ប្អូនៗវ័យក្មេង ប្អូនអាចមានជីវិតដ៏គាប់ចិត្ដ
«ទ្រង់នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិត»។—ទំនុកតម្កើង ១៦:១១
១, ២. តើបទពិសោធន៍របស់បងថូនីបង្ហាញយ៉ាងណាថាមនុស្សអាចធ្វើការកែប្រែក្នុងជីវិតបាន?
បងប្រុសថូនីបានធំឡើងដោយគ្មានឪពុក។ គាត់ជាសិស្សវិទ្យាល័យ ប៉ុន្ដែគាត់មិនសូវចាប់អារម្មណ៍ចំពោះការរៀនសូត្រទេ។ តាមពិត គាត់គិតថាគាត់ចង់ឈប់រៀនមុនគាត់រៀនចប់វិទ្យាល័យ។ តាមធម្មតានៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ បងថូនីទៅមើលកុន ឬដើរលេងជាមួយនឹងមិត្ដភក្ដិ។ គាត់មិនប្រើអំពើហិង្សាឬគ្រឿងញៀនទេ តែគាត់គ្មានគោលបំណងសម្រាប់ជីវិតឡើយ។ គាត់ថែមទាំងសង្ស័យថាមិនមានព្រះទេ។ នៅថ្ងៃមួយ បងថូនីបានជួបសាក្សីព្រះយេហូវ៉ាពីរនាក់ ហើយបានប្រាប់ពួកគេអំពីគំនិតរបស់គាត់ចំពោះព្រះ។ ពួកគេបានឲ្យគាត់នូវសៀវភៅស្ដើងពីរក្បាលដែលមានចំណងជើងថា តើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ? និងសំណួរសំខាន់ប្រាំយ៉ាងស្ដីអំពីដើមកំណើតនៃជីវិត(The Origin of Life—Five Questions Worth Asking)។
២ ពេលដែលពួកគេបានទៅជួបបងថូនីម្ដងទៀត គាត់បានផ្លាស់ប្ដូរគំនិតទាំងស្រុង។ គាត់បានអានសៀវភៅស្ដើងទាំងពីរនោះច្រើនដងរហូតដល់ទក់ ហើយរួញ។ បងថូនីបានប្រាប់សាក្សីនោះថា៖ «ច្បាស់ជាមានព្រះ»។ គាត់ចាប់ផ្ដើមសិក្សាគម្ពីរ ហើយបន្ដិចម្ដងៗទស្សនៈរបស់គាត់ចំពោះជីវិតបានផ្លាស់ប្ដូរ។ មុនពេលដែលគាត់ចាប់ផ្ដើមរៀនគម្ពីរ បងថូនីរៀនមិនទំនុកតម្កើង ៦៨:៥
ពូកែទេ តែក្រោយមកគាត់បានទៅជាសិស្សពូកែម្នាក់ប្រចាំសាលារបស់គាត់! សូម្បីតែនាយកសាលាក៏កោតស្ងើចដែរ។ គាត់បាននិយាយទៅកាន់បងថូនីថា៖ «ក្មួយបានរីកចម្រើនទាំងចិត្ដគំនិតទាំងចំណាត់ថ្នាក់។ តើនេះដោយសារក្មួយរៀនជាមួយនឹងសាក្សីព្រះយេហូវ៉ាឬទេ?»។ បងថូនីបានឆ្លើយថាគឺដូច្នេះមែន ហើយគាត់បានប្រាប់នាយកសាលាអំពីអ្វីដែលគាត់បានរៀនពីគម្ពីរ។ គាត់បានរៀនចប់វិទ្យាល័យ ហើយសព្វថ្ងៃនេះគាត់ជាអ្នកត្រួសត្រាយពេញពេលនិងជាជំនួយការខាងកិច្ចបម្រើ។ បងថូនីសប្បាយចិត្ដណាស់ដែលឥឡូវគាត់មានឪពុកដែលស្រឡាញ់គាត់គឺព្រះយេហូវ៉ា!—ចូរស្តាប់បង្គាប់ព្រះយេហូវ៉ា នោះប្អូននឹងទទួលជោគជ័យ
៣. តើព្រះយេហូវ៉ាលើកទឹកចិត្ដប្អូនៗវ័យក្មេងឲ្យធ្វើអ្វី?
៣ បទពិសោធន៍របស់បងថូនីរំលឹកយើងថាព្រះយេហូវ៉ាពិតជាយកចិត្ដទុកដាក់ចំពោះប្អូនៗវ័យក្មេង។ លោកចង់ឲ្យប្អូនទទួលជោគជ័យក្នុងជីវិតនិងមានជីវិតដ៏គាប់ចិត្ដ ដូច្នេះលោកលើកទឹកចិត្ដប្អូនថា៖ «ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង»។ (សាស្តា ១២:១) នោះមិនតែងតែស្រួលទេ ប៉ុន្ដែនេះមិនមានន័យថាប្អូនមិនអាចធ្វើបានឡើយ។ ដោយមានជំនួយពីព្រះ ប្អូនអាចទទួលជោគជ័យក្នុងជីវិតទាំងពេលប្អូននៅក្មេងទាំងពេលប្អូនទៅជាមនុស្សពេញវ័យ។ ដើម្បីជួយយើងឲ្យយល់ចំណុចនេះកាន់តែច្បាស់ យើងនឹងពិចារណាអំពីអ្វីដែលបានជួយជនជាតិអ៊ីស្រាអែលឲ្យដណ្ដើមយកស្រុកដែលព្រះបានសន្យា ហើយអ្វីដែលបានផ្ដល់កម្លាំងឲ្យដាវីឌច្បាំងឈ្នះកូលីយ៉ាតដែលជាមនុស្សធំសម្បើម។
៤, ៥. តើយើងអាចទាញយកមេរៀនដ៏សំខាន់អ្វីពីរបៀបដែលជនជាតិអ៊ីស្រាអែលបានយកឈ្នះជនជាតិកាណាន និងរបៀបដែលដាវីឌច្បាំងឈ្នះកូលីយ៉ាត? (សូមមើលរូបភាពនៅដើមអត្ថបទ)
៤ តើព្រះយេហូវ៉ាបានឲ្យការណែនាំអ្វីដល់ជនជាតិអ៊ីស្រាអែលពេលពួកគេហៀបនឹងចូលស្រុកដែលលោកបានសន្យា? តើលោកបានប្រាប់ពួកគេឲ្យធ្វើជាទាហានដ៏ពូកែជាងឬហ្វឹកហាត់ធ្វើសង្គ្រាមឬទេ? មិនមែនទេ! (ចោទិយកថា ២៨:១, ២) លោកបានប្រាប់ពួកគេឲ្យស្តាប់បង្គាប់និងទុកចិត្ដលោក។ (យ៉ូស្វេ ១:៧-៩) តាមទស្សនៈរបស់មនុស្ស យោបល់នោះប្រហែលជាមិនសមហេតុផលទេ ប៉ុន្ដែតាមពិត នោះគឺជាយោបល់ដ៏ល្អបំផុតសម្រាប់ជនជាតិអ៊ីស្រាអែល។ ម្ដងហើយម្ដងទៀត ព្រះយេហូវ៉ាបានជួយរាស្ដ្ររបស់លោកឲ្យច្បាំងឈ្នះជនជាតិកាណាន។ (យ៉ូស្វេ ២៤:១១-១៣) ការស្តាប់បង្គាប់ព្រះគឺត្រូវការជំនឿ ប៉ុន្ដែជំនឿបែបនេះតែងតែនាំឲ្យទទួលជោគជ័យ។ ចំណុចនេះជាការពិតនៅអតីតកាល ហើយនៅសព្វថ្ងៃនេះក៏ជាការពិតដែរ។
៥ កូលីយ៉ាតជាទាហានដ៏ខ្លាំងក្លា។ គាត់មានកម្ពស់ជិតបីម៉ែត្រ ហើយគាត់មានអាវុធដ៏គួរឲ្យខ្លាច។ (សាំយូអែលទី១ ១៧:៤-៧) ចំណែកឯដាវីឌវិញ គាត់មានតែជំនឿលើព្រះនិងខ្សែដង្ហក់ប៉ុណ្ណោះ។ មនុស្សដែលគ្មានជំនឿ ប្រាកដជាគិតថាដាវីឌគឺជាមនុស្សល្ងង់ខ្លៅដោយសារគាត់ទៅប្រយុទ្ធនឹងកូលីយ៉ាត! ប៉ុន្ដែតាមការពិត គឺកូលីយ៉ាតវិញទេដែលជាមនុស្សល្ងង់ខ្លៅ។—សាំយូអែលទី១ ១៧:៤៨-៥១
៦. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៦ ក្នុងអត្ថបទមុន យើងបានពិចារណាអ្វីបួនយ៉ាងដែលអាចធ្វើឲ្យយើងសប្បាយជាង និងទទួលជោគជ័យក្នុងជីវិត។ យើងបានរៀនថាយើងត្រូវបំពេញសេចក្ដីត្រូវការរបស់យើងចំពោះការណែនាំពីព្រះ ស្វែងរកមិត្ដភក្ដិល្អដែលស្រឡាញ់ព្រះយេហូវ៉ា កំណត់គោលដៅដ៏ល្អ និងឲ្យតម្លៃចំពោះសេរីភាពដែលព្រះផ្ដល់ឲ្យយើង។ នៅក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីប្រយោជន៍ឯទៀតដែលយើងអាចទទួលពីការធ្វើអ្វីៗដ៏ល្អទាំងនេះ។ ដើម្បីធ្វើដូច្នេះ សូមយើងពិចារណាគោលការណ៍មួយចំនួននៅទំនុកតម្កើង ១៦។
ចូរបំពេញសេចក្ដីត្រូវការរបស់ប្អូនចំពោះការណែនាំពីព្រះ
៧. (ក) តើបុគ្គលដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតជាបុគ្គលបែបណា? (ខ) តើ«ចំណែក»របស់ដាវីឌគឺជាអ្វី ហើយតើនេះមានឥទ្ធិពលយ៉ាងណាលើជីវិតរបស់គាត់?
៧ បុគ្គលដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតមានជំនឿលើព្រះ ហើយព្យាយាមមានទស្សនៈដូចព្រះចំពោះរឿងផ្សេងៗ។ កូរិនថូសទី១ ២:១២, ១៣) ដាវីឌជាគំរូល្អអំពីបុគ្គលដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត។ គាត់បានច្រៀងថា៖ ‹ព្រះយេហូវ៉ាទ្រង់ជាចំណែករបស់ទូលបង្គំ›។ (ទំនុកតម្កើង ១៦:៥) ដាវីឌបានឲ្យតម្លៃចំពោះ«ចំណែក»របស់គាត់ ដែលរួមបញ្ចូលចំណងមិត្ដភាពជិតស្និទ្ធដែលគាត់មានជាមួយនឹងព្រះ ហើយគាត់បានយកលោកជាទីពឹងជ្រក។ (ទំនុកតម្កើង ១៦:១) ជាលទ្ធផល គាត់អាចនិយាយថា៖ «ចិត្ដទូលបង្គំអរសប្បាយ»។ គ្មានអ្វីធ្វើឲ្យដាវីឌសប្បាយចិត្ដជាងការមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាទេ!—សូមអាន ទំនុកតម្កើង ១៦:៩, ១១
គាត់អនុញ្ញាតឲ្យព្រះយេហូវ៉ាដឹកនាំជីវិតរបស់គាត់ ហើយតាំងចិត្ដស្តាប់បង្គាប់លោក។ (៨. តើអ្វីខ្លះអាចធ្វើឲ្យប្អូនស្កប់ចិត្ដពិតប្រាកដក្នុងជីវិត?
៨ មនុស្សដែលផ្ដោតអារម្មណ៍លើការសប្បាយឬការរកលុយមិនអាចមានអំណរច្រើនដូចដែលដាវីឌមានទេ។ (ធីម៉ូថេទី១ ៦:៩, ១០) បងប្រុសម្នាក់នៅប្រទេសកាណាដានិយាយថា៖ «ការស្កប់ចិត្ដពិតប្រាកដមិនមែនមកពីអ្វីដែលយើងទទួលក្នុងជីវិតទេ ប៉ុន្ដែវាមកពីអ្វីដែលយើងឲ្យដល់ព្រះយេហូវ៉ាជាអ្នកដែលឲ្យគ្រប់ទាំងអំណោយដ៏ល្អឥតខ្ចោះដល់យើងវិញ»។ (យ៉ាកុប ១:១៧) បើប្អូនមានជំនឿលើព្រះយេហូវ៉ានិងបម្រើលោក ប្អូននឹងមានជីវិតដែលពិតជាមានន័យខ្លឹមសារនិងស្កប់ចិត្ដ។ ដូច្នេះ តើប្អូនអាចធ្វើអ្វីដើម្បីពង្រឹងជំនឿរបស់ប្អូន? ប្អូនត្រូវចំណាយពេលជាមួយនឹងព្រះយេហូវ៉ាដោយអានបណ្ដាំរបស់លោក សង្កេតមើលអ្វីស្អាតៗដែលលោកបានបង្កើត និងរំពឹងគិតអំពីគុណសម្បត្ដិរបស់លោក រួមទាំងសេចក្ដីស្រឡាញ់របស់លោកចំពោះប្អូន។—រ៉ូម ១:២០; ៥:៨
៩. តើប្អូនអាចអនុញ្ញាតឲ្យបណ្ដាំរបស់ព្រះមានឥទ្ធិពលលើប្អូនតាមរបៀបណា?
៩ ជួនកាល ព្រះបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះយើងដោយកែតម្រង់យើងពេលដែលយើងត្រូវការ ដូចបិតាដែលស្រឡាញ់កូន។ ដាវីឌបានឲ្យតម្លៃចំពោះការកែតម្រង់ពីព្រះ ហើយនិយាយថា៖ «ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាដែលទ្រង់ជួយគំនិតទូលបង្គំ។ អើ ចិត្ដក៏បង្គាប់ដល់ទូលបង្គំនៅវេលាយប់ដែរ»។ (ទំនុកតម្កើង ១៦:៧) ដាវីឌបានរំពឹងគិតអំពីគំនិតរបស់ព្រះ ហើយបានព្យាយាមមានគំនិតដូចលោក។ គាត់បានអនុញ្ញាតឲ្យគំនិតរបស់ព្រះមានឥទ្ធិពលលើគាត់ ក្នុងន័យថាគាត់អនុញ្ញាតឲ្យគំនិតរបស់លោកកែប្រែគាត់ ដើម្បីគាត់អាចទៅជាមនុស្សល្អប្រសើរជាង។ ពេលប្អូនធ្វើអ្វីទាំងនេះដូចដាវីឌ សេចក្ដីស្រឡាញ់របស់ប្អូនចំពោះព្រះនិងចិត្ដរបស់ប្អូនដែលចង់ធ្វើឲ្យលោកពេញចិត្ដនឹងមានកាន់តែខ្លាំង ហើយប្អូននឹងទៅជាគ្រិស្ដសាសនិកដែលមានភាពចាស់ទុំ។ បងស្រីគ្រីស្ទិននិយាយថាពេលគាត់ធ្វើការស្រាវជ្រាវនិងរំពឹងគិតអំពីអ្វីដែលគាត់អាន គាត់មានអារម្មណ៍ថាព្រះយេហូវ៉ាបានសរសេរអ្វីទាំងនោះសម្រាប់គាត់ផ្ទាល់!
១០. ដូចយើងរៀនពីអេសាយ ២៦:៣ តើការឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតនឹងជួយប្អូនយ៉ាងដូចម្ដេច?
១០ បើប្អូនឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត ប្អូននឹងមានទស្សនៈដូចព្រះចំពោះពិភពលោកនេះនិងអនាគតរបស់វា។ ព្រះយេហូវ៉ាផ្ដល់ឲ្យប្អូននូវចំណេះនិងការយល់ធ្លុះជ្រៅដ៏ពិសេសនេះ។ ហេតុអ្វី? លោកចង់ឲ្យប្អូនដឹងអំពីអ្វីដែលសំខាន់បំផុតក្នុងជីវិត ធ្វើការសម្រេចចិត្ដល្អ និងទន្ទឹងរង់ចាំថ្ងៃអនាគតដោយគ្មានការភ័យខ្លាច! (សូមអាន អេសាយ ២៦:៣) បងប្រុសចូស៊ូអាដែលរស់នៅសហរដ្ឋអាម៉េរិកនិយាយថា បើប្អូនបន្ដនៅជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ប្អូននឹងឃើញច្បាស់អំពីអ្វីដែលសំខាន់និងអ្វីដែលមិនសូវសំខាន់។
ចូរស្វែងរកមិត្ដភក្ដិដ៏ពិតប្រាកដ
១១. តើដាវីឌបានជ្រើសរើសមិត្ដភក្ដិតាមរបៀបណា?
១១ សូមអាន ទំនុកតម្កើង ១៦:៣។ ដាវីឌដឹងអំពីរបៀបស្វែងរកមិត្ដភក្ដិល្អ។ អ្នកដែលគាត់ជ្រើសរើសធ្វើជាមិត្ដភក្ដិគឺជាអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា ហើយនេះធ្វើឲ្យគាត់«គាប់ចិត្ដ»ឬសប្បាយចិត្ដក្រៃលែង។ គាត់បានរៀបរាប់អំពីមិត្ដភក្ដិរបស់គាត់ថាជា«ពួកបរិសុទ្ធ» ដោយសារពួកគេខំធ្វើតាមខ្នាតតម្រាសីលធម៌ដ៏ស្អាតស្អំរបស់ព្រះយេហូវ៉ា។ អ្នកតែងទំនុកតម្កើងម្នាក់ទៀត ក៏មានទស្សនៈដូចដាវីឌដែរអំពីការជ្រើសរើសមិត្ដភក្ដិ។ គាត់បានសរសេរថា៖ «ទូលបង្គំជាមិត្រភក្ដិនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយនឹងអស់អ្នកដែលរក្សាបញ្ញត្ដទ្រង់ដែរ»។ (ទំនុកតម្កើង ១១៩:៦៣) ដូចដែលយើង បានពិចារណាក្នុងអត្ថបទមុន ប្អូនក៏អាចស្វែងរកមិត្ដភក្ដិល្អក្នុងចំណោមពួកអ្នកដែលស្រឡាញ់និងស្តាប់បង្គាប់ព្រះយេហូវ៉ា។ ម្យ៉ាងទៀត មិត្ដភក្ដិរបស់ប្អូនមិនចាំបាច់ជាមនុស្សដែលមានអាយុស្រករប្អូនឡើយ។
១២. ហេតុអ្វីដាវីឌនិងយ៉ូណាថានជាមិត្ដភក្ដិល្អនឹងគ្នា?
១២ ដាវីឌមិនបានជ្រើសរើសតែមនុស្សដែលមានអាយុស្រករគាត់ប៉ុណ្ណោះឲ្យធ្វើជាមិត្ដភក្ដិរបស់គាត់ទេ។ តើប្អូនអាចនឹកឃើញអំពីមិត្ដជិតស្និទ្ធម្នាក់របស់ដាវីឌឬទេ? ប្អូនប្រហែលជាគិតអំពីយ៉ូណាថាន។ ចំណងមិត្ដភាពរវាងដាវីឌនិងយ៉ូណាថានគឺជាចំណងមិត្ដភាពដ៏ល្អបំផុតមួយដែលបានត្រូវកត់ទុកក្នុងគម្ពីរ។ ប៉ុន្ដែ តើប្អូនដឹងឬទេថាយ៉ូណាថានមានអាយុចាស់ជាងដាវីឌប្រហែលជា៣០ឆ្នាំ? ដូច្នេះ ហេតុអ្វីពួកគាត់ជាមិត្ដភក្ដិល្អនឹងគ្នា? ពីព្រោះចំណងមិត្ដភាពរបស់ពួកគាត់មានមូលដ្ឋានលើជំនឿរបស់ពួកគាត់ចំពោះព្រះ។ ពួកគាត់ក៏គោរពគ្នាទៅវិញទៅមក និងឲ្យតម្លៃចំពោះគុណសម្បត្ដិដែលពួកគាត់ម្នាក់ៗមាន ដូចជាចិត្ដក្លាហានដែលពួកគាត់បានបង្ហាញពេលប្រយុទ្ធនឹងសត្រូវរបស់ព្រះ។—សាំយូអែលទី១ ១៣:៣; ១៤:១៣; ១៧:៤៨-៥០; ១៨:១
១៣. តើប្អូនអាចមានមិត្ដភក្ដិច្រើនជាងយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍មួយ។
១៣ ដូចដាវីឌនិងយ៉ូណាថាន យើង«គាប់ចិត្ដ»ឬសប្បាយចិត្ដក្រៃលែង ពេលយើងមានមិត្ដភក្ដិដែលស្រឡាញ់ព្រះយេហូវ៉ានិងមានជំនឿលើលោក។ បងស្រីឃីរ៉ាដែលបានបម្រើព្រះអស់ជាច្រើនឆ្នាំ និយាយថា៖ «ខ្ញុំបង្កើតមិត្ដភាពជាមួយនឹងបងប្អូនដែលមកពីប្រទេសផ្សេងៗ។ ពួកគេមានវប្បធម៌និងប្រវត្ដិផ្សេងៗពីគ្នា»។ ពេលប្អូនធ្វើដូចគាត់ ប្អូននឹងឃើញដោយផ្ទាល់អំពីរបៀបដែលគម្ពីរនិងសកម្មពលរបស់ព្រះធ្វើឲ្យយើងទៅជាក្រុមគ្រួសារមួយនៅទូទាំងពិភពលោកដែលជាអ្នកគោរពប្រណិប័តន៍លោក។
ចូរកំណត់គោលដៅដ៏ល្អ
១៤. (ក) តើប្អូនអាចកំណត់គោលដៅដ៏ល្អក្នុងជីវិតយ៉ាងដូចម្ដេច? (ខ) តើប្អូនៗវ័យក្មេងខ្លះបាននិយាយអ្វីអំពីគោលដៅរបស់ពួកគេ?
១៤ សូមអាន ទំនុកតម្កើង ១៦:៨។ ចំពោះដាវីឌការបម្រើព្រះគឺជាអ្វីដ៏សំខាន់បំផុត។ បើប្អូនយកតម្រាប់ដាវីឌពេលកំណត់គោលដៅ ដោយតែងតែគិតអំពីគោលបំណងរបស់ព្រះយេហូវ៉ាចំពោះប្អូន ប្អូននឹងមានជីវិតដែលគាប់ចិត្ដ។ បងប្រុសស្ទីវើននិយាយថា៖ «ការព្យាយាមសម្រេចគោលដៅ ការសម្រេចគោលដៅនោះ និងការឃើញការរីកចម្រើនរបស់ខ្ញុំ ធ្វើឲ្យខ្ញុំស្កប់ចិត្ដ»។ ប្អូនប្រុសវ័យក្មេងម្នាក់ពីប្រទេសអាល្លឺម៉ង់ ដែលឥឡូវបម្រើនៅប្រទេសផ្សេងនិយាយថា៖ «ពេលខ្ញុំចាស់ទៅ ខ្ញុំ មិនចង់ឃើញថា អ្វីដែលខ្ញុំបានធ្វើក្នុងជីវិតគឺដើម្បីតែខ្លួនឯងនោះទេ»។ តើប្អូនមានទស្សនៈដូចគាត់ឬទេ? បើប្អូនមានទស្សនៈបែបនេះ ចូរប្រើសមត្ថភាពនិងទេពកោសល្យរបស់ប្អូន ដើម្បីលើកកិត្ដិយសព្រះនិងជួយអ្នកឯទៀត។ (កាឡាទី ៦:១០) ចូរកំណត់គោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ា ហើយសុំលោកជួយប្អូនឲ្យសម្រេចគោលដៅទាំងនោះ។ ប្អូនអាចជឿជាក់ថាលោកនឹងតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់ប្អូន!—យ៉ូហានទី១ ៣:២២; ៥:១៤, ១៥
១៥. តើប្អូនអាចកំណត់គោលដៅអ្វីខ្លះ? (សូមមើលប្រអប់ដែលមានចំណងជើងថា « គោលដៅមួយចំនួនដែលប្អូនអាចកំណត់»)
១៥ តើប្អូនអាចកំណត់គោលដៅអ្វីខ្លះ? តើប្អូនអាចព្យាយាមឆ្លើយចេញពីចិត្ដនៅកិច្ចប្រជុំឬទេ? តើប្អូនអាចកំណត់គោលដៅបម្រើជាអ្នកត្រួសត្រាយឬបម្រើនៅបេតអែលឬទេ? ប្អូនក៏អាចខំរៀនភាសាថ្មីដើម្បីប្អូនអាចផ្សព្វផ្សាយដំណឹងល្អដល់មនុស្សកាន់តែច្រើន។ ប្អូនប្រុសវ័យក្មេងម្នាក់ដែលបម្រើពេញពេល ឈ្មោះបារ៉ាក់និយាយថា៖ «ការភ្ញាក់ឡើងរាល់ព្រឹកដោយដឹងថា ខ្ញុំបានខំអស់ពីសមត្ថភាពដើម្បីបម្រើព្រះយេហូវ៉ា ជាអ្វីដែលធ្វើឲ្យខ្ញុំស្កប់ស្កល់ដែលគ្មានអ្វីប្រៀបផ្ទឹមបានទេ»។
ចូរឲ្យតម្លៃចំពោះសេរីភាពដែលព្រះផ្ដល់ឲ្យប្អូន
១៦. តើដាវីឌមានទស្សនៈយ៉ាងណាចំពោះច្បាប់និងគោលការណ៍របស់ព្រះយេហូវ៉ា ហើយហេតុអ្វី?
១៦ សូមអាន ទំនុកតម្កើង ១៦:២, ៤។ ដូចដែលយើងបានរៀននៅអត្ថបទមុន ពេលយើងមានរបៀបរស់នៅស្របតាមច្បាប់និងគោលការណ៍របស់ព្រះ យើងមានសេរីភាពពិតប្រាកដ។ យើងរៀនឲ្យចេះស្រឡាញ់អ្វីដែលល្អនិងស្អប់អ្វីដែលអាក្រក់។ (អេម៉ុស ៥:១៥) ដាវីឌបាននិយាយអំពីព្រះយេហូវ៉ាថា៖ «ក្រៅពីទ្រង់ ទូលបង្គំរកសេចក្ដីល្អមិនបានឡើយ»ឬចំពោះគាត់លោកជាប្រភពនៃគុណធម៌។ គុណធម៌គឺជាការមានសីលធម៌ខ្ពង់ខ្ពស់។ អ្វីៗទាំងអស់ដែលព្រះយេហូវ៉ាធ្វើគឺសុទ្ធតែល្អ ហើយគ្រប់ទាំងរបស់ល្អដែលយើងមានគឺមកពីលោក។ ដាវីឌបានខំព្យាយាមយកតម្រាប់ព្រះយេហូវ៉ា ហើយស្រឡាញ់អ្វីដែលលោកស្រឡាញ់។ ប៉ុន្ដែ ដាវីឌក៏បានរៀនឲ្យចេះស្អប់អ្វីដែលព្រះចាត់ទុកថាគឺអាក្រក់។ អ្វីមួយដែលព្រះស្អប់គឺការគោរពបូជារូបព្រះ ពោលគឺការគោរពប្រណិប័តន៍បុគ្គលណាម្នាក់ឬអ្វីមួយក្រៅពីព្រះយេហូវ៉ា។ ការគោរពបូជារូបព្រះបន្ទាបបន្ថោកមនុស្ស ហើយយកកិត្ដិយសដែលព្រះយេហូវ៉ាសមនឹងទទួលទៅឲ្យអ្នកផ្សេងឬអ្វីផ្សេងទៀត។—អេសាយ ២:៨, ៩; ការបើកបង្ហាញ ៤:១១
១៧, ១៨. (ក) តើដាវីឌបាននិយាយយ៉ាងណាអំពីលទ្ធផលអាក្រក់ដែលមកពីការគោរពបូជាព្រះមិនពិត? (ខ) តើអ្វីធ្វើឲ្យមនុស្សសព្វថ្ងៃនេះមាន‹ទុក្ខលំបាកជាច្រើន›?
១៧ នៅសម័យគម្ពីរ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ច្រើនតែជាផ្នែកនៃការគោរពបូជាព្រះមិនពិត។ (ហូសេ ៤:១៣, ១៤) មនុស្សជាច្រើនចូលចិត្ដគោរពបូជាព្រះមិនពិត ដោយសារពួកគេចូលចិត្ដប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ប៉ុន្ដែតើការគោរពបូជាបែបនោះបាននាំឲ្យពួកគេមានសុភមង្គលឬទេ? ពួកគេមិនមានសុភមង្គលទេ! ដាវីឌបាននិយាយអំពីពួកអ្នកដែលគោរពបូជាព្រះមិនពិតថា៖ «សេចក្ដីទុក្ខលំបាកនឹងចំរើនជាច្រើនឡើងដល់គេ»។ មនុស្សទាំងនោះថែមទាំងបានបូជាកូនខ្លួនជូនព្រះមិនពិតទៀតផង! (អេសាយ ៥៧:៥) ព្រះយេហូវ៉ាស្អប់អំពើឃោរឃៅរបស់ពួកគេ។ (យេរេមា ៧:៣១) បើប្អូនរស់នៅសម័យនោះ ប្អូនច្បាស់ជាមានចិត្ដកតញ្ញូជាខ្លាំងដែលឪពុកម្ដាយរបស់ប្អូនគោរពប្រណិប័តន៍ព្រះយេហូវ៉ា!
១៨ នៅសព្វថ្ងៃនេះ សាសនាមិនពិតជាច្រើនចាត់ទុកអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ រួមទាំងការរួមភេទជាមួយនឹងមនុស្សដែលមានភេទដូចគ្នា ជាអ្វីដែលធម្មតា។ ការមានរបៀបរស់នៅដែលប្រាសចាកសីលធម៌ ប្រហែលជាធ្វើឲ្យមនុស្សគិតថាពួកគេមានសេរីភាព ប៉ុន្ដែតាមការពិត នេះនាំឲ្យពួកគេមាន‹ទុក្ខលំបាកជាច្រើន›។ (កូរិនថូសទី១ ៦:១៨, ១៩) តើប្អូនបានកត់សម្គាល់ថានេះជាការពិតឬទេ? ម៉្លោះហើយប្អូនៗវ័យក្មេង ចូរស្តាប់បិតារបស់ប្អូនដែលនៅស្ថានសួគ៌។ ចូរពិសោធដោយខ្លួនឯងថាការស្តាប់បង្គាប់ព្រះគឺជាការល្អ។ សូមគិតយ៉ាងដិតដល់អំពីលទ្ធផលអាក្រក់ដែលមកពីការប្រព្រឹត្ដអំពើប្រាសចាកសីលធម៌។ ប្អូននឹងយល់ថាការសប្បាយតែមួយរយៈពេលខ្លីគឺមិនមានតម្លៃស្មើនឹងផលវិបាកដែលមកពីការប្រព្រឹត្ដ អំពើប្រាសចាកសីលធម៌ឡើយ។ (កាឡាទី ៦:៨) បងចូស៊ូអាដែលបានត្រូវរៀបរាប់នៅខាងលើ និយាយថា៖ «យើងអាចប្រើសេរីភាពរបស់យើងតាមចិត្ដ ប៉ុន្ដែការប្រើសេរីភាពតាមរបៀបមិនត្រឹមត្រូវគឺមិនធ្វើឲ្យស្កប់ចិត្ដទេ»។
១៩, ២០. តើប្អូនៗវ័យក្មេងដែលមានជំនឿនិងស្តាប់បង្គាប់ព្រះយេហូវ៉ានឹងទទួលពរអ្វីខ្លះ?
១៩ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងសេចក្ដីបង្រៀនរបស់ខ្ញុំ អ្នករាល់គ្នាពិតជាអ្នកកាន់តាមខ្ញុំមែន ហើយអ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ (យ៉ូហាន ៨:៣១, ៣២) ដោយសារព្រះយេហូវ៉ា យើងមានសេរីភាពពីសាសនាមិនពិត អបិយជំនឿ និងភាពល្ងង់ខ្លៅ។ នៅពេលអនាគត យើងទន្ទឹងរង់ចាំទទួល«សេរីភាពរុងរឿងជាកូនព្រះ»។ (រ៉ូម ៨:២១) សូម្បីតែនៅឥឡូវនេះ ក៏ប្អូនអាចមានសេរីភាពបែបនោះមួយកម្រិតពេលប្អូនធ្វើតាមសេចក្ដីបង្រៀនរបស់គ្រិស្ដ។ យ៉ាងនេះ ប្អូននឹង«ស្គាល់សេចក្ដីពិត» មិនគ្រាន់តែដោយសារប្អូនបានរៀនអំពីសេចក្ដីពិតនោះប៉ុណ្ណោះទេ តែដោយសារប្អូនក៏មានរបៀបរស់នៅស្របតាមសេចក្ដីពិត!
២០ ប្អូនៗវ័យក្មេង ចូរឲ្យតម្លៃចំពោះសេរីភាពដែលព្រះផ្ដល់ឲ្យប្អូន។ ចូរប្រើសេរីភាពនោះដោយឈ្លាសវៃ។ នេះនឹងជួយប្អូនឲ្យធ្វើការសម្រេចចិត្ដនៅឥឡូវនេះដែលអាចនាំឲ្យប្អូនមានអនាគតដ៏ល្អបំផុត។ ប្អូនប្រុសវ័យក្មេងម្នាក់និយាយថា៖ «ការប្រើសេរីភាពដោយឈ្លាសវៃពេលនៅក្មេង ពិតជាមានប្រយោជន៍នៅពេលក្រោយមក ពេលដែលប្អូនត្រូវធ្វើការសម្រេចចិត្ដចំពោះរឿងធំៗ ដូចជាការស្វែងរកការងារដែលសមត្រឹមត្រូវ ឬការសម្រេចចិត្ដថានឹងរៀបការឬនៅលីវមួយរយៈពេលជាដើម»។
២១. តើប្អូនអាចទទួល«ជីវិតដ៏ពិតប្រាកដ»តាមរបៀបណា?
២១ ក្នុងរបៀបរបបពិភពលោកនេះ សូម្បីតែជីវិតដែលមនុស្សចាត់ទុកថាជាជីវិតស្រណុកសុខស្រួល ក៏មានសម្រាប់តែមួយរយៈពេលខ្លីប៉ុណ្ណោះ។ គ្មានមនុស្សណាម្នាក់ដឹងអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែកឡើយ។ (យ៉ាកុប ៤:១៣, ១៤) ដូច្នេះ អ្វីដ៏ល្អបំផុតដែលប្អូនអាចធ្វើ គឺធ្វើការសម្រេចចិត្ដដែលនឹងជួយប្អូនឲ្យទទួល«ជីវិតដ៏ពិតប្រាកដ» ពោលគឺជីវិតជារៀងរហូតក្នុងពិភពលោកថ្មីដ៏អស្ចារ្យរបស់ព្រះ។ (ធីម៉ូថេទី១ ៦:១៩) ព្រះយេហូវ៉ាមិនបង្ខំបុគ្គលណាឲ្យបម្រើលោកទេ។ យើងម្នាក់ៗត្រូវសម្រេចចិត្ដអំពីអ្វីដែលយើងនឹងធ្វើ។ ដូច្នេះ ចូរយកព្រះយេហូវ៉ាជា«ចំណែក»របស់ប្អូន ដោយខំព្យាយាមចូលកាន់តែជិតលោកជារៀងរាល់ថ្ងៃ ហើយឲ្យតម្លៃចំពោះគ្រប់ទាំង«របស់ល្អ»ដែលលោកផ្ដល់ឲ្យប្អូន។ (ទំនុកតម្កើង ១០៣:៥) សូមជឿជាក់ថាព្រះយេហូវ៉ាអាចឲ្យប្អូននូវអំណរនិងសុភមង្គលដ៏ក្រៃលែងជារៀងរហូត!—ទំនុកតម្កើង ១៦:១១