ការបើកបង្ហាញចំពោះយ៉ូហាន ១៧:១-១៨
១៧ ទេវតាមួយពីចំណោមទេវតាទាំង៧ដែលកំពុងកាន់ចានគោមទាំង៧នោះ+ បានមកប្រាប់ខ្ញុំថា៖ «ចូរមក ខ្ញុំនឹងបង្ហាញអ្នកឲ្យឃើញការវិនិច្ឆ័យទោសមេស្ត្រីពេស្យាដែលអង្គុយលើទឹកជាច្រើន។+
២ នាងបានធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*ជាមួយនឹងស្ដេចនានានៅផែនដី។+ រីឯពួកអ្នកដែលរស់នៅផែនដីបានស្រវឹងដោយសារស្រានៃអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*របស់នាង»។+
៣ បន្ទាប់មក គាត់បាននាំខ្ញុំចូលទៅតំបន់ស្ងាត់ជ្រងំដោយឫទ្ធានុភាពរបស់ព្រះ។ រួចខ្ញុំឃើញស្ត្រីម្នាក់កំពុងអង្គុយលើសត្វសាហាវមួយដែលមានសម្បុរក្រហមឆ្អៅ ក៏ពេញទៅដោយឈ្មោះដែលប្រមាថព្រះ វាមានក្បាល៧និងស្នែង១០។
៤ ស្ត្រីនោះមានសម្លៀកបំពាក់ពណ៌ស្វាយ+និងពណ៌ក្រហមឆ្អៅ ហើយនាងពាក់មាស គជ់ខ្យង និងត្បូងថ្លៃវិសេស។+ នៅក្នុងដៃនាងមានពែងមាសមួយដែលពេញទៅដោយរបស់គួរឲ្យស្អប់ខ្ពើម និងរបស់ស្មោកគ្រោកពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*របស់នាង។
៥ នៅលើថ្ងាសរបស់នាង មានឈ្មោះអាថ៌កំបាំងមួយបានត្រូវសរសេរថា៖ «បាប៊ីឡូនដ៏ខ្លាំងក្លា ដែលជាម្ដាយនៃស្រីពេស្យាទាំងឡាយ+ និងជាម្ដាយនៃអ្វីៗដែលគួរឲ្យស្អប់ខ្ពើមនៅផែនដី»។+
៦ ខ្ញុំឃើញនាងស្រវឹងឈាមពួកអ្នកបរិសុទ្ធនិងឈាមពួកសាក្សីរបស់លោកយេស៊ូ។+
ពេលដែលខ្ញុំឃើញនាង ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់។
៧ ដូច្នេះ ទេវតានោះនិយាយមកកាន់ខ្ញុំថា៖ «ហេតុអ្វីបានជាអ្នកភ្ញាក់ផ្អើល? ខ្ញុំនឹងប្រាប់អ្នកនូវអាថ៌កំបាំងអំពីស្ត្រីនោះ+ និងអំពីសត្វសាហាវដែលមានក្បាល៧និងស្នែង១០ដែលនាងអង្គុយលើ៖+
៨ សត្វសាហាវដែលអ្នកឃើញនោះ ពីមុននៅទីនេះ តែឥឡូវមិនមានទេ។ ប៉ុន្តែបន្តិចទៀត វានឹងឡើងមកពីទីជ្រៅបំផុត+ រួចវានឹងត្រូវបំផ្លាញចោល។ មនុស្សនៅផែនដីនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញថាសត្វសាហាវពីមុននៅទីនេះ តែឥឡូវមិនមានទេ រួចនឹងមានម្ដងទៀត។ តាំងពីកំណើតពិភពលោកមក មនុស្សទាំងនេះមិនមានឈ្មោះនៅក្នុងបញ្ជីជីវិតទេ។+
៩ «នេះតម្រូវឲ្យប្រើប្រាជ្ញានិងការយល់ដឹងគឺ៖ ក្បាល៧នោះ+តំណាងភ្នំ៧ ដែលស្ត្រីនោះអង្គុយលើ។
១០ នោះក៏តំណាងស្ដេច៧រូបដែរ៖ ស្ដេច៥បានរលំហើយ ស្ដេចមួយនៅមានអំណាច ស្ដេចមួយទៀតមិនទាន់មកដល់ តែកាលមកដល់ហើយ ស្ដេចនោះត្រូវនៅមួយរយៈពេលខ្លីប៉ុណ្ណោះ។
១១ ឯសត្វសាហាវដែលពីមុនធ្លាប់មាន តែពេលនេះមិនមាន+ គឺជាស្ដេចទី៨។ ប៉ុន្តែ វាកើតចេញពីស្ដេចទាំង៧ រួចវានឹងត្រូវបំផ្លាញចោល។
១២ «ស្នែង១០ដែលអ្នកឃើញនោះ ជាតំណាងស្ដេច១០ដែលមិនទាន់ទទួលរាជាណាចក្រមួយនៅឡើយ។ ប៉ុន្តែ ស្ដេចទាំងនោះនឹងទទួលអំណាចគ្រប់គ្រងជាស្ដេចអស់រយៈពេលមួយម៉ោងជាមួយនឹងសត្វសាហាវ។
១៣ ស្ដេចទាំងនោះមានគំនិតតែមួយ ដូច្នេះពួកគេផ្ដល់កម្លាំងនិងអំណាចរបស់ពួកគេដល់សត្វសាហាវនោះ។
១៤ អ្នកទាំងនោះនឹងច្បាំងនឹងកូនចៀម+ តែកូនចៀមនឹងឈ្នះពួកគេ+ ដោយសារលោកជាម្ចាស់លើអស់ទាំងម្ចាស់ និងជាស្ដេចលើអស់ទាំងស្ដេច។+ ម្យ៉ាងទៀត ពួកអ្នកដែលព្រះបានហៅនិងបានជ្រើសរើស ជាពួកអ្នកដែលស្មោះត្រង់ចំពោះព្រះ ពួកគេក៏នឹងឈ្នះដែរ»។+
១៥ គាត់ប្រាប់ខ្ញុំថា៖ «ទឹកដែលអ្នកឃើញស្ត្រីពេស្យានោះកំពុងអង្គុយលើ ជាតំណាងជនជាតិផ្សេងៗ មហាជននានា ប្រជាជាតិនានា និងភាសាផ្សេងៗ។+
១៦ សត្វសាហាវ+ដែលមានស្នែង១០+ដែលអ្នកបានឃើញ នឹងស្អប់ស្ត្រីពេស្យានោះ+ ហើយនឹងបំផ្លាញនាង ព្រមទាំងធ្វើឲ្យនាងនៅអាក្រាត ក៏នឹងស៊ីសាច់នាង ហើយដុតនាងចោលក្នុងភ្លើង។+
១៧ ព្រោះព្រះបណ្ដាលចិត្តពួកគេឲ្យធ្វើតាមគំនិតរបស់លោក+ គឺឲ្យពួកគេមានគំនិតតែមួយ ហើយធ្វើតាមគំនិតនោះ ដោយប្រគល់រាជាណាចក្ររបស់ពួកគេដល់សត្វសាហាវ+ រហូតដល់ប្រសាសន៍របស់ព្រះបានសម្រេច។
១៨ ឯស្ត្រី+ដែលអ្នកឃើញនោះ ជាតំណាងក្រុងដ៏ខ្លាំងក្លាដែលគ្រប់គ្រងលើស្ដេចនានានៅផែនដី»។
កំណត់សម្គាល់
^ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
^ ភាសាក្រិច«ផូនៀ»។ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
^ ភាសាក្រិច«ផូនៀ»។ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»