តើពិតជាមានព្រះឬទេ?
ចម្លើយពីគម្ពីរ
ពិតជាមានមែន។ គម្ពីរផ្ដល់ភ័ស្តុតាងជាច្រើនដែលបញ្ជាក់ថាពិតជាមានព្រះមែន។ ភ័ស្តុតាងទាំងនោះជួយពង្រឹងជំនឿយើងទៅលើព្រះ មិនមែនជឿដោយងងឹតងងល់តាមសាសនាប៉ុណ្ណោះទេ តែដោយប្រើ«សមត្ថភាពរិះគិត»និង«សមត្ថភាពយល់ដឹង»។ (រ៉ូម ១២:១; យ៉ូហានទី១ ៥:២០) សូមពិចារណានូវការវែកញែកទាំងនេះដោយផ្អែកលើគម្ពីរ:
សកលលោកដែលមានរបៀបរៀបរយនិងជីវិតទាំងឡាយនៅផែនដីបញ្ជាក់ថាមានអ្នកបង្កើត។ គម្ពីរចែងថា៖«ពិតមែនតែផ្ទះទាំងអស់មានអ្នកសង់ ប៉ុន្តែអ្នកដែលបានសង់អ្វីៗទាំងអស់គឺព្រះ»។ (ហេប្រឺ ៣:៤) ទោះបីជានេះស្ដាប់ទៅធម្មតាក៏ដោយ តែចំពោះអ្នកដែលមានចំណេះដឹងមួយចំនួនយល់ថានេះសមហេតុផល។ a
ជាធម្មតាមនុស្សយើងកើតមកដោយចង់ដឹងអំពីខ្លឹមសារនៃជីវិតនិងគោលបំណងសម្រាប់ជីវិត ទោះជាយើងមានអ្វីៗដែលយើងត្រូវការខាងរូបកាយរួចហើយក៏ដោយ ក៏យើងនៅតែចង់ដឹងអំពីគោលបំណងនៃជីវិតដែរ។ នេះជាផ្នែកមួយដែលគម្ពីរហៅថាសេចក្ដីត្រូវការ«ការណែនាំពីព្រះ» ដែលនេះរួមបញ្ចូលការចង់ស្គាល់ និងចង់គោរពប្រណិប័តន៍លោក។ (ម៉ាថាយ ៥:៣; ការបើកបង្ហាញ ៤:១១) ការចង់បានការណែនាំពីព្រះមិនគ្រាន់តែជាភ័ស្តុតាងដែលបង្ហាញថាមានព្រះប៉ុណ្ណោះទេ តែក៏បង្ហាញថាលោកជាអ្នកបង្កើតដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ចង់ឲ្យយើងស្គាល់ និងគោរពប្រណិប័តន៍លោក។—ម៉ាថាយ ៤:៤
ទំនាយដែលបានរៀបរាប់យ៉ាងល្អិតល្អន់ក្នុងគម្ពីរដែលបានត្រូវសរសេររាប់សតវត្សរ៍មុន ពិតជាបានសម្រេចដូចការទាយទុកមែន។ ភាពត្រឹមត្រូវនិងភាពល្អិតល្អន់នៃទំនាយទាំងនោះបង្ហាញយ៉ាងច្បាស់ថា នេះមកពីបុគ្គលដែលខ្ពង់ខ្ពស់ជាងមនុស្សឆ្ងាយណាស់ ពោលគឺព្រះ។ —ពេត្រុសទី២ ១:២១
អ្នកសរសេរគម្ពីរមានចំណេះដឹងខាងវិទ្យាសាស្ត្រដែលហួសពីការយល់ដឹងរបស់មនុស្សនៅសម័យនោះ។ ជាឧទាហរណ៍ នៅសម័យបុរាណមនុស្សជាច្រើននាក់ជឿថាផែនដីបានត្រូវទ្រដោយសត្វផ្សេងៗដូចជា ដំរី ជ្រូកព្រៃ ឬគោឈ្មោល។ ផ្ទុយទៅវិញ គម្ពីរប្រាប់ថាព្រះ«ព្យួរផែនដីនៅទទេធេង»។ (យ៉ូប ២៦:៧) ស្រដៀងគ្នាដែរ គម្ពីរក៏ប្រាប់យ៉ាងត្រឹមត្រូវអំពីរាងរបស់ផែនដីដូចជា «រង្វង់» ឬ «ដុំមូល»។ (អេសាយ ៤០:២២) មនុស្សជាច្រើនគិតថាការពន្យល់ដ៏សមហេតុផលដែលហួសពីការយល់ដឹងរបស់ពួកគេ បញ្ជាក់ថាអ្នកសរសេរគម្ពីរបានទទួលព័ត៌មានពីព្រះ។
មនុស្សជាច្រើនមិនជឿថាមានព្រះទេ ដោយសារពួកគេមិនបានទទួលចម្លើយដែលធ្វើឲ្យពួកគេអស់ចិត្ត តែគម្ពីរមានចម្លើយចំពោះសំណួរពិបាកៗជាច្រើន។ ជាឧទាហរណ៍ បើព្រះមានសេចក្ដីស្រឡាញ់ និងមានឫទ្ធានុភាពខ្លាំងក្លាបំផុតមែន ហេតុអ្វីពិភពលោកនេះពោរពេញដោយទុក្ខវេទនានិងអំពើអាក្រក់? ហេតុអ្វីជារឿយៗសាសនាជាដើមហេតុដែលនាំឲ្យមានអំពើអាក្រក់ជាជាងមានអំពើល្អ?—ទីតុស ១:១៦
a ជាឧទាហរណ៍ តារាវិទូម្នាក់ឈ្មោះអាឡាន សានដេច ធ្លាប់បាននិយាយពីសកលលោកថា៖«ខ្ញុំគិតថា របៀបរៀបរយ[ក្នុងសកលលោក]មិនអាចផ្ដើមចេញពីការគ្មានសណ្ដាប់ធ្នាប់បានឡើយ។ ត្រូវតែមានអ្វីមួយដែលបានរៀបចំរបស់ទាំងអស់។ ចំពោះខ្ញុំ ព្រះជារឿងអាថ៌កំបាំងមួយ។ តែយ៉ាងណាក៏ដោយ ជំនឿថាមានព្រះ ជាវិធីពន្យល់អំពីមូលហេតុដែលមានរបស់ទាំងអស់នោះ ជាជាងគ្មានអ្វីមកពន្យល់សោះ»។