លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដី​សប្បុរស ជា​គុណ​សម្បត្ដិ​មួយ​ដែល​ស​ឲ្យ​ឃើញ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ដ

សេចក្ដី​សប្បុរស ជា​គុណ​សម្បត្ដិ​មួយ​ដែល​ស​ឲ្យ​ឃើញ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ដ

យើង​ពិត​ជា​សប្បាយ​ចិត្ដ​ពេល​អ្នក​ឯ​ទៀត​ប្រព្រឹត្ដ​យ៉ាង​សប្បុរស​មក​លើ​យើង។ យើង​ទទួល​ការ​សម្រាល​ទុក្ខ ដោយ​ដឹង​ថា​ពួក​គេ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​យើង។ ម្យ៉ាង​ទៀត យើង​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រព្រឹត្ដ​ដ៏​សប្បុរស​ដែល​អ្នក​ឯ​ទៀត​ធ្វើ​ចំពោះ​យើង ដូច្នេះ​តើ​យើង​អាច​ក្លាយ​ទៅ​ជា​មនុស្ស​សប្បុរស​តាម​របៀប​ណា?

បុគ្គល​ដែល​មាន​ចិត្ដ​សប្បុរស​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​អ្នក​ឯ​ទៀត ហើយ​បង្ហាញ​ការ​យក​ចិត្ដ​ទុក​ដាក់​នោះ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ដ​របស់​គាត់។ គាត់​មិន​មែន​ជា​បុគ្គល​ដែល​ចេះ​គួរ​សម​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ​គាត់​ប្រព្រឹត្ដ​ដោយ​សប្បុរស​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​សារ​គាត់​ស្រឡាញ់​ពួក​គេ​និង​យល់​អំពី​អារម្មណ៍​របស់​ពួក​គេ។ សំខាន់​ជាង​នេះ​ទៅ​ទៀត សេចក្ដី​សប្បុរស​គឺ​ជា​គុណ​សម្បត្ដិ​ឬ​លក្ខណៈ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ (​កាឡាទី ៥:២២, ២៣​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​បង្ហាញ​សេចក្ដី​សប្បុរស ដូច្នេះ​សូម​យើង​ពិចារណា​អំពី​របៀប​ដែល​លោក​និង​បុត្រ​របស់​លោក​បាន​បង្ហាញ​សេចក្ដី​សប្បុរស ហើយ​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​គំរូ​របស់​លោក​ទាំង​ពីរ។

ព្រះ​យេហូវ៉ា​សប្បុរស​ចំពោះ​មនុស្ស​ទាំង​អស់

ព្រះ​យេហូវ៉ា​មាន​ចិត្ដ​សប្បុរស​ចំពោះ​មនុស្ស​ទាំង​អស់ ទោះ​ជា​ចំពោះ​«​មនុស្ស​រមិល​គុណ​និង​មនុស្ស​ទុច្ចរិត​»​ក្ដី។ (​លូកា ៦:៣៥​) ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​«​ធ្វើ​ឲ្យ​ថ្ងៃ​រះ​លើ​មនុស្ស​អាក្រក់​និង​មនុស្ស​ល្អ ថែម​ទាំង​បង្អុរ​ភ្លៀង​លើ​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត​»។ (​ម៉ាថាយ ៥:៤៥​) សូម្បី​តែ​មនុស្ស​ដែល​មិន​ជឿ​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​បង្កើត ក៏​នៅ​តែ​អាច​ទទួល​ប្រយោជន៍​ពី​សេចក្ដី​សប្បុរស​របស់​លោក ហើយ​មាន​សុភមង្គល​មួយ​កម្រិត​ក្នុង​ជីវិត​របស់​ពួក​គេ​ដែរ។

ឧទាហរណ៍​ដ៏​ល្អ​មួយ​អំពី​សេចក្ដី​សប្បុរស​របស់​ព្រះ​យេហូវ៉ា គឺ​ស​ឲ្យ​ឃើញ​តាម​រយៈ​អ្វី​ដែល​លោក​បាន​ធ្វើ​ចំពោះ​អាដាម​និង​អេវ៉ា។ មិន​យូរ​ក្រោយ​ពី​ពួក​គេ​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង ពួក​គេ​«​យក​ស្លឹក​ល្វា​មក​ក្លាស់​ធ្វើ​ជា​ប្រដាប់​ប៉ឹង​»។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​ដឹង​ថា​នៅ​ខាង​ក្រៅ​សួន​អេដែន ពួក​គេ​នឹង​ត្រូវ​ការ​សម្លៀក​បំពាក់​ដែល​អាច​ការ​ពារ​ពួក​គេ​ច្រើន​ជាង ដោយ​សារ​ដី​បាន​ត្រូវ​បណ្ដាសា ហើយ​មាន​ពេញ​ដោយ​«​បន្លា​ហើយ​នឹង​អញ្ចាញ​»។ ដូច្នេះ ដោយ​សេចក្ដី​សប្បុរស ព្រះ​យេហូវ៉ា​បាន​ធ្វើ‹អាវ​វែង​ពី​ស្បែក›សម្រាប់​ពួក​គេ។—លោកុប្បត្ដិ ៣:៧, ១៧, ១៨, ២១

ទោះ​ជា​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​«​មនុស្ស​អាក្រក់​និង​មនុស្ស​ល្អ​»​ក្ដី លោក​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​ជា​ពិសេស។ ជា​ឧទាហរណ៍ នៅ​សម័យ​របស់​សាការី​ជា​អ្នក​ប្រកាស​ទំនាយ ទេវតា​មួយ​រូប​បាន​ព្រួយ​បារម្ភ​ដោយ​សារ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ឈប់​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម។ ព្រះ​យេហូវ៉ា​បាន​ស្តាប់​អ្វី​ដែល​ទេវតា​នោះ​បាន​និយាយ ហើយ​លោក​បាន​ឆ្លើយ​តប​នឹង​ទេវតា​នោះ​ដោយ​«​ពាក្យ​ល្អ[​ឬ​«​សប្បុរស​»​]គឺ​ជា​ពាក្យ​កំសាន្ដ​»។ (​សាការី ១:១២, ១៣; ព.ថ.​) ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដែល​ស្រដៀង​នឹង​នេះ​ចំពោះ​អេលីយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ មាន​ពេល​មួយ​ដែល​អ្នក​ប្រកាស​ទំនាយ​នេះ មាន​អារម្មណ៍​ឯកោ​និង​ធ្លាក់​ទឹក​ចិត្ដ​យ៉ាង​ខ្លាំង​រហូត​ដល់​គាត់​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​យក​ជីវិត​គាត់​ទៅ។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អារម្មណ៍​របស់​អេលីយ៉ា ហើយ​បាន​ចាត់​ទេវតា​មួយ​រូប​ឲ្យ​ពង្រឹង​កម្លាំង​គាត់។ លោក​ក៏​បាន​ប្រាប់​អ្នក​ប្រកាស​ទំនាយ​នោះ​ថា​គាត់​មិន​នៅ​ម្នាក់​ឯង​ទេ។ សេចក្ដី​សប្បុរស​របស់​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​ចិត្ដ​អេលីយ៉ា​ឲ្យ​បន្ដ​បំពេញ​ភារកិច្ច​របស់​គាត់។ (​ពង្សាវតារ​ក្សត្រ​ទី១ ១៩:១​-​១៨​) ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា តើ​អ្នក​នឹង​និយាយ​ថា​អ្នក​ណា​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដូច​លោក​តាម​របៀប​ដ៏​ល្អ​ប្រសើរ​បំផុត?

លោក​យេស៊ូ​ជា​បុគ្គល​ដ៏​សប្បុរស

ពេល​លោក​យេស៊ូ​នៅ​ផែន​ដី មនុស្ស​បាន​ឃើញ​ថា​លោក​ជា​មនុស្ស​សប្បុរស។ លោក​មិន​ដែល​ប្រព្រឹត្ដ​ដោយ​ឥត​មេត្ដា ហើយ​លោក​មិន​ដែល​ព្យាយាម​បង្ខំ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​អ្វី​ដែល​លោក​ចង់​ឲ្យ​ពួក​គេ​ធ្វើ​ឡើយ។ លោក​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត ហើយ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ហើយ​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​ឯ​ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មានកម្លាំង​ចិត្ដ​ឡើង​វិញ . . . ពី​ព្រោះ​នឹម​របស់​ខ្ញុំ​ស្រួល​ពាក់​»។ (​ម៉ាថាយ ១១:២៨​-​៣០​) ដោយ​សារ​លោក​មាន​ចិត្ដ​សប្បុរស​យ៉ាង​ខ្លាំង មនុស្ស​បាន​ដើរ​តាម​លោក​ទៅ​កន្លែង​ណា​ដែល​លោក​បាន​ទៅ។ ដោយ​មាន​ចិត្ដ​អាណិត​អាសូរ លោក​យេស៊ូ​បាន​ផ្ដល់​អាហារ​ឲ្យ​ពួក​គេ ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ និង​បាន​បង្រៀន​ពួក​គេ​«​អ្វី​ៗ​ជា​ច្រើន​»​អំពី​បិតា​របស់​លោក។—ម៉ាកុស ៦:៣៤; ម៉ាថាយ ១៤:១៤; ១៥:៣២​-​៣៨

លោក​យេស៊ូ​បាន​យល់​អំពី​អារម្មណ៍​របស់​មនុស្ស ហើយ​បាន​ប្រព្រឹត្ដ​ដោយ​សប្បុរស​ចំពោះ​ពួក​គេ ព្រម​ទាំង​ចេះ​គិត​អំពី​ពួក​គេ​ដែរ។ ទោះ​ជា​លោក​ចង់​សម្រាក​ក៏​ដោយ លោក​នៅ​តែ​ទទួល​ដោយ​សប្បុរស​នូវ​មនុស្ស​ទាំង​អស់​ដែល​មក​រក​លោក។ (​លូកា ៩:១០, ១១​) សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ស្ដ្រី​ម្នាក់​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម។ គាត់​ចង់​ជា​សះ​ស្បើយ ដូច្នេះ​គាត់​បាន​ពាល់​សម្លៀក​បំពាក់​របស់​លោក​យេស៊ូ។ ប៉ុន្ដែ យោង​ទៅ​តាម​ច្បាប់​ម៉ូសេ គាត់​មិន​គួរ​ធ្វើ​ដូច្នេះ​ទេ ពី​ព្រោះ​គាត់​បាន​ត្រូវ​រាប់​ជា​មិន​ស្អាត។ (​លេវីវិន័យ ១៥:២៥​-​២៨​) តើ​លោក​យេស៊ូ​មាន​ប្រតិកម្ម​យ៉ាង​ណា? លោក​មិន​បាន​និយាយ​ដោយ​កំហឹង​ទៅ​កាន់​គាត់​ទេ។ លោក​អាច​ឃើញ​ថា​គាត់​ភ័យ​ញាប់​ញ័រ ហើយ​លោក​មាន​ចិត្ដ​អាណិត​អាសូរ​ចំពោះ​គាត់​ដោយ​សារ​គាត់​បាន​រង​ទុក្ខ​អស់​១២​ឆ្នាំ​ហើយ។ លោក​បាន​ប្រាប់​គាត់​ថា​៖ ​«​កូន​ស្រី​អើយ ជំនឿ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ជា​ហើយ។ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ​ចុះ ហើយ​សូម​ឲ្យ​នាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ដែល​បាន​ធ្វើ​ឲ្យ​រង​ទុក្ខ​»។ (​ម៉ាកុស ៥:២៥​-​៣៤​) លោក​យេស៊ូ​ពិត​ជា​បុគ្គល​ដ៏​សប្បុរស​មែន!

មនុស្ស​សប្បុរស​ចេះ​ជួយ​អ្នក​ឯ​ទៀត

នៅ​ក្នុង​ឧទាហរណ៍​ដែល​យើង​បាន​ពិចារណា យើង​បាន​រៀន​ថា​បើ​យើង​មាន​ចិត្ដ​សប្បុរស យើង​នឹង​ធ្វើ​អ្វី​ផ្សេង​ៗ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ លោក​យេស៊ូ​បាន​បញ្ជាក់​ថា​នេះ​គឺ​សំខាន់​ណាស់ ពេល​លោក​បាន​រៀប​រាប់​នូវ​រឿង​ប្រៀប​ប្រដូច​អំពី​បុរស​ជន​ជាតិ​សាម៉ារី​ដ៏​ល្អ​ម្នាក់។ ជន​ជាតិ​យូដា​ម្នាក់​បាន​ត្រូវ​ចោរ​ប្លន់ វាយ​ដំ ហើយ​ទុក​ឲ្យ​ស្លាប់​នៅ​លើ​ចិញ្ចើម​ផ្លូវ។ បុរស​ជន​ជាតិ​សាម៉ារី​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​កាត់​ទី​នោះ មាន​ចិត្ដ​ក្ដួល​អាណិត​ចំពោះ​បុរស​នោះ ទោះ​ជា​ជន​ជាតិ​សាម៉ារី​និង​ជន​ជាតិ​យូដា​ស្អប់​គ្នា​ក្ដី។ សេចក្ដី​សប្បុរស​បាន​ជំរុញ​ចិត្ដ​បុរស​ជន​ជាតិ​សាម៉ារី​នោះ​ឲ្យ​ជួយ​បុរស​ដែល​រង​របួស។ បុរស​ជន​ជាតិ​សាម៉ារី​នោះ​បាន​លាង​សម្អាត​មុខ​របួស​ឲ្យ​បុរស​នោះ ហើយ​យក​គាត់​ទៅ​ផ្ទះ​សម្នាក់។ បុរស​ជន​ជាតិ​សាម៉ារី​នោះ​បាន​បង់​ថ្លៃ​ឲ្យ​ម្ចាស់​ផ្ទះ​សម្នាក់​ដើម្បី​ឲ្យ​គាត់​ថែ​ទាំ​បុរស​ជន​ជាតិ​យូដា​នោះ ហើយ​ថែម​ទាំង​ស្នើ​សុំ​បង់​ថ្លៃ​សម្រាប់​ការ​ចំណាយ​ផ្សេង​ៗ​ទៀត​ដែរ។—លូកា ១០:២៩​-​៣៧

សេចក្ដី​សប្បុរស​នឹង​ជំរុញ​ចិត្ដ​យើង​ឲ្យ​លើក​ទឹក​ចិត្ដ​និង​ចេះ​គិត​អំពី​អ្នក​ឯ​ទៀត មិន​គ្រាន់​តែ​តាម​រយៈ​ការ​ប្រព្រឹត្ដ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​តាម​រយៈ​ពាក្យ​សម្ដី​របស់​យើង​ដែរ។ គម្ពីរ​ចែង​ថា​៖ ​«​ការ​ទុក្ខ​ដែល​គ្រប​សង្កត់​ចិត្ដ នោះ​ធ្វើ​ឲ្យ​រួញ​ថយ​ចុះ តែ​ពាក្យ​ល្អ​១​ម៉ាត់​នឹង​ធ្វើ​ឲ្យ​រីក​រាយ​ឡើង​»។ (​សុភាសិត ១២:២៥​) ពេល​សេចក្ដី​សប្បុរស​និង​គុណធម៌​ជំរុញ​ចិត្ដ​យើង​ឲ្យ​និយាយ​អ្វី​ដែល​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត យើង​នឹង​ជួយ​ពួក​គេ​ឲ្យ​មាន​អារម្មណ៍​សប្បាយ​ជាង។ * (​សូម​មើល​កំណត់​សម្គាល់​) ពាក្យ​សម្ដី​ដ៏​សប្បុរស​របស់​យើង​នឹង​បង្ហាញ​ថា​យើង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ពួក​គេ ហើយ​នឹង​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ផ្សេង​ៗ​ក្នុង​ជីវិត។—សុភាសិត ១៦:២៤

របៀប​ក្លាយ​ទៅ​ជា​មនុស្ស​សប្បុរស

យើង​ទាំង​អស់​គ្នា​អាច​បង្ហាញ​សេចក្ដី​សប្បុរស ដោយ​សារ​ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​ភាព​ដូច​លោក។ (​លោកុប្បត្ដិ ១:២៦​) ជា​ឧទាហរណ៍ យូលាស​ដែល​ជា​មេ​ទ័ព​រ៉ូម​ដែល​មាន​ភារកិច្ច​នាំ​សាវ័ក​ប៉ូល​ទៅ​ឯ​ក្រុង​រ៉ូម ​«​បាន​ប្រព្រឹត្ដ​ដោយ​សប្បុរស​និង​ប្រកប​ដោយ​មនុស្ស​ធម៌​ចំពោះ​ប៉ូល ក៏​អនុញ្ញាត​ឲ្យ​ប៉ូល​ទៅ​ជួប​មិត្ដ​សម្លាញ់​របស់​គាត់ ហើយ​ទទួល​ការ​ទំនុក​បម្រុង​ពី​ពួក​គេ​»​នៅ​ឯ​ក្រុង​ស៊ីដូន។ (​សកម្មភាព ២៧:៣​) ម្យ៉ាង​ទៀត ពេល​ប៉ូល​និង​អ្នក​ឯ​ទៀត​បាន​លិច​សំពៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​នោះ អ្នក​កោះ​ម៉ល់តា បាន‹ប្រព្រឹត្ដ​មក​លើ​ពួក​គាត់​ដោយ​មនុស្ស​ធម៌​និង​ចិត្ដ​សប្បុរស​ក្រៃ​លែង› ហើយ​ថែម​ទាំង​បាន​បង្កាត់​ភ្លើង​ដើម្បី​ធ្វើ​ឲ្យ​ពួក​គាត់​កក់​ក្ដៅ។ (​សកម្មភាព ២៨:១, ២​) អ្នក​កោះ​នោះ​បាន​ធ្វើ​អ្វី​ដ៏​ល្អ។ ក៏​ប៉ុន្ដែ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​រីក​រាយ យើង​ត្រូវ​ប្រព្រឹត្ដ​ដោយ​សប្បុរស​នៅ​គ្រប់​ពេល​ទាំង​អស់ មិន​គ្រាន់​តែ​ម្ដង​ម្កាល​ប៉ុណ្ណោះ​ទេ។

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​សេចក្ដី​សប្បុរស​ក្លាយ​ទៅ​ជា​បុគ្គលិក​លក្ខណៈ​របស់​យើង ហើយ​ចង់​ឲ្យ​នេះ​ស​ឲ្យ​ឃើញ​តាម​រយៈ​របៀប​រស់​នៅ​របស់​យើង។ នេះ​ជា​មូលហេតុ​ដែល​លោក​ប្រាប់​យើង​ឲ្យ​«​បំពាក់​»​ខ្លួន​ដោយ​សេចក្ដី​សប្បុរស។ (​កូឡុស ៣:១២​) ប៉ុន្ដែ ការ​ប្រព្រឹត្ដ​ដោយ​សប្បុរស​នៅ​គ្រប់​ពេល​គឺ​មិន​ស្រួល​ឡើយ។ ហេតុ​អ្វី? ប្រហែល​ជា​យើង​មិន​ប្រព្រឹត្ដ​ដោយ​សប្បុរស ដោយ​សារ​យើង​ជា​មនុស្ស​អៀន គ្មាន​ទំនុក​ចិត្ដ​លើ​ខ្លួន ឬ​គិត​អំពី​ប្រយោជន៍​ខ្លួន​បន្ដិច​បន្ដួច។ ឬ​យើង​ប្រហែល​ជា​ពិបាក​ប្រព្រឹត្ដ​ដោយ​សប្បុរស​ចំពោះ​ពួក​អ្នក​ដែល​មិន​ធ្វើ​ល្អ​ដាក់​យើង។ ប៉ុន្ដែ បើ​យើង​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ និង​ព្យាយាម​យក​តម្រាប់​ព្រះ​យេហូវ៉ា នោះ​លោក​អាច​ជួយ​យើង​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​សប្បុរស​ពិត​ប្រាកដ។—កូរិនថូស​ទី១ ២:១២

តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​បង្ហាញ​សេចក្ដី​សប្បុរស​ច្រើន​ជាង? សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​យក​ចិត្ដ​ទុក​ដាក់​ស្តាប់​អ្នក​ឯ​ទៀត ហើយ​ព្យាយាម​យល់​អំពី​អារម្មណ៍​របស់​ពួក​គេ​ឬ​ទេ? តើ​ខ្ញុំ​កត់​សម្គាល់​ពេល​ដែល​អ្នក​ឯ​ទៀត​ត្រូវ​ការ​ជំនួយ​ឬ​ទេ? ក្នុង​អំឡុង​ពេល​ថ្មី​ៗ​នេះ តើ​នៅ​ពេល​ណា​ដែល​ខ្ញុំ​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​បុគ្គល​ដែល​មិន​មែន​ជា​សមាជិក​ក្រុម​គ្រួសារ​ឬ​មិត្ដ​ជិត​ស្និទ្ធ?›។ បន្ទាប់​មក សូម​កំណត់​គោល​ដៅ​ដូច​ជា ព្យាយាម​ស្គាល់​មនុស្ស​ដែល​នៅ​ជុំ​វិញ​អ្នក​ឲ្យ​កាន់​តែ​ច្បាស់ ជា​ពិសេស​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ។ យ៉ាង​នេះ អ្នក​អាច​ដឹង​អំពី​ទុក្ខ​លំបាក​និង​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ បន្ទាប់​មក សូម​ព្យាយាម​ប្រព្រឹត្ដ​ដោយ​សប្បុរស​ចំពោះ​អ្នក​ឯ​ទៀត​ដូច​ដែល​អ្នក​ចង់​ឲ្យ​ពួក​គេ​ប្រព្រឹត្ដ​ចំពោះ​អ្នក។ (​ម៉ាថាយ ៧:១២​) មួយ​វិញ​ទៀត ចូរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​លោក​នឹង​ឲ្យ​ពរ​ចំពោះ​ការ​ខំ​ប្រឹង​របស់​អ្នក​ដើម្បី​ទៅ​ជា​មនុស្ស​ដ៏​សប្បុរស។—លូកា ១១:១៣

ឥទ្ធិពល​ដែល​សេចក្ដី​សប្បុរស​មាន​លើ​អ្នក​ឯ​ទៀត

ពេល​សាវ័ក​ប៉ូល​បាន​រៀប​រាប់​អំពី​អ្វី​ៗ​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​អ្នក​បម្រើ​ដ៏​ល្អ​របស់​ព្រះ អ្វី​មួយ​ក្នុង​ចំណោម​អ្វី​ទាំង​នោះ​គឺ​សេចក្ដី​សប្បុរស។ (​កូរិនថូស​ទី២ ៦:៣​-​៦​) មនុស្ស​ចូល​ចិត្ដ​ប៉ូល​ដោយ​សារ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ដ​របស់​គាត់​គឺ​សប្បុរស ហើយ​ពួក​គេ​ដឹង​ថា​គាត់​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ពួក​គេ។ (​សកម្មភាព ២៨:៣០, ៣១​) ស្រដៀង​គ្នា​ដែរ បើ​យើង​ជា​មនុស្ស​សប្បុរស អ្នក​ឯ​ទៀត​ប្រហែល​ជា​នឹង​ចង់​រៀន​ថែម​ទៀត​អំពី​សេចក្ដី​ពិត។ ពេល​យើង​ប្រព្រឹត្ដ​ដោយ​សប្បុរស​ចំពោះ​មនុស្ស​ទាំង​អស់ ទោះ​ជា​ពួក​គេ​មិន​ធ្វើ​ល្អ​ចំពោះ​យើង​ក្ដី នេះ​ប្រហែល​ជា​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​ចិត្ដ​របស់​ពួក​គេ ហើយ​ពួក​គេ​ប្រហែល​ជា​នឹង​ផ្លាស់​ប្ដូរ​ចិត្ដ​គំនិត។ (​រ៉ូម ១២:២០​) ប្រហែល​ជា​យូរ​ៗ​ទៅ ពួក​គេ​ថែម​ទាំង​ចង់​រៀន​អំពី​គម្ពីរ​ទៀត​ផង។

នៅ​សួន​ឧទ្យាន មនុស្ស​ទាំង​អស់​នឹង​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នេះ​រួម​បញ្ចូល​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដែល​ប្រហែល​ជា​មិន​ដែល​មាន​អ្នក​ណា​ប្រព្រឹត្ដ​ដោយ​សប្បុរស​ចំពោះ​ពួក​គេ។ នេះ​ច្បាស់​ជា​នឹង​ជំរុញ​ចិត្ដ​ពួក​គេ​ឲ្យ​ប្រព្រឹត្ដ​ដោយ​សប្បុរស​ចំពោះ​អ្នក​ឯ​ទៀត។ តាម​ការ​ពិត បុគ្គល​ណា​ដែល​មិន​បង្ហាញ​សេចក្ដី​សប្បុរស ហើយ​ដែល​មិន​ចង់​ជួយ​អ្នក​ឯ​ទៀត​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ​ទេ។ មាន​តែ​មនុស្ស​ដែល​មាន​សេចក្ដី​ស្រឡាញ់​និង​មាន​ចិត្ដ​សប្បុរស​ប៉ុណ្ណោះ ដែល​នឹង​រស់​នៅ​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន។ (​ទំនុក​តម្កើង ៣៧:៩​-​១១​) ពិភព​លោក​នៅ​ពេល​នោះ​នឹង​ពេញ​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ដ​និង​សន្ដិ​ភាព​ដ៏​ពិត​ប្រាកដ! ប៉ុន្ដែ សូម្បី​តែ​មុន​គ្រា​នោះ​មក​ដល់ ក៏​យើង​អាច​ទទួល​ប្រយោជន៍​ដែល​មក​ពី​ការ​បង្ហាញ​សេចក្ដី​សប្បុរស​ដែរ។ តើ​តាម​របៀប​ណា?

ប្រយោជន៍​ដែល​មក​ពី​ការ​បង្ហាញ​សេចក្ដី​សប្បុរស

គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ដែល​មាន​ចិត្ដ​មេត្ដា[​ឬ​«​មាន​ចិត្ដ​សប្បុរស​»​] នោះ​តែង​ធ្វើ​ល្អ​ដល់​ជីវិត​ខ្លួន​»។ (​សុភាសិត ១១:១៧; ខ.ស.​) តាម​ធម្មតា មនុស្ស​ចង់​នៅ​ជិត​បុគ្គល​ដែល​ប្រព្រឹត្ដ​ដោយ​សប្បុរស ហើយ​ពួក​គេ​ក៏​ប្រព្រឹត្ដ​ដោយ​សប្បុរស​ចំពោះ​អ្នក​នោះ​វិញ​ដែរ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​វាល់​ឲ្យ​គេ​ប៉ុណ្ណា នោះ​គេ​នឹង​វាល់​ឲ្យ​អ្នក​ប៉ុណ្ណឹង​ដែរ​»។ (​លូកា ៦:៣៨​) ដូច្នេះ មនុស្ស​ដែល​មាន​ចិត្ដ​សប្បុរស​ស្រួល​រក​បាន​មិត្ដ​ភក្ដិ​ល្អ ហើយ​រក្សា​ចំណង​មិត្ដភាព​ទាំង​នោះ។

សាវ័ក​ប៉ូល​បាន​ប្រាប់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ​ថា​៖ ​«​ចូរ​ប្រព្រឹត្ដ​ដោយ​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក មាន​សេចក្ដី​អាណិត​មេត្ដា ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»។ (​អេភេសូរ ៤:៣២​) ពេល​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​ប្រព្រឹត្ដ​ដោយ​សប្បុរស​និង​មាន​សេចក្ដី​អាណិត​មេត្ដា​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ក្រុម​ជំនុំ​នឹង​កាន់​តែ​រឹង​មាំ​និង​មាន​សាមគ្គី​ភាព។ យើង​នឹង​មិន​ចង់​រិះ​គន់​បង​ប្អូន​របស់​យើង និយាយ​ដើម​ពួក​គេ និយាយ​ដោយ​គ្មាន​មេត្ដា ឬ​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចិត្ដ ទោះ​ជា​ក្នុង​ការ​និយាយ​លេង​សើច​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​យើង​និយាយ​គួរ​តែ​ជួយ​និង​លើក​ទឹក​ចិត្ដ​បង​ប្អូន​របស់​យើង​ជា​និច្ច។ (​សុភាសិត ១២:១៨​) ជា​លទ្ធផល ក្រុម​ជំនុំ​នឹង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​អំណរ។

ដូច​ដែល​យើង​បាន​រៀន សេចក្ដី​សប្បុរស​គឺ​ជា​គុណ​សម្បត្ដិ​មួយ​ដែល​ស​ឲ្យ​ឃើញ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ដ​ទាំង​អស់​របស់​យើង។ ម្យ៉ាង​ទៀត ពេល​យើង​បង្ហាញ​សេចក្ដី​សប្បុរស យើង​យក​តម្រាប់​ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​ចិត្ដ​ទូលាយ ពោល​គឺ​ព្រះ​យេហូវ៉ា។ (​អេភេសូរ ៥:១​) នេះ​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​របស់​យើង​រឹង​មាំ​ជាង ហើយ​ជំរុញ​ចិត្ដ​អ្នក​ឯ​ទៀត​ឲ្យ​បម្រើ​លោក​ដែរ។ ដូច្នេះ សូម​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​ថា​សាក្សី​ព្រះ​យេហូវ៉ា​គឺ​ជា​មនុស្ស​សប្បុរស!

^ វគ្គ 13 នៅ​ពេល​អនាគត យើង​នឹង​ពិចារណា​អំពី​គុណធម៌​ក្នុង​អត្ថបទ​មួយ​នៃ​អត្ថបទ​ត​ភាគ​នេះ​អំពី​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ។