តើលោកអ្នកដឹងឬទេ?
ហេតុអ្វីលោកយេស៊ូបានមានប្រសាសន៍ថា៖ «កុំស្បថឲ្យសោះ»?
ច្បាប់ម៉ូសេបានអនុញ្ញាតឲ្យមនុស្សស្បថដោយនិយាយអ្វីដូចជា«ខ្ញុំស្បថនឹងអ្នកដោយព្រះ»ឬ«ខ្ញុំស្បថដោយនាមរបស់ព្រះយេហូវ៉ា»។ ប៉ុន្ដែនៅសម័យលោកយេស៊ូ ការស្បថបានទៅជារឿងធម្មតារហូតដល់ជនជាតិយូដាស្បថស្ទើរតែគ្រប់រឿងទាំងអស់ដែលពួកគេបាននិយាយ។ ពួកគេធ្វើដូច្នេះដើម្បីធ្វើឲ្យអ្វីដែលពួកគេបាននិយាយកាន់តែគួរឲ្យជឿជាក់។ តែលោកយេស៊ូបានលើកបញ្ជាក់ពីរដងអំពីការធ្វើបែបនេះថាជាអ្វីដែលមិនត្រឹមត្រូវ។ លោកបានបង្រៀនថា៖ «គ្រាន់តែរក្សាសម្ដីប៉ុណ្ណោះ បើថា‹មែន› គឺមែន បើថា‹ទេ› គឺទេ»។—ម៉ាថាយ ៥:៣៣-៣៧; ២៣:១៦-២២
សៀវភៅមួយបានរៀបរាប់ថា សៀវភៅថាលមូដដែលជាសៀវភៅស្ដីអំពីទំនៀមទម្លាប់និងច្បាប់របស់ជនជាតិយូដា ជួយយើងឲ្យដឹងថាជនជាតិយូដាបានស្បថច្រើនយ៉ាងណាដើម្បីបញ្ជាក់ថាពាក្យសម្ដីរបស់ពួកគេគឺពិត។ (Theological Dictionary of the New Testament) នេះគឺដោយសារសៀវភៅថាលមូដបានពន្យល់យ៉ាងល្អិតល្អន់អំពីពាក្យសម្បថដែលពួកគេត្រូវតែធ្វើតាមនិងពាក្យសម្បថដែលពួកគេមិនចាំបាច់ធ្វើតាម។
មិនគ្រាន់តែលោកយេស៊ូប៉ុណ្ណោះទេ ដែលបានលើកបញ្ជាក់ថាការស្បថបែបនេះគឺជាអ្វីដែលមិនត្រឹមត្រូវ។ ជាឧទាហរណ៍ ប្រវត្ដិវិទូជនជាតិយូដាម្នាក់ឈ្មោះផ្លាវៀស យ៉ូសេហ្វឺស បានសរសេរអំពីនិកាយសាសនាយូដាមួយដែលបានជៀសវាងពីការស្បថ។ សមាជិកនិកាយសាសនានោះបានជឿថាការស្បថគឺអាក្រក់ជាងការកុហក។ ពួកគេគិតថាបើបុគ្គលម្នាក់បានស្បថគឺដើម្បីតែឲ្យអ្នកឯទៀតជឿគាត់ បុគ្គលនោះច្បាស់ជាមនុស្សភូតភរ។ សៀវភៅមួយរបស់ជនជាតិយូដារៀបរាប់ស្រដៀងនឹងនោះ ថា៖ «បុគ្គលដែលចេះតែស្បថគឺជាអ្នកដែលចេះតែប្រឆាំងច្បាប់»។ (Wisdom of Sirach) លោកយេស៊ូបានបញ្ជាក់ថាការស្បថអំពីរឿងដែលមិនសំខាន់គឺជាអ្វីដែលមិនត្រឹមត្រូវ។ បើយើងតែងតែនិយាយការពិត យើងមិនចាំបាច់ស្បថដើម្បីធ្វើឲ្យអ្នកឯទៀតកាន់តែជឿជាក់អ្វីដែលយើងនិយាយទេ។