លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើលោកអ្នកដឹងទេ?

តើលោកអ្នកដឹងទេ?

ហេតុអ្វីគឺសមត្រឹមត្រូវដែលលោកយេស៊ូហៅអ្នកលក់សត្វនៅក្នុងវិហារក្រុងយេរូសាឡិមថាជា«ចោរ»?

នៅក្នុងសៀវភៅដំណឹងល្អរបស់ម៉ាថាយចែងថា«លោកយេស៊ូបានចូលទៅក្នុងវិហារ ហើយបណ្ដេញទាំងអ្នកលក់ទាំងអ្នកទិញ ក៏បានផ្កាប់តុរបស់អ្នកដូរប្រាក់ និងជើងម៉ាវែងរបស់អ្នកលក់សត្វព្រាប។ លោកក៏មានប្រសាសន៍ទៅពួកគេថា៖ ‹បទគម្ពីរចែងថា«កន្លែងគោរពបូជារបស់ខ្ញុំនឹងត្រូវហៅថាកន្លែងសម្រាប់ប្រជាជាតិទាំងអស់មកអធិដ្ឋាន» ប៉ុន្ដែអ្នករាល់គ្នាកំពុងយកធ្វើជាសម្បុកចោរវិញ›»។—ម៉ាថាយ ២១:១២, ១៣

ប្រវត្ដិសាស្ដ្របានបង្ហាញថាអ្នករកស៊ីជួញដូរនៅក្នុងវិហារបានប្រព្រឹត្ដដោយអយុត្ដិធម៌ចំពោះអ្នកទិញដោយលក់ក្នុងតម្លៃហួសប្រមាណ។ ជាឧទាហរណ៍ តាមធម្មតាសត្វព្រាបមានតម្លៃថោកដល់ម៉្លេះបានជាអ្នកក្រអាចទិញវាសម្រាប់ជាគ្រឿងបូជា។ ប៉ុន្ដែ សំណេររបស់ជនជាតិយូដាសម័យបុរាណបានរៀបរាប់ថាមានពេលមួយនៅសតវត្សរ៍ទី១ដែលមនុស្សម្នាក់ត្រូវធ្វើការប្រហែលជា២៥ថ្ងៃដើម្បីមានប្រាក់ទិញព្រាបពីរក្បាល។ ព្រាបបានទៅជាអ្វីដែលមានតម្លៃថ្លៃណាស់រហូតដល់អ្នកក្រលែងអាចទិញវាទៀត។ (លេវីវិន័យ ១:១៤; ៥:៧; ១២:៦-) សៃម៉ិន បេន កាម៉េលៀលដែលជាអ្នកបង្រៀនម្នាក់ខាងសាសនាយូដាបានខឹងយ៉ាងខ្លាំងអំពីស្ថានភាពនោះ រហូតដល់គាត់បានកាត់បន្ថយចំនួនគ្រឿងបូជាដែលជនជាតិយូដាត្រូវបូជា។ ភ្លាមនោះ តម្លៃដើម្បីទិញសត្វព្រាបពីរក្បាលបានធ្លាក់ចុះ គឺស្មើនឹងតម្លៃដែលមនុស្សម្នាក់អាចរកបានដោយធ្វើការតែបីម៉ោងប៉ុណ្ណោះ។

យើងអាចឃើញច្បាស់ថា អ្នករកស៊ីនៅក្នុងវិហារគឺជាមនុស្សលោភលន់និងកេងយកប្រយោជន៍ពីអ្នកទិញ។ នេះជាមូលហេតុដែលសមត្រឹមត្រូវដែលលោកយេស៊ូបានហៅពួកគេថាជា«ចោរ»។