លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើលោកអ្នកដឹងឬទេ?

តើលោកអ្នកដឹងឬទេ?

ហេតុ​អ្វី​គម្ពីរ​ប្រើ​ពាក្យ​ឬ​ឃ្លា​ខ្លះ​ម្ដង​ហើយ​ម្ដង​ទៀត?

ជួន​កាល អ្នក​សរសេរ​គម្ពីរ​បាន​ប្រើ​ឃ្លា​ដែល​មាន​ពាក្យ​ដដែល​ៗ​ម្ដង​ហើយ​ម្ដង​ទៀត។ សូម​គិត​អំពី​មូលហេតុ​បី​ដែល​ពួក​គេ​ប្រហែល​ជា​បាន​ធ្វើ​ដូច្នេះ​៖

គ្រា​ដែល​បាន​ត្រូវ​សរសេរ។ នៅ​ស្រុក​អ៊ីស្រាអែល​សម័យ​បុរាណ មនុស្ស​ភាគ​ច្រើន​មិន​មាន​ច្បាប់​របស់​ព្រះ​ដែល​បាន​ត្រូវ​ចម្លង​ទេ។ ពួក​គេ​ច្រើន​តែ​ឮ​ការ​អាន​ច្បាប់​ព្រះ​ពេល​ដែល​ពួក​គេ​ជួប​ជុំ​គ្នា​នៅ​ឯ​ត្រសាល​របស់​លោក។ (​បច. ៣១:១០​-​១២​) ច្បាស់​ជា​មាន​អ្វី​ៗ​ដែល​អាច​បំបែរ​អារម្មណ៍​របស់​ពួក​គេ កាល​ដែល​ពួក​គេ​ឈរ​ស្ដាប់​ជា​ក្រុម​ដ៏​ធំ​អស់​រយៈ​ពេល​ប៉ុន្មាន​ម៉ោង។ (​នេហ. ៨:២, ៣,​) នៅ​ពេល​នោះ ការ​និយាយ​ឃ្លា​សំខាន់​ឡើង​វិញ ទំនង​ជា​បាន​ធ្វើ​ឲ្យ​បណ្ដា​ជន​ស្រួល​ចាំ​និង​អនុវត្ត​បទ​គម្ពីរ​នោះ​ជាង។ ការ​និយាយ​ពាក្យ​ខ្លះ​ឡើង​វិញ ប្រាកដ​ជា​បាន​ជួយ​ពួក​គេ​ឲ្យ​ចាំ​ព័ត៌មាន​យ៉ាង​ល្អិត​ល្អន់ ដូច​ជា​បញ្ញត្តិ​និង​ក្រឹត្យ​ក្រម​របស់​ព្រះ។—ចល. ១៨:៤​-​២២; បច. ៥:១

របៀប​ដែល​បាន​ត្រូវ​សរសេរ។ ប្រហែល​ជា​១០​ភាគ​រយ​នៃ​គម្ពីរ​គឺ​ជា​ចម្រៀង រួម​ទាំង​ចម្រៀង​សរសើរ​ព្រះ បទ​ចម្រៀង​សាឡូម៉ូន និង​បទ​ទំនួញ។ ជួន​កាល​បទ​ចម្រៀង​មាន​ឃ្លា​ដែល​បាន​ត្រូវ​ប្រើ​ម្ដង​ហើយ​ម្ដង​ទៀត។ ការ​ធ្វើ​ដូច្នេះ​លើក​បញ្ជាក់​អំពី​ប្រធានបទ​នៃ​ចម្រៀង​នោះ ហើយ​ជួយ​អ្នក​ស្ដាប់​ឲ្យ​ទន្ទេញ​ចាំ​ពាក្យ​ចម្រៀង​នោះ។ ជា​ឧទាហរណ៍ សូម​កត់​សម្គាល់​ពាក្យ​នៅ​ចម្រៀង​សរសើរ​ព្រះ ១១៥:៩​-​១១​ដែល​ថា​៖ ​«​ឱ​អ៊ីស្រាអែល​អើយ ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា លោក​ជា​អ្នក​ជួយ​និង​ជា​ខែល​របស់​អ្នក។ ឱ​កូន​ចៅ​អេរ៉ុន​អើយ ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា លោក​ជា​អ្នក​ជួយ​និង​ជា​ខែល​របស់​អ្នក។ ឱ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា លោក​ជា​អ្នក​ជួយ​និង​ជា​ខែល​របស់​អ្នក​»។ តើ​អ្នក​អាច​ឃើញ​អំពី​របៀប​ដែល​ការ​ច្រៀង​ពាក្យ​នោះ​ម្ដង​ហើយ​ម្ដង​ទៀត បាន​ជួយ​អ្នក​ច្រៀង​ឲ្យ​ចាំ​ជាប់​ក្នុង​ចិត្ត​នូវ​ចំណុច​ដ៏​ពិសេស​ទាំង​នោះ​ឬ​ទេ?

មូលហេតុ​ដែល​បាន​ត្រូវ​សរសេរ។ ជួន​កាល​អ្នក​សរសេរ​គម្ពីរ​បាន​ប្រើ​ឃ្លា​ដ៏​សំខាន់​ម្ដង​ហើយ​ម្ដង​ទៀត។ ជា​ឧទាហរណ៍ ពេល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​មិន​ឲ្យ​បរិភោគ​ឈាម លោក​បាន​ឲ្យ​ម៉ូសេ​ប្រាប់​ពួក​គេ​អស់​ជា​ច្រើន​ដង​អំពី​មូលហេតុ​ដែល​ពួក​គេ​មិន​ត្រូវ​ធ្វើ​ដូច្នេះ។ ព្រះ​ចង់​បញ្ជាក់​ថា​ជីវិត​គឺ​នៅ​ក្នុង​ឈាម ពោល​គឺ​ឈាម​ជា​តំណាង​ជីវិត។ (​ចល. ១៧:១១, ១៤​) ក្រោយ​មក ពេល​ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​សរសេរ​អំពី​អ្វី​ដែល​គ្រិស្ត​សាសនិក​ត្រូវ​ជៀស​វាង​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត ពួក​គេ​បាន​លើក​បញ្ជាក់​ម្ដង​ទៀត​ថា​ត្រូវ​ជៀស​វាង​ជា​ដាច់​ខាត​ពី​ឈាម។—សកម្ម. ១៥:២០, ២៩

ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​មាន​ទម្លាប់​ពោល​ឃ្លា​ដដែល​ៗ​ពី​គម្ពីរ​ទេ។ ជា​ឧទាហរណ៍ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​អធិដ្ឋាន កុំ​ពោល​ពាក្យ​ដដែល​ៗ​»។ (​ម៉ាថ. ៦:៧​) បន្ទាប់​មក លោក​បាន​ប្រាប់​អំពី​រឿង​ខ្លះ​ដែល​សមរម្យ​សម្រាប់​អធិដ្ឋាន។ (​ម៉ាថ. ៦:៩​-​១៣​) ដូច្នេះ ទោះ​ជា​យើង​មិន​ពោល​ពាក្យ​ដដែល​ៗ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​យើង​ក្ដី យើង​អាច​អធិដ្ឋាន​អំពី​រឿង​ដូច​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត។—ម៉ាថ. ៧:៧​-​១១

មាន​មូលហេតុ​ល្អ​ៗ​ដែល​បណ្ដាំ​របស់​ព្រះ​ប្រើ​ពាក្យ​ឬ​ឃ្លា​ខ្លះ​ម្ដង​ហើយ​ម្ដង​ទៀត។ នេះ​ជា​របៀប​មួយ​ដែល​គ្រូ​បង្រៀន​ដ៏​ឧត្ដម​បំផុត​របស់​យើង​បង្រៀន​យើង​ឲ្យ​ទទួល​ប្រយោជន៍។—អេ. ៤៨:១៧, ១៨