លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរផ្ដោតអារម្មណ៍ទៅលើរឿងដ៏សំខាន់

ចូរផ្ដោតអារម្មណ៍ទៅលើរឿងដ៏សំខាន់

«ដើម្បីឲ្យគេបានដឹងថា គឺទ្រង់តែអង្គ ព្រះនាមជាយេហូវ៉ាដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។—ទំនុកតម្កើង ៨៣:១៨

ចម្រៀងលេខ: ៤៦, ១៣៦

១, ២. () តើអ្វីជារឿងដ៏សំខាន់មួយដែលជាប់ទាក់ទងនឹងមនុស្សទាំងអស់? () ហេតុអ្វីរឿងនេះគឺសំខាន់ចំពោះយើង?

ចំពោះមនុស្សជាច្រើននៅសព្វថ្ងៃនេះ លុយគឺជាអ្វីដ៏សំខាន់។ ពួកគេគិតនិងបារម្ភអំពីរឿងនោះ។ ពួកគេចំណាយពេលដើម្បីខំរកលុយច្រើនជាង ឬរក្សាទុកលុយដែលពួកគេមាន។ ចំពោះមនុស្សខ្លះទៀត រឿងដ៏សំខាន់បំផុតគឺជាក្រុមគ្រួសារ សុខភាព ឬអ្វីដែលពួកគេចង់សម្រេចក្នុងជីវិតរបស់ពួកគេ។

មានរឿងមួយដែលសំខាន់ជាងរឿងទាំងអស់នោះ។ រឿងនោះគឺថាព្រះយេហូវ៉ាមានសិទ្ធិត្រឹមត្រូវដើម្បីគ្រប់គ្រង។ គឺសំខាន់ណាស់ដែលយើងបន្ដផ្ដោតអារម្មណ៍ទៅលើរឿងនោះជានិច្ច។ បើយើងមិនប្រុងប្រយ័ត្ន យើងអាចជាប់រវល់យ៉ាងខ្លាំងនឹងជីវិតប្រចាំថ្ងៃរបស់យើង ឬខ្វល់ខ្វាយអំពីបញ្ហារបស់យើងខ្លាំងដល់ម៉្លេះបានជាយើងភ្លេចថារឿងនោះគឺសំខាន់យ៉ាងណា។ បើយើងគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា យើងនឹងអាចប្រឈមមុខនឹងបញ្ហាក្នុងជីវិតប្រចាំថ្ងៃយ៉ាងល្អប្រសើរជាង ហើយយើងនឹងចូលកាន់តែជិតព្រះយេហូវ៉ា។

ហេតុអ្វីរឿងនេះគឺសំខាន់?

. តើសាថានបានអះអាងអ្វីខ្លះអំពីការគ្រប់គ្រងរបស់ព្រះ?

មេកំណាចសាថានបានធ្វើឲ្យមានការសង្ស័យអំពីសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ សាថានចង់ឲ្យមនុស្សគិតថាព្រះយេហូវ៉ាគឺជាអ្នកគ្រប់គ្រងដ៏ខូចអាក្រក់ ហើយថាលោកមិនចង់ឲ្យយើងទទួលប្រយោជន៍ទេ។ សាថានបានអះអាងថាមនុស្សនឹងសប្បាយរីករាយច្រើនជាង បើពួកគេគ្រប់គ្រងខ្លួនឯង។ (លោកុប្បត្ដិ ៣:១-) វាក៏បានអះអាងថាគ្មានមនុស្សណាម្នាក់ដែលពិតជាមានភក្ដីភាពចំពោះព្រះទេ ហើយថាពេលមានការពិបាកយ៉ាងខ្លាំងក្នុងជីវិត មនុស្សនឹងលែងទទួលស្គាល់លោកជាអ្នកគ្រប់គ្រងទៀត។ (យ៉ូប ២:៤, ៥) ដូច្នេះ ព្រះយេហូវ៉ាកំពុងទុកពេលដើម្បីបញ្ជាក់ច្បាស់ដល់បុគ្គលគ្រប់រូបថាការរស់នៅដោយគ្មានព្រះជាអ្នកគ្រប់គ្រងគឺពោរពេញទៅដោយទុក្ខវេទនា។

. ហេតុអ្វីត្រូវដោះស្រាយរឿងអំពីសិទ្ធិគ្រប់គ្រងរបស់ព្រះ?

ព្រះយេហូវ៉ាដឹងថាការចោទប្រកាន់របស់មេកំណាចគឺជាពាក្យកុហក។ ដូច្នេះ ហេតុអ្វីលោកបានទុកពេលឲ្យសាថានព្យាយាមបញ្ជាក់អំពីការចោទប្រកាន់របស់វា? ចម្លើយចំពោះសំណួរនេះជាប់ទាក់ទងនឹងបុគ្គលគ្រប់រូប ទាំងនៅស្ថានសួគ៌ទាំងនៅផែនដី។ (សូមអាន ទំនុកតម្កើង ៨៣:១៨) អាដាមនិងអេវ៉ាលែងទទួលស្គាល់ការគ្រប់គ្រងរបស់ព្រះយេហូវ៉ា ហើយតាំងពីពេលនោះមកបុគ្គលជាច្រើននាក់ទៀតក៏បានធ្វើដូច្នេះដែរ។ នេះអាចធ្វើឲ្យអ្នកខ្លះគិតថាមេកំណាចនិយាយត្រូវ។ ដរាបណាដែលមនុស្សទេវតានៅតែមានការសង្ស័យចំពោះសិទ្ធិគ្រប់គ្រងរបស់ព្រះ ដរាបនោះមិនអាចមានសន្ដិភាពនិងសាមគ្គីភាពពិតបានឡើយ។ ប៉ុន្ដែ ក្រោយពីព្រះយេហូវ៉ាបង្ហាញថាលោកមានសិទ្ធិត្រឹមត្រូវដើម្បីគ្រប់គ្រង បុគ្គលគ្រប់រូបនឹងរស់នៅក្រោមការគ្រប់គ្រងដ៏អស្ចារ្យរបស់លោកជារៀងរហូត។ នៅពេលនោះ នឹងមានសន្ដិភាពទូទាំងសកលលោក។—អេភេសូរ ១:៩, ១០

. តើរឿងអំពីសិទ្ធិគ្រប់គ្រងរបស់ព្រះជាប់ទាក់ទងនឹងយើងយ៉ាងដូចម្ដេច?

បុគ្គលគ្រប់រូបនឹងដឹងថាព្រះមានសិទ្ធិត្រឹមត្រូវដើម្បីគ្រប់គ្រង។ ការគ្រប់គ្រងរបស់សាថាននិងរបស់មនុស្សជាតិនឹងបរាជ័យទាំងស្រុង ហើយនឹងលែងមានទៀត។ ការគ្រប់គ្រងរបស់ព្រះតាមរយៈរាជាណាចក្រមេស្ស៊ីនឹងទទួលជោគជ័យ។ នៅពេលនោះ មនុស្សស្មោះត្រង់បានបង្ហាញរួចហើយថាមនុស្សជាតិអាចរក្សាចិត្ដស្មោះគ្រប់លក្ខណៈចំពោះការគ្រប់គ្រងរបស់ព្រះ ហើយអាចគាំទ្រការគ្រប់គ្រងនោះយ៉ាងស្មោះ។ (អេសាយ ៤៥:២៣, ២៤) តើយើងចង់នៅក្នុងចំណោមពួកអ្នកស្មោះត្រង់ទាំងនោះទេ? យើងពិតជាចង់នៅក្នុងចំណោមអ្នកទាំងនោះមែន! ដូច្នេះ យើងត្រូវយល់ថារឿងនេះគឺសំខាន់យ៉ាងណា។

សិទ្ធិត្រឹមត្រូវរបស់ព្រះដើម្បីគ្រប់គ្រងគឺសំខាន់ជាងសេចក្ដីសង្គ្រោះ

. តើសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺសំខាន់យ៉ាងណា?

សិទ្ធិត្រឹមត្រូវរបស់ព្រះយេហូវ៉ាដើម្បីគ្រប់គ្រងគឺសំខាន់ជាងសុភមង្គលរបស់យើង។ ប៉ុន្ដែ នេះមិនមានន័យថាសេចក្ដីសង្គ្រោះរបស់យើងគឺមិនសំខាន់នោះទេ ឬថាព្រះយេហូវ៉ាមិនយកចិត្ដទុកដាក់ចំពោះយើងឡើយ។ តើយើងដឹងដូច្នេះយ៉ាងដូចម្ដេច?

សិទ្ធិត្រឹមត្រូវរបស់ព្រះយេហូវ៉ាដើម្បីគ្រប់គ្រងគឺសំខាន់ជាងសុភមង្គលនិងសេចក្ដីសង្គ្រោះរបស់យើង

៧, ៨. តើការដែលព្រះបង្ហាញថាលោកមានសិទ្ធិត្រឹមត្រូវដើម្បីគ្រប់គ្រងនឹងផ្ដល់ប្រយោជន៍អ្វីដល់យើង?

ព្រះយេហូវ៉ាស្រឡាញ់មនុស្សខ្លាំងណាស់។ តាមពិត យើងមានតម្លៃខ្លាំងដល់ម៉្លេះចំពោះលោកបានជាលោកបានឲ្យបុត្ររបស់លោកដើម្បីយើងអាចទទួលជីវិតដែលគ្មានទីបញ្ចប់។ (យ៉ូហាន ៣:១៦; យ៉ូហានទី១ ៤:៩) បើព្រះយេហូវ៉ាមិនធ្វើតាមសេចក្ដីសន្យារបស់លោកសម្រាប់អនាគតរបស់យើង នោះមានន័យថាសាថាននិងអ្នកប្រឆាំងទៀតបាននិយាយត្រឹមត្រូវ។ សាថានអះអាងថាព្រះយេហូវ៉ាគឺជាអ្នកភូតភរដែលលាក់ទុកនូវអ្វីដ៏ល្អពីមនុស្ស ហើយដែលគ្រប់គ្រងដោយអយុត្ដិធម៌។ អ្នកប្រឆាំងមើលងាយសេចក្ដីសន្យារបស់ព្រះយេហូវ៉ា ហើយនិយាយថា«លោកសន្យាថានឹងមក តែតើលោកនៅណា? ចាប់ពីថ្ងៃដែលពួកបុព្វបុរសរបស់យើងដេកលក់ក្នុងសេចក្ដីស្លាប់ អ្វីទាំងអស់នៅដដែល តាំងពីពេលចាប់ផ្ដើមបង្កើតពិភពលោកមក»។ (ពេត្រុសទី២ ៣:៣, ៤) ប៉ុន្ដែ ព្រះយេហូវ៉ានឹងធ្វើតាមសេចក្ដីសន្យារបស់លោក។ លោកបានធ្វើឲ្យប្រាកដថាភាពត្រឹមត្រូវនៃសិទ្ធិគ្រប់គ្រងរបស់លោកនឹងរួមបញ្ចូលសេចក្ដីសង្គ្រោះសម្រាប់មនុស្សដែលស្តាប់បង្គាប់។ (សូមអាន អេសាយ ៥៥:១០, ១១) ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាមានមូលដ្ឋានលើសេចក្ដីស្រឡាញ់។ ដូច្នេះ យើងអាចប្រាកដថាលោកនឹងស្រឡាញ់និងឲ្យតម្លៃជានិច្ចចំពោះអ្នកបម្រើរបស់លោកដែលមានភក្ដីភាព។—និក្ខមនំ ៣៤:៦

ទោះជាសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺជារឿងសំខាន់ណាស់ក៏ដោយ នេះមិនមានន័យថាសេចក្ដីសង្គ្រោះរបស់យើងគឺមិនសំខាន់ចំពោះលោកឡើយ។ ព្រះយេហូវ៉ាយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះយើង។ យើងត្រូវចាំជានិច្ចអំពីអ្វីដែលសំខាន់ជាង ហើយគាំទ្រការគ្រប់គ្រងរបស់ព្រះយេហូវ៉ាយ៉ាងស្មោះ។

របៀបដែលយ៉ូបបានកែប្រែទស្សនៈរបស់គាត់

. តើសាថានបាននិយាយអ្វីអំពីយ៉ូប? (សូមមើលរូបភាពនៅដើមអត្ថបទ)

គឺសំខាន់ដែលយើងមានទស្សនៈត្រឹមត្រូវចំពោះសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ យើងអាចឃើញចំណុចនេះក្នុងសៀវភៅយ៉ូបដែលជាសៀវភៅមួយក្នុងចំណោមសៀវភៅដែលបានត្រូវសរសេរដំបូងគេក្នុងគម្ពីរ។ ក្នុងសៀវភៅយ៉ូបសាថានបានអះអាងថា បើយ៉ូបរងទុក្ខយ៉ាងខ្លាំង គាត់នឹងបោះបង់ចោលព្រះ។ សាថានថែមទាំងបានសុំព្រះធ្វើឲ្យយ៉ូបរងទុក្ខ។ ព្រះយេហូវ៉ាមិនព្រមធ្វើដូច្នេះទេ ប៉ុន្ដែលោកបានអនុញ្ញាតឲ្យសាថានល្បងយ៉ូប ដោយនិយាយថា៖ «អញប្រគល់របស់ដែលគាត់មានទាំងប៉ុន្មានទៅក្នុងអំណាចឯងហើយ»។ (សូមអាន យ៉ូប ១:៧-១២) មិនយូរក្រោយពីនោះមក យ៉ូបបានបាត់បង់ទ្រព្យសម្បត្ដិនិងអ្នកបម្រើរបស់គាត់។ បន្ទាប់មក គាត់ដំណឹងថាកូន១០នាក់របស់គាត់បានស្លាប់យ៉ាងអាណោចអាធ័ម។ សាថានបានធ្វើឲ្យមើលទៅដូចជាព្រះបានបង្កឲ្យរឿងដ៏ខ្លោចផ្សាទាំងនេះកើតឡើង។ (យ៉ូប ១:១៣-១៩) បន្ទាប់មកទៀត សាថានបានធ្វើឲ្យយ៉ូបមានជំងឺដែលនាំឲ្យគាត់ឈឺចាប់យ៉ាងខ្លាំងនិងដែលគួរឲ្យខ្ពើម។ (យ៉ូប ២:៧) អ្វីដែលធ្វើឲ្យស្ថានភាពនេះកាន់តែពិបាកទៅទៀតគឺប្រពន្ធរបស់យ៉ូបនិងមិត្ដភក្ដិក្លែងក្លាយបីនាក់បាននិយាយអ្វីដែលធ្វើឲ្យគាត់ឈឺចិត្ដនិងធ្លាក់ទឹកចិត្ដ។—យ៉ូប ២:៩; ៣:១១; ១៦:២

១០. () តើយ៉ូបបានបង្ហាញចិត្ដស្មោះគ្រប់លក្ខណៈរបស់គាត់ចំពោះព្រះយ៉ាងដូចម្ដេច? () ហេតុអ្វីយ៉ូបត្រូវការការកែតម្រង់?

១០ តើការអះអាងរបស់សាថានគឺត្រឹមត្រូវទេ? គឺមិនត្រឹមត្រូវទេ។ ទោះជាយ៉ូបបានរងទុក្ខដោយសាររឿងដ៏ខ្លោចផ្សាក៏ដោយ គាត់មិនដែលបោះបង់ចោលព្រះយេហូវ៉ាឡើយ។ (យ៉ូប ២៧:៥) ប៉ុន្ដែ អស់មួយរយៈពេល យ៉ូបបានភ្លេចអំពីអ្វីដែលពិតជាសំខាន់ ហើយបានគិតច្រើនពេកអំពីខ្លួនឯង។ គាត់និយាយម្ដងហើយម្ដងទៀតថាគាត់មិនបានធ្វើអ្វីខុសទេ។ យ៉ូបក៏មានអារម្មណ៍ថាគាត់គួរតែដឹងអំពីមូលហេតុដែលគាត់រងទុក្ខដែរ។ (យ៉ូប ៧:២០; ១៣:២៤) យើងទំនងជាអាចយល់អំពីអារម្មណ៍របស់យ៉ូប។ ក៏ប៉ុន្ដែ ព្រះយេហូវ៉ាបានដឹងថាយ៉ូបមានទស្សនៈមិនត្រឹមត្រូវ ហើយលោកបានកែតម្រង់គាត់។ តើលោកបានធ្វើដូច្នេះយ៉ាងដូចម្ដេច?

១១, ១២. តើព្រះយេហូវ៉ាបានជួយយ៉ូបឲ្យយល់អ្វី? តើយ៉ូបមានប្រតិកម្មយ៉ាងណា?

១១ យើងអាចឃើញអ្វីដែលព្រះយេហូវ៉ាបានប្រាប់យ៉ូបនៅក្នុងសៀវភៅយ៉ូប ជំពូក៣៨ដល់៤១។ ព្រះយេហូវ៉ាមិនបានពន្យល់ប្រាប់យ៉ូបអំពីមូលហេតុដែលគាត់រងទុក្ខទេ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាចង់ជួយគាត់ឲ្យយល់ថាគាត់គឺតូចតាចណាស់ បើប្រៀបធៀបនឹងលោក។ លោកបានបង្រៀនយ៉ូបថាមានអ្វីដែលសំខាន់ជាងបញ្ហារបស់គាត់ទៅទៀត។ (សូមអាន យ៉ូប ៣៨:១៨-២១) ប្រសាសន៍របស់ព្រះយេហូវ៉ាបានជួយយ៉ូបឲ្យកែតម្រូវទស្សនៈរបស់គាត់។

១២ បើគិតអំពីអ្វីទាំងអស់ដែលយ៉ូបបានរងទុក្ខ តើការដែលព្រះយេហូវ៉ាបានមានប្រសាសន៍បែបនេះបង្ហាញថាលោកគ្មានមេត្ដាទេ? មិនមែនទេ ហើយយ៉ូបក៏មិនបានគិតដូច្នេះដែរ។ យ៉ូបបានយល់និងបានឲ្យតម្លៃចំពោះឱវាទពីព្រះយេហូវ៉ា។ គាត់ថែមទាំងបាននិយាយថា«ទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ដដោយក្រាបនៅក្នុងធូលីដី ហើយនឹងផែះ»។ (យ៉ូប ៤២:១-) មុនពេលនោះ អេលីហ៊ូវដែលជាបុរសវ័យក្មេងម្នាក់ក៏បានជួយយ៉ូបឲ្យកែតម្រូវរបៀបគិតគូររបស់គាត់ដែរ។ (យ៉ូប ៣២:៥-១០) ក្រោយយ៉ូបបានស្តាប់ឱវាទពីព្រះយេហូវ៉ាដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយបានកែតម្រូវទស្សនៈរបស់គាត់ នោះព្រះយេហូវ៉ាបានឲ្យអ្នកទៀតដឹងថាលោកពេញចិត្ដនឹងភាពស្មោះត្រង់របស់យ៉ូប។—យ៉ូប ៤២:៧, ៨

១៣. ក្រោយពីទុក្ខលំបាករបស់យ៉ូបបានត្រូវបញ្ចប់ តើឱវាទរបស់ព្រះយេហូវ៉ាបានជួយគាត់យ៉ាងដូចម្ដេច?

១៣ ឱវាទរបស់ព្រះយេហូវ៉ាបានបន្ដផ្ដល់ប្រយោជន៍ដល់យ៉ូប សូម្បីតែក្រោយពីទុក្ខលំបាករបស់គាត់បានត្រូវបញ្ចប់។ «ព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់យ៉ូបនៅជាន់ក្រោយនេះ ជាជាងជាន់ដើមទៅទៀត»។ ក្រោយមក គាត់«ក៏បង្កើតបានកូនប្រុស៧ កូនស្រីទៀត»។ (យ៉ូប ៤២:១២-១៤) ទោះជាយ៉ូបស្រឡាញ់កូនទាំងនោះក្ដី គាត់ច្បាស់ជាបាននឹកកូនរបស់គាត់ដែលបានស្លាប់។ ម្យ៉ាងទៀត គាត់ទំនងជាមិនដែលភ្លេចអំពីរឿងដ៏ខ្លោចផ្សាដែលបានកើតឡើងចំពោះគាត់និងក្រុមគ្រួសាររបស់គាត់ទេ។ ទោះជានៅទីបំផុតយ៉ូបប្រហែលជាបានដឹងអំពីមូលហេតុដែលគាត់បានរងទុក្ខក្ដី គាត់ក៏ប្រហែលជាបានឆ្ងល់អំពីមូលហេតុដែលព្រះបានអនុញ្ញាតឲ្យគាត់រងទុក្ខយ៉ាងខ្លាំងដូច្នេះ។ បើយ៉ូបមានគំនិតបែបនេះ គាត់អាចចាំអំពីអ្វីដែលព្រះយេហូវ៉ាបានប្រាប់គាត់។ នោះច្បាស់ជាបានសម្រាលទុក្ខគាត់ ហើយបានជួយគាត់ឲ្យមានទស្សនៈត្រឹមត្រូវ។—ទំនុកតម្កើង ៩៤:១៩

តើយើងអាចផ្ដោតអារម្មណ៍ទៅលើសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាជាជាងផ្ដោតអារម្មណ៍ទៅលើបញ្ហារបស់យើងទេ? (សូមមើលវគ្គ១៤)

១៤. តើយើងអាចរៀនអ្វីពីបទពិសោធន៍របស់យ៉ូប?

១៤ ការរំពឹងគិតអំពីអ្វីដែលបានកើតឡើងចំពោះយ៉ូប អាចជួយយើងឲ្យកែតម្រូវរបៀបគិតគូររបស់យើង ហើយអាចសម្រាលទុក្ខយើង។ សៀវភៅយ៉ូបគឺជាផ្នែកមួយនៃគម្ពីរដែលព្រះយេហូវ៉ាបានបណ្ដាលឲ្យសរសេរទុក«ដើម្បីណែនាំយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹម តាមរយៈការស៊ូទ្រាំរបស់យើង និងការសម្រាលទុក្ខពីបទគម្ពីរ»។ (រ៉ូម ១៥:៤) សៀវភៅនេះបង្រៀនយើងថាយើងមិនគួរគិតច្រើនពេកអំពីបញ្ហារបស់យើងរហូតដល់យើងឈប់គិតអំពីសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាឡើយ។ ដូចយ៉ូប យើងបង្ហាញការគាំទ្រចំពោះសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាដោយរក្សាភាពស្មោះត្រង់ចំពោះលោក សូម្បីតែនៅពេលដែលមានការពិបាកក្នុងជីវិតក្ដី។

១៥. នៅពេលដែលយើងមានបញ្ហា តើចិត្ដស្មោះត្រង់របស់យើងនាំឲ្យមានលទ្ធផលអ្វី?

១៥ បទពិសោធន៍របស់យ៉ូបអាចសម្រាលទុក្ខយើង ដោយសារនេះបង្ហាញថាការមានទុក្ខវេទនាមិនមានន័យថាព្រះយេហូវ៉ាខឹងនឹងយើងឡើយ។ ទុក្ខវេទនាផ្ដល់ឱកាសឲ្យយើងគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ (សុភាសិត ២៧:១១) ពេលយើងស៊ូទ្រាំដោយចិត្ដស្មោះត្រង់ យើងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ដ ហើយសេចក្ដីសង្ឃឹមរបស់យើងសម្រាប់ថ្ងៃអនាគតនឹងកាន់តែមាំមួនឡើង។ (សូមអាន រ៉ូម ៥:៣-) បទពិសោធន៍របស់យ៉ូបបង្ហាញយើងថា«ព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ហើយក៏ពេញទៅដោយសេចក្ដីមេត្ដាករុណា»។ (យ៉ាកុប ៥:១១) បើយើងគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា លោកនឹងផ្ដល់ពរដល់យើង។ ការដឹងដូច្នេះ ជួយយើងឲ្យ«ស៊ូទ្រាំនឹងការទាំងអស់ ហើយមានចិត្ដធ្ងន់ដោយអំណរ»។—កូឡុស ១:១១

ចូរបន្ដផ្ដោតអារម្មណ៍

១៦. ហេតុអ្វីយើងត្រូវរំលឹកខ្លួនថាការគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺសំខាន់ណាស់?

១៦ ជាការពិតណាស់ ពេលដែលយើងកំពុងប្រឈមមុខនឹងបញ្ហាក្នុងជីវិត យើងពិបាកផ្ដោតអារម្មណ៍ទៅលើការគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ សូម្បីតែបញ្ហាតូចអាចមើលទៅដូចជាធំ បើយើងគិតច្រើនពេកអំពីបញ្ហានោះ។ ដូច្នេះ យើងត្រូវរំលឹកខ្លួនជានិច្ចថាការគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះគឺសំខាន់ណាស់ ទោះជាយើងជួបប្រទះនឹងការពិបាកណាក៏ដោយ។

ពេលយើងបន្ដជាប់រវល់ក្នុងកិច្ចការរបស់ព្រះយេហូវ៉ា នេះអាចជួយយើងឲ្យចាំអំពីអ្វីដែលពិតជាសំខាន់

១៧. តើតាមរបៀបណាការជាប់រវល់ក្នុងកិច្ចការរបស់ព្រះយេហូវ៉ាអាចជួយយើងឲ្យផ្ដោតអារម្មណ៍ទៅលើអ្វីដែលពិតជាសំខាន់?

១៧ ពេលយើងបន្ដជាប់រវល់ក្នុងកិច្ចការរបស់ព្រះយេហូវ៉ា នេះអាចជួយយើងឲ្យចាំអំពីអ្វីដែលពិតជាសំខាន់។ ជាឧទាហរណ៍ បងស្រីរេណេមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល មានជំងឺមហារីក ហើយក៏មានការឈឺចាប់គ្រប់ពេលដែរ។ ពេលដែលគាត់នៅមន្ទីរពេទ្យ គាត់បានផ្សព្វផ្សាយដល់អ្នកដែលធ្វើការនៅទីនោះ អ្នកជំងឺទៀត និងអ្នកដែលមកមន្ទីរពេទ្យដើម្បីសួរសុខទុក្ខអ្នកជំងឺ។ នៅពេលមួយ ពេលដែលបងរេណេស្នាក់នៅមន្ទីរពេទ្យអស់រយៈពេលពីរសប្ដាហ៍កន្លះ គាត់បានផ្សព្វផ្សាយ៨០ម៉ោង។ ទោះជាបងរេណេបានដឹងថាគាត់ជិតស្លាប់ក៏ដោយ គាត់មិនដែលភ្លេចអំពីអ្វីដែលពិតជាសំខាន់ទេ។ ការគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាបានផ្ដល់ឲ្យគាត់នូវសេចក្ដីសុខសាន្ដ។

១៨. តើបទពិសោធន៍របស់បងជេនអេហ្វឺបង្រៀនយើងអ្វីអំពីការគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា?

១៨ យើងក៏អាចគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាពេលដែលយើងប្រឈមមុខនឹងបញ្ហាប្រចាំថ្ងៃដែលតូចតាចជាង។ បងស្រីជេនអេហ្វឺបានរង់ចាំជើងហោះហើរនៅអាកាសយានដ្ឋានអស់រយៈពេលបីថ្ងៃសម្រាប់ការធ្វើដំណើរទៅផ្ទះ។ ដោយសារជើងហោះហើរនីមួយបានត្រូវលុបចោល បងជេនអេហ្វឺមានអារម្មណ៍ឯកោ ហើយអស់កម្លាំង។ គាត់អាចចាប់ផ្ដើមមានអារម្មណ៍អាណិតខ្លួន។ តែផ្ទុយទៅវិញ បងជេនអេហ្វឺបានអធិដ្ឋានសុំព្រះយេហូវ៉ាជួយគាត់ឲ្យផ្សព្វផ្សាយដំណឹងល្អដល់អ្នកទៀតដែលកំពុងរង់ចាំនៅអាកាសយានដ្ឋាននោះដែរ។ នៅទីបំផុត គាត់បានផ្សព្វផ្សាយដល់មនុស្សជាច្រើន ហើយបានស្នើផ្ដល់សៀវភៅរបស់យើងជាច្រើន។ បងជេនអេហ្វឺបាននិយាយថា«ទោះជាខ្ញុំមានបទពិសោធន៍ពិបាកនោះក្ដី ខ្ញុំមានអារម្មណ៍ថាព្រះយេហូវ៉ាបានឲ្យពរខ្ញុំ ហើយបានឲ្យខ្ញុំមានកម្លាំងគ្រប់គ្រាន់ដើម្បីលើកតម្កើងនាមរបស់លោក»។

១៩. តើអ្វីបង្ហាញថារាស្ដ្ររបស់ព្រះជាអ្នកគោរពប្រណិប័តន៍ពិត?

១៩ មានតែរាស្ដ្ររបស់ព្រះយេហូវ៉ាប៉ុណ្ណោះដែលពិតជាយល់អំពីសារៈសំខាន់នៃសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ ការយល់ដូច្នេះបង្ហាញយ៉ាងច្បាស់ថាអ្នកណាជាអ្នកគោរពប្រណិប័តន៍ពិត។ ដូច្នេះ យើងម្នាក់ត្រូវធ្វើឲ្យប្រាកដថាយើងបន្ដគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។

២០. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះអ្វីទាំងអស់ដែលអ្នកធ្វើដើម្បីគាំទ្រសិទ្ធិគ្រប់គ្រងរបស់លោក?

២០ ព្រះយេហូវ៉ាកត់សម្គាល់និងឲ្យតម្លៃចំពោះអ្វីទាំងអស់ដែលអ្នកធ្វើដើម្បីគាំទ្រសិទ្ធិគ្រប់គ្រងរបស់លោក កាលដែលអ្នកបម្រើលោកយ៉ាងស្មោះត្រង់ ហើយស៊ូទ្រាំនឹងទុក្ខលំបាក។ (ទំនុកតម្កើង ១៨:២៥) អត្ថបទបន្ទាប់នឹងពន្យល់ថែមទៀតអំពីមូលហេតុដែលអ្នកគួរគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា ហើយអំពីរបៀបដែលអ្នកអាចគាំទ្រសិទ្ធិគ្រប់គ្រងរបស់លោកឲ្យកាន់តែប្រសើរឡើងថែមទៀត។