ការបើកបង្ហាញចំពោះយ៉ូហាន ២០:១-១៥
២០ រួចខ្ញុំឃើញទេវតាមួយរូបចុះពីស្ថានសួគ៌*មក ដោយកាន់កូនសោនៃទីជ្រៅបំផុត+និងច្រវាក់ដ៏ធំមួយនៅដៃ។
២ ទេវតានោះចាប់នាគ+ ជាពស់ដំបូងបង្អស់+ ដែលជាមេកំណាច+និងជាសាថាន*+ រួចបានចងវាទុក១.០០០ឆ្នាំ។
៣ ទេវតានោះបោះវាទៅក្នុងទីជ្រៅបំផុត+ រួចបិទយ៉ាងជិត ហើយបិទត្រាលើទីជ្រៅបំផុត ដើម្បីកុំឲ្យវាបំភាន់ប្រជាជាតិនានាទៀត រហូតដល់ផុតគ្រា១.០០០ឆ្នាំ។ ក្រោយពីនោះ វានឹងត្រូវដោះលែងមួយរយៈពេលខ្លី។+
៤ បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កផ្សេងៗ និងអស់អ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះ ហើយពួកគេបានទទួលអំណាចដើម្បីវិនិច្ឆ័យ។ ខ្ញុំក៏ឃើញពួកអ្នកដែលបានត្រូវសម្លាប់* ដោយសារពួកគេធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ និងនិយាយអំពីព្រះ។ ពួកគេជាអ្នកដែលមិនបានគោរពប្រណិប័តន៍សត្វសាហាវ ឬរូបរបស់វា ហើយមិនបានទទួលសញ្ញានោះនៅលើថ្ងាស ឬនៅលើដៃរបស់ពួកគេឡើយ។+ ពួកគេបានរស់ឡើងវិញ រួចគ្រប់គ្រងជាស្ដេចជាមួយនឹងគ្រិស្ត+អស់១.០០០ឆ្នាំ
៥ (មនុស្សស្លាប់ទាំងប៉ុន្មានទៀត+មិនបានទទួលជីវិតទេ ទាល់តែបានផុតគ្រា១.០០០ឆ្នាំ)។ នេះជាការប្រោសឲ្យរស់ឡើងវិញមុនដំបូង។+
៦ អ្នកដែលមានចំណែកក្នុងការប្រោសឲ្យរស់ឡើងវិញមុនដំបូង មានសុភមង្គល ហើយក៏បរិសុទ្ធ។+ សេចក្ដីស្លាប់ទី២+គ្មានអំណាចលើអ្នកទាំងនោះឡើយ។+ ប៉ុន្តែ ពួកគេនឹងធ្វើជាសង្ឃ+របស់ព្រះនិងរបស់គ្រិស្ត ក៏នឹងគ្រប់គ្រងជាស្ដេចជាមួយនឹងលោក*អស់១.០០០ឆ្នាំ។+
៧ ពេលដែលគ្រា១.០០០ឆ្នាំផុតភ្លាម សាថាននឹងត្រូវដោះលែងពីគុក។
៨ វានឹងចេញទៅបំភាន់ប្រជាជាតិនានានៅជ្រុងទាំងបួននៃផែនដី គឺកូកនិងម៉ាកូក ដើម្បីប្រមូលពួកគេសម្រាប់សង្គ្រាម។ ចំនួនអ្នកទាំងនោះគឺដូចខ្សាច់នៅសមុទ្រ។
៩ ពួកគេសម្រុកចេញទៅពេញផែនដី ហើយឡោមព័ទ្ធជំរំរបស់ពួកអ្នកបរិសុទ្ធនិងក្រុងជាទីស្រឡាញ់។ ប៉ុន្តែ ភ្លើងបានធ្លាក់ពីស្ថានសួគ៌*មកបញ្ឆេះពួកគេអស់ទៅ។+
១០ រួចមេកំណាចដែលបានបំភាន់ពួកគេបានត្រូវបោះទៅក្នុងបឹងដែលឆេះដោយភ្លើងនិងស្ពាន់ធ័រ ជាកន្លែងដែលសត្វសាហាវ+និងអ្នកប្រកាសទំនាយមិនពិតនៅរួចហើយ។+ ពួកគេនឹងរងទារុណកម្ម*ទាំងយប់ទាំងថ្ងៃជារៀងរហូត។
១១ រួចមក ខ្ញុំឃើញបល្ល័ង្កពណ៌សយ៉ាងធំមួយ ព្រមទាំងលោកដែលអង្គុយលើបល្ល័ង្កនោះ។+ ផែនដីនិងមេឃបានចេញបាត់ពីមុខលោក+ ហើយគ្មានកន្លែងសម្រាប់ផែនដីនិងមេឃទៀតឡើយ។
១២ ខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំទាំងអ្នកតូចកំពុងឈរនៅមុខបល្ល័ង្ក ហើយរមូរផ្សេងៗបានត្រូវបើកឡើង។ រមូរមួយទៀតក៏បានត្រូវបើកឡើងដែរ គឺរមូរជីវិត។+ ឯមនុស្សស្លាប់បានត្រូវវិនិច្ឆ័យយោងទៅតាមអ្វីដែលបានត្រូវសរសេរក្នុងរមូរទាំងនោះ ស្របតាមការប្រព្រឹត្តរបស់ពួកគេ។+
១៣ សមុទ្របានប្រគល់មនុស្សស្លាប់នៅក្នុងនោះមកវិញ ហើយសេចក្ដីស្លាប់និងផ្នូរ* ក៏បានប្រគល់មនុស្សស្លាប់នៅក្នុងនោះមកវិញដែរ។ រួចពួកគេបានត្រូវវិនិច្ឆ័យស្របតាមការប្រព្រឹត្តរបស់ពួកគេរៀងៗខ្លួន។+
១៤ ឯសេចក្ដីស្លាប់និងផ្នូរ*បានត្រូវបោះទៅក្នុងបឹងភ្លើង។+ បឹងភ្លើង+គឺជាតំណាងសេចក្ដីស្លាប់ទី២។+
១៥ ម្យ៉ាងទៀត អ្នកណាដែលគ្មានឈ្មោះក្នុងសៀវភៅជីវិត+ អ្នកនោះបានត្រូវបោះទៅក្នុងបឹងភ្លើង។+
កំណត់សម្គាល់
^ ឬ«មេឃ»
^ ន័យត្រង់«ឌីអាបូឡូស(អ្នកបង្កាច់បង្ខូច) និងសាថាណាស(អ្នកប្រឆាំង)»
^ ន័យត្រង់«បានត្រូវប្រហារជីវិតដោយពូថៅ»
^ នេះសំដៅលើលោកយេស៊ូ
^ ឬ«មេឃ»
^ ឬ«នឹងត្រូវបង្ខាំង» ឬ«ជាប់គុក»
^ ឬ«ហាដេស»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
^ ឬ«ហាដេស»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»