លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ២៥

ចម្រៀង​លេខ​៧ ព្រះ​យេហូវ៉ា​ជា​កម្លាំង​របស់​យើង

ចូរ​ចាំ​ថា​ព្រះ​យេហូវ៉ា​ជា«ព្រះ​ដែល​មាន​ជីវិត​រស់​នៅ»

ចូរ​ចាំ​ថា​ព្រះ​យេហូវ៉ា​ជា«ព្រះ​ដែល​មាន​ជីវិត​រស់​នៅ»

«​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ!​»។ចសព. ១៨:៤៦

ចំណុច​ផ្ដោត

យើង​ទទួល​ប្រយោជន៍​ជា​ច្រើន​ពី​ការ​នឹក​ចាំ​ថា​ព្រះ​ដែល​យើង​គោរព​ប្រណិប័តន៍​គឺ​ជា​«​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»។

១. តើ​អ្វី​ជួយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​បន្ត​គោរព​ប្រណិប័តន៍​លោក​ទោះ​ជា​ពួក​គេ​ប្រឈម​មុខ​នឹង​បញ្ហា​ក្ដី?

 យើង​កំពុង​រស់​នៅ​គ្រា​ដែល​គម្ពីរ​ហៅ​ថា​«​លំបាក​ខ្លាំង​ណាស់​»។ (​២ធី. ៣:១​) បន្ថែម​ពី​លើ​ការ​លំបាក​ដែល​មនុស្ស​ទាំង​អស់​ជួប​ប្រទះ​ក្នុង​របៀប​របប​ពិភព​លោក​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​និង​ការ​បៀតបៀន។ តើ​អ្វី​ជួយ​យើង​ឲ្យ​បន្ត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទោះ​ជា​មាន​បញ្ហា​ទាំង​នេះ​ក្ដី? អ្វី​ដ៏​សំខាន់​មួយ​គឺ​យើង​បាន​ស្គាល់​ព្រះ​យេហូវ៉ា​ថា លោក​ជា​«​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»។—យេ. ១០:១០; ២ធី. ១:១២

២. តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា​ដែល​អាច​ពង្រឹង​កម្លាំង​យើង?

ព្រះ​យេហូវ៉ា​ឃើញ​ការ​ពិបាក​ទាំង​អស់​ដែល​យើង​ប្រឈម​មុខ ហើយ​លោក​តែង​តែ​ចង់​ជួយ​យើង។ (​២ប្រ. ១៦:៩; ចសព. ២៣:៤​) ការ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​ពិបាក​ណា​ក៏​ដោយ​ដែល​យើង​ជួប​ក្នុង​ជីវិត។ សូម​ពិចារណា​របៀប​ដែល​នេះ​បាន​កើត​ឡើង​ចំពោះ​ស្ដេច​ដាវីឌ។

៣. តើ​ពាក្យ​របស់​ដាវីឌ​មាន​ន័យ​យ៉ាង​ណា​ពេល​ដែល​គាត់​និយាយ​ថា​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»​?

ដាវីឌ​ស្គាល់​ព្រះ​យេហូវ៉ា ហើយ​ពឹង​ផ្អែក​លើ​លោក។ ពេល​ពួក​សត្រូវ​និង​ស្ដេច​សុល​ដេញ​តាម​សម្លាប់​គាត់ ដាវីឌ​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ (​ចសព. ១៨:៦​) បន្ទាប់​ពី​ព្រះ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​គាត់​និង​សង្គ្រោះ​គាត់ ដាវីឌ​បាន​ប្រកាស​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ!​»។ (​ចសព. ១៨:៤៦​) តើ​ដាវីឌ​ចង់​មាន​ន័យ​យ៉ាង​ណា? ឯកសារ​យោង​មួយ​រៀប​រាប់​ថា ដាវីឌ​បាន​បង្ហាញ​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​«​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ដែល​តែង​តែ​ជួយ​រាស្ត្រ​លោក​»។ ដោយ​សារ​មាន​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ដាវីឌ​ដឹង​ថា​ព្រះ​របស់​គាត់​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ហើយ​ការ​ជឿ​ជាក់​នេះ​ពង្រឹង​ការ​តាំង​ចិត្ត​របស់​គាត់​ឲ្យ​បន្ត​បម្រើ​និង​សរសើរ​ព្រះ​យេហូវ៉ា។—ចសព. ១៨:២៨, ២៩, ៤៩

៤. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ?

ការ​ដែល​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ អាច​ជួយ​យើង​ឲ្យ​បម្រើ​លោក​ដោយ​ខ្នះខ្នែង។ យើង​នឹង​មាន​កម្លាំង​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក និង​មាន​ចិត្ត​ចង់​បន្ត​ខំ​ប្រឹង​ក្នុង​កិច្ច​បម្រើ​របស់​លោក។ យើង​ក៏​នឹង​តាំង​ចិត្ត​បន្ត​នៅ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​ដែរ។

ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​នឹង​ពង្រឹង​កម្លាំង​អ្នក

៥. តើ​អ្វី​អាច​ពង្រឹង​ទំនុក​ចិត្ត​យើង​ពេល​ជួប​ទុក្ខ​លំបាក? (​ភីលីព ៤:១៣​)

យើង​នឹង​អាច​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​ណា​ក៏​ដោយ មិន​ថា​ធំ​ឬ​តូច​ក្ដី បើ​យើង​ចាំ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ហើយ​ថា​លោក​តែង​តែ​អាច​ជួយ​យើង។ លោក​អាច​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ ដោយ​សារ​គ្មាន​បញ្ហា​ណា​ដែល​ពិបាក​ពេក​សម្រាប់​ព្រះ​របស់​យើង​ទេ។ លោក​គឺ​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត ហើយ​លោក​អាច​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដើម្បី​ស៊ូ​ទ្រាំ។ (​សូម​អាន ភីលីព ៤:១៣) នេះ​នាំ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក។ ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា​ពេល​ដែល​យើង​ជួប​បញ្ហា​តូច ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា​លោក​ក៏​នឹង​ជួយ​គាំទ្រ​យើង​ពេល​យើង​ប្រឈម​មុខ​នឹង​បញ្ហា​ធំ​ៗ​ដែរ។

៦. តើ​បទ​ពិសោធន៍​អ្វី​របស់​ដាវីឌ​ពង្រឹង​ទំនុក​ចិត្ត​គាត់​ទៅ​លើ​ព្រះ​យេហូវ៉ា?

សូម​ពិចារណា​បទ​ពិសោធន៍​ពីរ​ដែល​ដាវីឌ​មាន​ពេល​គាត់​ជា​គង្វាល​វ័យ​ក្មេង ដែល​បាន​ធ្វើ​ឲ្យ​គាត់​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។ ធ្លាប់​មាន​ពេល​ដែល​សត្វ​តោ ហើយ​សត្វ​ខ្លា​ឃ្មុំ​បាន​ចាប់​ចៀម​របស់​ឪពុក​គាត់។ ទាំង​ពីរ​ដង​នោះ ដាវីឌ​បាន​ដេញ​តាម​សត្វ​ទាំង​នោះ​យ៉ាង​អង់អាច ហើយ​បាន​សង្គ្រោះ​ចៀម។ ប៉ុន្តែ ដាវីឌ​មិន​បាន​គិត​ថា​ជ័យ​ជម្នះ​នោះ​មក​ពី​ខ្លួន​គាត់​ទេ។ គាត់​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​កម្លាំង​ឲ្យ​គាត់​ធ្វើ​ដូច​នោះ។ (​១សាំ. ១៧:៣៤​-​៣៧​) ដាវីឌ​មិន​ដែល​ភ្លេច​បទ​ពិសោធន៍​ទាំង​នេះ​ឡើយ។ ដោយ​រំពឹង​គិត​អំពី​បទ​ពិសោធន៍​ទាំង​នេះ ដាវីឌ​កាន់​តែ​ជឿ​ជាក់​ថា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​នឹង​ពង្រឹង​កម្លាំង​គាត់​នៅ​ថ្ងៃ​អនាគត។

៧. តើ​ដាវីឌ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី ហើយ​ហេតុ​អ្វី​នោះ​បាន​ជួយ​គាត់​ឲ្យ​ច្បាំង​នឹង​កូលីយ៉ាត?

ក្រោយ​មក ពេល​ដាវីឌ​ទំនង​ជា​នៅ​តែ​មាន​វ័យ​ជំទង់ គាត់​បាន​ទៅ​ជំរំ​ទាហាន​របស់​ជន​ជាតិ​អ៊ីស្រាអែល។ គាត់​បាន​ឃើញ​ថា​ពួក​ទាហាន​ភ័យ​ស្លុត ដោយ​សារ​កូលីយ៉ាត​ដែល​ជា​ជន​ជាតិ​ភីលីស្ទីន​ដ៏​ធំ​សម្បើម​បាន​មក​«​បបួល​ទាហាន​អ៊ីស្រាអែល​ឲ្យ​មក​ប្រកួត​»។ (​១សាំ. ១៧:១០, ១១, កំ.ស.​) ការ​ភ័យ​ខ្លាច​របស់​ពួក​គេ គឺ​ដោយ​សារ​ពួក​គេ​ផ្ដោត​អារម្មណ៍​ទៅ​លើ​មាឌ​ធំ​សម្បើម​របស់​កូលីយ៉ាត ហើយ​អ្វី​ដែល​គាត់​បាន​និយាយ​ទៅ​កាន់​ពួក​គេ។ (​១សាំ. ១៧:២៤, ២៥​) ប៉ុន្តែ ដាវីឌ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ផ្សេង​ពី​ពួក​គេ។ គាត់​ដឹង​ថា​ពេល​ដែល​កូលីយ៉ាត​ប្រមាថ​មើល​ងាយ​ទាហាន​អ៊ីស្រាអែល គាត់​ក៏​កំពុង​ប្រមាថ​«​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​»​ដែរ។ (​១សាំ. ១៧:​២៦​) ដាវីឌ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះ​យេហូវ៉ា។ គាត់​ទុក​ចិត្ត​ថា​ព្រះ​ដែល​បាន​ជួយ​គាត់​ពេល​ដែល​គាត់​នៅ​ជា​គង្វាល ក៏​នឹង​ជួយ​គាត់​នៅ​ក្នុង​ស្ថានភាព​នេះ​ដែរ។ ដោយ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​នឹង​ជួយ​គាត់ ដាវីឌ​បាន​ច្បាំង​នឹង​កូលីយ៉ាត ហើយ​ទទួល​ជ័យ​ជម្នះ។—១សាំ. ១៧:៤៥​-​៥១

៨. តើ​អ្វី​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ពេល​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

យើង​ក៏​អាច​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ដោយ​ជោគ​ជ័យ​ដែរ បើ​យើង​ចាំ​ថា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ប្រុង​ប្រៀប​ជួយ​យើង។ (​ចសព. ១១៨:៦​) យើង​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង ដោយ​គិត​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ​នៅ​អតីតកាល។ សូម​អាន​កំណត់​ហេតុ​គម្ពីរ​ដែល​រំលឹក​អ្នក​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​សង្គ្រោះ​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក។ (​អេ. ៣៧:១៧, ៣៣​-​៣៧​) ម្យ៉ាង​ទៀត សូម​អាន​ឬ​មើល​ព័ត៌មាន​នៅ​ក្នុង​គេហទំព័រ​jw.org ដែល​បង្ហាញ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​គាំ​ទ្រ​បង​ប្អូន​របស់​យើង​នៅ​សម័យ​នេះ។ បន្ថែម​ទៅ​ទៀត សូម​នឹក​ចាំ​អំពី​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក។ សូម​កុំ​បារម្ភ​បើ​អ្នក​មិន​មាន​បទ​ពិសោធន៍​អស្ចារ្យ​ដូច​ជា​វាយ​ឈ្នះ​សត្វ​ខ្លា​ឃ្មុំ​ឬ​តោ។ ហេតុ​អ្វី? ព្រោះ​ក្នុង​ជីវិត​របស់​អ្នក ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ជា​ច្រើន​សម្រាប់​អ្នក។ លោក​បាន​ទាញ​នាំ​អ្នក​ឲ្យ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក។ (​យ៉ូន. ៦:៤៤​) រហូត​ដល់​ឥឡូវ​នេះ អ្នក​នៅ​តែ​នៅ​ក្នុង​សេចក្ដី​ពិត​ដោយ​សារ​តែ​មាន​ជំនួយ​ពី​លោក។ ដូច្នេះ សូម​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​នឹក​ចាំ​ពេល​ដែល​លោក​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក ផ្ដល់​អ្វី​ដែល​អ្នក​ត្រូវ​ការ​នៅ​ចំ​ពេល ឬ​ថែ​រក្សា​អ្នក​ពេល​ដែល​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក។ ការ​នឹក​ចាំ​អំពី​បទ​ពិសោធន៍​បែប​នេះ នឹង​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ថា​ព្រះ​យេហូវ៉ា​នឹង​បន្ត​ជួយ​អ្នក។

ប្រតិកម្ម​របស់​យើង​ចំពោះ​ទុក្ខ​លំបាក​មាន​ឥទ្ធិពល​ទៅ​លើ​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា ​(​សូម​មើល​វគ្គ​៨​-​៩​)​


៩. តើ​យើង​អាច​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ទុក្ខ​លំបាក​របស់​យើង? (​សុភាសិត ២៧:១១​)

ការ​ចាត់​ទុក​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ នឹង​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ទុក្ខ​លំបាក​របស់​យើង។ តើ​តាម​របៀប​ណា? គឺ​ជួយ​យើង​ឲ្យ​យល់​ថា​ទុក្ខ​លំបាក​របស់​យើង​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ដ៏​សំខាន់​ជាង ពោល​គឺ​រឿង​រវាង​ព្រះ​យេហូវ៉ា​និង​សាថាន។ មេ​កំណាច​អះអាង​ថា​ពេល​យើង​រង​ទុក្ខ​លំបាក យើង​នឹង​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា។ (​យ៉ូប ១:១០, ១១; សូម​អាន សុភាសិត ២៧:១១) ពេល​យើង​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ទោះ​ជា​មាន​ទុក្ខ​លំបាក​ក៏​ដោយ នោះ​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ថា​មេ​កំណាច​ជា​អ្នក​ភូត​ភរ។ តើ​អ្នក​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ពី​រដ្ឋាភិបាល បញ្ហា​លុយ​កាក់ ប្រតិកម្ម​មិន​ល្អ​នៅ​តំបន់​ផ្សាយ ឬ​មាន​ទុក្ខ​លំបាក​ឯ​ទៀត​ឬ​ទេ? បើ​ដូច្នោះ​មែន សូម​ចាំ​ថា​ស្ថានភាព​របស់​អ្នក​បើក​ឱកាស​ឲ្យ​អ្នក​ធ្វើ​ឲ្យ​ចិត្ត​របស់​ព្រះ​យេហូវ៉ា​ត្រេក​អរ។ សូម​ចាំ​ដែរ​ថា​លោក​នឹង​មិន​ឲ្យ​អ្នក​រង​ការ​ល្បួង​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​អ្នក​ឡើយ។ (​១កូ. ១០:១៣​) លោក​នឹង​ផ្ដល់​កម្លាំង​ឲ្យ​អ្នក​ស៊ូ​ទ្រាំ។

ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​នឹង​ឲ្យ​រង្វាន់​អ្នក

១០. តើ​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​នឹង​ធ្វើ​អ្វី​សម្រាប់​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក?

១០ ព្រះ​យេហូវ៉ា​តែង​តែ​ឲ្យ​រង្វាន់​ដល់​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក។ (​ហេ. ១១:៦​) លោក​ផ្ដល់​សេចក្ដី​សុខ​សាន្ត​និង​ការ​ស្កប់​ចិត្ត​ដល់​យើង​នៅ​ឥឡូវ​នេះ ហើយ​នៅ​ថ្ងៃ​អនាគត​លោក​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ យើង​ទុក​ចិត្ត​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​រង្វាន់​ដល់​យើង ហើយ​ថា​លោក​មាន​ឫទ្ធានុភាព​ធ្វើ​ដូច្នេះ​មែន។ ការ​ជឿ​ជាក់​នេះ​ជំរុញ​ចិត្ត​យើង​ឲ្យ​បន្ត​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ ដូច​ដែល​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​នៅ​អតីតកាល​បាន​ធ្វើ។ នេះ​ក៏​ជា​អ្វី​ដែល​ធីម៉ូថេ​បាន​ធ្វើ​ដែរ។—ហេ. ៦:១០​-​១២

១១. តើ​អ្វី​ជំរុញ​ចិត្ត​ធីម៉ូថេ​ឲ្យ​ធ្វើ​ការ​នឿយ​ហត់​នៅ​ក្នុង​ក្រុម​ជំនុំ? (​ធីម៉ូថេ​ទី​១ ៤:១០​)

១១ សូម​អាន ធីម៉ូថេ​ទី​១ ៤:១០ ធីម៉ូថេ​សង្ឃឹម​លើ​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ។ ដូច្នេះ គាត់​មាន​ហេតុ​ឲ្យ​ធ្វើ​ការ​នឿយ​ហត់​និង​ខំ​ព្យាយាម​យ៉ាង​ខ្លាំង។ តើ​គាត់​បាន​ធ្វើ​អ្វី? សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​រីក​ចម្រើន​ក្នុង​ការ​បង្រៀន​នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​និង​នៅ​ក្នុង​ក្រុម​ជំនុំ។ ប៉ូល​ក៏​បាន​ប្រាប់​ធីម៉ូថេ​ឲ្យ​ទុក​គំរូ​ល្អ​សម្រាប់​បង​ប្អូន​រួម​ជំនឿ​ទាំង​ចាស់​ទាំង​ក្មេង​ដែរ។ គាត់​បាន​ទទួល​ភារកិច្ច​ពិបាក​ខ្លះ រួម​មាន​ការ​ផ្ដល់​ឱវាទ​ដ៏​ម៉ឺង​ម៉ាត់​ដល់​បុគ្គល​ដែល​ត្រូវ​ការ​តែ​ផ្ដល់​ដោយ​សេចក្ដី​ស្រឡាញ់។ (​១ធី. ៤:១១​-​១៦; ២ធី. ៤:១​-​៥​) ធីម៉ូថេ​អាច​ប្រាកដ​ថា​ទោះ​ជា​ជួន​កាល​អ្នក​ឯ​ទៀត​មិន​ឃើញ​ឬ​មិន​ឲ្យ​តម្លៃ​អ្វី​ដែល​គាត់​ធ្វើ​ក្ដី ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​គាត់។—រ៉ូម ២:៦, ៧

១២. តើ​អ្វី​អាច​ជំរុញ​ចិត្ត​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​បន្ត​ជាប់​រវល់​ក្នុង​កិច្ច​ការ​របស់​ពួក​គេ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១២ នៅ​សព្វ​ថ្ងៃ​នេះ អ្នក​ចាស់​ទុំ​ក៏​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ឃើញ​និង​ឲ្យ​តម្លៃ​កិច្ច​ការ​ដ៏​ល្អ​ដែល​ពួក​គេ​ធ្វើ​ដែរ។ ក្រៅ​ពី​ការ​ឃ្វាល​ចៀម​ក្នុង​ក្រុម​ជំនុំ បង្រៀន និង​ផ្សព្វ​ផ្សាយ អ្នក​ចាស់​ទុំ​ជា​ច្រើន​នាក់​គាំទ្រ​កិច្ច​ការ​សាង​សង់ និង​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ។ អ្នក​ចាស់​ទុំ​ផ្សេង​ទៀត បម្រើ​ជា​សមាជិក​ក្រុម​ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​ទៅ​ជួប​អ្នក​ជំងឺ ឬ​បម្រើ​ជា​សមាជិក​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ។ អ្នក​ចាស់​ទុំ​ទទួល​ស្គាល់​ថា​ក្រុម​ជំនុំ​ជា​របស់​ព្រះ​យេហូវ៉ា​មិន​មែន​ជា​របស់​មនុស្ស​ណា​ម្នាក់​ទេ។ ជា​លទ្ធផល ពួក​គេ​ខំ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដើម្បី​បំពេញ​ភារកិច្ច​របស់​ពួក​គេ ហើយ​ទុក​ចិត្ត​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​ចំពោះ​អ្វី​ដែល​ពួក​គេ​ធ្វើ។—កូឡ. ៣:២៣, ២៤

ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​នឹង​ឲ្យ​រង្វាន់​អ្នក កាល​ដែល​អ្នក​ខំ​ព្យាយាម​ដើម្បី​ក្រុម​ជំនុំ ​(​សូម​មើល​វគ្គ​១២​-​១៣​)​


១៣. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​យើង​ធ្វើ​សម្រាប់​លោក?

១៣ មិន​មែន​គ្រប់​គ្នា​អាច​ធ្វើ​ជា​អ្នក​ចាស់​ទុំ​ទេ។ ប៉ុន្តែ យើង​ទាំង​អស់​គ្នា​នៅ​តែ​មាន​អ្វី​ដែល​យើង​អាច​ជូន​ដល់​ព្រះ​យេហូវ៉ា។ លោក​ពិត​ជា​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ពេល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បម្រើ​លោក។ លោក​កត់​សម្គាល់​ពេល​យើង​ជូន​វិភាគទាន​សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក ទោះ​ជា​នោះ​តិច​តួច​ក្ដី។ លោក​ពេញ​ចិត្ត​ពេល​យើង​ខំ​យក​ឈ្នះ​ភាព​អៀន​ខ្មាស​ដោយ​លើក​ដៃ​ឆ្លើយ​នៅ​កិច្ច​ប្រជុំ ហើយ​ពេល​យើង​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត។ ទោះ​ជា​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មិន​អាច​ធ្វើ​បាន​ច្រើន​ដូច​ដែល​អ្នក​ចង់​ក្ដី សូម​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​អ្នក​អាច​ធ្វើ។ លោក​ស្រឡាញ់​អ្នក​ដោយ​សារ​អ្នក​ខំ​ធ្វើ​អ្វី​ទាំង​នោះ ហើយ​លោក​នឹង​ឲ្យ​រង្វាន់​អ្នក។—លូក. ២១:១​-​៤

ចូរ​បន្ត​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ

១៤. តើ​ការ​រក្សា​ខ្លួន​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​បន្ត​រក្សា​ភាព​ស្មោះ​ត្រង់​តាម​របៀប​ណា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៤ បើ​យើង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា យើង​នឹង​ឃើញ​ថា​គឺ​ងាយ​ស្រួល​ជាង​ឲ្យ​យើង​រក្សា​ខ្លួន​នៅ​ស្មោះ​ត្រង់​ចំពោះ​លោក។ នេះ​បាន​កើត​ឡើង​ចំពោះ​យ៉ូសែប។ គាត់​បាន​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់​មិន​ព្រម​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌។ គាត់​ដឹង​ថា​ការ​ប្រព្រឹត្ត​របស់​គាត់​គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​គាត់​មិន​ចង់​ធ្វើ​ឲ្យ​លោក​ខក​ចិត្ត​ឡើយ។ (​ដក. ៣៩:៩​) ដើម្បី​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា យើង​ត្រូវ​លៃ​ទុក​ពេល​អធិដ្ឋាន​ទៅ​លោក ហើយ​សិក្សា​បណ្ដាំ​របស់​លោក។ យ៉ាង​នេះ ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក​នឹង​កាន់​តែ​រឹង​មាំ​ឡើង។ ដូច​យ៉ូសែប ពេល​យើង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា យើង​នឹង​មិន​ចង់​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​នាំ​ឲ្យ​លោក​ខក​ចិត្ត​ឡើយ។—យ៉ា. ៤:៨

ការ​ចូល​ទៅ​ជិត​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​នឹង​ជួយ​អ្នក​ឲ្យ​បន្ត​នៅ​ស្មោះ​ត្រង់ ​(​សូម​មើល​វគ្គ​១៤​-​១៥​)​


១៥. តើ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​តំបន់​ស្ងាត់​ជ្រងំ​ផ្ដល់​មេ​រៀន​អ្វី​ឲ្យ​យើង? (​ហេប្រឺ ៣:១២​)

១៥ ពួក​អ្នក​ដែល​លែង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ងាយ​បែរ​ចេញ​ពី​លោក។ សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​បណ្ដា​ជន​អ៊ីស្រាអែល​ពេល​ដែល​ពួក​គេ​នៅ​តំបន់​ស្ងាត់​ជ្រងំ។ ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ តែ​ពួក​គេ​ចាប់​ផ្ដើម​សង្ស័យ​ថា​លោក​នឹង​មិន​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ ពួក​គេ​ថែម​ទាំង​សួរ​ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ចំណោម​ពួក​យើង​មែន​ឬ​មិន​មែន?​»។ (​ដច. ១៧:២,​) ជា​លទ្ធផល ពួក​គេ​បាន​បះ​បោរ​ប្រឆាំង​ព្រះ។ យើង​ច្បាស់​ជា​មិន​ចង់​ធ្វើ​តាម​គំរូ​មិន​ល្អ​របស់​ពួក​គេ​ទេ។—សូម​អាន ហេប្រឺ ៣:១២

១៦. តើ​អ្វី​អាច​សាក​ល្បង​ជំនឿ​របស់​យើង?

១៦ ពិភព​លោក​នេះ​ធ្វើ​ឲ្យ​យើង​ពិបាក​រក្សា​ខ្លួន​ឲ្យ​នៅ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ មនុស្ស​ជា​ច្រើន​មិន​ទទួល​ស្គាល់​ថា​មាន​ព្រះ​ទេ។ ពួក​អ្នក​ដែល​មិន​អើពើ​នឹង​តម្រូវ​ការ​របស់​ព្រះ ច្រើន​តែ​អាច​មើល​ទៅ​មាន​ជីវិត​ល្អ។ ពេល​យើង​ឃើញ​ដូច្នេះ នោះ​ជំនឿ​របស់​យើង​អាច​ត្រូវ​សាក​ល្បង។ ទោះ​ជា​យើង​ជឿ​ថា​មាន​ព្រះ​ក៏​ដោយ យើង​ប្រហែល​ជា​ចាប់​ផ្ដើម​ឆ្ងល់​ថា​លោក​នឹង​ជួយ​យើង​ឬ​យ៉ាង​ណា។ អស់​មួយ​រយៈ អ្នក​សរសេរ​ចម្រៀង​សរសើរ​ព្រះ ៧៣​មាន​អារម្មណ៍​បែប​នេះ។ គាត់​បាន​ឃើញ​ថា​មនុស្ស​នៅ​ជុំ​វិញ​គាត់​មិន​អើពើ​នឹង​ច្បាប់​របស់​ព្រះ ហើយ​ជីវិត​របស់​ពួក​គេ​នៅ​តែ​សប្បាយ។ ជា​លទ្ធផល គាត់​ចាប់​ផ្ដើម​សង្ស័យ​ថា​ការ​បម្រើ​ព្រះ​គឺ​គ្មាន​ប្រយោជន៍។—ចសព. ៧៣:១១​-​១៣

១៧. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​បន្ត​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា?

១៧ តើ​អ្វី​បាន​ជួយ​អ្នក​សរសេរ​ចម្រៀង​សរសើរ​ព្រះ​ឲ្យ​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​គាត់? គាត់​រំពឹង​គិត​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​លែង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ (​ចសព. ៧៣:១៨, ១៩, ២៧​) គាត់​ក៏​បាន​គិត​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​បម្រើ​ព្រះ​ដែរ។ (​ចសព. ៧៣:២៤​) ដូច​គ្នា​ដែរ យើង​ក៏​អាច​គិត​អំពី​ពរ​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង។ ម្យ៉ាង​ទៀត សូម​ស្រមៃ​គិត​ថា​ជីវិត​យើង​នឹង​ខុស​គ្នា​យ៉ាង​ណា​បើ​យើង​មិន​បម្រើ​ព្រះ​យេហូវ៉ា។ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​យើង​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក ហើយ​ដូច​អ្នក​សរសេរ​ចម្រៀង​សរសើរ​ព្រះ យើង​នឹង​និយាយ​ថា​៖ ​«​រីឯ​ខ្ញុំ​វិញ ការ​ដែល​ខ្ញុំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ប្រសើរ​ណាស់​»។—ចសព. ៧៣:២៨

១៨. ហេតុ​អ្វី​យើង​មិន​ចាំ​បាច់​ភ័យ​ខ្លាច​អំពី​ថ្ងៃ​អនាគត?

១៨ យើង​អាច​ប្រឈម​មុខ​ដោយ​ជោគ​ជ័យ​នឹង​ការ​ពិបាក​ណា​ក៏​ដោយ​ដែល​យើង​ជួប​ប្រទះ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ ដោយ​សារ​យើង​«​បម្រើ​ព្រះ​ដ៏​ពិត ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»។ (​១ថែ. ១:៩​) ព្រះ​របស់​យើង​ជា​បុគ្គល​ពិត​ដែល​ជួយ​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក។ លោក​នៅ​ជា​មួយ​អ្នក​បម្រើ​របស់​លោក​នៅ​អតីតកាល ហើយ​លោក​ក៏​នៅ​ជា​មួយ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ឆាប់​ៗ​ខាង​មុខ យើង​នឹង​ប្រឈម​មុខ​នឹង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ដែល​មិន​ធ្លាប់​មាន​នៅ​ផែន​ដី។ ប៉ុន្តែ យើង​នឹង​មិន​នៅ​តែ​ឯង​ទេ។ (​អេ. ៤១:១០​) សូម​យើង​ទាំង​អស់​គ្នា​«​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ›​»។—ហេ. ១៣:៥, ៦

ចម្រៀង​លេខ​៣ ព្រះ​ជា​កម្លាំង ជា​សេចក្ដី​សង្ឃឹម និង​ជា​ទី​ពឹង​របស់​យើង