ចូរស្វែងរករាជាណាចក្រព្រះ មិនមែនអ្វីផ្សេងទៀត
«ចូរស្វែងរករាជាណាចក្រ[របស់ព្រះ]ជាដរាប ហើយលោកនឹងផ្ដល់របស់ទាំងនេះឲ្យអ្នក»។—លូកា ១២:៣១
ចម្រៀងលេខ: ៤០, ៤៤
១. តើអ្វីដែលយើងចង់បាននិងអ្វីដែលយើងត្រូវការគឺខុសគ្នាយ៉ាងណា?
យើងត្រូវការអ្វីតែប៉ុន្មានមុខប៉ុណ្ណោះដើម្បីរស់នៅ។ ជាឧទាហរណ៍ យើងត្រូវការអាហារ សម្លៀកបំពាក់ និងកន្លែងរស់នៅ។ ប៉ុន្ដែ យើងប្រហែលជាចង់បានរបស់របរមិនចេះចប់មិនចេះហើយ។ ម្យ៉ាងទៀត មនុស្សជាច្រើនមិនទទួលស្គាល់ថា តាមពិតអ្វីៗដែលពួកគេចង់បានមិនមែនជាអ្វីដែលពួកគេពិតជាត្រូវការនោះទេ។
២. តើមនុស្សចង់បានអ្វីខ្លះ?
២ មនុស្សដែលរស់នៅប្រទេសក្រីក្រប្រហែលជាចង់បានអ្វីដែលខុសគ្នាទាំងស្រុងពីអ្វីដែលមនុស្សដែលរស់នៅប្រទេសអ្នកមានចង់បាន។ នៅតំបន់ខ្លះក្នុងពិភពលោក មនុស្សចង់បានទូរស័ព្ទដៃ ម៉ូតូ ឬដីធ្លីតូចមួយ។ នៅកន្លែងផ្សេងទៀត មនុស្សចង់មានសម្លៀកបំពាក់ថ្លៃៗជាច្រើន ផ្ទះធំជាង ឬយានយន្ដថ្លៃជាង។ ប៉ុន្ដែ ទោះជាយើងរស់នៅកន្លែងណា ឬយើងមានលុយប៉ុន្មានក៏ដោយ យើងអាចចាប់ផ្ដើមចង់បានមិនចេះចប់នូវរបស់របរដែលយើងមិនត្រូវការឬគ្មានលទ្ធភាពទិញ។
ការឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិអាចមានឥទ្ធិពលលើយើង
៣. តើការឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិគឺជាអ្វី?
៣ តើការឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិគឺជាអ្វី? គឺជាចិត្ដគំនិតរបស់បុគ្គលម្នាក់ដែលហេប្រឺ ១៣:៥
ចាត់ទុកវត្ថុទ្រព្យថាសំខាន់ជាងចំណងមិត្ដភាពរបស់គាត់ជាមួយនឹងព្រះ។ គាត់មិនស្កប់ចិត្ដដោយមានតែអ្វីដែលគាត់ត្រូវការឡើយ ផ្ទុយទៅវិញគាត់តែងតែចង់បានថែមទៀត។ សូម្បីតែពួកអ្នកដែលមិនមានលុយច្រើន ឬអ្នកដែលមិនទិញរបស់ថ្លៃៗក្ដី ក៏អាចចាប់ផ្ដើមឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិដែរ។ ពួកគេប្រហែលជាឈប់ចាត់ទុករាជាណាចក្រព្រះជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់ពួកគេ។—៤. តើតាមរបៀបណាសាថានប្រើ«ការចង់បានអ្វីដែលទាក់ទាញភ្នែក»?
៤ សាថានចង់ឲ្យយើងជឿថាយើងអាចសប្បាយនឹងជីវិតបាន លុះត្រាតែយើងមានវត្ថុទ្រព្យជាច្រើន។ ដូច្នេះវាប្រើពិភពលោករបស់វា និង«ការចង់បានអ្វីដែលទាក់ទាញភ្នែក»ដើម្បីព្យាយាមធ្វើឲ្យយើងតែងតែចង់បានថែមទៀត។ (យ៉ូហានទី១ ២:១៥-១៧; លោកុប្បត្ដិ ៣:៦; សុភាសិត ២៧:២០) យើងច្រើនតែឃើញនិងឮការផ្សាយពាណិជ្ជកម្មដែលព្យាយាមបញ្ចុះបញ្ចូលយើងឲ្យទិញផលិតផលថ្មីៗ។ តើអ្នកធ្លាប់ទិញអ្វីមួយដោយសារតែនៅក្នុងហាង វាមើលទៅគួរឲ្យចាប់អារម្មណ៍ ឬដោយសារអ្នកបានឃើញវាតាមការផ្សាយពាណិជ្ជកម្មឬទេ? បើដូច្នេះ ប្រហែលជាក្រោយមកអ្នកទទួលស្គាល់ថាអ្នកមិនត្រូវការវាទេ។ ពេលយើងចេះតែទិញអ្វីដែលយើងមិនត្រូវការ យើងធ្វើឲ្យជីវិតរបស់យើងស្មុគស្មាញ។ អ្វីៗទាំងនោះអាចបំបែរអារម្មណ៍យើងពីការបម្រើព្រះយេហូវ៉ា។ ជាឧទាហរណ៍ យើងប្រហែលជាមិនមានពេលគ្រប់គ្រាន់ដើម្បីសិក្សាគម្ពីរ រៀបចំនិងចូលរួមកិច្ចប្រជុំ និងទៅផ្សព្វផ្សាយជាទៀងទាត់។ សូមចាំថា សាវ័កយ៉ូហានបានព្រមានថា៖ «ពិភពលោកនេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងឈានទៅរកការសាបសូន្យ»។
៥. តើអ្វីអាចកើតឡើងចំពោះពួកអ្នកដែលប្រើកម្លាំងច្រើនដើម្បីបានរបស់របរថែមទៀត?
៥ សាថានចង់ឲ្យយើងប្រើកម្លាំងរបស់យើងដើម្បីបានលុយនិងរបស់របរច្រើនជាង ជាជាងប្រើកម្លាំងរបស់យើងដើម្បីព្រះយេហូវ៉ា។ (ម៉ាថាយ ៦:២៤) ប៉ុន្ដែ បើយើងគិតតែចង់បានថែមទៀតសម្រាប់ខ្លួនយើង ជីវិតយើងនឹងគ្មានន័យខ្លឹមសារឡើយ។ យើងអាចចាប់ផ្ដើមខឹងនិងខកចិត្ដ ឬមានបញ្ហាលុយកាក់។ ឬអាក្រក់ជាងនេះទៅទៀត យើងអាចលែងមានជំនឿលើព្រះយេហូវ៉ានិងរាជាណាចក្ររបស់លោក។ (ធីម៉ូថេទី១ ៦:៩, ១០; ការបើកបង្ហាញ ៣:១៧) លោកយេស៊ូបានមានប្រសាសន៍ថា៖ «ចិត្ដប្រាថ្នាឲ្យបានអ្វីៗផ្សេងទៀត» គឺប្រៀបដូចជាបន្លាដែលអាចធ្វើឲ្យគ្រាប់ពូជឈប់លូតលាស់និងបង្កើតផលផ្លែ។—ម៉ាកុស ៤:១៤, ១៨, ១៩
៦. តើយើងទាញមេរៀនអ្វីពីបារូក?
៦ សូមគិតអំពីបារូកដែលជាលេខារបស់យេរេមា។ ពេលបារូកបានចាប់ផ្ដើម«ស្វែងរកការយ៉ាងធំ»សម្រាប់ខ្លួនគាត់ ព្រះយេហូវ៉ាបានរំលឹកគាត់ថាមិនយូរទៀតក្រុងយេរូសាឡិមនឹងត្រូវបំផ្លាញ។ ប៉ុន្ដែ លោកបានសន្យានឹងបារូកថាលោកនឹងសង្គ្រោះជីវិតគាត់។ (យេរេមា ៤៥:១-៥) បារូកមិនគួររំពឹងថាគាត់នឹងទទួលច្រើនជាងនេះទេ។ ព្រះយេហូវ៉ានឹងមិនការពារអ្វីៗដែលមនុស្សមានឡើយ។ (យេរេមា ២០:៥) សព្វថ្ងៃនេះ យើងកំពុងរស់នៅជិតដល់ទីបញ្ចប់នៃពិភពលោករបស់សាថាន។ ដូច្នេះ ឥឡូវនេះមិនមែនជាពេលដើម្បីចេះតែប្រមូលវត្ថុទ្រព្យថែមទៀតសម្រាប់ខ្លួនឡើយ។ ម្យ៉ាងទៀត យើងមិនគួររំពឹងថាក្រោយគ្រាទុក្ខវេទនាជាខ្លាំង យើងនឹងនៅតែមានអ្វីៗដែលយើងមាននៅឥឡូវនេះទេ សូម្បីតែអ្វីទាំងនោះមានតម្លៃចំពោះយើងក៏ដោយ។ —សុភាសិត ១១:៤; ម៉ាថាយ ២៤:២១, ២២; លូកា ១២:១៥
ឥឡូវនេះមិនមែនជាពេលដើម្បីចេះតែប្រមូលវត្ថុទ្រព្យថែមទៀតសម្រាប់ខ្លួនឡើយ
៧. តើយើងនឹងពិចារណាអ្វីនៅវគ្គបន្ដបន្ទាប់ ហើយហេតុអ្វី?
៧ ដូច្នេះ តើតាមរបៀបណាយើងអាចផ្គត់ផ្គង់ខ្លួនយើងនិងក្រុមគ្រួសាររបស់យើង ហើយនៅតែបន្ដផ្ដោតអារម្មណ៍ទៅលើអ្វីដែលសំខាន់បំផុតក្នុងជីវិត? តើយើងអាចជៀសវាងការឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិយ៉ាងដូចម្ដេច? ម្យ៉ាងទៀត តើអ្វីអាចជួយយើងមិនឲ្យខ្វល់ខ្វាយច្រើនពេកអំពីការមានអ្វីដែលយើងត្រូវការ? ក្នុងសុន្ទរកថារបស់លោកយេស៊ូនៅលើភ្នំ លោកបានផ្ដល់ឱវាទដ៏ល្អបំផុតអំពីរឿងនេះ។ (ម៉ាថាយ ៦:១៩-២១) សូមយើងអាននិងពិចារណាម៉ាថាយ ៦:២៥-៣៤។ នេះនឹងធ្វើឲ្យយើងជឿជាក់ថាយើងត្រូវបន្ដស្វែងរករាជាណាចក្រព្រះ មិនមែនអ្វីផ្សេងទៀត។—លូកា ១២:៣១
ព្រះយេហូវ៉ាផ្ដល់អ្វីដែលយើងត្រូវការ
៨, ៩. (ក) ហេតុអ្វីយើងមិនគួរខ្វល់ខ្វាយច្រើនពេកអំពីអ្វីដែលយើងត្រូវការ? (ខ) តើលោកយេស៊ូបានដឹងអ្វីអំពីមនុស្សជាតិនិងសេចក្ដីត្រូវការរបស់ពួកគេ?
៨ សូមអាន ម៉ាថាយ ៦:២៥។ លោកយេស៊ូបានដឹងថាអ្នកកាន់តាមលោកខ្វល់ខ្វាយអំពីអ្វីដែលពួកគេនឹងបរិភោគ ផឹក និងស្លៀកពាក់ ដូច្នេះក្នុងសុន្ទរកថារបស់លោកនៅលើភ្នំ លោកបានប្រាប់ពួកគេថា៖ «ឈប់ខ្វល់ខ្វាយអំពីជីវិតខ្លួន»។ លោកយេស៊ូចង់ជួយពួកគេឲ្យយល់អំពីមូលហេតុដែលពួកគេមិនគួរខ្វល់ខ្វាយអំពីអ្វីទាំងអស់នេះ។ លោកបានដឹងថាបើពួកគេខ្វល់ខ្វាយច្រើនពេក សូម្បីតែអំពីអ្វីដែលពួកគេពិតជាត្រូវការ នោះពួកគេអាចភ្លេចអ្វីដែលសំខាន់ជាងក្នុងជីវិត។ លោកយេស៊ូយកចិត្ដទុកដាក់នឹងអ្នកកាន់តាមលោកខ្លាំងដល់ម៉្លេះបានជាលោកបានព្រមានពួកគេអស់បួនដងអំពីគ្រោះថ្នាក់នេះក្នុងសុន្ទរកថារបស់លោក។—ម៉ាថាយ ៦:២៧, ២៨, ៣១, ៣៤
៩ ប៉ុន្ដែ ហេតុអ្វីលោកយេស៊ូបានប្រាប់យើងមិនឲ្យខ្វល់ខ្វាយអំពីអ្វីដែលយើងនឹងបរិភោគ ផឹក ឬស្លៀកពាក់? យើងត្រូវការអាហារនិងសម្លៀកបំពាក់ មែនទេ? គឺពិតមែន! ម្យ៉ាងទៀត បើយើងមិនមានលុយគ្រប់គ្រាន់ដើម្បីទិញអ្វីទាំងនោះ គឺជាការធម្មតាទេដែលយើងខ្វល់ខ្វាយ។ លោកយេស៊ូបានដឹងអំពីរឿងនេះ។ លោកដឹងអំពីអ្វីដែលមនុស្សត្រូវការ។ ម្យ៉ាងទៀត លោកដឹងថានៅ«គ្រាចុងក្រោយបង្អស់» អ្នកកាន់តាមលោកនឹងរស់នៅក្នុងគ្រាដ៏លំបាកណាស់។ (ធីម៉ូថេទី២ ៣:១) តាមពិត នៅសព្វថ្ងៃនេះមនុស្សជាច្រើនមិនអាចរកការងារបាន ហើយអ្វីៗចេះតែឡើងថ្លៃ។ នៅកន្លែងជាច្រើន មនុស្សក្រីក្រខ្លាំងណាស់ ហើយមានអាហារតែបន្ដិចបន្ដួចឬគ្មានអ្វីសោះដើម្បីបរិភោគ។ ក៏ប៉ុន្ដែ លោកយេស៊ូក៏ដឹងដែរថាជីវិតរបស់មនុស្សម្នាក់គឺសំខាន់ជាងអាហារ ហើយរូបកាយមានតម្លៃជាងសម្លៀកបំពាក់។
លោកយេស៊ូបានមានប្រសាសន៍ថាជីវិតរបស់មនុស្សម្នាក់គឺសំខាន់ជាងអាហារ ហើយរូបកាយមានតម្លៃជាងសម្លៀកបំពាក់
១០. ពេលលោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកអំពីរបៀបអធិដ្ឋាន តើលោកបានបញ្ជាក់យ៉ាងណាអំពីអ្វីដែលគួរសំខាន់បំផុតក្នុងជីវិតរបស់ពួកគេ?
១០ ក្នុងសុន្ទរកថារបស់លោកយេស៊ូនៅលើភ្នំ លោកបានបង្រៀនអ្នកកាន់តាមលោកថាពេលពួកគេអធិដ្ឋាន ពួកគេគួរសុំបិតារបស់ពួកគេនៅស្ថានសួគ៌ឲ្យផ្ដល់នូវអ្វីដែលពួកគេត្រូវការ។ ពួកគេអាចអធិដ្ឋានថា៖ «សូមផ្ដល់អាហារដែលយើងត្រូវការសម្រាប់ថ្ងៃនេះ»។ (ម៉ាថាយ ៦:១១) នៅពេលផ្សេងទៀត លោកបានប្រាប់ពួកគេឲ្យអធិដ្ឋានថា៖ «សូមផ្ដល់អាហារឲ្យយើងសម្រាប់ថ្ងៃនេះ តាមសេចក្ដីត្រូវការរបស់យើងនៅថ្ងៃនេះ»។ (លូកា ១១:៣) ប៉ុន្ដែ នោះមិនមានន័យថាយើងគួរគិតជានិច្ចអំពីអ្វីដែលយើងត្រូវការទេ។ តាមពិត លោកយេស៊ូបានបញ្ជាក់ដល់អ្នកកាន់តាមលោកថាការអធិដ្ឋានឲ្យរាជាណាចក្រព្រះមកដល់គឺសំខាន់ជាងការអធិដ្ឋានអំពីសេចក្ដីត្រូវការរបស់ពួកគេ។ (ម៉ាថាយ ៦:១០; លូកា ១១:២) ដើម្បីជួយអ្នកកាន់តាមលោកឲ្យឈប់ខ្វល់ខ្វាយ លោកយេស៊ូបានសម្រាលទុក្ខពួកគេដោយរំលឹកពួកគេអំពីរបៀបដែលព្រះយេហូវ៉ាថែរក្សាអ្វីៗទាំងអស់ដែលលោកបានបង្កើត។
១១, ១២. តើយើងរៀនអ្វីខ្លះពីរបៀបដែលព្រះយេហូវ៉ាថែរក្សាសត្វស្លាបនៅលើមេឃ? (សូមមើលរូបភាពនៅដើមអត្ថបទ)
១១ សូមអាន ម៉ាថាយ ៦:២៦។ យើងគួរ«សង្កេតមើលសត្វស្លាបនៅលើមេឃ»។ ទោះជាសត្វស្លាបគឺជាសត្វដែលតូចក្ដី តែពួកវាស៊ីច្រើនណាស់។ តាមពិត បើសត្វស្លាបធំប៉ុនមនុស្ស វានឹងស៊ីច្រើនជាងមនុស្សទៅទៀត។ សត្វស្លាបស៊ីផ្លែឈើ គ្រាប់ធញ្ញជាតិ សត្វល្អិតផ្សេងៗ និងដង្កូវ។ ប៉ុន្ដែ ពួកវាមិនត្រូវការសាបព្រោះ ហើយដាំដំណាំឡើយ។ ព្រះយេហូវ៉ាផ្ដល់អ្វីទាំងអស់ដែលពួកវាត្រូវការ។ (ទំនុកតម្កើង ១៤៧:៩) មែនហើយ លោកមិនដាក់អាហារក្នុងចំពុះរបស់ពួកវាឡើយ! ពួកវាត្រូវទៅរកអាហារ ប៉ុន្ដែអាហារទាំងនោះគឺមានស្រាប់សម្រាប់ពួកវា។
១២ លោកយេស៊ូជឿជាក់ថាបើបិតារបស់លោកថែរក្សាសត្វស្លាប លោកក៏នឹងថែរក្សាមនុស្សដែរ។ (ពេត្រុសទី១ ៥:៦, ៧) មែនហើយ ដូចសត្វស្លាបដែរ យើងមិនគួរខ្ជិលឡើយ។ យើងត្រូវខំប្រឹងដាំដំណាំដើម្បីបានអាហារ ឬធ្វើការដើម្បីបានលុយយកមកទិញអាហារ។ ព្រះយេហូវ៉ាអាចផ្ដល់ពរចំពោះការខំប្រឹងរបស់យើង។ ម្យ៉ាងទៀត ពេលយើងមិនមានលុយឬអាហារគ្រប់គ្រាន់ លោកនៅតែអាចផ្ដល់នូវអ្វីដែលយើងត្រូវការ។ ជាឧទាហរណ៍ អ្នកឯទៀតប្រហែលជាចែករំលែកអ្វីដែលពួកគេមានឲ្យយើង។ ព្រះយេហូវ៉ាក៏ផ្ដល់កន្លែងរស់នៅឲ្យសត្វស្លាបដែរ។ លោកបានផ្ដល់ឲ្យពួកវានូវសមត្ថភាពធ្វើសំបុក ហើយលោកបានបង្កើតអ្វីផ្សេងៗដែលសត្វស្លាបប្រើដើម្បីធ្វើសំបុករបស់ពួកវា។ ដូចគ្នាដែរ ព្រះយេហូវ៉ាក៏អាចជួយយើងឲ្យរកកន្លែងសមរម្យដើម្បីឲ្យក្រុមគ្រួសារយើងរស់នៅ។
១៣. តើអ្វីបង្ហាញថាយើងមានតម្លៃជាងសត្វស្លាបនៅលើមេឃ?
១៣ ក្រោយពីលោកយេស៊ូបានរំលឹកអ្នកកាន់តាមលោកថាព្រះយេហូវ៉ាផ្ដល់ចំណីឲ្យសត្វស្លាប លោកបានសួរពួកគេថា៖ «តើអ្នកមិនមានតម្លៃជាងសត្វស្លាបទាំងនោះទៅទៀតទេឬ?»។ (សូមពិនិត្យបន្ថែម លូកា ១២:៦, ៧) ពេលលោកយេស៊ូបានមានប្រសាសន៍ដូច្នេះ លោកទំនងជាបានគិតអំពីពេលមិនយូរទៀតដែលលោកនឹងផ្ដល់ជីវិតរបស់លោកសម្រាប់មនុស្សជាតិទាំងអស់។ មែនហើយ លោកយេស៊ូមិនបានស្លាប់ដើម្បីសត្វស្លាប ឬដើម្បីសត្វឯទៀតឡើយ។ លោកបានស្លាប់ដើម្បីយើង ប្រយោជន៍ឲ្យយើងអាចរស់ជារៀងរហូត។—ម៉ាថាយ ២០:២៨
១៤. តើបុគ្គលដែលខ្វល់ខ្វាយមិនអាចធ្វើអ្វី?
១៤ សូមអាន ម៉ាថាយ ៦:២៧។ ពេលលោកយេស៊ូបានមានប្រសាសន៍ថាបើយើងខ្វល់ខ្វាយ យើងមិនអាចធ្វើឲ្យជីវិតខ្លួនវែងជាងមួយហត្ថ តើលោកចង់មានន័យយ៉ាងណា? លោកចង់បញ្ជាក់ថាយើងមិនអាចធ្វើឲ្យជីវិតខ្លួនវែងជាងបានទេ បើយើងខ្វល់ខ្វាយអំពីអ្វីដែលយើងត្រូវការ។ តាមពិត បើយើងតានតឹងចិត្ដច្រើនពេក នោះយើងអាចឈឺ ហើយថែមទាំងស្លាប់។
១៥, ១៦. (ក) តើយើងរៀនអ្វីពីរបៀបដែលព្រះយេហូវ៉ាថែរក្សា«ផ្កានៅឯវាល»? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) តើយើងត្រូវសួរខ្លួនយើងនូវសំណួរអ្វីខ្លះ ហើយហេតុអ្វី?
១៥ សូមអាន ម៉ាថាយ ៦:២៨-៣០។ យើងសប្បាយពេលយើងមានអ្វីស្អាតដើម្បីស្លៀកពាក់ ជាពិសេសពេលយើងទៅផ្សព្វផ្សាយ ឬទៅកិច្ចប្រជុំនិងសន្និបាត។ ប៉ុន្ដែ តើយើងត្រូវ«ខ្វល់ខ្វាយអំពីសម្លៀកបំពាក់»ឬទេ? លោកយេស៊ូបានរំលឹកអ្នកកាន់តាមលោកម្ដងទៀតអំពីរបៀបដែលព្រះយេហូវ៉ាថែរក្សាអ្វីៗដែលលោកបង្កើត។ លោកយេស៊ូបានប្រើឧទាហរណ៍អំពី«ផ្កានៅឯវាល»។ «ផ្កា»ទាំងនោះ ប្រហែលជាសំដៅទៅលើផ្កាដ៏ស្រស់ស្អាតជាច្រើនដែលស្រដៀងនឹងផ្កាលីលី។ ផ្កាទាំងនោះមិនដែលដេរសម្លៀកបំពាក់សម្រាប់ខ្លួនវាឡើយ។ ប៉ុន្ដែ វាស្រស់ស្អាតខ្លាំងណាស់ បានជាលោកយេស៊ូមានប្រសាសន៍ថា«សូម្បីតែសាឡូម៉ូនកាលដែលតែងខ្លួនល្អប្រណីតបំផុត ក៏មិនស្មើនឹងផ្កាមួយទងបែបនោះផង»!
១៦ សូមគិតអំពីអ្វីដែលលោកយេស៊ូបានមានប្រសាសន៍ក្រោយមកថា៖ «ព្រះតុបតែងរុក្ខជាតិដែលដុះនៅឯវាល . . . បើដូច្នេះ ព្រះនឹងផ្ដល់សម្លៀកបំពាក់លើសជាងនោះទៅទៀតឲ្យអ្នករាល់គ្នា ដែលជាអ្នកមានជំនឿតិច មែនទេ?»។ មែន លោកប្រាកដជានឹងធ្វើដូច្នេះ! ប៉ុន្ដែ អ្នកកាន់តាមលោកយេស៊ូត្រូវការជំនឿថែមទៀត។ (ម៉ាថាយ ៨:២៦; ១៤:៣១; ១៦:៨; ១៧:២០) ពួកគេត្រូវទុកចិត្ដថាព្រះយេហូវ៉ាចង់ថែរក្សាពួកគេ ហើយថាលោកពិតជានឹងធ្វើដូច្នេះមែន។ ចុះយ៉ាងណាយើងវិញ? តើយើងជឿថាព្រះយេហូវ៉ានឹងថែរក្សាយើងឬទេ?
តើយើងជឿថាព្រះយេហូវ៉ានឹងថែរក្សាយើងឬទេ?
១៧. តើអ្វីអាចបង្ខូចចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា?
១៧ សូមអាន ម៉ាថាយ ៦:៣១, ៣២។ មនុស្សជាច្រើនដែលមិនស្គាល់ព្រះយេហូវ៉ាផ្ដោតអារម្មណ៍ទៅលើការមានលុយនិងការមានរបស់របរជាច្រើនទៀត។ ប៉ុន្ដែ បើយើងធ្វើដូច្នេះ យើងនឹងបង្ខូចចំណងមិត្ដភាពរបស់យើងជាមួយនឹងលោក។ យើងដឹងថាព្រះយេហូវ៉ាគឺជាបិតារបស់យើង ហើយថាលោកស្រឡាញ់យើង។ ម្យ៉ាងទៀត យើងមានទំនុកចិត្ដថាបើយើងធ្វើអ្វីដែលលោកសុំ ហើយចាត់ទុករាជាណាចក្ររបស់លោកថាសំខាន់បំផុតក្នុងជីវិតរបស់យើង នោះលោកនឹងផ្ដល់ឲ្យយើងនូវអ្វីទាំងអស់ដែលយើងត្រូវការនិងលើសជាងនោះទៅទៀត។ យើងក៏ទទួលស្គាល់ថាចំណងមិត្ដភាពល្អជាមួយនឹងព្រះយេហូវ៉ាគឺជាអ្វីដែលធ្វើឲ្យយើងសប្បាយពិតប្រាកដ ហើយនេះជួយយើងឲ្យស្កប់ចិត្ដដោយមានតែ‹អាហារបរិភោគ និងសម្លៀកបំពាក់›ដែលយើងត្រូវការ។—ធីម៉ូថេទី១ ៦:៦-៨
តើរាជាណាចក្ររបស់ព្រះគឺសំខាន់បំផុតក្នុងជីវិតរបស់អ្នកឬទេ?
១៨. តើព្រះយេហូវ៉ាដឹងអ្វីខ្លះអំពីយើងម្នាក់ៗ ហើយតើលោកនឹងធ្វើអ្វីសម្រាប់យើង?
១៨ សូមអាន ម៉ាថាយ ៦:៣៣។ បើយើងចាត់ទុករាជាណាចក្រព្រះថាសំខាន់បំផុតក្នុងជីវិតរបស់យើង នោះព្រះយេហូវ៉ានឹងផ្ដល់អ្វីទាំងអស់ដែលយើងត្រូវការ។ លោកយេស៊ូបានពន្យល់អំពីមូលហេតុដែលយើងអាចជឿសេចក្ដីសន្យានោះ។ លោកបានមានប្រសាសន៍ថា៖ «បិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ដឹងថាអ្នកត្រូវការរបស់ទាំងនេះ»។ ព្រះយេហូវ៉ាដឹងអំពីអ្វីដែលអ្នកត្រូវការមុនអ្នកដឹងទៅទៀត។ (ភីលីព ៤:១៩) ជាឧទាហរណ៍ លោកដឹងថាសម្លៀកបំពាក់ណាដែលយើងនឹងត្រូវការក្រោយមក។ ម្យ៉ាងទៀត លោកដឹងថាអ្នកនឹងត្រូវការអាហារអ្វី ហើយលោកក៏ដឹងដែរថាអ្នកនិងក្រុមគ្រួសារអ្នកត្រូវការកន្លែងរស់នៅ។ ព្រះយេហូវ៉ានឹងធ្វើឲ្យប្រាកដថាអ្នកមានអ្វីដែលអ្នកពិតជាត្រូវការ។
១៩. ហេតុអ្វីយើងមិនគួរខ្វល់ខ្វាយអំពីអ្វីដែលអាចកើតឡើងនៅពេលអនាគត?
១៩ សូមអាន ម៉ាថាយ ៦:៣៤។ លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកម្ដងទៀតថា៖ «កុំខ្វល់ខ្វាយ»។ ព្រះយេហូវ៉ានឹងផ្ដល់អ្វីដែលយើងត្រូវការជារៀងរាល់ថ្ងៃ។ ដូច្នេះ យើងមិនចាំបាច់ខ្វល់ខ្វាយច្រើនពេកអំពីអ្វីដែលអាចកើតឡើងនៅពេលអនាគតឡើយ។ បើយើងធ្វើដូច្នេះ យើងអាចចាប់ផ្ដើមពឹងផ្អែកលើខ្លួនយើង ហើយនេះនឹងបង្ខូចចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ ផ្ទុយទៅវិញ យើងត្រូវទុកចិត្ដទាំងស្រុងទៅលើលោក។—សុភាសិត ៣:៥, ៦; ភីលីព ៤:៦, ៧
ចូរស្វែងរករាជាណាចក្រជាមុន នោះព្រះយេហូវ៉ានឹងថែរក្សាអ្នក
២០. (ក) តើអ្នកអាចកំណត់គោលដៅអ្វីក្នុងកិច្ចបម្រើព្រះយេហូវ៉ា? (ខ) តើអ្នកអាចធ្វើអ្វីដើម្បីឲ្យជីវិតរបស់អ្នកសាមញ្ញជាង?
២០ បើយើងមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីបម្រើព្រះយេហូវ៉ាយ៉ាងពេញលេញ ដោយសារយើងព្យាយាមឲ្យមានវត្ថុទ្រព្យកាន់តែច្រើនថែមទៀត នោះគួរឲ្យសោកស្តាយណាស់! ផ្ទុយទៅវិញ យើងគួរជូនអ្វីដែលល្អបំផុតដល់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ តើអ្នកអាចរើទៅជួយក្រុមជំនុំណាមួយដែលត្រូវការអ្នកផ្សាយច្រើនជាងឬទេ? តើអ្នកអាចត្រួសត្រាយបានឬទេ? ឬបើអ្នកកំពុងត្រួសត្រាយ តើអ្នកបានគិតអំពីការដាក់ពាក្យចូលសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះឬទេ? តើអ្នកអាចចំណាយពេលប៉ុន្មានថ្ងៃរាល់សប្ដាហ៍ដើម្បីជួយកិច្ចការនៅបេតអែល ឬការិយាល័យបកប្រែឬទេ? ឬអ្នកប្រហែលជាអាចទៅជាអ្នកស្ម័គ្រចិត្ដបម្រើក្នុងផ្នែកចាត់ចែងខាងគម្រោងនិងសំណង់ក្នុងតំបន់ ហើយប្រើពេលខ្លះដើម្បីជួយសង់សាលប្រជុំ។ របៀបធ្វើឲ្យជីវិតរបស់អ្នកសាមញ្ញជាង»ផ្ដល់យោបល់ខ្លះៗ។ ចូរអធិដ្ឋានសុំព្រះយេហូវ៉ាជួយអ្នកសម្រេចចិត្ដអំពីអ្វីដែលអ្នកត្រូវធ្វើ។ ក្រោយមក ចូរចាប់ផ្ដើមធ្វើការកែប្រែដែលចាំបាច់។
សូមគិតអំពីអ្វីដែលអ្នកអាចធ្វើដើម្បីឲ្យរបៀបរស់នៅរបស់អ្នកសាមញ្ញជាង ប្រយោជន៍ឲ្យអ្នកអាចមានពេលនិងកម្លាំងច្រើនជាងសម្រាប់កិច្ចការដែលទាក់ទងនឹងរាជាណាចក្រព្រះ។ ប្រអប់ដែលមានចំណងជើងថា«២១. តើអ្វីនឹងជួយអ្នកឲ្យចូលកាន់តែជិតព្រះយេហូវ៉ា?
២១ លោកយេស៊ូបានបង្រៀនយើងឲ្យស្វែងរករាជាណាចក្រព្រះជាមុន។ ពេលយើងធ្វើដូច្នេះ យើងមិនខ្វល់ខ្វាយច្រើនពេកអំពីអ្វីដែលយើងត្រូវការ។ យើងចូលកាន់តែជិតព្រះយេហូវ៉ា ដោយសារយើងទុកចិត្ដថាលោកនឹងថែរក្សាយើង។ យើងរៀនឲ្យចេះគ្រប់គ្រងខ្លួនយើង ហើយមិនទិញអ្វីៗទាំងអស់ដែលយើងចង់បាន ឬអ្វីទាំងអស់ដែលពិភពលោកនេះផ្សាយពាណិជ្ជកម្ម ទោះជាយើងមានលទ្ធភាពទិញវាក៏ដោយ។ បើយើងធ្វើឲ្យជីវិតរបស់យើងសាមញ្ញជាងនៅឥឡូវនេះ នោះនឹងជួយយើងឲ្យនៅស្មោះត្រង់នឹងព្រះយេហូវ៉ា ហើយ«ចាប់យ៉ាងជាប់នូវជីវិតដ៏ពិតប្រាកដ»ដែលលោកបានសន្យាចំពោះយើង។—ធីម៉ូថេទី១ ៦:១៩