លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ភាពទន់ខ្សោយរបស់ខ្ញុំធ្វើឲ្យកម្លាំងរបស់ព្រះលេចធ្លោ

ភាពទន់ខ្សោយរបស់ខ្ញុំធ្វើឲ្យកម្លាំងរបស់ព្រះលេចធ្លោ

ពេល​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​បាន​មក​ដល់​ប្រទេស​កូឡុំប៊ី​នៅ​ឆ្នាំ​១៩៨៥ ប្រទេស​នោះ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ហិង្សា។ រដ្ឋាភិបាល​កំពុង​កម្ចាត់​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​សាហាវ​នៅ​ក្រុង​នានា និង​ក្រុម​ពួក​ឧទ្ទាម​នៅ​តំបន់​ភ្នំ។ ក្រោយ​មក យើង​បាន​បម្រើ​នៅ​តំបន់​មេដេហ្ស៊ីន។ នៅ​ទី​នោះ ក្រុម​បង​ធំ​ស្ទាវ​ៗ​ដែល​ប្រដាប់​ដោយ​អាវុធ​បាន​ដើរ​កាង​ពេញ​ផ្លូវ។ ពួក​គេ​លក់​គ្រឿង​ញៀន ជំរិត​ទារ​លុយ និង​ស៊ី​ឈ្នួល​សម្លាប់​មនុស្ស។ ពួក​អ្នក​ទាំង​នោះ​រស់​មិន​បាន​យូរ​ទេ។ យើង​មាន​អារម្មណ៍​ថា​ដូច​ជា​យើង​នៅ​ភព​ផ្សេង។

តើ​តាម​របៀប​ណា​មនុស្ស​សាមញ្ញ​ធម្មតា​ពីរ​នាក់​ពី​ប្រទេស​ហ្វាំងឡង់ ដែល​ជា​ប្រទេស​មួយ​នៅ​ភាគ​ខាង​ជើង​បំផុត​នៅ​លើ​ភព​ផែន​ដី​មក​នៅ​ទ្វីប​អាម៉េរិក​ខាង​ត្បូង? តើ​ខ្ញុំ​បាន​រៀន​អ្វី​ខ្លះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ?

ភាព​យុវវ័យ​របស់​ខ្ញុំ​នៅ​ប្រទេស​ហ្វាំងឡង់

ខ្ញុំ​បាន​កើត​នៅ​ឆ្នាំ​១៩៥៥ ហើយ​ខ្ញុំ​ជា​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​ប្រុស​បី​នាក់។ ខ្ញុំ​បាន​ធំ​ឡើង​នៅ​ជិត​ឆ្នេរ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វាំងឡង់ ជា​តំបន់​មួយ​ដែល​ឥឡូវ​គេ​ហៅ​ថា​ក្រុង​វ៉ាន់ថា។

ម្ដាយ​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា​ប៉ុន្មាន​ឆ្នាំ​មុន​ខ្ញុំ​កើត។ ប៉ុន្តែ ឪពុក​ខ្ញុំ​បាន​ប្រឆាំង​សេចក្ដី​ពិត ហើយ​មិន​អនុញ្ញាត​ឲ្យ​ម្ដាយ​ខ្ញុំ​បង្រៀន​យើង ឬ​នាំ​យើង​ទៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ទេ។ ដូច្នេះ ម្ដាយ​ខ្ញុំ​បង្រៀន​យើង​អំពី​សេចក្ដី​បង្រៀន​បឋម​ពី​គម្ពីរ ពេល​ឪពុក​ខ្ញុំ​មិន​នៅ។

ខ្ញុំ​បាន​កាន់​ជំហរ​ចំពោះ​ព្រះ​យេហូវ៉ា​ពេល​មាន​អាយុ​៧​ឆ្នាំ

តាំង​ពី​ក្មេង​មក ខ្ញុំ​បាន​កាន់​ជំហរ​ខាង​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ពេល​ខ្ញុំ​មាន​អាយុ​៧​ឆ្នាំ គ្រូ​នៅ​សាលា​របស់​ខ្ញុំ​ក្ដៅ​ចិត្ត​នឹង​ខ្ញុំ​យ៉ាង​ខ្លាំង ដោយ​សារ​ខ្ញុំ​មិន​ញ៉ាំ​នំ​របស់​ជន​ជាតិ​ហ្វាំងឡង់ ដែល​គេ​ធ្វើ​ពី​ឈាម។ ដៃ​ម្ខាង​របស់​គាត់​ច្របាច់​មាត់​ខ្ញុំ ហើយ​ដៃ​ម្ខាង​ទៀត​រុក​សម​ដែល​មាន​នំ​ចូល​មាត់​ខ្ញុំ។ ប៉ុន្តែ​ខ្ញុំ​បាន​គ្រវាស​សម​ចេញ​ពី​ដៃ​គាត់។

ពេល​ខ្ញុំ​មាន​អាយុ​១២​ឆ្នាំ ឪពុក​ខ្ញុំ​បាន​ស្លាប់។ ក្រោយ​ពី​នោះ ខ្ញុំ​អាច​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ បង​ប្រុស​ៗ​ក្នុង​ក្រុម​ជំនុំ​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​ខ្ញុំ ហើយ​នេះ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​អាន​គម្ពីរ​រាល់​ថ្ងៃ ហើយ​សិក្សា​សៀវភៅ​ផ្សេង​ៗ​របស់​យើង​យ៉ាង​ខ្នះខ្នែង។ ដោយ​សារ​នេះ ខ្ញុំ​អាច​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​ខ្ញុំ​មាន​អាយុ​១៤​ឆ្នាំ គឺ​នៅ​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​១៩៦៩។

មិន​យូរ​ក្រោយ​ពី​ខ្ញុំ​បាន​រៀន​ចប់ ខ្ញុំ​បាន​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ ក្នុង​អំឡុង​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក ខ្ញុំ​បាន​រើ​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង​នៅ​ក្រុង​តូច​មួយ​ឈ្មោះ​ភីឡាវេស៊ី ជិត​កណ្ដាល​ប្រទេស​ហ្វាំងឡង់។

នៅ​ក្រុង​ភីឡាវេស៊ី ខ្ញុំ​បាន​ជួប​នារី​ម្នាក់​ឈ្មោះ​សៀខា ដែល​ក្រោយ​មក​បាន​ទៅ​ជា​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​នាង ដោយ​សារ​នាង​មាន​ចិត្ត​រាប​ទាប ហើយ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់។ នាង​មិន​បាន​ស្វែង​រក​វត្ថុ​ទ្រព្យ​ឬ​ចង់​បាន​មុខ​មាត់​ទេ។ យើង​ទាំង​ពីរ​នាក់​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​បំផុត មិន​ថា​យើង​មាន​ឯកសិទ្ធិ​ណា​ក៏​ដោយ​ក្នុង​កិច្ច​បម្រើ។ យើង​បាន​រៀប​ការ​នៅ​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ​១៩៧៤។ ជា​ជាង​ទៅ​ក្រេប​ទឹក​ឃ្មុំ យើង​បាន​ចេញ​ទៅ​បម្រើ​នៅ​ក្រុង​ខាធូឡា ជា​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​រាជាណាចក្រ​ព្រះ​ច្រើន​ជាង។

ផ្ទះ​ជួល​របស់​យើង​នៅ​ក្រុង​ខាធូឡា ប្រទេស​ហ្វាំងឡង់

ព្រះ​យេហូវ៉ា​មើល​ថែ​យើង

ឡាន​ដែល​បង​ប្រុស​របស់​ខ្ញុំ​បាន​ឲ្យ​យើង

ចាប់​ពី​យើង​រៀប​ការ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យើង​ថា​លោក​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​យើង បើ​យើង​ស្វែង​រក​រាជាណាចក្រ​របស់​លោក​ជា​មុន។ (​ម៉ាថ. ៦:៣៣​) ជា​ឧទាហរណ៍ នៅ​ក្រុង​ខាធូឡា យើង​មិន​មាន​ឡាន​ទេ។ ដំបូង​យើង​ជិះ​កង់​ដើម្បី​ធ្វើ​ដំណើរ។ ប៉ុន្តែ​នៅ​រដូវ​រងា អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​មែន​ទែន។ ដូច្នេះ យើង​ត្រូវ​ការ​ឡាន​ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ផ្សាយ​ធំ​របស់​ក្រុម​ជំនុំ​យើង តែ​យើង​មិន​មាន​លុយ​ទិញ​ទេ។

បង​ប្រុស​ខ្ញុំ​ស្រាប់​តែ​មក​លេង​យើង ហើយ​ដោយ​សប្បុរស គាត់​បាន​ឲ្យ​ឡាន​គាត់​ដល់​យើង។ ការ​ធានា​រ៉ាប់​រង​បាន​ត្រូវ​បង់​រួច​ហើយ យើង​គ្រាន់​តែ​ត្រូវ​ទិញ​សាំង​ប៉ុណ្ណោះ។ ក្រោយ​ពី​នោះ យើង​មាន​យាន​ជំនិះ​ដែល​យើង​ត្រូវ​ការ។

ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យើង​ថា​លោក​បាន​ទទួល​ភារកិច្ច​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​យើង។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ចាត់​ទុក​រាជាណាចក្រ​របស់​ព្រះ​ថា​សំខាន់​បំផុត។

សាលា​គីលាត

ថ្នាក់​របស់​យើង​នៅ​សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ​នៅ​ឆ្នាំ​១៩៧៨

កាល​ដែល​យើង​ចូល​សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ​នៅ​ឆ្នាំ​១៩៧៨ បង​ប្រុស​រ៉ាយម៉ូ ខ្វូខានិន​ដែល​ជា​អ្នក​ដឹក​នាំ​ម្នាក់​ក្នុង​សាលា​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ដាក់​ពាក្យ​សុំ​ទៅ​សាលា​គីលាត។ ដូច្នេះ យើង​បាន​ចាប់​ផ្ដើម​រៀន​ភាសា​អង់គ្លេស​ដោយ​មាន​គោល​ដៅ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ចូល​រួម​សាលា​នោះ។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៨០ មុន​យើង​អាច​ដាក់​ពាក្យ​សុំ យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​នៅ​ការិយាល័យ​សាខា នា​ប្រទេស​ហ្វាំងឡង់។ នៅ​ពេល​នោះ សមាជិក​បេតអែល​មិន​អាច​ដាក់​ពាក្យ​សុំ​ចូល​សាលា​គីលាត​ឡើយ។ ប៉ុន្តែ យើង​ចង់​បម្រើ​នៅ​កន្លែង​ណា​ដែល​ព្រះ​យេហូវ៉ា​គិត​ថា​ល្អ​បំផុត មិន​មែន​កន្លែង​ណា​ដែល​យើង​គិត​ថា​ល្អ​បំផុត​ទេ។ ដូច្នេះ យើង​បាន​ព្រម​ទទួល​ការ​អញ្ជើញ​នោះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​បន្ត​រៀន​ភាសា​អង់គ្លេស ក្រែង​លោ​យើង​មាន​ឱកាស​ដាក់​ពាក្យ​សុំ​ចូល​សាលា​គីលាត។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គណៈ​អភិបាល​បាន​ប្រាប់​ថា​សមាជិក​បេតអែល​អាច​ដាក់​ពាក្យ​សុំ​ទៅ​សាលា​គីលាត​បាន។ យើង​បាន​បំពេញ​ពាក្យ​សុំ​ភ្លាម​ៗ ប៉ុន្តែ​មិន​មែន​ដោយ​សារ​យើង​មិន​សប្បាយ​ចិត្ត​នៅ​បេតអែល​ទេ។ គឺ​មិន​មែន​ដូច្នេះ​ទាល់​តែ​សោះ! យើង​គ្រាន់​តែ​ចង់​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង បើ​យើង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់។ យើង​បាន​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​ទៅ​សាលា​គីលាត ហើយ​បាន​រៀន​ចប់​ពី​ជំនាន់​ទី៧៩ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៨៥ ក្រោយ​មក​យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ប្រទេស​កូឡុំប៊ី។

ភារកិច្ច​ដំបូង​របស់​យើង​ជា​សាសនទូត

នៅ​ដើម​ដំបូង យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ការិយាល័យ​សាខា​កូឡុំប៊ី។ ខ្ញុំ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បំពេញ​ភារកិច្ច​របស់​ខ្ញុំ ប៉ុន្តែ​ក្រោយ​ពី​នៅ​ទី​នោះ​អស់​មួយ​ឆ្នាំ ខ្ញុំ​មាន​អារម្មណ៍​ថា​យើង​ត្រូវ​ការ​ការ​ផ្លាស់​ប្ដូរ។ នោះ​ជា​លើក​ដំបូង​និង​តែ​ម្ដង​គត់​ក្នុង​ជីវិត​ខ្ញុំ​ដែល​ខ្ញុំ​បាន​សុំ​ភារកិច្ច​ផ្សេង។ ដូច្នេះ យើង​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​ជា​សាសនទូត​នៅ​ក្រុង​នេវ៉ា​ក្នុង​តំបន់​ហុវីឡា។

ខ្ញុំ​ជា​បុគ្គល​ដែល​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ។ ពេល​ខ្ញុំ​ជា​អ្នក​ត្រួស​ត្រាយ​នៅ​លីវ​នៅ​ប្រទេស​ហ្វាំងឡង់ ជួន​កាល​ខ្ញុំ​ផ្សព្វ​ផ្សាយ​ចាប់​ពី​ព្រលឹម​រហូត​ដល់​យប់​ជ្រៅ។ ពេល​ទើប​តែ​រៀប​ការ​ថ្មី​ថ្មោង ខ្ញុំ​និង​សៀខា​ក៏​បាន​ចំណាយ​ពេល​ផ្សព្វ​ផ្សាយ​ពេញ​មួយ​ថ្ងៃ។ ពេល​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ឆ្ងាយ ជួន​កាល​យើង​គេង​នៅ​ក្នុង​ឡាន​របស់​យើង។ ការ​ធ្វើ​ដូច្នេះ​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ ហើយ​ឲ្យ​យើង​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​លឿន​នៅ​ថ្ងៃ​បន្ទាប់។

ជា​សាសនទូត យើង​មាន​អារម្មណ៍​រំភើប​ចិត្ត​ដូច​ដែល​យើង​ធ្លាប់​មាន​ពី​មុន​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ក្រុម​ជំនុំ​របស់​យើង​រីក​ចម្រើន ហើយ​បង​ប្អូន​ជន​ជាតិ​កូឡុំប៊ី​បង្ហាញ​ការ​គោរព សេចក្ដី​ស្រឡាញ់ និង​ចិត្ត​កតញ្ញូ។

ការ​អធិដ្ឋាន​មាន​ប្រសិទ្ធភាព

មិន​ឆ្ងាយ​ពី​ក្រុង​នេវ៉ា​ដែល​យើង​បម្រើ មាន​ក្រុង​តូច​ៗ​ដែល​គ្មាន​សាក្សី​ព្រះ​យេហូវ៉ា​សោះ។ ខ្ញុំ​ខ្វល់​ខ្វាយ​ថា​តើ​ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ទាំង​នោះ​យ៉ាង​ដូច​ម្ដេច។ ប៉ុន្តែ​ដោយ​សារ​សង្គ្រាម​របស់​ពួក​ឧទ្ទាម តំបន់​ទាំង​នោះ​មិន​មាន​សុវត្ថិភាព​សម្រាប់​បុគ្គល​ដែល​មិន​មែន​ជា​អ្នក​ក្រុង​នោះ​ទេ។ ដូច្នេះ ខ្ញុំ​បាន​អធិដ្ឋាន​ឲ្យ​មាន​អ្នក​ណា​ម្នាក់​ពី​តំបន់​ទាំង​នេះ​ទៅ​ជា​សាក្សី។ ខ្ញុំ​បាន​យល់​ថា​បុគ្គល​បែប​នេះ​ត្រូវ​តែ​មក​រស់​នៅ​ក្រុង​នេវ៉ា​ដើម្បី​រៀន​សេចក្ដី​ពិត។ ដូច្នេះ ខ្ញុំ​ក៏​អធិដ្ឋាន​ឲ្យ​បុគ្គល​នោះ​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ក្រោយ​មក​មាន​ភាព​ចាស់​ទុំ​ខាង​ជំនឿ រួច​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គាត់​វិញ​ដើម្បី​ផ្សព្វ​ផ្សាយ។ ខ្ញុំ​គួរ​តែ​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​ដំណោះ​ស្រាយ​ល្អ​ជាង​ខ្ញុំ​ដាច់។

មិន​យូរ​ក្រោយ​មក ខ្ញុំ​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ដល់​បុរស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ហ្វេណានដូ ហ្គន់សាល់ឡេស។ គាត់​រស់​នៅ​ក្រុង​តូច​មួយ​ឈ្មោះ​អិលហេស៊ីរើស ជា​កន្លែង​ដែល​គ្មាន​សាក្សី​ទេ។ ប្អូន​ហ្វេណានដូ​ធ្វើ​ដំណើរ​ជាង​៥០​គីឡូ​ម៉ែត្រ​ទៅ​ក្រុង​នេវ៉ា​ដើម្បី​ធ្វើ​ការ។ រាល់​ដង គាត់​បាន​រៀប​ចំ​យ៉ាង​ល្អ​សម្រាប់​ការ​សិក្សា ហើយ​ភ្លាម​ៗ​បាន​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់។ ចាប់​ពី​សប្ដាហ៍​ដំបូង​នៃ​ការ​សិក្សា​របស់​គាត់ ប្អូន​ហ្វេណានដូ​បាន​ប្រមូល​អ្នក​ឯ​ទៀត​ពី​ក្រុង​គាត់ ហើយ​បង្រៀន​ពួក​គេ​អំពី​អ្វី​ដែល​គាត់​បាន​រៀន​ពី​ការ​សិក្សា​គម្ពីរ។

ជា​មួយ​ប្អូន​ហ្វេណានដូ​នៅ​ឆ្នាំ​១៩៩៣

ប្អូន​ហ្វេណានដូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ខែ​មករា ឆ្នាំ​១៩៩០ នោះ​គឺ​៦​ខែ​ក្រោយ​ពី​គាត់​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ។ ក្រោយ​មក​គាត់​បាន​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ ដោយ​សារ​មាន​សាក្សី​ជា​អ្នក​ក្រុង​អិលហេស៊ីរើស នោះ​ការិយាល័យ​សាខា​អាច​ចាត់​អ្នក​ត្រួស​ត្រាយ​ពិសេស​ឲ្យ​ទៅ​តំបន់​នោះ​ដោយ​សុវត្ថិភាព​បាន។ នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៩២ ក្រុម​ជំនុំ​មួយ​បាន​ត្រូវ​បង្កើត​ឡើង​នៅ​ក្រុង​នោះ។

តើ​ប្អូន​ហ្វេណានដូ​ផ្សព្វ​ផ្សាយ​តែ​នៅ​ក្រុង​របស់​គាត់​ឬ? មិន​មែន​ទេ! ក្រោយ​ពី​គាត់​បាន​រៀប​ការ គាត់​និង​ប្រពន្ធ​របស់​គាត់​បាន​រើ​ទៅ​ក្រុង​សាន់វីសិនធីដិលខាវ៉ាន់ ជា​ក្រុង​មួយ​ទៀត​ដែល​គ្មាន​សាក្សី​ទេ។ នៅ​ទី​នោះ​ពួក​គាត់​បាន​ជួយ​បង្កើត​ក្រុម​ជំនុំ​មួយ។ នៅ​ឆ្នាំ​២០០២ ប្អូន​ហ្វេណានដូ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល ហើយ​គាត់​និង​ប្អូន​អូលហ្គា​ប្រពន្ធ​គាត់​បន្ត​ក្នុង​កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​រហូត​ដល់​សព្វ​ថ្ងៃ។

តាម​រយៈ​បទ​ពិសោធន៍​នេះ ខ្ញុំ​បាន​រៀន​អំពី​សារៈ​សំខាន់​នៃ​ការ​អធិដ្ឋាន​អំពី​រឿង​ចំ​ៗ​ដែល​ទាក់​ទង​នឹង​ភារកិច្ច​ក្នុង​កិច្ច​បម្រើ​ព្រះ។ ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ។ ព្រោះ​ថា​នេះ​គឺ​ជា​កិច្ច​ការ​ប្រមូល​ផល​របស់​លោក មិន​មែន​របស់​យើង​ទេ។—ម៉ាថ. ៩:៣៨

ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​«​មាន​បំណង​ប្រាថ្នា​និង​មាន​ការ​ប្រព្រឹត្ត​»​

នៅ​ឆ្នាំ​១៩៩០ យើង​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​ក្នុង​កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។ មណ្ឌល​ដំបូង​របស់​យើង​គឺ​នៅ​រដ្ឋធានី​បូកូថា។ ភារកិច្ច​នោះ​ធ្វើ​ឲ្យ​យើង​ភ័យ​ព្រួយ។ ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​គឺ​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ដែល​គ្មាន​សមត្ថភាព​ពិសេស​អ្វី​ទេ។ យើង​ក៏​មិន​ធ្លាប់​រស់​នៅ​ក្រុង​ធំ​ដែល​មាន​មនុស្ស​កក​កុញ​ដែរ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក​នៅ​ភីលីព ២:១៣ ដែល​ថា​៖ ​«​ព្រះ​គឺ​ជា​អ្នក​ដែល​កំពុង​ផ្ដល់​កម្លាំង​ឲ្យ​អ្នក​រាល់​គ្នា​តាម​ដែល​លោក​ពេញ​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​បំណង​ប្រាថ្នា​និង​មាន​ការ​ប្រព្រឹត្ត​»។

ក្រោយ​មក យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​មណ្ឌល​មួយ​ក្នុង​តំបន់​មេដេហ្ស៊ីន ជា​ក្រុង​ដែល​ខ្ញុំ​បាន​រៀប​រាប់​នៅ​ដើម​ដំបូង។ មនុស្ស​នៅ​ទី​នោះ ស៊ាំ​នឹង​អំពើ​ឃោរឃៅ​តាម​ដង​ផ្លូវ​យ៉ាង​ខ្លាំង​បាន​ជា​ពួក​គេ​មិន​ភ័យ​ស្លុត។ ជា​ឧទាហរណ៍ នៅ​ពេល​មួយ កាល​ដែល​ខ្ញុំ​កំពុង​រៀន​គម្ពីរ មាន​គេ​បាញ់​គ្នា​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​សិស្ស​គម្ពីរ​នោះ។ ខ្ញុំ​ហៀប​ក្រាប​ចុះ ប៉ុន្តែ​សិស្ស​គម្ពីរ​បាន​បន្ត​អាន​វគ្គ​ដោយ​មិន​ភ័យ​ស្លុត។ ពេល​គាត់​អាន​ចប់ គាត់​សុំ​ខ្ញុំ​ឲ្យ​ចាំ​បន្តិច ហើយ​ចេញ​ទៅ​ក្រៅ​បាត់។ មួយ​ស្របក់​ក្រោយ​មក គាត់​បាន​ត្រឡប់​មក​វិញ​ដោយ​យក​កូន​តូច​ៗ​ពីរ​នាក់​មក​ជា​មួយ ហើយ​និយាយ​ដោយ​ស្ងប់​ចិត្ត​ថា​៖ ​«​សុំ​ទោស មិញ​ខ្ញុំ​ត្រូវ​ទៅ​យក​កូន​»។

មាន​ពេល​ផ្សេង​ទៀត ដែល​យើង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់។ នៅ​ពេល​មួយ កាល​ដែល​យើង​កំពុង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ប្រពន្ធ​របស់​ខ្ញុំ​បាន​រត់​មក​រក​ខ្ញុំ​ទាំង​មាន​ទឹក​មុខ​ស្លេក​ស្លាំង។ នាង​និយាយ​ថា​មាន​បុរស​ម្នាក់​ព្យាយាម​បាញ់​នាង។ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​តក់​ស្លុត។ ប៉ុន្តែ​ក្រោយ​មក ទើប​យើង​ដឹង​ថា​បុរស​នោះ​មិន​មែន​បាញ់​តម្រង់​ទៅ​សៀខា​ទេ។ គាត់​កំពុង​បាញ់​បុរស​ម្នាក់​ទៀត​ដែល​ដើរ​ជិត​នាង។

យូរ​ៗ​ទៅ យើង​លែង​សូវ​ភ័យ​ខ្លាច​អំពើ​ឃោរឃៅ​ដូច​ពី​មុន។ យើង​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ភាព​អត់​ធន់​របស់​សាក្សី​ក្នុង​តំបន់​នោះ ដែល​បាន​ប្រឈម​មុខ​នឹង​ស្ថានភាព​ដូច​នេះ​និង​អាក្រក់​ជាង​នេះ​ទៅ​ទៀត។ យើង​បាន​គិត​ថា​បើ​ព្រះ​យេហូវ៉ា​កំពុង​ជួយ​ពួក​គេ នោះ​លោក​ក៏​នឹង​ជួយ​យើង​ដែរ។ យើង​តែង​តែ​ធ្វើ​តាម​យោបល់​ពី​ពួក​អ្នក​ចាស់​ទុំ​ក្នុង​តំបន់ ចេះ​ចាត់​វិធានការ​ការ​ពារ​ខ្លួន ហើយ​អ្វី​ផ្សេង​ទៀត​ទុក​ក្នុង​ដៃ​របស់​ព្រះ​យេហូវ៉ា។

ពិត​មែន ស្ថានភាព​ខ្លះ​មិន​មាន​គ្រោះ​ថ្នាក់​ដូច​ដែល​យើង​គិត​ស្មាន​ទេ។ មាន​ពេល​មួយ ខ្ញុំ​បាន​ឮ​សំឡេង​ដូច​ជា​ស្ត្រី​ពីរ​នាក់​កំពុង​ស្រែក​ជេរ​ប្រទេច​គ្នា​នៅ​ខាង​ក្រៅ​ផ្ទះ​ដែល​ខ្ញុំ​កំពុង​មក​លេង។ ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទៅ​មើល​គេ​ឈ្លោះ​គ្នា​ទេ ប៉ុន្តែ​ម្ចាស់​ផ្ទះ​នោះ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​យ៉​មុខ​ផ្ទះ​របស់​គាត់។ ពេល​ទៅ​ដល់ តាម​ពិត​គឺ​សេក​ពីរ​ក្បាល​កំពុង​ធ្វើ​ត្រាប់​តាម​អ្នក​ជិត​ខាង។

ឯកសិទ្ធិ​ថែម​ទៀត​និង​ការ​ពិបាក

នៅ​ឆ្នាំ​១៩៩៧ ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​បង្រៀន​នៃ​សាលា​បង្ហាត់​ខាង​កិច្ច​បម្រើ។ a ខ្ញុំ​ឲ្យ​តម្លៃ​ជា​និច្ច​ចំពោះ​ការ​ចូល​រួម​សាលា​កិច្ច​បម្រើ តែ​ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​មាន​ឯកសិទ្ធិ​ធ្វើ​ជា​អ្នក​បង្រៀន​ទេ។

ក្រោយ​មក ខ្ញុំ​បាន​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់។ ពេល​ភារកិច្ច​នោះ​លែង​មាន​ទៀត ខ្ញុំ​បាន​ត្រឡប់​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល។ ដូច្នេះ​អស់​ជាង​៣០​ឆ្នាំ ខ្ញុំ​មាន​ឯកសិទ្ធិ​បម្រើ​ជា​អ្នក​បង្រៀន​និង​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។ ភារកិច្ច​ទាំង​នេះ​បាន​ទៅ​ជា​ប្រភព​មួយ​នៃ​ពរ​ជា​ច្រើន។ ប៉ុន្តែ​មិន​មែន​អ្វី​ទាំង​អស់​ស្រួល​ទេ។ ខ្ញុំ​សូម​ពន្យល់។

ខ្ញុំ​ជា​មនុស្ស​រឹង​មាំ​និង​ជឿ​ជាក់​លើ​ខ្លួន​ឯង។ នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ប្រឈម​មុខ​នឹង​ការ​ពិបាក។ ប៉ុន្តែ​ពេល​ខ្លះ ខ្ញុំ​ខ្នះខ្នែង​ជ្រុល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ក្រុម​ជំនុំ។ ពេល​ខ្លះ ខ្ញុំ​បាន​ដាស់​តឿន​អ្នក​ខ្លះ​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ចេះ​សម​ហេតុ​សម​ផល​ចំពោះ​អ្នក​ឯ​ទៀត តែ​គឺ​ខណៈ​ពេល​នោះ​ឯង​ដែល​ខ្ញុំ​ក៏​ខ្វះ​គុណ​សម្បត្តិ​ទាំង​នោះ​ដែរ។—រ៉ូម ៧:២១​-​២៣

ដោយ​សារ​ចំណុច​ខ្វះ​ខាត​របស់​ខ្ញុំ ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ណាស់។ (​រ៉ូម ៧:២៤​) នៅ​ពេល​មួយ ខ្ញុំ​បាន​ប្រាប់​ព្រះ​យេហូវ៉ា​ក្នុង​សេចក្ដី​អធិដ្ឋាន​ថា គឺ​ល្អ​បំផុត​ឲ្យ​ខ្ញុំ​ឈប់​ធ្វើ​ជា​សាសនទូត ហើយ​ត្រឡប់​ទៅ​ប្រទេស​ហ្វាំងឡង់​វិញ។ នៅ​ល្ងាច​នោះ ខ្ញុំ​បាន​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ ការ​លើក​ទឹក​ចិត្ត​ដែល​ខ្ញុំ​បាន​ទទួល​នៅ​ទី​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​ថា​ខ្ញុំ​គួរ​បន្ត​កិច្ច​បម្រើ​របស់​ខ្ញុំ ហើយ​ព្យាយាម​កែ​ប្រែ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន។ រហូត​ដល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​យ៉ាង​ច្បាស់​ដូច​នេះ។ បន្ថែម​ទៅ​ទៀត ខ្ញុំ​ដឹង​គុណ​លោក​យ៉ាង​ខ្លាំង​ដែល​លោក​បាន​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ។

ការ​សម្លឹង​មើល​ទៅ​ថ្ងៃ​អនាគត​ដោយ​មាន​ទំនុក​ចិត្ត

ខ្ញុំ​និង​សៀខា​ដឹង​គុណ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់​ចំពោះ​ឯកសិទ្ធិ​ដែល​យើង​មាន​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​របស់​យើង។ ខ្ញុំ​ក៏​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ប្រពន្ធ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​ដែល​មាន​ភាព​ស្មោះ​ត្រង់​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ។

មិន​យូរ​ទៀត ខ្ញុំ​នឹង​ឈាន​ចូល​ដល់​អាយុ​៧០​ឆ្នាំ ហើយ​នឹង​ត្រូវ​ផ្ទេរ​ឯកសិទ្ធិ​ជា​អ្នក​បង្រៀន​សាលា​គម្ពីរ​និង​ការ​ធ្វើ​ជា​អ្នក​ដំណើរ​ត្រួត​ពិនិត្យ​ទៅ​អ្នក​ឯ​ទៀត។ ប៉ុន្តែ​នេះ​មិន​ធ្វើ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ទេ។ ហេតុ​អ្វី? ដោយ​សារ​ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​អ្វី​ដែល​លើក​តម្កើង​ព្រះ​យេហូវ៉ា​បំផុត​គឺ​ថា​យើង​បម្រើ​លោក​ដោយ​ចិត្ត​សុភាព​រាប​ទាប ហើយ​ថា​យើង​សរសើរ​តម្កើង​លោក​ចេញ​ពី​ចិត្ត​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​កតញ្ញូ។ (​មីកា ៦:៨; ម៉ាក. ១២:៣២​-​៣៤​) ដើម្បី​លើក​កិត្តិយស​ព្រះ​យេហូវ៉ា យើង​មិន​ចាំ​បាច់​ធ្វើ​ជា​បុគ្គល​លេច​ធ្លោ​ទេ។

កាល​ដែល​ខ្ញុំ​គិត​អំពី​ភារកិច្ច​ដែល​ខ្ញុំ​បាន​ទទួល​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​យល់​ថា​ខ្ញុំ​មិន​ទទួល​ភារកិច្ច​ទាំង​នេះ​ដោយ​សារ​ខ្ញុំ​សម​ជាង​អ្នក​ឯ​ទៀត ហើយ​ថា​ភារកិច្ច​ទាំង​នោះ​មិន​មែន​មក​ពី​ខ្ញុំ​មាន​សមត្ថភាព​ដ៏​ល្អ​ប្រសើរ​ណា​មួយ​ទេ។ គឺ​មិន​មែន​ទាល់​តែ​សោះ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ភារកិច្ច​ទាំង​នេះ​ដល់​ខ្ញុំ ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។ លោក​បាន​ប្រគល់​ភារកិច្ច​ទាំង​នេះ​ឲ្យ​ខ្ញុំ ទោះ​ជា​ខ្ញុំ​មាន​ភាព​ទន់​ខ្សោយ​ក្ដី។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​សម្រេច​ភារកិច្ច​ទាំង​នេះ​បាន ដោយ​សារ​តែ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ យ៉ាង​នេះ ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​កម្លាំង​របស់​ព្រះ​លេច​ធ្លោ។—២កូ. ១២:៩

a សាលា​នេះ​បាន​ត្រូវ​ជំនួស​ដោយ​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។