លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​ចូរ​បំផុស​ទឹក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ​»​

​«​ចូរ​បំផុស​ទឹក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ​»​

​«​ប្រសិន​បើ​មាន​អ្វី​ដែល​អាច​និយាយ​លើក​ទឹក​ចិត្ដ​បណ្ដា​ជន សូម​ប្រាប់​មក​»។—សកម្មភាព ១៣:១៥

ចម្រៀង​លេខ: ៥៣, ៤៥

១, ២​. ហេតុ​អ្វី​ការ​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត​គឺ​សំខាន់?

ប្អូន​ស្រី​គ្រីស្ទីណា​ដែល​មាន​អាយុ​១៨​ឆ្នាំ​និយាយ​ថា​៖ ​«​ឪ​ពុក​ម្ដាយ​ខ្ញុំ​កម្រ​លើក​ទឹក​ចិត្ដ​ខ្ញុំ​ណាស់ តែ​ពួក​គាត់​ច្រើន​តែ​រិះ​គន់​ខ្ញុំ។ ម្យ៉ាង​ទៀត ពាក្យ​សម្ដី​របស់​ពួក​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ដ​មែន​ទែន។ ពួក​គាត់​និយាយ​ថា ខ្ញុំ​គ្មាន​ភាព​ចាស់​ទុំ ថា​ខ្ញុំ​នឹង​មិន​ចេះ​រៀន​ឲ្យ​មាន​ភាព​ចាស់​ទុំ ហើយ​ថា​ខ្ញុំ​ធាត់។ ដូច្នេះ​ខ្ញុំ​យំ​ច្រើន ហើយ​មិន​ចង់​និយាយ​ជា​មួយ​នឹង​ពួក​គាត់​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​គ្មាន​តម្លៃ​សោះ​»។  [១] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​) ជីវិត​ដែល​គ្មាន​ការ​លើក​ទឹក​ចិត្ដ​គឺ​ពិបាក​ណាស់!

សូម​គិត​ថា​យើង​អាច​ជួយ​អ្នក​ឯ​ទៀត​ច្រើន​យ៉ាង​ណា ពេល​យើង​លើក​ទឹក​ចិត្ដ​ពួក​គេ។ បង​ប្រុស​រូបេន​និយាយ​ថា​៖ ​«​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​តយុទ្ធ​នឹង​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ។ ប៉ុន្ដែ នៅ​ពេល​មួយ​ដែល​ខ្ញុំ​កំពុង​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​អ្នក​ចាស់​ទុំ​ម្នាក់ គាត់​បាន​ឃើញ​ថា​ថ្ងៃ​នោះ​ខ្ញុំ​មាន​អារម្មណ៍​មិន​សូវ​ល្អ។ គាត់​បាន​ស្តាប់​ខ្ញុំ​ដោយ​អាណិត​អាសូរ​កាល​ដែល​ខ្ញុំ​និយាយ​ពី​អារម្មណ៍​របស់​ខ្ញុំ។ បន្ទាប់​មក គាត់​បាន​រំលឹក​ខ្ញុំ​អំពី​អ្វី​ល្អ​ៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ។ គាត់​ក៏​បាន​រំលឹក​ខ្ញុំ​ដែរ​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា យើង​ម្នាក់​ៗ​មាន​តម្លៃ​ជាង​ចាប​ពូក​ជា​ច្រើន។ ខ្ញុំ​ច្រើន​តែ​នឹក​ចាំ​បទ​គម្ពីរ​នោះ ហើយ​បទ​គម្ពីរ​នោះ​នៅ​តែ​មាន​ឥទ្ធិពល​មក​លើ​ចិត្ដ​ខ្ញុំ។ ពាក្យ​សម្ដី​របស់​អ្នក​ចាស់​ទុំ​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ខុស​ពី​មុន​ឆ្ងាយ​ណាស់​»។—ម៉ាថាយ ១០:៣១

៣​. (​ក​) តើ​សាវ័ក​ប៉ូល​បាន​និយាយ​អ្វី​អំពី​ការ​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត? (​ខ​) នៅ​អត្ថបទ​នេះ តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ?

គម្ពីរ​ចែង​ថា​យើង​ត្រូវ​លើក​ទឹក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ទៀង​ទាត់។ សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ដ​សាសនិកជន​ជាតិ​ហេប្រឺ​ថា​៖ ​«​បង​ប្អូន​អើយ ចូរ​ប្រុង​ប្រយ័ត្ន ក្រែង​លោ​អ្នក​រាល់​គ្នា​ណា​ម្នាក់​មាន​ចិត្ដ​ទុច្ចរិត​ដែល​គ្មាន​ជំនឿ ដោយ​សារ​ថយ​ចេញ​ពី​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ប៉ុន្ដែ​ចូរ​បំផុស​ទឹក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ​»។ ប៉ូល​បាន​ពន្យល់​អំពី​មូលហេតុ​ដោយ​ថា​៖ ​«​ក្រែង​លោ​អ្នក​រាល់​គ្នា​ណា​ម្នាក់​ក្លាយ​ទៅ​ជា​មនុស្ស​រឹង​ចចេស​ដោយ​សារ​ការ​ល្បួង​នៃ​ភាព​ខុស​ឆ្គង​»។ (​ហេប្រឺ ៣:១២, ១៣​) សូម​គិត​ថា​អ្នក​សប្បាយ​យ៉ាង​ណា ពេល​ដែល​អ្នក​ណា​ម្នាក់​លើក​ទឹក​ចិត្ដ​អ្នក។ ដូច្នេះ តើ​យើង​មាន​មូលហេតុ​អ្វី​ខ្លះ​ដើម្បី​លើក​ទឹក​ចិត្ដ​បង​ប្អូន​របស់​យើង? តើ​យើង​អាច​រៀន​អ្វី​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​ប៉ូល​បាន​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត? ម្យ៉ាង​ទៀត តើ​យើង​អាច​លើក​ទឹក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​របៀប​ណា​ខ្លះ? សូម​យើង​ពិចារណា​សំណួរ​ទាំង​នេះ។

យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ

៤​. តើ​អ្នក​ណា​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ? សព្វ​ថ្ងៃ​នេះ ហេតុ​អ្វី​មនុស្ស​ភាគ​ច្រើន​មិន​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត?

យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ។ ជា​ពិសេស កូន​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ​ពី​ឪ​ពុក​ម្ដាយ​របស់​ពួក​គេ។ ធីម៉ូថេ អេវិន​ដែល​ជា​គ្រូ​បង្រៀន​ម្នាក់​ពន្យល់​ថា​កូន​ៗ​«​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ​ដូច​ជា​រុក្ខជាតិ​ត្រូវ​ការ​ទឹក​»។ គាត់​បន្ថែម​ថា​៖ ​«​ពេល​ទទួល​ការ​លើក​ទឹក​ចិត្ដ កូន​មាន​អារម្មណ៍​ថា​ខ្លួន​មាន​ប្រយោជន៍​និង​មាន​តម្លៃ​»។ ប៉ុន្ដែ ដោយ​សារ​យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ មនុស្ស​ជា​ច្រើន​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​មិន​សូវ​មាន​«​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស​»​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ។ (​ធីម៉ូថេ​ទី២ ៣:១​-​៥​) ឪ​ពុក​ម្ដាយ​ខ្លះ​មិន​លើក​ទឹក​ចិត្ដ​កូន ដោយ​សារ​ឪ​ពុក​ម្ដាយ​របស់​ពួក​គាត់​ក៏​មិន​ដែល​លើក​ទឹក​ចិត្ដ​ពួក​គាត់​ដែរ។ មនុស្ស​ពេញ​វ័យ​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ​ដែរ ប៉ុន្ដែ​ពួក​គេ​មិន​សូវ​ទទួល​ការ​លើក​ទឹក​ចិត្ដ​នោះ​ទេ។ ជា​ឧទាហរណ៍ មនុស្ស​ជា​ច្រើន​ត្អូញត្អែរ​ថា​ពួក​គេ​មិន​ដែល​ទទួល​ការ​សរសើរ​ចំពោះ​អ្វី​ដែល​ពួក​គេ​ធ្វើ​នៅ​កន្លែង​ធ្វើ​ការ​ឡើយ។

ចូរ​សរសើរ​អ្នក​ឯ​ទៀត​ចំពោះ​អ្វី​ល្អ​ដែល​ពួក​គេ​បាន​ធ្វើ

៥​. តើ​យើង​អាច​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត​តាម​របៀប​ណា​ខ្លះ?

យើង​អាច​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត​ដោយ​សរសើរ​ពួក​គេ​ចំពោះ​អ្វី​ល្អ​ដែល​ពួក​គេ​បាន​ធ្វើ។ យើង​ក៏​អាច​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត​ដោយ​លើក​ឡើង​អំពី​គុណ​សម្បត្ដិ​ដែល​ពួក​គេ​មាន ហើយ​ដោយ​សម្រាល​ទុក្ខ​ពួក​គេ​ពេល​ដែល​ពួក​គេ​ពិបាក​ចិត្ដ​ឬ​ធ្លាក់​ទឹក​ចិត្ដ។ (​ថែស្សាឡូនិច​ទី១ ៥:១៤​) ដោយ​សារ​យើង​ច្រើន​តែ​នៅ​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង នោះ​យើង​មាន​ឱកាស​ជា​ច្រើន​ដើម្បី​និយាយ​អ្វី​ដែល​លើក​ទឹក​ចិត្ដ​ពួក​គេ។ (​សូម​អាន សាស្តា ៤:៩, ១០) ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​មូលហេតុ​ដែល​ខ្ញុំ​ស្រឡាញ់​និង​ឲ្យ​តម្លៃ​ពួក​គេ​ឬ​ទេ? ម្យ៉ាង​ទៀត តើ​ខ្ញុំ​ធ្វើ​ដូច្នេះ​នៅ​ពេល​ណា​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ឬ​ទេ?›។ សូម​ពិចារណា​អំពី​អ្វី​ដែល​គម្ពីរ​ចែង ដែល​ថា​៖ ​«​ពាក្យ​១​ម៉ាត់​ដែល​នឹង​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎!​»។—សុភាសិត ១៥:២៣

៦​. ហេតុ​អ្វី​សាថាន​ចង់​ធ្វើ​ឲ្យ​រាស្ដ្រ​របស់​ព្រះ​ធ្លាក់​ទឹក​ចិត្ដ? សូម​លើក​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​វា​បាន​ព្យាយាម​ធ្វើ​ដូច្នេះ។

សុភាសិត ២៤:១០​ចែង​ថា​៖ ​«​បើ​ឯង​អន់​ថយ​ក្នុង​ថ្ងៃ​លំបាក នោះ​ឈ្មោះ​ថា​ឯង​មាន​កំឡាំង​តិច​ទេ​»។ សាថាន​ដឹង​ថា​បើ​វា​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ដ វា​អាច​ធ្វើ​ឲ្យ​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ។ វា​បាន​ព្យាយាម​ធ្វើ​ឲ្យ​យ៉ូប​ធ្លាក់​ទឹក​ចិត្ដ​ដោយ​បណ្ដាល​ឲ្យ​គាត់​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។ ប៉ុន្ដែ​គម្រោង​ការ​ដ៏​ឃោរ​ឃៅ​របស់​សាថាន​បាន​បរាជ័យ។ យ៉ូប​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ (​យ៉ូប ២:៣; ២២:៣; ២៧:៥​) យើង​ក៏​អាច​តយុទ្ធ​នឹង​សាថាន​ដែរ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​វា​មិន​ទទួល​ជោគ​ជ័យ។ បើ​យើង​បន្ដ​លើក​ទឹក​ចិត្ដ​សមាជិក​ក្រុម​គ្រួសារ​និង​បង​ប្អូន​របស់​យើង​ក្នុង​ក្រុម​ជំនុំ នោះ​យើង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​មាន​ចិត្ដ​សប្បាយ​រីក​រាយ​និង​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។

គំរូ​ដែល​យើង​អាច​ធ្វើ​តាម

៧, ៨​. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ដ​មនុស្ស​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​តាម​របៀប​ណា​ឪ​ពុក​ម្ដាយ​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ដ​មនុស្ស។ អ្នក​តែង​ទំនុក​តម្កើង​បាន​សរសេរ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក​ដែល​មាន​ចិត្ដ​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​មាន​វិញ្ញាណ​ទន់​ទាប​»​ឬ​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ដ។ (​ទំនុក​តម្កើង ៣៤:១៨​) ពេល​យេរេមា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ភ័យ​ខ្លាច​និង​ធ្លាក់​ទឹក​ចិត្ដ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​ជួយ​គាត់។ (​យេរេមា ១:៦​-​១០​) ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​មួយ​រូប​ឲ្យ​មក​ពង្រឹង​កម្លាំង​ចិត្ដ​ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​វ័យ​ចាស់​ម្នាក់។ ទេវតា​នោះ​បាន​ហៅ​ដានីយ៉ែល​ថា ​«​អ្នក​សំណប់​យ៉ាង​សំខាន់​»។ (​ដានីយ៉ែល ១០:៨, ១១, ១៨, ១៩​) តាម​របៀប​ស្រដៀង​គ្នា​នេះ តើ​អ្នក​អាច​លើក​ទឹក​ចិត្ដ​បង​ប្អូន​ឯ​ទៀត​រួម​ទាំង​អ្នក​ត្រួស​ត្រាយ​និង​អ្នក​វ័យ​ចាស់​ដែល​មិន​អាច​ធ្វើ​ច្រើន​ដូច​ដែល​ពួក​គាត់​ធ្លាប់​ធ្វើ​ឬ​ទេ?

ឪ​ពុក​ម្ដាយ​ទាំង​ឡាយ ចូរ​ជួយ​កូន​របស់​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ល្បង​ល​ចំពោះ​ចិត្ដ​ស្មោះ​គ្រប់​លក្ខណៈ​នៅ​ឯ​សាលា

ទោះ​ជា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​នៅ​ជា​មួយ​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្ដី ព្រះ​យេហូវ៉ា​ដឹង​ថា​លោក​នៅ​តែ​ត្រូវ​លើក​ទឹក​ចិត្ដ​បុត្រ​របស់​លោក ពេល​លោក​យេស៊ូ​នៅ​ផែន​ដី។ ពេល​ដែល​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​នៅ​ក្នុង​អំឡុង​ឆ្នាំ​ចុង​ក្រោយ​របស់​លោក​នៅ​ផែន​ដី លោក​បាន​ឮ​បិតា​លោក​មាន​ប្រសាសន៍​ពី​ស្ថាន​សួគ៌។ នៅ​ពេល​ពីរ​ដង ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នេះ​ជា​បុត្រ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​ទី​ពេញ​ចិត្ដ​ខ្ញុំ​ណាស់​»។ (​ម៉ាថាយ ៣:១៧; ១៧:៥​) លោក​យេស៊ូ​ប្រាកដ​ជា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ដ​យ៉ាង​ខ្លាំង ពេល​លោក​បាន​ឮ​បិតា​លោក​មាន​ប្រសាសន៍​ថា​បិតា​លោក​ស្រឡាញ់​និង​ពេញ​ចិត្ដ​លោក។ ក្រោយ​មក នៅ​យប់​មុន​លោក​ស្លាប់ លោក​យេស៊ូ​ពិបាក​ចិត្ដ​ខ្លាំង​ណាស់។ ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ដ​លោក​ដោយ​ចាត់​ទេវតា​មួយ​រូប​ឲ្យ​មក​ពង្រឹង​កម្លាំង​ចិត្ដ​និង​សម្រាល​ទុក្ខ​លោក។ (​លូកា ២២:៤៣​) ឪ​ពុក​ម្ដាយ​ទាំង​ឡាយ អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​ដោយ​លើក​ទឹក​ចិត្ដ​កូន​របស់​អ្នក​ជា​រឿយ​ៗ។ ចូរ​សរសើរ​ពួក​គេ​ពេល​ដែល​ពួក​គេ​ធ្វើ​អ្វី​ល្អ។ ម្យ៉ាង​ទៀត ពេល​ពួក​គេ​មាន​ការ​ល្បង​ល​ចំពោះ​ចិត្ដ​ស្មោះ​គ្រប់​លក្ខណៈ​នៅ​ឯ​សាលា សូម​ព្យាយាម​អស់​ពី​សមត្ថភាព​របស់​អ្នក​ដើម្បី​ពង្រឹង​កម្លាំង​ចិត្ដ​ពួក​គេ​និង​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ។

៩​. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​របៀប​ដែល​លោក​យេស៊ូ​ប្រព្រឹត្ដ​ចំពោះ​សាវ័ក​របស់​លោក?

លោក​យេស៊ូ​ក៏​បាន​ទុក​គំរូ​ល្អ​សម្រាប់​យើង​ដែរ។ នៅ​យប់​មុន​លោក​ស្លាប់ លោក​យេស៊ូ​បាន​លាង​ជើង​ឲ្យ​ពួក​សាវ័ក​របស់​លោក ហើយ​ប្រាប់​ពួក​គេ​ថា​ការ​មាន​ចិត្ដ​រាប​ទាប​គឺ​សំខាន់​ណាស់។ ប៉ុន្ដែ ពួក​គេ​មាន​អំណួត ហើយ​បាន​ឈ្លោះ​ប្រកែក​គ្នា​អំពី​អ្នក​ណា​ដែល​ធំ​ជាង​គេ ហើយ​ពេត្រុស​បាន​អួត​ថា​គាត់​នឹង​មិន​បោះ​បង់​ចោល​លោក​យេស៊ូ​ឡើយ។ (​លូកា ២២:២៤, ៣៣, ៣៤​) ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ លោកយេស៊ូ​មិន​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​កំហុស​របស់​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​សរសើរ​ពួក​គេ​ដោយ​សារ​ពួក​គេ​នៅ​ស្មោះ​ត្រង់​នឹង​លោក។ លោក​បាន​សន្យា​នឹង​ពួក​គេ​ថា​ពួក​គេ​នឹង​ធ្វើ​អ្វី​ៗ​ដ៏​អស្ចារ្យ​ជាង​លោក ហើយ​លោក​បាន​ពង្រឹង​ទំនុក​ចិត្ដ​របស់​ពួក​គេ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គេ។ (​លូកា ២២:២៨; យ៉ូហាន ១៤:១២; ១៦:២៧​) យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ដោយ​សរសើរ​អ្នក​ឯ​ទៀត​ចំពោះ​គុណ​សម្បត្ដិ​របស់​ពួក​គេ​ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​កំហុស​របស់​ពួក​គេ​ឬ​ទេ?›។

១០, ១១​. តើ​ប៉ូល​បាន​លើក​ទឹក​ចិត្ដ​បង​ប្អូន​របស់​គាត់​យ៉ាង​ដូច​ម្ដេច ហើយ​តើ​គាត់​សុខ​ចិត្ដ​ធ្វើ​អ្វី?

១០ សាវ័ក​ប៉ូល​ច្រើន​តែ​និយាយ​អ្វី​ល្អ​អំពី​បង​ប្អូន​រួម​ជំនឿ។ អស់​ជា​ច្រើន​ឆ្នាំ គាត់​បាន​ធ្វើ​ដំណើរ​ជា​មួយ​នឹង​បង​ប្អូន​ខ្លះ ហើយ​បាន​ស្គាល់​ពួក​គេ​យ៉ាង​ច្បាស់ ប៉ុន្ដែ​គាត់​មិន​បាន​សរសេរ​អំពី​កំហុស​របស់​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​សរសើរ​ពួក​គេ។ ជា​ឧទាហរណ៍ ប៉ូល​បាន​និយាយ​ថា​ធីម៉ូថេ​ជា‹កូន​ដ៏​ស្មោះ​ត្រង់​និង​ជា​ទី​ស្រឡាញ់​របស់​គាត់​ក្នុង​លោក​ម្ចាស់› ហើយ​ថា​គាត់​មាន​ទំនុក​ចិត្ដ​ថា​ធីម៉ូថេ​នឹង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត។ (​កូរិនថូស​ទី១ ៤:១៧; ភីលីព ២:១៩, ២០​) ប៉ូល​បាន​ប្រាប់​គ្រិស្ដ​សាសនិក​នៅ​ក្រុង​កូរិនថូស​ថា​ទីតុស​ជា​អ្នក​ដែល‹រួម​ចំណែក​ជា​មួយ​នឹង​គាត់ ហើយ​ជា​អ្នក​រួម​ធ្វើ​ការ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ប្រយោជន៍›។ (​កូរិនថូស​ទី២ ៨:២៣​) ធីម៉ូថេ​និង​ទីតុស​ប្រាកដ​ជា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ដ​ពេល​ដែល​ពួក​គាត់​បាន​ដឹង​អំពី​គំនិត​របស់​ប៉ូល​ចំពោះ​ពួក​គាត់!

១១ ប៉ូល​និង​បាណាបាស​ដែល​ជា​ដៃ​គូ​របស់​គាត់​បាន​ប្រថុយ​ជីវិត​ដើម្បី​លើក​ទឹក​ចិត្ដ​បង​ប្អូន​របស់​ពួក​គាត់។ ជា​ឧទាហរណ៍ ពួក​គាត់​បាន​ដឹង​ថា​មនុស្ស​ជា​ច្រើន​នៅ​ក្រុង​លីស្ត្រា​ចង់​សម្លាប់​ពួក​គាត់។ ប៉ុន្ដែ ពួក​គាត់​នៅ​តែ​ត្រឡប់​ទៅ​ក្រុង​នោះ​វិញ​ដើម្បី​លើក​ទឹក​ចិត្ដ​អ្នក​កាន់​តាម​ថ្មី ហើយ​ជួយ​ពួក​គេ​ឲ្យ​នៅ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ (​សកម្មភាព ១៤:១៩​-​២២​) ក្រោយ​មក នៅ​ក្រុង​អេភេសូរ​ប៉ូល​បាន​ប្រឈម​មុខ​នឹង​មនុស្ស​មួយ​ក្រុម​ដែល​ខឹង ប៉ុន្ដែ​គាត់​នៅ​តែ​បាន​លើក​ទឹក​ចិត្ដ​បង​ប្អូន។ សកម្មភាព ២០:១, ២​ចែង​ថា​៖ ​«​ប៉ូល​ហៅ​ពួក​អ្នក​កាន់​តាម​មក។ គាត់​លើក​ទឹក​ចិត្ដ​និង​លា​ពួក​គាត់ រួច​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន។ បន្ទាប់​ពី​គាត់​ធ្វើ​ដំណើរ​កាត់​តំបន់​នោះ ព្រម​ទាំង​លើក​ទឹក​ចិត្ដ​ពួក​អ្នក​កាន់​តាម​ដែល​នៅ​ទី​នោះ​ដោយ​ពាក្យ​ជា​ច្រើន គាត់​ក៏​ចូល​ស្រុក​ក្រិច​»។

ចូរ​លើក​ទឹក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក

១២​. ហេតុ​អ្វី​ជា​ការ​ល្អ​ដែល​យើង​ចូល​រួម​កិច្ច​ប្រជុំ?

១២ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ នេះ​ជា​មូលហេតុ​ដែល​លោក​ប្រាប់​យើង​ឲ្យ​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់។ នៅ​កិច្ច​ប្រជុំ​របស់​យើង យើង​រៀន​អំពី​លោក​និង​លើក​ទឹក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក។ (​កូរិនថូស​ទី១ ១៤:៣១; សូម​អាន ហេប្រឺ ១០:២៤, ២៥) ប្អូន​គ្រីស្ទីណា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ និយាយ​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ដ​បំផុត​នៅ​កិច្ច​ប្រជុំ​គឺ​សេចក្ដី​ស្រឡាញ់​និង​ការ​លើក​ទឹក​ចិត្ដ​ដែល​ខ្ញុំ​ទទួល​នៅ​ទី​នោះ។ ជួន​កាល ខ្ញុំ​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ដ​ពេល​ខ្ញុំ​មក​ដល់​សាល​ប្រជុំ។ ប៉ុន្ដែ ក្រោយ​មក​បង​ប្អូន​ស្រី​ដើរ​មក​ជួប​ខ្ញុំ ឱប​ខ្ញុំ ហើយ​សរសើរ​ខ្ញុំ​ថា​ខ្ញុំ​ស្អាត​ណាស់។ ពួក​គាត់​ប្រាប់​ខ្ញុំ​ថា​ពួក​គាត់​ស្រឡាញ់​ខ្ញុំ ហើយ​សប្បាយ​រីក​រាយ​ពេល​ឃើញ​ខ្ញុំ​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ការ​លើក​ទឹក​ចិត្ដ​ពី​ពួក​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង​ឆ្ងាយ​ណាស់!​»។ គឺ​សំខាន់​ណាស់​ដែល​យើង​ម្នាក់​ៗ​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត!—រ៉ូម ១:១១, ១២

១៣​. ហេតុ​អ្វី​សូម្បី​តែ​ពួក​អ្នក​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​យូរ​ហើយ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ?

១៣ សូម្បី​តែ​ពួក​អ្នក​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​យូរ​ហើយ​ក្ដី ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ​ដែរ។ សូម​គិត​អំពី​យ៉ូស្វេ។ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ជិត​ចូល​ទៅ​ស្រុក​ដែល​ព្រះ​បាន​សន្យា ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​យ៉ូស្វេ​ឲ្យ​ដឹក​នាំ​ពួក​គេ។ ក៏​ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​ឲ្យ​លើក​ទឹកចិត្ដ​យ៉ូស្វេ ទោះ​ជា​យ៉ូស្វេ​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​ក្ដី។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ត្រូវ​ឲ្យ​បង្គាប់​យ៉ូស្វេ​វិញ ព្រម​ទាំង​កំឡា​ចិត្ដ​គាត់ ហើយ​ចំរើន​កំឡាំង​ដល់​គាត់​ផង ដ្បិត​ត្រូវ​ឲ្យ​គាត់​ឆ្លង​នាំ​មុខ​បណ្ដា​ជន​ទាំង​នេះ​ទៅ​ឲ្យ​គេ​បាន​ទទួល​ស្រុក​ដែល​ឯង​នឹង​មើល​ឃើញ​នោះ​ទុក​ជា​មរដក​របស់​គេ​»។ (​ចោទិយកថា ៣:២៧, ២៨​) យ៉ូស្វេ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ។ ហេតុ​អ្វី? ពី​ព្រោះ​ក្រោយ​មក​ប្រជា​ជាតិ​អ៊ីស្រាអែល​នឹង​មាន​ការ​ប្រយុទ្ធ​ជា​ច្រើន ហើយ​ថែម​ទាំង​ចាញ់​ក្នុង​ការ​ប្រយុទ្ធ​យ៉ាង​ហោច​ណាស់​ម្ដង។ (​យ៉ូស្វេ ៧:១​-​៩​) សព្វ​ថ្ងៃ​នេះ យើង​អាច​លើក​ទឹក​ចិត្ដ​ពួក​អ្នក​ចាស់​ទុំ​និង​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ដែល​ខំ​ព្យាយាម​ថែ​រក្សា​រាស្ដ្រ​របស់​ព្រះ។ (​សូម​អាន ថែស្សាឡូនិច​ទី១ ៥:១២, ១៣) អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្នាក់​បាន​និយាយ​ថា​៖ ​«​ជួន​កាល​បង​ប្អូន​សរសេរ​សំបុត្រ​អរគុណ​ដែល​ថា​ពួក​គាត់​ចូល​ចិត្ដ​ទស្សនកិច្ច​របស់​យើង។ យើង​រក្សា​ទុក​សំបុត្រ​ទាំង​នោះ ហើយ​ពេល​ដែល​យើង​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ដ យើង​យក​សំបុត្រ​ទាំង​នោះ​មក​អាន។ សំបុត្រ​ទាំង​នោះ​ពិត​ជា​លើក​ទឹក​ចិត្ដ​យើង​មែន​»។

យើង​ជួយ​កូន​របស់​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ពេល​យើង​លើក​ទឹក​ចិត្ដ​ពួក​គេ​យ៉ាង​កក់​ក្ដៅ (​សូម​មើល​វគ្គ​១៤​)

១៤​. តើ​គំរូ​អ្វី​ខ្លះ​បង្ហាញ​ថា​ការ​សរសើរ​អ្នក​ឯ​ទៀត​ពេល​យើង​ផ្ដល់​ឱវាទ​ដល់​ពួក​គេ គឺ​ជា​ការ​ល្អ?

១៤ មាន​ពេល​មួយ​ដែល​សាវ័ក​ប៉ូល​ត្រូវ​ផ្ដល់​ឱវាទ​ឲ្យ​គ្រិស្ដ​សាសនិក​នៅ​ក្រុង​កូរិនថូស។ ពេល​ពួក​គេ​បាន​ធ្វើ​តាម​ឱវាទ​នោះ ប៉ូល​បាន​សរសើរ​ពួក​គេ។ (​កូរិនថូស​ទី២ ៧:៨​-​១១​) ពាក្យ​សម្ដី​របស់​គាត់​ប្រាកដ​ជា​បាន​លើក​ទឹក​ចិត្ដ​ពួក​គេ​ឲ្យ​បន្ដ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ សព្វ​ថ្ងៃ​នេះ ពួក​អ្នក​ចាស់​ទុំ​និង​ឪ​ពុក​ម្ដាយ​អាច​ធ្វើ​តាម​គំរូ​របស់​ប៉ូល។ បង​ប្រុស​អាន់ដ្រេអាស​ដែល​មាន​កូន​ពីរ​នាក់​និយាយ​ថា​៖ ​«​ការ​លើក​ទឹក​ចិត្ដ​ជួយ​កូន​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​និង​ទៅ​ជា​មនុស្ស​ដែល​មាន​ភាព​ចាស់​ទុំ។ ពេល​យើង​ផ្ដល់​ឱវាទ​ដោយ​ការ​លើក​ទឹក​ចិត្ដ នោះ​ឱវាទ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព។ ទោះ​ជា​កូន​របស់​យើង​ស្គាល់​អ្វី​ដែល​ត្រឹម​ត្រូវ​ក្ដី ពេល​យើង​តែង​តែ​លើក​ទឹក​ចិត្ដ​ពួក​គេ នោះ​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ក្លាយ​ទៅ​ជា​ទម្លាប់​របស់​ពួក​គេ​»។

របៀប​ដែល​អ្នក​អាច​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត

១៥​. តើ​អ្វី​ជា​វិធី​មួយ​ដែល​យើង​អាច​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត?

១៥ ចូរ​ប្រាប់​បង​ប្អូន​ថា​អ្នក​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​គុណ​សម្បត្ដិ​និង​ការ​ខំ​ប្រឹង​ព្យាយាម​របស់​ពួក​គាត់។ (​របា​ក្សត្រ​ទី២ ១៦:៩; យ៉ូប ១:៨​) បើ​យើង​ធ្វើ​ដូច្នេះ យើង​យក​តម្រាប់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ លោក​ទាំង​ពីរ​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ធ្វើ​សម្រាប់​ពួក​លោក ទោះ​ជា​យើង​មិន​អាច​ធ្វើ​ច្រើន​ដូច​ដែល​យើង​ចង់​ធ្វើ​ក៏​ដោយ។ (​សូម​អាន លូកា ២១:១​-​៤; កូរិនថូស​ទី២ ៨:១២) ជា​ឧទាហរណ៍ យើង​ដឹង​ថា​បង​ប្អូន​វ័យ​ចាស់​ជា​ទី​ស្រឡាញ់​របស់​យើង​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​និង​ទៅ​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់។ តើ​យើង​លើក​ទឹក​ចិត្ដ​និង​សរសើរ​ពួក​គាត់​ចំពោះ​ការ​ខំ​ប្រឹង​របស់​ពួក​គាត់​ឬ​ទេ?

១៦​. តើ​យើង​អាច​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត​នៅ​ពេល​ណា?

១៦ ចូរ​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។ ពេល​ដែល​អ្នក​កត់​សម្គាល់​ឃើញ​ថា​បុគ្គល​ម្នាក់​បាន​ធ្វើ​អ្វី​មួយ​យ៉ាង​ល្អ សូម​កុំ​ភ្លេច​សរសើរ​គាត់។ ពេល​ប៉ូល​និង​បាណាបាស​នៅ​ក្រុង​អាន់ទីយ៉ូក​នា​តំបន់​ពីស៊ីឌា ពួក​អ្នក​ទទួល​ខុស​ត្រូវ​នៅ​សាលា​ប្រជុំ​បាន​ប្រាប់​ពួក​គាត់​ថា​៖ ​«​បង​ប្អូន​អើយ ប្រសិន​បើ​មាន​អ្វី​ដែល​អាច​និយាយ​លើក​ទឹក​ចិត្ដ​បណ្ដា​ជន សូម​ប្រាប់​មក​»។ ប៉ូល​បាន​ប្រើ​ឱកាស​នោះ​ដើម្បី​លើក​ទឹក​ចិត្ដ​បណ្ដា​ជន។ (​សកម្មភាព ១៣:១៣​-​១៦, ៤២​-​៤៤​) ពេល​យើង​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត មនុស្ស​នឹង​ទំនង​ជា​លើក​ទឹក​ចិត្ដ​យើង​ដែរ។—លូកា ៦:៣៨

១៧​. តើ​អ្វី​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​សរសើរ​អ្នក​ឯ​ទៀត?

១៧ ចូរ​សរសើរ​ចំ​ៗ។ ពេល​លោក​យេស៊ូ​បាន​សរសើរ​គ្រិស្ដ​សាសនិក​នៅ​ក្រុង​ធាទេរ៉ា លោក​បាន​សរសើរ​យ៉ាង​ចំ​ៗ​ដោយ​ប្រាប់​អំពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​យ៉ាង​ល្អ។ (​សូម​អាន ការ​បើក​បង្ហាញ ២:១៨, ១៩) តើ​យើង​អាច​យក​តម្រាប់​លោក​យ៉ាង​ដូច​ម្ដេច? ប្រហែល​ជា​យើង​អាច​សរសើរ​ម្ដាយ​ដែល​គ្មាន​គូ​អំពី​របៀប​ដែល​គាត់​ចិញ្ចឹម​អប់រំ​កូន​របស់​គាត់ ទោះ​ជា​នោះ​ពិបាក​ចំពោះ​គាត់​ក្ដី។ បើ​អ្នក​ជា​ឪ​ពុក​ឬ​ម្ដាយ អ្នក​អាច​សរសើរ​កូន​របស់​អ្នក​ចំពោះ​ការ​ខំ​ព្យាយាម​របស់​ពួក​គេ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ ចូរ​ប្រាប់​ពួក​គេ​អំពី​អ្វី​ដ៏​ល្អ​ដែល​អ្នក​បាន​កត់​សម្គាល់។ បើ​យើង​សរសើរ​យ៉ាង​ចំ​ៗ​នៅ​ពេល​ដែល​យើង​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត នោះ​ពួក​គេ​នឹង​ដឹង​ថា​យើង​និយាយ​អស់​ពី​ចិត្ដ។

១៨, ១៩​. តើ​តាម​របៀប​ណា​យើង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​រក្សា​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

១៨ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​ឲ្យ​លើក​ទឹក​ចិត្ដ​និង​ពង្រឹង​កម្លាំង​ចិត្ដ​យ៉ូស្វេ។ សព្វ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​មិន​មាន​ប្រសាសន៍​ប្រាប់​យើង​ឲ្យ​លើក​ទឹក​ចិត្ដ​បុគ្គល​ណា​ម្នាក់​ទេ។ ប៉ុន្ដែ លោក​ពេញ​ចិត្ដ​ពេល​លោក​ឃើញ​យើង​ខំ​ប្រឹង​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត។ (​សុភាសិត ១៩:១៧; ហេប្រឺ ១២:១២​) ជា​ឧទាហរណ៍ ពេល​បង​ប្រុស​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​ក្នុង​ក្រុម​ជំនុំ​របស់​យើង យើង​អាច​ប្រាប់​គាត់​អំពី​អ្វី​ដែល​យើង​ចូល​ចិត្ដ​ក្នុង​សុន្ទរកថា​នោះ។ ប្រហែល​ជា​ចំណុច​មួយ​ក្នុង​សុន្ទរកថា​ដែល​គាត់​ថ្លែង​បាន​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ណា​មួយ ឬ​យល់​បទ​គម្ពីរ​ណា​មួយ។ បង​ស្រី​ម្នាក់​បាន​សរសេរ​សំបុត្រ​ទៅ​បង​ប្រុស​ម្នាក់​ដែល​បាន​ថ្លែង​សុន្ទរ​ថា ដោយ​សរសេរ​ថា​៖ ​«​ទោះ​ជា​យើង​និយាយ​គ្នា​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក៏​ដោយ បង​បាន​ឃើញ​ថា​ប្អូន​ធ្លាក់​ទឹក​ចិត្ដ ហើយ​បង​បាន​សម្រាល​ទុក្ខ​និង​លើក​ទឹក​ចិត្ដ​ប្អូន។ ប្អូន​ចង់​ឲ្យ​បង​ដឹង​ថា​ពេល​បង​និយាយ​ដោយ​សប្បុរស ទាំង​ពេល​នៅ​លើ​វេទិកា​ទាំង​ពេល​និយាយ​ជា​មួយ​នឹង​ប្អូន ប្អូន​មាន​អារម្មណ៍​ថា​នេះ​ជា​អំណោយ​មួយ​ពី​ព្រះ​យេហូវ៉ា​»។

១៩ យើង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​រក្សា​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា បើ​យើង​ធ្វើ​តាម​ឱវាទ​របស់​ប៉ូល​ដែល​ថា​៖ ​«​ចូរ​បន្ដ​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពង្រឹង​កម្លាំង​គ្នា​ទៅ​វិញ​ទៅ​មក ដូច​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​»។ (​ថែស្សាឡូនិច​ទី១ ៥:១១​) បើ​យើង​បន្ដ​«​បំផុស​ទឹក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ​»​ នោះ​យើង​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់!

^ [​១​] (​វគ្គ​១​) ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។