចង់​សម្លាប់​គាត់​ក្ដី ដាវីឌ​បាន​រួច​ជីវិត។ គាត់​បាន​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ដឹង​ច្បាស់​អំពី​ទុក្ខ​លំបាក​របស់​គាត់ ហើយ​ថា​ទុក្ខ​លំបាក​នោះ​ប៉ះ​ពាល់​យ៉ាង​ណា​ដល់​អារម្មណ៍​របស់​គាត់។

៩. តើ​ព្រះ​យេហូវ៉ា​សង្កេត​ឃើញ​អ្វី​អំពី​យើង​ម្នាក់​ៗ​?

ពេល​អ្នក​ជួប​ទុក្ខ​លំបាក​ដែល​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​កត់​សម្គាល់​ទុក្ខ​លំបាក​និង​អារម្មណ៍​ដែល​អ្នក​មាន​ដោយ​សារទុក្ខ​លំបាក​នោះ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បាន​កត់​សម្គាល់​ថា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​គេ​ធ្វើ​បាប​នៅ​ស្រុក​អេហ្ស៊ីប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​កត់​សម្គាល់​នូវ​«​ទុក្ខ​វេទនា​ទាំង​អស់​របស់​ពួក​គេ​»​ផង​ដែរ។ (​ដច. ៣:៧​) ដាវីឌ​បាន​ច្រៀង​ថា​ព្រះ​យេហូវ៉ា​ឃើញ​ទាំង​«​ទុក្ខ​វេទនា​»​ ទាំង​ការ​«​គ្រាំ​គ្រា​ចិត្ត​ខ្លាំង​ណាស់​»​របស់​គាត់។ (​ចសព. ៣១:៧​) ម្យ៉ាង​ទៀត ពេល​រាស្ត្រ​របស់​ព្រះ​រង​ទុក្ខ​លំបាក សូម្បី​តែ​នោះ​មក​ពី​ការ​សម្រេច​ចិត្ត​ដ៏​ឆោត​ល្ងង់​របស់​ពួក​គេ ​«​លោក​ក៏​រង​ទុក្ខ​ដែរ​»។ (​អេ. ៦៣:៩​) ពេល​អ្នក​ភ័យ​ខ្លាច ព្រះ​យេហូវ៉ា​យល់​អារម្មណ៍​របស់​អ្នក ហើយ​លោក​ចង់​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច។

១០. ហេតុ​អ្វី​អ្នក​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​កត់​សម្គាល់​អ្នក ហើយ​ថា​លោក​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ?

១០ ប៉ុន្តែ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​តើ​ព្រះ​យេហូវ៉ា​កំពុង​គាំទ្រ​អ្នក​យ៉ាង​ដូច​ម្ដេច​កាល​ដែល​អ្នក​ជួប​ទុក្ខ​លំបាក​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច? ដូច្នេះ សូម​សុំ​លោក​ជួយ​អ្នក​ឲ្យ​ឃើញ​ការ​គាំទ្រ​ពី​លោក។ (​២បស. ៦:១៥​-​១៧​) បន្ទាប់​មក សូម​ពិចារណា​ថា​៖ តើ​សុន្ទរកថា​ឬ​ចម្លើយ​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​បាន​ពង្រឹង​កម្លាំង​អ្នក​ឬ​ទេ? តើ​សៀវភៅ វីដេអូ ឬ​ចម្រៀង​វីដេអូ​បាន​លើក​ទឹក​ចិត្ត​អ្នក​ឬ? តើ​មាន​បុគ្គល​ណា​ម្នាក់​ប្រាប់​អ្នក​អំពី​ចំណុច​ឬ​បទ​គម្ពីរ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ឬ​ទេ? យើង​ប្រហែល​ជា​ងាយ​ភ្លេច​ថា​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​រួម​ជំនឿ​និង​ការ​លើក​ទឹក​ចិត្ត​ដែល​យើង​ទទួល​ពី​បណ្ដាំ​របស់​ព្រះ​បាន​ជួយ​យើង​ច្រើន​យ៉ាង​ណា។ ប៉ុន្តែ អ្វី​ទាំង​នោះ​ជា​អំណោយ​ដ៏​អស្ចារ្យ​ពី​ព្រះ​យេហូវ៉ា។ (​អេ. ៦៥:១៣; ម៉ាក. ១០:២៩, ៣០​) អ្វី​ទាំង​នោះ​បង្ហាញ​ថា​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក។ (​អេ. ៤៩:១៤​-​១៦​) ម្យ៉ាង​ទៀត អ្វី​ទាំង​នោះ​បង្ហាញ​ថា​លោក​ជា​បុគ្គល​ដែល​សម​ឲ្យ​អ្នក​ទុក​ចិត្ត។

១១. តើ​អ្វី​បាន​ជួយ​បង​អៃដា​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច?

១១ បង​ស្រី​អៃដា​ដែល​រស់​នៅ​ប្រទេស​សេណេហ្គាល់​បាន​កត់​សម្គាល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​គាំទ្រ​គាត់​ក្នុង​អំឡុង​គ្រា​លំបាក។ ដោយ​សារ​គាត់​ជា​កូន​ច្បង ឪពុក​ម្ដាយ​រំពឹង​ថា​គាត់​នឹង​រក​លុយ​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ចិញ្ចឹម​ខ្លួន​ឯង​និង​ពួក​គេ។ ក្រោយ​ពី​គាត់​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​គាត់​សាមញ្ញ​ជាង​ដើម្បី​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ គាត់​ជួប​បញ្ហា​លុយ​កាក់។ ក្រុម​គ្រួសារ​របស់​គាត់​ខឹង ហើយ​បាន​និយាយ​មាក់ងាយ​គាត់។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ខ្លាច​ថា​ខ្ញុំ​មិន​អាច​ជួយ​ឪពុក​ម្ដាយ​ខ្ញុំ ហើយ​គ្រប់​គ្នា​នឹង​ឈប់​រាប់​អាន​ខ្ញុំ។ ខ្ញុំ​ថែម​ទាំង​បន្ទោស​ព្រះ​យេហូវ៉ា​ដែល​អនុញ្ញាត​ឲ្យ​រឿង​ទាំង​នេះ​ទៅ​ជា​យ៉ាប់​អ៊ីចឹង​»។ បន្ទាប់​មក បង​អៃដា​បាន​ស្ដាប់​សុន្ទរកថា​មួយ​នៅ​កិច្ច​ប្រជុំ។ គាត់​និយាយ​ថា​៖ ​«​អ្នក​ថ្លែង​នោះ​បាន​រំលឹក​យើង​ថា​របួស​ណា​ក៏​ដោយ​ដែល​យើង​មាន​នៅ​ក្នុង​ចិត្ត ព្រះ​យេហូវ៉ា​ដឹងទាំង​អស់។ បន្តិច​ម្ដង​ៗ យោបល់​ពី​ពួក​អ្នក​ចាស់​ទុំ​និង​អ្នក​ឯ​ទៀត​បាន​ពង្រឹង​ទំនុក​ចិត្ត​ខ្ញុំ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ខ្ញុំ។ ខ្ញុំ​ចាប់​ផ្ដើម​អធិដ្ឋាន​ដោយ​មាន​ទំនុក​ចិត្ត​ឡើង​វិញ ហើយ​ខ្ញុំ​មាន​ចិត្ត​ស្ងប់​យ៉ាង​ខ្លាំង​ពេល​ខ្ញុំ​ឃើញ​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​»។ ក្រោយ​មក បង​អៃដា​បាន​រក​ឃើញ​ការ​ងារ​ដែល​អាច​ឲ្យ​គាត់​ផ្គត់​ផ្គង់​ខ្លួន​ឯង​ដើម្បី​បន្ត​ជា​អ្នក​ត្រួស​ត្រាយ ហើយ​ក៏​អាច​ឲ្យ​គាត់​ជួយ​ដល់​ឪពុក​ម្ដាយ​គាត់​ដែរ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​រៀន​ឲ្យ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ទាំង​ស្រុង។ ឥឡូវ​ក្រោយ​ពី​ខ្ញុំ​អធិដ្ឋាន ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ​ច្រើន​តែ​បាត់​ទៅ​»។

តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​នៅ​ថ្ងៃ​អនាគត?

១២. យោង​ទៅ​តាម​ចម្រៀង​សរសើរ​ព្រះ ៥៦:៩ តើ​ដាវីឌ​បាន​ជឿ​ជាក់​អំពី​អ្វី?

១២ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៥៦:៩ ខ​នេះ​បង្ហាញ​អំពី​របៀប​ផ្សេង​ទៀត​ដែល​ដាវីឌ​បាន​យក​ឈ្នះ​ការ​ភ័យ​ខ្លាច។ ទោះ​ជា​ជីវិត​របស់​គាត់​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ក្ដី គាត់​បាន​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​សម្រាប់​គាត់​នៅ​ថ្ងៃ​អនាគត។ ដាវីឌ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​គាត់​នៅ​ពេល​ត្រឹម​ត្រូវ ដោយ​ព្រោះ​ថា​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា​ដាវីឌ​នឹង​ទៅ​ជា​ស្ដេច​បន្ទាប់​នៃ​ស្រុក​អ៊ីស្រាអែល។ (​១សាំ. ១៦:១, ១៣​) ចំពោះ​ដាវីឌ អ្វី​ណា​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា នោះ​នឹង​កើត​ឡើង​ជាក់​ជា​មិន​ខាន។

១៣. តើ​យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី?

១៣ តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​ធ្វើ​អ្វី​ចំពោះ​អ្នក? យើង​មិន​រំពឹង​ឲ្យ​ព្រះ​យេហូវ៉ា​ការ​ពារ​យើង​ពី​បញ្ហា​ទាំង​អស់​ទេ។ c ប៉ុន្តែ មិន​ថា​អ្នក​ជួប​ទុក្ខ​លំបាក​ណា​ក៏​ដោយ​នៅ​ក្នុង​របៀប​របប​ពិភព​លោក​នេះ ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​ទុក្ខ​លំបាក​នោះ​ក្នុង​ពិភព​លោក​ថ្មី។ (​អេ. ២៥:៧​-​៩​) អ្នក​បង្កើត​របស់​យើង​ច្បាស់​ជា​មាន​ឫទ្ធានុភាព​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឲ្យ​យើង​ជា​សះ​ស្បើយ​ពី​ជំងឺ​និង​របួស​ផ្លូវ​ចិត្ត ហើយ​បំផ្លាញ​ចោល​អ្នក​ប្រឆាំង​ទាំង​អស់។—១យ៉ូន. ៤:៤

១៤. តើ​យើង​អាច​រំពឹង​គិត​អំពី​អ្វី​ខ្លះ?

១៤ ពេល​អ្នក​ភ័យ​ខ្លាច សូម​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​នៅ​ថ្ងៃ​អនាគត។ សូម​គិត​អំពី​អារម្មណ៍​ដែល​អ្នក​នឹង​មាន​ពេល​លែង​មាន​សាថាន ពេល​មនុស្ស​ទុច្ចរិត​បាន​ត្រូវ​ជំនួស​ដោយ​មនុស្ស​សុចរិត ហើយ​ពេល​ភាព​មិន​ល្អ​ឥត​ខ្ចោះ​បាត់​ទៅ​បន្តិច​ម្ដង​ៗ​រាល់​ថ្ងៃ។ ការ​សម្ដែង​មួយ​នៅ​កម្ម​វិធី​មហា​សន្និបាត​តាម​ភូមិ​ភាគ​ឆ្នាំ​២០១៤ បង្ហាញ​អំពី​របៀប​ដែល​យើង​អាច​រំពឹង​គិត​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង។ ឪពុក​ម្នាក់​បាន​និយាយ​ជា​មួយ​ក្រុម​គ្រួសារ​របស់​គាត់​អំពី​ពាក្យ​ដែល​ធីម៉ូថេ​ទី២ ៣:១​-​៥​អាច​ប្រើ បើ​ខ​ទាំង​នោះ​ប្រាប់​ទុក​ជា​មុន​អំពី​ស្ថានភាព​ដែល​មាន​នៅ​ក្នុង​សួន​ឧទ្យាន។ គាត់​និយាយ​ថា​៖ ​«​នៅ​ពិភព​លោក​ថ្មី​នឹង​សប្បាយ​រីករាយ​ខ្លាំង​ណាស់។ ព្រោះ​មនុស្ស​នឹង​ស្រឡាញ់​អ្នក​ឯ​ទៀត ស្រឡាញ់​សេចក្ដី​ពិត មាន​ចិត្ត​រាប​ទាប ជា​អ្នក​លើក​តម្កើង​ព្រះ ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ ចេះ​ដឹង​គុណ ស្មោះ​ត្រង់ មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​គ្រួសារ យល់​ព្រម​ស្រុះ​ស្រួល​គ្នា តែង​តែ​និយាយ​ល្អ​អំពី​អ្នក​ឯ​ទៀត ចេះ​ទប់​ចិត្ត ស្លូត​បូត ស្រឡាញ់​គុណធម៌ គួរ​ឲ្យ​ទុក​ចិត្ត សម្រប​ទៅ​តាម​ចិត្ត​អ្នក​ដទៃ មាន​ចិត្ត​សុភាព ស្រឡាញ់​ព្រះ​ជា​ជាង​ការ​សប្បាយ មាន​ភក្ដី​ភាព​ពិត​ចំពោះ​ព្រះ។ ចូរ​ចូល​ទៅ​ជិត​មនុស្ស​ទាំង​នោះ​យ៉ាង​ជិត​ស្និទ្ធ​»។ តើ​អ្នក​និយាយ​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក​ឬ​បង​ប្អូន​រួម​ជំនឿ​អំពី​ជីវិត​នៅ​ក្នុង​ពិភព​លោក​ថ្មី​នឹង​ទៅ​ជា​យ៉ាង​ណា​ឬ​ទេ?

១៥. ទោះ​ជា​បង​ថានយ៉ា​មាន​អារម្មណ៍​ភ័យ​ខ្លាច​ក្ដី តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​នោះ?

១៥ បង​ស្រី​ម្នាក់​ឈ្មោះ​ថានយ៉ា​នៅ​ប្រទេស​ម៉ាសេដ្វាន​ខាង​ជើង បាន​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​របស់​គាត់​ដោយ​រំពឹង​គិត​អំពី​ពរ​នៅ​ថ្ងៃ​អនាគត។ ឪពុក​ម្ដាយ​របស់​គាត់​បាន​ប្រឆាំង​គាត់​យ៉ាង​ខ្លាំង​ដោយ​សារ​គាត់​រៀន​គម្ពីរ។ គាត់​និយាយ​ថា​៖ ​«​អ្វី​ខ្លះ​ដែល​ខ្ញុំ​ខ្លាច​ថា​នឹង​កើត​ឡើង បាន​កើត​ឡើង​មែន។ ម្ដាយ​ខ្ញុំ​វ៉ៃ​ខ្ញុំ​ក្រោយ​ពី​កិច្ច​ប្រជុំ​រាល់​ដង។ ឪពុក​ម្ដាយ​ខ្ញុំ​បាន​គំរាម​សម្លាប់​ខ្ញុំ​បើ​ខ្ញុំ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​»។ នៅ​ទី​បំផុត បង​ថានយ៉ា​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ផ្ទះ។ តើ​គាត់​មាន​ប្រតិកម្ម​យ៉ាង​ណា? គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ភាព​សប្បាយ​រីករាយ​ដែល​ខ្ញុំ​នឹង​មាន​ជា​រៀង​រហូត ដោយ​សារ​ខ្ញុំ​សម្រេច​ចិត្ត​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​ព្រះ។ ខ្ញុំ​ក៏​បាន​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​រង្វាន់​ដល់​ខ្ញុំ​នៅ​ក្នុង​ពិភព​លោក​ថ្មី​ចំពោះ​អ្វី​ណា​ក៏​ដោយ​ដែល​ខ្ញុំ​បាត់​បង់​នៅ​ក្នុង​របៀប​របប​នេះ ហើយ​ថា​រឿង​អាក្រក់​ទាំង​អស់​នឹង​មិន​នឹក​ចាំ​ទៀត​ទេ​»។ បង​ថានយ៉ា​បាន​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា គាត់​បាន​រក​ឃើញ​កន្លែង​ស្នាក់​នៅ។ សព្វ​ថ្ងៃ​នេះ គាត់​បាន​រៀប​ការ​ជា​មួយ​បង​ប្រុស​ដ៏​ស្មោះ​ត្រង់​ម្នាក់ ហើយ​ពួក​គេ​បម្រើ​យ៉ាង​សប្បាយ​ជា​មួយ​គ្នា​នៅ​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល។

ចូរ​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​លើ​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ

១៦. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ក្លាហាន​ពេល​យើង​ឃើញ​ព្រឹត្តិការណ៍​ដែល​បាន​ត្រូវ​ប្រាប់​ទុក​ជា​មុន​នៅ​លូកា ២១:២៦​-​២៨?

១៦ ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង មនុស្ស​ជា​ទូទៅ​នឹង​«​សន្លប់​បាត់​ស្មារតី​ដោយ​សារ​ភ័យ​ខ្លាច​»។ ប៉ុន្តែ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​នៅ​មាំ​មួន ហើយ​មាន​ចិត្ត​ក្លាហាន។ (​សូម​អាន លូកា ២១:២៦​-​២៨) ហេតុ​អ្វី​យើង​នឹង​មាន​ចិត្ត​ក្លាហាន? ដោយ​សារ​យើង​បាន​រៀន​ឲ្យ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​រួច​ហើយ។ បង​ថានយ៉ា​ដែល​បាន​ត្រូវ​លើក​ឡើង​នៅ​ខាង​លើ​និយាយ​ថា បទ​ពិសោធន៍​នៅ​អតីតកាល​ជួយ​គាត់​ឲ្យ​ប្រឈម​មុខ​នឹង​ស្ថានភាព​ពិបាក​ឯ​ទៀត​នៅ​សព្វ​ថ្ងៃ។ គាត់​ថា​៖ ​«​ខ្ញុំ​បាន​រៀន​ថា​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ណា​ក៏​ដោយ ហើយ​លោក​នឹង​ឲ្យ​ពរ​យើង។ ជួន​កាល​មើល​ទៅ​អ្នក​ឯ​ទៀត​កំពុង​កាន់​កាប់​អ្វី​ៗ ប៉ុន្តែ​តាម​ពិត​ពួក​គេ​អាច​មាន​អំណាច​ខ្លាំង​ប៉ុណ្ណា​តាម​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ប៉ុណ្ណោះ។ ណា​មួយ​ទៀត ទោះ​ជា​ទុក្ខ​លំបាក​ប្រហែល​ជា​ពិបាក​យ៉ាង​ណា​ក្ដី វា​នឹង​មាន​ទី​បញ្ចប់​»។

១៧. តើ​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​របស់​យើង​សម្រាប់​ឆ្នាំ​២០២៤​នឹង​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១៧ សព្វ​ថ្ងៃ​នេះ មាន​អ្វី​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។ ប៉ុន្តែ​ដូច​ដាវីឌ យើង​មិន​ព្រម​ឲ្យ​ការ​ភ័យ​ខ្លាច​គ្រប់​គ្រង​លើ​យើង​ទេ។ បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​របស់​យើង​សម្រាប់​ឆ្នាំ​២០២៤​គឺ​ជា​សេចក្ដី​អធិដ្ឋាន​របស់​ដាវីឌ​ទៅ​ព្រះ​យេហូវ៉ា ដែល​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​ភ័យ​ខ្លាច ខ្ញុំ​ទុក​ចិត្ត​លោក​»។ (​ចសព. ៥៦:៣​) សូម​កត់​សម្គាល់​អ្វី​ដែល​បណ្ឌិត​ខាង​គម្ពីរ​ម្នាក់​និយាយ​អំពី​ខ​នេះ​ថា ដាវីឌ​«​មិន​តែង​តែ​គិត​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ភ័យ​ខ្លាច​ឬ​បញ្ហា​របស់​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ពឹង​ផ្អែក​ទៅ​លើ​បុគ្គល​ដែល​នឹង​សង្គ្រោះ​គាត់​»។ សូម​គិត​អំពី​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​របស់​យើង​នៅ​ខែ​បន្ដ​បន្ទាប់ ជា​ពិសេស​ពេល​ប្រឈម​មុខ​នឹង​ស្ថានភាព​ដែល​ធ្វើ​ឲ្យ​ភ័យ​ខ្លាច។ សូម​លៃ​ទុក​ពេល​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​នៅ​អតីតកាល បច្ចុប្បន្នកាល និង​អនាគត​កាល។ យ៉ាង​នេះ ដូច​ដាវីឌ អ្នក​អាច​ប្រកាស​ថា​៖ ​«​ខ្ញុំ​ទុក​ចិត្ត​ព្រះ ដូច្នេះ​ខ្ញុំ​មិន​ខ្លាច​ឡើយ​»។—ចសព. ៥៦:៤

ក្នុង​អំឡុង​ពេល​មាន​គ្រោះ​មហន្តរាយ បង​ស្រី​ម្នាក់​រំពឹង​គិត​អំពី​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ (​សូម​មើល​វគ្គ​១៧​)​

តើ​តាម​របៀប​ណា​អ្នក​អាច​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​ដោយ​រំពឹង​គិត​អំពី . . .

  • អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​រួច​ហើយ?

  • អ្វី​ដែល​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​នៅ​ឥឡូវ​នេះ?

  • អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​នៅ​ថ្ងៃ​អនាគត?

ចម្រៀង​លេខ​៣៣ ចូរ​ផ្ទេរ​បន្ទុក​ទៅ​លើ​ព្រះ​យេហូវ៉ា

a អ្នក​អាច​រក​ឃើញ​ព័ត៌មាន​ដែល​ពង្រឹង​ជំនឿ​នៅ​គេហទំព័រ​jw.org/km ដោយ​វាយ​ពាក្យ​«​ចូរ​យក​តម្រាប់​ជំនឿ​របស់​ពួក​គាត់​»​ ឬ​«​បទ​ពិសោធន៍​»​ក្នុង​ប្រអប់​ស្វែង​រក។

b ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

d ការ​ពណ៌នា​អំពី​រូប​ភាព​៖ ដាវីឌ​បាន​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឫទ្ធានុភាព​ឲ្យ​គាត់​សម្លាប់​សត្វ​ខ្លា​ឃ្មុំ កំពុង​ផ្ដល់​ជំនួយ​ដល់​គាត់​តាម​រយៈ​អាហ៊ីម៉ាឡិច ហើយ​នឹង​តែង​តាំង​គាត់​ជា​ស្ដេច។

e ការ​ពណ៌នា​អំពី​រូប​ភាព​៖ បង​ប្រុស​ម្នាក់​ដែល​ជាប់​គុក​ដោយ​សារ​ជំនឿ រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​ផ្ដាច់​បារី របៀប​ដែល​លោក​កំពុង​លើក​ទឹក​ចិត្ត​គាត់​តាម​រយៈ​សំបុត្រ​ពី​បុគ្គល​ជា​ទី​ស្រឡាញ់ ហើយ​របៀប​ដែល​លោក​នឹង​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​គាត់​ក្នុង​សួន​ឧទ្យាន​នៅ​ថ្ងៃ​ខាង​មុខ។