លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើលោកអ្នកដឹងឬទេ?

តើលោកអ្នកដឹងឬទេ?

ហេតុ​អ្វី​ជន​បរទេស​បម្រើ​ក្នុង​កង​ទ័ព​របស់​ស្ដេច​ដាវីឌ?

ក្នុង​កង​ទ័ព​របស់​ស្ដេច​ដាវីឌ មាន​អ្នក​ចម្បាំង​ជា​បុរស​ជន​បរទេស ដូច​ជា​សេលេក​ជា​ជន​ជាតិ​អាំម៉ូន អ៊ូរី​ជា​ជន​ជាតិ​ហេត និង​អ៊ីតម៉ា​ជា​ជន​ជាតិ​ម៉ូអាប់។ a (​១ប្រ. ១១:៣៩, ៤១, ៤៦​) កង​ទ័ព​របស់​ដាវីឌ​ក៏​រួម​មាន​‹ពួក​កេរ៉ែត ពួក​ពេលេធីម និង​ពួក​អ្នក​ក្រុង​កាថ›​ផង​ដែរ។ (​២សាំ. ១៥:១៨​) តាម​មើល​ទៅ ពួក​កេរ៉ែត​និង​ពួក​ពេលេធីម​ជា​សាច់​ញាតិ​ជិត​ដិត​របស់​ពួក​ភីលីស្ទីន។ (​អេគ. ២៥:១៦​) ពួក​អ្នក​ក្រុង​កាថ​មក​ពី​ក្រុង​របស់​ជន​ជាតិ​ភីលីស្ទីន​ឈ្មោះ​កាថ។—យ៉ូស. ១៣:២, ៣; ១សាំ. ៦:១៧, ១៨

ហេតុ​អ្វី​ដាវីឌ​បាន​អនុញ្ញាត​ឲ្យ​ជន​បរទេស​ទាំង​នេះ​ចូល​បម្រើ​ក្នុង​កង​ទ័ព​របស់​គាត់? គាត់​មាន​ទំនុក​ចិត្ត​ថា​ពួក​គេ​មាន​ភក្ដី​ភាព​ចំពោះ​គាត់ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត​ចំពោះ​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ស្ដី​អំពី​ពួក​កេរ៉ែត​និង​ពួក​ពេលេធីម វចនានុក្រម​គម្ពីរ​មួយ​ចែង​ថា​៖ ​«​ពួក​គេ​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ដាវីឌ​ក្នុង​ស្ថានភាព​ដ៏​ពិបាក​បំផុត​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​របស់​គាត់​»។ (​The New Interpreter’s Dictionary of the Bible​) តើ​ពួក​គេ​បាន​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? ពេល​«​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​»​បាន​បោះ​បង់​ចោល​ស្ដេច​ដាវីឌ​ដើម្បី​ទៅ​តាម​«​បុរស​ម្នាក់​ឈ្មោះ​សេបា ជា​មេ​បង្ក​បញ្ហា​»​ ពួក​កេរ៉ែត​និង​ពួក​ពេលេធីម​បាន​បន្ត​នៅ​ជាប់​នឹង​ដាវីឌ ហើយ​បាន​ជួយ​បង្ក្រាប​ការ​បះ​បោរ​របស់​សេបា។ (​២សាំ. ២០:១, ២,​) នៅ​ពេល​ផ្សេង​ទៀត អាដូនីយ៉ា​ដែល​ជា​កូន​ប្រុស​របស់​ស្ដេច​ដាវីឌ​បាន​ព្យាយាម​ដណ្ដើម​យក​បល្ល័ង្ក។ ប៉ុន្តែ ពួក​កេរ៉ែត​និង​ពួក​ពេលេធីម​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ដាវីឌ ហើយ​បាន​ជួយ​ជ្រោម​ជ្រែង​សាឡូម៉ូន​ជា​បុគ្គល​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​អ្នក​ស្នង​តំណែង​របស់​ស្ដេច។—១បស. ១:២៤​-​២៧, ៣៨, ៣៩

ជន​បរទេស​ម្នាក់​ទៀត​ដែល​បាន​រក្សា​ភក្ដី​ភាព​យ៉ាង​មុត​មាំ​ចំពោះ​ដាវីឌ​គឺ​អ៊ីតថាយ​ដែល​ជា​អ្នក​ក្រុង​កាថ។ អ៊ីតថាយ​និង​អ្នក​ចម្បាំង​របស់​គាត់​ចំនួន​៦០០​នាក់​បាន​គាំទ្រ​ស្ដេច​ដាវីឌ ពេល​អាប់សាឡំ​ដែល​ជា​កូន​ប្រុស​របស់​ដាវីឌ​បាន​បះ​បោរ ហើយ​បង្វែរ​ចិត្ត​របស់​ពួក​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ប្រឆាំង​នឹង​ស្ដេច។ ដំបូង ដាវីឌ​បាន​ប្រាប់​អ៊ីតថាយ​ថា​ដោយ​សារ​គាត់​ជា​ជន​បរទេស គាត់​មិន​ចាំ​បាច់​ច្បាំង​ឲ្យ​ដាវីឌ​ទេ។ ប៉ុន្តែ អ៊ីតថាយ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​សូម​យក​ព្រះ​យេហូវ៉ា​ជា​សាក្សី និង​សូម​ស្បថ​ជូន​ស្ដេច​ជា​ម្ចាស់​ថា នៅ​កន្លែង​ណា​ដែល​លោក​អញ្ជើញ​ទៅ ទោះ​ជា​ស្លាប់​ឬ​រស់​ក្ដី ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​នឹង​នៅ​ជា​មួយ​នឹង​លោក!​»។—២សាំ. ១៥:៦, ១៨​-​២១

អ៊ីតថាយ​មាន​ភក្ដី​ភាព​ចំពោះ​ដាវីឌ​ជា​ស្ដេច​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង

ទោះ​ជា​ពួក​កេរ៉ែត ពួក​ពេលេធីម និង​ពួក​អ្នក​ក្រុង​កាថ​ជា​ជន​បរទេស​ក្ដី ពួក​គេ​បាន​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត ហើយ​ថា​ដាវីឌ​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង។ ដាវីឌ​ច្បាស់​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​មាន​បុរស​ដ៏​មាន​ភក្ដី​ភាព​បែប​នេះ​នៅ​ខាង​គាត់!

a ច្បាប់​របស់​ព្រះ​នៅ​ការ​បំភ្លឺ​ច្បាប់ ២៣:៣​-​៦ បាន​ហាម​ជន​ជាតិ​អាំម៉ូន​និង​ជន​ជាតិ​ម៉ូអាប់​មិន​ឲ្យ​ចូល​ក្នុង​ក្រុម​ជំនុំ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។ តាម​មើល​ទៅ ពួក​គេ​មិន​អាច​ចូល​សញ្ជាតិ​ស្រប​ច្បាប់​ដោយ​មាន​សិទ្ធិ​ពេញ​លេញ​ជា​ជន​ជាតិ​អ៊ីស្រាអែល​ទេ តែ​បុគ្គល​ម្នាក់​ៗ​ដែល​ជា​ជន​ជាតិ​អាំម៉ូន​និង​ជន​ជាតិ​ម៉ូអាប់​អាច​សេព​គប់​និង​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល បើ​ពួក​គេ​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​ពិត។