លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ១៥

ចម្រៀង​លេខ​១២៤ ចូរ​មាន​ភក្ដី​ភាព​ជា​និច្ច

ចូរមានទំនុកចិត្តកាន់តែខ្លាំងលើអង្គការព្រះយេហូវ៉ា

ចូរមានទំនុកចិត្តកាន់តែខ្លាំងលើអង្គការព្រះយេហូវ៉ា

«​ចូរ​ចាំ​អំពី​ពួក​អ្នក​ដែល​កំពុង​នាំ​មុខ​អ្នក​រាល់​គ្នា ជា​អ្នក​ដែល​បាន​ប្រាប់​បណ្ដាំ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា​»។ហេ. ១៣:៧

ចំណុច​ផ្ដោត

របៀប​ពង្រឹង​និង​រក្សា​ទំនុក​ចិត្ត​របស់​អ្នក​លើ​អង្គការ​របស់​ព្រះ​យេហូវ៉ា។

១. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​សតវត្សរ៍​ទី១​បាន​ត្រូវ​រៀប​ចំ​ឡើង​យ៉ាង​ដូច​ម្ដេច?

 ពេល​ណា​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ភារកិច្ច​ដល់​រាស្ត្រ​របស់​លោក លោក​រំពឹង​ថា​ពួក​គេ​នឹង​បំពេញ​ភារកិច្ច​នោះ​តាម​របៀប​រៀប​រយ។ (​១កូ. ១៤:៣៣​) ជា​ឧទាហរណ៍ ព្រះ​មាន​បំណង​ប្រាថ្នា​ឲ្យ​ដំណឹង​ល្អ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី។ (​ម៉ាថ. ២៤:១៤​) ព្រះ​យេហូវ៉ា​បាន​ឲ្យ​លោក​យេស៊ូ​មាន​ភារកិច្ច​ដឹក​នាំ​កិច្ច​ការ​នេះ។ លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​កិច្ច​ការ​នេះ​ធ្វើ​ឡើង​យ៉ាង​មាន​របៀប​រៀប​រយ។ នៅ​សតវត្សរ៍​ទី១ ពេល​ក្រុម​ជំនុំ​បាន​ត្រូវ​ស្ថាបនា​ឡើង​នៅ​កន្លែង​ផ្សេង​ៗ ពួក​អ្នក​ចាស់​ទុំ​បាន​ត្រូវ​តែង​តាំង​ឲ្យ​នាំ​មុខ​និង​ផ្ដល់​ការ​ណែនាំ។ (​សកម្ម. ១៤:២៣​) នៅ​ក្រុង​យេរូសាឡិម អ្នក​ចាស់​ទុំ​មួយ​ក្រុម​រួម​មាន​ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ចំនួន​ដែល​ក្រុម​ជំនុំ​ទាំង​អស់​ត្រូវ​ធ្វើ​តាម។ (​សកម្ម. ១៥:២; ១៦:៤​) ដោយ​សារ​បង​ប្អូន​បាន​ធ្វើ​តាម​ការ​ណែនាំ​ដែល​ពួក​គេ​បាន​ទទួល ​«​ជំនឿ​របស់​ក្រុម​ជំនុំ​នានា​កាន់​តែ​រឹង​មាំ ហើយ​ក្រុម​ជំនុំ​ទាំង​នោះ​ក៏​ចម្រើន​ឡើង​»។—សកម្ម. ១៦:៥

២. តាំង​ពី​ឆ្នាំ​១៩១៩ តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​ណែនាំ​និង​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ?

នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ក៏​បន្ត​រៀប​ចំ​រាស្ត្រ​របស់​លោក​ដែរ។ តាំង​ពី​ឆ្នាំ​១៩១៩ លោក​យេស៊ូ​បាន​ប្រើ​បុរស​មួយ​ក្រុម​តូច​ដែល​បាន​ត្រូវ​រើស​តាំង​ឲ្យ​រៀប​ចំ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​ពួក​អ្នក​កាន់​តាម​លោក។ a (​លូក. ១២:៤២​) យើង​ឃើញ​ច្បាស់​ថា ព្រះ​យេហូវ៉ា​កំពុង​ឲ្យ​ពរ​លើ​កិច្ច​ការ​របស់​ក្រុម​នោះ។—អេ. ៦០:២២; ៦៥:១៣, ១៤

៣​-​៤. (​ក​) សូម​លើក​ឧទាហរណ៍​អំពី​របៀប​ដែល​យើង​ទទួល​ប្រយោជន៍​ពី​ការ​មាន​របៀប​រៀប​រយ។ (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

បើ​យើង​មិន​មាន​របៀប​រៀប​រយ យើង​មិន​អាច​បំពេញ​កិច្ចការ​ដែល​លោក​យេស៊ូ​បាន​ឲ្យ​យើង​ធ្វើ​ទេ។ (​ម៉ាថ. ២៨:១៩, ២០​) ជា​ឧទាហរណ៍ បើ​គ្មាន​ការ​ចាត់​ចែង​ឲ្យ​មាន​តំបន់​ផ្សាយ ហើយ​គ្រប់​គ្នា​អាច​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ផ្សេង​ៗ​តាម​ចិត្ត នោះ​តំបន់​ខ្លះ​ប្រហែល​ជា​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​អ្នក​ផ្សាយ​ផ្សេង​ៗ រីឯ​តំបន់​ខ្លះ​ទៀត​ប្រហែល​ជា​គ្មាន​អ្នក​ណា​ផ្សព្វ​ផ្សាយ​ទាល់​តែ​សោះ។ តើ​អ្នក​អាច​គិត​អំពី​ប្រយោជន៍​ផ្សេង​ទៀត​ដែល​យើង​ទទួល​ពី​ការ​មាន​របៀប​រៀប​រយ​ឬ​ទេ?

អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​នៅ​ផែន​ដី​ទុក​ជា​គំរូ​អំពី​របៀប​ដែល​លោក​ចាត់​ចែង​យើង​ឲ្យ​មាន​របៀប​រៀប​រយ​នៅ​សព្វ​ថ្ងៃ​នេះ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​គំរូ​ដែល​លោក​យេស៊ូ​បាន​ទុក​ឲ្យ និង​អំពី​របៀប​ដែល​អង្គការ​របស់​យើង​ធ្វើ​តាម​គំរូ​លោក។ យើង​ក៏​នឹង​ពិចារណា​ដែរ​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ថា យើង​មាន​ទំនុក​ចិត្ត​ទៅ​លើ​អង្គការ​ព្រះ​យេហូវ៉ា។

អង្គការ​យើង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ

៥. តើ​យើង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​តាម​របៀប​ណា? (​យ៉ូហាន ៨:២៨​)

លោក​យេស៊ូ​បាន​រៀន​ពី​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌​អំពី​អ្វី​ដែល​គួរ​និយាយ​និង​អ្វី​ដែល​គួរ​ធ្វើ។ អង្គការ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ដោយ​ប្រើ​បណ្ដាំ​ព្រះ​ដើម្បី​ជួយ​យើង​ឲ្យ​ដឹង​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ហើយ​ផ្ដល់​ការ​ណែនាំ​សម្រាប់​ជីវិត​យើង។ (​សូម​អាន យ៉ូហាន ៨:២៨; ២ធី. ៣:១៦, ១៧​) យើង​ទទួល​ការ​រំលឹក​ជា​ទៀង​ទាត់​ឲ្យ​អាន​និង​ធ្វើ​តាម​បណ្ដាំ​ព្រះ។ តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ធ្វើ​តាម​យោបល់​នេះ?

៦. តើ​យើង​ទទួល​ប្រយោជន៍​ដ៏​សំខាន់​អ្វី​ពី​ការ​សិក្សា​គម្ពីរ?

យើង​ទទួល​ប្រយោជន៍​ច្រើន​ពេល​យើង​សិក្សា​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​របស់​អង្គការ​យើង​ជា​ជំនួយ។ ជា​ឧទាហរណ៍ យើង​អាច​ប្រៀប​ធៀប​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ទៅ​នឹង​ការ​ណែនាំ​ដែល​យើង​ទទួល​ពី​អង្គការ​ព្រះ។ ពេល​យើង​ឃើញ​ថា​ការ​ណែនាំ​ដែល​យើង​ទទួល​គឺ​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ យើង​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​អង្គការ​របស់​ព្រះ​យេហូវ៉ា។—រ៉ូម ១២:២

៧. តើ​លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​អ្វី ហើយ​តើ​អង្គការ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​តាម​គំរូ​របស់​លោក​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​»។ (​លូក. ៤:៤៣, ៤៤​) លោក​ក៏​បាន​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ។ (​លូក. ៩:១, ២; ១០:៨, ៩​) សព្វ​ថ្ងៃ​នេះ អស់​អ្នក​ដែល​រួម​ចំណែក​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ មិន​ថា​ពួក​គេ​រស់​នៅ​កន្លែង​ណា​ឬ​មាន​ភារកិច្ច​ច្រើន​យ៉ាង​ណា​ក្ដី។

៨. តើ​យើង​បាន​ទទួល​ឯកសិទ្ធិ​អ្វី?

យើង​ចាត់​ទុក​ការ​ប្រាប់​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​របស់​ព្រះ​ដល់​អ្នក​ឯ​ទៀត​ថា​ជា​ឯកសិទ្ធិ​មួយ! មិន​មែន​បុគ្គល​គ្រប់​រូប​មាន​ឯកសិទ្ធិ​នេះ​ទេ។ ជា​ឧទាហរណ៍ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​មិន​អនុញ្ញាត​ឲ្យ​វិញ្ញាណ​អាក្រក់​ផ្សព្វ​ផ្សាយ​អំពី​លោក​ឡើយ។ (​លូក. ៤:៤១​) សព្វ​ថ្ងៃ​នេះ មុន​បុគ្គល​ណា​ម្នាក់​រួម​ចំណែក​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ជា​មួយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា គាត់​ត្រូវ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់។ យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ខ្លាំង​យ៉ាង​ណា​ទៅ​លើ​ឯកសិទ្ធិ​ផ្សព្វ​ផ្សាយ ដោយ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ណា​និង​ពេល​ណា​ដែល​យើង​អាច​ធ្វើ​បាន។ ដូច​លោក​យេស៊ូ គោល​ដៅ​របស់​យើង​គឺ​ដាំ​និង​ស្រោច​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ក្នុង​ចិត្ត​របស់​មនុស្ស។—ម៉ាថ. ១៣:៣, ២៣; ១កូ. ៣:៦

៩. តើ​អង្គការ​ព្រះ​បង្ហាញ​ឲ្យ​គេ​ស្គាល់​នាម​របស់​លោក​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​បាន​បង្ហាញ​ឲ្យ​គេ​ស្គាល់​នាម​របស់​ព្រះ។ លោក​យេស៊ូ​បាន​អធិដ្ឋាន​ទៅ​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌ ដោយ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​បង្ហាញ​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក​»។ (​យ៉ូន. ១៧:២៦​) ដូច​គំរូ​របស់​លោក​យេស៊ូ អង្គការ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ទាំង​អស់​ដែល​អាច​ធ្វើ​បាន​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​នាម​របស់​ព្រះ។ របៀប​មួយ​ដែល​អង្គការ​របស់​ព្រះ​ធ្វើ​ដូច្នេះ គឺ​តាម​រយៈ​គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។ សេចក្ដី​បក​ប្រែ​នេះ​បាន​ដាក់​បញ្ចូល​នាម​របស់​ព្រះ​ឡើង​វិញ​នៅ​កន្លែង​ដែល​ធ្លាប់​មាន​នៅ​ក្នុង​គម្ពីរ​ជា​ភាសា​ដើម។ ឥឡូវ សេចក្ដី​បក​ប្រែ​គម្ពីរ​នេះ​បាន​ត្រូវ​បក​ប្រែ​ទាំង​មូល ឬ​ផ្នែក​ខ្លះ​ជាង​២៧០​ភាសា។ នៅ​ក្នុង​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៤​និង​ក​៥​នៃ​សេចក្ដី​បក​ប្រែ​នេះ អ្នក​នឹង​ឃើញ​ព័ត៌មាន​អំពី​មូលហេតុ​និង​របៀប​ដែល​នាម​របស់​ព្រះ​បាន​ត្រូវ​ដាក់​បញ្ចូល​ឡើង​វិញ​ក្នុង​គម្ពីរ។

១០. តើ​អ្នក​រៀន​អ្វី​ពី​ពាក្យ​របស់​ស្ត្រី​ម្នាក់​នៅ​ប្រទេស​មីយ៉ាន់ម៉ា?

១០ ដូច​លោក​យេស៊ូ យើង​ចង់​ជួយ​មនុស្ស​ឲ្យ​ច្រើន​បំផុត​ស្គាល់​នាម​របស់​ព្រះ។ ពេល​រៀន​ថា​ព្រះ​មាន​ឈ្មោះ ស្ត្រី​ម្នាក់​ដែល​មាន​អាយុ​៦៧​ឆ្នាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​យំ ហើយ​និយាយ​ទៅ​កាន់​អ្នក​បង្រៀន​គម្ពីរ​របស់​គាត់​ថា​៖ ​«​ឥឡូវ​ជា​លើក​ទី១​ក្នុង​ឆាក​ជីវិត​ខ្ញុំ​ដែល​ខ្ញុំ​បាន​ឮ​ថា​នាម​របស់​ព្រះ​គឺ​យេហូវ៉ា។ . . . នេះ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ដែល​ខ្ញុំ​អាច​រៀន​ក្នុង​ជីវិត​»។ ដូច​បទ​ពិសោធន៍​នេះ​បង្ហាញ ការ​រៀន​អំពី​នាម​របស់​ព្រះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ។

ចូរ​បន្ត​បង្ហាញ​ទំនុក​ចិត្ត​ទៅ​លើ​អង្គការ​យើង

១១. តើ​ពួក​អ្នក​ចាស់​ទុំ​អាច​បង្ហាញ​ថា​ពួក​គេ​ឲ្យ​តម្លៃ​ចំពោះ​អង្គការ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ តើ​អ្វី​ជា​របៀប​មួយ​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​បង្ហាញ​ថា​ពួក​គេ​ឲ្យ​តម្លៃ​ចំពោះ​អង្គការ​ព្រះ? ពេល​ទទួល​ការ​ណែនាំ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​អាន​ការ​ណែនាំ​នោះ​យ៉ាង​យក​ចិត្ត​ទុកដាក់ ហើយ​ក្រោយ​មក​ធ្វើ​តាម​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ពួក​គេ។ ជា​ឧទាហរណ៍ ពួក​គេ​ទទួល​ការ​ណែនាំ​មិន​គ្រាន់​តែ​អំពី​របៀប​បំពេញ​ផ្នែក​ផ្សេង​ៗ​នៅ​កិច្ច​ប្រជុំ​និង​របៀប​អធិដ្ឋាន​តំណាង​ក្រុម​ជំនុំ​ប៉ុណ្ណោះ​ទេ តែ​ក៏​ទទួល​ការ​ណែនាំ​អំពី​របៀប​មើល​ថែ​ចៀម​របស់​គ្រិស្ត​ផង​ដែរ។ ពួក​អ្នក​ចាស់​ទុំ​ដែល​ធ្វើ​តាម​ការ​ណែនាំ​ពី​អង្គការ​ព្រះ​ជួយ​ពួក​អ្នក​ដែល​នៅ​ក្រោម​ការ​មើល​ថែ​របស់​ពួក​គេ​ឲ្យ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​ថែ​រក្សា​ពួក​អ្នក​ទាំង​នោះ។

ពួក​អ្នក​ចាស់​ទុំ​ជួយ​យើង​ឲ្យ​ទុក​ចិត្ត​ការ​ណែនាំ​ពី​អង្គការ​របស់​ព្រះ​យេហូវ៉ា ​(​សូម​មើល​វគ្គ​១១​)​ b


១២. (​ក​) ហេតុ​អ្វី​យើង​គួរ​សហការ​ជា​មួយ​ពួក​អ្នក​នាំ​មុខ? (​ហេប្រឺ ១៣:៧, ១៧​) (​ខ​)​ ហេតុ​អ្វី​យើង​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​ពួក​អ្នក​នាំ​មុខ?

១២ ពេល​យើង​ទទួល​ការ​ណែនាំ​ពី​ពួក​អ្នក​ចាស់​ទុំ យើង​គួរ​ធ្វើ​តាម​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ ដោយ​ធ្វើ​ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​នាំ​មុខ​ងាយ​ស្រួល​ធ្វើ​កិច្ច​ការ​របស់​ពួក​គេ​ជាង។ គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ស្ដាប់​បង្គាប់​និង​ចុះ​ចូល​ពួក​អ្នក​នាំ​មុខ។ (​សូម​អាន ហេប្រឺ ១៣:៧, ១៧) ជួន​កាល​នេះ​គឺ​ពិបាក។ ហេតុ​អ្វី? ពីព្រោះ​បុរស​ទាំង​នេះ​គឺ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ បើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​វិបត្តិ​ជា​ជាង​គុណ​សម្បត្តិ​របស់​ពួក​គេ យើង​នឹង​ហាក់​ដូច​ជា​កំពុង​ជួយ​សត្រូវ​របស់​យើង។ តើ​តាម​របៀប​ណា? សត្រូវ​របស់​យើង​ចង់​ឲ្យ​យើង​សង្ស័យ​ថា​ព្រះ​មិន​មែន​ប្រើ​អង្គការ​របស់​លោក​ដើម្បី​ណែនាំ​យើង​ទេ។ ដូច្នេះ បើ​យើង​ចាប់​ផ្ដើម​គិត​មិន​ល្អ​អំពី​ពួក​អ្នក​ចាស់​ទុំ យើង​ក៏​នឹង​ប្រហែល​ជា​ចាប់​ផ្ដើម​គិត​មិន​ល្អ​អំពី​អង្គការ​ព្រះ និង​បាត់​បង់​ទំនុក​ចិត្ត​លើ​អង្គការ​នោះ​ដែរ។ តើ​យើង​អាច​ធ្វើ​អ្វី​ជា​ពិសេស​ដើម្បី​កត់​សម្គាល់​និង​បដិសេធ​ការ​ឃោសនា​មិន​ល្អ​ពី​ពួក​សត្រូវ?

សូម​កុំ​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​ទំនុក​ចិត្ត​របស់​អ្នក​ចុះ​ខ្សោយ

១៣. តើ​ពួក​សត្រូវ​ព្រះ​បាន​ព្យាយាម​យ៉ាង​ដូច​ម្ដេច​ដើម្បី​ធ្វើ​ឲ្យ​អង្គការ​លោក​មើល​ទៅ​អាក្រក់?

១៣ ពួក​អ្នក​ប្រឆាំង​ព្រះ ព្យាយាម​ធ្វើ​ឲ្យ​អ្វី​ល្អ​អំពី​អង្គការ​របស់​ព្រះ​យេហូវ៉ា​មើល​ទៅ​អាក្រក់។ ជា​ឧទាហរណ៍ យើង​បាន​រៀន​ពី​បទ​គម្ពីរ​ថា​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក​រក្សា​ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ ខាង​សីលធម៌ និង​ខាង​ការ​គោរព​ប្រណិប័តន៍។ លោក​តម្រូវ​ឲ្យ​អ្នក​ណា​ដែល​បន្ត​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក​ដោយ​មិន​ប្រែ​ចិត្ត​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ។ (​១កូ. ៥:១១​-​១៣; ៦:៩, ១០​) យើង​ធ្វើ​តាម​បង្គាប់​នោះ​ពី​គម្ពីរ។ ប៉ុន្តែ ពួក​អ្នក​ប្រឆាំង​ព្យាយាម​ប្រើ​ចំណុច​នេះ​ដើម្បី​ចោទ​ប្រកាន់​យើង​ថា​ជា​មនុស្ស​ចង្អៀត​ចង្អល់ ផ្ដន្ទា​ទោស និង​គ្មាន​សេចក្ដី​ស្រឡាញ់។

១៤. តើ​អ្នក​ណា​ជា​ប្រភព​នៃ​រឿង​មិន​ពិត​អំពី​អង្គការ​ព្រះ?

១៤ ចូរ​កត់​សម្គាល់​ប្រភព​នៃ​ការ​វាយ​ប្រហារ​នោះ។ មេ​កំណាច​សាថាន​នៅ​ពី​ក្រោយ​ខ្នង​រឿង​មិន​ពិត។ វា​ជា​«​ឪពុក​នៃ​ការ​ភូត​ភរ​»។ (​យ៉ូន. ៨:៤៤; ដក. ៣:១​-​៥​) ដូច្នេះ យើង​គួរ​រំពឹង​ថា​សាថាន​នឹង​ប្រើ​ពួក​អ្នក​ដែល​គាំទ្រ​វា​ដើម្បី​លើក​ស្ទួយ​រឿង​មិន​ពិត​អំពី​អង្គការ​ព្រះ​យេហូវ៉ា។ នេះ​ស​ឲ្យ​ឃើញ​ក្នុង​សតវត្សរ៍​ទី១។

១៥. តើ​ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក?

១៥ នៅ​សតវត្សរ៍​ទី១ ពួក​អ្នក​គាំទ្រ​សាថាន​បាន​និយាយ​ពាក្យ​កុហក​ផ្សេង​ៗ​អំពី​បុត្រ​របស់​ព្រះ សូម្បី​តែ​លោក​យេស៊ូ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​និង​បាន​ធ្វើ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ក្ដី។ ជា​ឧទាហរណ៍ ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​ប្រាប់​បណ្ដា​ជន​ថា​អំណាច​របស់​លោក​យេស៊ូ​ដើម្បី​បណ្ដេញ​ពួក​វិញ្ញាណ​កំណាច គឺ​មក​ពី​«​អ្នក​គ្រប់​គ្រង​ពួក​វិញ្ញាណ​កំណាច​»។ (​ម៉ាក. ៣:២២​) ពេល​លោក​យេស៊ូ​បាន​ត្រូវ​គេ​កាត់​ក្ដី ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​ចោទ​ប្រកាន់​ថា​លោក​ជេរ​ប្រមាថ​ព្រះ ហើយ​ពួក​គេ​បាន​បញ្ចុះ​បញ្ចូល​បណ្ដា​ជន​ឲ្យ​សុំ​គេ​សម្លាប់​លោក។ (​ម៉ាថ. ២៧:២០​) ក្រោយ​មក កាល​ដែល​ពួក​អ្នក​កាន់​តាម​គ្រិស្ត​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ពួក​អ្នក​ប្រឆាំង​«​បាន​ញុះញង់​និង​បង្វិល​ខួរ​បណ្ដា​ជន​»​ឲ្យ​បៀតបៀន​គ្រិស្ត​សាសនិក​ទាំង​នោះ។ (​សកម្ម. ១៤:២, ១៩​) ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​១៩៩៩ ពន្យល់​អំពី​សកម្មភាព ១៤:២​ថា ពួក​អ្នក​ដែល​គាំទ្រ​សាថាន​បាន​បដិសេធ​ដំណឹង​ដែល​គ្រិស្ត​សាសនិក​ផ្សព្វ​ផ្សាយ ហើយ​ពួក​គេ​ក៏​និយាយ​អាក្រក់​អំពី​គ្រិស្ត​សាសនិក​ទាំង​នោះ​ដើម្បី​ឲ្យ​បណ្ដា​ជន​មិន​ស្ដាប់​និង​ស្អប់​គ្រិស្ត​សាសនិក។

១៦. តើ​យើង​គួរ​ចាំ​អ្វី​បើ​យើង​ឮ​រឿង​មិន​ពិត?

១៦ សាថាន​នៅ​តែ​កុហក​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ វា​កំពុង​«​បំភាន់​ពិភព​លោក​ទាំង​មូល​»។ (​បប. ១២:៩​) បើ​អ្នក​ឮ​រឿង​មិន​ល្អ​អំពី​អង្គការ​ព្រះ​ឬ​បង​ប្អូន​ដែល​នាំ​មុខ សូម​ចាំ​អំពី​របៀប​ដែល​សត្រូវ​ព្រះ​បាន​ប្រព្រឹត្ត​មក​លើ​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​នៅ​សតវត្សរ៍​ទី១។ សព្វ​ថ្ងៃ​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​បៀតបៀន​និង​និយាយ​បង្កាច់​បង្ខូច​យ៉ាង​សាហាវ​ដូច​ដែល​គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន។ (​ម៉ាថ. ៥:១១, ១២​) យើង​នឹង​មិន​ចាញ់​បោក​រឿង​មិន​ពិត​ទេ​បើ​យើង​ចេះ​កត់​សម្គាល់​ប្រភព​របស់​វា ហើយ​ចាត់​វិធានការ​ភ្លាម​ៗ។ តើ​យើង​គួរ​ចាត់​វិធានការ​យ៉ាង​ណា?

១៧. តើ​យើង​អាច​ជៀស​វាង​ពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​រឿង​មិន​ពិត​តាម​របៀប​ណា? (​ធីម៉ូថេ​ទី២ ១:១៣​) (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ តើ​យើង​អាច​ធ្វើ​អ្វី​ចំពោះ​រឿង​មិន​ពិត?​»​)

១៧ ចូរ​បដិសេធ​រឿង​មិន​ពិត។ សាវ័ក​ប៉ូល​បាន​ឲ្យ​ការ​ណែនាំ​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​គួរ​ធ្វើ​បើ​យើង​ឮ​រឿង​មិន​ពិត។ គាត់​បាន​ប្រាប់​ធីម៉ូថេ​ឲ្យ​«​បង្គាប់​អ្នក​ខ្លះ . . . កុំ​ឲ្យ​ពួក​គេ​ស្ដាប់​រឿង​មិន​ពិត​»​និង​«​បដិសេធ​រឿង​មិន​ពិត​ដែល​មិន​ស្រប​តាម​អ្វី​ដែល​បរិសុទ្ធ​»។ (​១ធី. ១:៣, ៤; ៤:៧​) ទោះ​ជា​កូន​ក្មេង​ដែល​ដើរ​តេះតះ​រើស​យក​អ្វី​ពី​ដី ហើយ​ដាក់​ចូល​មាត់​ក្ដី មនុស្ស​ពេញ​វ័យ​នឹង​មិន​ធ្វើ​ដូច្នេះ ដោយ​សារ​គាត់​យល់​ថា​នេះ​អាច​នាំ​ឲ្យ​ឈឺ។ ស្រដៀង​គ្នា​ដែរ យើង​បដិសេធ​រឿង​មិន​ពិត​ដោយ​សារ​យើង​ដឹង​អំពី​ប្រភព​នៃ​ព័ត៌មាន​នោះ។ យើង​ស្ដាប់​តែ​«​ពាក្យ​ដែល​មាន​ប្រយោជន៍​»​នៃ​សេចក្ដី​ពិត​ប៉ុណ្ណោះ។—សូម​អាន ធីម៉ូថេ​ទី២ ១:១៣

១៨. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ទុក​ចិត្ត​អង្គការ​ព្រះ​យេហូវ៉ា?

១៨ យើង​គ្រាន់​តែ​បាន​ពិចារណា​របៀប​បី​ក្នុង​ចំណោម​របៀប​ជា​ច្រើន​ដែល​អង្គការ​ព្រះ​យក​តម្រាប់​លោក​យេស៊ូ។ កាល​ដែល​អ្នក​សិក្សា​គម្ពីរ សូម​កត់​សម្គាល់​អំពី​របៀប​ថែម​ទៀត​ដែល​អង្គការ​ព្រះ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ។ សូម​ជួយ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត​ទៅ​លើ​អង្គការ​ព្រះ។ ម្យ៉ាង​ទៀត សូម​បង្ហាញ​ទំនុក​ចិត្ត​របស់​អ្នក​ដោយ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ភក្ដី និង​ដោយ​នៅ​ជាប់​នឹង​អង្គការ​ដែល​លោក​កំពុង​ប្រើ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​លោក។ (​ចសព. ៣៧:២៨​) សូម​យើង​បន្ត​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​ដែល​យើង​មាន​ដើម្បី​រួម​ចំណែក​ជា​មួយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​ស្មោះ​ភក្ដី។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​រាស្ត្រ​ព្រះ​យក​តម្រាប់​លោក​យេស៊ូ​តាម​របៀប​ណា​ខ្លះ?

  • តើ​យើង​អាច​បន្ត​បង្ហាញ​ថា​យើង​ទុក​ចិត្ត​អង្គការ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

  • តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា​បើ​យើង​ឮ​រឿង​មិន​ពិត?

ចម្រៀង​លេខ​១០៣ ពួក​គង្វាល​គឺ​អំណោយ​ជា​មនុស្ស

a សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ហេតុ​អ្វី​នៅ​ឆ្នាំ​១៩១៩?​»​ ក្នុង​សៀវភៅ​ការ​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​រៀប​ចំ​ឡើង​វិញ​ហើយ! ទំ.១០២​-​១០៣។

b ការ​ពណ៌នា​អំពី​រូប​ភាព ក្រោយ​ពី​ពួក​អ្នក​ចាស់​ទុំ​ពិភាក្សា​អំពី​ការ​រៀប​ចំ​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​សាធារណៈ អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​ម្នាក់​ប្រាប់​ការ​ណែនាំ​នោះ​ដល់​អ្នក​ផ្សាយ​ឲ្យ​ពួក​គេ​ឈរ​អែប​ជញ្ជាំង​ដើម្បី​សុវត្ថិភាព។