លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្អូន​ៗ​វ័យ​ក្មេង ចូរ​ពង្រឹង​ជំនឿ​របស់​ប្អូន

ប្អូន​ៗ​វ័យ​ក្មេង ចូរ​ពង្រឹង​ជំនឿ​របស់​ប្អូន

​«​ជំនឿ​គឺ​ជា . . . ការ​ឃើញ​ភ័ស្ដុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ថា អ្វី​ដែល​ភ្នែក​មើល​មិន​ឃើញ​ពិត​ជា​មាន​មែន​»។—ហេប្រឺ ១១:១

ចម្រៀង​លេខ: ៤១, ១១

១, ២​. ជួន​កាល តើ​ប្អូន​ៗ​វ័យ​ក្មេង​ដែល​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ឆ្ងល់​អំពី​អ្វី ហើយ​តើ​គម្ពីរ​ផ្ដល់​ឱវាទ​អ្វី?

សិស្ស​រួម​ថ្នាក់​ម្នាក់​របស់​ប្អូន​ស្រី​វ័យ​ក្មេង​នៅ​ប្រទេស​អង់គ្លេស​បាន​ប្រាប់​គាត់​ថា​៖ ​«​ឯង​មើល​ទៅ​ដូច​ជា​មនុស្ស​ឆ្លាត តែ​ម៉េច​ជឿ​លើ​ព្រះ​អ៊ីចឹង​»។ ប្អូន​ប្រុស​ម្នាក់​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​សរសេរ​ថា​៖ ​«​គ្រូ​បង្រៀន​របស់​ខ្ញុំ​ចាត់​ទុក​កំណត់​ហេតុ​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​បង្កើត​ថា​ជា​រឿង​ប្រឌិត។ ម្យ៉ាង​ទៀត ពួក​គាត់​ស្មានថា​សិស្ស​ជា​ទូ​ទៅ​ជឿ​លើ​ការ​វិវត្ដន៍​»។ ប្អូន​ស្រី​វ័យ​ក្មេង​ម្នាក់​នៅ​ប្រទេស​បារាំង​បាន​និយាយ​ថា​៖ ​«​គ្រូ​បង្រៀន​នៅ​សាលា​របស់​ខ្ញុំ​បាន​ភ្ញាក់​ផ្អើល​ពេល​មាន​សិស្ស​ដែល​នៅ​តែ​ជឿ​លើ​គម្ពីរ​»។

សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា​ព្រះ​បាន​បង្កើត​យើង​ទេ។ បើ​អ្នក​ជា​ប្អូន​ៗ​វ័យ​ក្មេង​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ឬ​កំពុង​រៀន​អំពី​លោក ជួន​កាល​អ្នក​ប្រហែល​ជា​ឆ្ងល់​អំពី​របៀប​ដែល​អ្នក​អាច​ផ្ដល់​ទី​សំអាង​ថា​លោក​គឺ​ជា​អ្នក​បង្កើត​របស់​យើង។ គម្ពីរ​ជួយ​យើង​គិត​ឲ្យ​បាន​ដិត​ដល់​អំពី​អ្វី​ដែល​យើង​ឮ​ឬ​អាន ហើយ​វែក​ញែក​ទៅ​លើ​អ្វី​ទាំង​នោះ។ បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​គំនិត​វាង​វៃ​នឹង​ការពារ​ឯង​»។ តើ​តាម​របៀប​ណា? គំនិត​វាង​វៃ​នឹង​ជួយ​អ្នក​ឲ្យ​មិន​ព្រម​ទទួល​ទស្សនៈ​ដែល​មិន​ពិត ហើយ​ពង្រឹង​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា។—សូម​អាន សុភាសិត ២:១០​-​១២

៣​. ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ពិចារណា​អ្វី?

ដើម្បី​មាន​ជំនឿ​មាំ​មួន​ទៅ​លើ​ព្រះ​យេហូវ៉ា យើង​ត្រូវ​ស្គាល់​លោក​ឲ្យ​បាន​ច្បាស់។ (​ធីម៉ូថេ​ទី១ ២:៤​) ដូច្នេះ ពេល​អ្នក​អាន​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង គឺ​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​ផ្អាក​និង​គិត​អំពី​អ្វី​ដែល​អាន។ ចូរ​ព្យាយាម​យល់​អំពី​អ្វី​ដែល​អ្នក​កំពុង​អាន។ (​ម៉ាថាយ ១៣:២៣​) សូម​យើង​ពិចារណា​អំពី​របៀប​ដែល​ការ​សិក្សា​តាម​របៀប​នេះ នឹង​ជួយ​អ្នក​ឃើញ​ភ័ស្ដុតាង​ជា​ច្រើន​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​បង្កើត​របស់​យើង ហើយ​ថា​គម្ពីរ​គឺ​មក​ពី​លោក។—ហេប្រឺ ១១:១

របៀប​ពង្រឹង​ជំនឿ​របស់​អ្នក

៤​. តើ​មាន​ចំណុច​ស្រដៀង​គ្នា​អ្វី​រវាង​ការ​ជឿ​លើ​ការ​វិវត្ដន៍​និង​ការ​ជឿ​លើ​ការ​បង្កើត? តើ​យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​អ្វី?

ប្រហែល​ជា​មាន​គេ​និយាយ​មក​កាន់​អ្នក​ថា​៖ ​«​ខ្ញុំ​ជឿ​លើ​ការ​វិវត្ដន៍ ដោយ​សារ​ពួក​អ្នក​វិទ្យា​សាស្ដ្រ​បាន​និយាយ​ថា​នេះ​គឺ​ជា​ការ​ពិត។ តើ​អ្នក​អាច​ជឿ​លើ​ព្រះ​យ៉ាង​ដូច​ម្ដេច​ពេល​ដែល​គ្មាន​នរណា​ម្នាក់​បាន​ឃើញ​លោក?​»។ មនុស្ស​ជា​ច្រើន​គិត​ដូច្នេះ។ ពិត​មែន គ្មាន​យើង​ណា​ម្នាក់​ឃើញ​ព្រះ ឬ​សង្កេត​មើល​ពេល​ដែល​អ្វី​មួយ​បាន​ត្រូវ​បង្កើត​ឡើយ។ (​យ៉ូហាន ១:១៨​) ប៉ុន្ដែ ចុះ​យ៉ាង​ណា​មនុស្ស​ដែល​ជឿ​លើ​ការ​វិវត្ដន៍? ពួក​គេ​ក៏​ជឿ​លើ​អ្វី​ដែល​ពួក​គេ​មិន​អាច​ឃើញ​ដែរ។ គ្មាន​អ្នក​វិទ្យា​សាស្ដ្រ​ណា​ម្នាក់ ឬ​មនុស្ស​ណា​ម្នាក់​ឃើញ​ប្រភេទ​ភាវរស់​ណា​មួយ​វិវត្ដន៍​ទៅ​ជា​ប្រភេទ​មួយ​ទៀត​ឡើយ។ ជា​ឧទាហរណ៍ គ្មាន​អ្នក​ណា​ធ្លាប់​ឃើញ​ពពួក​សត្វ​ល្មូន​វិវត្ដន៍​ទៅ​ជា​ពពួក​ថនិកសត្វ​ទេ។ (​យ៉ូប ៣៨:១,​) ដូច្នេះ យើង​ទាំង​អស់​គ្នា​ត្រូវ​ពិនិត្យ​មើល​ហេតុ​ការណ៍​ពិត។ សូម​គិត​អំពី​ហេតុ​ការណ៍​ពិត​ទាំង​នេះ​ដោយ​យក​ចិត្ដ​ទុក​ដាក់ ហើយ​សម្រេច​ចិត្ដ​អំពី​អ្វី​ដែល​ជា​ការ​ពិត។ មនុស្ស​ជា​ច្រើន​បាន​សង្កេត​មើល​អ្វី​ៗ​ក្នុង​ធម្មជាតិ ហើយ​«​ពិចារណា​»​ឲ្យ​យល់​ថា​មាន​ព្រះ។ ពួក​គេ​បាន​«​ឃើញ​ច្បាស់​»​ថា​លោក​គឺ​ជា​អ្នក​បង្កើត ហើយ​ថា​លោក​មាន​ឫទ្ធានុភាព​និង​មាន​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​ជា​ច្រើន។—រ៉ូម ១:២០

ឧបករណ៍​ស្រាវ​ជ្រាវ​អាច​ជួយ​អ្នក​ឲ្យ​ពន្យល់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​អ្នក​ជឿ (​សូម​មើល​វគ្គ​៥​)

៥​. តើ​ឧបករណ៍​ស្រាវ​ជ្រាវ​អ្វី​ខ្លះ​អាច​ជួយ​យើង​ឲ្យ​រៀន​ថែម​ទៀត​អំពី​អ្វី​ដែល​ព្រះ​បាន​បង្កើត?

ពេល​យើង​សង្កេត​មើល​ធម្មជាតិ ហើយ​គិត​យ៉ាង​ស៊ី​ជម្រៅ​អំពី​នោះ យើង​អាច​ឃើញ​ថា​អ្វី​ៗ​ទាំង​អស់​បាន​ត្រូវបង្កើត​តាម​របៀប​ដ៏​អស្ចារ្យ។ ​«​ដោយ​សារ​ជំនឿ យើង​យល់​ឃើញ​ថា​»​មាន​អ្នក​បង្កើត ទោះ​ជា​មនុស្ស​មើល​មិន​ឃើញ​លោក​ក្ដី។ យើង​យល់​ថា​លោក​មាន​បុគ្គលិក​លក្ខណៈ​ដ៏​គួរ​ឲ្យ​សរសើរ​និង​មាន​ប្រាជ្ញា​ដ៏​ឧត្ដម។ (​ហេប្រឺ ១១:៣, ២៧​) យើង​អាច​រៀន​ថែម​ទៀត​អំពី​អ្វី​ដែល​លោក​បាន​បង្កើត​ដោយ​អាន​អំពី​អ្វី​ដែល​អ្នក​វិទ្យា​សាស្ដ្រ​បាន​រក​ឃើញ។ ព័ត៌មាន​ខ្លះ​ទាំង​នោះ​មាន​នៅ​ក្នុង​ឧបករណ៍​ស្រាវ​ជ្រាវ​ដូច​ជា​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​ព្រះ​បាន​បង្កើត​បង្ហាញ​អំពី​សិរី​រុង​រឿង​របស់​លោក និង​សៀវភៅ​ស្ដើង​តើ​ជីវិត​ទាំង​ឡាយ​មាន​អ្នក​បង្កើត​ឬ​ទេ?

៦​. តើ​ឧបករណ៍​ស្រាវ​ជ្រាវ​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

នៅ​សហរដ្ឋ​អាម៉េរិក ប្អូន​ប្រុស​ម្នាក់​ដែល​មាន​អាយុ​១៩​ឆ្នាំ​បាន​និយាយ​អំពី​សៀវភៅ​ស្ដើង​ពីរ​ជា​ភាសា​អង់គ្លេស​ដែល​រៀប​រាប់​អំពី​ការ​បង្កើត។ គាត់​និយាយ​ថា​៖ ​«​សៀវភៅ​ស្ដើង​ទាំង​នោះ​មាន​ប្រយោជន៍​ណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​បាន​សិក្សា​សៀវភៅ​ស្ដើង​ទាំង​នោះ​ប្រហែល​ជា​១២​ដង​»។ បង​ស្រី​ម្នាក់​នៅ​ប្រទេស​បារាំង​បាន​សរសេរ​ថា​៖ ​«​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ‹តើ​វា​បាន​ត្រូវ​គ្រោង​បង្កើត​ឬ​ទេ?›បាន​ធ្វើ​ឲ្យ​ខ្ញុំ​កោត​ស្ងើច​ណាស់! អត្ថបទ​ទាំង​នោះ​បង្ហាញ​ថា​វិស្វករ​ដ៏​ជំនាញ​បំផុត​ព្យាយាម​យក​គំរូ​តាម​អ្វី​ក្នុង​ធម្មជាតិ ប៉ុន្ដែ​មិន​ស្មើ​នឹង​ភាព​សាំញ៉ាំ​ក្នុង​ធម្មជាតិ​ឡើយ​»។ នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ឪ​ពុក​ម្ដាយ​របស់​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​បាន​និយាយ​ថា​តាម​ធម្មតា អ្វី​ដែល​កូន​ស្រី​យើង​អាន​មុន​គេ​ក្នុង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! (​Awake!​) គឺ​អត្ថបទ​ត​ភាគ​ដែល​សម្ភាស​បុគ្គល​ដែល​មាន​ជំនាញ​ណា​មួយ។ សៀវភៅ​ផ្សេង​ៗ​ទាំង​នេះ​ក៏​អាច​ជួយ​អ្នក​ឲ្យ​ឃើញ​ភ័ស្ដុតាង​ដែល​បញ្ជាក់​ថា​មាន​អ្នក​បង្កើត ហើយ​អ្នក​នឹង​អាច​សម្គាល់​និង​បដិសេធ​សេចក្ដី​បង្រៀន​មិន​ពិត។ ជំនឿ​របស់​អ្នក​នឹង​មាំ​មួន​ណាស់​បាន​ជា​អ្នក​នឹង​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ចាក់​ឫស​ជ្រៅ ហើយ​ដែល​មិន​រលំ ទោះ​ជា​មាន​ខ្យល់​ខ្លាំង​ក្ដី។—យេរេមា ១៧:៥​-​៨

ជំនឿ​របស់​អ្នក​ទៅ​លើ​គម្ពីរ

៧​. ហេតុ​អ្វី​ព្រះ​ចង់​ឲ្យ​អ្នក​ប្រើ​សមត្ថភាព​រិះ​គិត?

តើ​ជា​ការ​ខុស​ឬ​ទេ​ដែល​សួរ​សំណួរ​ដូច​ជា ‹ហេតុ​អ្វី​ខ្ញុំ​ជឿ​អ្វី​ដែល​គម្ពីរ​ចែង›? មិន​មែន​ទេ។ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​អ្នក​ជឿ​អ្វី​មួយ​ដោយ​សារ​តែ​អ្នក​ឯ​ទៀត​ជឿ​នោះ​ទេ។ លោក​ចង់​ឲ្យ​អ្នក​ប្រើ​«​សមត្ថភាព​រិះ​គិត​»​ដើម្បី​ស្គាល់​គម្ពីរ និង​រក​ភ័ស្ដុតាង​ដែល​បញ្ជាក់​ថា​គម្ពីរ​គឺ​ពិត​ជា​មក​ពី​លោក។ កាល​ដែល​អ្នក​កាន់​តែ​ស្គាល់​អ្វី​ដែល​គម្ពីរ​ចែង អ្នក​នឹង​កាន់​តែ​មាន​ជំនឿ​មាំ​មួន​ទៅ​លើ​គម្ពីរ។ (​សូម​អាន រ៉ូម ១២:១, ២; ធីម៉ូថេ​ទី១ ២:៤) របៀប​មួយ​ដើម្បី​ស្គាល់​គម្ពីរ​គឺ​ដោយ​សិក្សា​ប្រធានបទ​ផ្សេង​ៗ​ដែល​អ្នក​ចង់​ដឹង​ថែម​ទៀត។

៨, ៩​. (​ក​) តើ​បង​ប្អូន​ខ្លះ​ចូល​ចិត្ដ​រៀន​អំពី​ប្រធានបទ​អ្វី​ខ្លះ? (​ខ​) តើ​បង​ប្អូន​ខ្លះ​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពេល​ពួក​គាត់​រំពឹង​គិត​អំពី​អ្វី​ដែល​ពួក​គាត់​អាន?

បង​ប្អូន​ខ្លះ​ចូល​ចិត្ដ​សិក្សា​ទំនាយ​ក្នុង​គម្ពីរ ឬ​ប្រហែល​ជា​ចូល​ចិត្ដ​ប្រៀប​ធៀប​កំណត់​ហេតុ​ក្នុង​គម្ពីរ​ជា​មួយ​នឹង​អ្វី​ដែល​អ្នក​ប្រវត្ដិវិទូ អ្នក​វិទ្យា​សាស្ដ្រ ឬ​អ្នក​បុរាណវត្ថុ​វិទ្យា​និយាយ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​លោកុប្បត្ដិ ៣:១៥។ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទំនាយ​នេះ​ដ៏​សំខាន់​ណាស់​បន្ទាប់​ពី​អាដាម​និង​អេវ៉ា​បាន​បះ​បោរ​ប្រឆាំង​នឹង​លោក​និង​របៀប​គ្រប់​គ្រង​របស់​លោក។ នេះ​គឺ​ជា​ទំនាយ​ទី​មួយ​ក្នុង​ចំណោម​ទំនាយ​ជា​ច្រើន​ក្នុង​គម្ពីរ​ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​រាជាណាចក្រ​ព្រះ​នឹង​បង្ហាញ​ថា​ការ​គ្រប់​គ្រង​របស់​ព្រះ​គឺ​ល្អ​បំផុត ហើយ​អំពី​របៀប​ដែល​រាជាណាចក្រ​នោះ​នឹង​បំបាត់​ទុក្ខ​វេទនា​ទាំង​អស់។ តើ​តាម​របៀប​ណា​អ្នក​អាច​សិក្សា​លោកុប្បត្ដិ ៣:១៥? អ្នក​អាច​ធ្វើ​បញ្ជី​មួយ​អំពី​ខ​គម្ពីរ​ផ្សេង​ៗ​ដែល​មាន​ព័ត៌មាន​ថែម​ទៀត​អំពី​របៀប​ដែល​ទំនាយ​នេះ​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត។ បន្ទាប់​មក អ្នក​អាច​ស្វែង​យល់​ថា​ខ​គម្ពីរ​ទាំង​នោះ​បាន​ត្រូវ​សរសេរ​នៅ​ពេល​ណា ហើយ​ដាក់​តាម​លំដាប់​ពេល។ មិន​យូរ​ក្រោយ​មក អ្នក​នឹង​យល់​ថា​អ្នក​ទាំង​នោះ​ដែល​សរសេរ​គម្ពីរ​បាន​រស់​នៅ​គ្រា​ខុស​ៗ​គ្នា ប៉ុន្ដែ​ពួក​គាត់​ម្នាក់​ៗ​បាន​សរសេរ​អ្វី​ដែល​ធ្វើ​ឲ្យទំនាយ​នោះ​កាន់​តែ​ច្បាស់​ទៅ​ៗ។ នេះ​អាច​ជួយ​អ្នក​ឲ្យ​ឃើញ​ថា​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ពួក​គាត់។—ពេត្រុស​ទី២ ១:២១

នៅ​ប្រទេស​អាល្លឺម៉ង់ បង​ប្រុស​ម្នាក់​បាន​គិត​អំពី​របៀប​ដែល​សៀវភៅ​នីមួយ​ៗ​ក្នុង​គម្ពីរ​មាន​ព័ត៌មាន​អំពី​រាជាណាចក្រ​ព្រះ។ គាត់​បាន​និយាយ​ថា​៖ ​«​គម្ពីរ​គឺ​ដូច្នេះ ទោះ​ជា​បាន​ត្រូវ​សរសេរ​ដោយ​បុរស​ប្រហែល​ជា​៤០​នាក់​ក៏​ដោយ។ ម្យ៉ាង​ទៀត ពួក​គាត់​ជា​ច្រើន​នាក់​បាន​រស់​នៅ​សម័យ​ខុស​ៗ​គ្នា ហើយ​មិន​ស្គាល់​គ្នា​ដោយ​ផ្ទាល់​ទេ​»។ បង​ស្រី​ម្នាក់​ដែល​នៅ​ប្រទេស​អូស្ត្រាលី​បាន​សិក្សា​អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ហើយ​បាន​រៀន​អំពី​របៀប​ដែល​បុណ្យ​រំលង​ជាប់​ទាក់​ទង​នឹង​លោកុប្បត្ដិ ៣:១៥​និង​មេស្ស៊ី។  [១] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​) គាត់​បាន​សរសេរ​ថា​៖ ​«​ការ​សិក្សា​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា​ព្រះ​យេហូវ៉ា​គឺ​អស្ចារ្យ​ខ្លាំង​ណាស់។ ខ្ញុំ​ពិត​ជា​កោត​ស្ងើច​ដែល​អាច​មាន​បុគ្គល​ម្នាក់​ដែល​បាន​គិត​អំពី​ការ​រៀប​ចំ​នេះ​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ដែល​បាន​ធ្វើ​ឲ្យ​នេះ​សម្រេច​តាម​រយៈ​លោក​យេស៊ូ។ ខ្ញុំ​ត្រូវ​ផ្អាក ហើយ​ពិចារណា​អំពី​អាហារ​បុណ្យ​រំលង​នោះ​ដែល​ជា​តំណាង​អ្វី​មួយ​ដែល​នឹង​កើត​ឡើង​នៅ​សម័យ​ក្រោយ​មក។ ការ​រៀប​ចំ​នោះ​គឺ​អស្ចារ្យ​ណាស់!​»។ ហេតុ​អ្វី​បង​ស្រី​នេះ​មាន​អារម្មណ៍​ដូច្នេះ? គាត់​បាន​គិត​យ៉ាង​ស៊ី​ជម្រៅ​អំពី​អ្វី​ដែល​គាត់​អាន ហើយ​បាន​យល់។ នេះ​បាន​ជួយ​ពង្រឹង​ជំនឿ​របស់​គាត់ ហើយ​បាន​ធ្វើ​ឲ្យ​គាត់​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។—ម៉ាថាយ ១៣:២៣

១០​. តើ​ភាព​ទៀង​ត្រង់​របស់​អ្នក​សរសេរ​គម្ពីរ​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

១០ សូម​គិត​ដែរ​អំពី​ភាព​ទៀង​ត្រង់​របស់​បុរស​ដែល​បាន​សរសេរ​គម្ពីរ។ ពួក​គាត់​តែង​តែ​សរសេរ​ការ​ពិត ហើយ​មិន​ខ្លាច​នឹង​ធ្វើ​ដូច្នេះ​ឡើយ។ អ្នក​និពន្ធ​នៅ​សម័យ​នោះ​ច្រើន​តែ​សរសេរ​អ្វី​ដែល​ល្អ​ប៉ុណ្ណោះ​អំពី​ប្រជា​ជាតិ​និង​អ្នក​ដឹក​នាំ​របស់​ពួក​គេ។ ប៉ុន្ដែ អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បាន​សរសេរ​អំពី​អ្វី​ដែល​ល្អ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​និង​ស្ដេច​របស់​ពួក​គេ​បាន​ធ្វើ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​សរសេរ​អំពី​អ្វី​មិន​ល្អ​ដែល​ពួក​គេ​បាន​ធ្វើ​ដែរ។ (​របា​ក្សត្រ​ទី២ ១៦:៩, ១០; ២៤:១៨​-​២២​) ពួក​គាត់​ថែម​ទាំង​សរសេរ​អំពី​កំហុស​របស់​ខ្លួន​និង​កំហុស​របស់​អ្នក​បម្រើ​ឯ​ទៀត​របស់​ព្រះ។ (​សាំយូអែល​ទី២ ១២:១​-​១៤; ម៉ាកុស ១៤:៥០​) ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​ដែល​នៅ​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា​៖ ​«​ភាព​ទៀង​ត្រង់​បែប​នោះ​កម្រ​មាន​ណាស់។ នេះ​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ទំនុក​ចិត្ដ​ថា​គម្ពីរ​គឺ​ពិត​ជា​មក​ពី​ព្រះ​យេហូវ៉ា​»។

១១​. តើ​តាម​របៀប​ណា​ការ​ណែនាំ​ក្នុង​គម្ពីរ​អាច​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ?

១១ ពេល​មនុស្ស​ធ្វើ​តាម​ការ​ណែនាំ​ពី​គម្ពីរ​ក្នុង​ជីវិត​រស់​នៅ នោះ​ពួក​គេ​ឃើញ​ថា​គម្ពីរ​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​ជីវិត។ នេះ​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ជាក់​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ។ (​សូម​អាន ទំនុក​តម្កើង ១៩:៧​-​១១) ប្អូន​ស្រី​វ័យ​ក្មេង​ម្នាក់​នៅ​ប្រទេស​ជប៉ុន​បាន​សរសេរ​ថា​៖ ​«​ពេល​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ធ្វើ​តាម​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ យើង​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់។ យើង​មាន​សេចក្ដី​សុខ​សាន្ដ សាមគ្គី​ភាព និង​សេចក្ដី​ស្រឡាញ់​»។ គម្ពីរ​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​យល់​ថា​អ្វី​ខ្លះ​ដែល​ពួក​គេ​ជឿ មិន​មែន​ជា​ការ​ពិត​ទេ។ (​ទំនុក​តម្កើង ១១៥:៣​-​៨​) គម្ពីរ​ណែនាំ​មនុស្ស​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត ហើយ​គម្ពីរ​ក៏​មាន​សេចក្ដី​សន្យា​អំពី​អនាគត​ដ៏​ប្រសើរ​ជាង។ ម្យ៉ាង​វិញ​ទៀត អ្នក​ខ្លះ​ដែល​និយាយ​ថា​គ្មាន​ព្រះ យក​ធម្មជាតិ​ធ្វើ​ដូច​ជា​ព្រះ​របស់​ពួក​គេ។ អ្នក​ខ្លះ​ទៀត​និយាយ​ថា​មនុស្សជាតិ​អាច​ផ្ដល់​អនាគត​ដ៏​ប្រសើរ​ជាង ប៉ុន្ដែ​ពេល​យើង​មើល​អ្វី​ដែល​មនុស្ស​បាន​ធ្វើ​កន្លង​មក ពួក​គេ​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ក្នុង​ពិភព​លោក​ទេ។—ទំនុក​តម្កើង ១៤៦:៣, ៤

របៀប​វែក​ញែក​ជា​មួយ​នឹង​អ្នក​ឯ​ទៀត

១២, ១៣​. តើ​តាម​របៀប​ណា​យើង​អាច​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​ព្រះ​បាន​បង្កើត​ឬ​អំពី​គម្ពីរ?

១២ ដំបូង​សូម​ស្វែង​យល់​អំពី​អ្វី​ដែល​អ្នក​ឯ​ទៀត​ជឿ មុន​អ្នក​និយាយ​អំពី​ការ​បង្កើត ឬ​អំពី​គម្ពីរ​ជា​មួយ​នឹង​ពួក​គេ។ សូម​ចាំ​ថា​អ្នក​ខ្លះ​ដែល​ជឿ​លើ​ការ​វិវត្ដន៍​ក៏​ជឿ​ថា​មាន​ព្រះ​ដែរ។ ពួក​គេ​និយាយ​ថា​ព្រះ​បាន​ប្រើ​ការ​វិវត្ដន៍​ដើម្បី​បង្កើត​ភាវរស់​ទាំង​អស់។ អ្នក​ខ្លះ​ទៀត​ជឿ​ថា​ការ​វិវត្ដន៍​ច្បាស់​ជា​ការ​ពិត ដោយ​សារ​នេះ​បាន​ត្រូវ​បង្រៀន​នៅ​សាលា។ ម្យ៉ាង​ទៀត អ្នក​ខ្លះ​ឈប់​ជឿ​ព្រះ ដោយ​សារ​ពួក​គេ​ខក​ចិត្ដ​នឹង​សាសនា។ ដូច្នេះ ដំបូង​សូម​សួរ​បុគ្គល​នោះ​អំពី​អ្វី​ដែល​គាត់​ជឿ និង​មូលហេតុ​ដែល​គាត់​ជឿ​ដូច្នេះ។ ក្រោយ​មក ចូរ​ស្តាប់​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្វី​ដែល​គាត់​និយាយ។ បើ​អ្នក​ធ្វើ​ដូច្នេះ គាត់​ប្រហែល​ជា​ចង់​ស្តាប់​អ្នក​ជាង។—ទីតុស ៣:២

ដោយ​បង្ហាញ​ការ​គោរព សូម​សួរ​មនុស្ស​អំពី​អ្វី​ដែល​ពួក​គេ​ជឿ ហើយ​ក្រោយ​មក​ស្តាប់​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្វី​ដែល​ពួក​គេ​និយាយ

១៣ បើ​អ្នក​ណា​ម្នាក់​និយាយ​ថា​អ្នក​ជា​មនុស្ស​ល្ងង់​ដោយ​សារ​អ្នក​ជឿ​ថា​មាន​អ្នក​បង្កើត តើ​អ្នក​អាច​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច? ដោយ​បង្ហាញ​ការ​គោរព ចូរ​សុំ​បុគ្គល​នោះ​ឲ្យ​ពន្យល់​អ្នក​អំពី​គំនិត​របស់​គាត់​ស្ដី​អំពី​របៀប​ដែល​ជីវិត​ទាំង​ឡាយ​បាន​ចាប់​ផ្ដើម។ អ្នក​អាច​លើក​បញ្ជាក់​ថា​បើ​ជីវិត​បាន​វិវត្ដន៍ ភាវរស់​មុន​គេ​បង្អស់​ត្រូវ​មាន​សមត្ថភាព​បន្ដ​ពូជ​ដោយ​បំបែក​ខ្លួន​ជា​ថ្មី​មួយ​ទៀត ហើយ​ចំ​លង​ធាតុ​ផ្សេង​ៗ​យ៉ាង​ត្រឹម​ត្រូវ​ពី​ភាវរស់​ទី១។ តាម​ពិត សាស្ត្រាចារ្យ​ផ្នែក​គីមី​វិទ្យា​ម្នាក់​បាន​និយាយ​ថា​ភាវរស់​ទី១​នោះ​ត្រូវ​ការ​អ្វី​ផ្សេង​ៗ​ទៀត​រួម​ទាំង​៖ (​១​) អ្វី​មួយ​ដែល​ដូច​ជា​ស្បែក​ដើម្បី​ការពារ​វា (​២​) សមត្ថភាព​ទទួល​ថាមពល​និង​ប្រើ​ប្រាស់​ថាមពល​នោះ (​៣​) ព័ត៌មាន​អំពី​រូប​រាង​និង​ការ​លូត​លាស់​របស់​វា ឬ​ឌីអិនអេ (​DNA​) និង (​៤​) សមត្ថភាព​ចម្លង​ព័ត៌មាន​នោះ។ គាត់​បាន​បន្ថែម​ទៀត​ថា​៖ ​«​សូម្បី​តែ​ភាវរស់​ដ៏​តូច​បំផុត​ក៏​មាន​ទម្រង់​សាំញ៉ាំ​ដែរ​»។

១៤​. ពេល​ពិភាក្សា​អំពី​ការ​បង្កើត តើ​អ្នក​អាច​ប្រើ​របៀប​វែក​ញែក​ដ៏​ស្រួល​យល់​អ្វី?

១៤ ពេល​ពិភាក្សា​អំពី​ការ​បង្កើត អ្នក​អាច​ប្រើ​របៀប​វែក​ញែក​ដ៏​ស្រួល​យល់​ដែល​សាវ័ក​ប៉ូល​បាន​ប្រើ។ គាត់​បាន​សរសេរ​ថា​៖ ​«​ផ្ទះ​ទាំង​អស់​មាន​អ្នក​សង់ ប៉ុន្ដែ​អ្នក​ដែល​បាន​សង់​អ្វី​ៗ​ទាំង​អស់​គឺ​ព្រះ​»។ (​ហេប្រឺ ៣:៤​) ផ្ទះ​មាន​អ្នក​គូ​ប្លង់​និង​សង់។ ភាវរស់​ដែល​មាន​ភាព​សាំញ៉ាំ​ជាង​ផ្ទះ​ឆ្ងាយ​ណាស់ ច្បាស់​ជា​មាន​អ្នក​គ្រោង​និង​បង្កើត។ អ្នក​ក៏​អាច​ប្រើ​សៀវភៅ​ផ្សេង​ៗ​របស់​យើង។ បង​ស្រី​ម្នាក់​បាន​និយាយ​ជា​មួយ​នឹង​បុរស​វ័យ​ក្មេង​ដែល​មិន​ជឿ​ថា​មាន​ព្រះ។ បង​ស្រី​យើង​បាន​ឲ្យ​គាត់​នូវ​សៀវភៅ​ស្ដើង​ពីរ​ក្បាល​ដែល​រៀប​រាប់​អំពី​ការ​បង្កើត ហើយ​ប្រហែល​ជា​មួយ​សប្ដាហ៍​ក្រោយ​មក គាត់​បាន​និយាយ​ថា​៖ ​«​ឥឡូវ​ខ្ញុំ​ជឿ​ព្រះ​ហើយ​»។ បុរស​វ័យ​ក្មេង​នោះ​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ ហើយ​ក្រោយ​មក​បាន​ទៅ​ជា​បង​ប្អូន​រួម​ជំនឿ​របស់​យើង។

១៥, ១៦​. តើ​យើង​គួរ​ធ្វើ​អ្វី​មុន​យើង​ពន្យល់​បុគ្គល​ណា​ម្នាក់​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ? តើ​យើង​គួរ​ចាំ​អំពី​អ្វី​ជា​និច្ច?

១៥ បើ​បុគ្គល​ណា​ម្នាក់​សង្ស័យ​អំពី​គម្ពីរ តើ​អ្នក​អាច​វែក​ញែក​ជា​មួយ​នឹង​គាត់​យ៉ាង​ដូច​ម្ដេច? ដូច​បាន​រៀប​រាប់​ខាង​លើ ដំបូង​សូម​សួរ​គាត់​អំពី​អ្វី​ដែល​គាត់​ជឿ។ ម្យ៉ាង​ទៀត សូម​ស្វែង​យល់​អំពី​ចំណាប់​អារម្មណ៍​របស់​គាត់។ (​សុភាសិត ១៨:១៣​) បើ​គាត់​ចូល​ចិត្ដ​វិទ្យា​សាស្ដ្រ សូម​លើក​ឧទាហរណ៍​ពី​គម្ពីរ​ដើម្បី​បង្ហាញ​ថា​អ្វី​ដែល​គម្ពីរ​ចែង​អំពី​វិទ្យា​សាស្ដ្រ​តែង​តែ​ត្រឹម​ត្រូវ។ បើ​គាត់​ចូល​ចិត្ដ​ប្រវត្ដិសាស្ដ្រ អ្នក​អាច​លើក​បញ្ជាក់​អំពី​ព្រឹត្ដិការណ៍​មួយ​ដែល​បាន​ត្រូវ​រៀបរាប់​ក្នុង​សៀវភៅ​ប្រវត្ដិសាស្ដ្រ ហើយ​បង្ហាញ​គាត់​អំពី​របៀប​ដែល​គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​អំពី​ព្រឹត្ដិការណ៍​នោះ​ជា​ច្រើន​ឆ្នាំ​មុន​បាន​សម្រេច។ មនុស្ស​ខ្លះ​ទៀត​ប្រហែល​ជា​ស្តាប់​អ្នក បើ​អ្នក​បង្ហាញ​ពួក​គេ​អំពី​អ្វី​មួយ​ក្នុង​គម្ពីរ​ដែល​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​ល្អ​ប្រសើរ​ជាង ដូច​ជា​ឱវាទ​ក្នុង​សុន្ទរកថា​នៅ​លើ​ភ្នំ។

១៦ សូម​ចាំ​ថា យើង​មិន​ចង់​ឈ្លោះ​ប្រកែក​ជា​មួយ​នឹង​មនុស្ស​ឯ​ទៀត​ទេ។ យើង​ចង់​ឲ្យ​ពួក​គេ​ចូល​ចិត្ដ​សន្ទនា​ជា​មួយ​យើង ហើយ​ចូល​ចិត្ដ​រៀន​អំពី​គម្ពីរ។ ដូច្នេះ សូម​សួរ​សំណួរ​ដោយ​បង្ហាញ​ការ​គោរព ហើយ​ក្រោយ​មក​ស្តាប់​យ៉ាង​យក​ចិត្ដ​ទុក​ដាក់។ ពេល​អ្នក​ប្រាប់​អ្នក​ណា​ម្នាក់​អំពី​អ្វី​ដែល​អ្នក​ជឿ ចូរ​ធ្វើ​ដូច្នេះ​ដោយ​គួរ​សម ជា​ពិសេស​បើ​បុគ្គល​នោះ​ចាស់​ជាង​អ្នក។ បើ​អ្នក​គោរព​អ្នក​ឯ​ទៀត ពួក​គេ​ទំនង​ជា​នឹង​គោរព​អ្នក​ដែរ។ ម្យ៉ាង​ទៀត ពួក​គេ​នឹង​កោត​ស្ងើច​ដែល​អ្នក​បាន​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អ្វី​ដែល​អ្នក​ជឿ ទោះ​ជា​អ្នក​នៅ​ក្មេង​ក្ដី។ បើ​អ្នក​ណា​ម្នាក់​គ្រាន់​តែ​ចង់​ឈ្លោះ​ប្រកែក​ឬ​សើច​ចំអក​អ្នក អ្នក​នឹង​មិន​ចាំ​បាច់​តប​ឆ្លើយ​នឹង​គាត់​ទេ។—សុភាសិត ២៦:៤

ចូរ​ស្វែង​យល់​សេចក្ដី​ពិត​ពី​គម្ពីរ និង​ពង្រឹង​ជំនឿ​របស់​អ្នក

១៧, ១៨​. (​ក​) តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ពង្រឹង​ជំនឿ​របស់​អ្នក​ទៅ​លើ​គម្ពីរ? (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៧ យើង​ប្រហែល​ជា​ស្គាល់​សេចក្ដី​បង្រៀន​សំខាន់​ៗ​ក្នុង​គម្ពីរ ប៉ុន្ដែ​ដើម្បី​មាន​ជំនឿ​មាំ​មួន​យើង​ត្រូវ​ធ្វើ​ច្រើន​ជាង​នេះ។ ដូច្នេះ យើង​ត្រូវ​ស្រាវ​ជ្រាវ​និង​ស្វែង​យល់​សេចក្ដី​ពិត​ដ៏​ជ្រាល​ជ្រៅ​ក្នុង​គម្ពីរ គឺ​ប្រៀប​ដូច​ជា​យើង​កំពុង​ស្វែង​រក​កំណប់​ទ្រព្យ។ (​សុភាសិត ២:៣​-​៦​) របៀប​ដ៏​ល្អ​មួយ​ដើម្បី​ពង្រឹង​ជំនឿ​របស់​អ្នក​គឺ​ដោយ​អាន​គម្ពីរ​ទាំង​មូល។ ប្រហែល​ជា​អ្នក​អាច​ព្យាយាម​អាន​ឲ្យ​ចប់​នៅ​ក្នុង​មួយ​ឆ្នាំ។ ការ​ធ្វើ​ដូច្នេះ​បាន​ជួយ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​ពេល​គាត់​នៅ​ក្មេង។ គាត់​បាន​និយាយ​ថា​៖ ​«​អ្វី​មួយ​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ថា​គម្ពីរ​គឺ​ជា​បណ្ដាំ​របស់​ព្រះ គឺ​ការ​អាន​គម្ពីរ​ទាំង​មូល។ ដោយ​ធ្វើ​ដូច្នេះ​ខ្ញុំ​អាច​យល់​រឿង​ក្នុង​គម្ពីរ​ដែល​ខ្ញុំ​បាន​រៀន​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​តូច​»។ ម្យ៉ាង​ទៀត ចូរ​ប្រើ​ឧបករណ៍​ស្រាវ​ជ្រាវ​ដែល​មាន​ក្នុង​ភាសា​របស់​អ្នក​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​អ្វី​ដែល​អ្នក​អាន។ អ្នក​ប្រហែល​ជា​មាន​បណ្ណាល័យ​អ៊ីនធឺណិត​របស់​ប៉ម​យាម ឬ​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា។

១៨ ឪ​ពុក​ម្ដាយ​ទាំង​ឡាយ អ្នក​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​បង្រៀន​កូន​របស់​អ្នក​អំពី​ព្រះ​យេហូវ៉ា។ ដូច្នេះ តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​ពួក​គេ​ឲ្យ​មាន​ជំនឿ​មាំ​មួន​លើ​លោក? អត្ថបទ​បន្ទាប់​នឹង​ពិចារណា​អំពី​របៀប​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដូច្នេះ។