លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៦

ចម្រៀង​លេខ​១០ ចូរ​សរសើរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង!

«ចូរសរសើរដល់នាមព្រះយេហូវ៉ា»

«ចូរសរសើរដល់នាមព្រះយេហូវ៉ា»

«​អស់​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​អើយ ចូរ​សរសើរ​លោក ចូរ​សរសើរ​ដល់​នាម​ព្រះ​យេហូវ៉ា​»។ចសព. ១១៣:១

ចំណុច​ផ្ដោត

ដើម្បី​លើក​បញ្ជាក់​អំពី​អ្វី​ដែល​ជំរុញ​ចិត្ត​យើង​ឲ្យ​សរសើរ​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​នៅ​គ្រប់​ឱកាស។

១​-​២. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​យល់​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការ​បង្កាច់​បង្ខូច​នាម​របស់​លោក?

 សូម​ស្រមៃ​គិត​អំពី​ស្ថានភាព​នេះ​៖ បុគ្គល​ដែល​អ្នក​ជិត​ស្និទ្ធ​និយាយ​អ្វី​អាក្រក់​អំពី​អ្នក។ អ្នក​ដឹង​ថា​នោះ​ជា​ការ​កុហក ប៉ុន្តែ​អ្នក​ខ្លះ​ជឿ​ពាក្យ​នោះ។ អាក្រក់​ជាង​នេះ​ទៅ​ទៀត ពួក​គេ​ចាប់​ផ្ដើម​និយាយ​ពាក្យ​កុហក​នោះ​ត​ៗ​គ្នា ហើយ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ជឿ​ពាក្យ​កុហក​នោះ​ដែរ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? បើ​អ្នក​ស្រឡាញ់​មនុស្ស​និង​យក​ចិត្ត​ទុក​ដាក់​អំពី​ទស្សនៈ​របស់​ពួក​គេ​ចំពោះ​អ្នក ពាក្យ​បង្កាច់​បង្ខូច​នោះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត មែន​ទេ?—សុភ. ២២:១

ស្ថានភាព​នេះ​អាច​ជួយ​យើង​ឲ្យ​យល់​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ពេល​កេរ្តិ៍​ឈ្មោះ​របស់​លោក​បាន​ត្រូវ​បង្ខូច។ កូន​ម្នាក់​របស់​លោក​នៅ​ស្ថាន​សួគ៌​បាន​កុហក​អំពី​លោក​ចំពោះ​ស្ត្រី​ដំបូង​គឺ​អេវ៉ា ហើយ​នាង​បាន​ជឿ។ ដោយ​សារ​ពាក្យ​កុហក​នោះ ឪពុក​ម្ដាយ​ដំបូង​របស់​យើង​បាន​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ ជា​លទ្ធផល ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​បាន​ចូល​ក្នុង​ក្រុម​គ្រួសារ​មនុស្សជាតិ។ (​ដក. ៣:១​-​៦; រ៉ូម ៥:១២​) បញ្ហា​ទាំង​អស់​ដែល​យើង​ឃើញ​ក្នុង​ពិភព​លោក ពោល​គឺ​សេចក្ដី​ស្លាប់ សង្គ្រាម និង​ទុក្ខ​វេទនា​កើត​ឡើង​ដោយ​សារ​តែ​ការ​កុហក​របស់​សាថាន​ដែល​វា​បាន​ចាប់​ផ្ដើម​និយាយ​នៅ​ក្នុង​សួន​អេដែន។ តើ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ដោយ​សារ​ការ​បង្កាច់​បង្ខូច​បែប​នេះ​និង​លទ្ធផល​ពី​នោះ​ឬ​ទេ? លោក​ឈឺ​ចិត្ត​មែន។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​មិន​គុំ​កួន​ឬ​ខឹង​ងំ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​នៅ​តែ​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»។—១ធី. ១:១១

៣. តើ​យើង​មាន​ឯកសិទ្ធិ​អ្វី?

យើង​មាន​ឯកសិទ្ធិ​ជួយ​ជម្រះ​ការ​តិះ​ដៀល​ចំពោះ​នាម​របស់​ព្រះ​យេហូវ៉ា ដោយ​ធ្វើ​តាម​បញ្ញត្តិ​នេះ​ដែល​ថា​៖ ​«​ចូរ​សរសើរ​ដល់​នាម​ព្រះ​យេហូវ៉ា​»។ (​ចសព. ១១៣:​១​) យើង​សរសើរ​នាម​របស់​ព្រះ​យេហូវ៉ា​ពេល​យើង​និយាយ​ល្អ​ៗ​អំពី​លោក។ តើ​អ្នក​នឹង​សរសើរ​នាម​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? សូម​យើង​ពិចារណា​បំណង​ចិត្ត​ដ៏​ខ្លាំង​បី​ដែល​នឹង​ជួយ​យើង​ឲ្យ​សរសើរ​នាម​របស់​ព្រះ​យើង​យ៉ាង​អស់​ពី​ចិត្ត។

យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​យើង​សរសើរ​ដល់​នាម​លោក

៤. ហេតុ​អ្វី​ការ​សរសើរ​ពី​យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត? សូម​លើក​ឧទាហរណ៍។ (​សូម​មើល​រូប​ភាព​ផង​ដែរ​)

យើង​ធ្វើ​ឲ្យ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត​ពេល​យើង​សរសើរ​ដល់​នាម​របស់​លោក។ (​ចសព. ១១៩:១០៨​) ប៉ុន្តែ តើ​នេះ​មាន​ន័យ​ថា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត គឺ​ដូច​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដែល​ចង់​បាន​ការ​សរសើរ ដោយ​សារ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ឬ? មិន​មែន​ទេ។ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ ក្មេង​ស្រី​តូច​ម្នាក់​រត់​ទៅ​ឱប​ឪពុក​គាត់ ហើយ​និយាយ​ថា​៖ ​«​ប៉ា​ល្អ​ជាង​គេ​ក្នុង​លោក!​»។ ឪពុក​នោះ​ញញឹម​ដោយ​ក្ដី​រីករាយ​ជា​ខ្លាំង។ ហេតុ​អ្វី? គឺ​មិន​មែន​ដោយ​សារ​គាត់​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​និង​ការ​សរសើរ​ពី​កូន​ស្រី​របស់​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ យើង​យល់​ថា​គាត់​ជា​ឪពុក​ដែល​មាន​ទំនុក​ចិត្ត ហើយ​សប្បាយ​រីករាយ​ពេល​ឃើញ​កូន​ស្រី​របស់​គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​មាន​ចិត្ត​កតញ្ញូ។ គាត់​ដឹង​ថា​គុណ​សម្បត្តិ​បែប​នេះ​នឹង​ជួយ​កូន​ឲ្យ​មាន​សុភមង្គល​កាល​ដែល​នាង​ធំ​ឡើង។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​ដ៏​ល្អ​ប្រសើរ​បំផុត ពេញ​ចិត្ត​ពេល​យើង​សរសើរ​លោក។

ដូច​ឪពុក​ពេញ​ចិត្ត​ពេល​កូន​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​កតញ្ញូ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​យើង​សរសើរ​នាម​របស់​លោក ​(​សូម​មើល​វគ្គ​៤​)​


៥. ដោយ​សរសើរ​នាម​របស់​ព្រះ តើ​យើង​អាច​ជួយ​បង្ហាញ​ថា​អ្វី​គឺ​មិន​ពិត?

ពេល​យើង​សរសើរ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ យើង​ជួយ​បង្ហាញ​ថា​ការ​កុហក​ដែល​ជាប់​ទាក់​ទង​នឹង​យើង​ផ្ទាល់​គឺ​មិន​ពិត។ សាថាន​អះអាង​ថា​គ្មាន​មនុស្សជាតិ​ណា​នឹង​ការ​ពារ​នាម​របស់​ព្រះ​យ៉ាង​ស្មោះ​ភក្ដី​ទេ។ តាម​ទស្សនៈ​របស់​វា គ្មាន​យើង​ណា​ម្នាក់​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ឡើយ។ វា​និយាយ​ថា​យើង​ទាំង​អស់​គ្នា​នឹង​បោះ​បង់​ចោល​ព្រះ បើ​យើង​គិត​ថា​យើង​នឹង​ទទួល​ប្រយោជន៍។ (​យ៉ូប ១:៩​-​១១; ២:៤​) ប៉ុន្តែ យ៉ូប​បាន​រក្សា​ភាព​ស្មោះ​ត្រង់ ហើយ​បាន​បង្ហាញ​ថា​សាថាន​ជា​អ្នក​ភូត​ភរ។ ចុះ​យ៉ាង​ណា​អ្នក​វិញ? យើង​ម្នាក់​ៗ​មាន​ឯកសិទ្ធិ​ការ​ពារ​នាម​របស់​បិតា​យើង​យ៉ាង​ស្មោះ​ភក្ដី ហើយ​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ដោយ​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់។ (​សុភ. ២៧:១១​) គឺ​ពិត​ជា​កិត្តិយស​ឲ្យ​ធ្វើ​ដូច្នេះ​មែន។

៦. តើ​យើង​អាច​យក​តម្រាប់​ស្ដេច​ដាវីឌ​និង​ពួក​លេវី​យ៉ាង​ដូច​ម្ដេច? (​នេហេមា ៩:៥​)

សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ជំរុញ​ចិត្ត​មនុស្ស​ស្មោះ​ត្រង់​ឲ្យ​សរសើរ​នាម​លោក​យ៉ាង​អស់​ពី​ចិត្ត។ ស្ដេច​ដាវីឌ​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​សូម​សរសើរ​ព្រះ​យេហូវ៉ា ខ្ញុំ​សូម​លើក​តម្កើង​នាម​ដ៏​បរិសុទ្ធ​របស់​លោក​យ៉ាង​អស់​ពី​ដួង​ចិត្ត​»។ (​ចសព. ១០៣:១​) ដាវីឌ​ដឹង​ថា​ពេល​យើង​សរសើរ​នាម​របស់​ព្រះ​យេហូវ៉ា គឺ​យើង​កំពុង​សរសើរ​ព្រះ​យេហូវ៉ា​ផ្ទាល់។ នាម​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​កេរ្តិ៍​ឈ្មោះ​របស់​លោក ដូច្នេះ​នោះ​នាំ​ឲ្យ​យើង​គិត​អំពី​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​របស់​លោក​និង​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ដែល​លោក​បាន​ធ្វើ។ ដាវីឌ​ចង់​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា​នាម​របស់​បិតា​គឺ​បរិសុទ្ធ ហើយ​សរសើរ​នាម​នោះ។ គាត់​ចង់​ធ្វើ​ដូច្នេះ​«​យ៉ាង​អស់​ពី​ដួង​ចិត្ត​»។ ស្រដៀង​គ្នា​ដែរ ពួក​លេវី​បាន​នាំ​មុខ​ក្នុង​ការ​សរសើរ​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន​សារភាព​ដោយ​ចិត្ត​រាប​ទាប​ថា ពាក្យ​សរសើរ​របស់​ពួក​គេ​មិន​ល្អ​គ្រប់​គ្រាន់​ស្មើ​នឹង​អ្វី​ដែល​នាម​ដ៏​ពិសិដ្ឋ​របស់​ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​ទេ។ (​សូម​អាន នេហេមា ៩:៥) ច្បាស់​ណាស់ ការ​សរសើរ​ដែល​បង្ហាញ​អំពី​ចិត្ត​រាប​ទាប​និង​អស់​ពី​ចិត្ត​បែប​នេះ​បាន​នាំ​ឲ្យ​ចិត្ត​របស់​ព្រះ​យេហូវ៉ា​អរ​សប្បាយ។

៧. តើ​យើង​អាច​សរសើរ​ព្រះ​យេហូវ៉ា​ក្នុង​កិច្ច​បម្រើ​ផ្សាយ​និង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​តាម​របៀប​ណា?

សព្វ​ថ្ងៃ​នេះ យើង​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ដោយ​និយាយ​អំពី​លោក​តាម​របៀប​ដែល​បង្ហាញ​អារម្មណ៍​កក់​ក្ដៅ ចិត្ត​កតញ្ញូ និង​ក្ដី​ស្រឡាញ់។ ពេល​យើង​ផ្សព្វ​ផ្សាយ យើង​ចាំ​ថា​គោល​បំណង​សំខាន់​ចម្បង​របស់​យើង គឺ​ទាញ​នាំ​មនុស្ស​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា និង​ជួយ​ពួក​គេ​ឲ្យ​មាន​អារម្មណ៍​ដូច​យើង​ចំពោះ​បិតា​ជា​ទី​ស្រឡាញ់​របស់​យើង។ (​យ៉ា. ៤:៨​) យើង​សប្បាយ​រីករាយ​បង្ហាញ​មនុស្ស​អំពី​របៀប​ដែល​គម្ពីរ​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា។ គម្ពីរ​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់ យុត្តិធម៌ ប្រាជ្ញា ឫទ្ធានុភាព និង​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​ឯ​ទៀត​របស់​លោក។ យើង​ក៏​សរសើរ​ព្រះ​យេហូវ៉ា​និង​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ដោយ​ព្យាយាម​យក​តម្រាប់​លោក។ (​អេភ. ៥:១​) ពេល​យើង​ធ្វើ​ដូច្នេះ អ្នក​ឯ​ទៀត​ប្រហែល​ជា​កត់​សម្គាល់​ថា​យើង​ខុស​ពី​មនុស្ស​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ ហើយ​ពួក​គេ​ប្រហែល​ជា​ឆ្ងល់​អំពី​មូលហេតុ។ (​ម៉ាថ. ៥:១៤​-​១៦​) កាល​ដែល​យើង​និយាយ​ជា​មួយ​ពួក​គេ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង យើង​ប្រហែល​ជា​អាច​ពន្យល់​ពួក​គេ​ថា​ហេតុ​អ្វី​យើង​ប្រព្រឹត្ត​ដូច​នេះ។ ជា​លទ្ធផល មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ចង់​ចូល​ទៅ​ជិត​ព្រះ​របស់​យើង។ ពេល​យើង​សរសើរ​ព្រះ​យេហូវ៉ា​តាម​របៀប​ទាំង​នេះ យើង​ធ្វើ​ឲ្យ​ចិត្ត​លោក​អរ​សប្បាយ។—១ធី. ២:៣, ៤

យើង​នាំ​ឲ្យ​លោក​យេស៊ូ​ពេញ​ចិត្ត​ពេល​យើង​សរសើរ​នាម​ព្រះ​យេហូវ៉ា

៨. តើ​លោក​យេស៊ូ​បាន​នាំ​មុខ​យ៉ាង​ណា​ក្នុង​ការ​សរសើរ​នាម​របស់​ព្រះ​យេហូវ៉ា?

គ្មាន​បុគ្គល​ណា​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែន​ដី​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ជាង​លោក​យេស៊ូ​ទេ។ (​ម៉ាថ. ១១:២៧​) លោក​យេស៊ូ​ស្រឡាញ់​បិតា​លោក ហើយ​លោក​បាន​នាំ​មុខ​ក្នុង​ការ​សរសើរ​នាម​របស់​ព្រះ​យេហូវ៉ា។ (​យ៉ូន. ១៤:៣១​) ក្នុង​សេចក្ដី​អធិដ្ឋាន​មួយ​ទៅ​បិតា​របស់​លោក​នៅ​យប់​មុន​លោក​ស្លាប់ លោក​បាន​សង្ខេប​អំពី​កិច្ច​បម្រើ​របស់​លោក​នៅ​ផែន​ដី ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​បង្ហាញ​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក​»។ (​យ៉ូន. ១៧:២៦​) តើ​លោក​ចង់​មាន​ន័យ​យ៉ាង​ណា?

៩. តើ​លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​អ្វី​ដើម្បី​ពន្យល់​អំពី​បិតា​របស់​លោក​យ៉ាង​ច្បាស់?

លោក​យេស៊ូ​មិន​គ្រាន់​តែ​ប្រាប់​មនុស្ស​ថា​នាម​របស់​ព្រះ​គឺ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ។ ជន​ជាតិ​យូដា​ដែល​លោក​យេស៊ូ​បាន​បង្រៀន ស្គាល់​នាម​របស់​ព្រះ​រួច​ហើយ។ ប៉ុន្តែ លោក​យេស៊ូ​បាន​នាំ​មុខ​ក្នុង​ការ​ធ្វើ​ជា​«​អ្នក​ដែល​បាន​ពន្យល់​អំពី​លោក​»។ (​យ៉ូន. ១:១៧, ១៨​) ជា​ឧទាហរណ៍ បទ​គម្ពីរ​ភាសា​ហេប្រឺ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​អាណិត​អាសូរ។ (​ដច. ៣៤:៥​-​៧​) លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​សេចក្ដី​ពិត​នោះ​លេច​ធ្លោ​យ៉ាង​ច្បាស់​ជាង ពេល​ដែល​លោក​រៀប​រាប់​ឧទាហរណ៍​អំពី​កូន​ដែល​វង្វេង​បាត់​និង​ឪពុក​របស់​គាត់។ កាល​ដែល​យើង​អាន​ថា​ឪពុក​នោះ​ក្រឡេក​ទៅ​ឃើញ​កូន​ដែល​ប្រែ​ចិត្ត​«​ពេល​ដែល​គាត់​នៅ​ឆ្ងាយ​នៅ​ឡើយ​»​ ឪពុក​បាន​រត់​ទៅ​ជួប​កូន ឱប​កូន និង​អភ័យ​ទោស​ឲ្យ​កូន​យ៉ាង​អស់​ពី​ដួង​ចិត្ត យើង​ឃើញ​ច្បាស់​ថា​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​អាណិត​អាសូរ​របស់​ព្រះ​យេហូវ៉ា​គឺ​ខ្លាំង​យ៉ាង​ណា។ (​លូក. ១៥:​១១​-​៣២​) លោក​យេស៊ូ​បាន​បើក​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​បុគ្គល​បែប​ណា។

១០. (​ក​) តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​លោក​យេស៊ូ​បាន​ប្រើ​នាម​ផ្ទាល់​របស់​បិតា​លោក ហើយ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​ដូច្នេះ​ដែរ? (​ម៉ាកុស ៥:១៩​) (​សូម​មើល​រូប​ភាព​ផង​ដែរ​) (​ខ​)​ តើ​លោក​យេស៊ូ​ចង់​ឲ្យ​យើង​ធ្វើ​អ្វី​នៅ​សព្វ​ថ្ងៃ​នេះ?

១០ តើ​លោក​យេស៊ូ​ក៏​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ប្រើ​នាម​ផ្ទាល់​របស់​បិតា​លោក​ឬ​ទេ? ច្បាស់​ជា​ចង់។ អ្នក​ដឹក​នាំ​សាសនា​ខ្លះ​ប្រហែល​ជា​បាន​ជឿ​ថា​ការ​ហៅ​នាម​របស់​ព្រះ គឺ​មិន​បង្ហាញ​ការ​គោរព​ទេ។ ប៉ុន្តែ លោក​យេស៊ូ​មិន​ដែល​ឲ្យ​ទំនៀម​ទម្លាប់​បែប​នេះ​ដែល​មិន​មាន​មូលដ្ឋាន​លើ​គម្ពីរ​រា​រាំង​លោក​ពី​ការ​លើក​កិត្តិយស​នាម​របស់​បិតា​លោក​ទេ។ សូម​គិត​អំពី​ពេល​ដែល​លោក​ធ្វើ​ឲ្យ​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​កំណាច​ចូល​ជា​សះ​ស្បើយ​នៅ​តំបន់​កេរ៉ាសា។ បណ្ដា​ជន​បាន​ភ័យ​ខ្លាច ហើយ​អង្វរ​លោក​ឲ្យ​ចាក​ចេញ​ពី​តំបន់​របស់​ពួក​គេ។ ដូច្នេះ លោក​មិន​បន្ត​នៅ​ទី​នោះ​ទេ។ (​ម៉ាក. ៥:១៦, ១៧​) ប៉ុន្តែ លោក​យេស៊ូ​ចង់​ឲ្យ​គេ​ស្គាល់​នាម​របស់​ព្រះ​យេហូវ៉ា​នៅ​ទី​នោះ។ ហេតុ​នេះ លោក​យេស៊ូ​បាន​ប្រាប់​បុរស​ដែល​បាន​ជា​សះ​ស្បើយ​នោះ​ឲ្យ​ប្រាប់​បណ្ដា​ជន​មិន​មែន​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ​ទេ តែ​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ។ (​សូម​អាន ម៉ាកុស ៥:១៩) a សព្វ​ថ្ងៃ​នេះ លោក​ក៏​ចង់​ឲ្យ​យើង​ធ្វើ​ដូច្នេះ​ដែរ ពោល​គឺ​ធ្វើ​ឲ្យ​គេ​ស្គាល់​នាម​របស់​បិតា​លោក​នៅ​ទូ​ទាំង​ពិភព​លោក! (​ម៉ាថ. ២៤:១៤; ២៨:១៩, ២០​) ពេល​យើង​ធ្វើ​ដូច្នេះ យើង​ធ្វើ​ឲ្យ​លោក​យេស៊ូ​ដែល​ជា​ស្ដេច​របស់​យើង​ពេញ​ចិត្ត។

លោក​យេស៊ូ​បាន​បង្គាប់​បុរស​ដែល​ធ្លាប់​មាន​វិញ្ញាណ​កំណាច​ចូល​ឲ្យ​ប្រាប់​បណ្ដា​ជន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់ ​(​សូម​មើល​វគ្គ​១០​)​


១១. តើ​លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​អំពី​អ្វី ហើយ​ហេតុ​អ្វី​នេះ​សំខាន់? (​អេសេគាល ៣៦:២៣​)

១១ លោក​យេស៊ូ​ដឹង​ថា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​គឺ​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ ពោល​គឺ​ជម្រះ​អស់​ទាំង​ការ​តិះ​ដៀល​ចេញ​ពី​នាម​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ម្ចាស់​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ថា​៖ ​«​ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។ (​ម៉ាថ. ៦:៩​) លោក​យេស៊ូ​យល់​ថា​នេះ​គឺ​ជា​រឿង​សំខាន់​បំផុត​ដែល​ជាប់​ទាក់​ទង​នឹង​បុគ្គល​គ្រប់​រូប។ (​សូម​អាន អេសេគាល ៣៦:២៣) គ្មាន​បុគ្គល​ណា​ក្នុង​សកល​លោក​នេះ​ដែល​បាន​ធ្វើ​ច្រើន​ជាង​លោក​យេស៊ូ​ដើម្បី​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ​ទេ។ ប៉ុន្តែ​ពេល​លោក​យេស៊ូ​បាន​ត្រូវ​គេ​ចាប់​ខ្លួន តើ​ពួក​សត្រូវ​របស់​លោក​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​អ្វី? គឺ​ពី​បទ​ជេរ​ប្រមាថ​ព្រះ! លោក​យេស៊ូ​ច្បាស់​ជា​ដឹង​ថា​ការ​ប្រមាថ​ឬ​ការ​បង្កាច់​បង្ខូច​នាម​ដ៏​បរិសុទ្ធ​របស់​បិតា​លោក គឺ​ជា​អំពើ​ខុស​ឆ្គង​ដ៏​អាក្រក់​បំផុត។ លោក​ឈឺ​ចិត្ត​ខ្លាំង​ណាស់​ដែល​គេ​នឹង​ចោទ​ប្រកាន់​និង​កាត់​ក្ដី​លោក​ចំពោះ​បទ​ឧក្រិដ្ឋ​នេះ។ នេះ​ប្រហែល​ជា​មូលហេតុ​ចម្បង​មួយ​ដែល​លោក​យេស៊ូ​«​កើត​ទុក្ខ​ក្រៃ​លែង​»​នៅ​ប៉ុន្មាន​ម៉ោង​មុន​ដែល​លោក​បាន​ត្រូវ​គេ​ចាប់​ខ្លួន។—លូក. ២២:៤១​-​៤៤

១២. តើ​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​នាម​របស់​បិតា​លោក​បាន​បរិសុទ្ធ​តាម​របៀប​ដ៏​ធំ​ជាង​គេ​អ្វី?

១២ ដើម្បី​ធ្វើ​ឲ្យ​នាម​របស់​បិតា​លោក​បាន​បរិសុទ្ធ លោក​យេស៊ូ​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់ ការ​ប្រមាថ និង​ការ​បង្កាច់​បង្ខូច​សព្វ​បែប​យ៉ាង​ដែល​កើត​មាន​មក​លើ​លោក។ លោក​ដឹង​ថា​លោក​បាន​ស្ដាប់​បង្គាប់​បិតា​លោក​ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​ថា​លោក​គ្មាន​ហេតុ​អាម៉ាស់​ខ្មាស​ទាល់​តែ​សោះ។ (​ហេ. ១២:២​) លោក​ក៏​បាន​ដឹង​ថា​សាថាន​វាយ​ប្រហារ​យ៉ាង​ចំ​ៗ​មក​លើ​លោក​ក្នុង​គ្រា​ដ៏​ពិបាក​នោះ។ (​លូក. ២២:២​-​៤; ២៣:៣៣, ៣៤​) សាថាន​ប្រាកដ​ជា​សង្ឃឹម​ថា​វា​អាច​ធ្វើ​ឲ្យ​លោក​យេស៊ូ​លែង​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ ប៉ុន្តែ​សាថាន​បរាជ័យ​ទាំង​ស្រុង! លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​សាថាន​គឺ​ជា​អ្នក​ភូត​ភរ​ដ៏​សាហាវ ហើយ​ថា​ព្រះ​យេហូវ៉ា​មាន​អ្នក​បម្រើ​ដ៏​ស្មោះ​ភក្ដី​ដែល​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ ទោះ​ជា​ឆ្លង​កាត់​ការ​ល្បង​ល​ដ៏​ខ្លាំង​បំផុត​ក្ដី!

១៣. តើ​អ្នក​អាច​ធ្វើ​ឲ្យ​ស្ដេច​ដែល​កំពុង​គ្រង​រាជ្យ​ពេញ​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១៣ តើ​អ្នក​ចង់​ធ្វើ​ឲ្យ​ស្ដេច​របស់​អ្នក​ដែល​កំពុង​គ្រង​រាជ្យ​ពេញ​ចិត្ត​ឬ​ទេ? បើ​ដូច្នេះ សូម​បន្ត​សរសើរ​ដល់​នាម​របស់​ព្រះ​យេហូវ៉ា ដោយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ដឹង​ថា​ព្រះ​របស់​យើង​ពិត​ជា​ព្រះ​បែប​ណា។ ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​កំពុង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ។ (​១ពេ. ២:២១​) ដូច​លោក​យេស៊ូ អ្នក​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​អរ​សប្បាយ ហើយ​អ្នក​បង្ហាញ​ថា​សាថាន​ដែល​ជា​សត្រូវ​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​ភូត​ភរ​ដ៏​អាក្រក់!

យើង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ពេល​យើង​សរសើរ​នាម​របស់​ព្រះ​យេហូវ៉ា

១៤​-​១៥. តើ​មាន​អ្វី​ដ៏​អស្ចារ្យ​អាច​កើត​ឡើង​ពេល​យើង​បង្រៀន​មនុស្ស​អំពី​ព្រះ​យេហូវ៉ា?

១៤ ពេល​យើង​សរសើរ​ដល់​នាម​របស់​ព្រះ​យេហូវ៉ា យើង​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ឯ​ទៀត។ តើ​តាម​របៀប​ណា? សាថាន​«​បាន​ធ្វើ​ឲ្យ​គំនិត​របស់​ពួក​អ្នក​មិន​ជឿ​ទៅ​ជា​ងងឹត​»។ (​២កូ. ៤:៤​) ជា​លទ្ធផល ពួក​គេ​បាន​ជឿ​ពាក្យ​ភូត​ភរ​របស់​សាថាន​ដូច​ជា គ្មាន​ព្រះ​ទេ ព្រះ​នៅ​ឆ្ងាយ​ពី​យើង ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្សជាតិ ព្រះ​គ្មាន​មេត្តា និង​ដាក់​ទារុណកម្ម​អ្នក​ធ្វើ​ខុស​ជា​រៀង​រហូត។ ពាក្យ​ភូត​ភរ​បែប​នេះ​មាន​គោល​បំណង​តែ​មួយ​គត់ គឺ​គ្រប​បាំង​ឬ​បង្ខូច​នាម​និង​កេរ្តិ៍​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​មនុស្ស​មិន​ចង់​ចូល​ទៅ​ជិត​លោក។ ប៉ុន្តែ កិច្ច​ការ​របស់​យើង​មិន​ឲ្យ​សាថាន​សម្រេច​គោល​បំណង​របស់​វា​បាន​ទេ។ យើង​បង្រៀន​មនុស្ស​សេចក្ដី​ពិត​អំពី​បិតា​របស់​យើង​ដោយ​សរសើរ​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ​យើង។ តើ​នេះ​មាន​លទ្ធផល​អ្វី?

១៥ សេចក្ដី​ពិត​ពី​បណ្ដាំ​ព្រះ​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា។ ពេល​យើង​បង្រៀន​មនុស្ស​អំពី​ព្រះ​យេហូវ៉ា​និង​គុណ​សម្បត្តិ​របស់​លោក យើង​ឃើញ​អ្វី​ដ៏​អស្ចារ្យ។ មនុស្ស​លែង​ចាញ់​បោក​ការ​ភូត​ភរ​របស់​សាថាន ហើយ​ពួក​គេ​អាច​ចាប់​ផ្ដើម​ឃើញ​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​របស់​បិតា​យើង។ ពួក​គេ​មាន​ការ​ស្ញប់​ស្ញែង​ចំពោះ​ឫទ្ធានុភាព​ដែល​គ្មាន​កម្រិត​របស់​លោក។ (​អេ. ៤០:២៦​) ពួក​គេ​រៀន​ទុក​ចិត្ត​លោក​ដោយ​សារ​យុត្តិធម៌​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក។ (​បច. ៣២:៤​) ពួក​គេ​រៀន​ច្រើន​ពី​ប្រាជ្ញា​ដ៏​ធំ​ធេង​របស់​លោក។ (​អេ. ៥៥:៩; រ៉ូម ១១:៣៣​) ម្យ៉ាង​ទៀត ពួក​គេ​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​រៀន​ថា​លោក​គឺ​ជា​សេចក្ដី​ស្រឡាញ់។ (​១យ៉ូន. ៤:៨​) កាល​ដែល​ពួក​គេ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា សេចក្ដី​សង្ឃឹម​របស់​ពួក​គេ​អំពី​ការ​រស់​នៅ​ជា​រៀង​រហូត​ជា​កូន​របស់​លោក ទៅ​ជា​ពិត​ប្រាកដ​ចំពោះ​ពួក​គេ។ យើង​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ចូល​ទៅ​ជិត​បិតា​នៅ​ស្ថាន​សួគ៌! ពេល​យើង​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​ចាត់​ទុក​យើង​ជា​«​អ្នក​រួម​ការ​ងារ​»​ជា​មួយ​នឹង​លោក។—១កូ. ៣:៥,

១៦. តើ​ការ​ស្គាល់​នាម​របស់​ព្រះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​អ្នក​ខ្លះ? សូម​លើក​ឧទាហរណ៍។

១៦ ដំបូង យើង​ប្រហែល​ជា​បង្រៀន​មនុស្ស​ថា​នាម​របស់​ព្រះ​គឺ​យេហូវ៉ា។ នេះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ។ ជា​ឧទាហរណ៍ បង​ស្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​អេលីអា bបាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​មិន​ធ្វើ​តាម​គម្ពីរ។ ប៉ុន្តែ គាត់​មិន​សូវ​ពេញ​ចិត្ត​នឹង​សាសនា​របស់​គាត់ ហើយ​ក៏​មិន​មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​ព្រះ​ទេ។ នេះ​បាន​ផ្លាស់​ប្ដូរ​ក្រោយ​ពី​គាត់​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​សាក្សី។ គាត់​បាន​ចាប់​ផ្ដើម​ចាត់​ទុក​ព្រះ​ជា​មិត្ត​របស់​គាត់ ហើយ​បាន​ភ្ញាក់​ផ្អើល​ដោយ​រៀន​ថា​នាម​របស់​ព្រះ​បាន​ត្រូវ​គេ​ដក​ចេញ​ពី​គម្ពីរ​ជា​ច្រើន និង​បាន​ត្រូវ​ជំនួស​ដោយ​ឋានៈ​ផ្សេង​ៗ​ដូច​ជា​ព្រះ​ជា​ម្ចាស់។ ការ​រៀន​ឲ្យ​ស្គាល់​នាម​របស់​ព្រះ​យេហូវ៉ា​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​គាត់។ គាត់​លាន់​មាត់​ថា​៖ ​«​មិត្ត​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ​មាន​ឈ្មោះ!​»។ តើ​នោះ​មាន​លទ្ធផល​យ៉ាង​ណា? គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ជា​ខ្លាំង​ឥឡូវ​នេះ ហើយ​មាន​អារម្មណ៍​ថា​ជា​ពរ​ដ៏​ធំ​មួយ​ដែល​ខ្ញុំ​ស្គាល់​នាម​ព្រះ​យេហូវ៉ា​»។ បុរស​ម្នាក់​ឈ្មោះ​ស្ទេវ​ជា​តន្ត្រីករ​ម្នាក់ ហើយ​ធ្លាប់​កាន់​សាសនា​យូដា​ដែល​មាន​វិន័យ​តឹង​រ៉ឹង។ គាត់​មិន​ចង់​ធ្វើ​ជា​សមាជិក​សាសនា​ណា​មួយ ដោយ​សារ​គាត់​បាន​ឃើញ​ការ​ពុត​ត្បុត​ជា​ច្រើន។ ប៉ុន្តែ​នៅ​គ្រា​មួយ​ដែល​គាត់​មាន​ទុក្ខ​ដោយ​សារ​ម្ដាយ​ស្លាប់ គាត់​បាន​យល់​ព្រម​អង្គុយ​ស្ដាប់​ការ​បង្រៀន​គម្ពីរ​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ការ​រៀន​អំពី​នាម​របស់​ព្រះ​បាន​ប៉ះ​ពាល់​ដល់​ចិត្ត​គាត់​យ៉ាង​ខ្លាំង។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ដែល​រៀន​អំពី​នាម​របស់​ព្រះ​ទេ​»។ គាត់​បន្ថែម​ថា​៖ ​«​នេះ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​យល់​ថា​មាន​ព្រះ​មែន! ខ្ញុំ​យល់​ថា​លោក​ជា​បុគ្គល​ម្នាក់ ហើយ​គឺ​ពេល​នោះ​ដែល​ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​រក​ឃើញ​មិត្ត​ម្នាក់​»។

១៧. ហេតុ​អ្វី​អ្នក​តាំង​ចិត្ត​បន្ដ​សរសើរ​នាម​ព្រះ​យេហូវ៉ា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៧ ពេល​អ្នក​ផ្សព្វ​ផ្សាយ​និង​បង្រៀន​គេ តើ​អ្នក​ប្រាប់​ពួក​គេ​អំពី​នាម​ដ៏​ពិសិដ្ឋ​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​អ្នក​ជួយ​ពួក​គេ​ឲ្យ​ឃើញ​ថា​ព្រះ​របស់​យើង​គឺ​ពិត​ជា​ព្រះ​បែប​ណា​ឬ​ទេ? ដោយ​ធ្វើ​ដូច្នេះ អ្នក​សរសើរ​នាម​របស់​ព្រះ។ សូម​អ្នក​បន្ដ​សរសើរ​ដល់​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ដោយ​ជួយ​មនុស្ស​ឲ្យ​ស្គាល់​ថា​លោក​ពិត​ជា​បុគ្គល​បែប​ណា។ យ៉ាង​នេះ អ្នក​នឹង​សង្គ្រោះ​ជីវិត​មនុស្ស។ អ្នក​នឹង​ធ្វើ​តាម​ការ​ដឹក​នាំ​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្ដេច​របស់​អ្នក ហើយ​សំខាន់​បំផុត អ្នក​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​អ្នក​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពេញ​ចិត្ត។ សូម​អ្នក​«​សរសើរ​នាម​របស់​លោក​រហូត​ត​ទៅ​»​!—ចសព. ១៤៥:២

យើង​សរសើរ​នាម​របស់​ព្រះ​យេហូវ៉ា​ដោយ​បង្រៀន​មនុស្ស​អំពី​នាម​នោះ​ហើយ​បង្ហាញ​ពួក​គេ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​បែប​ណា ​(​សូម​មើល​វគ្គ​១៧​)​

តើ​តាម​របៀប​ណា​ការ​សរសើរ​នាម​របស់​ព្រះ . . .

  • នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?

  • នាំ​ឲ្យ​លោក​យេស៊ូ​គ្រិស្ត​ពេញ​ចិត្ត?

  • សង្គ្រោះ​ជីវិត​មនុស្ស?

ចម្រៀង​លេខ​២ នាម​លោក​គឺ​យេហូវ៉ា

a មាន​ទី​សំអាង​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​ម៉ាកុស​បាន​ប្រើ​នាម​ព្រះ​ក្នុង​ពាក្យ​ដក​ស្រង់​របស់​លោក​យេស៊ូ​នៅ​ទី​នេះ។ ដូច្នេះ នាម​ព្រះ​បាន​ត្រូវ​ដាក់​បញ្ចូល​ឡើង​វិញ​ក្នុង​គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។

b ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។