លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៥

ចម្រៀង​លេខ​២៧ គ្រា​ដែល​កូន​ព្រះ​នឹង​ត្រូវ​បង្ហាញ

‹ខ្ញុំប្រាកដជាមិនបោះបង់ចោលអ្នក!›

‹ខ្ញុំប្រាកដជាមិនបោះបង់ចោលអ្នក!›

«​ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​ប្រាកដ​ជា​មិន​ចាក​ចេញ​ពី​អ្នក​ឡើយ ហើយ​ខ្ញុំ​ក៏​ប្រាកដ​ជា​មិន​បោះ​បង់​ចោល​អ្នក​ដែរ›​»។ហេ. ១៣:៥​ខ

ចំណុច​ផ្ដោត

ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​បម្រើ​ព្រះ​នៅ​ផែន​ដី​ថា ពួក​គេ​នឹង​មិន​ត្រូវ​បោះ​បង់​ចោល​ពេល​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​អស់​ដែល​នៅ​សល់​នៅ​ផែន​ដី​នឹង​ត្រូវ​ឡើង​ទៅ​ស្ថាន​សួគ៌។

១. តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​អស់​នឹង​នៅ​ស្ថាន​សួគ៌​នៅ​ពេល​ណា?

 ច្រើន​ឆ្នាំ​មុន រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ឆ្ងល់​ថា ‹តើ​គ្រិស្ត​សាសនិក​ចុង​ក្រោយ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​ត្រូវ​ឡើង​ទៅ​ស្ថាន​សួគ៌​នៅ​ពេល​ណា?›។ យើង​ធ្លាប់​គិត​ថា ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ខ្លះ​ប្រហែល​ជា​បន្ដ​រស់​នៅ​ផែន​ដី​ជា​សួន​ឧទ្យាន​អស់​មួយ​រយៈ​ពេល​ក្រោយ​ពី​សង្គ្រាម​អាម៉ាគេដូន។ ប៉ុន្តែ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៣ យើង​បាន​រៀន​ថា​ពួក​អ្នក​រើស​តាំង​ទាំង​អស់​ដែល​នៅ​តែ​នៅ​ផែន​ដី​នៅ​ឡើយ​នឹង​ត្រូវ​ឡើង​ទៅ​ស្ថាន​សួគ៌​មុន​សង្គ្រាម​អាម៉ាគេដូន​ចាប់​ផ្ដើម។—ម៉ាថ. ២៤:៣១

២. តើ​យើង​ប្រហែល​ជា​ឆ្ងល់​អំពី​អ្វី ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ប៉ុន្តែ យើង​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​«​ចៀម​ឯ​ទៀត​»​របស់​គ្រិស្ត​ដែល​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​នៅ​ផែន​ដី​ក្នុង​អំឡុង​គ្រា​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»​? (​យ៉ូន. ១០:១៦; ម៉ាថ. ២៤:២១​) សព្វ​ថ្ងៃ​នេះ បង​ប្អូន​ខ្លះ​ប្រហែល​ជា​បារម្ភ​ថា​ពួក​គេ​នឹង​មាន​អារម្មណ៍​តែលតោល​ឬ​បាន​ត្រូវ​គេ​បោះ​បង់ ពេល​បង​ប្អូន​ដែល​បាន​ត្រូវ​រើស​តាំង​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​នឹង​ត្រូវ​ឡើង​ទៅ​ស្ថាន​សួគ៌។ សូម​យើង​ពិចារណា​អំពី​កំណត់​ហេតុ​ពីរ​ក្នុង​គម្ពីរ​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​គិត​ដូច​នេះ។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​មិន​ចាំ​បាច់​ព្រួយ​បារម្ភ។

តើ​អ្វី​នឹង​មិន​កើត​ឡើង?

៣​-​៤. តើ​អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​អំពី​អ្វី ហើយ​ហេតុ​អ្វី?

អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា​តើ​ចៀម​ឯ​ទៀត​នឹង​វង្វេង​ចេញ​ពី​សេចក្ដី​ពិត​ឬ​យ៉ាង​ណា ពេល​ពួក​គេ​លែង​មាន​បង​ប្អូន​ប្រុស​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​ជា​សមាជិក​គណៈ​អភិបាល​ណែនាំ​ពួក​គេ។ ប្រហែល​ជា​កំណត់​ហេតុ​ខ្លះ​ក្នុង​គម្ពីរ​នាំ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច​ដូច​នេះ។ សូម​យើង​ពិចារណា​ឧទាហរណ៍​ពីរ។ ទី​១​ជាប់​ទាក់​ទង​នឹង​សម្ដេច​សង្ឃ​យេហូយ៉ាដា។ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ។ គាត់​និង​ប្រពន្ធ​គាត់​យេហូសាបៀរ បាន​ការ​ពារ​បុរស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​យេហូអាស ហើយ​បាន​ជួយ​គាត់​ឲ្យ​ទៅ​ជា​ស្ដេច​ដ៏​ល្អ​និង​ស្មោះ​ត្រង់។ ដរាប​ណា​យេហូយ៉ាដា​ដែល​មាន​វ័យ​ចាស់​នៅ​រស់ ដរាប​នោះ​យេហូអាស​បាន​ធ្វើ​អ្វី​ដ៏​ល្អ។ ប៉ុន្តែ​ក្រោយ​ពី​យេហូយ៉ាដា​បាន​ស្លាប់ យេហូអាស​បែរ​ជា​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដ៏​អាក្រក់។ គាត់​បាន​ស្ដាប់​ពួក​អ្នក​គ្រប់​គ្រង​ដ៏​អាក្រក់ ហើយ​បាន​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា។—២ប្រ. ២៤:២, ១៥​-​១៩

ឧទាហរណ៍​មួយ​ទៀត​គឺ​អំពី​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​២។ សាវ័ក​យ៉ូហាន​ដែល​ជា​សាវ័ក​ស្លាប់​ចុង​ក្រោយ​គេ មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​គ្រិស្ត​សាសនិក​ជា​ច្រើន ហើយ​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ (​៣យ៉ូន. ៤​) ដូច​សាវ័ក​ឯ​ទៀត​របស់​លោក​យេស៊ូ​បាន​ធ្វើ យ៉ូហាន​បាន​ត​យុទ្ធ​យ៉ាង​ខ្លាំង​អស់​មួយ​រយៈ​ពេល​នឹង​ការ​ក្បត់​ជំនឿ​ដែល​រីក​រាល​ដាល។ (​១យ៉ូន. ២:១៨; ២ថែ. ២:៧​) ប៉ុន្តែ​ក្រោយ​ពី​យ៉ូហាន​បាន​ស្លាប់ បុគ្គល​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ​បាន​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ក្បត់​ជំនឿ។ ក្នុង​ប៉ុន្មាន​ទសវត្សរ៍ ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​បង្ខូច​អស់។

៥. តើ​យើង​មិន​គួរ​សន្និដ្ឋាន​អ្វី​ពី​កំណត់​ហេតុ​ទាំង​ពីរ​នេះ?

តើ​កំណត់​ហេតុ​ទាំង​ពីរ​នោះ​ក្នុង​គម្ពីរ​បង្ហាញ​ថា​អ្វី​ស្រដៀង​នេះ​នឹង​កើត​ឡើង​ចំពោះ​ចៀម​ឯ​ទៀត​របស់​គ្រិស្ត ពេល​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឡើង​ទៅ​ស្ថាន​សួគ៌​ឬ​ទេ? នៅ​ពេល​នោះ តើ​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​នៅ​ផែន​ដី​នឹង​ងាក​ចេញ​ពី​ការ​បង្ហាត់​បង្រៀន​ដូច​យេហូអាស ឬ​ទៅ​ជា​អ្នក​ក្បត់​ជំនឿ​ដូច​គ្រិស្ត​សាសនិក​ជា​ច្រើន​ក្នុង​អំឡុង​សតវត្សរ៍​ទី​២ គ.ស.​ឬ​ទេ? ចម្លើយ​គឺ​មិន​មែន​ទាល់​តែ​សោះ! យើង​អាច​ប្រាកដ​ថា​ពេល​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ចាក​ចេញ​ពី​ផែន​ដី ចៀម​ឯ​ទៀត​នឹង​ទទួល​ការ​មើល​ថែ​យ៉ាង​ល្អ ហើយ​នឹង​បន្ដ​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ។ ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ដូច្នេះ?

ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​មិន​ត្រូវ​បង្ខូច

៦. តើ​យើង​នឹង​ពិចារណា​អំពី​គ្រា​បី​អ្វី?

ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​មិន​ត្រូវ​បង្ខូច សូម្បី​តែ​ក្នុង​អំឡុង​គ្រា​លំបាក​នៅ​ថ្ងៃ​ខាង​មុខ​ក្ដី? គឺ​ដោយ​សារ​អ្វី​ដែល​យើង​បាន​រៀន​ពី​គម្ពីរ​អំពី​គ្រា​ដែល​យើង​រស់​នៅ។ គ្រា​នេះ​ខុស​គ្នា​ឆ្ងាយ​ពី​គ្រា​អ៊ីស្រាអែល​សម័យ​បុរាណ​និង​សម័យ​របស់​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​២។ ដូច្នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​យ៉ាង​ដិត​ដល់​ជាង​អំពី​គ្រា​ទាំង​បី​នេះ​៖ (​១​)​ គ្រា​អ៊ីស្រាអែល​សម័យ​បុរាណ (​២​)​ គ្រា​បន្ទាប់​ពី​ពួក​សាវ័ក​បាន​ស្លាប់ និង​(​៣​)​ គ្រា​យើង គឺ​ជា​«​គ្រា​ដែល​លោក​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ​»។—សកម្ម. ៣:២១

៧. នៅ​អ៊ីស្រាអែល​សម័យ​បុរាណ ហេតុ​អ្វី​មនុស្ស​ស្មោះ​ត្រង់​មិន​អស់​សង្ឃឹម ពេល​ប្រជា​ជាតិ​និង​ស្ដេច​របស់​ពួក​គេ​សម្រេច​ចិត្ត​ដើរ​តាម​មាគ៌ា​ដ៏​ទុច្ចរិត?

គ្រា​អ៊ីស្រាអែល​សម័យ​បុរាណ។ មិន​យូរ​មុន​ម៉ូសេ​ស្លាប់ គាត់​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​ខ្ញុំ​ដឹង​ហើយ​ថា ក្រោយ​ពី​ខ្ញុំ​ស្លាប់​ទៅ​អ្នក​រាល់​គ្នា​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជាក់​ជា​មិន​ខាន។ អ្នក​រាល់​គ្នា​នឹង​បែរ​ចេញ​ពី​ផ្លូវ​ដែល​ខ្ញុំ​បាន​បង្រៀន​អ្នក​រាល់​គ្នា​»។ (​បច. ៣១:២៩​) ម៉ូសេ​ក៏​បាន​ព្រមាន​ថា​បើ​ជន​ជាតិ​អ៊ីស្រាអែល​បះ​បោរ ពួក​គេ​នឹង​ត្រូវ​និរទេស។ (​បច. ២៨:៣៥, ៣៦​) តើ​ពាក្យ​ទាំង​នោះ​ក្លាយ​ជា​ការ​ពិត​ឬ​ទេ? មែន។ អស់​ជា​ច្រើន​សតវត្សរ៍ ស្ដេច​ជា​ច្រើន​បាន​សម្រេច​ចិត្ត​ដើរ​តាម​មាគ៌ា​ដ៏​ទុច្ចរិត ហើយ​នាំ​រាស្ត្រ​របស់​ព្រះ​ឲ្យ​វង្វេង។ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​មនុស្ស​ទុច្ចរិត​ក្នុង​ចំណោម​ប្រជា​ជាតិ​អ៊ីស្រាអែល ហើយ​មិន​អនុញ្ញាត​ឲ្យ​ស្ដេច​ជន​ជាតិ​អ៊ីស្រាអែល​គ្រប់​គ្រង​លើ​បណ្ដា​ជន​អ៊ីស្រាអែល​ទៀត។ (​អេគ. ២១:២៥​-​២៧​) ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​ដ៏​ស្មោះ​ត្រង់​កាន់​តែ​មាន​ចិត្ត​ក្លាហាន​ពេល​ពួក​គេ​បាន​ឃើញ​ថា​ប្រសាសន៍​របស់​ព្រះ​បាន​ក្លាយ​ជា​ការ​ពិត។—អេ. ៥៥:១០, ១១

៨. តើ​យើង​គួរ​ភ្ញាក់​ផ្អើល​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​២​បាន​ត្រូវ​បង្ខូច​ឬ​ទេ? សូម​ពន្យល់។

គ្រា​បន្ទាប់​ពី​ពួក​សាវ័ក​បាន​ស្លាប់។ តើ​យើង​គួរ​ភ្ញាក់​ផ្អើល​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​២​បាន​ត្រូវ​បង្ខូច​ឬ​ទេ? ប្រាកដ​ជា​អត់​ទេ។ លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​ថា​នឹង​មាន​ការ​ក្បត់​ជំនឿ​ដ៏​ធំ​កើត​ឡើង។ (​ម៉ាថ. ៧:២១​-​២៣; ១៣:២៤​-​៣០, ៣៦​-​៤៣​) សាវ័ក​ប៉ូល ពេត្រុស និង​យ៉ូហាន​បាន​បញ្ជាក់​ថា ទំនាយ​របស់​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​សម្រេច​រួច​ហើយ​នៅ​សតវត្សរ៍​ទី​១ គ.ស.។ (​២ថែ. ២:៣, ៧; ២ពេ. ២:១; ១យ៉ូន. ២:១៨​) នៅ​សតវត្សរ៍​ទី​២ គ.ស. ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​បង្ខូច។ គ្រិស្ត​សាសនា​ដែល​ក្បត់​ជំនឿ​បាន​ទៅ​ជា​ផ្នែក​មួយ​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ដែល​ជា​សាសនា​មិន​ពិត​ទាំង​ឡាយ​នៅ​ទូ​ទាំង​ពិភព​លោក។ អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​បាន​ត្រូវ​សម្រេច។

៩. តើ​គ្រា​ដែល​យើង​រស់​នៅ​ខុស​ពី​គ្រា​អ៊ីស្រាអែល​សម័យ​បុរាណ និង​គ្រា​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​២​យ៉ាង​ដូច​ម្ដេច?

«​គ្រា​ដែល​លោក​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ​»។ គ្រា​របស់​យើង​ខុស​ពី​គ្រា​អ៊ីស្រាអែល​សម័យ​បុរាណ និង​គ្រា​នៃ​ការ​ក្បត់​ជំនឿ​ដ៏​ធំ​ដែល​កើត​ឡើង​ក្នុង​អំឡុង​សតវត្សរ៍​ទី​២ គ.ស.។ តើ​គ្រា​របស់​យើង​ហៅ​ថា​អ្វី? ជា​ធម្មតា យើង​ហៅ​គ្រា​នេះ​ថា​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នៃ​របៀប​របប​ពិភព​លោក​ទុច្ចរិត​នេះ។ (​២ធី. ៣:១​) ប៉ុន្តែ​គម្ពីរ​បង្ហាញ​ថា​គ្រា​ដ៏​អស្ចារ្យ​ជាង​និង​យូរ​ជាង​ក៏​ចាប់​ផ្ដើម​នៅ​ដំណាល​គ្នា​នឹង​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នោះ។ គ្រា​នោះ​នឹង​បន្ដ​រហូត​ដល់​រាជាណាចក្រ​មេស្ស៊ី​ធ្វើ​ឲ្យ​មនុស្សជាតិ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ​ឡើង​វិញ និង​ប្រែ​ក្លាយ​ផែន​ដី​ទៅ​ជា​សួន​ឧទ្យាន។ គ្រា​នេះ​បាន​ត្រូវ​ហៅ​ថា​«​គ្រា​ដែល​លោក​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ​»។ (​សកម្ម. ៣:២១​) គ្រា​នេះ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤។ ពេល​នោះ​តើ​អ្វី​បាន​ទៅ​ជា​ថ្មី​ឡើង​វិញ? លោក​យេស៊ូ​បាន​ទៅ​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌ ដូច្នេះ​ព្រះ​យេហូវ៉ា​មាន​អ្នក​គ្រប់​គ្រង​ម្ដង​ទៀត​ដើម្បី​ជា​តំណាង​លោក​ដែល​ជា​អ្នក​ស្នង​តំណែង​ពី​ដាវីឌ​ដែល​ជា​ស្ដេច​ដ៏​ស្មោះ​ត្រង់។ ប៉ុន្តែ​មិន​មាន​តែ​អំណាច​គ្រប់​គ្រង​នោះ​ប៉ុណ្ណោះ​ទេ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ថ្មី​ឡើង​វិញ។ មិន​យូរ​ក្រោយ​ពី​នោះ ការ​គោ​ព​ប្រណិប័តន៍​ពិត​ក៏​បាន​ត្រូវ​ចាប់​ផ្ដើម​រៀប​ចំ​ឡើង​វិញ! (​អេ. ២:២​-​៤; អេគ. ១១:១៧​-​២០​) ប៉ុន្តែ តើ​នោះ​នឹង​ត្រូវ​បង្ខូច​ម្ដង​ទៀត​ឬ​ទេ?

១០. (​ក​) តើ​គម្ពីរ​ប្រាប់​អ្វី​ទុក​ជា​មុន​អំពី​ការ​គោរព​ប្រណិប័តន៍​ពិត​នៅ​សម័យ​យើង? (​អេសាយ ៥៤:១៧​) (​ខ​)​ ហេតុ​អ្វី​ទំនាយ​បែប​នេះ​ពង្រឹង​ទំនុក​ចិត្ត​យើង?

១០ សូម​អាន អេសាយ ៥៤:១៧ សូម​គិត​អំពី​ទំនាយ​នេះ។ ​«​ឯ​គ្រឿង​អាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​អ្នក នោះ​នឹង​គ្មាន​ប្រសិទ្ធភាព​ឡើយ​»​! ពាក្យ​ទាំង​នេះ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​កំពុង​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ។ ពាក្យ​សម្រាល​ទុក្ខ​នៅ​បន្ទាប់​នេះ​ក៏​សំដៅ​លើ​សម័យ​យើង​ដែរ ដែល​ថា​៖ ​«​កូន​ៗ​ទាំង​អស់​របស់​អ្នក​នឹង​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ​យេហូវ៉ា ហើយ​សេចក្ដី​សុខ​សាន្ត​របស់​ពួក​គេ​នឹង​មាន​ជា​បរិបូរ។ អ្នក​នឹង​ត្រូវ​តាំង​ឡើង​យ៉ាង​មាំ​ក្នុង​សេចក្ដី​សុចរិត។ . . . អ្នក​នឹង​មិន​ភ័យ​ខ្លាច​ហើយ​ក៏​មិន​តក់​ស្លុត​ដែរ ព្រោះ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​នឹង​មិន​មក​ជិត​អ្នក​ទេ​»។ (​អេ. ៥៤:១៣, ១៤​) សូម្បី​តែ​សាថាន​ដែល​ជា​«​ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ​»​ក៏​មិន​អាច​បញ្ឈប់​កិច្ចការ​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា​បាន​ឡើយ។ (​២កូ. ៤:៤​) ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ត្រូវ​រៀប​ចំ​ឡើង​វិញ ហើយ​នោះ​នឹង​មិន​ត្រូវ​បង្ខូច​ម្ដង​ទៀត​ទេ តែ​នោះ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ គ្រឿង​អាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​យើង នឹង​គ្មាន​ប្រសិទ្ធភាព​ឡើយ!

តើ​អ្វី​នឹង​កើត​ឡើង?

១១. តើ​អ្វី​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា​មនុស្ស​មួយ​ក្រុម​ធំ​នឹង​មិន​បាន​ត្រូវ​បោះ​បង់​ចោល​ពេល​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឡើង​ទៅ​ស្ថាន​សួគ៌?

១១ តើ​អ្វី​នឹង​កើត​ឡើង​ពេល​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឡើង​ទៅ​ស្ថាន​សួគ៌? សូម​ចាំ​ថា​លោក​យេស៊ូ​គឺ​ជា​គង្វាល​របស់​យើង។ លោក​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ លោក​យេស៊ូ​បាន​ប្រាប់​យ៉ាង​ច្បាស់​ថា​៖ ​«​អ្នក​រាល់​គ្នា​មាន​អ្នក​ដឹក​នាំ​តែ​មួយ​ទេ គឺ​គ្រិស្ត​»។ (​ម៉ាថ. ២៣:១០​) លោក​យេស៊ូ​ដែល​កំពុង​គ្រប់​គ្រង​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌​នឹង​តែង​តែ​ថែ​រក្សា​ពួក​អ្នក​កាន់​តាម​ពិត​របស់​លោក។ ដោយ​មាន​លោក​យេស៊ូ​គ្រិស្ត​ណែនាំ​ពួក​គេ ពួក​អ្នក​កាន់​តាម​លោក​នៅ​ផែន​ដី​មិន​ចាំ​បាច់​ភ័យ​ខ្លាច​អ្វី​ទេ។ ពិត​មែន យើង​មិន​ដឹង​ព័ត៌មាន​ទាំង​អស់​អំពី​របៀប​ដែល​គ្រិស្ត​នឹង​ដឹក​នាំ​រាស្ត្រ​របស់​លោក​នៅ​ពេល​នោះ​ទេ។ ដូច្នេះ សូម​យើង​ពិចារណា​ឧទាហរណ៍​ខ្លះ​ក្នុង​គម្ពីរ​ដែល​អាច​ពង្រឹង​កម្លាំង​ចិត្ត​យើង។

១២. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ថែ​ទាំ​រាស្ត្រ​របស់​លោក (​ក​) ក្រោយ​ពី​ម៉ូសេ​ស្លាប់? (​ខ​)​ ក្រោយ​ពី​អេលីយ៉ា​បាន​ទទួល​ភារកិច្ច​ថ្មី? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១២ ម៉ូសេ​បាន​ស្លាប់​មុន​ប្រជា​ជាតិ​អ៊ីស្រាអែល​ចូល​ស្រុក​ដែល​ព្រះ​បាន​សន្យា។ តើ​អ្វី​បាន​កើត​ឡើង​ទៅ​លើ​រាស្ត្រ​របស់​ព្រះ? តើ​ពួក​គេ​បាន​ត្រូវ​បោះ​បង់​ចោល​ដោយ​សារ​គ្មាន​បុរស​ស្មោះ​ត្រង់​នោះ​ឬ​ទេ? មិន​ដូច្នេះ​ទេ។ ដរាប​ណា​ពួក​គេ​ស្មោះ​ត្រង់ ដរាប​នោះ​ព្រះ​យេហូវ៉ា​ជួយ​ពួក​គេ។ មុន​ម៉ូសេ​ស្លាប់ ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ឲ្យ​តែង​តាំង​យ៉ូស្វេ​ដើម្បី​នាំ​មុខ​បណ្ដា​ជន។ ម៉ូសេ​បាន​បង្ហាត់​បង្រៀន​យ៉ូស្វេ​អស់​ជា​ច្រើន​ឆ្នាំ។ (​ដច. ៣៣:១១; បច. ៣៤:៩​) បន្ថែម​ទៅ​ទៀត មាន​បុរស​ជា​ច្រើន​នាក់​ទៀត​ដែល​មាន​សមត្ថភាព​ជា​អ្នក​នាំ​មុខ ពោល​គឺ​មេ​លើ​១.០០០​នាក់ មេ​លើ​១០០​នាក់ មេ​លើ​៥០​នាក់ ហើយ​ថែម​ទាំង​មេ​លើ​១០​នាក់។ (​បច. ១:១៥​) រាស្ត្រ​របស់​ព្រះ​បាន​ទទួល​ការ​ថែ​ទាំ​យ៉ាង​ល្អ។ យើង​ឃើញ​អ្វី​ស្រដៀង​នឹង​នេះ​ក្នុង​ករណី​អេលីយ៉ា។ គាត់​បាន​នាំ​មុខ​ប្រជា​ជាតិ​អ៊ីស្រាអែល​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត​អស់​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ចាត់​គាត់​ឲ្យ​បម្រើ​នៅ​ស្រុក​យូដា។ (​២បស. ២:១; ២ប្រ. ២១:១២​) តើ​មនុស្ស​ស្មោះ​ត្រង់​ក្នុង​កុលសម្ព័ន្ធ​១០​នៃ​រាជាណាចក្រ​អ៊ីស្រាអែល​បាន​ត្រូវ​បោះ​បង់​ចោល​ឬ​ទេ? មិន​មែន​ទេ។ អេលីយ៉ា​បាន​បង្ហាត់​បង្រៀន​អេលីសេ​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ក៏​មាន​«​កូន​ចៅ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​»​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ដែរ។ (​២បស. ២:៧​) ដូច្នេះ មាន​បុរស​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​ដែល​អាច​ជួយ​នាំ​មុខ​រាស្ត្រ​របស់​ព្រះ។ គោល​បំណង​របស់​ព្រះ​យេហូវ៉ា​បន្ដ​ទៅ​មុខ​ទៀត ហើយ​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​លោក។

ម៉ូសេ​(​រូប​ភាព​ខាង​ឆ្វេង​)​និង​អេលីយ៉ា​(​រូប​ភាព​ខាង​ស្ដាំ​)​បាន​បង្ហាត់​បង្រៀន​បុគ្គល​ដែល​អាច​នាំ​មុខ​រាស្ត្រ​របស់​ព្រះ​បន្ទាប់​ពី​ពួក​គាត់ ​(​សូម​មើល​វគ្គ​១២​)​


១៣. តើ​ព្រះ​យេហូវ៉ា​សន្យា​អ្វី​នឹង​យើង​នៅ​ហេប្រឺ ១៣:៥​ខ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៣ ដោយ​គិត​អំពី​គំរូ​ទាំង​នោះ តើ​អ្នក​គិត​ថា​អ្វី​នឹង​កើត​ឡើង​ពេល​បុគ្គល​ចុង​ក្រោយ​នៃ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឡើង​ទៅ​ស្ថាន​សួគ៌? យើង​មិន​ចាំ​បាច់​ឆ្ងល់​ទេ។ គម្ពីរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​រាស្ត្រ​លោក​នៅ​ផែន​ដី​ឡើយ។ (​សូម​អាន ហេប្រឺ ១៣:៥​ខ) ដូច​ម៉ូសេ​និង​អេលីយ៉ា គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​មួយ​ក្រុម​តូច​ដែល​នាំ​មុខ​សព្វ​ថ្ងៃ​នេះ​យល់​អំពី​សារៈ​សំខាន់​នៃ​ការ​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត។ អស់​ជា​ច្រើន​ឆ្នាំ សមាជិក​គណៈ​អភិបាល​បានបង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​ពី​ចំណោម​ចៀម​ឯ​ទៀត​ឲ្យ​នាំ​មុខ។ ជា​ឧទាហរណ៍ ពួក​គេ​បាន​រៀប​ចំ​សាលា​ជា​ច្រើន​ដើម្បី​បង្ហាត់​បង្រៀន​ពួក​អ្នក​ចាស់​ទុំ អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា អ្នក​ត្រួត​ពិនិត្យ​នៅ​បេតអែល និង​អ្នក​ឯ​ទៀត។ សមាជិក​គណៈ​អភិបាល​ផ្ទាល់​បាន​បង្ហាត់​បង្រៀន​ជំនួយ​ការ​របស់​គណៈ​កម្មាធិការ​ផ្សេង​ៗ​នៃ​គណៈ​អភិបាល។ ឥឡូវ​ជំនួយ​ការ​ទាំង​នេះ​បំពេញ​ភារកិច្ច​ជា​ច្រើន​ក្នុង​អង្គការ​របស់​ព្រះ​យ៉ាង​ស្មោះ​ត្រង់។ ពួក​គេ​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​បន្ដ​ធ្វើ​កិច្ច​ការ​ថែ​រក្សា​ចៀម​របស់​គ្រិស្ត។

គណៈ​អភិបាល​បាន​ខំ​ប្រឹង​ដើម្បី​បង្ហាត់​បង្រៀន​ជំនួយ​ការ ហើយ​រៀប​ចំ​សាលា​សម្រាប់​បង្ហាត់​បង្រៀន​ពួក​អ្នក​ចាស់​ទុំ អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា អ្នក​ត្រួត​ពិនិត្យ​នៅ​បេតអែល និង​សាសនទូត​នៅ​ទូ​ទាំង​ពិភព​លោក ​(​សូម​មើល​វគ្គ​១៣​)​


១៤. តើ​អ្វី​ជា​ចំណុច​សំខាន់​នៃ​ការ​ពិចារណា​របស់​យើង?

១៤ ចំណុច​សំខាន់​នៃ​ការ​ពិចារណា​របស់​យើង​គឺ ពេល​បុគ្គល​ចុង​ក្រោយ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឡើង​ទៅ​ស្ថាន​សួគ៌​នៅ​ជិត​ទី​បញ្ចប់​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ផែន​ដី​នឹង​បន្ត​គោរព​ប្រណិប័តន៍​លោក​យ៉ាង​ស្មោះ​ត្រង់។ ដោយ​សារ​ការ​ដឹក​នាំ​របស់​លោក​យេស៊ូ​គ្រិស្ត ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​មិន​ត្រូវ​បង្អាក់​ឡើយ។ ពិត​មែន​ថា​នៅ​ពេល​នោះ​យើង​នឹង​ទទួល​ការ​វាយ​ប្រហារ​ពី​កូក​នៃ​ស្រុក​ម៉ាកូក​ដែល​ជា​ប្រជា​ជាតិ​នានា​ដែល​ចង​សម្ព័ន្ធភាព​គ្នា។ (​អេគ. ៣៨:១៨​-​២០​) ប៉ុន្តែ ការ​វាយ​ប្រហារ​ដ៏​ខ្លី​នោះ​នឹង​បរាជ័យ ពោល​គឺ​នឹង​មិន​បញ្ឈប់​រាស្ត្រ​របស់​ព្រះ​ពី​ការ​គោរព​ប្រណិប័តន៍​របស់​ព្រះ​យេហូវ៉ា​ទេ។ លោក​ប្រាកដ​ជា​នឹង​សង្គ្រោះ​ពួក​គេ! ក្នុង​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត សាវ័ក​យ៉ូហាន​បាន​ឃើញ​«​មនុស្ស​មួយ​ក្រុម​ធំ​»​នៃ​ចៀម​ឯ​ទៀត​របស់​គ្រិស្ត។ យ៉ូហាន​បាន​ត្រូវ​ប្រាប់​ថា​«​មនុស្ស​មួយ​ក្រុម​ធំ​»​នេះ ​«​ចេញ​ផុត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​»។ (​បប. ៧:៩, ១៤​) ដូច្នេះ យើង​ដឹង​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​ពួក​គេ!

១៥​-​១៦. យោង​ទៅ​តាម​ការ​បើក​បង្ហាញ ១៧:១៤ តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​របស់​គ្រិស្ត​នឹង​ធ្វើ​អ្វី​ក្នុង​អំឡុង​សង្គ្រាម​អាម៉ាគេដូន ហើយ​ហេតុ​អ្វី​នេះ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត?

១៥ ប៉ុន្តែ អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា ‹ចុះ​យ៉ាង​ណា​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង តើ​ពួក​គេ​នឹង​ធ្វើ​អ្វី​ក្រោយ​ពី​ពួក​គេ​ឡើង​ទៅ​ស្ថាន​សួគ៌?›។ គម្ពីរ​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នេះ​យ៉ាង​ចំ​ៗ ដោយ​បង្ហាញ​ថា​រដ្ឋាភិបាល​របស់​ពិភព​លោក​នេះ​នឹង​«​ច្បាំង​នឹង​កូន​ចៀម​»។ ពួក​គេ​នឹង​បរាជ័យ ដោយ​សារ​«​កូន​ចៀម​នឹង​ឈ្នះ​ពួក​គេ​»។ តើ​អ្នក​ណា​នឹង​ជួយ​លោក? ខ​នោះ​ឆ្លើយ​ថា​៖ ​«​ពួក​អ្នក​ដែល​ព្រះ​បាន​ហៅ​»​ ​«​បាន​ជ្រើស​រើស​»​ និង​«​ដែល​ស្មោះ​ត្រង់​ចំពោះ​ព្រះ​»។ (​សូម​អាន ការ​បើក​បង្ហាញ ១៧:១៤) តើ​ពួក​អ្នក​ទាំង​នេះ​ជា​អ្នក​ណា? គឺ​ពួក​អ្នក​រើស​តាំង​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ! ដូច្នេះ ពេល​ពួក​អ្នក​ចុង​ក្រោយ​នៃ​បុគ្គល​ដែល​បាន​ត្រូវ​រើស​តាំង​ឡើង​ទៅ​ស្ថាន​សួគ៌​នៅ​ជិត​ចុង​បញ្ចប់​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ភារកិច្ច​ដំបូង​មួយ​របស់​ពួក​គេ​គឺ​ការ​ច្បាំង។ នេះ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មែន! គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ខ្លះ ធ្លាប់​ជា​អ្នក​ប្រយុទ្ធ​មុន​ពួក​គេ​បាន​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ពួក​គេ​ខ្លះ​ថែម​ទាំង​ធ្លាប់​ធ្វើ​ជា​ទាហាន។ ប៉ុន្តែ​ក្រោយ​មក ពួក​គេ​បាន​ទៅ​ជា​គ្រិស្ត​សាសនិក​ពិត ហើយ​បាន​រៀន​អំពី​មាគ៌ា​នៃ​សេចក្ដី​សុខ​សាន្ត។ (​កាឡ. ៥:២២; ២ថែ. ៣:១៦​) ពួក​គេ​បាន​ឈប់​គាំទ្រ​សង្គ្រាម។ ប៉ុន្តែ​ក្រោយ​ពី​ពួក​គេ​ឡើង​ទៅ​ស្ថាន​សួគ៌ ពួក​គេ​នឹង​បម្រើ​ជា​មួយ​គ្រិស្ត ព្រម​ទាំង​ទេវតា​ដ៏​បរិសុទ្ធ​របស់​លោក ក្នុង​សង្គ្រាម​ចុង​ក្រោយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​របស់​ព្រះ។

១៦ សូម​គិត​អំពី​ចំណុច​នេះ។ នៅ​ផែន​ដី គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ខ្លះ​មាន​វ័យ​ចាស់ ហើយ​ថែម​ទាំង​ខ្សោយ​កម្លាំង។ ប៉ុន្តែ ពេល​ឡើង​ទៅ​ស្ថាន​សួគ៌ ពួក​គេ​នឹង​ទៅ​ជា​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​និង​មាន​ជីវិត​អមតៈ ដែល​នឹង​ត្រូវ​ចាត់​ឲ្យ​ទៅ​ប្រយុទ្ធ​រួម​ដៃ​ជា​មួយ​លោក​យេស៊ូ​គ្រិស្ត​ជា​ស្ដេច​និង​ជា​អ្នក​ចម្បាំង។ ក្រោយ​ពី​សង្គ្រាម​អាម៉ាគេដូន​បាន​ច្បាំង​ចប់ ពួក​គេ​នឹង​សហការ​ជា​មួយ​លោក​យេស៊ូ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ។ ពួក​គេ​ច្បាស់​ជា​នឹង​អាច​ជួយ​បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​នៅ​ផែន​ដី​ពី​ស្ថាន​សួគ៌ ច្រើន​ជាង​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​ពេល​ពួក​គេ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ!

១៧. ហេតុ​អ្វី​យើង​ដឹង​ថា​អ្នក​បម្រើ​របស់​ព្រះ​ទាំង​អស់​នឹង​មាន​សុវត្ថិភាព​ក្នុង​អំឡុង​សង្គ្រាម​អាម៉ាគេដូន?

១៧ តើ​អ្នក​នៅ​ក្នុង​ចំណោម​ចៀម​ឯ​ទៀត​ឬ​ទេ? បើ​ដូច្នេះ តើ​អ្នក​នឹង​ត្រូវ​ធ្វើ​អ្វី​ពេល​សង្គ្រាម​អាម៉ាគេដូន​ដែល​ជា​សង្គ្រាម​សំខាន់​ណាស់​ចាប់​ផ្ដើម? គឺ ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​ការ​ណែនាំ​ពី​លោក។ តើ​នោះ​ប្រហែល​ជា​រួម​បញ្ចូល​អ្វី? គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ចូល​ទៅ​បន្ទប់​ខាង​ក្នុង ហើយ​បិទ​ទ្វារ​ឲ្យ​ជិត​ទៅ។ ចូរ​លាក់​ខ្លួន​មួយ​រយៈ​រហូត​ដល់​កំហឹង​ខ្ញុំ​កន្លង​ផុត​ទៅ​»។ (​អេ. ២៦:២០​) អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ទាំង​អស់​របស់​ព្រះ​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី នឹង​មាន​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​នោះ។ ដូច​សាវ័ក​ប៉ូល យើង​ជឿ​ជាក់​ថា​ទោះ​ជា​«​ពួក​អ្នក​គ្រប់​គ្រង អ្វី​ៗ​នៅ​គ្រា​ឥឡូវ​នេះ អ្វី​ៗ​នៅ​គ្រា​ខាង​មុខ . . . ក៏​ដោយ ក៏​មិន​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​»​ឡើយ។ (​រ៉ូម ៨:៣៨, ៣៩​) សូម​ចាំ​ជា​និច្ច​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក ហើយ​លោក​នឹង​មិន​បោះ​បង់​ចោល​អ្នក​ទេ!

ពេល​បុគ្គល​ចុង​ក្រោយ​នៃ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ឡើង​ទៅ​ស្ថាន​សួគ៌

  • តើ​អ្វី​នឹង​មិន​កើត​ឡើង?

  • ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​មិន​ត្រូវ​បង្ខូច?

  • ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​រាស្ត្រ​របស់​លោក?

ចម្រៀង​លេខ​៨ ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់​របស់​យើង