ការបើកបង្ហាញចំពោះយ៉ូហាន ១២:១-១៧
១២ រួចមក ខ្ញុំបានឃើញនិមិត្តរូបដ៏សំខាន់មួយនៅលើមេឃ* គឺស្ត្រីមួយរូប+ដណ្ដប់ដួងអាទិត្យ ហើយមានដួងខែនៅខាងក្រោមជើងរបស់នាង ឯក្បាលរបស់នាងមានផ្កាយ១២ជាមកុដ។
២ នាងមានផ្ទៃពោះ ហើយក្នុងកាលដែលនាងកំពុងកើតកូន នាងស្រែកឡើងដោយក្ដីឈឺចាប់ និងដោយកើតទុក្ខយ៉ាងខ្លាំង។
៣ ខ្ញុំបានឃើញនិមិត្តរូបមួយទៀតនៅលើមេឃ។* មើល! មាននាគដ៏ធំមួយដែលមានសម្បុរក្រហមដូចភ្លើង+ មានក្បាល៧និងស្នែង១០ ហើយក្បាលរបស់វាមានមកុដ៧។
៤ កន្ទុយរបស់វាទាញ១ភាគ៣នៃផ្កាយ+លើមេឃ ហើយបោះទៅផែនដី។+ នាគនោះបន្តឈរនៅមុខស្ត្រី+ដែលកំពុងកើតកូន ដើម្បីវាអាចលេបត្របាក់កូនរបស់នាង កាលណានាងកើតកូនចេញមក។
៥ បន្ទាប់មក នាងកើតបានកូនប្រុសមួយ+ ជាអ្នកដែលត្រូវឃ្វាលប្រជាជាតិទាំងឡាយដោយដំបងដែក។+ ឯកូនរបស់នាងបានត្រូវកញ្ឆក់យកទៅឯព្រះនិងបល្ល័ង្ករបស់លោក។
៦ រួចស្ត្រីនោះបានរត់ទៅតំបន់ស្ងាត់ជ្រងំ ជាកន្លែងដែលព្រះបានរៀបចំសម្រាប់នាង ដើម្បីនាងអាចទទួលអាហារបរិភោគនៅទីនោះអស់១.២៦០ថ្ងៃ។+
៧ សង្គ្រាមបានផ្ទុះឡើងនៅស្ថានសួគ៌គឺ មីកែល*+និងបណ្ដាទេវតារបស់លោកបានច្បាំងនឹងនាគ ព្រមទាំងច្បាំងនឹងបណ្ដាទេវតារបស់វា។
៨ ប៉ុន្តែ ពួកវាមិនបានឈ្នះទេ* ហើយក៏មិនមានកន្លែងសម្រាប់ពួកវានៅស្ថានសួគ៌ទៀតដែរ។
៩ ដូច្នេះ នាគដ៏ធំ+បានត្រូវបោះទម្លាក់ គឺពស់ដំបូងបង្អស់+ដែលហៅថាមេកំណាច+និងសាថាន*+ វាជាអ្នកដែលកំពុងបំភាន់ពិភពលោកទាំងមូល។+ វាបានត្រូវបោះទម្លាក់ទៅផែនដី+ ហើយបណ្ដាទេវតារបស់វាក៏បានត្រូវបោះទម្លាក់ទៅជាមួយនឹងវាដែរ។
១០ រួចមក ខ្ញុំឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងពីលើមេឃ*ថា៖
«មើល! ព្រះបាននាំមកនូវសេចក្ដីសង្គ្រោះ!+ ឫទ្ធានុភាពរបស់លោកបានទទួលជ័យជម្នះ! រាជាណាចក្ររបស់លោក+បានត្រូវស្ថាបនាឡើង! គ្រិស្តរបស់លោកចាប់ផ្ដើមកាន់អំណាចហើយ! ពីព្រោះអ្នកដែលចោទប្រកាន់បងប្អូនរបស់យើងបានត្រូវបោះទម្លាក់ទៅ គឺជាអ្នកដែលចោទប្រកាន់ពួកគេនៅចំពោះមុខព្រះទាំងយប់ទាំងថ្ងៃ!+
១១ ពួកគេបានឈ្នះអ្នកនោះ+ ដោយសារឈាមរបស់កូនចៀម+ និងដោយសារដំណឹងដែលពួកគេប្រកាស។+ ទោះជាពួកគេប្រឈមមុខនឹងសេចក្ដីស្លាប់ក៏ដោយ ពួកគេសុខចិត្តលះបង់ជីវិត*ខ្លួន។+
១២ ហេតុនេះ ស្ថានសួគ៌និងអស់អ្នកដែលនៅស្ថានសួគ៌អើយ ចូររីករាយចុះ! តែវេទនាដល់ផែនដីនិងសមុទ្រវិញ+ ពីព្រោះមេកំណាចបានចុះទៅឯអ្នករាល់គ្នាទាំងមានកំហឹងយ៉ាងខ្លាំង ដោយដឹងថាវាមានពេលតែបន្តិចបន្តួចទេ»។+
១៣ ពេលដែលនាគឃើញថាវាបានត្រូវបោះទម្លាក់ទៅផែនដី+ នោះវាបៀតបៀនស្ត្រី+ដែលបានកើតកូនប្រុសនោះ។
១៤ ប៉ុន្តែ ស្ត្រីនោះបានទទួលស្លាបឥន្ទ្រីដ៏ធំពីរ+ ដើម្បីនាងអាចហោះទៅតំបន់ស្ងាត់ជ្រងំជាកន្លែងដែលបានត្រូវរៀបចំសម្រាប់នាង។ នៅទីនោះ នាងនៅឆ្ងាយពីមុខរបស់ពស់+ ហើយនាងនឹងបានទទួលអាហារបរិភោគមួយគ្រា ពីរគ្រា និងកន្លះគ្រា។*+
១៥ ពស់នោះបញ្ចេញទឹកពីមាត់យ៉ាងច្រើនដូចទន្លេឲ្យហូរតាមស្ត្រីនោះ ដើម្បីធ្វើឲ្យនាងលង់។
១៦ ប៉ុន្តែ ផែនដីបានមកជួយនាង ហើយផែនដីហាមាត់លេបទឹកទន្លេដែលនាគនោះបានបញ្ចេញពីមាត់វា។
១៧ ដូច្នេះ នាគក៏ខឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងពួកអ្នកដែលនៅសល់ពីពូជរបស់នាង+ ជាអ្នកដែលកាន់តាមបញ្ញត្ដិរបស់ព្រះ និងជាអ្នកដែលមានកិច្ចការធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ។+
កំណត់សម្គាល់
^ ឬ«ស្ថានសួគ៌»
^ ឬ«ស្ថានសួគ៌»
^ មានន័យថា«តើមានអ្នកណាដូចព្រះ?»
^ ឬប្រហែលជាមានន័យថា«ប៉ុន្តែ វា[គឺនាគ]បានចាញ់»
^ ន័យត្រង់«ឌីអាបូឡូស(អ្នកបង្កាច់បង្ខូច) និងសាថាណាស(អ្នកប្រឆាំង)»
^ ឬ«ស្ថានសួគ៌»
^ មើលនិយមន័យពាក្យ«ជីវិត»
^ នេះគឺបីគ្រាកន្លះ