ការបើកបង្ហាញចំពោះយ៉ូហាន ២:១-២៩
២ «ចូរសរសេរទៅកាន់ទេវតា+នៃក្រុមជំនុំនៅក្រុងអេភេសូរ+ថា៖ លោកដែលកាន់ផ្កាយទាំង៧នៅក្នុងដៃស្ដាំ ហើយដែលដើរនៅកណ្ដាលជើងចង្កៀងមាសទាំង៧ មានប្រសាសន៍ដូចតទៅនេះថា៖+
២ ‹ខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នក ក៏ដឹងថាអ្នកធ្វើការនឿយហត់ ហើយខ្ញុំស្គាល់ការស៊ូទ្រាំរបស់អ្នក ក៏ដឹងថាអ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយ។ ខ្ញុំដឹងថាអ្នកបានល្បងលពួកអ្នកដែលអះអាងថាពួកគេជាសាវ័ក*+ តែតាមពិតពួកគេមិនមែនជាសាវ័កទេ ហើយអ្នកបានឃើញថាពួកគេជាអ្នកភូតភរ។
៣ ម្យ៉ាងទៀត អ្នកកំពុងបង្ហាញការស៊ូទ្រាំ ក៏បានទ្រាំការលំបាកជាច្រើនដើម្បីឈ្មោះរបស់ខ្ញុំ+ ហើយមិនបានអស់កម្លាំងចិត្តឡើយ។+
៤ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំប្រកាន់ទោសអ្នកអំពីរឿងមួយ គឺអ្នកបានបាត់បង់សេចក្ដីស្រឡាញ់ដែលអ្នកធ្លាប់មានកាលពីដើមដំបូង។
៥ «‹ដូច្នេះ ចូរនឹកឃើញនូវអ្វីដែលអ្នកបានបាត់បង់ ហើយចូរប្រែចិត្ត+ រួចប្រព្រឹត្តដូចដើមដំបូងវិញ។ ពុំនោះសោត ខ្ញុំនឹងមកឯអ្នក ហើយដកជើងចង្កៀងរបស់អ្នក+ចេញ បើអ្នកមិនប្រែចិត្ត។+
៦ ប៉ុន្តែ អ្នកនៅមានលក្ខណៈល្អមួយ គឺអ្នកស្អប់ការប្រព្រឹត្តរបស់និកាយនីកុឡាស+ ដូចខ្ញុំស្អប់ដែរ។
៧ ចូរឲ្យអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយតាមរយៈឫទ្ធានុភាពរបស់លោក៖+ ខ្ញុំនឹងអនុញ្ញាតឲ្យអ្នកណាដែលឈ្នះ+ បរិភោគផ្លែពីដើមឈើដែលផ្ដល់ជីវិត+ ដែលនៅក្នុងសួនឧទ្យានរបស់ព្រះ›។
៨ «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងស្មៀរណាថា៖ លោកដែល‹ជាអ្នកមុនបង្អស់និងជាអ្នកក្រោយបង្អស់›+ដែលបានស្លាប់ ហើយរស់ឡើងវិញ មានប្រសាសន៍ដូចតទៅនេះថា៖+
៩ ‹ខ្ញុំស្គាល់សេចក្ដីវេទនានិងភាពក្រីក្ររបស់អ្នក តែតាមពិតអ្នកជាអ្នកមាន។+ ខ្ញុំក៏ដឹងអំពីការជេរប្រមាថរបស់ពួកអ្នកដែលអះអាងថាពួកគេជាជនជាតិយូដា តែតាមពិតពួកគេមិនមែនជាជនជាតិយូដាទេ គឺជាបក្សពួករបស់សាថាន*វិញ។+
១០ កុំខ្លាចទុក្ខលំបាកដែលអ្នករាល់គ្នានឹងជួបប្រទះឡើយ។+ មើល! មេកំណាច*នឹងបោះអ្នករាល់គ្នាខ្លះទៅក្នុងគុកម្ដងហើយម្ដងទៀត ដើម្បីឲ្យអ្នករាល់គ្នាទទួលការល្បងលយ៉ាងពេញលេញ និងដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីវេទនាអស់១០ថ្ងៃ។ ចូររក្សាសេចក្ដីស្មោះត្រង់រហូតដល់ស្លាប់ ហើយខ្ញុំនឹងឲ្យមកុដនៃជីវិតដល់អ្នករាល់គ្នា។+
១១ ចូរអ្នកដែលមានត្រចៀក ស្ដាប់+អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយតាមរយៈឫទ្ធានុភាពរបស់លោក៖ អ្នកណាដែលឈ្នះ+នឹងមិនឆ្លងកាត់សេចក្ដីស្លាប់ទី២សោះឡើយ›។+
១២ «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងពើកាម៉ុមថា៖ លោកដែលមានដាវវែងមួយយ៉ាងមុតដែលមានមុខពីរ មានប្រសាសន៍ដូចតទៅនេះថា៖+
១៣ ‹ខ្ញុំដឹងថាអ្នកអាស្រ័យនៅកន្លែងណា គឺនៅកន្លែងដែលមានបល្ល័ង្ករបស់សាថាន។ ទោះជាយ៉ាងនោះក៏ដោយ អ្នកមិនបានបដិសេធថាមិនជឿខ្ញុំទេ+ តែអ្នកបានកាន់ខ្ជាប់តាមឈ្មោះរបស់ខ្ញុំរហូត។+ អ្នកបានធ្វើដូច្នេះនៅសម័យអាន់ទីប៉ាស គឺពេលដែលអាន់ទីប៉ាសជាសាក្សីស្មោះត្រង់របស់ខ្ញុំ+ បានត្រូវគេសម្លាប់+នៅក្នុងក្រុងរបស់អ្នករាល់គ្នា ជាកន្លែងដែលសាថានអាស្រ័យនៅ។
១៤ «‹ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំប្រកាន់ទោសអ្នកអំពីរឿងមួយចំនួន គឺនៅទីនោះក្នុងចំណោមអ្នក មានមនុស្សខ្លះកាន់ខ្ជាប់តាមសេចក្ដីបង្រៀនរបស់បាឡាម+ ដែលជាអ្នកបង្រៀនបាឡាក់+ឲ្យទាក់ទាញពួកកូនអ៊ីស្រាអែលឲ្យធ្វើអំពើខុសឆ្គង គឺឲ្យបរិភោគអ្វីដែលបានត្រូវបូជាដល់រូបព្រះ និងឲ្យធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។*+
១៥ នៅទីនោះ ក៏មានមនុស្សដែលកាន់ខ្ជាប់តាមសេចក្ដីបង្រៀនរបស់និកាយនីកុឡាសដែរ។+
១៦ ដូច្នេះ ចូរប្រែចិត្តចុះ។ ពុំនោះសោត ខ្ញុំនឹងមកឯអ្នកយ៉ាងឆាប់ រួចច្បាំងនឹងអ្នកទាំងនោះដោយដាវវែងដែលចេញពីមាត់របស់ខ្ញុំ។+
១៧ «‹ចូរឲ្យអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយដោយឫទ្ធានុភាពរបស់លោក៖+ ខ្ញុំនឹងឲ្យម៉ាណាខ្លះ+ដែលលាក់កំបាំងដល់អ្នកណាដែលឈ្នះ+ ក៏នឹងឲ្យថ្មពណ៌សមួយដែរ ហើយនៅលើថ្មនោះ ឈ្មោះថ្មីមួយបានត្រូវសរសេរ ជាឈ្មោះដែលគ្មានអ្នកណាស្គាល់ទេ ក្រៅពីអ្នកដែលទទួលថ្មនោះ›។
១៨ «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងធាទេរ៉ា+ថា៖ បុត្រព្រះដែលមានភ្នែកដូចអណ្ដាតភ្លើង+ ហើយមានជើងដូចស្ពាន់សុទ្ធ+ មានប្រសាសន៍ដូចតទៅនេះថា៖
១៩ ‹ខ្ញុំស្គាល់ការប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ កិច្ចបម្រើ និងការស៊ូទ្រាំរបស់អ្នក ក៏ដឹងថាការប្រព្រឹត្តរបស់អ្នកឥឡូវនេះ គឺល្អប្រសើរជាងការប្រព្រឹត្តរបស់អ្នកកាលពីមុន។
២០ «‹ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំប្រកាន់ទោសអ្នកអំពីរឿងមួយ គឺអ្នកប្រណីដល់យេសិបិល+ ជាស្ត្រីដែលអះអាងថាខ្លួនជាអ្នកប្រកាសទំនាយ ហើយដែលបង្រៀននិងបំភាន់ពួកខ្ញុំបម្រើរបស់ខ្ញុំឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*+ និងឲ្យបរិភោគអ្វីដែលបានត្រូវបូជាដល់រូបព្រះ។
២១ ខ្ញុំបានទុកពេលឲ្យនាងប្រែចិត្ត តែនាងមិនព្រមប្រែចិត្តពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*របស់នាងទេ។
២២ មើល! ខ្ញុំហៀបនឹងធ្វើឲ្យនាងឈឺងើបមិនរួច ហើយធ្វើឲ្យអ្នកដែលផិតក្បត់ជាមួយនឹងនាងមានសេចក្ដីវេទនាជាខ្លាំង បើពួកគេមិនប្រែចិត្តពីការប្រព្រឹត្តដែលដូចការប្រព្រឹត្តរបស់នាងទេ។
២៣ ខ្ញុំនឹងប្រហារជីវិតកូនរបស់នាងដោយជំងឺដែលនាំឲ្យស្លាប់ ដើម្បីឲ្យក្រុមជំនុំទាំងឡាយដឹងថា ខ្ញុំជាអ្នកដែលស្ទង់មើលចិត្តនិងអារម្មណ៍ដែលកប់ជ្រៅ* ហើយនឹងសងដល់អ្នករាល់គ្នាតាមការប្រព្រឹត្តរៀងៗខ្លួន។+
២៤ «‹ក៏ប៉ុន្តែ ចំណែកពួកអ្នកទាំងប៉ុន្មានទៀតនៅក្រុងធាទេរ៉ាដែលមិនកាន់តាមសេចក្ដីបង្រៀនរបស់យេសិបិល គឺពួកអ្នកដែលមិនដឹងសោះអំពីអ្វីដែលគេហៅថា«សេចក្ដីជ្រាលជ្រៅរបស់សាថាន»+ ខ្ញុំប្រាប់ថា៖ ខ្ញុំមិនបន្ថែមបន្ទុកលើអ្នករាល់គ្នាឡើយ។
២៥ ទោះជាយ៉ាងនោះក៏ដោយ ចូរកាន់ខ្ជាប់តាមអ្វីដែលអ្នករាល់គ្នាមាន រហូតដល់ខ្ញុំមក។+
២៦ ឯអ្នកណាដែលឈ្នះ ហើយធ្វើតាមការប្រព្រឹត្តរបស់ខ្ញុំរហូតដល់ទីបញ្ចប់ ខ្ញុំនឹងឲ្យអ្នកនោះមានអំណាចលើប្រជាជាតិទាំងឡាយ+
២៧ ដូចអំណាចដែលខ្ញុំបានទទួលពីបិតារបស់ខ្ញុំ ហើយអ្នកនោះនឹងឃ្វាលបណ្ដាជនដោយដំបងដែក+ ដើម្បីធ្វើឲ្យពួកគេបែកខ្ចាយដូចភាជនៈដី។
២៨ រួចខ្ញុំនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ។+
២៩ ចូរឲ្យអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយដោយឫទ្ធានុភាពរបស់លោក›។
កំណត់សម្គាល់
^ ភាសាក្រិច«អាប៉ូស្តូឡូស»មានន័យថា«អ្នកដែលត្រូវគេចាត់ឲ្យទៅ»
^ ភាសាក្រិច«សាថាណាស»មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
^ ភាសាក្រិច«ឌីអាបូឡូស»មានន័យថា«អ្នកបង្កាច់បង្ខូច»
^ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
^ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
^ ភាសាក្រិច«ផូនៀ»។ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
^ ន័យត្រង់«តម្រងនោម»