លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ២២

ចម្រៀង​លេខ​១២៧ ខ្ញុំ​គួរ​ជា​មនុស្ស​ដែល​ព្រះ​ពេញ​ចិត្ត

របៀប​ធ្វើ​ឲ្យ​ការ​ស្វែង​យល់​ចិត្ត​គ្នា​នាំ​ទៅ​ដល់​ការ​សម្រេច​ចិត្ត​ល្អ

របៀប​ធ្វើ​ឲ្យ​ការ​ស្វែង​យល់​ចិត្ត​គ្នា​នាំ​ទៅ​ដល់​ការ​សម្រេច​ចិត្ត​ល្អ

«​អ្វី​ក្នុង​ចិត្ត . . . មាន​តម្លៃ​ថ្លៃ​ណាស់​»។១ពេ. ៣:៤

ចំណុច​ផ្ដោត

អ្វី​ដែល​គូ​សង្សារ​អាច​ធ្វើ​ដើម្បី​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ស្វែង​យល់​ចិត្ត​គ្នា និង​របៀប​ដែល​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​អាច​គាំទ្រ​ពួក​គេ។

១​-​២. តើ​អ្នក​ខ្លះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ស្វែង​យល់​ចិត្ត​គ្នា?

 ការ​ស្វែង​យល់​ចិត្ត​គ្នា​អាច​ជា​គ្រា​ដ៏​រំភើប​និង​សប្បាយ​រីករាយ​ខ្លាំង​ណាស់។ បើ​អ្នក​កំពុង​ស្វែង​យល់​ចិត្ត​គ្នា អ្នក​ច្បាស់​ជា​ចង់​ឲ្យ​វា​ទៅ​រលូន។ ចំពោះ​គូ​សង្សារ​ជា​ច្រើន នោះ​គឺ​ជា​គ្រា​ដ៏​សប្បាយ។ បង​ស្រី​ស៊ីយ៉ាន aពី​ប្រទេស​អេត្យូពី​និយាយ​ថា​៖ ​«​គ្រា​ដ៏​សប្បាយ​បំផុត​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ​គឺ​ពេល​ដែល​ខ្ញុំ​និង​ប្ដី​ខ្ញុំ​ស្វែង​យល់​ចិត្ត​គ្នា។ យើង​និយាយ​រឿង​សំខាន់​ៗ​ជា​មួយ​គ្នា ហើយ​សើច​ជា​មួយ​គ្នា។ ខ្ញុំ​សប្បាយ​ចិត្ត​ពេល​ដែល​ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​រក​ឃើញ​បុគ្គល​ដែល​ខ្ញុំ​ស្រឡាញ់ ហើយ​គាត់​ក៏​ស្រឡាញ់​ខ្ញុំ​វិញ​ដែរ​»។

ប៉ុន្តែ​បង​ប្រុស​អាលេសូ​ពី​ប្រទេស​ហូឡង់​និយាយ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ស្គាល់​ប្រពន្ធ​របស់​ខ្ញុំ​ច្បាស់​ជាង​ពេល​ដែល​យើង​ស្វែង​យល់​ចិត្ត​គ្នា ប៉ុន្តែ​ពេល​នោះ​យើង​ក៏​មាន​ការ​ពិបាក​ខ្លះ​ដែរ​»។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ការ​ពិបាក​ដែល​គូ​អាច​មាន​និង​គោល​ការណ៍​គម្ពីរ​ខ្លះ​ដែល​អាច​ជួយ​គូ​ឲ្យ​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ស្វែង​យល់​ចិត្ត​គ្នា។ យើង​ក៏​នឹង​ពិចារណា​របៀប​ដែល​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​គាំទ្រ​គូ​ដែល​កំពុង​ស្វែង​យល់​ចិត្ត​គ្នា​ដែរ។

គោល​បំណង​នៃ​ការ​ស្វែង​យល់​ចិត្ត​គ្នា

៣. តើ​អ្វី​ជា​គោល​បំណង​នៃ​ការ​ស្វែង​យល់​ចិត្ត​គ្នា? (​សុភាសិត ២០:២៥​)

ទោះ​ជា​ការ​ស្វែង​យល់​ចិត្ត​គ្នា​អាច​ជា​គ្រា​ដ៏​សប្បាយ​ក្ដី នេះ​គឺ​ជា​ជំហាន​ដ៏​សំខាន់​ដែល​អាច​នាំ​ទៅ​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍។ នៅ​ថ្ងៃ​រៀប​ការ​របស់​ពួក​គេ គូ​ប្ដី​ប្រពន្ធ​ស្បថ​នៅ​មុខ​ព្រះ​យេហូវ៉ា​ថា​ពួក​គេ​នឹង​ស្រឡាញ់​គ្នា ហើយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដរាប​ណា​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​នៅ​រស់។ មុន​យើង​ស្បថ​អ្វី​ណា​មួយ យើង​គួរ​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​រឿង​នោះ។ (​សូម​អាន សុភាសិត ២០:២៥) នេះ​គឺ​ពិត​មែន​ពេល​ស្បថ​នៅ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍។ ការ​ស្វែង​យល់​ចិត្ត​គ្នា​បើក​ឱកាស​ឲ្យ​គូ​សង្សារ​ស្គាល់​គ្នា ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។ ជួន​កាល ការ​សម្រេច​ចិត្ត​នោះ​គឺ​រៀប​ការ តែ​ជួន​កាល​ពួក​គេ​សម្រេច​ចិត្ត​បញ្ឈប់​ការ​ស្វែង​យល់​ចិត្ត​គ្នា។ បើ​គូ​សម្រេច​ចិត្ត​បែក​ផ្លូវ​គ្នា នេះ​មិន​មាន​ន័យ​ថា​ការ​ស្វែង​យល់​ចិត្ត​គ្នា​របស់​ពួក​គេ​បាន​បរាជ័យ​ទេ។ ផ្ទុយ​ទៅ​វិញ នោះ​បាន​សម្រេច​គោល​បំណង​នៃ​ការ​ស្វែង​យល់​ចិត្ត​គ្នា គឺ​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។

៤. ហេតុ​អ្វី​យើង​គួរ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ស្វែង​យល់​ចិត្ត​គ្នា?

ហេតុ​អ្វី​សំខាន់​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ស្វែង​យល់​ចិត្ត​គ្នា? ពេល​បង​ប្អូន​នៅ​លីវ​មាន​ទស្សនៈ​ត្រឹម​ត្រូវ ពួក​គេ​នឹង​មិន​ស្វែង​យល់​ចិត្ត​គ្នា​ជា​មួយ​នឹង​នរណា​ដែល​ពួក​គេ​គ្មាន​បំណង​រៀប​ការ​ជា​មួយ​ទេ។ ប៉ុន្តែ មិន​មែន​មាន​តែ​បង​ប្អូន​ដែល​នៅ​លីវ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​មាន​ទស្សនៈ​ត្រឹម​ត្រូវ គឺ​យើង​ទាំង​អស់​គ្នា​គួរ​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​គិត​ថា​បើ​បុគ្គល​ពីរ​នាក់​ស្វែង​យល់​ចិត្ត​គ្នា ពួក​គេ​ត្រូវ​តែ​រៀប​ការ។ តើ​ចិត្ត​គំនិត​បែប​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​គ្រិស្ត​សាសនិក​នៅ​លីវ? បង​ស្រី​នៅ​លីវ​ម្នាក់​ឈ្មោះ​មេលីសា​ដែល​រស់​នៅ​សហរដ្ឋ​អាម៉េរិក​រៀប​រាប់​ថា​៖ ​«​ពេល​ដែល​បង​ប្រុស​ឬ​បង​ស្រី​ស្វែង​យល់​ចិត្ត​គ្នា បង​ប្អូន​ខ្លះ​រំពឹង​ថា​ពួក​គេ​នឹង​រៀប​ការ។ ជា​លទ្ធផល គូ​ខ្លះ​ដែល​កំពុង​ស្វែង​យល់​ចិត្ត​គ្នា​បន្ដ​ទំនាក់​ទំនង​របស់​ពួក​គេ សូម្បី​តែ​ពួក​គេ​មិន​ស៊ី​គ្នា​ក៏​ដោយ។ គ្រិស្ត​សាសនិក​នៅ​លីវ​ខ្លះ​ទៀត ជៀស​វាង​ពី​ការ​ស្វែង​យល់​ចិត្ត​គ្នា​តែ​ម្ដង។ សម្ពាធ​នេះ​អាច​នាំ​ឲ្យ​មាន​ការ​ព្រួយ​ចិត្ត​ខ្លាំង​ណាស់​»។

ចូរ​ស្គាល់​គ្នា​ឲ្យ​បាន​ច្បាស់

៥​-​៦. តើ​គូ​សង្សារ​គួរ​ស្វែង​យល់​អ្វី​ខ្លះ​អំពី​គ្នា? (​ពេត្រុស​ទី​១ ៣:៤​)

បើ​អ្នក​កំពុង​ស្វែង​យល់​ចិត្ត​គ្នា តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​ចិត្ត​ថា​រៀប​ការ​ឬ​មិន​រៀប​ការ? សូម​ស្គាល់​គ្នា​ឲ្យ​ច្បាស់។ អ្នក​ទំនង​ជា​បាន​ស្គាល់​អ្វី​មួយ​ចំនួន​អំពី​បុគ្គល​នោះ​រួច​ហើយ​មុន​អ្នក​ចាប់​ផ្ដើម​ស្វែង​យល់​ចិត្ត​គ្នា។ ប៉ុន្តែ ឥឡូវ​អ្នក​មាន​ឱកាស​ដើម្បី​ស្គាល់​«​អ្វី​ក្នុង​ចិត្ត​»​របស់​បុគ្គល​នោះ។ (​សូម​អាន ពេត្រុស​ទី​១ ៣:៤) នេះ​រួម​បញ្ចូល​ការ​ស្វែង​យល់​ថែម​ទៀត​អំពី​ចំណង​មិត្តភាព​របស់​បុគ្គល​នោះ​ជា​មួយ​ព្រះ​យេហូវ៉ា បុគ្គលិក​លក្ខណៈ និង​របៀប​គិត​គូរ​របស់​គាត់។ ក្រោយ​មក អ្នក​គួរ​តែ​អាច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖ ‹តើ​បុគ្គល​នេះ​នឹង​ទៅ​ជា​គូ​អាពាហ៍ពិពាហ៍​ដ៏​ល្អ​សម្រាប់​ខ្ញុំ​ឬ​ទេ?›។ (​សុភ. ៣១:២៦, ២៧, ៣០; អេភ. ៥:៣៣; ១ធី. ៥:៨​) ‹តើ​យើង​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​ផ្លូវ​ចិត្ត​ដល់​គ្នា​ឬ​ទេ? តើ​យើង​អាច​រស់​នៅ​ជា​មួយ​ចំណុច​ខ្សោយ​របស់​គ្នា​ឬ​ទេ?›។ (​រ៉ូម ៣:២៣​) កាល​ដែល​ពួក​អ្នក​កាន់​តែ​ស្គាល់​គ្នា សូម​ចាំ​ថា​អ្វី​សំខាន់​បំផុត​គឺ​មិន​មែន​ពួក​អ្នក​ស្រដៀង​គ្នា​យ៉ាង​ណា​ទេ ប៉ុន្តែ​គឺ​អ្នក​ទាំង​ពីរ​អាច​សម្រប​នឹង​ភាព​ខុស​គ្នា​របស់​គ្នា​រៀង​ៗ​ខ្លួន។

តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​គួរ​ស្វែង​យល់​អំពី​គូ​ពេល​ដែល​ស្វែង​យល់​ចិត្ត​គ្នា? មុន​អ្នក​មាន​អារម្មណ៍​ខ្លាំង​ចំពោះ​បុគ្គល​នោះ អ្នក​ប្រហែល​ជា​ចង់​ពិភាក្សា​គ្នា​អំពី​រឿង​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា​គោល​ដៅ​របស់​គាត់។ ប៉ុន្តែ​ចុះ​យ៉ាង​ណា​អំពី​រឿង​ផ្ទាល់​ខ្លួន​ដូច​ជា​បញ្ហា​សុខភាព បញ្ហា​លុយ​កាក់ ឬ​អតីតកាល​ខ្លោច​ផ្សា​របស់​គាត់​ជា​ដើម? ពេល​ដែល​ទើប​តែ​ស្វែង​យល់​ចិត្ត​គ្នា មិន​ចាំ​បាច់​ពិភាក្សា​គ្រប់​រឿង​ទេ។ (​សូម​ពិនិត្យ​បន្ថែម យ៉ូហាន ១៦:១២​) បើ​អ្នក​មាន​អារម្មណ៍​ថា​លឿន​ពេក​ឲ្យ​ឆ្លើយ​សំណួរ​ខ្លះ​ដែល​គាត់​សួរ​អ្នក សូម​ប្រាប់​គាត់។ ប៉ុន្តែ ក្រោយ​មក​គាត់​នឹង​ត្រូវ​ដឹង​ព័ត៌មាន​នេះ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។ ដូច្នេះ​ដល់​ពេល​មួយ អ្នក​នឹង​ត្រូវ​និយាយ​យ៉ាង​ស្មោះ​អំពី​រឿង​ទាំង​នេះ។

៧. តើ​គូ​ដែល​ស្វែង​យល់​ចិត្ត​គ្នា​អាច​ស្គាល់​គ្នា​យ៉ាង​ច្បាស់​តាម​របៀប​ណា? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ការ​ស្វែង​យល់​ចិត្ត​គ្នា​ពេល​រស់​នៅ​ឆ្ងាយ​ពី​គ្នា​»​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

តើ​អ្នក​អាច​ស្គាល់​ធាតុ​ពិត​របស់​គូ​សង្សារ​យ៉ាង​ដូច​ម្ដេច? វិធី​ល្អ​បំផុត​មួយ គឺ​និយាយ​គ្នា​ដោយ​ស្មោះ​និង​ឥត​លាក់​លៀម សួរ​សំណួរ ហើយ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់។ (​សុភ. ២០:៥; យ៉ា. ១:១៩​) យ៉ាង​នេះ អ្នក​ប្រហែល​ជា​អាច​សម្រេច​ចិត្ត​ធ្វើ​អ្វី​ជា​មួយ​គ្នា​ដែល​ងាយ​ស្រួល​ឲ្យ​និយាយ​គ្នា ដូច​ជា​ញ៉ាំ​អី​ជា​មួយ​គ្នា ដើរ​ជា​មួយ​គ្នា​នៅ​ទី​សាធារណៈ និង​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា។ អ្នក​ក៏​អាច​ស្វែង​យល់​អំពី​គ្នា ពេល​អ្នក​ចំណាយ​ពេល​ជា​មួយ​មិត្ត​ភក្តិ​និង​ក្រុម​គ្រួសារ។ បន្ថែម​ទៅ​ទៀត ចូរ​រៀប​ចំ​ឲ្យ​មាន​សកម្មភាព​ផ្សេង​ៗ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​របៀប​ដែល​បុគ្គល​នោះ​ប្រព្រឹត្ត​ក្នុង​ស្ថានភាព​ផ្សេង​ៗ និង​ជា​មួយ​បុគ្គល​ផ្សេង​ៗ។ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​បង​អេស្វីន​ពី​ប្រទេស​ហូឡង់​បាន​ព្យាយាម​ធ្វើ។ គាត់​និយាយ​អំពី​ការ​ស្វែង​យល់​ចិត្ត​គ្នា​ជា​មួយ​បង​អាលីស្យា​ថា​៖ ​«​យើង​រក​មើល​ថា​មាន​សកម្មភាព​អ្វី​ខ្លះ​ដែល​នឹង​ជួយ​យើង​ឲ្យ​ស្វែង​យល់​អំពី​គ្នា​ទៅ​វិញ​ទៅ​មក។ សកម្មភាព​ទាំង​នោះ​ភាគ​ច្រើន​គឺ​ធម្មតា ដូច​ជា​ធ្វើ​ម្ហូប​ជា​មួយ​គ្នា​ឬ​ធ្វើ​កិច្ច​ការ​ផ្ទះ​ជា​មួយ​គ្នា។ ក្នុង​អំឡុង​សកម្មភាព​ទាំង​នោះ យើង​ឃើញ​ភាព​ខ្លាំង​និង​ភាព​ខ្សោយ​របស់​គ្នា​»។

បើ​អ្នក​ទាំង​ពីរ​ធ្វើ​អ្វី​ផ្សេង​ៗ​ដែល​នាំ​ឲ្យ​មាន​ការ​សន្ទនា​នោះ​ពួក​អ្នក​ទំនង​ជា​នឹង​ស្គាល់​គ្នា​កាន់​តែ​ច្បាស់ ​(​សូម​មើល​វគ្គ​៧​-​៨​)​


៨. តើ​គូ​សង្សារ​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​សិក្សា​ជា​មួយ​គ្នា?

អ្នក​ក៏​អាច​ស្គាល់​គ្នា​ដោយ​សិក្សា​ប្រធានបទ​ផ្សេង​ៗ​ពី​គម្ពីរ។ បើ​អ្នក​ទាំង​ពីរ​រៀប​ការ​នៅ​ថ្ងៃ​ខាង​មុន ពួក​អ្នក​នឹង​ត្រូវ​លៃ​ពេល​ជា​ទៀង​ទាត់​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ដើម្បី​ឲ្យ​ព្រះ​ធ្វើ​ជា​ផ្នែក​ដ៏​សំខាន់​ចាំ​បាច់​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក។ (​អទ. ៤:១២​) យ៉ាង​នេះ សូម​លៃ​ទុក​ពេល​ជា​ទៀង​ទាត់​ដើម្បី​សិក្សា​ជា​មួយ​គ្នា​ក្នុង​អំឡុង​ពេល​ដែល​អ្នក​ស្វែង​យល់​ចិត្ត​គ្នា។ ពិត​មែន​ថា​គូ​ដែល​ស្វែង​យល់​ចិត្ត​គ្នា​មិន​ទាន់​ក្លាយ​ជា​ក្រុម​គ្រួសារ ហើយ​បង​ប្រុស​មិន​ទាន់​ក្លាយ​ទៅ​ជា​ប្រមុខ​របស់​បង​ស្រី​នៅ​ឡើយ។ ប៉ុន្តែ ដោយ​សិក្សា​ជា​មួយ​គ្នា​ជា​ទៀង​ទាត់ អ្នក​អាច​ស្គាល់​ថា​ម្នាក់​ៗ​មាន​ចំណង​មិត្តភាព​យ៉ាង​ណា​ជា​មួយ​ព្រះ​យេហូវ៉ា។ ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​រស់​នៅ​សហរដ្ឋ​អាម៉េរិក​ឈ្មោះ​ម៉ាក់ស៍​និង​ឡៃសា​បាន​រក​ឃើញ​ប្រយោជន៍​មួយ​ទៀត។ បង​ម៉ាក់ស៍​និយាយ​ថា​៖ ​«​ពេល​ដែល​យើង​ទើប​តែ​ស្វែង​យល់​ចិត្ត​គ្នា យើង​ចាប់​ផ្ដើម​សិក្សា​សៀវភៅ​ផ្សេង​ៗ​អំពី​ការ​ស្វែង​យល់​ចិត្ត​គ្នា អាពាហ៍ពិពាហ៍ និង​ជីវិត​គ្រួសារ។ សៀវភៅ​ទាំង​នោះ​បើក​ឱកាស​ឲ្យ​យើង​និយាយ​គ្នា​អំពី​រឿង​សំខាន់​ៗ​ជា​ច្រើន​ដែល​ធម្មតា​ពិបាក​លើក​យក​មក​និយាយ​គ្នា​»។

កត្តា​ផ្សេង​ទៀត​ដែល​ត្រូវ​ពិចារណា

៩. តើ​គូ​សង្សារ​គួរ​ពិចារណា​កត្តា​អ្វី​ខ្លះ​ពេល​សម្រេច​ចិត្ត​ថា​នឹង​ប្រាប់​អ្នក​ណា​អំពី​ការ​ស្វែង​យល់​ចិត្ត​គ្នា?

តើ​អ្នក​គួរ​ប្រាប់​អ្នក​ណា​ខ្លះ​ថា​អ្នក​កំពុង​ស្វែង​យល់​ចិត្ត​គ្នា? នេះ​គឺ​ជា​អ្វី​ដែល​អ្នក​គួរ​សម្រេច​ចិត្ត​រួម​គ្នា។ ពេល​ទើប​ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​ស្នេហា អ្នក​ប្រហែល​ជា​គិត​ពិចារណា​កំណត់​ចំនួន​មនុស្ស​ដែល​អ្នក​នឹង​ប្រាប់។ (​សុភ. ១៧:២៧​) ដោយ​ធ្វើ​ដូច្នេះ អ្នក​ប្រហែល​ជា​ជៀស​វាង​ពី​សម្ពាធ​និង​សំណួរ​ដែល​មិន​ចាំ​បាច់។ ក៏​ប៉ុន្តែ បើ​អ្នក​មិន​ប្រាប់​អ្នក​ណា​សោះ អ្នក​ប្រហែល​ជា​ញែក​ខ្លួន​តែ​ពីរ​នាក់​ដើម្បី​មិន​ឲ្យ​អ្នក​ណា​ដឹង។ នេះ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ដូច្នេះ គឺ​ជា​ការ​ឈ្លាស​វៃ​យ៉ាង​ហោច​ណាស់​ឲ្យ​ប្រាប់​ពួក​អ្នក​ដែល​អាច​ផ្ដល់​យោបល់​ល្អ និង​ជួយ​អ្នក​តាម​របៀប​ផ្សេង​ៗ។ (​សុភ. ១៥:២២​) ជា​ឧទាហរណ៍ អ្នក​អាច​ប្រាប់​សមាជិក​ខ្លះ​ក្នុង​ក្រុម​គ្រួសារ មិត្ត​ភក្តិ​ដែល​មាន​ភាព​ចាស់​ទុំ ឬ​អ្នក​ចាស់​ទុំ។

១០. តើ​គូ​សង្សារ​អាច​ធ្វើ​អ្វី​ដើម្បី​រក្សា​ភាព​ថ្លៃ​ថ្នូរ​ពេល​ស្វែង​យល់​ចិត្ត​គ្នា? (​សុភាសិត ២២:៣​)

១០ តើ​តាម​របៀប​ណា​អ្នក​អាច​ឲ្យ​ការ​ស្វែង​យល់​ចិត្ត​គ្នា​បន្ត​មាន​ភាព​ថ្លៃ​ថ្នូរ? កាល​ដែល​អារម្មណ៍​ស្នេហា​របស់​អ្នក​ទាំង​ពីរ​កើន​ឡើង អ្នក​នឹង​កាន់​តែ​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ​គ្នា។ តើ​អ្វី​អាច​ជួយ​អ្នក​ទាំង​ពីរ​ឲ្យ​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌? (​១កូ. ៦:១៨​) សូម​ជៀស​វាង​ពី​ការ​សន្ទនា​បែប​ប្រាស​ចាក​សីលធម៌ ការ​នៅ​តែ​ពីរ​នាក់ និង​ពី​ការ​ផឹក​ស្រា​ហួស​ប្រមាណ។ (​អេភ. ៥:៣​) អ្វី​ទាំង​នេះ​អាច​នាំ​ឲ្យ​កាន់​តែ​មាន​ចំណង់​ផ្លូវ​ភេទ ហើយ​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​តាំង​ចិត្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ គឺ​ជា​ការ​ល្អ​ឲ្យ​និយាយ​គ្នា​ជា​រឿយ​ៗ​ដើម្បី​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី​ផ្ដេស​ផ្ដាស​ដែល​នឹង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ (​សូម​អាន សុភាសិត ២២:៣) សូម​កត់​សម្គាល់​អ្វី​ដែល​បាន​ជួយ​បង​ដាវីត​និង​បង​អាលម៉ាស​ពី​ប្រទេស​អេត្យូពី ពួក​គាត់​និយាយ​ថា​៖ ​«​យើង​បាន​ចំណាយ​ពេល​ជា​មួយ​គ្នា​នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ឬ​នៅ​ជា​មួយ​មិត្ត​ភក្តិ​របស់​យើង។ យើង​មិន​ដែល​នៅ​ក្នុង​ផ្ទះ​តែ​ពីរ​នាក់ ឬ​នៅ​ក្នុង​ឡាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​នោះ​ទេ។ ដូច្នេះ យើង​បាន​ជៀស​វាង​ពី​ស្ថានភាព​ដែល​អាច​នាំ​ឲ្យ​ធ្លាក់​ក្នុង​ការ​ល្បួង​»។

១១. តើ​គូ​ដែល​ស្វែង​យល់​ចិត្ត​គ្នា​គួរ​ពិចារណា​អំពី​អ្វី​ខ្លះ​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​ការ​បង្ហាញ​អារម្មណ៍​ស្នេហា?

១១ ចុះ​យ៉ាង​ណា​អំពី​ការ​បង្ហាញ​អារម្មណ៍​ស្នេហា? កាល​ដែល​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ទៅ​ៗ​ចំពោះ​គ្នា អ្នក​ប្រហែល​ជា​សម្រេច​ចិត្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​សមរម្យ។ ប៉ុន្តែ បើ​អ្នក​មាន​ចំណង​ផ្លូវ​ភេទ​ខ្លាំង នោះ​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ការ​ថ្លឹង​ថ្លែង​ត្រឹម​ត្រូវ។ (​សាឡូ. ១:២; ២:៦​) ការ​បង្ហាញ​អារម្មណ៍​ស្នេហា​ក៏​អាច​ងាយ​នាំ​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស។ (​សុភ. ៦:២៧​) ដូច្នេះ ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ស្វែង​យល់​ចិត្ត​គ្នា សូម​និយាយ​គ្នា​ថា​នឹង​ដាក់​កម្រិត​ណា​ខ្លះ​ចំពោះ​ការ​ប្រព្រឹត្ត​ដែល​សម​ស្រប​តាម​គោល​ការណ៍​គម្ពីរ។ b (​១ថែ. ៤:៣​-​៧​) ក្នុង​នាម​ជា​គូ សូម​ពិចារណា​ជា​មួយ​គ្នា​ថា ‹តើ​មនុស្ស​នៅ​តំបន់​ដែល​យើង​រស់​នៅ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​របៀប​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា? តើ​ការ​ប្រព្រឹត្ត​ទាំង​នេះ​អាច​ជំរុញ​ឲ្យ​យើង​ណា​ម្នាក់​មាន​អារម្មណ៍​ស្រើប​ស្រាល​ឬ​ទេ?›។

១២. តើ​គូ​ដែល​កំពុង​ស្វែង​យល់​ចិត្ត​គ្នា​គួរ​ដឹង​អំពី​អ្វី​ស្ដី​អំពី​បញ្ហា​និង​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​អំឡុង​ពេល​ដែល​ស្វែង​យល់​ចិត្ត​គ្នា?

១២ តើ​តាម​របៀប​ណា​អ្នក​អាច​ដោះ​ស្រាយ​បញ្ហា​និង​ការ​ខ្វែង​គំនិត​គ្នា? ចុះ​បើ​អ្នក​ខ្វែង​គំនិត​គ្នា​ម្ដង​ម្កាល តើ​នេះ​មាន​ន័យ​ថា​អ្នក​ទាំង​ពីរ​មិន​ស៊ី​គ្នា​ឬ​ទេ? មិន​តែង​តែ​ដូច្នេះ​ទេ។ គូ​ទាំង​ឡាយ​ជួន​កាល​មិន​យល់​ស្រប​គ្នា។ ចំណង​អាពាហ៍ពិពាហ៍​រឹង​មាំ​គឺ​រវាង​មនុស្ស​ពីរ​នាក់​ដែល​គោរព​គ្នា ហើយ​សុខ​ចិត្ត​សម្រប​ខ្លួន​តាម​ចំណង់​ចំណូល​ចិត្ត​របស់​គ្នា។ ដូច្នេះ របៀប​ដែល​ពួក​អ្នក​ដោះ​ស្រាយ​បញ្ហា​នៅ​ឥឡូវ​នេះ អាច​បង្ហាញ​ថា​អាពាហ៍ពិពាហ៍​របស់​ពួក​អ្នក​នឹង​ជោគ​ជ័យ​ឬ​យ៉ាង​ណា។ សូម​អ្នក​ទាំង​ពីរ​សួរ​ខ្លួន​ថា ‹តើ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​ដោយ​ចិត្ត​ស្លូត​បូត​និង​ដោយ​គោរព​គ្នា​ឬ​ទេ? តើ​យើង​អាច​ទទួល​យក​ចំណុច​ខ្សោយ​របស់​ខ្លួន ហើយ​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​ឬ​ទេ? តើ​យើង​ឆាប់​ចុះ​ចូល ឆាប់​សុំ​ទោស និង​ឆាប់​អភ័យ​ទោស​ឬ​ទេ?›។ (​អេភ. ៤:៣១, ៣២​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បើ​អ្នក​តែង​តែ​ឈ្លោះ​គ្នា​ឬ​ខ្វែង​គំនិត​គ្នា​ក្នុង​អំឡុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ស្វែង​យល់​ចិត្ត​គ្នា នោះ​ក្រោយ​ពី​រៀប​ការ​ស្ថានភាព​នោះ​ទំនង​ជា​មិន​អាច​ប្រសើរ​ឡើង​ឡើយ។ បើ​អ្នក​យល់​ថា​គូ​របស់​អ្នក​មិន​ស័ក្ដិ​សម​នឹង​អ្នក ការ​បញ្ចប់​ការ​ស្វែង​យល់​ចិត្ត​គ្នា​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ទាំង​ពីរ។

១៣. តើ​មាន​កត្តា​អ្វី​ខ្លះ​អាច​ជួយ​គូ​សង្សារ​ឲ្យ​ដឹង​ថា​ពួក​គេ​គួរ​ស្វែង​យល់​ចិត្ត​គ្នា​យូរ​ប៉ុន​ណា?

១៣ តើ​អ្នក​គួរ​ចំណាយ​ពេល​ស្វែង​យល់​ចិត្ត​គ្នា​យូរ​ប៉ុន​ណា? ការ​សម្រេច​ចិត្ត​យ៉ាង​តក់​ក្រហល់​ច្រើន​តែ​នាំ​ឲ្យ​មាន​លទ្ធផល​មិន​ល្អ។ (​សុភ. ២១:៥​) ដូច្នេះ អ្នក​គួរ​តែ​ស្វែង​យល់​ចិត្ត​គ្នា​យូរ​ល្មម​ដើម្បី​ឲ្យ​អ្នក​ស្គាល់​គូ​សង្សារ​យ៉ាង​ច្បាស់។ ប៉ុន្តែ អ្នក​មិន​គួរ​អូស​បន្លាយ​ពេល​ស្វែង​យល់​ចិត្ត​គ្នា​ដោយ​មិន​ចាំ​បាច់​ទេ។ គម្ពីរ​ចែង​ថា​៖ ​«​សេចក្ដី​សង្ឃឹម​ដែល​ក្រ​នឹង​កើត​ឡើង នាំ​ឲ្យ​ក្រៀម​ក្រំ​ចិត្ត​»។ (​សុភ. ១៣:១២​) ម្យ៉ាង​ទៀត កាល​ដែល​អ្នក​កាន់​តែ​ចំណាយ​ពេល​ស្វែង​យល់​ចិត្ត​គ្នា គឺ​ប្រហែល​ជា​កាន់​តែ​ពិបាក​ឲ្យ​ទប់​ទល់​ការ​ល្បួង​ខាង​ផ្លូវ​ភេទ។ (​១កូ. ៧:៩​) ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​រយៈ​ពេល​ដែល​អ្នក​ស្វែង​យល់​ចិត្ត​គ្នា អ្នក​អាច​សួរ​ខ្លួន​ថា ‹តើ​មាន​អ្វី​ទៀត​ដែល​ខ្ញុំ​ត្រូវ​ស្វែង​យល់​អំពី​គូ​សង្សារ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត?›។

តើ​អ្នក​ឯ​ទៀត​អាច​ជួយ​គាំទ្រ​គូ​ដែល​កំពុង​ស្វែង​យល់​ចិត្ត​គ្នា​តាម​របៀប​ណា?

១៤. តើ​អ្នក​ឯ​ទៀត​អាច​ជួយ​គាំទ្រ​គូ​ដែល​កំពុង​ស្វែង​យល់​ចិត្ត​គ្នា​តាម​របៀប​ណា​ខ្លះ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៤ បើ​យើង​ស្គាល់​គូ​ដែល​កំពុង​ស្វែង​យល់​ចិត្ត​គ្នា តើ​តាម​របៀប​ណា​យើង​អាច​ជួយ​ពួក​គេ? យើង​អាច​អញ្ជើញ​ពួក​គេ​ឲ្យ​បរិភោគ​អាហារ គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ឬ​លេង​កម្សាន្ត​ជា​មួយ​យើង។ (​រ៉ូម ១២:១៣​) តាម​របៀប​ទាំង​នេះ ពួក​គេ​ប្រហែល​ជា​អាច​មាន​ឱកាស​ស្គាល់​គ្នា​កាន់​តែ​ច្បាស់។ ប្រហែល​អ្នក​អាច​ជួយ​ពួក​គេ​ដោយ​ចេញ​ទៅ​ក្រៅ​ជា​មួយ​ពួក​គេ ធ្វើ​ដំណើរ​ជា​មួយ​ពួក​គេ​ឬ​អញ្ជើញ​ពួក​គេ​ឲ្យ​មក​ផ្ទះ​របស់​អ្នក​ដើម្បី​ជួយ​ពួក​គេ​មិន​ឲ្យ​នៅ​តែ​ពីរ​នាក់។ (​កាឡ. ៦:១០​) បង​អាលីស្យា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​នឹក​ចាំ​អំពី​អ្វី​ដែល​បាន​ជួយ​គាត់​និង​បង​អេស្វីន។ គាត់​និយាយ​ថា​៖ ​«​យើង​ពិត​ជា​សប្បាយ​រីករាយ​ពេល​ដែល​បង​ប្អូន​ខ្លះ​និយាយ​ថា បើ​យើង​ត្រូវ​ការ​កន្លែង​ចំណាយ​ពេល​ជា​មួយ​គ្នា សូម​មក​ផ្ទះ​របស់​ពួក​គេ​ដើម្បី​យើង​មិន​នៅ​តែ​ពីរ​នាក់​»។ បើ​អ្នក​បាន​ត្រូវ​សុំ​ឲ្យ​នៅ​ជា​មួយ សូម​ចាត់​ទុក​ថា​នោះ​ជា​ឯកសិទ្ធិ។ សូម​ប្រយ័ត្ន​កុំ​ទុក​គូ​ឲ្យ​នៅ​តែ​ពីរ​នាក់​នៅ​កន្លែង​ដែល​គ្មាន​អ្នក​ណា​នៅ​ជិត តែ​សូម​ស្វែង​យល់​អំពី​ពេល​ណា​ដែល​ពួក​គេ​ត្រូវ​ការ​និយាយ​រឿង​ផ្ទាល់​ខ្លួន ហើយ​ពេល​នោះ​សូម​កុំ​នៅ​ក្បែរ​ពួក​គេ​ពេក។—ភី. ២:៤

បើ​យើង​ស្គាល់​គូ​ដែល​កំពុង​ស្វែង​យល់​ចិត្ត​គ្នា យើង​អាច​រក​វិធី​ផ្សេង​ៗ​ដើម្បី​ជួយ​គាំទ្រ​ពួក​គេ ​(​សូម​មើល​វគ្គ​១៤​-​១៥​)​


១៥. តើ​មិត្ត​ភក្ដិ​អាច​ធ្វើ​អ្វី​ទៀត​ដើម្បី​ជួយ​គូ​សង្សារ? (​សុភាសិត ១២:១៨​)

១៥ យើង​ក៏​អាច​គាំទ្រ​គូ​ដែល​កំពុង​ស្វែង​យល់​ចិត្ត​គ្នា​តាម​រយៈ​អ្វី​ដែល​យើង​និយាយ​ឬ​មិន​និយាយ។ ជួន​កាល​យើង​ប្រហែល​ជា​ត្រូវ​ចេះ​ទប់​ចិត្ត។ (​សូម​អាន សុភាសិត ១២:១៨) ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​ចង់​ប្រាប់​អ្នក​ឯ​ទៀត​ថា​មាន​បង​ប្អូន​មួយ​គូ​កំពុង​ចាប់​ផ្ដើម​ស្វែង​យល់​ចិត្ត​គ្នា។ ប៉ុន្តែ គូ​នោះ​ប្រហែល​ជា​ចង់​ប្រាប់​ដំណឹង​នេះ​ដោយ​ខ្លួន​ឯង។ យើង​មិន​គួរ​និយាយ​ដើម​គូ​ដែល​ស្វែង​យល់​ចិត្ត​គ្នា ឬ​រិះ​គន់​ពួក​គេ​អំពី​រឿង​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ទេ។ (​សុភ. ២០:១៩; រ៉ូម ១៤:១០; ១ថែ. ៤:១១​) យើង​ក៏​មិន​គួរ​និយាយ​អ្វី​ឬ​ក៏​សួរ​សំណួរ​ដែល​ធ្វើ​ឲ្យ​គូ​ដែល​កំពុង​ស្វែង​យល់​ចិត្ត​គ្នា​មាន​អារម្មណ៍​ថា​បង្ខំ​ពួក​គេ​ឲ្យ​រៀប​ការ។ បង​ស្រី​ម្នាក់​ឈ្មោះ​អេលីស​និង​ប្ដី​របស់​គាត់​នឹក​ចាំ​ថា​៖ ​«​យើង​មាន​អារម្មណ៍​ខ្មាស​ពេល​អ្នក​ឯ​ទៀត​សួរ​យើង​អំពី​គម្រោង​រៀប​អាពាហ៍ពិពាហ៍ ពេល​ដែល​យើង​មិន​ទាន់​បាន​ពិភាក្សា​គ្នា​អំពី​នោះ​នៅ​ឡើយ​»។

១៦. តើ​យើង​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា​បើ​គូ​ដែល​កំពុង​ស្វែង​យល់​ចិត្ត​គ្នា​បែក​គ្នា?

១៦ ចុះ​បើ​គូ​សម្រេច​ចិត្ត​បញ្ឈប់​ការ​ស្វែង​យល់​ចិត្ត​គ្នា? យើង​គួរ​ជៀស​វាង​ពី​ការ​ជ្រៀត​ជ្រែក​ក្នុង​រឿង​នោះ​ឬ​កាន់​ជើង​ខាង​ណា​មួយ។ (​១ពេ. ៤:១៥​) បង​ស្រី​ម្នាក់​ឈ្មោះ​លេអា​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ឮ​អ្នក​ឯ​ទៀត​និយាយ​ស្មាន​ៗ​អំពី​មូលហេតុ​ដែល​ខ្ញុំ​និង​បង​ប្រុស​ម្នាក់​បែក​គ្នា។ ខ្ញុំ​ពិត​ជា​ឈឺ​ចិត្ត​ខ្លាំង​ណាស់!​»។ ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ ការ​បែក​គ្នា​មិន​តែង​តែ​មាន​ន័យ​ថា​ការ​ស្វែង​យល់​ចិត្ត​គ្នា​គឺ​បរាជ័យ​ទេ។ តាម​ធម្មតា នេះ​មាន​ន័យ​ថា​ការ​ស្វែង​យល់​ចិត្ត​គ្នា​បាន​សម្រេច​គោល​បំណង​របស់​វា គឺ​ជួយ​គូ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ការ​សម្រេច​ចិត្ត​នោះ​ប្រហែល​ជា​បាន​នាំ​ឲ្យ​ពួក​គេ​ខូច​ចិត្ត និង​មាន​អារម្មណ៍​ឯកោ។ ដូច្នេះ យើង​អាច​រក​វិធី​ដើម្បី​ជួយ​គាំទ្រ​ពួក​គេ។—សុភ. ១៧:១៧

១៧. តើ​គូ​ដែល​កំពុង​ស្វែង​យល់​ចិត្ត​គ្នា​គួរ​បន្ត​ធ្វើ​អ្វី?

១៧ ដូច​យើង​បាន​ឃើញ ការ​ស្វែង​យល់​ចិត្ត​គ្នា​អាច​មាន​ការ​ពិបាក តែ​ក៏​អាច​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អរ​សប្បាយ​ដែរ។ បង​ជេស៊ីកា​នឹក​ចាំ​ថា​៖ ​«​និយាយ​ឲ្យ​ត្រង់ ការ​ស្វែង​យល់​ចិត្ត​គ្នា​តម្រូវ​ឲ្យ​ខំ​ប្រឹង តែ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​យើង​បាន​ប្រើ​ពេល​វេលា​និង​កម្លាំង​ដើម្បី​ស្គាល់​គ្នា​ឲ្យ​បាន​ច្បាស់​»។ បើ​អ្នក​ជា​គូ​ដែល​កំពុង​ស្វែង​យល់​ចិត្ត​គ្នា សូម​បន្ត​ព្យាយាម​ស្គាល់​គ្នា​ឲ្យ​បាន​ច្បាស់។ បើ​អ្នក​ធ្វើ​ដូច្នេះ នោះ​ការ​ស្វែង​យល់​ចិត្ត​គ្នា​របស់​អ្នក​នឹង​ជួយ​អ្នក​ទាំង​ពីរ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។

ចម្រៀង​លេខ​៤៩ ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​ត្រេក​អរ

a ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ

b ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​បុគ្គល​ឯ​ទៀត​គឺ​ជា​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ហើយ​តម្រូវ​ឲ្យ​អ្នក​ចាស់​ទុំ​ក្រុម​ជំនុំ​បង្កើត​គណៈ​កម្មាធិការ​វិនិច្ឆ័យ។ ក្នុង​ករណី​ខ្លះ ការ​ស្ទាប​អង្អែល​ដោះ​និង​ការ​សន្ទនា​បែប​ប្រាស​ចាក​សីលធម៌​តាម​រយៈ​ការ​ផ្ញើ​សារ​ឬ​ដោយ​និយាយ​តាម​ទូរស័ព្ទ ក៏​អាច​នាំ​ទៅ​ដល់​ការ​បង្កើត​គណៈ​កម្មាធិការ​វិនិច្ឆ័យ​ផង​ដែរ។