លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​អ្វី​ដែល​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​សាការី​ឃើញ​ក្នុង​គំនិត​ជាប់​ទាក់​ទង​នឹង​អ្នក​យ៉ាង​ដូច​ម្ដេច?

តើ​អ្វី​ដែល​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​សាការី​ឃើញ​ក្នុង​គំនិត​ជាប់​ទាក់​ទង​នឹង​អ្នក​យ៉ាង​ដូច​ម្ដេច?

​«​ចូរ​វិល​មក​ឯ​អញ​វិញ . . . នោះ​អញ​នឹង​វិល​មក​ឯ​ឯង​រាល់​គ្នា​ដែរ​»។—សាការី ១:៣

ចម្រៀង​លេខ: ១២០, ២០

១​-​៣​. (​ក​) ពេល​សាការី​បាន​ចាប់​ផ្ដើម​ប្រកាស​ទំនាយ តើ​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា? (​ខ​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​សុំ​រាស្ដ្រ​របស់​លោក​ឲ្យ​ត្រឡប់​មក​លោក​វិញ?

រមូរ​ហោះ ស្ដ្រី​ម្នាក់​នៅ​ក្នុង​កញ្ឆេ ហើយ​ស្ដ្រី​ពីរ​នាក់​ដែល​មាន​ស្លាប​ដូច​សត្វ​កុក​សំកាំង​លើ​អាកាស នេះ​ជា​អ្វី​ខ្លះ​ក្នុង​ចំណោម​អ្វី​ៗ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ដ​ដែល​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​សាការី​ឃើញ​ក្នុង​គំនិត។ (​សាការី ៥:១, ៧​-​៩​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​អ្នក​ប្រកាស​ទំនាយ​របស់​លោក​ឃើញ​ក្នុង​គំនិត​នូវ​អ្វី​ដ៏​អស្ចារ្យ​ទាំង​នេះ? នៅ​ពេល​នោះ តើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា? នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​អ្វី​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត?

នៅ​ឆ្នាំ​៥៣៧​មុន គ.ស. រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​មាន​អំណរ​ជា​ខ្លាំង។ អស់​៧០​ឆ្នាំ ពួក​គេ​បាន​ធ្វើ​ជា​ឈ្លើយ​នៅ​បាប៊ីឡូន ប៉ុន្ដែ​ឥឡូវ​ពួក​គេ​បាន​ត្រូវ​ដោះ​លែង! ពួក​គេ​រំភើប​ចិត្ដ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​សង់​វិហារ ហើយ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​ទី​នោះ។ មួយ​ឆ្នាំ​ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាក់​គ្រឹះ​វិហារ។ បណ្ដា​ជនសប្បាយ​ចិត្ដ​ជា​ខ្លាំង ហើយ​«​គេ​ស្រែក​ជា​យ៉ាង​ខ្លាំង ហើយ​សូរ​សំរែក​នោះ​ក៏​ឮ​ទៅ​ឆ្ងាយ​ផង​»។ (​អែសរ៉ា ៣:១០​-​១៣​) ប៉ុន្ដែ ការ​ប្រឆាំង​ចំពោះ​កិច្ច​ការ​សាងសង់​មាន​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ជន​ជាតិ​អ៊ីស្រាអែល​ធ្លាក់​ទឹក​ចិត្ដ​ខ្លាំង​ដល់​ម៉្លេះ​បាន​ជា​ពួក​គេ​ឈប់​សង់​វិហារ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ធ្វើ​ស្រែ​និង​សាងសង់​ផ្ទះ​របស់​ខ្លួន។ ដប់​ប្រាំ​មួយ​ឆ្នាំ​ក្រោយ​ពី​ការ​ចាក់​គ្រឹះ​វិហារ វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​តែ​មិន​ទាន់​បាន​សាងសង់​រួច​រាល់។ រាស្ដ្រ​របស់​ព្រះ​ត្រូវ​ការ​ការ​រំលឹក​ឲ្យ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ ហើយ​ឈប់​ផ្ដោត​អារម្មណ៍​ទៅ​លើ​រឿង​ផ្ទាល់​ខ្លួន។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គេ​គោរព​ប្រណិប័តន៍​លោក​ដោយ​ខ្នះ​ខ្នែង​និង​ដោយ​ចិត្ដ​ក្លាហាន។

ព្រះ​យេហូវ៉ា​ព្រម​ទទួល​ការ​គោរព​ប្រណិប័តន៍​របស់​យើង លុះ​ត្រា​តែ​យើង​គោរព​ប្រណិប័តន៍​លោក​អស់​ពី​ចិត្ដ

ដូច្នេះ​នៅ​ឆ្នាំ​៥២០​មុន គ.ស. ព្រះ​យេហូវ៉ា​បាន​ចាត់​សាការី​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ឲ្យ​រំលឹក​រាស្ដ្រ​របស់​លោក​អំពី​មូលហេតុ​ដែល​លោក​បាន​ដោះ​លែង​ពួក​គេ​ពី​បាប៊ីឡូន។ គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​ដែល​ឈ្មោះ​របស់​សាការី​មាន​ន័យ​ថា ​«​ព្រះ​យេហូវ៉ា​បាន​នឹក​ឃើញ​»។ ទោះ​ជា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ភ្លេច​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​ពួក​គេ​ក្ដី ព្រះ​នៅ​តែ​ចាំ​អំពី​ពួក​គេ។ (​សូម​អាន សាការី ១:៣, ៤) ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​ជួយ​ពួក​គេ​ឲ្យ​រៀប​ចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ។ ប៉ុន្ដែ លោក​ក៏​បាន​ព្រមាន​ពួក​គេ​ថា លោក​នឹង​ព្រម​ទទួល​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ លុះ​ត្រា​តែ​ពួក​គេ​គោរព​ប្រណិប័តន៍​លោក​អស់​ពី​ចិត្ដ។ សូម​យើង​ពិចារណា​អំពី​អ្វី​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​នៅ​លើក​ទី​៦​និង​ទី​៧។ យើង​នឹង​រៀន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជំរុញ​ចិត្ដ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​អំពី​របៀប​ដែល​អ្វី​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​ទាំង​ពីរ​លើក​នេះ​អាច​ជួយ​យើង​នៅ​សព្វ​ថ្ងៃ​នេះ។

ការ​វិនិច្ឆ័យ​ទោស​របស់​ព្រះ​សម្រាប់​អ្នក​ដែល​លួច

៤​. តើ​សាការី​បាន​ឃើញ​អ្វី​ក្នុង​ការ​បើក​បង្ហាញ​លើក​ទី​៦? ហេតុ​អ្វី​រមូរ​នោះ​បាន​ត្រូវ​សរសេរ​ទាំង​សង​ខាង? (​សូម​មើល​រូប​ភាព​ទី១​នៅ​ដើម​អត្ថបទ​)

សាការី​ជំពូក​ទី​៥​ចាប់​ផ្ដើម​ដោយ​ការ​បើក​បង្ហាញ​ដ៏​ចម្លែក​មួយ។ (​សូម​អាន សាការី ៥:១, ២) សាការី​បាន​ឃើញ​ក្រាំង​ឬ​រមូរ​មួយ​ដែល​កំពុង​ហោះ​លើ​អាកាស។ រមូរ​នោះ​មាន​បណ្ដោយ​ប្រវែង​៩​ម៉ែត្រ (​៣០​ហ្វីត​) ហើយ​ទទឹង​មាន​ប្រវែង​៤.៥​ម៉ែត្រ (​១៥​ហ្វីត​)។ រមូរ​នោះ​លា ហើយ​មាន​ដំណឹង​ដែល​បាន​ត្រូវ​សរសេរ​នៅ​លើ​នោះ។ (​សាការី ៥:៣​) នោះ​គឺ​ដំណឹង​ដ៏​សំខាន់​អំពី​ការ​វិនិច្ឆ័យ​ទោស។ នៅ​សម័យ​បុរាណ តាម​ធម្មតា​មនុស្ស​បាន​សរសេរ​នៅ​លើ​រមូរ​តែ​ម្ខាង​ប៉ុណ្ណោះ។ ប៉ុន្ដែ ដំណឹង​នោះ​គឺ​សំខាន់​ដល់​ម៉្លេះ​បាន​ជា​រមូរ​នោះ​បាន​ត្រូវ​សរសេរ​ទាំង​សង​ខាង។

គ្រិស្ដ​សាសនិក​ត្រូវ​ជៀស​វាង​ពី​ការ​លួច​គ្រប់​បែប​យ៉ាង (​សូម​មើល​វគ្គ​៥​-​៧​)

៥, ៦​. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​លួច​គ្រប់​បែប​យ៉ាង?

សូម​អាន សាការី ៥:៣, ៤មនុស្ស​ទាំង​អស់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ព្រះ​ស្ដី​អំពី​ការ​ប្រព្រឹត្ដ​របស់​ពួក​គេ ជា​ពិសេស​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា ដោយ​សារ​ពួក​គេ​បាន​ត្រូវ​ហៅ​ដោយ​នាម​របស់​លោក។ ពួក​គេ​ស្រឡាញ់​លោក ហើយ​ដឹង​ថា​ការ​លួច​នាំ​ឲ្យ​នាម​របស់​លោក​អាប់​ឱន។ (​សុភាសិត ៣០:៨, ៩​) មនុស្ស​ខ្លះ​ប្រហែល​ជា​គិត​ថា​ការ​លួច​គឺ​មិន​ខុស​ទេ បើ​ពួក​គេ​មាន​មូលហេតុ​ត្រឹម​ត្រូវ។ ប៉ុន្ដែ មិន​ថា​មាន​មូលហេតុ​អ្វី​ក៏​ដោយ បុគ្គល​ដែល​លួច​បង្ហាញ​ថា ចំពោះ​គាត់​ការ​បំពេញ​ចំណង់​ចិត្ដ​លោភ​លន់​គឺ​សំខាន់​ជាង​ព្រះ​យេហូវ៉ា នាម​របស់​លោក និង​ច្បាប់​របស់​លោក។

តើ​អ្នក​បាន​ឃើញ​ឬ​ទេ​ថា សាការី ៥:៣, ៤​ចែង​ថាបណ្ដាសា​នឹង​«​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ​»​ ហើយ​ថា​នេះ​នឹង​«​នៅ​ជាប់​ក្នុង​ផ្ទះ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ផ្ទះ​នោះ​សូន្យ​ទៅ​»​? ដូច្នេះ ព្រះ​យេហូវ៉ា​អាច​លាត​ត្រដាង​និង​វិនិច្ឆ័យ​អំពើ​ខុស​ឆ្គង​ណា​ក៏​ដោយ​ដែល​មាន​នៅ​ក្នុង​ចំណោម​រាស្ដ្រ​លោក។ ទោះ​ជា​បុគ្គល​ដែល​លួច​អាច​លាក់​បាំង​អ្វី​ដែល​គាត់​ធ្វើ​ពី​ប៉ូលិស ចៅហ្វាយ អ្នក​ចាស់​ទុំ ឬ​ឪ​ពុក​ម្ដាយ​ក៏​ដោយ គាត់​មិន​អាច​លាក់​បាំង​ទង្វើ​នោះ​ពី​ព្រះ​យេហូវ៉ា​បាន​ទេ។ ព្រះ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​លួច​គ្រប់​បែប​យ៉ាង​នឹង​ត្រូវ​លាត​ត្រដាង។ (​ហេប្រឺ ៤:១៣​) យើង​ពិត​ជា​ចូល​ចិត្ដ​នៅ​ជា​មួយ​នឹង​មនុស្ស​ដែល​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​«​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»​!—ហេប្រឺ ១៣:១៨

៧​. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​មិន​ត្រូវ​បណ្ដាសា?

ព្រះ​យេហូវ៉ា​ស្អប់ខ្ពើម​ការ​លួច​សព្វ​បែប​យ៉ាង។ ការ​ស្គាល់​និង​ធ្វើ​តាម​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ហើយ​ការ​មាន​របៀប​រស់​នៅ​ដែល​មិន​ធ្វើ​ឲ្យ​នាម​របស់​លោក​អាប់​ឱន គឺ​ជា​កិត្ដិ​យស​សម្រាប់​យើង។ ដោយ​ធ្វើ​ដូច្នេះ យើង​នឹង​មិន​ទទួល​ទោស​ដូច​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​ថា​ជា​មនុស្ស​ដែល​មិន​ស្តាប់​បង្គាប់​លោក។

ចូរ​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​អ្នក​«​រាល់​តែ​ថ្ងៃ​»​

៨​-​១០​. (​ក​) តើ​ពាក្យ​សម្បថ​គឺ​ជា​អ្វី? (​ខ​) តើ​ស្ដេច​សេដេគា​មិន​បាន​ធ្វើ​តាម​ពាក្យ​សម្បថ​អ្វី?

បន្ទាប់​មក រមូរ​ហោះ​បាន​ផ្ដល់​ការ​ព្រមាន​ដល់​ពួក​អ្នក​ដែល​«​ស្បថ​កុហក​»​ដោយ​នាម​របស់​ព្រះ។ (​សាការី ៥:៤​) ពាក្យ​សម្បថ​គឺ​ជា​ពាក្យ​សម្ដី​ដែល​បញ្ជាក់​ថា​អ្វី​មួយ​គឺ​ជា​ការ​ពិត ឬ​ជា​សេចក្ដី​សន្យា​ដ៏​សំខាន់​មួយ​ដែល​ថា​យើង​នឹង​ធ្វើ​អ្វី​មួយ​ឬ​ក៏​មិន​ធ្វើ​អ្វី​មួយ។

ការ​ស្បថ​ដោយ​នាម​ព្រះ​យេហូវ៉ា​គឺ​ជា​រឿង​ធ្ងន់​ធ្ងរ។ យើង​អាច​ដឹង​ដូច្នេះ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​សេដេគា​ដែល​ជា​ស្ដេច​ចុង​ក្រោយ​ដែល​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម។ សេដេគា​បាន​ស្បថ​ដោយ​នាម​របស់​ព្រះ​យេហូវ៉ា​ថា​គាត់​នឹង​ចុះ​ចូល​នឹង​ស្ដេច​បាប៊ីឡូន។ ប៉ុន្ដែ សេដេគា​មិន​បានធ្វើ​តាម​ពាក្យ​សម្បថ​របស់​គាត់​ទេ។ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​សេដេគា​នឹង​«​ត្រូវ​ស្លាប់​នៅ​កន្លែង​នៃ​ស្ដេច​ដែល​បាន​តាំង​ទ្រង់​ឡើង​ឲ្យ​សោយ​រាជ្យ​ដែល​ទ្រង់​បាន​មើល​ងាយ​ពាក្យ​សម្បថ ហើយ​ផ្ដាច់​សេចក្ដី​សញ្ញា​របស់​ស្ដេច​នោះ​បង់​គឺ​នឹង​ត្រូវ​ស្លាប់​នៅ​កណ្ដាល​ក្រុង​បាប៊ីឡូន​ជិត​ស្ដេច​នោះ​ឯង​»។—អេសេគាល ១៧:១៦

១០ ស្ដេច​សេដេគា​បាន​ស្បថ​ដោយ​នាម​ព្រះ​យេហូវ៉ា ហើយ​លោក​តម្រូវ​ឲ្យ​គាត់​ធ្វើ​តាម​ពាក្យ​សម្បថ​នោះ។ (​របា​ក្សត្រ​ទី២ ៣៦:១៣​) ប៉ុន្ដែ សេដេគា​មិន​បាន​ធ្វើ​តាម​ពាក្យ​សន្យា​របស់​គាត់ ហើយ​បាន​សុំ​ជំនួយ​ពី​ស្រុក​អេស៊ីប​ដើម្បី​រួច​ពី​កណ្ដាប់​ដៃ​របស់​បាប៊ីឡូន។ ប៉ុន្ដែ​ស្រុក​អេស៊ីប​មិន​អាច​ជួយ​គាត់​បាន​ទេ។—អេសេគាល ១៧:១១​-​១៥, ១៧, ១៨

១១, ១២​. (​ក​) តើ​ពាក្យ​សន្យា​ដ៏​សំខាន់​បំផុត​ដែល​យើង​អាច​ធ្វើ​គឺ​ជា​អ្វី? (​ខ​) តើ​ការ​ប្រគល់​ខ្លួន​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង?

១១ យើង​អាច​រៀន​ពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​សេដេគា​ថា ព្រះ​យេហូវ៉ា​ស្តាប់​ពេល​យើង​សន្យា​អ្វី​មួយ។ ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ដ យើង​ត្រូវ​ធ្វើ​តាម​ពាក្យ​សន្យា​របស់​យើង។ (​ទំនុក​តម្កើង ៧៦:១១​) ការ​សន្យា​ដ៏​សំខាន់​បំផុត​ដែល​យើង​អាច​ធ្វើ​គឺ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ ពេល​យើង​ប្រគល់​ខ្លួន​ជូន​លោក យើង​សន្យា​ថា​យើង​នឹង​បម្រើ​លោក ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក្នុង​ជីវិត​របស់​យើង​ក៏​ដោយ។

១២ តើ​យើង​អាច​ធ្វើ​តាម​ពាក្យ​សន្យា​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? ​«​រាល់​តែ​ថ្ងៃ​»​ យើង​ប្រឈម​មុខ​នឹង​អ្វី​ផ្សេង​ៗ​ទាំង​តូច​ទាំង​ធំ​ដែល​អាច​សាកល្បង​ជំនឿ​របស់​យើង។ របៀប​ដែល​យើង​ប្រព្រឹត្ដ​ពេល​មាន​ការ​សាកល្បង​ទាំង​នោះ បង្ហាញ​ថា​យើង​មាន​ចំណង​មិត្ដភាព​ដ៏​មាំ​មួន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា។ (​ទំនុក​តម្កើង ៦១:៨​) ជា​ឧទាហរណ៍ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា បើ​មាន​អ្នក​ណា​ម្នាក់​ចែ​ចង់​អ្នក​នៅ​កន្លែង​ធ្វើ​ការ​ឬ​នៅ​សាលា? តើ​អ្នក​នឹង​មិន​ព្រម​ទទួល​ការ​យក​ចិត្ដ​ទុក​ដាក់​ពី​គាត់ ហើយ​បង្ហាញ​ថា​អ្នក​ចង់​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ឬ​ទេ? (​សុភាសិត ២៣:២៦​) ចុះ​បើ​អ្នក​ជា​បុគ្គល​តែ​ម្នាក់​គត់​ក្នុង​ក្រុម​គ្រួសារ​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា តើ​អ្នក​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​បន្ដ​មាន​ការ​ប្រព្រឹត្ដ​ដូច​លោក​យេស៊ូ​ឬ​ទេ? ទោះ​ជា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ តើ​អ្នក​អរគុណ​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ​ចំពោះ​សេចក្ដី​ស្រឡាញ់​និង​ការ​ណែនាំ​របស់​លោក​ឬ​ទេ? តើ​អ្នក​លៃ​ទុក​ពេល​ដើម្បី​អាន​គម្ពីរ​រាល់​ថ្ងៃ​ឬ​ទេ? យើង​បាន​សន្យា​ថា​យើង​នឹង​ធ្វើ​អ្វី​ទាំង​នេះ​ពេល​យើង​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ ពេល​យើង​ស្តាប់​បង្គាប់​លោក ហើយ​ជូន​អ្វី​ដ៏​ល្អ​បំផុត​ដល់​លោក យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ស្រឡាញ់​លោក​និង​ជា​របស់​លោក។ យើង​ក៏​ឲ្យ​ការ​គោរព​ប្រណិប័តន៍​លោក​មាន​ឥទ្ធិពល​លើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ធ្វើ។ ម្យ៉ាង​ទៀត ដោយ​សារ​យើង​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា លោក​សន្យា​ថា​លោក​នឹង​ឲ្យ​យើង​នូវ​អនាគត​ដ៏​អស្ចារ្យ។—ចោទិយកថា ១០:១២, ១៣

គំរូ​របស់​ព្រះ​យេហូវ៉ា​បង្រៀន​យើង​ថា យើង​គួរ​ធ្វើ​តាម​ពាក្យ​សន្យា​របស់​យើង

១៣​. តើ​អ្វី​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​នៅ​លើក​ទី​៦​បង្រៀន​យើង​អ្វី?

១៣ អ្វី​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​នៅ​លើក​ទី​៦​ជួយ​យើង​ឲ្យ​យល់​ថា បើ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​យើង​នឹង​មិន​លួច ហើយ​យើង​នឹង​ធ្វើ​តាម​ពាក្យ​សន្យា​របស់​យើង។ យើង​ក៏​រៀន​ដែរ​ថា ទោះ​ជា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​ខុស​ជា​ច្រើន​ដង​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក ហើយ​មិន​បាន​បោះ​បង់​រាស្ដ្រ​របស់​លោក​ទេ។ លោក​បាន​យល់​ថា ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​ដោយ​មាន​សត្រូវ​នៅ​ជុំ​វិញ​ពួក​គេ។ គំរូ​របស់​ព្រះ​យេហូវ៉ា​បង្រៀន​យើង​ថា យើងគួរ​ធ្វើ​តាម​ពាក្យ​សន្យា​របស់​យើង ហើយ​យើង​អាច​ប្រាកដ​ថា លោក​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ។ របៀប​មួយ​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង​គឺ​ដោយ​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​សម្រាប់​ពេល​អនាគត ដែល​ថា​មិន​យូរ​ទៀត លោក​នឹង​បំបាត់​ចោល​អំពើ​អាក្រក់​សព្វ​បែប​យ៉ាង​នៅ​លើ​ផែន​ដី។ អ្វី​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​បន្ទាប់​មក រៀប​រាប់​អំពី​សេចក្ដី​សង្ឃឹម​នេះ។

ព្រះ​យេហូវ៉ា​ដក​មនុស្ស​អាក្រក់​ចេញ

១៤, ១៥​. (​ក​) តើ​សាការី​បាន​ឃើញ​អ្វី​ក្នុង​គំនិត​នៅ​លើក​ទី​៧? (​សូម​មើល​រូប​ភាព​ទី២​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​ស្ដ្រី​ដែល​នៅ​ក្នុង​កញ្ឆេ​សំដៅ​លើ​អ្វី? ហេតុ​អ្វី​ទេវតា​បាន​បិទ​កញ្ឆេ​នោះ?

១៤ ក្រោយ​ពី​សាការី​បាន​ឃើញ​រមូរ​ហោះ​នោះ ទេវតា​មួយ​រូប​បាន​ប្រាប់​គាត់​ថា​៖ ​«​ចូរ​ងើប​ភ្នែក​ឯង​ឡើង​»។ បន្ទាប់​មក សាការី​បាន​ឃើញ​«​រង្វាល់​»​ឬ​កញ្ឆេ​មួយ។ (​សូម​អាន សាការី ៥:៥​-​៨) កញ្ឆេ​នោះ​មាន​គម្រប​ធ្វើ​ពី​សំណ​រ។ ពេល​កញ្ឆេ​បាន​ត្រូវ​បើក​ឡើង សាការី​ឃើញ​«​ស្ដ្រី​ម្នាក់​អង្គុយ​ក្នុង​រង្វាល់​នោះ​»។ ទេវតា​បាន​ពន្យល់​សាការី​ថា​ស្ដ្រី​នៅ​ក្នុង​កញ្ឆេ​គឺ​ជា​«​អំពើ​អាក្រក់​»។ សូម​ស្រមៃ​គិត​ថា សាការី​ភ័យ​រន្ធត់​យ៉ាង​ណា​ពេល​គាត់​បាន​ឃើញ​ស្ដ្រី​នោះ​ព្យាយាម​ចេញ​ពី​កញ្ឆេ​នោះ! ប៉ុន្ដែ ទេវតា​នោះ​បាន​សង្កត់​ស្ដ្រី​នោះ​ឲ្យ​ចូល​ក្នុង​កញ្ឆេ​វិញ ហើយ​បាន​យក​គម្រប​ដ៏​ធ្ងន់​មក​បិទ​កញ្ឆេ​នោះ។ តើ​នេះ​មាន​ន័យ​អ្វី?

១៥ អ្វី​ដែល​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​នេះ នាំ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​ណា​ក្នុង​ចំណោម​រាស្ដ្រ​របស់​លោក​ឡើយ។ បើ​ព្រះ​យេហូវ៉ា​ឃើញ​អំពើ​អាក្រក់​ណា​មួយ លោក​នឹង​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​ដក​អំពើ​អាក្រក់​នោះ​ចេញ។ (​កូរិនថូស​ទី១ ៥:១៣​) យើង​អាច​ឃើញ​ចំណុច​នេះ ពេល​ដែល​ទេវតា​នោះ​បាន​យក​គម្រប​ដ៏​ធ្ងន់​មក​បិទ​កញ្ឆេ​ភ្លាម​ៗ។

ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​លោក​ស្អាត​ស្អំ​ជា​និច្ច (​សូម​មើល​វគ្គ​១៦​-​១៨​)

១៦​. (​ក​) តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​កញ្ឆេ? (​សូម​មើល​រូប​ភាព​ទី៣​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​ស្ដ្រី​ដែល​មាន​ស្លាប​បាន​យក​កញ្ឆេ​នោះ​ទៅ​ទី​ណា?

១៦ បន្ទាប់​មក សាការី​បាន​ឃើញ​ស្ដ្រី​ពីរ​នាក់​ដែល​មាន​ស្លាប​រឹង​ដូច​ជា​សត្វ​កុក​ដ៏​ធំ​ម្យ៉ាង។ (​សូម​អាន សាការី ៥:៩​-​១១) ស្ដ្រី​ទាំង​នេះ​គឺ​ខុស​គ្នា​ទាំង​ស្រុង​ពី​ស្ដ្រី​ដ៏​អាក្រក់​ដែល​នៅ​ក្នុង​កញ្ឆេ។ ដោយ​ប្រើ​ស្លាប​ដ៏​រឹង​មាំ​របស់​ពួក​គេ ពួក​គេ​បាន​លើក​កញ្ឆេ​ដែល​មាន​«​អំពើ​អាក្រក់​»​នៅ​ខាង​ក្នុង ហើយ​ហើរ​ទៅ។ តើ​ពួក​គេ​បាន​យក​ស្ដ្រី​នោះ​ទៅ​កន្លែង​ណា? ពួក​គេ​បាន​យក​កញ្ឆេ​នោះ​ទៅ​«​ស្រុក​ស៊ីណើរ​»​ឬ​បាប៊ីឡូន។ ហេតុ​អ្វី​ពួក​គេ​បាន​យក​នាង​ទៅ​ទី​នោះ?

១៧, ១៨​. (​ក​) ហេតុ​អ្វី​បាប៊ីឡូន​ជា​«​កន្លែង​»​សម​ត្រឹម​ត្រូវ​សម្រាប់​«​អំពើ​អាក្រក់​»​? (​ខ​) តើ​អ្នក​តាំង​ចិត្ដ​ធ្វើ​អ្វី?

១៧ ជន​ជាតិ​អ៊ីស្រាអែល​ដែល​រស់​នៅ​សម័យ​សាការី​បាន​យល់​អំពី​មូលហេតុ​ដែល​ការ​យក​«​អំពើ​អាក្រក់​»​ទៅ​បាប៊ីឡូន​គឺ​សម​ត្រឹម​ត្រូវ។ ពួក​គេ​បាន​ដឹង​ថា ទី​នោះ​គឺ​ជា​ក្រុង​ដ៏​អាក្រក់​ដែល​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ប្រាស​ចាក​សីលធម៌​និង​ការ​គោរព​ប្រណិប័តន៍​ព្រះ​មិន​ពិត។ សាការី​និង​ជន​ជាតិ​យូដា​ឯ​ទៀត​ដែល​ធ្លាប់​រស់​នៅ​ទី​នោះ បាន​ព្យាយាម​តយុទ្ធ​ជា​រៀង​រាល់​ថ្ងៃ​នឹង​ឥទ្ធិពល​ពី​សាសនា​មិន​ពិត​ដែល​នៅ​ទី​នោះ។ ដូច្នេះ អ្វី​នេះ​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​បាន​ធានា​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​លោក​ស្អាត​ស្អំ​ជា​និច្ច។

១៨ អ្វី​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​ក៏​បាន​រំលឹក​ជន​ជាតិ​យូដា​ថា ពួក​គេ​ក៏​មាន​ភារកិច្ច​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​បរិសុទ្ធ​ជា​និច្ច។ អំពើ​អាក្រក់​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ក្នុង​ចំណោម​រាស្ដ្រ​របស់​ព្រះ​ទេ។ សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​យើង​ឲ្យ​ចូល​ក្នុង​អង្គ​ការ​ដ៏​ស្អាត​ស្អំ​របស់​លោក ដែល​ជា​កន្លែង​ដែល​យើង​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​ការពារ​ពី​លោក។ យើង​ម្នាក់​ៗ​មាន​ភារកិច្ច​ជួយ​រក្សា​ភាព​ស្អាត​ស្អំ​ក្នុង​អង្គ​ការ​នេះ។ អំពើ​អាក្រក់​មិន​ត្រូវ​មាន​ក្នុង​ចំណោម​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​ឡើយ។

មនុស្ស​ស្អាត​ស្អំ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​កិត្ដិ​យស

១៩​. តើ​អ្វី​ដ៏​គួរ​ឲ្យ​រំភើប​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​យើង​សព្វ​ថ្ងៃ​នេះ?

១៩ អ្វី​ដែល​សាការី​បាន​ឃើញ​ក្នុង​គំនិត​នៅ​លើក​ទី​៦​និង​ទី​៧​គឺ​ជា​ការ​ព្រមាន​ដ៏​ម៉ឺង​ម៉ាត់​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​អាក្រក់។ ព្រះ​យេហូវ៉ា​នឹង​មិន​ឲ្យ​អំពើ​អាក្រក់​បន្ដ​មាន​ជា​និច្ច​នោះ​ទេ។ ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ យើង​ត្រូវ​ស្អប់​អំពើ​អាក្រក់។ អ្វី​ទាំង​នេះ​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ក៏​ពង្រឹង​ទំនុក​ចិត្ដ​របស់​យើង​ថា ពេល​យើង​ខំ​ធ្វើ​ឲ្យ​បិតា​របស់​យើង​ពេញ​ចិត្ដ លោក​នឹង​មិន​ដាក់​បណ្ដាសា​យើង​ទេ តែ​លោក​នឹង​ឲ្យ​ពរ​យើង​និង​ការពារ​យើង។ ទោះ​ជា​យើង​ប្រហែល​ជា​ពិបាក​រក្សា​ភាព​ស្អាត​ស្អំ​របស់​ខ្លួន​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ​ក៏​ដោយ យើង​អាច​ទទួល​ជោគ​ជ័យ​បាន​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា! ប៉ុន្ដែ ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​ស្ថិតស្ថេរ? ពេល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​កាន់​តែ​ជិត​មក​ដល់ តើ​យើង​អាច​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ការពារ​អង្គ​ការ​របស់​លោក​យ៉ាង​ដូច​ម្ដេច? យើង​នឹង​ពិចារណា​អំពី​សំណួរ​ទាំង​នេះ​ក្នុង​អត្ថបទ​បន្ទាប់។