លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ​»​

​«​ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ​»​

«​ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ . . . ហើយ​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​»។—ម៉ាថាយ ២៨:១៩, ២០

ចម្រៀង​លេខ: ១៤១, ១៧

១, ២​. តើ​ពាក្យ​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ២៤:១៤ នាំ​ឲ្យ​មាន​សំណួរ​អ្វី​ខ្លះ?

លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​ថា​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទាំង​អស់។ (​ម៉ាថាយ ២៤:១៤​) ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​បាន​ត្រូវ​គេ​ស្គាល់​នៅ​ទូ​ទាំង​ពិភព​លោក​ដោយ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង។ អ្នក​ខ្លះ​ចូល​ចិត្ដ​ដំណឹង​ដែល​យើង​ផ្សាយ តែ​អ្នក​ខ្លះ​ទៀត​មិន​ចូល​ចិត្ដ​ទេ។ ប៉ុន្ដែ សូម្បី​តែ​អ្នក​ខ្លះ​ដែល​មិន​ចូល​ចិត្ដ​ដំណឹង​របស់​យើង នៅ​តែ​គោរព​យើង​ចំពោះ​កិច្ច​ការ​របស់​យើង។ យើង​អះអាង​ថា​យើង​គឺ​ជា​អ្នក​ដែល​កំពុង​ធ្វើ​កិច្ច​ការ​ដែល​លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន។ តើ​យើង​មាន​សិទ្ធិ​និយាយ​ដូច្នេះ​ឬ​ទេ? តើ​យើង​អាច​ប្រាកដ​យ៉ាង​ណា​ថា​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​គឺ​ជា​កិច្ច​ការ​ដែល​លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន?

សាសនា​ជា​ច្រើន​អះអាង​ថា​ពួក​គេ​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ដែល​លោក​យេស៊ូ​បាន​ផ្សាយ។ ប៉ុន្ដែ កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ​គឺ​គ្រាន់​តែ​ថ្លែង​សុន្ទរកថា​នៅ​ឯ​វិហារ តាម​ទូរទស្សន៍ ឬ​តាម​អ៊ីនធឺណិត ឬ​ក៏​ពួក​គេ​ប្រហែល​ជា​គ្រាន់​តែ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​របៀប​ដែល​ពួក​គេ​បាន​រៀន​អំពី​លោក​យេស៊ូ។ អ្នក​ខ្លះ​ទៀត​យល់​ថា​ការ​ជួយ​មនុស្ស​ដែល​មានសេចក្ដី​ត្រូវ​ការ ឬ​ការ​ធ្វើ​ការ​ងារ​សប្បុរសធម៌​ជា​គ្រូ​ពេទ្យ គិលានុបដ្ឋាក ឬ​គ្រូ​បង្រៀន​គឺ​ជា​របៀប​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ។ ប៉ុន្ដែ តើ​លោក​យេស៊ូ​ចង់​សំដៅ​លើ​សកម្មភាព​ទាំង​នេះ​ពេល​ដែល​លោក​មាន​ប្រសាសន៍​អំពី​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ឬ​ទេ?

៣​. យោង​ទៅ​តាម​ម៉ាថាយ ២៨:១៩,២០ តើ​អ្វី​បួន​យ៉ាង​ដែល​អ្នក​កាន់​តាម​លោក​យេស៊ូ​ត្រូវ​ធ្វើ គឺ​ជា​អ្វី?

តើ​លោក​យេស៊ូ​ចង់​ឲ្យ​អ្នក​កាន់​តាម​លោក​រង់​ចាំ​មនុស្ស​មក​ជួប​ពួក​គេ​ឬ? មិន​មែន​ទេ! ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​រាប់​រយ​នាក់​ថា​៖​«​ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ . . . ហើយ​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​»។ (​ម៉ាថាយ ២៨:១៩, ២០​) ដូច្នេះ ក្នុង​នាម​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ យើង​ត្រូវ​ធ្វើ​អ្វី​បួន​យ៉ាង។ យើង​ត្រូវ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ និង​បង្រៀន​ពួក​គេ។ ប៉ុន្ដែ មុន​ដំបូង​យើង​ត្រូវ​ទៅ​ជួប​មនុស្ស។ បណ្ឌិត​ខាង​គម្ពីរ​ម្នាក់​បាន​ពន្យល់​ថា​៖ ​«​ការ‹ទៅ›គឺ​ជា​ភារកិច្ច​របស់​អ្នក​ជឿ​ម្នាក់​ៗ ទោះ​ជា​គាត់​ត្រូវ​ឆ្លង​កាត់​ផ្លូវ ឬ​ឆ្លង​កាត់​សមុទ្រ​ក៏​ដោយ​»។—ម៉ាថាយ ១០:៧; លូកា ១០:៣

៤​. តើ​ការ​ក្លាយ​ទៅ​ជា​«​អ្នក​នេសាទ​មនុស្ស​»​ជាប់​ទាក់​ទង​នឹង​អ្វី?

តើ​លោក​យេស៊ូ​តម្រូវ​អ្វី​ពី​ពួក​អ្នក​កាន់​តាម​លោក? តើ​លោក​ចង់​ឲ្យ​ពួក​គេ​ផ្សព្វ​ផ្សាយ​ដោយ​ខ្លួន​ឯង ឬ​តើ​លោក​ចង់​ឲ្យ​ពួក​គេ​មាន​របៀប​រៀប​ចំ​ជា​ក្រុម​មួយ? ដោយ​សារ​បុគ្គល​ម្នាក់​មិន​អាច​ផ្សព្វ​ផ្សាយ​ដល់​«​គ្រប់​ជាតិ​សាសន៍​»​បាន នោះ​អ្នក​កាន់​តាម​លោក​នឹង​ត្រូវ​មាន​ការ​រៀប​ចំ​ជា​ក្រុម​មួយ។ លោក​យេស៊ូ​ចង់​បញ្ជាក់​អំពី​ការ​រៀប​ចំ​ជា​ក្រុម​នេះ ពេល​ដែល​លោក​អញ្ជើញ​អ្នក​កាន់​តាម​លោក​ឲ្យ​ក្លាយ​ទៅ​ជា​«​អ្នក​នេសាទ​មនុស្ស​»។ (​សូម​អាន ម៉ាថាយ ៤:១៨​-​២២) លោក​យេស៊ូ​មិន​បាន​សំដៅ​ទៅ​លើ​អ្នក​នេសាទ​ម្នាក់​ដែល​ប្រើ​ខ្សែ​សន្ទូច​និង​នុយ​ផ្ទាល់​ខ្លួន ហើយ​រង់​ចាំ​ត្រី​មក​ស៊ី​នុយ​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​នេសាទ​ដែល​លោក​យេស៊ូ​បាន​លើក​ឡើង​នោះ​គឺ​ជាប់​ទាក់​ទង​នឹង​ការ​ប្រើ​សំណាញ់។ ការ​នេសាទ​ប្រភេទ​នេះ​តម្រូវ​ឲ្យ​ខំ​ប្រឹង រៀប​ចំ និង​មនុស្ស​ជា​ច្រើន​នាក់​សហការ​គ្នា។—លូកា ៥:១​-​១១

៥​. តើ​សំណួរ​បួន​យ៉ាង​អ្វី​ត្រូវ​ឆ្លើយ​ជា​ចាំ​បាច់ ហើយ​ហេតុ​អ្វី?

ដើម្បី​ដឹង​ថា​អ្នក​ណា​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​សព្វ​ថ្ងៃ​នេះ យើង​ត្រូវ​ឆ្លើយ​សំណួរ​ទាំង​បួន​នេះ​៖

  • តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​គួរ​ផ្សព្វ​ផ្សាយ​ដំណឹង​អ្វី?

  • តើ​ពួក​គេ​គួរ​មាន​បំណង​ចិត្ដ​បែប​ណា?

  • តើ​ពួក​គេ​គួរ​ប្រើ​វិធីសាស្ដ្រ​អ្វី​ខ្លះ?

  • តើ​កិច្ច​ការ​នេះ​គួរ​មាន​ទំហំ​ប៉ុណ្ណា ហើយ​តើ​កិច្ច​ការ​នេះ​គួរ​បន្ដ​សម្រាប់​រយៈ​ពេល​ប៉ុន្មាន?

ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​នឹង​ជួយ​យើង​ឲ្យ​ស្គាល់​ថា​អ្នក​ណា​កំពុង​ធ្វើ​កិច្ច​ការ​នេះ​ដែល​សង្គ្រោះ​ជីវិត ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​យើង​មាន​បំណង​ចិត្ដ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ដើម្បី​បន្ដ​ផ្សព្វ​ផ្សាយ។—ធីម៉ូថេ​ទី១ ៤:១៦

តើ​គួរ​ផ្សព្វ​ផ្សាយ​ដំណឹង​អ្វី?

៦​. ហេតុ​អ្វី​អ្នក​អាច​មាន​ទំនុក​ចិត្ដ​ថា​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ដែល​ត្រឹម​ត្រូវ?

សូម​អាន លូកា ៤:៤៣លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​»​ ហើយ​លោក​ចង់​ឲ្យ​អ្នក​កាន់​តាម​លោក​ធ្វើ​ដូច្នេះ​ដែរ។ តើ​ក្រុម​មនុស្ស​មួយ​ណា​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​នេះ​ដល់​មនុស្ស​ទាំង​អស់? គឺ​មាន​តែ​សាក្សី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ! សូម្បី​តែ​មនុស្ស​ខ្លះ​ដែល​មិនចូល​ចិត្ដ​យើង​បាន​ទទួល​ស្គាល់​ដូច្នេះ​ដែរ។ ជា​ឧទាហរណ៍ សូម​កត់​សម្គាល់​អ្វី​ដែល​បូជា​ចារ្យ​ម្នាក់​ដែល​ជា​សាសនទូត​ដែល​ធ្លាប់​រស់​នៅ​ប្រទេស​ជា​ច្រើន​បាន​ប្រាប់​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់។ នៅ​ប្រទេស​នីមួយ​ៗ បូជា​ចារ្យ​នោះ​បាន​សួរ​សាក្សី​ព្រះ​យេហូវ៉ា​អំពី​ដំណឹង​ដែល​ពួក​គាត់​កំពុង​ផ្សព្វ​ផ្សាយ។ បូជា​ចារ្យ​នោះ​បាន​និយាយ​ថា​៖​«​សាក្សី​ព្រះ​យេហូវ៉ា​ទាំង​អស់​នេះ​សុទ្ធតែ​ជា​មនុស្ស​ល្ងង់​ខ្លៅ​ខ្លាំង​ដល់​ម៉្លេះ​បាន​ជា​ពួក​គេ​ឆ្លើយ​ដូច​គ្នា​ថា​៖ ‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ›​»។ ពាក្យ​សម្ដី​របស់​បូជា​ចារ្យ​នោះ​បង្ហាញ​ថា​យើង​មិន​មែន​ជា​មនុស្ស​ល្ងង់​ខ្លៅ​ទេ តែ​ថា​យើង​មាន​សាមគ្គី​ភាព​ជា​គ្រិស្ដ​សាសនិក​ពិត។ (​កូរិនថូស​ទី១ ១:១០​) រាជាណាចក្រ​របស់​ព្រះ​ក៏​ជា​ប្រធានបទ​ដ៏​សំខាន់​នៃ​ទស្សនាវដ្ដី​ប៉ម​យាម​ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។ ទស្សនាវដ្ដី​នេះ​មាន​ជាង​២៥៤​ភាសា ហើយ​លេខ​នីមួយ​ៗ​នៃ​ទស្សនាវដ្ដី​នេះ​បាន​ត្រូវ​បោះ​ពុម្ព​ជា​មធ្យម​ជិត​៥៩​លាន​ក្បាល ដែល​ធ្វើ​ឲ្យ​ទស្សនាវដ្ដី​នេះ​បាន​ត្រូវ​ចែក​ចាយ​ច្រើន​ជាង​គេ​បំផុត​លើ​ពិភព​លោក!

មាន​តែ​សាក្សី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ

៧​. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​បព្វជិត​នៃ​ពិភព​គ្រិស្ដ​សាសនា​មិន​ផ្សព្វ​ផ្សាយ​ដំណឹង​ដែល​ត្រឹម​ត្រូវ?

បព្វជិត​នៃ​ពិភព​គ្រិស្ដ​សាសនា​មិន​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​ឡើយ។ បើ​ពួក​គេ​និយាយ​អំពី​រាជាណាចក្រ​ព្រះ ពួក​គេ​ជា​ច្រើន​នាក់​និយាយ​ថា​រាជាណាចក្រ​នោះ​គឺ​ជា​អារម្មណ៍​មួយ​ដែល​នៅ​ក្នុង​ចិត្ដ​របស់​បុគ្គល​ម្នាក់។ (​លូកា ១៧:២១​) ពួក​គេ​មិន​បង្រៀន​មនុស្ស​ថា​រាជាណាចក្រ​ព្រះ​គឺ​ជា​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌​ដែល​គ្រប់​គ្រង​ដោយ​លោក​យេស៊ូ​ឡើយ។ ផ្ទុយ​ទៅ​វិញ តាម​ធម្មតា​ពួក​គេ​និយាយ​អំពី​លោក​យេស៊ូ​នៅ​ពិធី​បុណ្យ​ណូអែល ឬ​បុណ្យ​អ៊ីស្ទើរ៍។ ពួក​គេ​មិន​ពន្យល់​ថា​រាជាណាចក្រ​ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​មនុស្សជាតិ​ទេ ហើយ​ក៏​មិន​ពន្យល់​ថា​មិន​យូរ​ទៀត​រាជាណាចក្រ​នោះ​នឹង​បំបាត់​អំពើ​អាក្រក់​ទាំង​អស់​ចេញ​ពី​ផែន​ដី​ដែរ។ (​ការ​បើក​បង្ហាញ ១៩:១១​-​២១​) យើង​ឃើញ​ច្បាស់​ថា អ្នក​ដឹក​នាំ​ពិភព​គ្រិស្ដ​សាសនា មិន​ដឹង​ថា​លោក​យេស៊ូ​នឹង​ធ្វើ​អ្វី​ខ្លះ​ក្នុង​នាម​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ​ឡើយ។ ម្យ៉ាង​ទៀត ដោយ​សារ​ពួក​គេ​មិន​យល់​ដំណឹង​ដែល​លោក​យេស៊ូ​បាន​ផ្សាយ នោះ​ពួក​គេ​មិន​យល់​អំពី​មូលហេតុ​ដែល​ពួក​គេ​គួរ​ផ្សព្វ​ផ្សាយ​ឡើយ។

តើ​យើង​គួរ​មាន​បំណង​ចិត្ដ​បែប​ណា​ចំពោះ​ការ​ធ្វើ​កិច្ច​ការ​នេះ?

៨​. តើ​អ្វី​ជា​បំណង​ចិត្ដ​មិន​ត្រឹម​ត្រូវ​ចំពោះ​កិច្ច​ការ​ផ្សព្វ​ផ្សាយ?

អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​គួរ​ផ្សព្វ​ផ្សាយ​ដើម្បី​រក​លុយ ឬ​សង់​អគារ​ស្អាត​ៗ​ឡើយ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​ទទួល​ដោយ​ឥត​បង់​ថ្លៃ ចូរ​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ដែរ​»។ (​ម៉ាថាយ ១០:៨​) ដូច្នេះ កិច្ច​ការ​ផ្សព្វ​ផ្សាយ​មិន​គួរ​ជា​មុខ​ជំនួញ​មួយ​ទេ។ (​កូរិនថូស​ទី២ ២:១៧​) អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​គួរ​សុំ​ទទួល​លុយ​សម្រាប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ​ឡើយ។ (​សូម​អាន សកម្មភាព ២០:៣៣​-​៣៥) ទោះ​ជា​ការ​ណែនាំ​របស់​លោក​យេស៊ូ​គឺ​ច្បាស់​លាស់​ក៏​ដោយ វិហារ​ភាគ​ច្រើន​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រមូល​លុយ​ដើម្បី​ឲ្យ​វិហារ​របស់​ពួក​គេ​នៅ​តែ​ដំណើរ​ការ ហើយ​ឲ្យ​ប្រាក់​ខែ​ដល់​ពួក​បព្វជិត​និង​និយោជិត​ឯ​ទៀត។ ជា​លទ្ធផល អ្នក​ដឹក​នាំ​នៃ​ពិភព​គ្រិស្ដ​សាសនា​ជា​ច្រើន​នាក់​បាន​ទៅ​ជា​អ្នក​មាន​ស្ដុកស្ដម្ភ។—ការ​បើក​បង្ហាញ ១៧:៤, ៥

កិច្ច​ការ​ផ្សព្វ​ផ្សាយ​មិន​គួរ​ជា​មុខ​ជំនួញ​មួយ​ទេ

៩​. តើ​សាក្សី​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​ចូល​រួម​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដោយ​មាន​បំណង​ចិត្ដ​ត្រឹម​ត្រូវ?

តើ​សាក្សី​ព្រះ​យេហូវ៉ា​រៃ​អង្គាស​លុយ​នៅ​ឯ​សាល​ប្រជុំ ឬ​មហា​សន្និបាត​របស់​ពួក​គេ​ឬ​ទេ? មិន​មែន​ទេ! កិច្ច​ការរបស់​ពួក​គេ​គឺ​បាន​ត្រូវ​គាំ​ទ្រ​ដោយ​វិភាគ​ទាន​ស្ម័គ្រ​ចិត្ដ។ (​កូរិនថូស​ទី២ ៩:៧​) ក៏​ប៉ុន្ដែ នៅ​ឆ្នាំ​មុន​សាក្សី​ព្រះ​យេហូវ៉ា​បាន​ចំណាយ​ពេល​ជិត​២​ពាន់​លាន​ម៉ោង​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​បាន​បង្រៀន​គម្ពីរ​ដល់​មនុស្ស​ជាង​៩​លាន​នាក់​ជា​រៀង​រាល់​ខែ។ ពួក​គេ​មិន​ទទួល​ប្រាក់​ខែ​សម្រាប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ​ទេ តែ​ពួក​គេ​សប្បាយ​ចិត្ដ​ប្រើ​លុយ​ផ្ទាល់​ខ្លួន​ដើម្បី​ធ្វើ​កិច្ច​ការ​នេះ។ អ្នក​ស្រាវ​ជ្រាវ​ម្នាក់​បាន​និយាយ​អំពី​កិច្ច​ការ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ថា​៖ ​«​គោល​ដៅ​សំខាន់​ចម្បង​របស់​ពួក​គេ​គឺ​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​»។ គាត់​ក៏​បាន​និយាយ​ដែរ​ថា​សាក្សី​ព្រះ​យេហូវ៉ា​មិន​មាន​ពួក​បព្វជិត​ដែល​ទទួល​ប្រាក់​ខែ​ឡើយ។ ដូច្នេះ បើ​យើង​ផ្សព្វ​ផ្សាយ​មិន​មែន​ដើម្បី​បាន​លុយ តើ​យើង​មាន​បំណង​ចិត្ដ​អ្វី? យើង​ស្ម័គ្រ​ចិត្ដ​ធ្វើ​កិច្ច​ការ​នេះ ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ស្រឡាញ់​មនុស្ស។ ចិត្ដ​គំនិត​នេះ​សម្រេច​ទំនាយ​នៅ​ទំនុក​តម្កើង ១១០:៣ (​សូម​អាន​)។

តើ​គួរ​ប្រើ​វិធីសាស្ដ្រ​អ្វី​ខ្លះ?

យើង​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​យើង​ជួប​មនុស្ស (​សូម​មើល​វគ្គ​១០​)

១០​. តើ​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​ប្រើ​វិធីសាស្ដ្រ​អ្វី​ខ្លះ​ដើម្បី​ផ្សព្វ​ផ្សាយ?

១០ តើ​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​ប្រើ​វិធីសាស្ដ្រ​អ្វី​ខ្លះ​ដើម្បី​ផ្សព្វ​ផ្សាយ? ពួក​គាត់​បាន​ទៅ​កន្លែង​ណា​ក៏​ដោយ​ដែល​ពួក​គាត់​អាច​ជួប​មនុស្ស។ ជា​ឧទាហរណ៍ ពួក​គាត់​បាន​ផ្សព្វ​ផ្សាយ​នៅ​តាម​ដង​ផ្លូវ​និង​នៅ​ផ្សារ។ ពួក​គាត់​ក៏​បាន​ស្វែង​រក​មនុស្ស​នៅ​ឯ​ផ្ទះ​ដែរ។ (​ម៉ាថាយ ១០:១១; លូកា ៨:១; សកម្មភាព ៥:៤២; ២០:២០​) ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​គឺ​ជា​វិធី​មួយ​ដែល​មាន​របៀប​រៀប​រយ​ដើម្បី​ជួប​មនុស្ស​គ្រប់​ប្រភេទ។

១១, ១២​. ស្ដី​អំពី​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ តើ​ការ​ព្យាយាម​របស់​ពិភព​គ្រិស្ដ​សាសនា​គឺ​យ៉ាង​ណា​បើ​ប្រៀប​ធៀប​នឹង​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា?

១១ តើ​វិហារ​នៃ​ពិភព​គ្រិស្ដ​សាសនា​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អដូច​លោក​យេស៊ូ​បាន​ធ្វើ​ឬ​ទេ? តាម​ធម្មតា ពួក​បព្វជិត​ដែល​បាន​ទទួល​ប្រាក់​ខែ​ថ្លែង​សុន្ទរកថា​សម្រាប់​សមាជិក​វិហារ​របស់​ពួក​គេ។ ពួក​អ្នក​ដឹក​នាំ​ទាំង​នេះ​មិន​ធ្វើ​ឲ្យ​មាន​អ្នក​កាន់​តាម​ថ្មី​ទេ ប៉ុន្ដែ​ពួក​គេ​គ្រាន់​តែ​ព្យាយាម​រក្សា​ទុក​សមាជិក​វិហារ​ដែល​ពួក​គេ​មាន​រួច​ហើយ។ នៅ​ពេល​ខ្លះ ពួក​គេ​បាន​ព្យាយាម​លើក​ទឹក​ចិត្ដ​សមាជិក​វិហារ​របស់​ពួក​គេ​ឲ្យ​ផ្សព្វ​ផ្សាយ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០០១ សម្ដេច​ប៉ាប​ចន ផល​ទី២​បាន​និយាយ​ក្នុង​សំបុត្រ​មួយ​ថា​សមាជិក​វិហារ​គួរ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​គួរ​មាន​ចិត្ដ​ខ្នះ​ខ្នែង​ដូច​សាវ័ក​ប៉ូល​ដែល​បាន​និយាយ​ថា​៖ ​«​ប្រសិន​បើ​ខ្ញុំ​មិន​ប្រកាស​ដំណឹង​ល្អ ខ្ញុំ​ត្រូវ​វេទនា​ណាស់​»។ ក្រោយ​មក​សម្ដេច​ប៉ាប​បាន​និយាយ​ថា​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នេះ​គួរ​តែ​ធ្វើ​ឡើង មិន​គ្រាន់​តែ​ដោយ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ប៉ុណ្ណោះ​ទេ តែ​ដោយ​សមាជិក​ទាំង​អស់​នៃ​វិហារ។ ក៏​ប៉ុន្ដែ មិន​សូវ​មាន​អ្នក​ដែល​បាន​ធ្វើ​តាម​ការ​លើក​ទឹក​ចិត្ដ​នេះ​ឡើយ។

១២ ចុះ​យ៉ាង​ណា​សាក្សី​ព្រះ​យេហូវ៉ា​វិញ? មាន​តែ​ពួក​គេ​ប៉ុណ្ណោះ​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ថា​លោក​យេស៊ូ​បាន​គ្រប់​គ្រង​ជា​ស្ដេច​តាំង​ពី​ឆ្នាំ​១៩១៤។ ពួក​គេ​ស្តាប់​បង្គាប់​លោក​យេស៊ូ ហើយ​ចាត់​ទុក​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ។ (​ម៉ាកុស ១៣:១០​) សៀវភៅ​មួយ​បាន​ចែង​ថា ចំពោះ​សាក្សី​ព្រះ​យេហូវ៉ា កិច្ច​ការ​ផ្សព្វ​ផ្សាយ​គឺ​សំខាន់​ណាស់។ (​Pillars of Faith—American Congregations and Their Partners​) សៀវភៅ​នេះ​ក៏​បាន​ចែង​ដែរ​ថា​ពេល​ពួក​គេ​ស្វែង​រក​មនុស្ស​ដែល​ឈឺ ស្រេក​ឃ្លាន និង​កណ្ដោច​កណ្ដែង ពួក​គេ​ព្យាយាម​ជួយ ប៉ុន្ដែ​ពួក​គេ​មិន​ដែល​ភ្លេច​ថា​គោល​ដៅ​សំខាន់​ចម្បង​របស់​ពួក​គេ​គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ ហើយ​បង្រៀន​មនុស្ស​អំពី​សេចក្ដី​សង្គ្រោះ។ សាក្សី​ព្រះ​យេហូវ៉ា​បន្ដ​ផ្សព្វ​ផ្សាយ​ដំណឹង​នេះ ហើយ​ធ្វើ​តាម​វិធី​ផ្សព្វ​ផ្សាយ​របស់​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក។

តើ​កិច្ច​ការ​នេះ​គួរ​មាន​ទំហំ​ប៉ុណ្ណា ហើយ​តើ​កិច្ច​ការ​នេះ​គួរ​បន្ដ​សម្រាប់​រយៈ​ពេល​ប៉ុន្មាន?

១៣​. តើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​គួរ​មាន​ទំហំ​ប៉ុណ្ណា?

១៣ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​អ្នក​កាន់​តាម​លោក​នឹង​ផ្សព្វ​ផ្សាយ​និង​បង្រៀន​ដំណឹង​ល្អ​«​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី​»។ ពួក​គេ​បាន​ត្រូវ​បង្គាប់​ឲ្យ​ទៅ​ជួយ​មនុស្ស​«​គ្រប់​ជាតិ​សាសន៍​»​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ (​ម៉ាថាយ ២៤:១៤; ២៨:១៩, ២០​) នេះ​មាន​ន័យ​ថា​ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក។

១៤, ១៥​. តើ​អ្វី​បង្ហាញ​ថា​សាក្សី​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទំនាយ​របស់​លោក​យេស៊ូ​សម្រេច​ស្ដី​អំពី​ទំហំ​នៃ​កិច្ច​ការ​ផ្សព្វ​ផ្សាយ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

១៤ មាន​តែ​សាក្សី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ទំនាយ​របស់​លោក​យេស៊ូ​បាន​សម្រេច​ដែល​ថា​ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក។ ហេតុ​អ្វី​យើង​និយាយ​ដូច្នេះ? នៅ​សហរដ្ឋ​អាម៉េរិក មាន​ពួក​បព្វជិត​ក្នុង​ពិភព​គ្រិស្ដ​សាសនា​ប្រហែល​ជា​៦០០.០០០​នាក់ រីឯ​សាក្សី​ព្រះ​យេហូវ៉ា​មាន​ប្រហែល​ជា​១.២០០.០០០​នាក់​ដែល​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ប្រទេស​នោះ។ នៅ​ទូ​ទាំង​ពិភព​លោក​មាន​បូជា​ចារ្យ​សាសនា​កាតូលិក​ប្រហែល​ជា​៤០០.០០០​នាក់ ប៉ុន្ដែ​មាន​សាក្សី​ព្រះ​យេហូវ៉ា​ជាង​៨​លាន​នាក់​ដែល​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​២៤០​ប្រទេស។ យើង​អាច​ឃើញ​ច្បាស់​ថា សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ទូ​ទាំង​ពិភព​លោក នេះ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ​និង​កិត្ដិយស!—ទំនុក​តម្កើង ៣៤:១; ៥១:១៥

១៥ ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា គោល​ដៅ​របស់​យើង​គឺ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ច្រើន​បំផុត មុន​ទី​បញ្ចប់​មក​ដល់។ ដើម្បី​ធ្វើ​កិច្ច​ការ​នេះ យើង​បាន​បក​ប្រែ​និង​បោះ​ពុម្ព​ទស្សនាវដ្ដី ខិត្ដប័ណ្ណ សៀវភៅ និង​លិខិត​អញ្ជើញ​សម្រាប់​មហា​សន្និបាត​និង​ពិធី​រំលឹក​រាប់​លាន​ច្បាប់ ដែលមាន​ជាង​៧០០​ភាសា។ យើង​ស្នើ​ផ្ដល់​អ្វី​ទាំង​អស់​នេះ​ដល់​មនុស្ស​ដោយ​ឥត​គិត​ថ្លៃ។ បើ​គិត​តែ​ឆ្នាំ​មុន​ប៉ុណ្ណោះ យើង​បាន​បោះ​ពុម្ព​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ប្រហែល​ជា​៤,៥០០​លាន​ច្បាប់។ យើង​ក៏​បាន​បោះ​ពុម្ព​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ​ជាង​២០០​លាន​ច្បាប់​ក្នុង​ជាង​១៣០​ភាសា។ ម្យ៉ាង​ទៀត នៅ​គេហទំព័រ​ផ្លូវ​ការ​របស់​យើង មាន​ព័ត៌មាន​ជាង​៧៥០​ភាសា។ មាន​តែ​សាក្សី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​កំពុង​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ​នេះ។

១៦​. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​សាក្សី​ព្រះ​យេហូវ៉ា​មាន​សកម្មពល​របស់​ព្រះ?

១៦ តើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នេះ​នឹង​បន្ដ​សម្រាប់​រយៈ​ពេល​ប៉ុន្មាន? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​រហូត​ដល់​ទី​បញ្ចប់​មក​ដល់។ ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​អាច​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ ដោយ​សារ​តែ​យើង​មាន​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ (​សកម្មភាព ១:៨; ពេត្រុស​ទី១ ៤:១៤​) មនុស្ស​ខ្លះ​ដែល​កាន់​សាសនា​ប្រហែល​ជា​និយាយ​ថា​៖ ​«​យើង​មាន​សកម្មពល​បរិសុទ្ធ​»។ ប៉ុន្ដែ តើ​ពួក​គេ​អាច​ធ្វើ​កិច្ច​ការ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ​ឬ​ទេ? សាសនា​ខ្លះ​បាន​ព្យាយាម​ផ្សព្វ​ផ្សាយ​តាម​វិធី​ដែល​យើង​ផ្សព្វ​ផ្សាយ តែ​ពួក​គេ​បាន​បរាជ័យ។ អ្នក​ខ្លះ​ទៀត​សុខ​ចិត្ដ​ផ្សព្វ​ផ្សាយ ប៉ុន្ដែ​សម្រាប់​តែ​រយៈ​ពេល​ដែល​មាន​កំណត់។ អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ តែ​ពួក​គេ​មិន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ទេ។ ដូច្នេះ ពួក​គេ​មិន​មែន​ជា​អ្នក​ដែល​ធ្វើ​កិច្ច​ការ​ដែល​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ធ្វើ​ឡើយ។

នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​ពិត​ជា​ពួក​អ្នក​ដែល​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ?

១៧, ១៨​. (​ក​) ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​សាក្សី​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​ដែល​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ? (​ខ​) តើ​យើង​អាច​បន្ដ​ធ្វើ​កិច្ច​ការ​នេះ​បាន​យ៉ាង​ដូច​ម្ដេច?

១៧ ដូច្នេះ នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ? មាន​តែ​សាក្សី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ! ហេតុ​អ្វី​យើង​ដឹង​ដូច្នេះ? ពី​ព្រោះ​យើង​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ដែល​ត្រឹម​ត្រូវ ពោល​គឺ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ យើង​កំពុង​ស្វែង​រក​មនុស្ស​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង ដូច្នេះ​យើង​កំពុង​ប្រើ​វិធីសាស្ដ្រ​ដែល​ត្រឹម​ត្រូវ។ យើង​មាន​បំណង​ចិត្ដ​ត្រឹម​ត្រូវ​ចំពោះ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នេះ ពោល​គឺ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ស្រឡាញ់​មនុស្ស។ កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​មាន​ទំហំ​ធំ​បំផុត ពី​ព្រោះ​យើង​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​ប្រជា​ជាតិ​និង​ភាសា។ ម្យ៉ាង​ទៀត យើង​នឹង​បន្ដ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​រហូត​ដល់​ទី​បញ្ចប់​មក​ដល់!

១៨ ពេល​ឃើញ​កិច្ច​ការ​ដ៏​អស្ចារ្យ​ដែល​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ នេះ​ពិត​ជា​គួរ​ឲ្យ​កោត​ស្ងើច​មែន! ប៉ុន្ដែ តើ​យើង​អាច​ធ្វើ​កិច្ច​ការ​ទាំង​អស់​នេះ​យ៉ាង​ដូច​ម្ដេច? សាវ័ក​ប៉ូល​ពន្យល់​ថា​៖ ​«​ព្រះ​គឺ​ជា​អ្នក​ដែល​កំពុង​មាន​សកម្មភាព​ក្នុង​អ្នក​រាល់​គ្នា​តាម​ដែល​លោក​ពេញ​ចិត្ដ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​បំណង​ប្រាថ្នា​និង​មាន​ការ​ប្រព្រឹត្ដ​»។ (​ភីលីព ២:១៣​) សូម​ឲ្យ​ព្រះ​យេហូវ៉ា​បន្ដ​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​យើង​អាច​ខំ​អស់​ពី​សមត្ថភាព​បន្ដ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ!—ធីម៉ូថេ​ទី២ ៤:៥