លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​ចេញ​ពី​សេចក្ដី​ងងឹត

ការ​ចេញ​ពី​សេចក្ដី​ងងឹត

​«​[​ព្រះ​យេហូវ៉ា​]បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត​ឲ្យ​ចូល​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​លោក​»។—ពេត្រុស​ទី១ ២:៩

ចម្រៀង​លេខ: ៤៣, ២៨

១​. តើ​អ្វី​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ដែល​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ?

នៅ​ឆ្នាំ​៦០៧​មុន គ.ស. ស្ដេច​នេប៊ូក្នេសា​ទី​ពីរ​និង​កង​ទ័ព​បាប៊ីឡូន​ដ៏​ច្រើន​សន្ធឹក​របស់​គាត់ បាន​វាយ​ប្រហារ​ក្រុង​យេរូសាឡិម។ គម្ពីរ​ចែង​ថា​ស្ដេច​នេះ​បាន​សម្លាប់​បុរស​វ័យ​ក្មេង​ដោយ​ដាវ។ គាត់​«​ឥត​មាន​មេត្ដា​ករុណា​ដល់​ទោះ​ទាំង​កំឡោះ ក្រមុំ ចាស់​ទុំ ឬ​សក់​ស្កូវ​ណា​ឡើយ​»។ នៅ​ទី​បំផុត គាត់​«​ដុត​ព្រះ​វិហារ​នៃ​ព្រះ​បង់​ហើយ​រំលំ​កំផែង​ក្រុង​យេរូសាឡិម ក៏​ដុត​អស់​ទាំង​ព្រះ​រាជដំណាក់ ហើយ​បំផ្លាញ​គ្រឿង​ប្រដាប់​មាន​ដំឡៃ​នៅ​ក្នុង​ដំណាក់​ទាំង​នោះ​ដែរ​»។—របា​ក្សត្រ​ទី២ ៣៦:១៧, ១៩

២​. តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​ព្រមាន​អ្វី ហើយ​តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​ជន​ជាតិ​យូដា?

ជន​ជាតិ​យូដា​មិន​គួរ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម​ឡើយ ដោយ​សារ​អស់​ជា​ច្រើន​ឆ្នាំ ព្រះ​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​ឲ្យ​ទៅ​ព្រមាន​បណ្ដា​ជន​ថា​បើ​ពួក​គេ​នៅ​តែ​មិន​ស្តាប់​បង្គាប់​លោក ពួក​គេ​នឹង​ត្រូវ​ជន​ជាតិ​បាប៊ីឡូន​វាយ​ប្រហារ។ ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​ដាវ ហើយ​ពួក​អ្នក​ដែល​រួច​ជីវិត​ទំនង​ជា​នឹង​រស់​នៅ​ជា​និរទេស​ជន​នៅ​បាប៊ីឡូន។ (​យេរេមា ១៥:២​) តើ​ជីវិត​ជា​និរទេស​ជន​គឺ​យ៉ាង​ណា? តើ​អ្វី​ដែល​ស្រដៀង​នឹង​ការ​ធ្វើ​ជា​ឈ្លើយ​នៃ​បាប៊ីឡូន​ធ្លាប់​កើត​ឡើង​ចំពោះ​គ្រិស្ដ​សាសនិក​ឬ​ទេ? បើ​ដូច្នេះ តើ​នៅ​ពេល​ណា?

ជីវិត​ជា​និរទេស​ជន

៣​. តើ​ជីវិត​ជា​និរទេស​ជន​នៅ​បាប៊ីឡូន​ខុស​គ្នា​យ៉ាង​ណា​ពី​ជីវិត​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប?

ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជន​ជាតិ​យូដា​ថា​ពេល​ពួក​គេ​បាន​ត្រូវ​ចាប់​យក​ទៅ​ជា​និរទេសជន ពួក​គេ​ត្រូវ​ទទួល​យក​ស្ថានភាព​ថ្មី ហើយ​រស់​នៅ​ឲ្យ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ លោក​បាន​ប្រាប់​ពួក​គេ​តាម​រយៈ​យេរេមា​ថា​៖ ​«​ចូរ​ឲ្យ​ឯង​រាល់​គ្នា​សង់​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​នោះ​ទៅ។ ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទីក្រុង​ដែល​អញ​បាន​ឲ្យ​គេ​ដឹក​នាំ​ឯង​ទៅ​នៅ​ជា​ឈ្លើយ​នោះ​បាន​សេចក្ដី​សុខ ហើយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​ទី​នោះ​ផង ដ្បិត​ក្នុង​សេចក្ដី​សុខ​របស់​ក្រុង​នោះ ឯង​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ​ដែរ​»។ (​យេរេមា ២៩:៥,​) ជន​ជាតិ​យូដា​ដែល​បាន​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា មាន​ជីវិត​រស់​នៅ​ស្ទើរតែ​ធម្មតា​ពេល​ជា​និរទេស​ជន។ ជន​ជាតិ​បាប៊ីឡូន​បាន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​យូដា​មើល​ការ​ខុស​ត្រូវ​ចំពោះ​កិច្ច​ការ​ភាគ​ច្រើន​របស់​ខ្លួន ហើយ​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​នៅ​ប្រទេស​នោះ​ដោយ​សេរី។ នៅ​ពេល​នោះ បាប៊ីឡូន​ជា​កន្លែង​ដ៏​សំខាន់​ដើម្បី​ធ្វើ​មុខ​ជំនួញ។ ឯកសារ​បុរាណ​បង្ហាញ​ថា​កាល​ជន​ជាតិ​យូដា​នៅ​ជា​និរទេស​ជន ពួក​គេ​ជា​ច្រើន​នាក់​បាន​ក្លាយ​ទៅ​ជា​សិប្បករ​ដ៏​ចំណាន ហើយ​បាន​រៀន​ឲ្យ​ចេះ​ខាង​ការ​លក់​ដូរ។ ជន​ជាតិ​យូដា​ខ្លះ​ថែម​ទាំង​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន។ ជីវិត​របស់​ជន​ជាតិ​អ៊ីស្រាអែល​ជា​និរទេស​ជន​គឺ​មិន​មែន​ពិបាក​ដូច​ជីវិត​របស់​ពួក​គេ​ពេល​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប​រាប់​រយ​ឆ្នាំ​មុន​នោះ​ទេ។—សូម​អាន និក្ខមនំ ២:២៣​-​២៥

៤​. តើ​អ្នក​ណា​ត្រូវ​រង​ទុក្ខ​ជា​មួយ​នឹង​ជន​ជាតិ​យូដា​ដែល​មិន​ស្មោះ​ត្រង់ ហើយ​ហេតុ​អ្វី​ពួក​គេ​មិន​អាច​ធ្វើ​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ច្បាប់​តម្រូវ?

ជន​ជាតិ​យូដា​ខ្លះ​ដែល​ជា​និរទេស​ជន​គឺ​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ។ ទោះ​ជា​ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​ក៏​ដោយ ពួក​គេ​ត្រូវ​រង​ទុក្ខ​ជា​មួយ​នឹង​បណ្ដា​ជន​ទាំង​ឡាយ​នោះ។ ជន​ជាតិ​យូដា​មាន​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​រស់​នៅ ប៉ុន្ដែ​តើ​តាម​របៀប​ណា​ពួក​គេ​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា? វិហារ​និង​ទី​បូជា​បាន​ត្រូវ​បំផ្លាញ ហើយ​ពួក​សង្ឃ​មិន​អាច​ធ្វើ​កិច្ច​ការ​របស់​ពួក​គេ​ដោយ​របៀប​រៀប​រយ​បាន​ទេ។ ប៉ុន្ដែ​ជន​ជាតិ​យូដា​ដែល​ស្មោះ​ត្រង់​បាន​ធ្វើ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដើម្បី​ធ្វើ​តាម​ច្បាប់​របស់​ព្រះ។ ជា​ឧទាហរណ៍ ដានីយ៉ែល សាដ្រាក់ មែ​សាក់ និង​អ័បេឌនេកោ​មិន​ព្រម​បរិភោគ​អាហារ​ដែល​បាន​ត្រូវ​ហាម​សម្រាប់​ជន​ជាតិ​យូដា​ឡើយ។ ម្យ៉ាង​ទៀត គម្ពីរ​ចែង​ថា​ដានីយ៉ែល​បាន​អធិដ្ឋាន​ទៅ​ព្រះ​ជា​ទៀង​ទាត់។ (​ដានីយ៉ែល ១:៨; ៦:១០​) ក៏​ប៉ុន្ដែ ដោយ​សារ​ពួក​គេ​បាន​ត្រូវ​គ្រប់​គ្រង​ដោយ​ប្រជា​ជាតិ​មួយ​ដែល​គោរព​បូជា​ព្រះ​មិន​ពិត ជន​ជាតិ​យូដា​ដ៏​ស្មោះ​ត្រង់​មិន​អាច​ធ្វើ​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ច្បាប់​តម្រូវ​នោះ​ទេ។

សេចក្ដី​សន្យា​របស់​ព្រះ​តែង​តែ​សម្រេច

៥​. តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​អ្វី​ដល់​រាស្ដ្រ​របស់​លោក ហើយ​ហេតុ​អ្វី​សេចក្ដី​សន្យា​នេះ​គឺ​អស្ចារ្យ?

តើ​ជន​ជាតិ​អ៊ីស្រាអែល​អាច​គោរព​ប្រណិប័តន៍​ព្រះ​ម្ដង​ទៀត​តាម​របៀប​ដែល​លោក​ពេញ​ចិត្ដ​ទាំង​ស្រុង​ឬ​ទេ? នៅ​ពេល​នោះ ប្រហែល​ជា​មើល​ទៅ​មិន​អាច​ធ្វើ​បាន​ទេ ពី​ព្រោះ​ជន​ជាតិ​បាប៊ីឡូន​មិន​ដែល​ដោះ​លែង​ឈ្លើយ​សឹក​ឡើយ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​រាស្ដ្រ​របស់​លោក​នឹង​ត្រូវ​រំដោះ ហើយ​នៅ​ទី​បំផុត​ពួក​គេ​បាន​ត្រូវ​រំដោះ។ សេចក្ដី​សន្យា​របស់​ព្រះ​តែង​តែ​សម្រេច​មែន!—អេសាយ ៥៥:១១

តើ​គ្រិស្ដ​សាសនិក​ធ្លាប់​ធ្វើ​ជា ឈ្លើយ​នៃ​បាប៊ីឡូន​ឬ​ទេ?

៦, ៧​. ហេតុ​អ្វី​យើង​ត្រូវ​កែ​ប្រែ​ការ​យល់​ដឹង​របស់​យើង?

តើ​គ្រិស្ដ​សាសនិក​ធ្លាប់​ជួប​ប្រទះ​នឹង​អ្វី​ដែល​ស្រដៀង​នឹង​ការ​ទៅ​ជា​ឈ្លើយ​នៃ​បាប៊ីឡូន​ឬ​ទេ? អស់​ជា​ច្រើន​ឆ្នាំ ទស្សនាវដ្ដី​ប៉ម​យាម​បាន​រៀប​រាប់​ថា​គ្រិស្ដ​សាសនិក​ដ៏​ស្មោះ​ត្រង់​បាន​ទៅ​ជា​ឈ្លើយ​នៃ​បាប៊ីឡូន​នៅ​ឆ្នាំ​១៩១៨ ហើយ​បានត្រូវ​រំដោះ​ពី​បាប៊ីឡូន​នៅ​ឆ្នាំ​១៩១៩។ ប៉ុន្ដែ នៅ​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់ យើង​នឹង​រៀន​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​កែ​ប្រែ​ការ​យល់​ដឹង​របស់​យើង។

ក្នុង​អំឡុង​ជា​ច្រើន​ឆ្នាំ​មុន​សង្គ្រាម​លោក​លើក​ទី១ អ្នក​បម្រើ​របស់​ព្រះ​ដែល​បាន​ត្រូវ​រើស​តាំង​កំពុង​ញែក​ខ្លួន​ចេញ​ពី​សាសនា​មិន​ពិត

សូម​គិត​អំពី​ចំណុច​នេះ​៖ បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ជា​តំណាង​សាសនា​មិន​ពិត​ទាំង​អស់​ទូ​ទាំង​ពិភព​លោក ហើយ​រាស្ដ្រ​របស់​ព្រះ​មិន​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​នៃ​សាសនា​មិន​ពិត​នៅ​ឆ្នាំ​១៩១៨​ឡើយ។ ពិត​មែន​តែ​ក្នុង​អំឡុង​ពេល​នោះ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ត្រូវ​គេ​បៀត​បៀន ប៉ុន្ដែ​ការ​បៀត​បៀន​ភាគ​ច្រើន​របស់​ពួក​គាត់​បាន​បណ្ដាល​មក​ពី​រដ្ឋាភិបាល មិន​មែន​មក​ពី​សាសនា​មិន​ពិត​ទេ។ តាម​ពិត ក្នុង​អំឡុង​ជា​ច្រើន​ឆ្នាំ​មុន​សង្គ្រាម​លោក​លើក​ទី១ អ្នក​បម្រើ​របស់​ព្រះ​ដែល​បាន​ត្រូវ​រើស​តាំង​កំពុង​ញែក​ខ្លួន​ចេញ​ពី​សាសនា​មិន​ពិត។ ដូច្នេះ មើល​ទៅ​ដូច​ជា​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​មិន​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​ឈ្លើយ​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​នៅ​ឆ្នាំ​១៩១៨​ទេ។

តើ​រាស្ដ្រ​របស់​ព្រះ​បាន​ទៅ​ជា ឈ្លើយ​នៃ​បាប៊ីឡូន​នៅ​ពេល​ណា?

៨​. តើ​អ្វី​បាន​កើត​ឡើង​ក្រោយ​ពី​ពួក​សាវ័ក​ស្លាប់? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. គ្រិស្ដ​សាសនិក​ថ្មី​រាប់​ពាន់​នាក់​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ ពួក​គាត់​បាន​ទៅ​ជា​«​ពូជ​សាសន៍​ដែល​បាន​ត្រូវ​ជ្រើស​រើស និង​ជា​សង្ឃ​ដែល​មាន​តំណែង​ជា​ស្ដេច ក៏​ជា​ជន​ជាតិ​បរិសុទ្ធ និង​រាស្ដ្រ​ដែល​ជា​សម្បត្ដិ​ពិសេស​»។ (​សូម​អាន ពេត្រុស​ទី១ ២:៩, ១០) ពួក​សាវ័ក​បាន​ថែ​រក្សា​ក្រុម​ជំនុំ​ដោយ​យក​ចិត្ដ​ទុក​ដាក់​ដរាប​ណា​ពួក​គេ​នៅ​រស់។ ប៉ុន្ដែ​ជា​ពិសេស​ក្រោយ​ពី​ពួក​សាវ័ក​ស្លាប់ បុរស​ខ្លះ​នៅ​ក្នុង​ក្រុម​ជំនុំ​បាន​ចាប់​ផ្ដើម​បង្រៀន​គំនិត​មិន​ពិត ហើយ​ចង់​អូស​ទាញ​ពួក​អ្នក​កាន់​តាម​ឲ្យ​ចេញ​ពី​សេចក្ដី​ពិត។ បុរស​ទាំង​នេះ​ចូល​ចិត្ដ​ទស្សនវិជ្ជា​របស់​អារីស្តូត​និង​ប្លាតុង ហើយ​បាន​ចាប់​ផ្ដើម​បង្រៀន​គំនិត​របស់​ពួក​គេ​ជា​ជាង​សេចក្ដី​ពិត​ដែល​មក​ពី​បណ្ដាំ​របស់​ព្រះ។ (​សកម្មភាព ២០:៣០; ថែស្សាឡូនិច​ទី២ ២:៦​-​៨​) ពួក​គេ​ជា​ច្រើន​នាក់​មាន​ភារកិច្ច​និង​ជា​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ។ ដូច្នេះ ទោះ​ជា​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា​»​ក៏​ដោយ ក្រុម​បព្វជិត​បាន​ចាប់​ផ្ដើម​បង្កើត​ឡើង។—ម៉ាថាយ ២៣:៨

គ្រិស្ដ​សាសនិក​ដ៏​ស្មោះ​ត្រង់​ដែល​ព្រះ​បាន​រើស​តាំង​គឺ​ដូច​ជា​ស្រូវ​សាលី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ ហើយ​ពួក​គាត់​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ

៩​. សូម​រៀប​រាប់​អំពី​របៀប​ដែល​គ្រិស្ដ​សាសនា​ដែល​ក្បត់​ជំនឿ​បាន​ចាប់​ផ្ដើម​រួម​ដៃ​ជា​មួយ​នឹង​រដ្ឋាភិបាល​រ៉ូម។ តើ​មាន​លទ្ធផល​អ្វី?

នៅ​ឆ្នាំ​៣១៣ គ.ស. អធិរាជ​ខន់ស្ទែនធីន​បាន​គ្រប់​គ្រង​លើ​ចក្រភព​រ៉ូម​ដែល​កាន់​សាសនា​មិន​ពិត ហើយ​បាន​ធ្វើ​ឲ្យ​គ្រិស្ដ​សាសនា​ដែល​ក្បត់​ជំនឿ​នេះ​ទៅ​ជា​សាសនា​ស្រប​ច្បាប់។ ក្រោយ​មក អ្នក​ដឹក​នាំ​គ្រិស្ដ​សាសនា​នោះ​បាន​ចាប់​ផ្ដើម​រួម​ដៃ​ជា​មួយ​នឹង​រដ្ឋាភិបាល​រ៉ូម។ ជា​ឧទាហរណ៍ ខន់ស្ទែនធីន​បាន​ប្រជុំ​ជា​មួយ​នឹង​អ្នក​ដឹក​នាំ​គ្រិស្ដ​សាសនា ដែល​ក្រោយ​មក​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​អង្គប្រជុំ​នៅ​ក្រុង​ណៃស៊ីយ៉ា។ បន្ទាប់​ពី​ការ​ប្រជុំ​នោះ អធិរាជ​នោះ​បាន​និរទេស​បព្វជិត​ម្នាក់​ឈ្មោះ​អា​រី​យ៉ា​ស ដោយ​សារ​គាត់​មិន​ព្រម​ជឿ​ថា​លោក​យេស៊ូ​គឺ​ជា​ព្រះ។ ក្រោយ​មក ធីអូដូសៀស​បាន​ទៅ​ជា​អធិរាជ​រ៉ូម ហើយ​សាសនា​កាតូលិក​បាន​ទៅ​ជា​សាសនា​រដ្ឋ​នៃ​ចក្រភព​រ៉ូម។ ប្រវត្ដិវិទូ​និយាយ​ថា​ក្នុង​អំឡុង​សម័យ​អធិរាជ​ធីអូដូសៀស រ៉ូម​បាន​ចាប់​ផ្ដើម​ហៅ​ខ្លួន​ជា​គ្រិស្ដ​សាសនា។ ប៉ុន្ដែ​តាម​ពិត​មុន​ពេល​នោះ គ្រិស្ដ​សាសនិក​ដែល​ក្បត់​ជំនឿ​បាន​ទទួល​យក​សេចក្ដី​បង្រៀន​ពី​សាសនា​មិន​ពិត ដូច្នេះ​ពួក​គេ​បាន​ទៅ​ជា​សមាជិក​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​រួច​ហើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នៅ​តែ​មាន​គ្រិស្ដ​សាសនិក​ខ្លះ​ដ៏​ស្មោះ​ត្រង់ដែល​ព្រះ​បាន​រើស​តាំង។ ពួក​គាត់​គឺ​ដូច​ជា​ស្រូវ​សាលី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍។ អ្នក​ស្មោះ​ត្រង់​ទាំង​នេះ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ ប៉ុន្ដែ​មិន​សូវ​មាន​អ្នក​ណា​ស្តាប់​អ្វី​ដែល​ពួក​គាត់​និយាយ​ទេ។ (​សូម​អាន ម៉ាថាយ ១៣:២៤, ២៥, ៣៧​-​៣៩) ពួក​គាត់​ពិត​ជា​បាន​ធ្វើ​ជា​ឈ្លើយ​នៃ​បាប៊ីឡូន​មែន!

១០​. ហេតុ​អ្វី​មនុស្ស​ចាប់​ផ្ដើម​សង្ស័យ​អំពី​សេចក្ដី​បង្រៀន​របស់​អ្នក​ដឹក​នាំ​គ្រិស្ដ​សាសនា?

១០ ក្នុង​ប៉ុន្មាន​សតវត្សរ៍​ក្រោយ​កំណើត​លោក​យេស៊ូ​គ្រិស្ដ មនុស្ស​ជា​ច្រើន​នាក់​នៅ​តែ​អាច​អាន​គម្ពីរ​ជា​ភាសា​ក្រិច​ឬ​ភាសា​ឡាតាំង។ ពួក​គេ​អាច​ប្រៀប​ធៀប​សេចក្ដី​បង្រៀន​ពី​បណ្ដាំ​របស់​ព្រះ​ជា​មួយ​នឹង​សេចក្ដី​បង្រៀន​ពី​អ្នក​ដឹក​នាំ​គ្រិស្ដ​សាសនា។ ពេល​មនុស្ស​ខ្លះ​បាន​ដឹង​ថា​សេចក្ដី​បង្រៀន​របស់​អ្នក​ដឹក​នាំ​គ្រិស្ដ​សាសនា​ជា​សេចក្ដី​បង្រៀន​មិន​ពិត ពួក​គេ​លែង​ជឿ​សេចក្ដី​បង្រៀន​នោះ​ទៀត។ ប៉ុន្ដែ ការ​ប្រាប់​អ្នក​ឯទៀត​អំពី​ទស្សនៈ​របស់​ពួក​គេ​គឺ​មាន​គ្រោះ​ថ្នាក់ ហើយ​ថែម​ទាំង​អាច​ត្រូវ​គេ​សម្លាប់។

១១​. តើ​អ្នក​ដឹក​នាំ​គ្រិស្ដ​សាសនា​មាន​អំណាច​យ៉ាង​ណា​លើ​គម្ពីរ?

១១ កាល​ដែល​ពេល​វេលា​បាន​កន្លង​ទៅ មិន​សូវ​មាន​មនុស្ស​ដែល​ចេះ​និយាយ​ភាសា​ក្រិច​ឬ​ភាសា​ឡាតាំង​ឡើយ។ ម្យ៉ាង​ទៀត អ្នក​ដឹក​នាំ​គ្រិស្ដ​សាសនា​មិន​អនុញ្ញាត​ឲ្យ​បក​ប្រែ​បណ្ដាំ​របស់​ព្រះ​ទៅ​ជា​ភាសា​ដែល​មនុស្ស​ជា​ទូ​ទៅ​និយាយ​ទេ។ ជា​លទ្ធផល មាន​តែ​ពួក​បព្វជិត​និង​អ្នក​ខ្លះ​ទៀត​ដែល​មាន​ចំណេះ​ដឹង​ប៉ុណ្ណោះ​ដែល​អាច​អាន​គម្ពីរ ហើយ​សូម្បី​តែ​ពួក​បព្វជិត​ខ្លះ​មិន​អាច​អាន​ឬ​សរសេរ​ស្ទាត់​ឡើយ។ បុគ្គល​ដែល​មិន​យល់​ស្រប​នឹង​សេចក្ដី​បង្រៀន​របស់​អ្នក​ដឹក​នាំ​គ្រិស្ដ​សាសនា​បាន​ត្រូវ​គេ​ដាក់​ទោស​យ៉ាង​ធ្ងន់​ធ្ងរ។ គ្រិស្ដ​សាសនិក​ដ៏​ស្មោះ​ត្រង់​ដែល​ព្រះ​បាន​រើស​តាំង​ត្រូវ​ជួប​ជុំ​គ្នា​ជា​ក្រុម​តូច​ៗ ហើយ​ពួក​គាត់​ខ្លះ​មិន​អាច​ជួប​ជុំ​គ្នា​បាន​ទេ។ ស្រដៀង​នឹង​ជន​ជាតិ​យូដា​ដែល​និរទេស​ទៅ​បាប៊ីឡូន ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ជា​«​សង្ឃ​ដែល​មាន​តំណែង​ជា​ស្ដេច​»​មិន​អាច​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​រៀប​រយ​ទេ។ បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​មាន​អំណាច​លើ​បណ្ដា​ជន​យ៉ាង​ខ្លាំង!

មាន​មូលហេតុ​ដើម្បី​មាន​សេចក្ដី​សង្ឃឹម

១២, ១៣​. តើ​មាន​មូលហេតុ​ពីរ​យ៉ាង​អ្វី​ដែល​គ្រិស្ដ​សាសនិក​ពិត​មាន​សេចក្ដី​សង្ឃឹម​ទទួល​សេរី​ភាព​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា? សូម​ពន្យល់។

១២ តើ​គ្រិស្ដ​សាសនិក​ពិត​នឹង​មាន​សេរី​ភាព​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ដោយ​ឥត​លាក់​លៀម​និង​តាម​របៀប​ដែល​លោក​ពេញ​ចិត្ដ​ឬ​ទេ? គឺ​នឹង​មាន​មែន! មាន​សេចក្ដី​សង្ឃឹម​ខ្លះ ដោយ​សារ​មូលហេតុ​សំខាន់​ពីរ។ មូលហេតុ​ទី១​គឺ​មនុស្ស​បាន​បង្កើត​ម៉ាស៊ីន​បោះ​ពុម្ព​ដែល​អាច​រៀប​អក្សរ​បាន។ មុន​ម៉ាស៊ីន​នោះ​បាន​ត្រូវ​បង្កើត​ឡើង​ប្រហែល​ជា​នៅ​ឆ្នាំ​១៤៥០ គម្ពីរ​បាន​ត្រូវ​ចម្លង​ដោយ​ដៃ នេះ​មិន​ងាយ​ស្រួល​ទេ។ បុគ្គល​ដែល​មាន​ជំនាញ​អាច​ត្រូវ​ការ​ពេល​១០​ខែ​ដើម្បី​សរសេរ​ចម្លង​គម្ពីរ​តែ​មួយ​ច្បាប់​ប៉ុណ្ណោះ! ម្យ៉ាង​ទៀត អ្នក​ចម្លង​បាន​សរសេរ​លើ​ផ្ទាំង​ស្បែក​សត្វ។ ជា​លទ្ធផល មិន​សូវ​មាន​គម្ពីរ​ដែល​បាន​ត្រូវ​ចម្លង ហើយ​គម្ពីរ​ទាំង​នោះ​ថ្លៃ​ណាស់។ ប៉ុន្ដែ ដោយ​មាន​ម៉ាស៊ីន​បោះ​ពុម្ព​និង​ក្រដាស បុគ្គល​ដែល​មាន​ជំនាញ​អាច​បោះ​ពុម្ព​ច្រើន​ជាង​១.៣០០​ទំព័រ​ជា​រៀង​រាល់​ថ្ងៃ!

ការ​បង្កើត​ម៉ាស៊ីន​បោះ​ពុម្ព​និង​ចិត្ដ​ខ្នះ​ខ្នែង​របស់​អ្នក​បក​ប្រែ​គម្ពីរ​ដែល​មាន​ចិត្ដ​ក្លាហាន​បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​អំពី​ការ​រំដោះ​ពី​បាប៊ីឡូន (​សូម​មើល​វគ្គ​១២, ១៣​)

១៣ មូលហេតុ​ទី២​គឺ​ការ​បក​ប្រែ​គម្ពីរ។ ប្រហែល​ជា​នៅ​ឆ្នាំ​១៥០០ បុរស​ក្លាហាន​ប៉ុន្មាន​នាក់​បាន​បក​ប្រែ​បណ្ដាំ​របស់​ព្រះ​ទៅ​ជា​ភាសា​ដែល​មនុស្ស​ជា​ទូ​ទៅ​និយាយ។ ពួក​គាត់​បាន​ធ្វើ​កិច្ច​ការ​នេះ ទោះ​ជា​ពួក​គាត់​ដឹង​ថា​ពួក​គាត់​អាច​ត្រូវ​គេ​សម្លាប់​ក្ដី។ អ្នក​ដឹក​នាំ​គ្រិស្ដ​សាសនា​បាន​ខឹង​យ៉ាង​ខ្លាំង។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​ខ្លាច​ថា​ពេល​បុរស​ស្ដ្រី​ដែល​មាន​ចិត្ដ​ស្មោះ​អាន​គម្ពីរ​ជា​ភាសា​កំណើត​របស់​ខ្លួន ពួក​គេ​នឹង​ចាប់​ផ្ដើម​សួរ​សំណួរ​ដូច​ជា ‹តើ​ខ​គម្ពីរ​ណា​ចែង​ថា​បុគ្គល​ម្នាក់​ត្រូវ​បង់​លុយ​ឲ្យ​បូជា​ចារ្យ​ដើម្បី​ធ្វើ​បុណ្យ​សព? តើ​កន្លែង​ណា​ក្នុង​គម្ពីរ​ដែល​ចែង​អំពី​សម្ដេច​ប៉ាប​និង​អ្នក​ដឹក​នាំ​សាសនា​កាតូលិក?›។ សេចក្ដី​បង្រៀន​មិន​ពិត​ជា​ច្រើន​របស់​អ្នក​ដឹក​នាំ​គ្រិស្ដ​សាសនា​មាន​មូលដ្ឋាន​លើ​ទស្សនវិជ្ជា​របស់​អារីស្តូត​និង​ប្លាតុង​ដែល​ជា​បុរស​ដែល​បាន​រស់​នៅ​រាប់​រយ​ឆ្នាំ​មុន​គ្រិស្ដ។ អ្នក​ដឹក​នាំ​គ្រិស្ដ​សាសនា​បាន​ខឹង​ពេល​មនុស្ស​សួរ​សំណួរ​ពួក​គេ។ បុរស​ស្ដ្រី​ដែល​មិន​ព្រម​ទទួល​សេចក្ដី​បង្រៀន​របស់​ពួក​គេ​បាន​ត្រូវ​កាត់​ទោស​ឲ្យ​ស្លាប់។ អ្នក​ដឹក​នាំ​គ្រិស្ដ​សាសនា​ចង់​ឲ្យ​មនុស្ស​ឈប់​អាន​គម្ពីរ​និង​សួរ​សំណួរ​ផ្សេង​ៗ ហើយ​គោល​ដៅ​របស់​ពួក​គេ​បាន​សម្រេច​ចំពោះ​មនុស្ស​ភាគ​ច្រើន​មែន។ ប៉ុន្ដែ មាន​មនុស្ស​ក្លាហាន​ប៉ុន្មាន​នាក់​ដែល​មិន​ព្រម​នៅ​ក្រោម​អំណាច​របស់​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ ពួក​គាត់​បាន​រក​ឃើញ​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ ហើយ​ពួក​គាត់​ចង់​ដឹង​ថែមទៀត! ការ​រំដោះ​ចេញ​ពី​សាសនា​មិន​ពិត​គឺ​កាន់​តែ​ជិត​ណាស់​ហើយ។

បុរស​ក្លាហាន​ប៉ុន្មាន​នាក់​បាន​បក​ប្រែ​បណ្ដាំ​របស់​ព្រះ​ទៅ​ភាសា​ដែល​មនុស្ស​ជា​ទូ​ទៅ​និយាយ

១៤​. (​ក​) តើ​មនុស្ស​ដែល​ចង់​សិក្សា​គម្ពីរ​បាន​ធ្វើ​អ្វី? (​ខ​) សូម​រៀប​រាប់​អំពី​អ្វី​ដែល​បង​រ៉ាសិល​បាន​ធ្វើ​ដើម្បី​ស្វែង​រក​សេចក្ដី​ពិត។

១៤ មនុស្ស​ជា​ច្រើន​ចង់​អាន​និង​សិក្សា​គម្ពីរ ហើយ​ចង់​និយាយ​អំពី​អ្វី​ដែល​ពួក​គេ​បាន​រៀន។ ពួក​គេ​មិន​ចង់​ឲ្យ​អ្នក​ដឹក​នាំ​សាសនា​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​ពួក​គេ​គួរ​ជឿ​ឡើយ។ ដូច្នេះ ពួក​គេ​បាន​ទៅ​ប្រទេស​ផ្សេង​ដែល​ពួក​គេ​អាច​មាន​សេរី​ភាព​សិក្សា​គម្ពីរ។ ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ​គឺ​សហរដ្ឋ​អាម៉េរិក។ នៅ​ឆ្នាំ​១៨៧០ បង​ប្រុស​ឆាល ថេស រ៉ាសិល​និង​បុគ្គល​ប៉ុន្មាន​នាក់​ទៀត​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​យ៉ាង​ស៊ី​ជម្រៅ។ ដំបូង បង​រ៉ាសិល​ចង់​ដឹង​ថា​សាសនា​មួយ​ណា​បង្រៀន​សេចក្ដី​ពិត។ ដោយ​យក​ចិត្ដ​ទុក​ដាក់ គាត់​បាន​ប្រៀប​ធៀប​អ្វី​ដែល​គម្ពីរ​បាន​ចែង​ជា​មួយ​នឹង​សេចក្ដី​បង្រៀន​របស់​សាសនា​ដែល​គេ​ហៅ​ថា​គ្រិស្ដ​សាសនា​និង​សេចក្ដី​បង្រៀន​របស់​សាសនា​ក្រៅ​ពី​គ្រិស្ដ​សាសនា។ មិន​យូរ​ក្រោយ​មក គាត់​ទទួល​ស្គាល់​ថា​គ្មាន​សាសនា​ណា​មួយ​ក្នុង​ចំណោម​សាសនា​ទាំង​នោះ​ដែល​បាន​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ​ទាំង​ស្រុង​ឡើយ។ បង​រ៉ាសិល​បាន​និយាយ​ជា​មួយ​នឹង​អ្នក​ដឹក​នាំ​ខ្លះ​នៃ​គ្រិស្ដ​សាសនា​នៅ​តំបន់​របស់​គាត់ ដោយ​សង្ឃឹម​ថា​ពួក​គេ​នឹង​ទទួល​យក​សេចក្ដី​ពិត​ដែល​គាត់​និង​ក្រុម​របស់​គាត់​បាន​រក​ឃើញ​ពី​គម្ពីរ ហើយ​បង្រៀន​សេចក្ដី​ពិត​ទាំង​នោះ​ដល់​សមាជិក​វិហារ​របស់​ពួក​គេ។ ប៉ុន្ដែ ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ​មិន​ចាប់​អារម្មណ៍​ទេ។ មិន​យូរ​ប៉ុន្មាន និស្សិត​គម្ពីរ​បាន​យល់​ថា​ពួក​គាត់​មិន​អាច​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ជា​សមាជិក​សាសនា​មិន​ពិត​ឡើយ។—សូម​អាន កូរិនថូស​ទី២ ៦:១៤

១៥​. (​ក​) តើ​គ្រិស្ដ​សាសនិក​ពិត​បាន​ទៅ​ជា​ឈ្លើយ​នៃ​បាប៊ីឡូន​នៅ​ពេល​ណា? (​ខ​) នៅ​អត្ថបទ​បន្ទាប់ តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ?

១៥ នៅ​ក្នុង​អត្ថបទ​នេះ យើង​បាន​រៀន​ថា​គ្រិស្ដ​សាសនិក​ពិត​បាន​ទៅ​ជា​ឈ្លើយ​នៃ​បាប៊ីឡូន មិន​យូរ​ក្រោយ​ពី​សាវ័ក​ចុង​ក្រោយ​បាន​ស្លាប់។ ប៉ុន្ដែ យើង​នៅ​តែ​ត្រូវ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​នេះ​៖ តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ក្នុង​ប៉ុន្មាន​ឆ្នាំ​មុន​ឆ្នាំ​១៩១៤ ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​កំពុង​ញែក​ខ្លួន​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា? តើ​គឺ​ជា​ការ​ពិត​ឬ​ទេ ដែល​ថា​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១ ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ដ​នឹង​អ្នក​បម្រើ​របស់​លោក​ដោយ​សារ​ពួក​គេ​បាន​បន្ថយ​សកម្មភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ? ក្នុង​អំឡុង​ពេល​នោះ តើ​បង​ប្អូន​ខ្លះ​របស់​យើង​បាន​បោះ​បង់​គោល​ជំហរ​អព្យាក្រឹត​ជា​គ្រិស្ដ​សាសនិក ហើយ​លែង​ទទួល​ការ​ពេញ​ចិត្ដ​ពី​ព្រះ​យេហូវ៉ា​ឬ​ទេ? បើ​គ្រិស្ដ​សាសនិក​បាន​ទៅ​ជា​ឈ្លើយ​នៃ​សាសនា​មិន​ពិត​ក្រោយ​ពី​ពួក​សាវ័ក​ស្លាប់ តើ​ពួក​គេ​បាន​ត្រូវ​រំដោះ​នៅ​ពេល​ណា? សំណួរ​ទាំង​នេះ​គឺ​ល្អ​ណាស់ ហើយ​នឹង​ត្រូវ​ឆ្លើយ​ក្នុង​អត្ថបទ​បន្ទាប់។