តើការចូលជាសមាជិកក្នុងអង្គការសាសនាណាមួយគឺជាការសំខាន់ឬទេ?
ចម្លើយពីគម្ពីរ
មែន! ពីព្រោះព្រះចង់ឲ្យមនុស្សរួបរួមគ្នាក្នុងការគោរពប្រណិប័តន៍។ គម្ពីររៀបរាប់ថា៖«ចូរយើងគិតអំពីគ្នាទៅវិញទៅមក ដើម្បីបំផុសទឹកចិត្តឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរ មិនមែនដោយគេចវេះពីការប្រជុំគ្នា»។—ហេប្រឺ ១០:២៤, ២៥
លោកយេស៊ូបានបញ្ជាក់ថាអ្នកកាន់តាមលោកនឹងត្រូវរៀបចំឡើងជាក្រុមមួយ ពេលលោកមានប្រសាសន៍ទៅពួកគេថា៖«យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។ (យ៉ូហាន ១៣:៣៥) វិធីចម្បងមួយក្នុងការបង្ហាញសេចក្ដីស្រឡាញ់នេះ គឺអស់អ្នកកាន់តាមគ្រិស្តត្រូវសេពគប់ជាមួយបងប្អូនរួមជំនឿ។ ពួកគេនឹងបង្កើតក្រុមជំនុំដែលជាកន្លែងដែលពួកគេជួបជុំគ្នាជាទៀងទាត់ដើម្បីធ្វើការគោរពប្រណិប័តន៍ព្រះ។ (កូរិនថូសទី១ ១៦:១៩) តាមរយៈការរៀបចំបែបនេះ ពួកគេទាំងអស់គ្នាមានបងប្អូនរួមជំនឿនៅទូទាំងពិភពលោក។—ពេត្រុសទី១ ២:១៧
មានអ្វីមួយទៀតដែលសំខាន់ជាងការចូលជាសមាជិកសាសនា
នៅពេលដែលគម្ពីរប្រាប់ថាមនុស្សគួរជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ នេះមិនមានន័យថាពួកគេគ្រាន់តែចូលជាសមាជិកសាសនាណាមួយ ហើយធ្វើឲ្យព្រះពេញចិត្តនោះទេ។ ប៉ុន្តែ ពួកគេគួរឲ្យសាសនានោះមានឥទ្ធិពលទៅលើជីវិតប្រចាំថ្ងៃរបស់ពួកគេវិញ។ ជាឧទាហរណ៍ គម្ពីររៀបរាប់ថា៖«តាមទស្សនៈរបស់លោកដែលជាព្រះនិងជាបិតារបស់យើង របៀបគោរពប្រណិប័តន៍ដែលស្អាតស្អំនិងឥតសៅហ្មងនោះគឺ៖ថែរក្សាកូនកំព្រានិងស្ត្រីមេម៉ាយដែលកំពុងរងទុក្ខវេទនា ហើយរក្សាខ្លួនមិនឲ្យប្រឡូកប្រឡាក់នឹងពិភពលោកនេះ»។—យ៉ាកុប ១:២៧