លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៧

ចម្រៀង​លេខ​៥១ យើង​ប្រគល់​ខ្លួន​ជូន​ព្រះ!

មេរៀនដែលយើងអាចរៀនពីពួកណាសារីត

មេរៀនដែលយើងអាចរៀនពីពួកណាសារីត

«​ក្នុង​អំឡុង​ពេល​ដែល​គាត់​ជា​ជន​ណាសារីត គាត់​គឺ​បរិសុទ្ធ​ចំពោះ​ព្រះ​យេហូវ៉ា​»។ជប. ៦:៨

ចំណុច​ផ្ដោត

របៀប​ដែល​គំរូ​របស់​ពួក​ណាសារីត​អាច​ជួយ​យើង​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​ចិត្ត​គំនិត​លះ​បង់​និង​ចិត្ត​ក្លាហាន។

១. ក្នុង​ប្រវត្តិសាស្ត្រ តើ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចិត្ត​គំនិត​បែប​ណា?

 តើ​អ្នក​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា​ឬ​ទេ? អ្នក​ច្បាស់​ជា​ឲ្យ​តម្លៃ។ តាម​ពិត មិន​មែន​មាន​តែ​អ្នក​ប៉ុណ្ណោះ​ទេ តាំង​ពី​សម័យ​បុរាណ​មនុស្ស​ឥត​គណនា​មាន​ទស្សនៈ​ដូច​អ្នក​ដែរ។ (​ចសព. ១០៤:៣៣, ៣៤​) មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ការ​លះ​បង់​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ នេះ​ជា​អ្វី​ដែល​ពួក​ណាសារីត​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ​បាន​ធ្វើ។ តើ​ពួក​គេ​ជា​អ្នក​ណា ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ពួក​គេ?

២. (​ក​) តើ​ជន​ណាសារីត​ជា​អ្នក​ណា? (​ជំរឿន​បណ្ដា​ជន ៦:១, ២​) (​ខ​) ហេតុ​អ្វី​ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​សម្រេច​ចិត្ត​ស្បថ​ធ្វើ​ជា​ជន​ណាសារីត?

ពាក្យ​«​ណាសារីត​»​មក​ពី​ពាក្យ​ជា​ភាសា​ហេប្រឺ​ដែល​មាន​ន័យ​ថា​«​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​»​ ​«​អ្នក​ដែល​បាន​ត្រូវ​ញែក​ចេញ​»​ ឬ​«​អ្នក​ដែល​បាន​ប្រគល់​ខ្លួន​»។ ពួក​ណាសារីត​ជា​ជន​ជាតិ​អ៊ីស្រាអែល​ដ៏​ខ្នះខ្នែង​ដែល​បាន​ធ្វើ​ការ​លះ​បង់​មួយ​ចំនួន​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ដ៏​ពិសេស។ ច្បាប់​ម៉ូសេ​បាន​អនុញ្ញាត​ឲ្យ​បុរស​ឬ​ស្ត្រី​ធ្វើ​សម្បថ​ពិសេស​មួយ​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​សម្រេច​ចិត្ត​រស់​នៅ​ជា​ជន​ណាសារីត​អស់​មួយ​រយៈ​ពេល។ a (​សូម​អាន ជំរឿន​បណ្ដា​ជន ៦:១, ២) សម្បថ​នេះ​រួម​បញ្ចូល​ការ​ធ្វើ​តាម​ការ​ណែនាំ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀត​មិន​ចាំ​បាច់​ធ្វើ​តាម​ទេ។ ដូច្នេះ ហេតុ​អ្វី​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​ជន​ណាសារីត? គាត់​ទំនង​ជា​ធ្វើ​ដូច្នេះ ដោយ​សារ​គាត់​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា និង​មាន​ចិត្ត​កតញ្ញូ​ដ៏​ស្មោះ​ចំពោះ​ពរ​ជា​ច្រើន​ពី​លោក។—បច. ៦:៥; ១៦:១៧

៣. តើ​រាស្ត្រ​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ​ស្រដៀង​នឹង​ពួក​ណាសារីត​យ៉ាង​ដូច​ម្ដេច?

ការ​រៀប​ចំ​ឲ្យ​មាន​ពួក​ណាសារីត​បាន​ត្រូវ​បញ្ចប់​ពេល​ច្បាប់​ម៉ូសេ​បាន​ត្រូវ​ជំនួស​ដោយ​«​ច្បាប់​គ្រិស្ត​»។ (​កាឡ. ៦:​២; រ៉ូម ១០:៤​) ប៉ុន្តែ​ដូច​ពួក​ណាសារីត រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​បន្ត​បង្ហាញ​បំណង​ចិត្ត​ជា​ខ្លាំង​ដើម្បី​បម្រើ​លោក​ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត អស់​ពី​សមត្ថភាព​រិះ​គិត និង​អស់​ពី​កម្លាំង​កាយ។ (​ម៉ាក. ១២:៣០​) យើង​សុខ​ចិត្ត​ស្បថ​ធ្វើ​ដូច្នេះ​ពេល​យើង​ប្រគល់​ខ្លួន​ជូន​លោក។ ដើម្បី​រស់​នៅ​ស្រប​តាម​ពាក្យ​សម្បថ​នេះ យើង​ត្រូវ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​និង​ធ្វើ​ការ​លះ​បង់​ដើម្បី​បម្រើ​លោក។ កាល​ដែល​យើង​ពិចារណា​អំពី​របៀប​ដែល​ពួក​ណាសារីត​ធ្វើ​តាម​សម្បថ​របស់​ពួក​គេ យើង​អាច​រៀន​មេ​រៀន​ដ៏​មាន​តម្លៃ​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​សម្បថ​របស់​យើង។ b (​ម៉ាថ. ១៦:​២៤​) សូម​យើង​ពិចារណា​ឧទាហរណ៍​ខ្លះ។

ចូរ​ធ្វើ​ការ​លះ​បង់

៤. យោង​ទៅ​តាម​ជំរឿន​បណ្ដា​ជន ៦:៣, ៤ តើ​ពួក​ណាសារីត​បាន​លះ​បង់​អ្វី?

សូម​អាន ជំរឿន​បណ្ដា​ជន ៦:៣, ៤ ពួក​ណាសារីត​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ពិសា​ស្រា​និង​បរិភោគ​អ្វី​ខ្លះ ដូច​ជា​ផ្លែ​ទំពាំង​បាយ​ជូរ​និង​ទំពាំង​បាយ​ជូរ​ក្រៀម​ទេ។ មនុស្ស​ជុំ​វិញ​ពួក​គេ​បរិភោគ​អាហារ​ទាំង​នោះ​ជា​រឿយ​ៗ ហើយ​អ្វី​ៗ​ទាំង​នោះ​ក៏​មិន​ខុស​ដែរ។ តាម​ពិត គម្ពីរ​រៀប​រាប់​អំពី​«​ស្រា​ទំពាំង​បាយ​ជូរ​ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​មនុស្ស​សប្បាយ​រីករាយ​»​ថា​ជា​អំណោយ​ពី​ព្រះ។ (​ចសព. ១០៤:១៤, ១៥​) ទោះ​ជា​អ្វី​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​កាន់​តែ​សប្បាយ​ក្ដី ពួក​ណាសារីត​សុខ​ចិត្ត​លះ​បង់​ដោយ​ជៀស​វាង​ពី​អ្វី​ទាំង​នេះ។ c

តើ​អ្នក​សុខ​ចិត្ត​ធ្វើ​ការ​លះ​បង់​ដូច​ពួក​ណាសារីត​សុខ​ចិត្ត​ធ្វើ​ឬ​ទេ? ​(​សូម​មើល​វគ្គ​៤​-​៦​)​


៥. តើ​បង​ម៉ាដៀន​និង​បង​ម៉ាសិឡា​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​លះ​បង់​អ្វី ហើយ​ហេតុ​អ្វី?

ដូច​ពួក​ណាសារីត យើង​ក៏​ធ្វើ​ការ​លះ​បង់​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ពេញ​លេញ​ជាង។ សូម​គិត​អំពី​គំរូ​របស់​បង​ប្រុស​ម៉ាដៀន​និង​បង​ស្រី​ម៉ាសិឡា។ ប្ដី​ប្រពន្ធ​គ្រិស្ត​សាសនិក​នេះ​មាន​ជីវិត​ស្រណុក​សុខ​ស្រួល។ បង​ម៉ាដៀន​មាន​ការ​ងារ​ល្អ ហើយ​ពួក​គាត់​រស់​នៅ​ក្នុង​អាផាតមិន​ដ៏​ស្អាត​មួយ។ ប៉ុន្តែ ពួក​គាត់​ចង់​ធ្វើ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ដើម្បី​សម្រេច​គោល​ដៅ​នេះ ពួក​គាត់​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​កែ​ប្រែ​ខ្លះ។ ពួក​គាត់​បាន​និយាយ​ថា​៖ ​«​យើង​បាន​ចាប់​ផ្ដើម​កាត់​បន្ថយ​ការ​ចំណាយ​របស់​យើង យើង​រើ​ទៅ​អាផាតមិន​តូច​ជាង ហើយ​លក់​ឡាន​របស់​យើង​»។ បងម៉ាដៀន​និង​បង​ម៉ាសិឡា​មិន​ចាំ​បាច់​ធ្វើ​ការ​លះ​បង់​ទាំង​នេះ​ទេ។ ប៉ុន្តែ​ពួក​គាត់​សម្រេច​ចិត្ត​ធ្វើ​អ្វី​ទាំង​នេះ ដោយ​សារ​នោះ​អនុញ្ញាត​ឲ្យ​ពួក​គាត់​បង្កើន​កិច្ច​បម្រើ។ ពួក​គាត់​ស្កប់​ចិត្ត​និង​សប្បាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់។

៦. ហេតុ​អ្វី​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​ធ្វើ​ការ​លះ​បង់? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​នេះ​សប្បាយ​ចិត្ត​ធ្វើ​ការ​លះ​បង់​ផ្សេង​ៗ​ដើម្បី​មាន​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ។ (​១កូ. ៩:៣​-​៦​) ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​យើង​ធ្វើ​ដូច្នេះ​ឡើយ ហើយ​អ្វី​ៗ​ដែល​យើង​លះ​បង់​មិន​មែន​ជា​អ្វី​ដែល​ខុស​ទេ។ ជា​ឧទាហរណ៍ បង​ប្អូន​ខ្លះ​សុខ​ចិត្ត​មិន​មាន​ផ្ទះ​ផ្ទាល់​ខ្លួន មិន​ចិញ្ចឹម​សត្វ ឬ​ធ្វើ​ការ​ងារ​ដែល​ខ្លួន​ចូល​ចិត្ត។ បង​ប្អូន​ជា​ច្រើន​សម្រេច​ចិត្ត​មិន​ឆាប់​រៀប​ការ ឬ​សម្រេច​ចិត្ត​មិន​មាន​កូន​ភ្លាម​ៗ​ក្រោយ​ពី​រៀប​ការ។ បង​ប្អូន​ឯ​ទៀត​សម្រេច​ចិត្ត​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង ទោះ​ជា​នេះ​មាន​ន័យ​ថា​ពួក​គេ​ត្រូវ​រស់​នៅ​ឆ្ងាយ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់​ក្ដី។ យើង​ជា​ច្រើន​នាក់​សុខ​ចិត្ត​ធ្វើ​ការ​លះ​បង់​ទាំង​នេះ ដោយ​សារ​យើង​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​សមត្ថភាព។ សូម​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ការ​លះ​បង់​ណា​ក៏​ដោយ​ដែល​អ្នក​ធ្វើ​ដើម្បី​បម្រើ​លោក មិន​ថា​នោះ​តូច​ឬ​ធំ​ក្ដី។—ហេ. ៦:១០

ចូរ​សុខ​ចិត្ត​ធ្វើ​ខុស​ពី​គេ

៧. តើ​ជន​ណាសារីត​ប្រហែល​ជា​មាន​ការ​ពិបាក​អ្វី​ក្នុង​ការ​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​ខ្លួន? (​ជំរឿន​បណ្ដា​ជន ៦:៥​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

សូម​អាន ជំរឿន​បណ្ដា​ជន ៦:៥ ពួក​ណាសារីត​បាន​ស្បថ​ថា​មិន​កាត់​សក់​របស់​ពួក​គេ​ទេ។ នេះ​ជា​របៀប​មួយ​ដើម្បី​បង្ហាញ​ការ​ចុះ​ចូល​ទាំង​ស្រុង​ចំពោះ​ព្រះ​យេហូវ៉ា។ បើ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​ជា​ជន​ណាសារីត​អស់​រយៈ​ពេល​យូរ សក់​របស់​គាត់​នឹង​ដុះ​វែង ហើយ​អ្នក​ឯ​ទៀត​នឹង​ងាយ​កត់​សម្គាល់។ បើ​អ្នក​ឯ​ទៀត​គោរព​និង​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​គាត់ ជន​ណាសារីត​ងាយ​ស្រួល​ជាង​ធ្វើ​ខុស​ពី​គេ។ ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ណាស់ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ពេល​ខ្លះ​ដែល​ពួក​ណាសារីត​មិន​បាន​ត្រូវ​គេ​ឲ្យ​តម្លៃ​ឬ​គាំទ្រ​ទេ។ ក្នុង​អំឡុង​សម័យ​របស់​អ្នក​ប្រកាស​ទំនាយ​អេម៉ុស ជន​ជាតិ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ​«​ចេះ​តែ​ឲ្យ​ស្រា​ដល់​ពួក​ណាសារីត​ផឹក​»​ ទំនង​ជា​ក្នុង​បំណង​ធ្វើ​ឲ្យ​ពួក​គេ​បំពាន​ពាក្យ​សម្បថ​មិន​ផឹក​ស្រា។ (​អេម. ២:១២​) ជួន​កាល ជន​ណាសារីត​ទំនង​ជា​ត្រូវ​ការ​ចិត្ត​ក្លាហាន​ជា​ខ្លាំង​ដើម្បី​ធ្វើ​តាម​ពាក្យ​សម្បថ​ដែល​នាំ​ឲ្យ​ពួក​គេ​ធ្វើ​ខុស​ពី​គេ។

ជន​ណាសារីត​ដែល​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​គាត់​សុខ​ចិត្ត​ធ្វើ​ខុស​ពី​គេ ​(​សូម​មើល​វគ្គ​៧​)​


៨. ហេតុ​អ្វី​បទ​ពិសោធន៍​របស់​ប្អូន​បេនយ៉ាមីន​លើក​ទឹក​ចិត្ត​អ្នក?

ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​ក៏​អាច​មាន​ចិត្ត​ក្លាហាន​ធ្វើ​ខុស​ពី​គេ​ដែរ ទោះ​ជា​យើង​ជា​មនុស្ស​អៀន​ឬ​ខ្វះ​ទំនុក​ចិត្ត​ក្ដី។ សូម​គិត​អំពី​គំរូ​របស់​ប្អូន​ប្រុស​បេនយ៉ាមីន​ដែល​មាន​អាយុ​១០​ឆ្នាំ​និង​ជា​សាក្សី​នៅ​ប្រទេស​ន័រវែស។ សាលា​របស់​គាត់​ប្រារព្ធ​ពិធី​មួយ​ដើម្បី​គាំទ្រ​ប្រទេស​អ៊ុយក្រែន​ដោយ​សារ​សង្គ្រាម​នៅ​ប្រទេស​នោះ។ សិស្ស​សាលា​បាន​ត្រូវ​សុំ​ឲ្យ​ច្រៀង​ចម្រៀង​ដោយ​ស្លៀក​សម្លៀក​បំពាក់​ដែល​មាន​ពណ៌​តំណាង​ជាតិ​របស់​ប្រទេស​អ៊ុយក្រែន។ ដើម្បី​ជៀស​វាង​ពី​ពិធី​ជាតិ​និយម​នោះ ប្អូន​បេនយ៉ាមីន​ឈរ​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​គេ​ធ្វើ​ពិធី​នោះ។ ប៉ុន្តែ​គ្រូ​បង្រៀន​ម្នាក់​បាន​ឃើញ​គាត់ ហើយ​ស្រែក​ហៅ​គាត់​ថា​៖ ​«​ឆាប់​មក! ចូល​រួម​ជា​មួយ​យើង។ ទាំង​អស់​គ្នា​កំពុង​ចាំ​កូន!​»។ ប្អូន​បេនយ៉ាមីន​មាន​ចិត្ត​ក្លាហាន​ទៅ​ជួប​គ្រូ ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​កាន់​ជំហរ​អព្យាក្រឹត ហើយ​អត់​ចូល​រួម​ក្នុង​រឿង​នយោបាយ​ទេ​អ្នក​គ្រូ។ មាន​សាក្សី​ព្រះ​យេហូវ៉ា​ច្រើន​ជាប់​គុក ដោយ​សារ​មិន​ព្រម​ចូល​ធ្វើ​សង្គ្រាម​»។ គ្រូ​បង្រៀន​បាន​ស្ដាប់​ការ​ពន្យល់​របស់​គាត់ ហើយ​បាន​ប្រាប់​គាត់​ថា​គាត់​មិន​ចាំ​បាច់​ចូល​រួម​ពិធី​នោះ​ទេ។ ប៉ុន្តែ សិស្ស​រួម​ថ្នាក់​ឆ្ងល់​ថា​ហេតុ​អ្វី​បេនយ៉ាមីន​មិន​ចូល​រួម​ជា​មួយ​ពួក​គេ។ ប្អូន​បេនយ៉ាមីន​ភ័យ​ជា​ខ្លាំង​រហូត​ដល់​ចង់​យំ តែ​ដោយ​ចិត្ត​ក្លាហាន គាត់​បាន​និយាយ​ឡើង​វិញ​តាម​អ្វី​ដែល​គាត់​បាន​ប្រាប់​គ្រូ​ទៅ​សិស្ស​មួយ​ថ្នាក់។ ក្រោយ​មក ប្អូន​បេនយ៉ាមីន​បាន​ប្រាប់​ឪពុក​ម្ដាយ​របស់​គាត់​ថា គាត់​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​និយាយ​ការ​ពារ​ជំនឿ​របស់​គាត់។

៩. តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ឲ្យ​ចិត្ត​ព្រះ​យេហូវ៉ា​ត្រេក​អរ?

ដោយ​សារ​យើង​សម្រេច​ចិត្ត​ចុះ​ចូល​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា យើង​ខុស​គ្នា​ស្រឡះ​ពី​មនុស្ស​នៅ​ជុំ​វិញ​យើង។ យើង​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត​នៅ​កន្លែង​ធ្វើ​ការ​ឬ​នៅ​សាលា​រៀន​ថា​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត កាល​ដែល​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​ពិភព​លោក​នេះ​កាន់​តែ​អាក្រក់​ទៅ​ៗ យើង​ទំនង​ជា​នឹង​កាន់​តែ​ពិបាក​រស់​នៅ​ស្រប​តាម​គោល​ការណ៍​គម្ពីរ និង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ។ (​២ធី. ១:៨; ៣:១៣​) ប៉ុន្តែ សូម​ចាំ​ជា​និច្ច​ថា​យើង​«​ធ្វើ​ឲ្យ​ចិត្ត​[​ព្រះ​យេហូវ៉ា​]​ត្រេក​អរ​»​ ពេល​យើង​ខុស​ស្រឡះ​ពី​ពួក​អ្នក​ដែល​មិន​បម្រើ​លោក។—សុភ. ២៧:​១១; ម៉ាឡ. ៣:១៨

ចូរ​បន្ត​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​អ្នក

១០. ហេតុ​អ្វី​ការ​ធ្វើ​តាម​តម្រូវ​ការ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ជំរឿន​បណ្ដា​ជន ៦:៦, ៧​គឺ​ពិបាក​សម្រាប់​ពួក​ណាសារីត?

១០ សូម​អាន ជំរឿន​បណ្ដា​ជន ៦:៦, ៧ ជន​ណាសារីត​មិន​អាច​ទៅ​ជិត​សាក​សព​មនុស្ស​បាន​ទេ។ នៅ​សម័យ​គម្ពីរ តម្រូវ​ការ​នេះ​គឺ​ពិបាក​ណាស់​សម្រាប់​ពួក​ណាសារីត ពេល​សាច់​ញាតិ​ជិត​ដិត​ស្លាប់។ ទំនៀម​ទម្លាប់​ពិធី​បុណ្យ​សព​នៅ​សម័យ​គម្ពីរ​ច្រើន​តែ​តម្រូវ​ឲ្យ​មនុស្ស​នៅ​ក្បែរ​សាក​សព។ (​យ៉ូន. ១៩:៣៩, ៤០; សកម្ម. ៩:៣៦​-​៤០​) ក៏​ប៉ុន្តែ ជន​ណាសារីត​មិន​អាច​ធ្វើ​តាម​ទំនៀម​ទម្លាប់​ទាំង​នេះ​បាន​ទេ។ សូម្បី​តែ​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​កើត​ទុក្ខ​ជា​ខ្លាំង ក៏​ពួក​ណាសារីត​បង្ហាញ​ជំនឿ​មុត​មាំ​ដោយ​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​ពួក​គេ។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​បាន​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​គោរព​ប្រណិប័តន៍​យ៉ាង​ស្មោះ​ភក្ដី​ទាំង​នេះ​របស់​លោក ដើម្បី​ឲ្យ​ពួក​គេ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ដែល​ពួក​គេ​បាន​ជួប​ប្រទះ។

១១. តើ​គ្រិស្ត​សាសនិក​ត្រូវ​តាំង​ចិត្ត​ធ្វើ​អ្វី​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​រឿង​ក្រុម​គ្រួសារ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ចាត់​ទុក​ពាក្យ​សម្បថ​របស់​យើង​ក្នុង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ថា​សំខាន់។ នេះ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​សម្រេច​ចិត្ត​និង​ការ​ប្រព្រឹត្ត​របស់​យើង​ចំពោះ​រឿង​ក្រុម​គ្រួសារ។ យើង​ខំ​ប្រឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​យើង ប៉ុន្តែ​យើង​មិន​ចាត់​ទុក​បំណង​ប្រាថ្នា​របស់​សមាជិក​ក្រុម​គ្រួសារ​យើង​ថា​សំខាន់​ជាង​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង​ឡើយ។ (​ម៉ាថ. ១០:៣៥​-​៣៧; ១ធី. ៥:៨​) ជួន​កាល យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​សាច់​ញាតិ​របស់​យើង​មិន​សប្បាយ​ចិត្ត តែ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

តើ​អ្នក​សុខ​ចិត្ត​ចាត់​ទុក​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត សូម្បី​តែ​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក​យ៉ាង​ខ្លាំង​ឬ​ទេ? ​(​សូម​មើល​វគ្គ​១១​)​ d


១២. ពេល​បង​អេឡិចសេនទ្រូ​មាន​បញ្ហា​ក្នុង​ក្រុម​គ្រួសារ តើ​គាត់​បាន​ធ្វើ​អ្វី ហើយ​តើ​គាត់​មិន​បាន​ធ្វើ​អ្វី?

១២ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​អេឡិចសេនទ្រូ​និង​ប្រពន្ធ​របស់​គាត់​បង​ដូរីណា។ ក្រោយ​ពី​ពួក​គាត់​រៀន​គម្ពីរ​បាន​មួយ​ឆ្នាំ បង​ដូរីណា​បាន​សម្រេច​ចិត្ត​ឈប់​រៀន​គម្ពីរ ហើយ​ចង់​ឲ្យ​បង​អេឡិចសេនទ្រូ​ឈប់​ដែរ។ ប៉ុន្តែ បង​អេឡិចសេនទ្រូ​បាន​ប្រាប់​បង​ដូរីណា​ដោយ​ចិត្ត​ស្ងប់​និង​ដោយ​សប្បុរស​ថា គាត់​នឹង​បន្ត​រៀន​គម្ពីរ។ បង​ដូរីណា​មិន​ពេញ​ចិត្ត​ទេ ហើយ​បាន​ព្យាយាម​បង្ខំ​បង​អេឡិចសេនទ្រូ​ឲ្យ​ឈប់​រៀន។ បង​អេឡិចសេនទ្រូ​និយាយ​ថា គាត់​ព្យាយាម​យល់​ថា​ហេតុ​អ្វី​បាន​ជា​បង​ដូរីណា​មាន​អារម្មណ៍​បែប​នេះ ប៉ុន្តែ​នោះ​ពិបាក។ ជួន​កាល ពេល​បង​ដូរីណា​រិះ​គន់​គាត់ ហើយ​តប​ឆ្លើយ​ដោយ​កំហឹង គាត់​មាន​អារម្មណ៍​ថា​គាត់​ចង់​ឈប់​រៀន​គម្ពីរ។ ក៏​ប៉ុន្តែ បង​អេឡិចសេនទ្រូ​បន្ត​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​សំខាន់​បំផុត ហើយ​នៅ​ដំណាល​គ្នា​នោះ បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ប្រព្រឹត្ត​ដោយ​ការ​គោរព​ចំពោះ​ប្រពន្ធ​របស់​គាត់។ នៅ​ទី​បំផុត គំរូ​ដ៏​ល្អ​របស់​គាត់​បាន​ជំរុញ​ចិត្ត​ប្រពន្ធ​ឲ្យ​ចាប់​ផ្ដើម​រៀន​គម្ពីរ​ឡើង​វិញ ហើយ​ក្រោយ​មក​ប្រពន្ធ​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក (​សូម​មើល​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា អេឡិចសេនទ្រូ និង​ដូរីណា វ៉ាកា: ​«​សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​ធ្ងន់​ហើយ​ក៏​សប្បុរស​»​នៅ​គេហទំព័រ​jw.org/km​)។

១៣. តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​ក្រុម​គ្រួសារ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១៣ ព្រះ​យេហូវ៉ា​ជា​អ្នក​រៀប​ចំ​ឲ្យ​មាន​ក្រុម​គ្រួសារ ហើយ​លោក​ចង់​ឲ្យ​ក្រុម​គ្រួសារ​របស់​យើង​មាន​សុភមង្គល។ (​អេភ. ៣:១៤, ១៥​) បើ​យើង​ចង់​មាន​សុភមង្គល​ពិត​ប្រាកដ យើង​ត្រូវ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ។ សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ការ​លះ​បង់​របស់​អ្នក​ដើម្បី​គោរព​ប្រណិប័តន៍​លោក កាល​ដែល​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រុម​គ្រួសារ​និង​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព។—រ៉ូម ១២:១០

ចូរ​លើក​ទឹក​ចិត្ត​គ្នា​ឲ្យ​មាន​ទស្សនៈ​ដូច​ពួក​ណាសារីត

១៤. តើ​យើង​គួរ​ខំ​លើក​ទឹក​ចិត្ត​អ្នក​ណា​ជា​ពិសេស​ដោយ​ពាក្យ​សម្ដី​របស់​យើង?

១៤ អស់​អ្នក​ដែល​សម្រេច​ចិត្ត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ ត្រូវ​សុខ​ចិត្ត​ធ្វើ​ការ​លះ​បង់​ដែល​ផុស​ចេញពី​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក។ ជួន​កាល នេះ​មិន​ងាយ​ស្រួល​ទេ។ ដូច្នេះ តើ​យើង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​មាន​ចិត្ត​គំនិត​បែប​នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​លើក​ទឹក​ចិត្ត​គ្នា​តាម​រយៈ​ពាក្យ​សម្ដី​របស់​យើង។ (​យ៉ូប ១៦:៥​) តើ​មាន​អ្នក​ខ្លះ​ក្នុង​ក្រុម​ជំនុំ​ដែល​កំពុង​ខំ​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​សាមញ្ញ​ជាង​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ច្រើន​ជាង​ឬ​ទេ? តើ​អ្នក​ស្គាល់​ប្អូន​ៗ​វ័យ​ក្មេង​ដែល​កំពុង​ធ្វើ​ខុស​ពី​គេ​នៅ​សាលា ទោះ​ជា​នេះ​មិន​ស្រួល​សម្រាប់​ពួក​គេ​ឬ? តើ​មាន​សិស្ស​គម្ពីរ​ឬ​បង​ប្អូន​រួម​ជំនឿ​ដែល​ពិបាក​រក្សា​ភាព​ស្មោះ​ត្រង់​ដោយ​សារ​ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ​ឬ​ទេ? សូម​តាំង​ចិត្ត​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​ទាំង​នេះ ហើយ​ប្រាប់​ពួក​គេ​ថា​អ្នក​កោត​ស្ងើច​ចំពោះ​ចិត្ត​ក្លាហាន​របស់​ពួក​គេ​និង​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​ដើម្បី​ព្រះ​យេហូវ៉ា។—ភីលេ. ៤, ៥,

១៥. តើ​អ្នក​ខ្លះ​បាន​គាំទ្រ​ពួក​អ្នក​ដែល​បម្រើ​ពេញ​ពេល​តាម​របៀប​ណា?

១៥ ជួន​កាល យើង​ប្រហែល​ជា​អាច​ស្នើ​សុំ​ជួយ​បង​ប្អូន​គ្រិស្ត​សាសនិក​ដែល​បម្រើ​ពេញ​ពេល។ (​សុភ. ១៩:១៧; ហេ. ១៣:១៦​) បង​ស្រី​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់​ម្នាក់​ដែល​រស់​នៅ​ប្រទេស​ស្រីលង្កា​មាន​បំណង​ចិត្ត​ដ៏​ស្មោះ​បែប​នេះ។ កាល​ដែល​ប្រាក់​ចូល​និវត្តន៍​របស់​គាត់​បាន​កើន​ឡើង គាត់​ចង់​ប្រើ​លុយ​នោះ​ដើម្បី​ជួយ​ប្អូន​ស្រី​វ័យ​ក្មេង​ពីរ​នាក់​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ឲ្យ​បន្ត​ក្នុង​កិច្ច​បម្រើ​របស់​ពួក​គេ​ទោះ​ជា​មាន​បញ្ហា​លុយ​កាក់​ក្ដី។ ដូច្នេះ គាត់​បាន​សម្រេច​ចិត្ត​ទុក​លុយ​ខ្លះ​មួយ​ឡែក​រាល់​ខែ​ដើម្បី​ជួយ​ចេញ​ថ្លៃ​ទូរស័ព្ទ​របស់​ពួក​គេ។ បង​ស្រី​នេះ​ពិត​ជា​មាន​ចិត្ត​គំនិត​ដ៏​ល្អ​ប្រពៃ​មែន!

១៦. តើ​យើង​អាច​រៀន​អ្វី​ពី​ការ​រៀប​ចំ​ឲ្យ​មាន​ពួក​ណាសារីត​នៅ​សម័យ​បុរាណ?

១៦ យើង​ពិត​ជា​អាច​រៀន​ច្រើន​ពី​គំរូ​ដ៏​ល្អ​ប្រសើរ​របស់​បុគ្គល​ដែល​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ពួក​ណាសារីត​នៅ​សម័យ​បុរាណ។ ប៉ុន្តែ ការ​រៀប​ចំ​នេះ​ក៏​បង្រៀន​យើង​នូវ​អ្វី​មួយ​អំពី​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ លោក​មាន​ទំនុក​ចិត្ត​ថា​យើង​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត ហើយ​ថា​យើង​សុខ​ចិត្ត​ធ្វើ​ការ​លះ​បង់​ដើម្បី​រស់​នៅ​ស្រប​តាម​ពាក្យ​សម្បថ​របស់​យើង​ក្នុង​ការ​ប្រគល់​ខ្លួន​ជូន​លោក។ លោក​ផ្ដល់​កិត្តិយស​ដល់​យើង ដោយ​ឲ្យ​ឱកាស​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក។ (​សុភ. ២៣:១៥, ១៦; ម៉ាក. ១០:​២៨​-​៣០; ១យ៉ូន. ៤:​១៩​) ការ​រៀប​ចំ​ឲ្យ​មាន​ពួក​ណាសារីត​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​កត់​សម្គាល់​និង​ឲ្យ​តម្លៃ​ចំពោះ​ការ​លះ​បង់​ដែល​យើង​ធ្វើ​ដើម្បី​បម្រើ​លោក។ យ៉ាង​នេះ សូម​យើង​តាំង​ចិត្ត​បន្ត​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ដូច្នេះ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​ពួក​ណាសារីត​លះ​បង់​ប្រយោជន៍​និង​បង្ហាញ​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

  • នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បង្ហាញ​ចិត្ត​គំនិត​ដូច​ពួក​ណាសារីត​យ៉ាង​ដូច​ម្ដេច?

  • តើ​ការ​រៀប​ចំ​ឲ្យ​មាន​ពួក​ណាសារីត​បង្ហាញ​អ្វី​អំពី​ទំនុក​ចិត្ត​របស់​ព្រះ​យេហូវ៉ា​ទៅ​លើ​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក?

ចម្រៀង​លេខ​១២៤ ចូរ​មាន​ភក្ដី​ភាព​ជា​និច្ច

a ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​បុគ្គល​ខ្លះ​ឲ្យ​ធ្វើ​ជា​ជន​ណាសារីត​ក្ដី បុគ្គល​ភាគ​ច្រើន​ទំនង​ជា​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ស្ម័គ្រ​ចិត្ត​បម្រើ​លោក​បែប​នេះ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ពួក​ណាសារីត​ដែល​បាន​ត្រូវ​តែង​តាំង​ដោយ​ព្រះ​យេហូវ៉ា​»​)។

b ជួន​កាល សៀវភៅ​របស់​យើង​បាន​ប្រដូច​ពួក​ណាសារីត​ទៅ​នឹង​ពួក​អ្នក​ដែល​នៅ​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល។ ប៉ុន្តែ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ផ្ដោត​អារម្មណ៍​ទៅ​លើ​របៀប​ដែល​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ប្រគល់​ខ្លួន​ជូន​លោក អាច​បង្ហាញ​ចិត្ត​គំនិត​ដូច​ពួក​ណាសារីត។

c តាម​ធម្មតា មើល​ទៅ​ពួក​ណាសារីត​មិន​មាន​ភារកិច្ច​ផ្សេង​ទៀត​ទេ ដូច​ជា​ពួក​គេ​មិន​ចាំ​បាច់​បំពេញ​កិច្ច​ការ​ណា​មួយ​ដើម្បី​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​ពួក​គេ។

d ការ​ពណ៌នា​អំពី​រូប​ភាព: ពី​ដំបូល​ផ្ទះ ជន​ណាសារីត​ម្នាក់​មើល​គេ​ហែ​សព​របស់​សមាជិក​ក្រុម​គ្រួសារ​ជា​ទី​ស្រឡាញ់។ ដើម្បី​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា គាត់​មិន​អាច​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​នោះ​ទេ។