លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​ដែល​យើង​ដោះ​ចេញ​ម្ដង​ជា​ការ​ស្រេច​នូវ​បុគ្គលិក​លក្ខណៈ​ចាស់

របៀប​ដែល​យើង​ដោះ​ចេញ​ម្ដង​ជា​ការ​ស្រេច​នូវ​បុគ្គលិក​លក្ខណៈ​ចាស់

​«​ចូរ​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់​និង​ការ​ប្រព្រឹត្ដ​របស់​វា​»។—កូឡុស ៣:៩

ចម្រៀង​លេខ: ៥២, ៥៤

១, ២​. តើ​មនុស្ស​កត់​សម្គាល់​អ្វី​អំពី​សាក្សី​ព្រះ​យេហូវ៉ា?

មនុស្ស​ជា​ច្រើន​កត់​សម្គាល់​ឃើញ​ថា​សាក្សី​ព្រះ​យេហូវ៉ា​គឺ​ខុស​ពី​គេ។ ជា​ឧទាហរណ៍ អ្នក​និពន្ធ​ម្នាក់​ឈ្មោះ​អាន់ថុន ហ្គៀល បាន​សរសើរ​គុណ​សម្បត្ដិ​របស់​សាក្សី​នៅ​ក្រោម​របប​ណាត្ស៊ី នា​ប្រទេស​អាល្លឺម៉ង់។ គាត់​បាន​សរសេរ​ថា​៖ ​«​ពួក​ណាត្ស៊ី​បាន​ស្អប់​សាក្សី​ព្រះ​យេហូវ៉ា​ជា​ខ្លាំង។ . . . នៅ​ឆ្នាំ​១៩៣៩ មាន​សាក្សី​ព្រះ​យេហូវ៉ា​៦.០០០​នាក់​នៅ​ក្នុង[​ជំ​រុំ​ឃុំ​ឃាំង​]​»។ គាត់​បាន​បន្ថែម​ទៀត​ថា សូម្បី​តែ​សាក្សី​បាន​រង​ទុក្ខ​វេទនា​ជា​ខ្លាំង​ក្ដី ពួក​គេ​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ដ រក្សា​ចិត្ដ​ស្ងប់​ទោះ​ជា​មាន​ការ​បង្ខិត​បង្ខំ មាន​ភក្ដី​ភាព​ចំពោះ​ព្រះ និង​មាន​សាមគ្គី​ភាព។

ថ្មី​ៗ​នេះ មនុស្ស​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ក៏​បាន​ឃើញ​អ្វី​ដ៏​ពិសេស​អំពី​សាក្សី​ព្រះ​យេហូវ៉ា​ដែរ។ នៅ​ពេល​មួយ សាក្សី​ដែល​មាន​ពណ៌​សម្បុរ​ខុស​គ្នា​នៅ​ប្រទេស​នោះ​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ជួប​ជុំ​គ្នា​ទេ។ ប៉ុន្ដែ នៅ​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១១ សាក្សី​ជាង​៧៨.០០០​នាក់​ដែល​មាន​ជាតិ​សាសន៍​ផ្សេង​ៗ​ពី​គ្នា ហើយ​មក​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​និង​ប្រទេស​ជិត​ខាង បាន​ជួប​ជុំ​គ្នា​សម្រាប់​កម្ម​វិធី​ពិសេស​មួយ​នៅ​កីឡាដ្ឋាន​ដ៏​ធំ​បំផុត​ក្នុង​ក្រុង​ជោហានេសបួ។ អ្នក​គ្រប់​គ្រង​ម្នាក់​នៃ​កីឡាដ្ឋាន​នោះ​បាន​និយាយ​ថា​៖ ​«​នេះ​ជា​ក្រុម​មនុស្ស​ដែល​ថ្លៃ​ថ្នូរ​បំផុត​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្នុង​កីឡាដ្ឋាន​នេះ។ ទាំង​អស់​គ្នា​ស្លៀក​ពាក់​ស្អាត​បាត ហើយ​បាន​សម្អាត​កីឡាដ្ឋាន​បាន​ស្អាត​ល្អ។ ប៉ុន្ដែ​សំខាន់​បំផុត អ្នក​ទាំង​អស់​គ្នា​នៅ​ក្នុង​អង្គ​ការ​មួយ​ដែល​មាន​សមាជិក​ពី​គ្រប់​ពូជ​សាសន៍​»។

៣​. ហេតុ​អ្វី​សាមគ្គី​ភាព​របស់​យើង​ជា​បង​ប្អូន​រួម​ជំនឿ​គឺ​ជា​អ្វី​ដ៏​ពិសេស?

ដូច្នេះ សូម្បី​តែ​អ្នក​ដែល​មិន​មែន​ជា​សាក្សី​ក៏​អាច​ឃើញ​ច្បាស់​ថា​សាមគ្គី​ភាព​ជា​បង​ប្អូន​រួម​ជំនឿ​ទូ​ទាំង​ពិភព​លោក​គឺ​ជា​អ្វី​ដ៏​ពិសេស។ ហេតុ​អ្វី​យើង​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​អង្គ​ការ​ទាំង​អស់​ឯ​ទៀត? ពី​ព្រោះ​យើង​ព្យាយាម​កែ​ប្រែ​ខ្លួន​ពី​អ្វី​ណា​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ដ ដោយ​មាន​ជំនួយ​ពី​គម្ពីរ​និង​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ យើង​«​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់​»​ ហើយ​យើង​បំពាក់​ខ្លួន​ដោយ​«​បុគ្គលិក​លក្ខណៈ​ថ្មី​»។—កូឡុស ៣:៩, ១០

យើង​អាច​ធ្វើ​ការ​កែ​ប្រែ​ធំ​ៗ​ក្នុង​ជីវិត​របស់​យើង​បាន

៤​. តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​ខ្លះ​នៅ​ក្នុង​អត្ថបទ​នេះ ហើយ​ហេតុ​អ្វី?

ក្រោយ​ពី​យើង​បាន​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់ យើង​ត្រូវ​បន្ដ​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​មិន​ចាប់​ផ្ដើម​មាន​បុគ្គលិក​លក្ខណៈ​ចាស់​នោះ​ឡើង​វិញ។ ដំបូង​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់​និង​មូលហេតុ​ដែល​សំខាន់​ចាំ​បាច់​ឲ្យ​យើង​ធ្វើ​ដូច្នេះ។ យើង​នឹង​ឃើញ​ថា​បុគ្គល​ម្នាក់​អាច​ធ្វើ​ការ​កែ​ប្រែ​ធំ​ៗ​ក្នុង​ជីវិត​របស់​គាត់​បាន មិន​ថា​គាត់​ធ្លាប់​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​យ៉ាង​ណា​ក៏​ដោយ។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​ពួក​អ្នក​ដែល​បាន​នៅ​ក្នុង​សេចក្ដី​ពិត​អស់​ជា​ច្រើន​ឆ្នាំ​អាច​ធ្វើ​ដើម្បី​បន្ដ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​គេ​មិន​ចាប់​ផ្ដើម​មាន​បុគ្គលិក​លក្ខណៈ​ចាស់​ឡើង​វិញ។ ហេតុ​អ្វី​យើង​ត្រូវ​ពិចារណា​ចំណុច​នេះ? គួរ​ឲ្យ​ស្តាយ​ណាស់ បុគ្គល​មួយ​ចំនួន​ដែល​ធ្លាប់​បម្រើ​ព្រះ​យេហូវ៉ា មិន​បាន​បន្ដ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​រឿង​នេះ​ទេ។ ពួក​គេ​បាន​ចាប់​ផ្ដើម​គិត​និង​ប្រព្រឹត្ដ​ដូច​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​មុន​ដែល​ពួក​គេ​ស្គាល់​ព្រះ​យេហូវ៉ា។ យើង​ម្នាក់​ៗ​ត្រូវ​ចាំ​អំពី​ការ​ព្រមាន​ដែល​ថា​៖ ​«​ចូរ​ឲ្យ​អ្នក​ដែល​គិត​ថា​ខ្លួន​ឈរ ប្រយ័ត្ន​ក្រែង​លោ​ដួល​»។—កូរិនថូស​ទី១ ១០:១២

ចូរ​បំបាត់​ចោល​នូវ​សេចក្ដី​ប៉ង​ប្រាថ្នា​ឲ្យ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ

៥​. (​ក​) សូម​លើក​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា​គឺ​ជា​ការ​បន្ទាន់​ឲ្យ​យើង​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់។ (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​ការ​ប្រព្រឹត្ដ​ណា​ខ្លះ​ដែល​ជា​ផ្នែក​នៃ​បុគ្គលិក​លក្ខណៈ​ចាស់​បាន​ត្រូវ​រៀប​រាប់​នៅ​កូឡុស ៣:៥​-​៩?

តើ​អ្នក​នឹង​ធ្វើ​អ្វី​បើ​អ្នក​ឃើញ​ថា​សម្លៀក​បំពាក់​របស់​អ្នក​ប្រឡាក់ ហើយ​មាន​ក្លិន​ស្អុយ? អ្នក​នឹង​ដោះ​វា​ចេញ​យ៉ាង​ឆាប់​បំផុត​តាម​ដែល​អ្នក​អាច​ធ្វើ​បាន។ ស្រដៀង​គ្នា​ដែរ បើ​យើង​ឃើញ​ថា​យើង​កំពុង​ធ្វើ​អ្វី​មួយ​ដែល​ព្រះ​យេហូវ៉ា​ស្អប់ គឺ​ជា​ការ​បន្ទាន់​ឲ្យ​យើង​កែ​ប្រែ។ ប៉ូល​បាន​សំដៅ​លើ​អំពើ​ខុស​ឆ្គង​បែប​នេះ ពេល​គាត់​បាន​និយាយ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​លះ​ចោល​ការ​ទាំង​អស់​នោះ​ទាំង​ស្រុង​»។ សូម​ឲ្យ​យើង​ពិចារណា​អំពី​អំពើ​ខុស​ឆ្គង​ពីរ​គឺ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​និង​អំពើ​ស្មោក​គ្រោក។—សូម​អាន កូឡុស ៣:៥​-​៩

៦, ៧​. (​ក​) តើ​តាម​របៀប​ណា​ពាក្យ​សម្ដី​របស់​ប៉ូល​បង្ហាញ​ថា​យើង​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់? (​ខ​) តើ​បង​សាគូរ៉ា​ធ្លាប់​មាន​របៀប​រស់​នៅ​បែប​ណា? តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​កែ​ប្រែ?

អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ នៅ​ក្នុង​គម្ពីរ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​រួម​បញ្ចូល​ការ​រួម​ដំណេក​រវាង​បុគ្គល​ណា​ក៏​ដោយ​ដែល​មិន​មែន​ជា​គូ​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​ដែល​បាន​រៀប​ការ​ស្រប​ច្បាប់។ ស្ដី​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ប៉ូល​បាន​និយាយ​ថា​គ្រិស្ដ​សាសនិក​ត្រូវ​«​រម្ងាប់​ភាព​ទោរ​ទន់​ដែល​មាន​នៅ​ក្នុង​អវយវៈ​រូប​កាយ​»។ នេះ​មាន​ន័យ​ថា​យើង​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ជៀស​ចេញ​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង។ ការ​ធ្វើ​ដូច្នេះ​ប្រហែល​ជា​អ្វីដែល​ពិបាក ប៉ុន្ដែ​យើង​អាច​យក​ឈ្នះ​សេចក្ដី​ប៉ង​ប្រាថ្នា​នោះ​បាន!

យើង​អាច​ឃើញ​ចំណុច​នេះ​ពី​គំរូ​របស់​បង​ស្រី​សាគូរ៉ា​ដែល​រស់​នៅ​ប្រទេស​ជប៉ុន។ * (​សូម​មើល​កំណត់​សម្គាល់​) ពេល​បង​សាគូរ៉ា​ធំ​ឡើង គាត់​ច្រើន​តែ​មាន​អារម្មណ៍​ក្រៀម​ក្រំ​និង​ឯកោ។ ដើម្បី​បំបាត់​អារម្មណ៍​ឯកោ​នោះ គាត់​ចាប់​ផ្ដើម​រួម​ភេទ​ចាប់​តាំង​ពី​គាត់​មាន​អាយុ​១៥​ឆ្នាំ។ បង​សាគូរ៉ា​បាន​រួម​ដំណេក​ជា​មួយ​នឹង​មនុស្ស​ផ្សេង​ៗ ហើយ​នៅ​ទី​បំផុត គាត់​បាន​រំលូត​កូន​បី​ដង។ គាត់​បាន​និយាយ​ថា​៖ ​«​មុន​ដំបូង ពេល​ខ្ញុំ​បាន​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ខ្ញុំ​មាន​ភាព​កក់​ក្ដៅ​ដោយ​គិត​ថា​មាន​អ្នក​ស្រឡាញ់​និង​ត្រូវ​ការ​ខ្ញុំ។ ប៉ុន្ដែ ពេល​ដែល​ខ្ញុំ​កាន់​តែ​ប្រព្រឹត្ដ​ដូច្នេះ ខ្ញុំ​កាន់​តែ​មាន​អារម្មណ៍​ថា​ខ្ញុំ​ខ្វះ​ភាព​កក់​ក្ដៅ​ទៅ​វិញ​»។ បង​សាគូរ៉ា​បាន​បន្ដ​មាន​របៀប​រស់​នៅ​បែប​នេះ​រហូត​ដល់​គាត់​មាន​អាយុ​២៣​ឆ្នាំ។ នៅ​ពេល​នោះ គាត់​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា ហើយ​គាត់​ចូល​ចិត្ដ​អ្វី​ដែល​គាត់​បាន​រៀន​យ៉ាង​ខ្លាំង។ ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​ឈប់​មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​សីលធម៌ ហើយ​បាន​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​អារម្មណ៍​បន្ទោស​ខ្លួន​និង​អារម្មណ៍​អៀន​ខ្មាស​ជា​ខ្លាំង។ សព្វ​ថ្ងៃ​នេះ បង​សាគូរ៉ា​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ហើយ​គាត់​មិន​មាន​អារម្មណ៍​ឯកោ​ទៀត​ទេ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ពិត​ជា​សប្បាយ​ដែល​ខ្ញុំ​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ​»។

របៀប​ដែល​យើង​អាច​ឈប់​ប្រព្រឹត្ដ​អំពើ​ស្មោក​គ្រោក

៨​. តើ​ការ​ប្រព្រឹត្ដ​ណា​ខ្លះ​អាច​នាំ​ឲ្យ​ព្រះ​ចាត់​ទុក​យើង​ថា​ស្មោក​គ្រោក?

អំពើ​ស្មោក​គ្រោក។ នៅ​ក្នុង​គម្ពីរ​«​អំពើ​ស្មោក​គ្រោក​»​រួម​បញ្ចូល​អ្វី​ច្រើន​ជាង​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ នេះ​អាច​សំដៅ​ទៅ​លើ​ការ​ជក់​បារី ឬ​ការ​និយាយ​កំប្លែង​អាសអាភាស។ (​កូរិនថូស​ទី២ ៧:១; អេភេសូរ ៥:៣, ៤​) នេះ​ក៏​អាច​សំដៅ​ទៅ​លើ​ការ​ធ្វើ​អ្វី​ដ៏​អាក្រក់​ដែល​មនុស្ស​ធ្វើ​ពេល​នៅ​ម្នាក់​ឯង ដូច​ជា​ការ​អាន​សៀវភៅ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ស្រើប​ស្រាល ឬ​ការ​មើល​រូប​អាសអាភាស។ អ្វី​ទាំង​នេះ​អាច​នាំ​ឲ្យ​ប្រព្រឹត្ដ​អំពើ​ស្មោក​គ្រោក​ដោយ​មាន​ទម្លាប់​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​ខ្លួន​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ * (​សូម​មើល​កំណត់​សម្គាល់​)។—កូឡុស ៣:៥

៩​. តើ​អ្វី​អាច​កើត​ឡើង​បើ​បុគ្គល​ណា​ម្នាក់​ចាប់​ផ្ដើម​មាន​«​តម្រេក​»​?

មនុស្ស​ដែល​មាន​ទម្លាប់​មើល​រូប​អាសអាភាស​ចាប់​ផ្ដើម​មាន​«​តម្រេក​»​និង​អាច​ទៅ​ជា​ញៀន​នឹង​ការ​រួម​ភេទ។ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ការ​ញៀន​មើល​រូប​អាសអាភាស​គឺ​ស្រដៀង​នឹង​ការ​ញៀន​ស្រា​ឬ​ថ្នាំ​ញៀន។ ដូច្នេះ គឺ​មិន​មែន​ជា​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​ទម្លាប់​មើល​រូប​អាសអាភាស​មាន​លទ្ធផល​ដែល​គួរ​ឲ្យ​ខ្លោច​ផ្សារ។ នេះ​អាច​រួម​បញ្ចូល​អារម្មណ៍​អៀន​ខ្មាស​ជា​ខ្លាំង មិន​សូវ​សម្រេច​កិច្ច​ការ​នៅ​កន្លែង​ធ្វើ​ការ គ្មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ លែង​លះ​គ្នា ហើយ​ថែម​ទាំង​ធ្វើ​អត្ដឃាត​ទៀត​ផង។ បន្ទាប់​ពី​បុរស​ម្នាក់​បាន​ផ្ដាច់​ពី​ការ​ញៀន​មើល​រូប​អាសអាភាស​អស់​រយៈ​ពេល​មួយ​ឆ្នាំ គាត់​បាន​និយាយ​ថា​ពេល​នោះ​គាត់​អាច​មាន​អារម្មណ៍​ថា​ខ្លួន​មាន​តម្លៃ​ម្ដង​ទៀត។

១០​. តើ​តាម​របៀប​ណា​បង​រីបេរ៉ូ​បាន​ផ្ដាច់​ទាំង​ស្រុង​នូវ​ការ​ញៀន​មើល​រូប​អាសអាភាស?

១០ សម្រាប់​មនុស្ស​ជា​ច្រើន ការ​ផ្ដាច់​ទាំង​ស្រុង​ពី​ការ​មើល​រូប​អាសអាភាស គឺ​ជា​អ្វី​ដ៏​ពិបាក។ ប៉ុន្ដែ​យើង​អាច​ឈ្នះ​ការ​តយុទ្ធ​នេះ​បាន។ សូម​ពិចារណា​គំរូ​របស់​បង​ប្រុស​រីបេរ៉ូ​ដែល​មក​ពី​ប្រទេស​ប្រេស៊ីល។ ពេល​គាត់​ជា​យុវវ័យ គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ ហើយ​បាន​ធ្វើ​ការ​នៅ​រោង​ចក្រ​មួយ​ដែល​កែ​ច្នៃ​ក្រដាស​ឡើង​វិញ។ នៅ​ទី​នោះ​គាត់​បាន​ឃើញ​ទស្សនាវដ្ដី​អាសអាភាស។ បង​រីបេរ៉ូ​បាន​និយាយ​ថា​៖ ​«​បន្ដិច​ម្ដង​ៗ ខ្ញុំ​បាន​ទៅ​ជា​ញៀន។ ខ្ញុំ​ញៀន​ខ្លាំង​ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​ពិបាក​រង់​ចាំ​ឲ្យ​សង្សារ​ដែល​រស់​នៅ​ជា​មួយ​នឹង​ខ្ញុំ​ចាក​ចេញ​ពី​ផ្ទះ ដើម្បីខ្ញុំ​អាច​មើល​រឿង​អាសអាភាស​»។ តែ​នៅ​ថ្ងៃ​មួយ​នៅ​កន្លែង​ធ្វើ​ការ បង​រីបេរ៉ូ​បាន​មើល​ទៅ​គំនរ​សៀវភៅ​សម្រាប់​កែ​ច្នៃ​ឡើង​វិញ ហើយ​បាន​ឃើញ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា គន្លឹះ​នៃ​សុភមង្គល​គ្រួសារគាត់​បាន​រើស​សៀវភៅ​នោះ​ឡើង ហើយ​បាន​អាន។ អ្វី​ដែល​គាត់​បាន​អាន​បាន​នាំ​ឲ្យ​គាត់​សិក្សា​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ បង​រីបេរ៉ូ​នៅ​តែ​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ផ្ដាច់​ទាំង​ស្រុង​នូវ​ការ​ញៀន​មើល​រូប​អាសអាភាស។ តើ​អ្វី​បាន​ជួយ​គាត់? គាត់​ពន្យល់​ថា​៖ ​«​ការ​អធិដ្ឋាន ការ​សិក្សា​គម្ពីរ និង​ការ​រំពឹង​គិត​អំពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន បាន​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​កោត​ស្ងើច​ចំពោះ​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា រហូត​ដល់​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​លោក​គឺ​ខ្លាំង​ជាង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្ញុំ​ឲ្យ​ចង់​មើល​រូប​អាសអាភាស​»។ ដោយ​មាន​ជំនួយ​ពី​គម្ពីរ​និង​សកម្មពល​បរិសុទ្ធ​របស់​ព្រះ បង​រីបេរ៉ូ​បាន​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​គាត់ ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ឥឡូវ​គាត់​បម្រើ​ជា​អ្នក​ចាស់​ទុំ​នៅ​ក្នុង​ក្រុម​ជំនុំ។

យើង​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ជ្រាល​ជ្រៅ ហើយ​ស្អប់​អ្វី​ដែល​អាក្រក់

១១​. តើ​អ្វី​នឹង​ជួយ​បុគ្គល​ណា​ម្នាក់​ឲ្យ​ផ្ដាច់​ទាំង​ស្រុង​ពី​ការ​មើល​រូប​អាសអាភាស?

១១ សូម​កត់​សម្គាល់​ថា​ដើម្បី​ផ្ដាច់​ទាំង​ស្រុង​នូវ​ការ​មើល​រូប​អាសអាភាស បង​រីបេរ៉ូ​មិន​គ្រាន់​តែ​ត្រូវ​សិក្សា​គម្ពីរ​ប៉ុណ្ណោះ​ទេ។ គាត់​ត្រូវ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អ្វី​ដែល​គាត់​បាន​អាន​ក្នុង​គម្ពីរ ហើយ​ឲ្យ​អ្វី​ទាំង​នោះ​ចូល​ក្នុង​ចិត្ដ​របស់​គាត់។ គាត់​ត្រូវ​អធិដ្ឋាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​គាត់។ អ្វី​ទាំង​នេះ​បាន​ជួយ​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​បង​រីបេរ៉ូ​ចំពោះ​ព្រះ​រហូត​ដល់​សេចក្ដី​ស្រឡាញ់​នោះ​អាច​យក​ឈ្នះ​សេចក្ដី​ប៉ង​ប្រាថ្នា​ឲ្យ​ចង់​មើល​រូប​អាសអាភាស។ ដូច​គ្នា​ដែរ ដើម្បី​ឲ្យ​យើង​ផ្ដាច់​ទាំង​ស្រុង​នូវ​ការ​មើល​រូប​អាសអាភាស យើង​ក៏​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ជ្រាល​ជ្រៅ ហើយ​ស្អប់​អ្វី​ដែល​អាក្រក់។—សូម​អាន ទំនុក​តម្កើង ៩៧:១០

ចូរ​លះ​ចោល​ទាំង​ស្រុង​នូវ​កំហឹង ពាក្យ​ប្រមាថ​មើល​ងាយ និង​ការ​កុហក

១២​. តើ​អ្វី​បាន​ជួយ​បង​ស្ទីវើន​ឲ្យ​លះ​ចោល​ពាក្យ​ប្រមាថ​មើល​ងាយ​និង​កំហឹង?

១២ មនុស្ស​ខ្លះ​ឆាប់​ខឹង ហើយ​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ដ​និង​ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ។ ពេល​នេះ​កើត​ឡើង ក្រុម​គ្រួសារ​ទាំង​មូល​របស់​ពួក​គេ​រង​ទុក្ខ។ បង​ស្ទីវើន​ដែល​ជា​ឪ​ពុក​ម្នាក់​ដែល​មក​ពី​ប្រទេស​អូស្ត្រាលី​ធ្លាប់​និយាយ​ពាក្យ​អសុរោះ​ជា​ច្រើន ហើយ​ឆាប់​ខឹង​សូម្បី​តែ​អំពី​រឿង​តូច​តាច។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​និង​ប្រពន្ធ​របស់​ខ្ញុំ​ធ្លាប់​បែក​គ្នា​បី​ដង ហើយ​យើង​បាន​ឈាន​ទៅ​រក​ការ​លែង​លះ​គ្នា​»។ ក្រោយ​មក ពួក​គេ​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​នឹង​សាក្សី ហើយ​បង​ស្ទីវើន​បាន​ព្យាយាម​ធ្វើ​តាម​អ្វី​ដែល​គាត់​បាន​រៀន។ គាត់​និយាយ​ថា​មុន​គាត់​ស្គាល់​ព្រះ​យេហូវ៉ា ពេល​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ទើស​ចិត្ដ​គាត់​ខឹង​យ៉ាង​ខ្លាំង​រហូត​ដល់​គាត់​មាន​អារម្មណ៍​ដូច​ជា​គ្រាប់​បែក​ដែល​ជិត​ផ្ទុះ។ ប៉ុន្ដែ​ក្រោយ​ពី​បង​ស្ទីវើន​បាន​ចាប់​ផ្ដើម​ធ្វើ​តាម​យោបល់​ពី​គម្ពីរ នេះ​បាន​ល្អ​ទៅ​ៗ។ គាត់​និយាយ​ថា​៖ ​«​ជីវិត​គ្រួសារ​របស់​យើង​បាន​ទៅ​ជា​ល្អ​ប្រសើរ​ជាង​មុន​ឆ្ងាយ​ណាស់។ ឥឡូវ​នេះ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​មាន​ចិត្ដ​ស្ងប់​និង​សេចក្ដី​សុខ​សាន្ដ​»។ សព្វ​ថ្ងៃ​នេះ បង​ស្ទីវើន​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ហើយ​ប្រពន្ធ​របស់​គាត់​បាន​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​រួច​ហើយ។ អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​របស់​បង​ស្ទីវើន​បាន​និយាយ​ថា​៖ ​«​បង​ស្ទីវើន​គឺ​ជា​បង​ប្រុស​ដែល​ស្ងៀម​ស្ងាត់ ខិត​ខំ​ធ្វើ​កិច្ច​ការ និង​មាន​ចិត្ដ​រាប​ទាប​»។ ពួក​គាត់​ក៏​បាន​និយាយ​ផង​ដែរ​ថា​ពួក​គាត់​មិន​ដែល​ឃើញ​បង​ស្ទីវើន​ខឹង​ទេ។ បង​ស្ទីវើន​មិន​ព្រម​ទទួល​ការ​សរសើរ​ចំពោះ​ការ​កែ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​គាត់​ទេ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​បាន​ទទួល​ពរ​ទាំង​នេះ​ក្នុងជីវិត​របស់​ខ្ញុំ​ឡើយ បើ​ខ្ញុំ​មិន​បាន​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​កែ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​ខ្ញុំ​ទាំង​ស្រុង​ទេ​»។

១៣​. ហេតុ​អ្វី​កំហឹង​នាំ​ឲ្យ​មាន​បញ្ហា? តើ​គម្ពីរ​ព្រមាន​យើង​អំពី​អ្វី?

១៣ គម្ពីរ​ព្រមាន​យើង​ឲ្យ​ជៀស​វាង​ពី​កំហឹង ការ​និយាយ​ដោយ​គ្មាន​មេត្ដា និង​ការ​ស្រែក​គំហក។ (​អេភេសូរ ៤:៣១​) អ្វី​ទាំង​នេះ​ច្រើន​តែ​នាំ​ឲ្យ​មាន​អំពើ​ហិង្សា។ សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​គិត​ថា​កំហឹង និង​ការ​ប្រើ​អំពើ​ហិង្សា​គឺ​ជា​អ្វី​ដែល​ធម្មតា។ ប៉ុន្ដែ តាម​ពិត​ការ​ប្រព្រឹត្ដ​បែប​នេះ​គឺ​ធ្វើ​ឲ្យ​អ្នក​បង្កើត​របស់​យើង​អាប់​ឱន​កិត្ដិ​យស។ បង​ប្អូន​របស់​យើង​ជា​ច្រើន​នាក់​បាន​ផ្លាស់​ប្ដូរ​ការ​ប្រព្រឹត្ដ​របស់​ពួក​គេ ហើយ​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី។—សូម​អាន ទំនុក​តម្កើង ៣៧:៨​-​១១

១៤​. តើ​មនុស្ស​ឃោរ​ឃៅ​អាច​ទៅ​ជា​មនុស្ស​សុភាព​បាន​ឬ​ទេ?

១៤ បង​ប្រុស​ហាន់ស៍​បម្រើ​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​មួយ​នៅ​ប្រទេស​អូទ្រីស។ អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុម​ជំនុំ​បង​ហាន់ស៍​បាន​និយាយ​ថា​៖ ​«​បង​ហាន់ស៍​ជា​បង​ប្រុស​ដ៏​សុភាព​មែន​ទែន​»។ ប៉ុន្ដែ ពី​មុន​បង​ហាន់ស៍​មិន​មែន​ជា​មនុស្ស​សុភាព​នោះ​ទេ។ ពេល​គាត់​ជា​ក្មេង​ជំទង់ គាត់​បាន​ចាប់​ផ្ដើម​ផឹក​ស្រា​ហួស​ប្រមាណ​ហើយ​ប្រើ​អំពើ​ហិង្សា។ ថ្ងៃ​មួយ​ពេល​ដែល​គាត់​ស្រវឹង​ស្រា គាត់​ខឹង​យ៉ាង​ខ្លាំង​រហូត​ដល់​គាត់​បាន​សម្លាប់​សង្សារ​របស់​គាត់។ បង​ហាន់ស៍​បាន​ត្រូវ​គេ​កាត់​ទោស​ឲ្យ​ជាប់​គុក​២០​ឆ្នាំ ប៉ុន្ដែ​ជីវិត​នៅ​ក្នុង​គុក​មិន​បាន​កែ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​គាត់​ទេ។ ក្រោយ​មក​ម្ដាយ​របស់​គាត់​បាន​សុំ​អ្នក​ចាស់​ទុំ​ម្នាក់​ឲ្យ​ទៅ​ជួប​គាត់ ហើយ​បង​ហាន់ស៍​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ។ គាត់​បាន​និយាយ​ថា​៖ ​«​ការ​ដោះ​ចេញ​បុគ្គលិក​លក្ខណៈ​ចាស់​គឺ​ពិបាក​ណាស់​សម្រាប់​ខ្ញុំ។ បទ​គម្ពីរ​ដែល​បាន​លើក​ទឹក​ចិត្ដ​ខ្ញុំ​គឺ​អេសាយ ៥៥:៧​ដែល​ចែង​ថា​៖ ‹ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះ​បង់​ចោល​ផ្លូវ​របស់​ខ្លួន› និង​កូរិនថូស​ទី១ ៦:១១​ដែល​ចែង​អំពី​ពួក​អ្នក​ដែល​បាន​លះ​ចោល​អំពើ​ខុស​ឆ្គង​ថា​៖ ‹ក៏​ប៉ុន្ដែ​អ្នក​រាល់​គ្នា​ខ្លះ​ធ្លាប់ជា​មនុស្ស​បែប​នោះ›។ អស់​ជា​ច្រើន​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ​ដោយ​ចិត្ដ​អត់​ធ្មត់​តាម​រយៈ​សកម្មពល​បរិសុទ្ធ​របស់​លោក ដើម្បី​ឲ្យ​ខ្ញុំ​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី​»។ បង​ហាន់ស៍​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​ដែល​គាត់​នៅ​ក្នុង​គុក​នៅ​ឡើយ ហើយ​គាត់​បាន​ត្រូវ​គេ​ដោះ​លែង​បន្ទាប់​ពី​គាត់​បាន​ជាប់​គុក​អស់​១៧​ឆ្នាំ​កន្លះ។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​សេចក្ដី​មេត្ដា​ករុណា​និង​ការ​អភ័យ​ទោស​ជា​បរិបូរ​របស់​ព្រះ​យេហូវ៉ា​»។

១៥​. តើ​អ្វី​ជា​ផ្នែក​មួយ​ទៀត​នៃ​បុគ្គលិក​លក្ខណៈ​ចាស់? តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​រឿង​នេះ?

១៥ ការ​កុហក​គឺ​ជា​ផ្នែក​មួយ​ទៀត​នៃ​បុគ្គលិក​លក្ខណៈ​ចាស់។ ជា​ឧទាហរណ៍ មនុស្ស​ជា​ច្រើន​កុហក​ដើម្បី​ជៀស​វាង​ពី​ការ​បង់​ពន្ធ ឬ​ដើម្បី​ជៀស​វាង​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​របស់​ពួក​គេ។ ប៉ុន្ដែ​ព្រះ​យេហូវ៉ា​គឺ​ជា​«​ព្រះ​នៃ​សេចក្ដី​ពិត​»។ (​ទំនុក​តម្កើង ៣១:៥​) ដូច្នេះ​លោក​តម្រូវ​ឲ្យ​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក ​«​និយាយ​សេចក្ដី​ពិត​»​ ហើយ‹មិន​កុហក›។ (​អេភេសូរ ៤:២៥; កូឡុស ៣:៩​) យើង​ត្រូវ​និយាយ​សេចក្ដី​ពិត​សូម្បី​តែ​នោះ​នឹង​ធ្វើ​ឲ្យ​យើង​អាម៉ាស់​មុខ​ឬ​មាន​ការ​ពិបាក​ក៏​ដោយ។—សុភាសិត ៦:១៦​-​១៩

របៀប​ដែល​ពួក​គាត់​អាច​ឈ្នះ

១៦​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់?

១៦ យើង​មិន​អាច​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់​ដោយ​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ខ្លួន​ឡើយ។ បង​សាគូរ៉ា បង​រីបេរ៉ូ បង​ស្ទីវើន និង​បង​ហាន់ស៍ ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​កែ​ប្រែ​របៀប​រស់​នៅ​ចាស់​របស់​ពួក​គាត់។ អ្វី​ដែល​បាន​ជួយ​ពួក​គាត់​គឺ​ឫទ្ធា​នុភាព​ដែល​មក​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​និង​ពី​បណ្ដាំ​របស់​លោក។ (​លូកា ១១:១៣; ហេប្រឺ ៤:១២​) ដើម្បី​ទទួល​ប្រយោជន៍​ពី​ឫទ្ធា​នុភាព​នោះ យើង​ត្រូវ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន និង​អធិដ្ឋាន​ជា​និច្ច​ដើម្បី​ឲ្យ​លោក​ផ្ដល់​ប្រាជ្ញា​និង​កម្លាំង​ឲ្យ​យើង​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​រៀន។ (​យ៉ូស្វេ ១:៨; ទំនុក​តម្កើង ១១៩:៩៧; ថែស្សាឡូនិច​ទី១ ៥:១៧​) យើង​ក៏​ទទួល​ប្រយោជន៍​ផង​ដែរ​ពី​បណ្ដាំ​របស់​ព្រះ​និង​សកម្មពល​បរិសុទ្ធ​របស់​លោក​ពេល​យើង​រៀប​ចំ​និង​ចូល​រួម​កិច្ច​ប្រជុំ។ (​ហេប្រឺ ១០:២៤, ២៥​) ម្យ៉ាង​ទៀត យើង​ចង់​ប្រើ​អ្វី​ៗ​ជា​ច្រើន​ទៀត​ដែល​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង ដូច​ជា​ទស្សនាវដ្ដី​របស់​យើង កម្ម​វិធី​JW​បណ្ណាល័យ JW​ទូរទស្សន៍ និង​គេហទំព័រ​jw.org។—លូកា ១២:៤២

តើ​តាម​របៀប​ណា​យើង​អាច​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់? (​សូម​មើល​វគ្គ​១៦​)

១៧​. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៧ យើង​បាន​ពិចារណា​អំពី​អំពើ​អាក្រក់​មួយ​ចំនួន​ដែល​គ្រិស្ដ​សាសនិក​ត្រូវ​ឈប់​ប្រព្រឹត្ដ ហើយ​ដែល​យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​មិន​ចាប់​ផ្ដើម​ប្រព្រឹត្ដ​ឡើង​វិញ។ ប៉ុន្ដែ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​យើង​ត្រូវ​ធ្វើ​ច្រើន​ជាង​នេះ។ យើង​ត្រូវ​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី ហើយ​បន្ដ​មាន​របៀប​រស់​នៅ​ដែល​សម​ស្រប​នឹង​បុគ្គលិក​លក្ខណៈ​ថ្មី​នោះ។ នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ។

^ វគ្គ 7 ឈ្មោះ​ខ្លះ​ក្នុង​អត្ថបទ​នេះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 8 សូម​មើល​សេចក្ដី​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «អ្នក​អាច​ឈ្នះ​ទម្លាប់​បំពេញ​ចំណង់​ផ្លូវ​ភេទ​តាម​របៀប​មិន​ត្រឹម​ត្រូវ» ក្នុង​សៀវភៅ​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​»។