លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៤

ចម្រៀង​លេខ​២៤ ចូរ​ឡើង​ទៅ​ភ្នំ​របស់​ព្រះ​យេហូវ៉ា

ចូរ​ធ្វើ​ជា​ភ្ញៀវ​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត!

ចូរ​ធ្វើ​ជា​ភ្ញៀវ​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត!

«​ឱ​ព្រះ​យេហូវ៉ា តើ​អ្នក​ណា​អាច​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​លោក?​»។ចសព. ១៥:១

ចំណុច​ផ្ដោត

ស្វែង​យល់​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​រក្សា​ខ្លួន​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា ហើយ​មើល​ឡើង​វិញ​អំពី​របៀប​ដែល​លោក​តម្រូវ​ឲ្យ​យើង​ប្រព្រឹត្ត​ចំពោះ​មិត្ត​របស់​លោក។

១. ហេតុ​អ្វី​យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​ចម្រៀង​សរសើរ​ព្រះ ១៥:១​-​៥?

 នៅ​ក្នុង​អត្ថបទ​មុន យើង​បាន​រៀន​ថា​អ្នក​បម្រើ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា អាច​ទៅ​ជា​ភ្ញៀវ​ក្នុង​ត្រសាល​ក្នុង​ន័យ​ធៀប​របស់​លោក ដោយ​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ដោយ​ផ្ទាល់​ជា​មួយ​លោក។ ប៉ុន្តែ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ទៅ​ជា​ភ្ញៀវ​របស់​លោក? ចម្រៀង​សរសើរ​ព្រះ ១៥​រៀប​រាប់​អំពី​រឿង​នេះ។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៥:១​-​៥) ចម្រៀង​សរសើរ​ព្រះ​នេះ ផ្ដល់​មេ​រៀន​ដ៏​មាន​ប្រយោជន៍​ដែល​អាច​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ។

២. តើ​អ្វី​ប្រហែល​ជា​បាន​ជំរុញ​ចិត្ត​ដាវីឌ​ឲ្យ​លើក​ឡើង​អំពី​ត្រសាល​របស់​ព្រះ​យេហូវ៉ា?

ចម្រៀង​សរសើរ​ព្រះ ១៥​ផ្ដើម​ដោយ​ពាក្យ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា តើ​អ្នក​ណា​អាច​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​លោក? តើ​អ្នក​ណា​អាច​អាស្រ័យ​នៅ​ភ្នំ​បរិសុទ្ធ​របស់​លោក?​»។ (​ចសព. ១៥:១​) ពេល​ដែល​លើក​ឡើង​អំពី​«​ត្រសាល​»​របស់​ព្រះ​យេហូវ៉ា ដាវីឌ​ដែល​ជា​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ ប្រហែល​ជា​បាន​គិត​អំពី​ត្រសាល​ដែល​នៅ​ក្រុង​គីបៀន​អស់​មួយ​រយៈ​ពេល។ ដាវីឌ​ក៏​បាន​លើក​ឡើង​អំពី​«​ភ្នំ​បរិសុទ្ធ​»​របស់​ព្រះ ដែល​ប្រហែល​ជា​សំដៅ​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន​នា​ក្រុង​យេរូសាឡិម។ ក្រុង​យេរូសាឡិម​មាន​ចម្ងាយ​ជិត​១០​គីឡូ​ម៉ែត្រ​ខាង​ត្បូង​ពី​ក្រុង​គីបៀន។ នៅ​ក្រុង​យេរូសាឡិម​ដាវីឌ​បាន​ដំឡើង​ត្រសាល​មួយ ហើយ​បាន​ដាក់​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​ក្នុង​នោះ​រហូត​ដល់​វិហារ​បាន​ត្រូវ​សង់​រួច។—២សាំ. ៦:១៧

៣. ហេតុ​អ្វី​យើង​គួរ​ចាប់​អារម្មណ៍​ចម្រៀង​សរសើរ​ព្រះ ១៥? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ពិត​មែន​ថា​ជន​ជាតិ​អ៊ីស្រាអែល​ភាគ​ច្រើន មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​បម្រើ​នៅ​ឯ​ត្រសាល ហើយ​មាន​តែ​តិច​តួច​ប៉ុណ្ណោះ​ដែល​អាច​ចូល​ទៅ​ក្នុង​ត្រសាល​ដែល​ជា​កន្លែង​ទុក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង។ ប៉ុន្តែ អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​អាច​ទៅ​ជា​ភ្ញៀវ​ក្នុង​ត្រសាល​ក្នុង​ន័យ​ធៀប​របស់​លោក ដោយ​ទៅ​ជា​មិត្ត​របស់​លោក ហើយ​បន្ត​ធ្វើ​ជា​មិត្ត​របស់​លោក។ នេះ​ជា​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​ចង់​ធ្វើ។ ចម្រៀង​សរសើរ​ព្រះ ១៥ រៀប​រាប់​អំពី​គុណ​សម្បត្តិ​ខ្លះ​ៗ​ដែល​យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន ហើយ​ត្រូវ​បង្ហាញ​ដើម្បី​បន្ត​ធ្វើ​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា។

ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​ដាវីឌ​អាច​ស្រមៃ​ឃើញ​អំពី​ការ​ធ្វើ​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​ព្រះ​យេហូវ៉ា ​(​សូម​មើល​វគ្គ​៣​)​


ចូរ​ដើរ​ដោយ​ទៀង​ត្រង់​និង​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ

៤. ហេតុ​អ្វី​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ធ្វើ​លើស​ពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក? (​អេសាយ ៤៨:១​)

នៅ​ចម្រៀង​សរសើរ​ព្រះ ១៥:២ បុគ្គល​ដែល​ជា​មិត្ត​របស់​ព្រះ​បាន​ត្រូវ​រៀប​រាប់​ថា​ជា​«​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់។ គាត់​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​»។ ពាក្យ​«​ដើរ​»​និង​«​តែង​តែ​ធ្វើ​»​បង្ហាញ​អំពី​សកម្មភាព​ដែល​បន្ត​ធ្វើ​ជា​និច្ច ហើយ​កាន់​តែ​ប្រសើរ​ឡើង​ៗ។ ប៉ុន្តែ តើ​យើង​ពិត​ជា​អាច​«​ដើរ​ដោយ​ទៀង​ត្រង់​»​ឬ​ទេ? ពិត​ជា​អាច។ ទោះ​ជា​គ្មាន​មនុស្ស​ណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ក្ដី ព្រះ​យេហូវ៉ា​នឹង​ចាត់​ទុក​យើង​ថា​ជា​បុគ្គល​ដែល​«​ដើរ​ដោយ​ទៀង​ត្រង់​»​ បើ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ស្ដាប់​បង្គាប់​លោក។ ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក គ្រាន់​តែ​ជា​ទី​ចាប់​ផ្ដើម​នៃ​ការ​ដើរ​ជា​មួយ​ព្រះ។ សូម​កត់​សម្គាល់​ថា​នៅ​សម័យ​គម្ពីរ ទោះ​ជា​បុគ្គល​ម្នាក់​ជា​ជន​ជាតិ​អ៊ីស្រាអែល​ក្ដី នោះ​មិន​មែន​មាន​ន័យ​ថា​គាត់​ទៅ​ជា​ភ្ញៀវ​របស់​ព្រះ​ដោយ​ស្វ័យ​ប្រវត្តិ​ទេ។ អ្នក​ខ្លះ​បាន​ហៅ​រក​លោក តែ​មិន​មែន​«​ដោយ​ស្មោះ និង​ដោយ​សុចរិត​ទេ​»។ (​សូម​អាន អេសាយ ៤៨:១) ជន​ជាតិ​អ៊ីស្រាអែល​ដែល​មាន​ចិត្ត​ស្មោះ ត្រូវ​រៀន​អំពី​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​តម្រូវ​ការ​ទាំង​នោះ។ ស្រដៀង​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ​ដើម្បី​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា យើង​ត្រូវ​ធ្វើ​លើស​ពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក​និង​ហៅ​ថា​ជា​សាក្សី​ព្រះ​យេហូវ៉ា។ យើង​តែង​តែ​ត្រូវ​«​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​»។ តើ​យើង​អាច​ធ្វើ​ដូច្នោះ​យ៉ាង​ដូច​ម្ដេច?

៥. តើ​ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ក្នុង​គ្រប់​ការ​ទាំង​អស់​រួម​បញ្ចូល​អ្វី​ខ្លះ?

ចំពោះ​ព្រះ​យេហូវ៉ា ការ​«​ដើរ​ដោយ​ទៀង​ត្រង់​»​និង​«​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​»​មាន​អត្ថន័យ​លើស​ពី​ការ​គ្រាន់​តែ​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​នៅ​សាល​ប្រជុំ។ (​១សាំ. ១៥:២២​) យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ស្ដាប់​បង្គាប់​ព្រះ​ក្នុង​គ្រប់​ការ​ទាំង​អស់ ទោះ​ជា​ពេល​យើង​នៅ​ម្នាក់​ឯង​ក៏​ដោយ។ (​សុភ. ៣:៦; អទ. ១២:១៣, ១៤​) គឺ​ជា​ការ​សំខាន់​ដែល​យើង​ព្យាយាម​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា សូម្បី​តែ​ក្នុង​រឿង​ដែល​មើល​ទៅ​តូច​តាច។ ការ​ធ្វើ​ដូច្នេះ​បង្ហាញ​ថា​យើង​ពិត​ជា​ស្រឡាញ់​លោក ហើយ​នេះ​នឹង​ធ្វើ​ឲ្យ​លោក​ស្រឡាញ់​យើង​កាន់​តែ​ខ្លាំង។—យ៉ូន. ១៤:២៣; ១យ៉ូន. ៥:៣

៦. យោង​ទៅ​តាម​ហេប្រឺ ៦:១០​-​១២ តើ​អ្វី​គឺ​សំខាន់​ជាង​អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​អតីតកាល?

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ​សម្រាប់​លោក​នៅ​អតីតកាល។ ប៉ុន្តែ ការ​ប្រព្រឹត្ត​ល្អ​ពី​មុន​របស់​យើង​មិន​តែង​តែ​មាន​ន័យ​ថា​យើង​នឹង​បន្ត​ធ្វើ​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​ព្រះ​យេហូវ៉ា​ទេ។ នេះ​ស​ឲ្យ​ឃើញ​នៅ​ហេប្រឺ ៦:១០​-​១២។ (​សូម​អាន​) ព្រះ​យេហូវ៉ា​មិន​ភ្លេច​អ្វី​ល្អ​ដែល​យើង​បាន​ធ្វើ​នៅ​អតីតកាល​ទេ តែ​លោក​ចង់​ឲ្យ​យើង​បន្ត​គោរព​ប្រណិប័តន៍​លោក​ដោយ​ស្មោះ​អស់​ពី​ចិត្ត​«​រហូត​ដល់​ទី​បញ្ចប់​»។ លោក​នឹង​ឲ្យ​រង្វាន់​យើង គឺ​ថា​លោក​នឹង​ធ្វើ​ជា​មិត្ត​របស់​យើង​ជា​រៀង​រហូត ​«​បើ​យើង​មិន​រសាយ​ចិត្ត​»។—កាឡ. ៦:៩

ចូរ​និយាយ​ពាក្យ​ពិត​នៅ​ក្នុង​ចិត្ត

៧. តើ​ការ​និយាយ​ពាក្យ​ពិត​នៅ​ក្នុង​ចិត្ត​រួម​បញ្ចូល​អ្វី​ខ្លះ?

បុគ្គល​ដែល​ចង់​ធ្វើ​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​ព្រះ​យេហូវ៉ា​ត្រូវ​តែ​‹និយាយ​ពាក្យ​ពិត​នៅ​ក្នុង​ចិត្ត​គាត់›។ (​ចសព. ១៥:​២​) នេះ​មាន​ន័យ​លើស​ពី​ការ​មិន​កុហក។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ស្មោះ​ត្រង់​ទាំង​ពាក្យ​សម្ដី​ទាំង​ការ​ប្រព្រឹត្ត​ទាំង​អស់។ (​ហេ. ១៣:១៨​) នេះ​គឺ​ជា​អ្វី​ដែល​សំខាន់ ​«​ព្រោះ​ព្រះ​យេហូវ៉ា​ស្អប់​ខ្ពើម​ជន​ដែល​មាន​ល្បិច​កល តែ​លោក​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​មនុស្ស​ទៀង​ត្រង់​»។—សុភ. ៣:៣២

៨. តើ​យើង​ត្រូវ​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​អ្វី?

ពួក​អ្នក​ដែល​‹នៅ​ក្នុង​ចិត្ត​តែង​តែ​និយាយ​ពាក្យ​ពិត› មិន​ធ្វើ​ពុត​ជា​ស្ដាប់​បង្គាប់​ព្រះ​ពេល​អ្នក​ឯ​ទៀត​នៅ​ក្បែរ​ពួក​គេ ហើយ​ក្រោយ​មក​ធ្វើ​អាក្រក់​ពេល​នៅ​ម្នាក់​ឯង​ទេ។ (​អេ. ២៩:១៣​) ពួក​គេ​ជៀស​វាង​ប្រព្រឹត្ត​ដោយ​ល្បិច​កល។ បុគ្គល​ដែល​មាន​ល្បិច​កល​ប្រហែល​ជា​ចាប់​ផ្ដើម​សង្ស័យ​ថា​ច្បាប់​របស់​ព្រះ​យេហូវ៉ា​មិន​តែង​តែ​ល្អ​បំផុត​ទេ។ (​យ៉ា. ១:៥​-​៨​) គាត់​ប្រហែល​ជា​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ក្នុង​រឿង​ដែល​គាត់​គិត​ថា​មិន​សូវ​សំខាន់។ ក្រោយ​មក ពេល​ដែល​គាត់​ឃើញ​ថា​មិន​មាន​រឿង​អាក្រក់​កើត​ឡើង​ទោះ​ជា​គាត់​មិន​ស្ដាប់​បង្គាប់​ព្រះ​ក្ដី នោះ​គាត់​ប្រហែល​ជា​ចាប់​ផ្ដើម​ធ្វើ​អាក្រក់​ជាង​នោះ​ទៅ​ទៀត។ គាត់​គិត​ថា​គាត់​កំពុង​បម្រើ​ព្រះ​យេហូវ៉ា តែ​លោក​នឹង​មិន​ទទួល​ការ​គោរព​ប្រណិប័តន៍​របស់​គាត់​ទេ។ (​អទ. ៨:១១​) យើង​ចង់​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។

៩. តើ​អ្វី​កើត​ឡើង​ពេល​លោក​យេស៊ូ​ជួប​ណាថាណែល​ជា​លើក​ដំបូង ហើយ​តើ​យើង​ទាញ​មេ​រៀន​អ្វី? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

យើង​អាច​រៀន​អំពី​សារៈ​សំខាន់​នៃ​ការ​មាន​ចិត្ត​ស្មោះ​ពី​លោក​យេស៊ូ ពេល​ដែល​លោក​ជួប​ណាថាណែល​ជា​លើក​ដំបូង។ ពេល​ភីលីព​នាំ​ណាថាណែល ដែល​ជា​មិត្ត​របស់​គាត់​មក​ជួប​លោក​យេស៊ូ មាន​អ្វី​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បាន​កើត​ឡើង។ ទោះ​ជា​លោក​យេស៊ូ​មិន​ធ្លាប់​ជួប​ណាថាណែល​ក៏​ដោយ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មើល​ហ្ន៎! ជន​ជាតិ​អ៊ីស្រាអែល​ដ៏​ពិត​ម្នាក់ ដែល​គ្មាន​កិច្ច​កល​អ្វី​សោះ​»។ (​យ៉ូន. ១:៤៧​) លោក​យេស៊ូ​ច្បាស់​ជា​ចាត់​ទុក​ពួក​អ្នក​កាន់​តាម​ឯ​ទៀត​ថា​ជា​មនុស្ស​ទៀង​ត្រង់។ ប៉ុន្តែ លោក​ឃើញ​ថា​ណាថាណែល​ជា​មនុស្ស​ដែល​ពិត​ជា​មាន​ចិត្ត​ស្មោះ។ ទោះ​ជា​ណាថាណែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដូច​យើង​ក្ដី គាត់​មិន​លាក់​ពុត​ទេ តែ​គាត់​ស្មោះ​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។ លោក​យេស៊ូ​ស្ញប់​ស្ញែង​និង​សរសើរ​គាត់​អំពី​ចំណុច​នេះ។ យើង​ទាំង​អស់​គ្នា​ច្បាស់​ជា​ចង់​ឲ្យ​លោក​យេស៊ូ​មាន​អារម្មណ៍​ដូច​នេះ​ចំពោះ​យើង​ដែរ!

ពេល​លោក​យេស៊ូ​ជួប​ណាថាណែល​ជា​លើក​ដំបូង លោក​បាន​មាន​ប្រសាសន៍​អំពី​គាត់​ថា​គាត់​គ្មាន​កិច្ច​កល​អ្វី​សោះ តើ​ពាក្យ​នេះ​អាច​សំដៅ​លើ​យើង​ឬ​ទេ? ​(​សូម​មើល​វគ្គ​៩​)​


១០. ហេតុ​អ្វី​យើង​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​យើង​និយាយ? (​យ៉ាកុប ១:២៦​)

១០ តម្រូវ​ការ​ភាគ​ច្រើន​ដែល​រៀប​រាប់​នៅ​ចម្រៀង​សរសើរ​ព្រះ ១៥ ជាប់​ទាក់​ទង​នឹង​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត។ ចម្រៀង​សរសើរ​ព្រះ ១៥:៣​ចែង​ថា ភ្ញៀវ​ក្នុង​ត្រសាល​របស់​ព្រះ​យេហូវ៉ា​«​មិន​និយាយ​បង្កាច់​បង្ខូច​អ្នក​ឯ​ទៀត គាត់​មិន​ធ្វើ​អាក្រក់​ចំពោះ​អ្នក​ជិត​ខាង ហើយ​គាត់​មិន​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​មិត្ត​ភក្ដិ​ឡើយ​»។ បើ​យើង​បង្កាច់​បង្ខូច​អ្នក​ឯ​ទៀត នោះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចិត្ត​ជា​ខ្លាំង ហើយ​ក៏​នាំ​ឲ្យ​យើង​លែង​អាច​ធ្វើ​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​ព្រះ​យេហូវ៉ា​ទៀត។—សូម​អាន យ៉ាកុប ១:២៦

១១. តើ​ការ​បង្កាច់​បង្ខូច​ជា​អ្វី ហើយ​តើ​អ្វី​កើត​ឡើង​ចំពោះ​បុគ្គល​ដែល​និយាយ​បង្កាច់​បង្ខូច​អ្នក​ឯ​ទៀត ហើយ​មិន​ប្រែ​ចិត្ត?

១១ អ្នក​សរសេរ​ចម្រៀង​សរសើរ​ព្រះ​បាន​និយាយ​ចំ​ៗ​អំពី​ការ​បង្កាច់​បង្ខូច។ តើ​ការ​បង្កាច់​បង្ខូច​ជា​អ្វី? តាម​ធម្មតា នេះ​គឺ​ជា​ការ​និយាយ​មិន​ពិត​ដែល​អាច​នាំ​ឲ្យ​អ្នក​ណា​ម្នាក់​ខូច​កេរ្តិ៍​ឈ្មោះ។ បើ​នរណា​ម្នាក់​និយាយ​បង្កាច់​បង្ខូច​អ្នក​ឯ​ទៀត ហើយ​មិន​ប្រែ​ចិត្ត នោះ​គាត់​លែង​អាច​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ទៀត។—យេ. ១៧:១០

១២​-​១៣. តើ​ស្ថានភាព​ណា​ខ្លះ​អាច​នាំ​ឲ្យ​យើង​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​មិត្ត​ភក្តិ​ដោយ​អចេតនា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១២ ចម្រៀង​សរសើរ​ព្រះ ១៥:៣​ក៏​រំលឹក​យើង​ថា ភ្ញៀវ​របស់​ព្រះ​យេហូវ៉ា​មិន​ធ្វើ​អាក្រក់​ចំពោះ​អ្នក​ជិត​ខាង ហើយ​មិន​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​មិត្ត​ភក្ដិ​ឡើយ។ តើ​នេះ​ប្រហែល​ជា​រួម​បញ្ចូល​អ្វី?

១៣ យើង​ប្រហែល​ជា​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​បុគ្គល​ណា​ម្នាក់​ដោយ​អចេតនា បើ​យើង​ប្រាប់​ព័ត៌មាន​មិន​ល្អ​អំពី​ពួក​គេ។ ជា​ឧទាហរណ៍ (​១​) បង​ស្រី​ម្នាក់​ឈប់​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ (​២​) ប្ដី​ប្រពន្ធ​មួយ​គូ​លែង​បម្រើ​នៅ​បេតអែល ឬ​(​៣​) បង​ប្រុស​ម្នាក់​លែង​បម្រើ​ជា​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ទៀត។ តើ​គឺ​ជា​ការ​សមរម្យ​ទេ​បើ​យើង​សន្និដ្ឋាន​អំពី​មូលហេតុ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ ហើយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ទស្សនៈ​របស់​ខ្លួន? ប្រហែល​ជា​មាន​មូលហេតុ​ផ្សេង​ៗ​ដែល​យើង​មិន​ដឹង​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ។ ដូច្នេះ​ក្នុង​នាម​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​ព្រះ​យេហូវ៉ា យើង​‹មិន​ធ្វើ​អាក្រក់​ចំពោះ​អ្នក​ជិត​ខាង ហើយ​មិន​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​មិត្ត​ភក្ដិ​ឡើយ›។

គឺ​ងាយ​ស្រួល​ឲ្យ​និយាយ​ព័ត៌មាន​មិន​ល្អ​អំពី​អ្នក​ឯ​ទៀត ហើយ​នេះ​អាច​ទៅ​ជា​ការ​បង្កាច់​បង្ខូច ​(​សូម​មើល​វគ្គ​១២​-​១៣​)​


ចូរ​លើក​កិត្តិយស​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា

១៤. តើ​ការ​«​មិន​សេព​គប់​មនុស្ស​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​»​មាន​ន័យ​យ៉ាង​ណា?

១៤ ចម្រៀង​សរសើរ​ព្រះ ១៥:៤​ចែង​ថា មិត្ត​របស់​ព្រះ​យេហូវ៉ា​«​មិន​សេព​គប់​មនុស្ស​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទេ​»។ តើ​យើង​អាច​ដឹង​យ៉ាង​ណា​ថា​បុគ្គល​ណា​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម? ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​គ្មាន​សមត្ថភាព​សម្រេច​ចិត្ត​ថា​បុគ្គល​ណា​ម្នាក់​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទេ។ ហេតុ​អ្វី? ពីព្រោះ​យើង​ប្រហែល​ជា​ចូល​ចិត្ត​មនុស្ស​ដែល​ត្រូវ​គ្នា​ជា​មួយ​យើង តែ​មិន​ចូល​ចិត្ត​អ្នក​ខ្លះ​ដោយ​សារ​ពួក​គេ​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត។ ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​បុគ្គល​នោះ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទេ។ ដូច្នេះ យើង​គួរ​បដិសេធ​តែ​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​និយាយ​ថា​«​គួរ​ឲ្យ​ស្អប់​ខ្ពើម​»។ (​១កូ. ៥:១១​) នេះ​រួម​បញ្ចូល​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​ដោយ​មិន​ប្រែ​ចិត្ត បង្អាប់​បង្អោន​ជំនឿ​របស់​យើង ឬ​ព្យាយាម​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។—សុភ. ១៣:២០

១៥. តើ​អ្វី​ជា​របៀប​មួយ​ដើម្បី​«​លើក​កិត្តិយស​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា​»​?

១៥ បន្ទាប់​មក ចម្រៀង​សរសើរ​ព្រះ ១៥:៤​ចែង​ថា យើង​ត្រូវ​«​លើក​កិត្តិយស​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា​»។ ដូច្នេះ យើង​ស្វែង​រក​វិធី​ដើម្បី​បង្ហាញ​សេចក្ដី​សប្បុរស​និង​ការ​គោរព​ចំពោះ​មិត្ត​របស់​ព្រះ​យេហូវ៉ា។ (​រ៉ូម ១២:១០​) តើ​តាម​របៀប​ណា? របៀប​មួយ​ដែល​ផ្អែក​លើ​ចម្រៀង​សរសើរ​ព្រះ ១៥:៤​គឺ​ថា ភ្ញៀវ​ដែល​នៅ​ក្នុង​ត្រសាល​របស់​ព្រះ​យេហូវ៉ា​«​តែង​តែ​ធ្វើ​តាម​ពាក្យ​សន្យា ទោះ​ជា​ត្រូវ​បង់​ប្រយោជន៍​ក៏​ដោយ​»។ ការ​មិន​ធ្វើ​តាម​សេចក្ដី​សន្យា នឹង​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត។ (​ម៉ាថ. ៥:៣៧​) ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ភ្ញៀវ​របស់​លោក​រស់​នៅ​ស្រប​តាម​ពាក្យ​សច្ចា​ដែល​ពួក​គេ​បាន​ពោល​ពេល​រៀប​អាពាហ៍ពិពាហ៍។ លោក​ក៏​ពេញ​ចិត្ត​ដែរ ពេល​ដែល​ឪពុក​ម្ដាយ​ព្យាយាម​រក្សា​ពាក្យ​សន្យា​នឹង​កូន​របស់​ពួក​គេ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​និង​អ្នក​ជិត​ខាង នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ពាក្យ​សន្យា​របស់​យើង។

១៦. តើ​អ្វី​ជា​របៀប​មួយ​ទៀត​ដើម្បី​លើក​កិត្តិយស​មិត្ត​របស់​ព្រះ​យេហូវ៉ា?

១៦ របៀប​មួយ​ទៀត​ដើម្បី​លើក​កិត្តិយស​មិត្ត​របស់​ព្រះ​យេហូវ៉ា គឺ​ដោយ​បង្ហាញ​ចិត្ត​ទូលាយ​និង​ទទួល​ពួក​គេ​ដោយ​រាក់​ទាក់។ (​រ៉ូម ១២:១៣​) ពេល​យើង​លេង​កម្សាន្ត​ជា​មួយ​បង​ប្អូន នោះ​ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ពួក​គេ​និង​ជា​មួយ​ព្រះ​យេហូវ៉ា។ បន្ថែម​ទៅ​ទៀត ពេល​យើង​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ យើង​កំពុង​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា។

ចូរ​បន្ត​ជៀស​វាង​ពី​ការ​ស្រឡាញ់​ប្រាក់

១៧. ហេតុ​អ្វី​ចម្រៀង​សរសើរ​ព្រះ ១៥​និយាយ​អំពី​លុយ?

១៧ ចម្រៀង​សរសើរ​ព្រះ​រៀប​រាប់​ថា​ភ្ញៀវ​របស់​ព្រះ​យេហូវ៉ា​«​ឲ្យ​គេ​ខ្ចី​ប្រាក់​ដោយ​មិន​យក​ការ ហើយ​គាត់​មិន​ទទួល​សំណូក​ទាស់​នឹង​មនុស្ស​ស្លូត​ត្រង់​ទេ​»។ (​ចសព. ១៥:៥​) ហេតុ​អ្វី​ចម្រៀង​សរសើរ​ព្រះ​ដ៏​ខ្លី​នេះ​រៀប​រាប់​អំពី​លុយ? ដោយ​សារ​ការ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​លុយ អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​រង​ទុក្ខ ហើយ​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ។ (​១ធី. ៦:១០​) នៅ​សម័យ​គម្ពីរ បុគ្គល​ខ្លះ​បាន​ប្រព្រឹត្ត​យ៉ាង​អយុត្តិធម៌​ទៅ​លើ​បង​ប្អូន​ក្រី​ក្រ ដោយ​តម្រូវ​ឲ្យ​ពួក​គេ​បង់​ការ​ប្រាក់។ ម្យ៉ាង​ទៀត ចៅ​ក្រម​ខ្លះ​បាន​ទទួល​សំណូក ហើយ​វិនិច្ឆ័យ​ក្ដី​ជន​ស្លូត​ត្រង់​ដោយ​អយុត្តិធម៌។ អ្វី​ទាំង​នេះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ​យេហូវ៉ា។—អេគ. ២២:១២

១៨. តើ​យើង​អាច​សួរ​ខ្លួន​នូវ​សំណួរ​អ្វី​ខ្លះ​ដើម្បី​ជួយ​យើង​ឲ្យ​យល់​អំពី​ទស្សនៈ​របស់​ខ្លួន​ចំពោះ​លុយ? (​ហេប្រឺ ១៣:៥​)

១៨ ជា​ការ​ល្អ​ឲ្យ​យើង​ពិនិត្យ​មើល​ចិត្ត​គំនិត​របស់​ខ្លួន​ចំពោះ​លុយ។ សូម​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​ច្រើន​តែ​គិត​អំពី​លុយ​និង​អំពី​អ្វី​ដែល​ខ្ញុំ​អាច​ទិញ​ឬ? បើ​ខ្ញុំ​ខ្ចី​លុយ​គេ តើ​ខ្ញុំ​ក្រ​សង​គេ​វិញ​ដោយ​សន្និដ្ឋាន​ថា​អ្នក​ដែល​ឲ្យ​ខ្ញុំ​ខ្ចី​មិន​ត្រូវ​ការ​លុយ​នោះ​ឬ​ទេ? តើ​ការ​មាន​លុយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ជា​មនុស្ស​សំខាន់ ហើយ​មិន​សូវ​ចង់​បង្ហាញ​ចិត្ត​ទូលាយ​ឬ? តើ​ខ្ញុំ​គិត​ថា​បើ​បង​ប្អូន​មាន​លុយ​ច្រើន នោះ​មក​ពី​ពួក​គេ​ស្រឡាញ់​លុយ​ជាង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​ខ្ញុំ​ចង់​រាប់​អាន​តែ​អ្នក​មាន ហើយ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​អ្នក​ក្រ​ឬ?›។ ជា​ការ​សំខាន់​ឲ្យ​យើង​សួរ​ខ្លួន​នូវ​សំណួរ​ទាំង​នេះ ដោយ​សារ​យើង​បាន​ទទួល​ការ​អញ្ជើញ​ដ៏​អស្ចារ្យ​ពី​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​ជា​ភ្ញៀវ​របស់​លោក។ យើង​អាច​រក្សា​ឯកសិទ្ធិ​នេះ ដោយ​បន្ត​មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​ពី​ការ​ស្រឡាញ់​ប្រាក់។ បើ​យើង​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល​យើង​ឡើយ!—សូម​អាន ហេប្រឺ ១៣:៥

ព្រះ​យេហូវ៉ា​ស្រឡាញ់​មិត្ត​សម្លាញ់​របស់​លោក

១៩. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​អ្វី​ទាំង​អស់​ដែល​បាន​រៀប​រាប់​នៅ​ចម្រៀង​សរសើរ​ព្រះ ១៥?

១៩ ចម្រៀង​សរសើរ​ព្រះ ១៥​បញ្ចប់​ដោយ​សេចក្ដី​សន្យា​ថា​៖ ​«​អ្នក​ណា​ដែល​ធ្វើ​អ្វី​ទាំង​នេះ​នឹង​មិន​រង្គោះ​រង្គើ​ឡើយ​»។ (​ចសព. ១៥:៥​) ក្នុង​ខ​នេះ អ្នក​សរសេរ​ចម្រៀង​សរសើរ​ព្រះ ពន្យល់​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​អ្វី​ទាំង​អស់​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​បទ​ចម្រៀង​នេះ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​មាន​សុភមង្គល។ ហេតុ​នេះ ពេល​យើង​ធ្វើ​អ្វី​ដែល​ព្រះ​សុំ​យើង​ឲ្យ​ធ្វើ យើង​មាន​ជីវិត​ល្អ​ប្រសើរ​ជាង ហើយ​លោក​នឹង​ការ​ពារ​យើង។—អេ. ៤៨:១៧

២០. តើ​ភ្ញៀវ​របស់​ព្រះ​យេហូវ៉ា​អាច​ទន្ទឹង​រង់​ចាំ​អ្វី?

២០ ភ្ញៀវ​របស់​ព្រះ​យេហូវ៉ា​អាច​ទន្ទឹង​រង់​ចាំ​អនាគត​ដ៏​អស្ចារ្យ។ ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដ៏​ស្មោះ​ត្រង់​នឹង​ចូល​ក្នុង​«​ទី​អាស្រ័យ​ជា​ច្រើន​»​ ដែល​លោក​យេស៊ូ​បាន​រៀប​ចំ​សម្រាប់​ពួក​គេ​នៅ​ស្ថាន​សួគ៌។ (​យ៉ូន. ១៤:២​) ចំណែក​ឯ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​ផែន​ដី ទន្ទឹង​រង់​ចាំ​អ្វី​ដែល​បាន​សន្យា​នៅ​ការ​បើក​បង្ហាញ ២១:៣។ យើង​ទាំង​អស់​គ្នា​ច្បាស់​ជា​មាន​អារម្មណ៍​ថា គឺ​ជា​ឯកសិទ្ធិ​ដ៏​ខ្ពង់​ខ្ពស់​ណាស់​ដែល​យើង​បាន​ទទួល​ការ​អញ្ជើញ​ដ៏​កក់​ក្ដៅ​ពី​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​ជា​មិត្ត​របស់​លោក ពោល​គឺ​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​លោក​ជា​រៀង​រហូត!

ចម្រៀង​លេខ​៣៩ សាង​ឈ្មោះ​ល្អ​ចំពោះ​ព្រះ