លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការរៀបចំដើម្បីឲ្យ«សេចក្ដីបង្រៀននៃព្រះយេហូវ៉ា»អាចផ្សាយដល់ប្រជាជាតិនានា

ការរៀបចំដើម្បីឲ្យ«សេចក្ដីបង្រៀននៃព្រះយេហូវ៉ា»អាចផ្សាយដល់ប្រជាជាតិនានា

«អភិបាលខេត្ដបានទៅជាអ្នកជឿ ព្រោះគាត់នឹកអស្ចារ្យក្នុងចិត្ដនឹងសេចក្ដីបង្រៀននៃព្រះយេហូវ៉ា»។—សកម្មភាព ១៣:១២

-. ហេតុអ្វីការផ្សព្វផ្សាយដំណឹងល្អដល់«គ្រប់ជាតិសាសន៍» គឺមិនស្រួលសម្រាប់អ្នកកាន់តាមលោកយេស៊ូ?

លោកយេស៊ូគ្រិស្ដបានផ្ដល់កិច្ចការជាច្រើនដល់អ្នកកាន់តាមលោក។ លោកបានបង្គាប់ពួកគេឲ្យ«បង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាម»។ ពួកគេត្រូវផ្សព្វផ្សាយ‹ដំណឹងល្អអំពីរាជាណាចក្រ›ដល់មនុស្ស«នៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបាន»។—ម៉ាថាយ ២៤:១៤; ២៨:១៩

អ្នកកាន់តាមលោកយេស៊ូស្រឡាញ់លោកនិងដំណឹងល្អ។ ប៉ុន្ដែពួកគេទំនងជាបានឆ្ងល់ថា ‹តើយើងអាចធ្វើតាមបង្គាប់លោកយេស៊ូយ៉ាងដូចម្ដេច?›។ មូលហេតុមុនបង្អស់ដែលពួកគេឆ្ងល់ដូច្នេះ ពីព្រោះមានអ្នកកាន់តាមលោកតែមួយចំនួនតូចប៉ុណ្ណោះ។ ម្យ៉ាងទៀត ពួកគេបង្រៀនបណ្ដាជនថាលោកយេស៊ូជាបុត្រព្រះ ប៉ុន្ដែបណ្ដាជនបានដឹងថាលោកយេស៊ូបានត្រូវគេសម្លាប់។ បន្ថែមពីនេះ មនុស្សជាច្រើនបានគិតថាអ្នកកាន់តាមលោកគឺជាបុគ្គលដែល«មិនបានរៀនសូត្រ»។ (សកម្មភាព ៤:១៣) ពួកអ្នកដឹកនាំសាសនាយូដាបានរៀននៅសាលាសាសនា ប៉ុន្ដែអ្នកកាន់តាមលោកមិនបានរៀននៅទីនោះទេ។ មួយវិញទៀត ដំណឹងដែលអ្នកកាន់តាមលោកបានផ្សព្វផ្សាយមិនស្របនឹងទំនៀមទម្លាប់សាសនាយូដាដែលអ្នកដឹកនាំសាសនានោះបានបង្រៀនអស់រាប់សតវត្សរ៍មកហើយ។ ដោយសារមនុស្សនៅប្រទេសអ៊ីស្រាអែលមិនឲ្យតម្លៃអ្នកកាន់តាមលោកយេស៊ូ នោះពួកអ្នកកាន់តាមលោកប្រហែលជាបានឆ្ងល់ថា តើមានអ្នកណានៅចក្រភពរ៉ូមដ៏ខ្លាំងក្លានឹងស្ដាប់ពួកគេទេ?

លោកយេស៊ូបានព្រមានអ្នកកាន់តាមលោកថាមនុស្សនឹងស្អប់ពួកគេ ថែមទាំងបៀតបៀនពួកគេ ហើយពួកគេខ្លះនឹងត្រូវគេសម្លាប់។ (លូកា ២១:១៦, ១៧) មិត្ដភក្ដិនិងក្រុមគ្រួសារនឹងក្បត់ពួកគេ។ ម្យ៉ាងទៀត មនុស្សខ្លះដែលហៅខ្លួនជាអ្នកកាន់តាមគ្រិស្ដនឹងបង្រៀនអ្វីដែលមិនពិត។ មួយវិញទៀត អ្នកកាន់តាមលោកនឹងផ្សព្វផ្សាយនៅតំបន់ដែលពោរពេញដោយឧក្រិដ្ឋកម្មនិងអំពើឃោរឃៅ។ (ម៉ាថាយ ២៤:១០-១២) ដូច្នេះ តើតាមរបៀបណាពួកគេអាចផ្សព្វផ្សាយ«រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»? (សកម្មភាព ១:៨) អ្នកកាន់តាមលោកច្បាស់ជាបានឆ្ងល់អំពីរបៀបដែលពួកគេអាចធ្វើកិច្ចការនេះ ទោះជាមានការពិបាកទាំងអស់នេះក៏ដោយ។

. តើកិច្ចផ្សព្វផ្សាយមានលទ្ធផលយ៉ាងណា?

ទោះជាអ្នកកាន់តាមលោកយេស៊ូបានដឹងថាកិច្ចការនោះនឹងមិនស្រួលក៏ដោយ ពួកគេបានធ្វើតាមបង្គាប់លោក ហើយបានផ្សព្វផ្សាយនៅក្រុងយេរូសាឡិម នៅស្រុកសាម៉ារី ថែមទាំងនៅប្រទេសទៀត។ ប្រហែលជា៣០ឆ្នាំក្រោយមក ពួកគេបានធ្វើដំណើរទៅកន្លែងច្រើនដល់ម៉្លេះបានជាសាវ័កប៉ូលអាចនិយាយថា ពួកគេបានផ្សព្វផ្សាយ«ក្នុងចំណោមមនុស្សទាំងអស់នៅក្រោមមេឃ» ហើយមនុស្សពីប្រជាជាតិផ្សេងជាច្រើនបានទៅជាអ្នកកាន់តាមលោកយេស៊ូ។ (កូឡុស ១:៦, ២៣) ជាឧទាហរណ៍ ពេលប៉ូលបានផ្សព្វផ្សាយនៅកោះគីប្រុស សូម្បីតែអ្នកគ្រប់គ្រងជនជាតិរ៉ូមដែលជាអភិបាលខេត្ដក៏បានទៅជាអ្នកកាន់តាមលោកយេស៊ូដែរ ពីព្រោះ«គាត់នឹកអស្ចារ្យក្នុងចិត្ដនឹងសេចក្ដីបង្រៀននៃព្រះយេហូវ៉ា»។—សូមអាន សកម្មភាព ១៣:៦-១២

លោកយេស៊ូបានសន្យាថាលោកនឹងនៅជាមួយនឹងអ្នកកាន់តាមលោក ហើយថាសកម្មពលបរិសុទ្ធនឹងជួយពួកគេឲ្យផ្សព្វផ្សាយ

. () តើលោកយេស៊ូបានសន្យាអ្វីនឹងអ្នកកាន់តាមលោក? () តើសៀវភៅប្រវត្ដិសាស្ដ្រពន្យល់យ៉ាងណាអំពីសតវត្សរ៍ទី១?

អ្នកកាន់តាមលោកយេស៊ូបានដឹងថាពួកគេមិនអាចផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដីដោយគ្មានជំនួយបានទេ។ ប៉ុន្ដែ ពួកគេក៏ដឹងដែរថាលោកយេស៊ូបានសន្យាថាលោកនឹងនៅជាមួយនឹងពួកគេ ហើយថាសកម្មពលបរិសុទ្ធនឹងជួយពួកគេ។ (ម៉ាថាយ ២៨:២០) ស្ថានភាពផ្សេងទៀតនៅពេលនោះក៏ប្រហែលជាបានជួយអ្នកកាន់តាមលោកដែរ។ សៀវភៅប្រវត្ដិសាស្ដ្រមួយពន្យល់ថា សតវត្សរ៍ទី១ទំនងជារយៈពេលដ៏ល្អបំផុតសម្រាប់គ្រិស្ដសាសនិកចាប់ផ្ដើមផ្សព្វផ្សាយ ហើយថានៅពេលក្រោយមកគ្រិស្ដសាសនិកបានគិតថាព្រះបានរៀបចំផ្លូវឲ្យពួកគេ។

. () តើយើងនឹងពិភាក្សាអ្វីក្នុងអត្ថបទនេះ? () តើយើងនឹងពិចារណាអ្វីនៅអត្ថបទបន្ទាប់?

តើព្រះយេហូវ៉ាបានផ្លាស់ប្ដូរព្រឹត្ដិការណ៍ពិភពលោកនៅសតវត្សរ៍ទី១ដើម្បីគ្រិស្ដសាសនិកអាចធ្វើកិច្ចផ្សព្វផ្សាយឬ? គម្ពីរមិនបានចែងឡើយ។ ប៉ុន្ដែយើងដឹងថាព្រះយេហូវ៉ាចង់ឲ្យរាស្ដ្ររបស់លោកផ្សព្វផ្សាយដំណឹងល្អ ហើយថាសាថានមិនអាចបញ្ឈប់ពួកគេបានទេ។ ក្នុងអត្ថបទនេះ យើងនឹងពិភាក្សាកត្ដាខ្លះនៅសតវត្សរ៍ទី១ដែលប្រហែលជាបានធ្វើឲ្យអ្នកកាន់តាមលោកស្រួលផ្សព្វផ្សាយជាង។ នៅអត្ថបទបន្ទាប់ យើងនឹងពិភាក្សាកត្ដាខ្លះដែលបានជួយយើងនៅពេលថ្មីនេះក្នុងការផ្សព្វផ្សាយដំណឹងល្អទូទាំងពិភពលោក។

សន្ដិភាពចក្រភពរ៉ូម

. តើសន្ដិភាពចក្រភពរ៉ូមជាអ្វី ហើយតើអ្វីបានធ្វើឲ្យគ្រានោះខុសប្លែកពីគ្រាផ្សេងទៀត?

នៅសតវត្សរ៍ទី១ គ្រាដែលមានសន្ដិភាពនៅចក្រភពរ៉ូមបានធ្វើឲ្យអ្នកកាន់តាមលោកយេស៊ូស្រួលផ្សព្វផ្សាយជាង។ រយៈពេលនេះបានត្រូវហៅថាសន្ដិភាពចក្រភពរ៉ូម ឬពាក្យជាភាសាឡាតាំងហៅថាប៉ាក់រ៉ូម៉ាណា។ ក្នុងអំឡុងពេលនោះ រដ្ឋាភិបាលរ៉ូមបានបំបាត់ការបះបោរប្រឆាំង សូម្បីតែការបះបោរតូចតាចក៏ដោយ។ ជាការពិតមែនដែលមានសង្គ្រាមខ្លះនៅពេលនោះដូចលោកយេស៊ូបានប្រកាសទុកជាមុន។ (ម៉ាថាយ ២៤:៦) ជនជាតិរ៉ូមបានបំផ្លាញក្រុងយេរូសាឡិមនៅឆ្នាំ៧០ គ.ស. ហើយពួកគេបានប្រយុទ្ធក្នុងសង្គ្រាមតូចនៅជិតព្រំដែនចក្រភពរ៉ូម។ ប៉ុន្ដែ មានសន្ដិភាពនៅកន្លែងភាគច្រើនដែលនៅក្រោមចក្រភពនោះ ហើយអ្នកកាន់តាមលោកយេស៊ូអាចធ្វើដំណើរយ៉ាងស្រួលដើម្បីផ្សព្វផ្សាយ។ គ្រាដែលមានសន្ដិភាពនេះមានរយៈពេលប្រហែលជា២០០ឆ្នាំ។ សៀវភៅមួយសរសេរថា ក្នុងប្រវត្ដិសាស្ដ្ររបស់មនុស្ស មិនដែលមានគ្រាដែលមានសន្ដិភាពដ៏វែងនិងដែលមានឥទ្ធិពលលើមនុស្សជាច្រើនដូចគ្រានោះទេ។

. តើសន្ដិភាពចក្រភពរ៉ូមបានជួយអ្នកកាន់តាមលោកយ៉ាងដូចម្ដេច?

អូរីហ្គេនដែលជាបណ្ឌិតម្នាក់នៅសតវត្សរ៍ទី៣បានសរសេរអំពីគ្រាដ៏មានសន្ដិភាពនោះ។ គាត់បានសរសេរថា ដោយសារជនជាតិរ៉ូមបានគ្រប់គ្រងលើប្រទេសជាច្រើន អ្នកកាន់តាមលោកយេស៊ូអាចផ្សព្វផ្សាយស្រួលជាងនៅប្រទេសទាំងអស់នោះ។ ហេតុនេះ បណ្ដាជនមិនចាំបាច់ច្បាំងដើម្បីការពារប្រទេសរបស់ពួកគេទេ ប៉ុន្ដែពួកគេបានរស់នៅដោយសុខសាន្ដក្នុងភូមិរបស់ពួកគេ។ ដូច្នេះ ដោយសារស្ថានភាពនេះ អូរីហ្គេនបានគិតថាមនុស្សជាច្រើនមានឱកាសស្ដាប់ពួកអ្នកកាន់តាមលោកយេស៊ូដែលផ្សព្វផ្សាយអំពីសេចក្ដីស្រឡាញ់និងសន្ដិភាព។ ទោះជាអ្នកកាន់តាមលោកយេស៊ូបានទទួលការបៀតបៀនក្ដី ពួកគេបានប្រើគ្រាដែលមានសន្ដិភាពនោះឲ្យមានប្រយោជន៍ច្រើនបំផុតដោយផ្សព្វផ្សាយដំណឹងល្អនៅគ្រប់កន្លែង។—សូមអាន រ៉ូម ១២:១៨-២១

ការធ្វើដំណើរស្រួលជាង

៩, ១០. តើអ្វីខ្លះបាននាំឲ្យការធ្វើដំណើរស្រួលជាងសម្រាប់អ្នកកាន់តាមលោកយេស៊ូ?

ជនជាតិរ៉ូមបានធ្វើផ្លូវជាង៨០.០០០គីឡូម៉ែត្រ (៥០.០០០ម៉ៃល៍) ដែលភ្ជាប់ស្ទើរតែគ្រប់កន្លែងនៃចក្រភពរ៉ូម។ ទាហាននៃកងទ័ពរ៉ូមដ៏ខ្លាំងក្លាអាចធ្វើដំណើរយ៉ាងលឿនទៅគ្រប់កន្លែងតាមផ្លូវទាំងនេះដើម្បីការពារទឹកដីរបស់ពួកគេ ហើយរក្សាអំណាចលើបណ្ដាជន។ គ្រិស្ដសាសនិកបានប្រើផ្លូវទាំងនោះដើម្បីធ្វើដំណើរឆ្លងកាត់ព្រៃ វាលខ្សាច់ និងភ្នំ ដើម្បីផ្សព្វផ្សាយនៅកន្លែងជាច្រើន។

ផ្លូវដែលជនជាតិរ៉ូមបានធ្វើបានជួយអ្នកកាន់តាមលោកយេស៊ូឲ្យស្រួលផ្សព្វផ្សាយជាងនៅតំបន់ជាច្រើន

១០ ក្រៅពីធ្វើដំណើរតាមផ្លូវ ជនជាតិរ៉ូមក៏ធ្វើដំណើរតាមទូកសំពៅដែរ។ ពួកគេជិះទូកតាមទន្លេនិងប្រឡាយ ឬជិះសំពៅតាមសមុទ្រទៅកំពង់ផែរាប់រយដែលនៅគ្រប់កន្លែងក្នុងចក្រភពរ៉ូម។ ជនជាតិរ៉ូមបានប្រើផ្លូវទឹកជាង៩០០។ ដូច្នេះ គ្រិស្ដសាសនិកក៏អាចធ្វើដំណើរតាមទូកដើម្បីទៅច្រើនកន្លែងដែរ។ ពួកគេមិនត្រូវការឯកសារតាមផ្លូវច្បាប់ ដូចជាលិខិតឆ្លងដែនដើម្បីចូលប្រទេសផ្សេងទេ។ ម្យ៉ាងទៀត មិនសូវមានចោរតាមផ្លូវទេ ពីព្រោះពួកចោរដឹងថាជនជាតិរ៉ូមនឹងដាក់ទោសឧក្រិដ្ឋជនដោយគ្មានមេត្ដា។ មួយវិញទៀត ដោយសារមានសំពៅកងទ័ពរ៉ូមជាច្រើននៅតាមផ្លូវទឹក អ្នកធ្វើដំណើរមិនខ្លាចការវាយប្រហារពីចោរសមុទ្រឡើយ។ ទោះជាគម្ពីរចែងថាប៉ូលបានធ្វើដំណើរតាមសំពៅដែលក្រោយមកបានលិច ហើយថានៅពេលផ្សេងទៀតគាត់មានគ្រោះថ្នាក់នៅសមុទ្រក្ដី គម្ពីរមិនដែលចែងថាគាត់បានត្រូវចោរសមុទ្រវាយប្រហារឡើយ។ ដូច្នេះ ការធ្វើដំណើរតាមផ្លូវគោក និងតាមទូកសំពៅច្រើនតែមានសុវត្ថិភាព។—កូរិនថូសទី២ ១១:២៥, ២៦

ភាសាក្រិច

ការរកបទគម្ពីរក្នុងសៀវភៅគឺស្រួលជាង (សូមមើលវគ្គ១២)

១១. ហេតុអ្វីអ្នកកាន់តាមលោកយេស៊ូបានប្រើភាសាក្រិច?

១១ អាឡិចសេនដឺដ៏ខ្លាំងក្លាដែលជាអ្នកគ្រប់គ្រងជនជាតិក្រិចបានច្បាំងយកតំបន់ជាច្រើន ដែលច្រើនឆ្នាំក្រោយមកបាននៅក្រោមអំណាចចក្រភពរ៉ូម។ ដូច្នេះ បណ្ដាជននៅតំបន់ទាំងនោះបានរៀននិយាយភាសាក្រិចម្យ៉ាងដែលមនុស្សសាមញ្ញអាចយល់បាន ដែលគេហៅថាក្រិចខូយនី។ ជាលទ្ធផល អ្នកកាន់តាមលោកយេស៊ូអាចផ្សព្វផ្សាយដល់អ្នកទាំងនោះដោយប្រើភាសានេះ។ ម្យ៉ាងទៀត ពេលផ្សព្វផ្សាយដល់អ្នកទាំងនោះ អ្នកកាន់តាមលោកថែមទាំងអាចដកស្រង់គម្ពីរពីបទគម្ពីរភាសាហេប្រឺ ដោយសារបទគម្ពីរទាំងនោះបានត្រូវបកប្រែជាភាសាក្រិចរួចហើយ។ សេចក្ដីបកប្រែនោះដែលគេហៅថាគម្ពីរសេបធួជីន បានត្រូវបកប្រែដោយជនជាតិយូដាដែលរស់នៅស្រុកអេស៊ីប ហើយមនុស្សជាច្រើនបានដឹងអំពីសេចក្ដីបកប្រែនោះ។ អ្នកសរសេរគម្ពីរក៏បានប្រើភាសាក្រិចដើម្បីសរសេរសៀវភៅទៀតនៃគម្ពីរដែរ។ ភាសាក្រិចមានវាក្យស័ព្ទ ឬពាក្យជាច្រើនសម្រាប់ប្រើក្នុងភាសានោះ ដូច្នេះគឺជាភាសាដ៏ល្អដើម្បីពន្យល់សេចក្ដីពិតដ៏ជ្រាលជ្រៅក្នុងគម្ពីរ។ ភាសាក្រិចមានប្រយោជន៍ក្នុងការប្រាស្រ័យទាក់ទងគ្នារវាងក្រុមជំនុំផ្សេងៗ ហើយជួយឲ្យមានសាមគ្គីភាព។

១២. () ហេតុអ្វីសៀវភៅគឺស្រួលប្រើជាងរមូរ? () តើគ្រិស្ដសាសនិកភាគច្រើនបានចាប់ផ្ដើមប្រើសៀវភៅនៅពេលណា?

១២ តើគ្រិស្ដសាសនិកនៅសតវត្សរ៍ទី១បានប្រើអ្វីដើម្បីបង្រៀនគម្ពីរ? ដំបូង ពួកគេបានប្រើរមូរ។ ប៉ុន្ដែ រមូរមិនស្រួលប្រើយកទៅកន្លែងផ្សេងទេ។ រាល់លើកដែលគ្រិស្ដសាសនិកចង់រកបទគម្ពីរ ពួកគេត្រូវលា ហើយក្រោយមកមូលរមូរនោះវិញ។ ជាធម្មតា រមូរមានអក្សរនៅតែម្ខាងប៉ុណ្ណោះ។ គ្រាន់តែដំណឹងល្អរៀបរាប់ដោយម៉ាថាយពេញរមូរមួយទាំងមូល។ ក្រោយមកមនុស្សបានចាប់ផ្ដើមចម្លងព័ត៌មានដោយចងក្រងជាសៀវភៅ។ អ្នកអានអាចបើកសៀវភៅ ហើយស្រួលបើកទំព័រដើម្បីរកបទគម្ពីរមួយ។ អ្នកប្រវត្ដិសាស្ដ្រនិយាយថាគ្រិស្ដសាសនិកបានចាប់ផ្ដើមប្រើសៀវភៅយ៉ាងឆាប់រហ័ស ហើយថាក្រោយឆ្នាំ១០០ គ.ស. ពួកគេភាគច្រើនបានប្រើសៀវភៅ។

ច្បាប់រ៉ូម

១៣, ១៤. () ដោយសារប៉ូលជាពលរដ្ឋរ៉ូម តើគាត់បានទទួលការការពារអ្វី? () តើគ្រិស្ដសាសនិកបានទទួលប្រយោជន៍អ្វីពីច្បាប់រ៉ូម?

១៣ គ្រិស្ដសាសនិកនៅសតវត្សរ៍ទី១បានទទួលប្រយោជន៍ពីច្បាប់រ៉ូម។ ជាឧទាហរណ៍ ប៉ូលជាពលរដ្ឋរ៉ូម ហើយច្បាប់ច្រើនតែបានការពារគាត់ពេលធ្វើដំណើរ។ ពេលទាហានជនជាតិរ៉ូមបានចាប់ប៉ូលនៅក្រុងយេរូសាឡិម ហើយហៀបនឹងវាយគាត់ គាត់បានប្រាប់ពួកគេថាគាត់ជាពលរដ្ឋរ៉ូម។ គាត់បានរំលឹកមេបញ្ជាការថា បើគ្មានការវិនិច្ឆ័យត្រឹមត្រូវទេ ពួកគេមិនគួរវាយពលរដ្ឋរ៉ូមឡើយ។ ដូច្នេះ «ពួកអ្នកដែលបម្រុងនឹងធ្វើទារុណកម្មសួរចម្លើយបានថយចេញពីគាត់ភ្លាម ហើយកាលដែលដឹងថាប៉ូលជាពលរដ្ឋរ៉ូម នោះមេបញ្ជាការក៏តាំងភ័យខ្លាច ព្រោះបានចងគាត់»។—សកម្មភាព ២២:២៥-២៩

គ្រិស្ដសាសនិកបានប្រើច្បាប់រ៉ូមដើម្បី‹ការពារនិងធ្វើឲ្យ›សិទ្ធិរបស់ពួកគេក្នុងការផ្សព្វផ្សាយ«មានការទទួលស្គាល់តាមផ្លូវច្បាប់»

១៤ ដោយហេតុថាប៉ូលជាពលរដ្ឋរ៉ូម នោះមានឥទ្ធិពលទៅលើរបៀបដែលមនុស្សនៅក្រុងភីលីពបានប្រព្រឹត្ដមកលើគាត់។ (សកម្មភាព ១៦:៣៥-៤០) ម្យ៉ាងទៀត ពេលដែលមនុស្សមួយក្រុមធំដែលមានកំហឹងចង់ធ្វើបាបគ្រិស្ដសាសនិកខ្លះនៅក្រុងអេភេសូរ មន្ដ្រីរដ្ឋាភិបាលម្នាក់បានបង្គាប់ឲ្យមនុស្សមួយក្រុមនោះនៅស្ងៀម ហើយបានព្រមានបណ្ដាជននោះថាពួកគេកំពុងរំលងច្បាប់រ៉ូម។ (សកម្មភាព ១៩:៣៥-៤១) ក្រោយមក ពេលប៉ូលនៅក្រុងសេសារៀ គាត់បានទាមទារប្រើសិទ្ធរបស់គាត់ដើម្បីបង្ហាញខ្លួននៅមុខអធិរាជនាក្រុងរ៉ូម។ នៅទីនោះគាត់បាននិយាយការពារដំណឹងល្អ។ (សកម្មភាព ២៥:៨-១២) ដូច្នេះ គ្រិស្ដសាសនិកបានប្រើច្បាប់រ៉ូមដើម្បី‹ការពារនិងធ្វើឲ្យ›សិទ្ធិរបស់ពួកគេក្នុងការផ្សព្វផ្សាយ«មានការទទួលស្គាល់តាមផ្លូវច្បាប់»។—ភីលីព ១:៧

ជនជាតិយូដាបានរស់នៅប្រទេសជាច្រើន

១៥. នៅសតវត្សរ៍ទី១ តើជនជាតិយូដាជាច្រើននាក់បានរស់នៅកន្លែងណាខ្លះ?

១៥ មានកត្ដាមួយទៀតដែលប្រហែលជាបានជួយគ្រិស្ដសាសនិកនៅសតវត្សរ៍ទី១ឲ្យផ្សព្វផ្សាយទូទាំងផែនដី។ នៅពេលនោះ មានជនជាតិយូដានៅប្រទេសជាច្រើន មិនគ្រាន់តែនៅប្រទេសអ៊ីស្រាអែលប៉ុណ្ណោះទេ។ ហេតុអ្វី? រាប់រយឆ្នាំមុន ជនជាតិយូដាបានត្រូវចាប់យកជាឈ្លើយទៅស្រុកអាសស៊ើរ ហើយច្រើនឆ្នាំក្រោយមកជនជាតិយូដាទៀតបានត្រូវចាប់យកទៅបាប៊ីឡូន។ ក្រោយមក ពេលជនជាតិពើស៊ីបានគ្រប់គ្រងក្រុងបាប៊ីឡូន មានជនជាតិយូដារស់នៅគ្រប់កន្លែងក្នុងចក្រភពពើស៊ី។ (នាងអេសធើរ ៩:៣០) នៅសតវត្សរ៍ទី១ ពេលលោកយេស៊ូនៅផែនដី មានជនជាតិយូដានៅគ្រប់កន្លែងក្នុងចក្រភពរ៉ូម ដូចជាអេស៊ីប ហើយនៅតំបន់ទៀតនៃអាហ្វ្រិកខាងជើង ក្រិច តំបន់អាស៊ី (ប្រទេសទួរគី) និងមេសូប៉ូតាមៀ (ប្រទេសអ៊ីរ៉ាក់) ជាដើម។ គេបានគិតថា ក្នុងចំណោមបណ្ដាជន៦០លាននាក់ដែលនៅចក្រភពរ៉ូម មានជនជាតិយូដាជាងលាននាក់។ ទោះជាជនជាតិយូដាបានបែកខ្ញែកគ្នានៅជាច្រើនកន្លែងក៏ដោយ ពួកគេនៅតែបានបន្ដកាន់សាសនារបស់ពួកគេ។—ម៉ាថាយ ២៣:១៥

១៦, ១៧. () ដោយសារមានជនជាតិយូដានៅប្រទេសជាច្រើន តើបុគ្គលដែលមិនមែនជាជនជាតិយូដាបានទទួលប្រយោជន៍យ៉ាងណា? () តើគ្រិស្ដសាសនិកបានធ្វើតាមគំរូរបស់ជនជាតិយូដាតាមរបៀបណាខ្លះ?

១៦ ដោយសារមានជនជាតិយូដានៅប្រទេសជាច្រើន មនុស្សជាច្រើននាក់ដែលមិនមែនជាជនជាតិយូដាបានស្គាល់បទគម្ពីរភាសាហេប្រឺ ហើយបានដឹងអំពីអ្វីដែលជនជាតិយូដាជឿ។ ជាឧទាហរណ៍ ពួកគេបានដឹងថាមានព្រះពិតតែមួយ ហើយពួកអ្នកដែលបម្រើលោកត្រូវធ្វើតាមច្បាប់របស់លោក។ ពួកគេបានដឹងថាបទគម្ពីរភាសាហេប្រឺគឺមកពីព្រះ ហើយបទគម្ពីរទាំងនោះមានទំនាយជាច្រើនអំពីមេស្ស៊ី។ (លូកា ២៤:៤៤) ដូច្នេះ ពេលគ្រិស្ដសាសនិកបានផ្សព្វផ្សាយដំណឹងល្អ ទាំងជនជាតិយូដាទាំងជនជាតិផ្សេងបានដឹងរួចហើយអំពីព័ត៌មានខ្លះដែលគ្រិស្ដសាសនិកទាំងនោះកំពុងផ្សព្វផ្សាយ។ ប៉ូលចង់រកមនុស្សដែលនឹងស្ដាប់ដំណឹងល្អ។ ដូច្នេះ គាត់ច្រើនតែបានទៅសាលាប្រជុំផ្សេងជាកន្លែងដែលជនជាតិយូដាគោរពប្រណិប័តន៍ ហើយប្រើបទគម្ពីរដើម្បីជជែកវែកញែកជាមួយនឹងពួកគេ។—សូមអាន សកម្មភាព ១៧:១, ២

១៧ ជនជាតិយូដាបានជួបជុំគ្នាជារឿយដើម្បីគោរពប្រណិប័តន៍ព្រះ នៅសាលាប្រជុំនៅកន្លែងខាងក្រៅ។ ពួកគេបានច្រៀងចម្រៀង អធិដ្ឋាន ហើយពិភាក្សាអំពីបទគម្ពីរ។ គ្រិស្ដសាសនិកបានធ្វើតាមគំរូរបស់ពួកគេ ហើយសព្វថ្ងៃនេះយើងក៏ធ្វើដូច្នេះដែរនៅក្រុមជំនុំរបស់យើង។

ព្រះយេហូវ៉ាបានជួយពួកគេឲ្យផ្សព្វផ្សាយ

១៨, ១៩. () តើស្ថានភាពនៅសតវត្សរ៍ទី១បានជួយគ្រិស្ដសាសនិកឲ្យធ្វើអ្វី? () តើអត្ថបទនេះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណាចំពោះព្រះយេហូវ៉ា?

១៨ សតវត្សរ៍ទី១គឺជាគ្រាដ៏ពិសេសក្នុងប្រវត្ដិសាស្ដ្រ។ នៅចក្រភពរ៉ូម បណ្ដាជនមានសន្ដិភាព ពួកគេជាច្រើនអាចនិយាយភាសាដូចគ្នា ហើយច្បាប់បានការពារពួកគេ។ បណ្ដាជនស្រួលធ្វើដំណើរជាង ហើយនៅប្រទេសជាច្រើន ពួកគេបានដឹងអំពីជនជាតិយូដានិងបទគម្ពីរភាសាហេប្រឺ។ កត្ដាទាំងអស់នេះបានជួយគ្រិស្ដសាសនិកបន្ដធ្វើកិច្ចការដែលព្រះបានផ្ដល់ឲ្យពួកគេ។

១៩ ប្រហែលជា៤០០ឆ្នាំមុនលោកយេស៊ូបានមកផែនដី ប្លាតុងដែលជាទស្សនវិទូជនជាតិក្រិចបានសរសេរថា មនុស្សពិបាកស្គាល់ព្រះដែលជាអ្នកបង្កើតណាស់ ហើយពួកគេមិនអាចប្រាប់មនុស្សទាំងអស់ក្នុងពិភពលោកអំពីលោកបានឡើយ។ ប៉ុន្ដែ លោកយេស៊ូបានមានប្រសាសន៍ថា«អ្វីដែលមនុស្សធ្វើពុំកើត ព្រះអាចធ្វើបាន»។ (លូកា ១៨:២៧) យើងឃើញច្បាស់ថាកិច្ចការផ្សព្វផ្សាយអាចធ្វើបានដោយសារជំនួយពីព្រះយេហូវ៉ា។ លោកចង់ឲ្យ«មនុស្សគ្រប់ជាតិសាសន៍»ដំណឹងល្អ ហើយស្គាល់លោក។ (ម៉ាថាយ ២៨:១៩) អត្ថបទបន្ទាប់នឹងពន្យល់អំពីរបៀបដែលដំណឹងល្អកំពុងផ្សព្វផ្សាយទូទាំងពិភពលោកនៅសព្វថ្ងៃនេះ។